គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​
គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក នឹងបន្តគាំទ្ររដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្អែកនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​ពិសេស អាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

2021/11/21 12:24:55 pm        690
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ តបតាមការ អញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំនេះ។អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរ ស័ក្តិ រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀតផងដែរ។ថ្នាក់ដឹកនាំអាស៊ាន និងឯកឧត្តម ស៊ី ជីនពីង រំពឹងថា នឹងពិភាក្សាអំពីទិសដៅអនាគត និង រិះរក​មធ្យោបាយដើម្បីពង្រឹងពង្រីកទំនាក់ទំនងអាស៊ាន-ចិនបន្ថែមទៀត និងធ្វើការផ្លាស់ប្តូរ​យោបល់គ្នា​លើបញ្ហាតំបន់​ និងអន្តរជាតិ​ ដែលជាចំណាប់អារម្មណ៍ ​និងការបារម្ភរួម ៕

ភ្ញៀវទេសចរជាង៨ម៉ឺននាក់ បានមកកម្សាន្តក្នុងខេត្តកំពត នាឱកាសបុណ្យអុំទូក

2021/11/21 06:36:56 pm        578
កំពត ៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ខេត្តកំពតទទួលភ្ញៀវទេសចរបានប្រមាណជាង៨ម៉ឺននាក់ ខណៈកងកម្លាំងសមត្ថកិច្ចជាង៥០០នាក់ បានដាក់ប្រចាំការនៅគ្រប់គោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវ។លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ​ដែលជាព្រះរាជពិធីបុណ្យអុំទូក ​អកអំបុក សំពះព្រះខែ និងបណ្តែត ប្រទីប ភ្ញៀវជិតឆ្ងាយចូលមកលម្ហែ និងសម្រាកកម្សាន្ត ក្នុងខេត្តកំពត មាន​ចំនួន ៨៣.៤៦៦នាក់ ស្មើនឹង៧០,៦១ភាគរយ បើប្រៀបធៀប​នឹង​រយៈពេលដូចគ្នា​ កាលពីឆ្នាំ២០២០។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្នុងចំណោមនោះ ទេសចរជាតិមាន៨៣.២២១នាក់ កើន​ឡើង៧១,៣១ភាគរយ ​និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន២៥៥នាក់​ ថយចុះ២៦,៣០ភាគរយ។ មន្ត្រីការងាររបស់មន្ទីរទេសចរណ៍៤ក្រុម បានចុះសហការជាមួយសមត្ថកិច្ច និង​អាជ្ញាធរពាក់ព័ន្ធ​ដើម្បី​ពង្រឹងការអនុវត្តសុវត្ថិភាពទេសចរណ៍​ ព្រមទាំងពង្រឹងគុណភាពផលិតផល ក៏ដូចជា​សេវា​កម្ម​ទេសចរណ៍។ ជាការកត់សម្គាល់ ​ភ្ញៀវទេសចរស្ទើរតែមួយរយភាគរយបាន​ដាក់​ប័ណ្ណចាក់វ៉ាក់​សាំង​តាមខ្លួន។លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទាំង៣ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត​បាន​ដាក់​កម្លាំង​តាមគោលដៅ​សំខាន់ៗ​ ចំនួន៤៥០នាក់។ ​ជាមួយនោះ កម្លាំងកងរាជអាវុធហត្ថខេត្ត​បាន​ចូលរួម​សហការចំនួន១៣៩នាក់ផងដែរ៕ អត្ថបទ ៖ សារីម

ពលរដ្ឋរំពឹងទុកថា នៅឆ្នាំក្រោយកម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូកឡើងវិញ ខណៈជំងឺកូវីដមានភាព​ធូរស្រាល

2021/11/21 06:10:33 pm        607
ភ្នំពេញ ៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បញ្ចប់ទៅដោយជោគជ័យ ដែលចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១នេះ។ ជាមួយការបិទបញ្ចប់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជាពិសេសវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ពលរដ្ឋមកដើរកំសាន្តនៅមុខព្រះបរមរាជវាំង នៅយប់ទី២០ខែវិច្ឆិកាម្សិលមិញ ដែលជាថ្ងៃចុងបញ្ចប់​នៃពិធីបុណ្យអុំទូក ​បានប្រាប់BTVឲ្យដឹងថា​ តាមការសង្កេតមើល ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របស់រដ្ឋបាលរាជធានីភ្នំពេញ​ ក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះ ​គឺរៀបចំបានល្អ បើទោះបី​មិន​មាន​ការ​ប្រណាំងទូក​ ការបាញ់កាំជ្រួច ​និងបណ្តែតប្រទីបជាដើម។ក្រៅពីនេះ ​ពួកគាត់រំពឹងទុកថា ​នៅឆ្នាំក្រោយរាជរដ្ឋាភិបាល ​គួរតែរៀបចំពិធីបុណ្យអុំទូកឡើងវិញ ប្រសិនបើជំងឺកូវីដ មានភាពធូរស្រាល។ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រាជដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅក្នុងឆ្នាំ២០២១នេះ ​ប៉ុន្តែអនុញ្ញាត​អោយប្រជាពលរដ្ឋ មន្ត្រីរាជការ ​និងបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់បានឈប់សម្រាកដូចប្រតិទិនដែលកំណត់។បើទោះបីពិធីបុណ្យអុំទូកនៅថ្នាក់ជាតិត្រូវបានផ្អាក ​តែការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្ត​អាចរៀបចំបាន ​ដោយ​គោរពវិធានការសុខាភិបាលការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយ​ប្រជាពលរដ្ឋ​អាចដើរកំសាន្តនៅតំបន់ទេសចរណ៍ផ្សេងៗបានផងដែរ៕អត្ថបទ៖ទូច សោភ័ណ 

ឯកឧត្តម វង សូត ៖ មន្ដ្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវមានសមត្ថភាព ក្នុងការ​ឈរ​ឈ្មោះ​ជ្រើសរើស​ជា​ក្រុម​ប្រឹក្សាឃុំ-​សង្កាត់​ នាពេលខាងមុខនេះ

2021/11/21 05:31:05 pm        519
ត្បូងឃ្មុំ ៖ ឯកឧត្តម វង សូត បានថ្លែងថា មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រជាប្រិយភាពនៅតាមមូលដ្ឋាននីមួយៗ ដើម្បីឈរឈ្មោះក្នុងការជ្រើសរើសជាក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលត្រូវប្រកួតប្រជែងនៅថ្ងៃខាងមុខនេះ។ការថ្លែងបែបនេះ ក្នុងពិធីឯកឧត្ដម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញបោះឆ្នោត​ស្ទាបស្ទង់​ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលប្រារព្ធឡើង នៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរបក្ស ឃុំត្រពាំងថ្លុងក្នុង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ។ជាចុងក្រោយ ឯកឧត្ដម វង សូត បាន​ជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយ​ត្រូវ​បន្ត​អនុវត្តន៍៣កុំ និង៣ការពារ និងត្រូវរៀនរស់តាមគន្លងថ្មី៕

បុណ្យអុំទូក៣ថ្ងៃឆ្នាំនេះ ទេសចរដើរកម្សាន្តមាន៩១ម៉ឺននាក់កើន៥៤% ធៀបបុណ្យអុំទូកឆ្នាំ២០២០

2021/11/21 05:13:02 pm        889
ភ្នំពេញ ៖ តាមស្ថិតិរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិអន្តរជាតិដែលមានស្រាប់នៅក្នុងស្រុក បានចេញដើរកម្សាន្ត សរុប៩១ម៉ឺននាក់កើនឡើងជាង៥៤% បើប្រៀបធៀបរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។បើតាមឯកឧត្តម ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សំរាកព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២១នេះ ភ្ញៀវទេសចរចេញដើរទៅលេងកម្សាន្តពីគោលដៅទេសចរណ៍សំខាន់ៗ នៅតាមបណ្តារាជធានីខេត្ត មួយទៅរាជធានីខេត្តមួយទៀតនៅទូទាំងប្រទេស មានចំនួនសរុបជាង៩១ម៉ឺន១៥០នាក់ ក្នុងនោះ​ភ្ញៀវចេញដើរនៅថ្ងៃទី១ មានជាង១៣ម៉ឺន២០០០នាក់ ថ្ងៃទី២ចេញដើរកម្សាន្តមានជិត៣៣ម៉ឺន៣០០០នាក់ កើនឡើងជាង ១៥២%ធៀបនឹងថ្ងៃទី១ ដោយឡែកថ្ងៃទី៣ ភ្ញៀវបន្តចេញដើរកម្សាន្តមានជិត៤៤ម៉ឺន៥០០០នាក់ កើនឡើង ៣៣.៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១គឺកើនឡើងប្រមាណ ២៣៧.២៨%។ឯកឧត្តម ជុក ជំនោរ បន្តថា នៅក្នុងចំណោម៩១ម៉ឺននាក់នោះ ក៏មានការកើនឡើងប្រមាណ​ជិត​៣៧% ផងដែរ​បើធៀបនឹងថ្ងៃឈប់សំរាក៣ថ្ងៃបុណ្យភ្ជុំបិណ្ឌកាលពីដើមខែតុលាឆ្នាំ២០២១។ឯកឧត្តម ជុក ជំនោរ ​បន្តថា គោលដៅទេសចរណ៍សំខាន់ៗក្នុងរយៈពេល៣ថ្ងៃ ដែលមាន​ភ្ញៀវទៅ​កម្សាន្តច្រើនជាងគេទី១ រាជធានីភ្នំពេញ មានភ្ញៀវទៅកម្សាន្តមានប្រមាណជិត ២០ម៉ឺននាក់ ទី២ ខេត្តសៀមរាបមានជិត១២ម៉ឺននាក់ ទី៣ខេត្តព្រះសីហនុ មានជាង១១ម៉ឺននាក់ ទី៤ខេត្តកំពត មានជាង៨ម៉ឺននាក់ ទី៥កែបមានជិត៧ម៉ឺន៦០០០នាក់ ហើយខេត្តក្រៅពីនេះ ក៏បាន​ទាក់ទាញភ្ញៀវដើរកម្សាន្តច្រើនដែរ ​ជាពិសេសខេត្តពោធិ៍សាត់ ​បាត់ដំបង កំពង់ស្ពឺ មណ្ឌលគិរី កណ្តាល ​និងខេត្តរតគិរីជាដើម។ឯកឧត្តម បន្តថា បន្ថែមលើនេះក៏មានពលរដ្ឋជាច្រើនទៀតផងដែរ បានចេញដើរកម្សាន្តមិន​ឆ្ងាយ​ពីគេហដ្ឋានរបស់គេ ដូចជាការទៅជួបជុំ​ញាំ​អាហារ​ជាក្រុមគ្រួសារនៅតាមភោជនីយដ្ឋាន ​គ្រែទឹក ក្ចុសនានាទៀត ​ពិសេសនៅមាត់ទន្លេព្រែកលាប ​បាក់ខែង និងរមណីយដ្ឋានគៀនស្វាយជាដើម។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានវាយតំលៃជារួមថា ឥរិយាបថ​ភ្ញៀវទេសចរ​ដែល​ចេញដើរ ក៏មានប្រែប្រួលខ្លះដែរធៀប​នឹងពេលកន្លងមក ក្នុងនោះពលរដ្ឋភាគច្រើន​បាន​ចេញ​ដើរ​ងាក​ទៅ​រកការប្រើប្រាស់សេវារបស់មូលដ្ឋាន​អាជីវកម្មទេសចរណ៍ ​មានដូច​ជាការស្នាក់នៅ​សណ្ឋាគារ​លំដាប់ផ្កាយ ​និងសណ្ឋាគារធម្មតា​ ផ្ទះសំណាក់ ​ដែលបានធ្វើឲ្យអត្រាកក់បន្ទប់​ស្នាក់នៅ​តាមខេត្តគោលដៅ​ទេសចរណ៍សំខាន់ៗ មាន​កំរិតខ្ពស់ ​និងការ​ចូល​ទទួល​ទានអាហារ​ដោយ​ផ្ទាល់​នៅតាមបណ្តាអាហារដ្ឋាន​ និងភោជនីយដ្ឋាន​ក៏មានការកើនឡើងដែរ ហើយមានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ដោយបានអនុវត្តវិធាន៣ កុំ៣ការពារ និងការអនុវត្តស្តង់ដា SOP​តាមមូលដ្ឋានអាជីវកម្ម​បាន​ល្អផងដែរ៕អត្ថបទ ស៊ុម សុខជា

អ្នកទេសចរជាង១១ម៉ឺននាក់ ទៅកំសាន្ដនៅខេត្ដសៀមរាប

2021/11/21 04:51:38 pm        885
សៀមរាប ៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង១១ម៉ឺននាក់ បាន​ទៅ​ដើរកម្សាន្ត​នៅ​តាមរមណីយ​ដ្ឋាននានា ក្នុងខេត្តសៀមរាបក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១នេះ។លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាម​នៅ​យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា​ ក្នុងរយៈពេល៣ថ្ងៃមកនេះ អ្នកទេសចរទៅកំសាន្ដ​នៅ​ខេត្ដសៀមរាប ជាង១១ម៉ឺននាក់ក្នុងនោះ ​ភ្ញៀវជាតិមានចំនួនប្រមាណ ​១១៧.០០០ នាក់ ដែល​ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០-៨០% ហើយមានប្រមាណជា ៨០,០០០ ទៅ៩០,០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។តំបន់ទេសចរណ៍ដែលទទួលបានទេសចរច្រើន រួមមាន រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩,០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១២,៧០០ នាក់ សហគមន៍​ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥,៣០០ នាក់។ជាមួយគ្នានោះ ​ភ្ញៀវទេសចរបរទេស​ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា​ទៅដើរកំសាន្ដ​នៅ​ខេត្ដសៀមរាប​មាន​ចំនួន ១,១៤៦ នាក់ផងដែរ។របាយការណ៍ដដែល បានបញ្ជាក់ថា នៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យ នាថ្ងៃទី១៨ខែវិច្ឆិកា​មាន​អ្នក​ទេសចរទៅកំសាន្ដ​មានចំនួនជាង១ម៉ឺន៥ពាន់នាក់ (១៥,២៦០ នាក់) ក្នុងនោះ​ភ្ញៀវអន្ដរជាតិ​ចំនួន២៦០នាក់ ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា មានអ្នកទេសចរជាង៤ម៉ឺននាក់ និងភ្ញៀវបរទេសជាង៧រយនាក់ និងនៅថ្ងៃទី២០ ខែវិច្ឆិកានេះមានចំនួនជាង ៥ម៉ឺននាក់ (៥៥.១៨៤នាក់) និងភ្ញៀវអន្ដរជាតិមានចំនួនជាង១ពាន់នាក់ ( ១៨៤ នាក់)។សរុបរយៈពេល០៣ថ្ងៃនេះ ចំនួនប្រមាណ ១១៨,១៤៦ នាក់ ខណៈដែលភ្ញៀវអន្ដរជាតិស្នាក់​នៅ​កម្ពុជា​មានចំនួន១១៤៦នាក់។គួរកត់សម្គាល់ថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិសម្រុកទៅទស្សនាខេត្ដសៀមរាបអង្គរនេះ ក្រោយពេលដែលរាជរដ្ឋាភិបាលបានសម្រេចប្រកាសបើកទេសចរណ៍ឡើងវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ការបើកទេសចរណ៍ចូលមកប្រទេសកម្ពុជានេះ ចំពោះភ្ញៀវទេសចរ​អន្ដរជាតិ ​និងអ្នក​ដំណើរដែល​បាន​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ពេញលេញ៕

អ្នកទេសចរមកលេងកម្សាន្តនៅខេត្តកោះកុង បង្ហាញក្តីរីករាយ​ តែប្រុងប្រយ័ត្នជំងឺកូវីដ

2021/11/19 11:45:59 pm        820
ភ្នំពេញ ៖ ភ្ញៀវទេសចរក្នុងស្រុក ដែលមានទៅទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា​ក្នុងខេត្តកោះកុង បង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្រោយអាក់ខានកម្សាន្តជាងពីរឆ្នាំមកហើយ។ ដំណើរការកម្សាន្តរបស់អ្នកទេសចរទាំងនេះ សុទ្ធតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងបង្ការជំងឺកូវីដ-១៩។ខេត្តកោះកុង ផ្តើមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញហើយ ​ក្រោយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បើកចំហប្រទេស ​ដើម្បីផ្តល់​ឱកាស​ដល់ប្រជាពលរដ្ឋដើរកម្សាន្ត ​ឬប្រកប​អាជីវកម្មទៅ​តាម​សេចក្តីត្រូវការ​របស់​បុគ្គលម្នាក់ៗ ​ជាពិសេសថ្ងៃ​ព្រះរាជពិធីបុណ្យអុំទូក។យ៉ាងណាមិញ ក្រុមអ្នកទេសចរ​ពី​បណ្តារាជធានី​ និងខេត្តក្នុងប្រទេសកម្ពុជា ដែល​បាន​ទៅ​លេង​កម្សាន្ត​នៅខេត្តកោះកុង ​សម្តែងនូវក្តីរំភើបពេល​ទស្សនា​តាម​រមណីយដ្ឋានធម្មជាតិ​នានា​ក្នុង​ខេត្តកោះកុង ជាប់ព្រំដែនថៃមួយនេះ។ដំណើរការកម្សាន្តរបស់អ្នកទេសចរនៅពេលនេះ ត្រូវបានអាជីករលក់ដូរ បង្ហាញក្តីរំពឹងអំពីការស្តារ​ចំណូល​សេដ្ឋកិច្ចរបស់ពួកគេវិញ​ គ្រាពីរឆ្នាំចុងក្រោយនេះ អត្រាចំនួនទេសចរថយ​ចុះ​ស្ទើរ​ដល់​សូន្យ។មុននឹងទទួលភ្ញៀវទេសចរ រដ្ឋបាលខេត្តកោះកុង អាជ្ញាធរក្រុងស្រុក​ និងមន្ទីរជំនាញ បាន​កែលម្អ​ហេដ្ឋា​រចនាសម្ព័ន្ធជាច្រើនប​ម្រើដល់ថ្ងៃបុណ្យជាតិឆ្នាំនេះ ​ជាពិសេសផ្លូវជាតិលេខ៤៨ ធ្លាប់តែងរង​ការខូចខាត ​ឥឡូវត្រូវការកែ​សម្រួលមក​ជា​ស្អាតល្អ ងាយស្រួលធ្វើដំណើរទៅ​មក​មិនពិ​បាក​ដូច​ខែ​វស្សាឡើយ។ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត​ និងសំពះព្រះខែ អកអំបុក​ ឆ្នាំ២០២១នេះ ខេត្តកោះកុង ​ទទួលភ្ញៀវទេសចរជាតិ ​និងបរទេស​ប្រមាណ១ពាន់៥០០នាក់ ក្នុងនោះ​មាន​អ្នក​ទេសចរបរទេស១៤នាក់៕អត្ថបទ៖ ឈឹម មករា

ស្ថានភាពសន្តិសុខទូទៅនៅក្នុងរាជធានីភ្នំពេញ ក្នុងពិធីបុណ្យអុំទូកថ្ងៃទី១ល្អប្រសើរ ពុំមានបាតុភាពអ្វីកើតឡើង

2021/11/19 04:55:10 pm        615
ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានថ្លែងថា ស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អក់អំបុក និងសំពះព្រះខែនៅ ថ្ងៃទី១នេះ គឺមានស្ថានភាពល្អប្រសើរ ដោយពុំមានបាតុភាពអ្វីកើតឡើងនោះឡើយ ខណៈកងកម្លាំង របស់ស្នងការបានត្រៀមគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យប្រពៃណីជាតិមួយនេះ ។ថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈតេលេក្រាម អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក សាន សុខសីហា​ បាន​លើក​ឡើងថា​ ស្ថានភាពថ្ងៃទី១៨ ដែលជាថ្ងៃទី១នៃពិធីបុណ្យអុំទូកនេះពុំមានបញ្ហា អ្វីកើតឡើងនោះទេ ខណៈកងកម្លាំងនៅតែបន្តល្បាត និងថែរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សម្រាប់ថ្ងៃទី២ និងទី៣ទៀត​ដោយយកចិត្តទុកដាក់បំផុតក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញនោះ។សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃគឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យអុំទូក ​បណ្តែតប្រទីប ​អកអំបុក និងសំពះព្រះខែ នេះស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​បានប្រើប្រាស់កម្លាំងជាង១៦០០នាក់ ​ ដើម្បីការពារសន្តិសុខ ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ​ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកំសាន្តនៅតាមទីកន្លែងនានា​ក្នុង​ភូមិសាស្ត្ររាជធានីភ្នំពេញ។ជាមួយនិងកម្លាំងជាង១៦០០នាក់នេះ មានកម្លាំងចរាចរណ៍ជាច្រើនរយនាក់ក៏បានរៀបចំ សម្រួល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​នៅ​តាមច្រកចេញចូល នៃរាជធានីភ្នំពេញផងដែរ ខណៈមាន​បងប្អូន​ប្រជាពលរដ្ឋខ្លះ នៅតាមបណ្តាខេត្តបានមករាជធានីភ្នំពេញ ​និងមានប្រជាពលរដ្ឋនៅរាជធានី​ភ្នំពេញ​បានចេញទៅតាមបណ្តាខេត្តនានា​ដូចជាទៅស្រុកកំណើត និងរមណីយដ្ឋានផ្សេងៗ​ជាដើមនោះ។បើទោះបីជាក្នុងឱកាសបុណ្យអុំទូក នៅឆ្នាំ២០២១នេះពុំបានធ្វើការប្រឡងប្រណាំងទូក ​និងប្រារព្ធ​ពិធី​កំសាន្តសប្បាយនានាយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក្តី ​ប៉ុន្តែគេសង្កេតឃើញ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើនបានដើរលេងកំសាន្តនៅក្នុងរាជធានីភ្នំពេញ ​ជាពិសេសម្តុំមុខព្រះបរមរាជវាំង ដោយមានការប្រុងប្រយ័ត្នជានិច្ចជាមួយ នឹងវិធានការរបស់ ​ក្រសួងសុខភិបាល និងរាជរដ្ឋាភិបាល​ក្នុង​កិច្ចការពារ ​និងទប់ស្កាត់នូវមេរោគកូវីដ១៩ ដោយពួកគាត់បានធ្វើការពាក់ម៉ាស់ ដៃកាន់​អាល់កុល​ស្ទើតែគ្រប់ៗ​គ្នាទាំងអស់៕អត្ថបទ ៖ បាន ចក់

កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកបន្ទាយអំពិលចុះជួយច្រូតស្រូវពលរដ្ឋ

2021/11/17 11:50:37 pm        572
ឧត្ដរមានជ័យ ៖ ដោយមើលឃើញពីការលំបាកខ្វះខាត នូវកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋរស់នៅ តាមតំបន់ព្រំដែនមួយចំនួន ក្នុងភូមិសាស្រ្តស្រុកបន្ទាយអំពិល ក្នុងរដូវកាលប្រមូលផលស្រូវ កងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំកម្លាំងមួយចំនួនដើម្បីរួមគ្នាចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ។លោកវរសេនីយន៍ឯក ខាត់ វណ្ណា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ដើម្បីរួមចំណែកក្នុងការងារជួយដល់សង្គម កងទ័ពក្រៅពីមាន​កាតព្វកិច្ចការពារជាតិមាតុភូមិនោះ​ គឺមានតួរនាទីដ៏សំខាន់ក្នុងការងារសង្គម ដើម្បីជួយចែក​រំលែក​នូវ​ការលំបាកនានារបស់ប្រជាពលរដ្ឋ ដែលកំពុងមានបញ្ហាខ្វះខាតនូវកម្លាំងពលកម្ម​ក្នុងការ​ប្រមូល​ផ​លស្រូវ។លោកមេបញ្ជាការ បានបន្តថា នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះដែរ​ ប្រជាពលរដ្ឋមួយចំនួន បានធ្វើការ​ប្រមូលផលស្រូវកំពុងតែមានការខ្វះខាតនូវកម្លាំងពលកម្ម ដើម្បីជួយសម្រួលការងារ​ជូន​ដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សក្នុងរដូវច្រូតកាត់ប្រមូលផលស្រូវនោះ​ កងកម្លាំងយោធា បាន​សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន ​ចុះជួយច្រូតស្រូវជូនពលរដ្ឋ ដោយមិនគិតពីការហត់នឿយអ្វី​នោះ​ឡើយ នៅនឹងមូលដ្ឋាន។ កត្ដាទាំងនេះហើយ សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីការសាមក្គីភាពរវាងកងទ័ព និងប្រជាពលរដ្ឋ គឺស្តែងចេញពីទឹកចិត្តដ៏ល្អ ​ក្នុងនាមខ្មែរជួយខ្មែរ ក្នុងគ្រាលំបាក៕អត្ថបទ៖ ឃិន សារិទ្ធ

ក្រសួង​ផែនការ​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​ជាង ១៧​,៨​%​ រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រី​ក្រ​ថ្មី​ចន្លោះ​ឆ្នាំ​២០១៩-២០២០

2021/11/17 11:26:14 pm        377
ភ្នំពេញ៖ កម្ពុជា​បាន​រក​ឃើញ​ពលរដ្ឋ​ជាង ១៧​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប​របស់​ខ្លួន បាន​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​នៅ​ចន្លោះ​ឆ្នាំ​២០១៩-២០២០​កន្លង​មក​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ផែនការ​បាន​ឱ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​បាន​កំណត់​ខ្សែ​បន្ទាត់​ភាព​ក្រី​ក្រ​ឆ្នាំ​២០១៩-២០២០ នៅ​ត្រឹម​ការ​រក​ប្រាក់​ចំណូល​បាន ១០ ៩៥១​រៀល​ក្នុង​មួយ​ថ្ងៃ។ក្រសួង​ផែនការ​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​ ១៧,៨​%​ នៃ​ប្រជាជន​កម្ពុជា​សរុប បាន​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ នេះ​បើ​តាម​ខ្សែ​បន្ទាត់​ភាព​ក្រី​ក្រ​ថ្មី​នេះ​ ដែល​ត្រូវ​បាន​កំណត់​ឡើង​នៅ​ក្នុង​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច-សង្គមកិច្ច​កម្ពុជា​ឆ្នាំ​២០១៩-២០២០។ក្រសួង​ផែនការ​បាន​បញ្ជាក់​លម្អិត​ថា បន្ទាត់​ភាព​ក្រី​ក្រ​នៅ​រាជធានី​ភ្នំពេញ ​គឺ​គិត​ត្រឹម​ប្រាក់​ចំណូល ១០ ៩៥១​រៀល​ ដែល​ពលរដ្ឋ​ម្នាក់​រក​បាន ខណៈ​បន្ទាត់​ភាព​ក្រី​ក្រ​នៅ​តាម​ទីប្រជុំជន​ដទៃ​ទៀត គឺ​គិត​ត្រឹម​ប្រាក់​ចំណូល ៩ ៥៧១​រៀល ហើយ​សម្រាប់​តំបន់​ជនបទ​វិញ​ គឺ​គិត​ត្រឹម​ប្រាក់​ចំណូល ៨ ៩០៨​រៀល​ក្នុង​មួយ​ថ្ងៃ។បើ​តាម​ក្រសួង​ផែនការ ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រី​ក្រ​នៅ​រាជ​ធានី​ភ្នំពេញ ​មាន​អត្រា ៤,២​ភាគរយ ​ខណៈ​អត្រា​ភាព​ក្រីក្រ​នៅ​តាម​ទីប្រជុំ​ជន​ផ្សេង​ទៀត មាន​កម្រិត ១២,៦​ភាគរយ ហើយ​អត្រា​ភាព​ក្រី​ក្រ​នៅ​តាម​តំបន់​ជន​បទ​មាន​រហូត​ដល់ ២២,៨​ភាគរយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
08/29/2026 11:08 AM
ប្រជាពលរដ្ឋ ១,៧២៦គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ នៅស្រុកត្បូងឃ្មុំ ទទួលបានអំណោយមនុស្សធម៌ ដើម្បីសម្រាលការលំបាក
08/29/2026 10:08 AM
មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ នឹងចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន
08/29/2026 10:08 AM
UN បង្កើនជំនួយដល់ប្រទេសនេប៉ាល់ ខណៈជាង២ម៉ឺនគ្រួសារត្រូវការស្បៀងអាហារក្នុងពេលមហន្តរាយទឹកជំនន់
08/29/2026 10:08 AM
ភ្លៀង និងហានិភ័យផ្សេងៗនៃទឹកជំនន់បន្ថែមទៀតធ្វើស្មុគស្មាញដល់ការជួយសង្គ្រោះរបស់ចិន នៅតំបន់ទីបេ
08/29/2026 10:08 AM
ជំនាញមេកានិករថយន្តសម័យ ជំរុញឱ្យយុវជនក្លាយជាពលកម្មជំនាញជាន់ខ្ពស់ និងជាម្ចាស់អាជីវកម្ម
08/29/2026 09:08 AM
ប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ពិនិត្យព្យាបាលភ្នែកដោយឥតគិតថ្លៃដល់ពលរដ្ឋ
08/29/2026 09:08 AM
មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម ដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ
08/29/2026 09:08 AM
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
08/28/2026 08:08 PM
មនុស្សយ៉ាងតិច​ ៤៩នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារ​លួច​គោក្របី នៅស៊ូដង់ខាងត្បូង
08/28/2026 07:08 PM