សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

មេ​នគរបាល​ការពារ​ព្រំដែន​គោក​ ដាក់​បទបញ្ជា​ម៉ឺងម៉ាត់​ នៅ​តាម​ច្រកព្រំដែន ​ដោយ​មិន​អនុញ្ញាត​ឲ្យ​​ពលរដ្ឋ​ខ្មែរ​ចេញ​-​ចូល​ដោយ​ខុសច្បាប់

2021/04/27 09:59:58 am        375
បាត់ដំបង ៖ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ​ភារ​ម្យ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​ទាំងអស់ ​ជាពិសេស​ព្រំដែន​កម្ពុជា​-​ថៃ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ ឬ​ ពលករ​ខ្មែរ​ចេញ​-​ចូល​ដោយ​ខុសច្បាប់​បន្តទៀត​នោះឡើយ ។ ថ្លែងប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី តាមរយៈ​សា​អេ​ឡិច​ត្រូ​និ​ច ​(​តេ​លេ​ក្រាម​) នា​ព្រឹក​ថ្ងៃទី​២២ ​ខែមីនា ឆ្នាំ​២០២១​នេះ ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ បាន​បញ្ជាក់ថា ​ចាប់ពី​ខែមករា ​ដល់​ពាក់​កណ្តាលខែ មីនា ឆ្នាំ​២០២១​នេះ ​មាន​ពលករ និង​ពលរដ្ឋ​ខ្មែរ​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​តាម​ច្រកទ្វា​អន្តរជាតិ មាន​ចំនួន​៥២.២៣៥​នាក់ ​ក្នុងនោះ​ តាម​ច្រកទ្វា​ព្រំដែន​នៅ​យោធភូមិភាគ​ទី​៥​ចំនួន​៣៦.៣៤៧​នាក់​ តាម​យោធភូមិភាគ​ទី​៤​ចំនួន​១៥.៨៨៨​នាក់ ​ហើយ​ពួកគាត់​ត្រូវ​បាន​ចាត់​វិការ​ស្រប​ទៅតាម​ការណែនាំ ​រប​ស់ស​ម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ ក៏ដូចជា​ក្រសួងសុខាភិបាល​ទាំងអស់​ផង​ដែរ​។ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បញ្ជាក់​បន្ថែមទៀត​ថា ​«​នគរបាល​ការពារ​ព្រំដែន​គោក​ទាំងអស់​ បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ ចំពោះ​ការណែនាំ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ដាក់​បទបញ្ជា​ដោយ​ហាម​ដាច់ខាត ​មិន​ឲ្យ​មានការ​លួច​ឆ្លងដែន​ខុសច្បាប់ ​ចាប់​តាំងពី​ខែមករា​មក​ ហើយ​ប្រសិន​ជា​មាន​គឺ​ដាច់ខាត​មិន​ឲ្យ​ចេញ ​ហើយ​មួយទៀត​ បើ​ចូល​គឺ​ត្រូវតែ​ឃាត់​ពួកគាត់​ដោយ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់ៗ​គ្នា​ទាំងអស់ ​ខណៈ​បទបញ្ជា​ថ្មី​របស់​រាជរដ្ឋាភិបាល ​នៅក្នុង​ខែមីនា​នេះ​ បងប្អូន​ចូល​ពី​ថៃ​មក​គឺ​ត្រឹមតែ​ពិនិត្យ​សុខភាព ​វាស់​កម្តៅ ​ហើយ​បើ​គ្មាន​បញ្ហា​អ្វី​ទេ​គឺ​តម្រូវ​ឲ្យ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សហគមន៍​»​។ឯកឧត្តម លៀង ភារ​ម្យ ​បានលើកឡើង​ផងដែរ​ថា​ នគរបាល​ការពារ​ព្រំដែន​គោក​ទាំងអស់ ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ រាល់​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ ក្រសួងសុខាភិបាល ​ដែល​បាន​ដាក់​ចេញ ​​រក្សា​វិធានការ​«៣​ការពារ ៣​កុំ​»​បើ​ទោះបីជា​ពួកគាត់​បាន​ប្រឈម​ជាមួយ​បងប្អូន​ពលករ​ផ្ទាល់​ក៏ដោយ​នោះ​៕​អត្ថបទ​បាន ចក់​ ​

រាជ​រដ្ឋាភិបាល​កម្ពុជា ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​៣​ថ្ងៃ ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ តែ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        63
ភ្នំពេញ ៖ ​​រដ្ឋាភិបាល​កម្ពុជា ​បានសម្រេច​ឲ្យ​មន្ដ្រីរាជការ ​កម្មករនិយោជិត ​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ថ្ងៃទី​១៤​ ដល់​ថ្ងៃទី​១៦ ​ខែមេសា ឆ្នាំ​២០២១​ ខាងមុខនេះ តែ​ត្រូវ​អនុវត្ត​វិធាន​សុខាភិបាល​ ដើម្បី​ការពារ ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ បើតាម​សារាចរ​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ នៃ​កម្ពុជា ​ចេញផ្សាយ​នៅ​រសៀលថ្ងៃទី​២១ ​ខែមីនានេះ ​បាន​ថ្លែងថា ​ក្នុង​បរិការណ៍​នៃ «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ២០២១» ​ដែល​ប្រទេសជាតិ​បាន ​និង​កំពុង​បន្ត​ជួប​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​និង​ក្នុង​គោលបំណង​ធានា​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ​សុខភាព​សាធារណៈ និង​សណ្តាប់​ធ្នាប់​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា នូវ​ផល​ប៉ះពាល់ នៃ​ការឆ្លង​រាលដាល​ជំងឺ​នេះ ចំពោះ​វិស័យ​សង្គម និង​សេដ្ឋកិច្ច​នៅក្នុង​កម្ពុជា រាជរដ្ឋាភិបាល​សូម​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ពីថ្ងៃ​ពុធ ៣​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ទោស័ក ព​.​ស ២៥៦៤ ដល់​ថ្ងៃ​សុក្រ ៥​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក​ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ អនុលោម​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​ជា​ធរមាន ​៖ ទី​១៖ អនុញ្ញាត​ឲ្យ​មន្ដ្រី ​បុគ្គលិក នៃ​ស្ថាប័នរដ្ឋ​ទាំងអស់​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ​តាម​កាលបរិច្ឆេទ​ដូច​បញ្ជាក់​ខាងលើ ស្របតាម​អនុក្រឹត្យ​លេខ​១៣១ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្ដីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ដ្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២១​។​ ទី​២៖ ចំពោះ​បុគ្គលិក កម្មករ និយោជិត នៃ​វិស័យ​ឯកជន ការ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃនេះ អាច​ត្រូវធ្វើឡើង​តាម​ជម្រើស​២​យ៉ាង អាស្រ័យ​ទៅតាម​ការស្រុះស្រួល​គ្នា​រវាង​និយោជក និង​បុគ្គលិក កម្មករ និយោជិត នៃ​រោងចក្រ សហគ្រាស​នីមួយៗ គឺ​៖ ឈប់សម្រាក​ពី​ការងារ​រយៈពេល​៣​ថ្ងៃ ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ​តាម​កាលបរិច្ឆេទ​ដូច​បាន​បញ្ជាក់​ខាងលើ ស្របតាម​អនុក្រឹត្យ​លេខ ១៣១ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២១។ និយោជក​ត្រូវ​ពិភាក្សា​ជាមួយ​កម្មករ និយោជិត​បន្ត​ធ្វើការ​ជាធម្មតា ហើយ​លើក​ការឈប់​សម្រាក​រយៈពេល​៣​ថ្ងៃនេះ ទៅ​អនុវត្ត​រួមជាមួយ​ការឈប់​សម្រាក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ​ឬ​ថ្ងៃ​ឈប់សម្រាក​ណាមួយ​នាពេល​ខាងមុខ​វិញ តាម​ការ​ព្រមព្រៀងគ្នា​ស្របទៅតាម​ច្បាប់​ស្តីពី​ការងារ​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវ​ចេញ​សេចក្តីណែនាំ​បន្ថែម​លើ​ការអនុវត្ត​នេះ​ស្របទៅតាម​ច្បាប់​ស្តីពី​ការងារ​។​ ទី​៣៖ ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញា​ធន​ដែនដី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា​សំដៅ​គ្រប់គ្រង និង​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ​ ព្រមទាំង​ធានា​នូវ​ការគោរព និង​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ​ដោយ​ម៉ត់ចត់ និង​ខ្ជាប់​ខ្លួន​នៅ​តាម​ទីតាំង​សាធារណៈ​នានា ពិសេស​នៅតាម​វត្ត​អារាម រមណីយដ្ឋាន និង​ទីតាំង​ផ្សេងទៀត ដែល​អាចមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ជួបជុំគ្នា​ក្នុង​ចំនួន​ច្រើន​។​ ទី​៤៖ នៅក្នុង​រយៈពេល​ឈប់សម្រាក​៣​ថ្ងៃ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាងមុខនេះ រាជរដ្ឋាភិបាល​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​គ្រប់រូប​ទាំងអស់ ចូលរួម​អនុវត្ត​នូវ​វិធានការ​ ដូចខាងក្រោម​ ៖ ​ត្រូវ​ចៀសវាង​នូវ​ការ​ធ្វើដំណើរ​មិនចាំបាច់​ទៅកាន់ ​ឬ​ចេញ​-​ចូល តំបន់ ឬ​ទីកន្លែង ដែលមាន​ហានិភ័យ​ខ្ពស់​ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ កំណត់ដោយ​ក្រសួងសុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ។​ ត្រូវចៀសវាង​នូវ​ការរៀបចំ​ពិធី​ផ្សេងៗ រួម​ទាំង​ពិធី​សាសនា​ផង ​ឬ ការជួប​ជុំគ្នា​ទាំងឡាយណា​ដែលមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ចូលរួម​ច្រើន និង​ អនុវត្ត​វិធានការ «៣​ការពារ​» និង «៣​កុំ​» ព្រម​ជាមួយនឹង​វិធានការ​សុខាភិបាល​ចាំបាច់​ផ្សេងទៀត​ឲ្យ​បាន​ខ្ជាប់​ខ្លួន និង​គ្រប់ៗ​គ្នា​។​​បន្ថែម​ពីនេះ ​សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ​បាន​ សូម​អំពាវនាវ​ដល់ ក្រុមហ៊ុន ​និង​អាជីវករ​ដឹកជញ្ជូន​អ្នកដំណើរ​គ្រប់​ប្រភេទ​មិន​ត្រូវ​ដំឡើង​​ថ្លៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ឡើយ ​និង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ម៉ត់​ចង់ និង​ខ្ជាប់ខ្ជួន​ចំពោះ​អ្នកដំណើរ​លើ​យាន​យន្ដ​របស់ខ្លួន​៕

អភិបាលខេត្ត​មណ្ឌលគិរី ​ចុះ​ពិនិត្យមើល​គោលដៅ​ឆែក​សុខភាព​អ្នកដំណើរ​មកកាន់​ខេត្ត​

2021/04/27 09:59:58 am        284
មណ្ឌលគិរី ​៖ ខណៈពេល​ដែល​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយបារម្ភ ​ហើយ​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ​នៅតែ​បន្ត​រក​ឃើញ​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ អភិបាលខេត្ត​មណ្ឌលគិរី ​បាន​ចុះ​ណែនាំ​ដល់​កងកម្លាំង ​និង​គ្រូពេទ្យ​ដោយ​ផ្ទាល់ ​នៅ​ចំណុច​ព្រំប្រទល់​ខេត្តមណ្ឌលគិរី​-​ក្រចេះ ​ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ ​ដែល​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត ​មាន​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ​១៩ ​ចូល​មក​ខេត្តមណ្ឌលគិរី ។ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​លើកឡើង​នា​ថ្ងៃទី​២១ ​ខែមីនា ឆ្នាំ​២០២១​ថា ថ្វីត្បិតតែ​ខេត្តមណ្ឌលគិរី ​រហូតមកដល់​ពេលនេះ​ មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក៏ដោយ តែ​យើង​ក៏​មិន​ត្រូវ​ភ្លេចខ្លួន​នោះដែរ ​គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​តាម​គោលការណ៍​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង​ក្រសួងសុខាភិបាល​ ក្នុងការ​ទប់ស្កាត់ ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​ចូលក្នុង​សហគមន៍ ហើយ​អាជ្ញាធរខេត្ត ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​កម្មវិធី​ផ្សេងៗ ​នៅ​ទូទាំង​ខេត្ត លើកលែងតែ​ពិធី​បុណ្យ​សព​តែប៉ុណ្ណោះ​។ឯកឧត្តម បញ្ជាក់​បន្ថែមថា សម្រាប់​ប្រជាពលរដ្ឋ ​នៅតាម​បណ្តា​ខេត្ត ដែល​ធ្វើដំណើរ​ចូលមក​ខេត្តមណ្ឌលគិរី​ ត្រូវធ្វើ​ការពិនិត្យ​សុខភាព​ជាបឋម ដូចជា វ៉ាស់​កំដៅ ​លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល ឫ​ជេ​ល ​និង​សួរនាំ​ប្រវត្តិ ហើយ​ប្រសិនបើ​បុគ្គល​នោះ ​មកពី​បណ្តា​ខេត្ត ​ដែលមាន​ហានិភ័យ​ខ្ពស់ ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ រយៈពេល​១៤​ថ្ងៃ​។ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​លើកទឹកចិត្ត​ដល់​កងកម្លាំង ​និង​ក្រុម​គ្រូពេទ្យ ​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ ដែល​បាន​រួម​សហការគ្នា​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ ១៩ និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ក្នុង​ការ​ការពារ និង​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន​នូវ​រោគរាតត្បាត ​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ​ហើយ​ចូលរួម​ធ្វើ​អនាម័យ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ ៣​ការពារ និង​៣​កុំ ​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក៏ដូចជា​ក្រសួងសុខាភិបាល​។ ​នាឱកាស​នោះ ឯកឧត្តម ស្វាយ ​សំ​អ៊ាង ​អភិបាលខេត្ត ​បាន​នាំ​យក​នូវ​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន រួមមាន​ ៖ អង្ករ គ្រឿង​ឧបភោគ​បរិភោគ ម៉ាស់ អាល់កុល​ និង​ថវិកា​១​លាន​រៀល ​ផ្តល់ជូន​កងកម្លាំង​ ដោយឡែក ​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​ឧបត្ថម្ភ​ថវិកា​ចំនួន ​១០០​ដុល្លារ​ផងដែរ​៕​អត្ថបទ ៖ អ៊ិត ភីរុណ 

រមណីយដ្ឋាន​ទេស​ចរណ៍​ធម្មជាតិ ​និស្ស័យ​ស្នេហ៍​សេ​សាន ​កសាង​បាន​ជាង​២០​ភាគរយ​

2021/04/27 09:59:58 am        266
ស្ទឹងត្រែង ៖ ​វិស័យ​ឯកជន​បាន​បង្កើត រមណីយដ្ឋាន​ថ្មី​មួយ​ដាក់​ឈ្មោះថា (​និស្ស័យ​ស្នេហ៍​សេ​សាន​) នៅ​ភូមិ​-​ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ​ខេត្តស្ទឹងត្រែង ​ដើម្បី​បាន​ថែរក្សា​ធនធាន​សម្បត្តិ​ធម្មជាតិ​ផង ​ និង​បាន​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅក្នុង​ស្រុក​។ សកម្មភាព​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរ​ណ៍ បែប​ធម្មជាតិ​និង​កែច្នៃ ត្រូវ​បាន​លោក​ កៃ តុលា បាន​ដាក់​ទន់​ក្នុង​ការ​បង្កើត​តំបន់​រមណីយដ្ឋាន​នេះ​ បានបញ្ជា្កក់ថា​ ៖ សមិទ្ធផល​នេះ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សេ​សាន ​ បាន​ចូលរួម​គាំទ្រ ​និង​បាន​ឯកភាពគ្នា​ដាក់​ឈ្មោះថា (​និស្ស័យ​ស្នេហ៍​សេ​សាន​) ដែល​បច្ចុប្បន្ន​កំពុង​រៀបចំ​ឡើង​ដើម្បី​ទទួល​ស្វាគមន៍​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ខាងមុខនេះ​។ លោក​បន្តថា ​៖ នៅ​ពេល​មាន​រមណីយដ្ឋាន​​​មួយ​នេះ ​​វា​ជា​ផ្នែក​មួយ​ បាន​ទាក់ទាញ​ឲ្យ​កូនចៅ មាន​កន្លែង​កម្សាន្ត ក្នុង​ស្រុកភូមិ ដោយ​មិន​ព្រួយបារម្ភ ​ពី​បញ្ហា​ផ្សេងៗ ​ហើយក៏​មិនបាន​ចំណាយ​ថវិកា និង​ពេលវេលា​ទៅ​ឆ្ងាយ ​ជាពិសេស​ប្រជាពលរដ្ឋ​អាច​អាច​រក​ប្រាក់​ចំណូល​បាន​តាម​រយះ​ភ្ញៀវ​ចូល​មក​ទស្សនា​ផងដែរ​។លោក​ អ៊ន់ ប៉ោសឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ បាន​ គាំទ្រ​ចំពោះ​ការរៀបចំ​អភិវឌ្ឍ​រមណីយដ្ឋាន​នេះ ​ព្រោះ​នៅពេល​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើន ​ អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ​បាន​លក់ដូរ​ផល​កសិកម្ម​របស់​ខ្លួន​ដែល​ផលិត​បាន​។លោក​ប្រធាន​ មន្ទីរ​ស្នើ​ឱ្យ​ម្ចាស់​រមណីយដ្ឋាន​ធ្វើការ​អភិវឌ្ឍ​ឱ្យ​ដើរ​ទន្ទឹមគ្នា ​ ជាមួយ​និង​ការ​អភិរក្ស​ព្រោះ​ពិនិត្យ​ឃើញថា ​ តំបន់​នេះ ​មាន​សក្ដានុពល​ធម្មជាតិ​ច្រើន ​ រាប់ទាំង​សម្បត្តិ​មរតក​នៅ​សេសសល់​ពី​បុព្វបុរស​ខ្មែរ​យើង​ផងដែរ ។លោក ​សុ វណ្ណ​ពិ​សេដ្ឋ អភិបាលស្រុក បាន​បញ្ជាក់ថា សក្តានុពល​នៅទីនេះ​ មានតម្លៃ​សម្រាប់​បំរើ​ឲ្យ​វិស័យ​ទេសចរ​ណ៍​មែន ហើយ​ក្នុងនាម​អាជ្ញាធរ​លោក​បាន​តម្រូវ​ឲ្យ​ផ្នែក​វិស័យ​ឯកជន ​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​មន្ទី​រ​ទេសចរណ៍ ​ ដើម្បី​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ផង ​នឹង​ការពារ​សន្តិសុខ ​សុវត្ថិភាព​ជូន​ភ្ញៀវ​ផង​- ហើយ​អាជ្ញាធរ​ និង​សហការ​ចូលរួម​ធ្វើឱ្យ ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នេះ ​ដំណើរ​ទៅ​មាន​ភាព​រលូន​។លោកស្រី​ ស៊ឺ​ម ចិន្តា​ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឃុំ​កំ​ភុ​ន សង្ឃឹមថា ​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​យើង​ខាងមុខនេះ​ នឹង​មាន​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​ ហើយ​អ្នកភូមិ ​នឹង​ទទួល​បាន​ប្រាក់ចំណូល​ពី​ការ​លក់​កសិផល​ដោយ ​មិន​ចាច់​នាំ​យកទៅ​ទីផ្សារ ​ ដែល​ត្រូវ​ចំណាយ​លើ មធ្យោបាយ​ដឹកជញ្ជូន​៕​មាស ផល

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី សាខា​ខេត្តកំពង់ស្ពឺ ​ចុះ​អប់រំ​ពលរដ្ឋ ​ត្រូវ​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​បញ្ចប់​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        38
ភ្នំពេញ ៖ ​ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី សាខា​ខេត្តកំពង់ស្ពឺ ​ចំនួន​១៨​រូប ​បែង​ចែក​ជា​២​ក្រុម នៅ​​ថ្ងៃទី​២០ មីនា ម្សិលមិញ ​ បាន​ចុះ​អប់រំ​ប្រជាពលរដ្ឋ ​តាម​ខ្នង​ផ្ទះ​តំបន់​ដាច់​ស្រយាល នៅ​ភូមិ​ដី​ឆ្នាំង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ​ត្រូវ​អនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ​ក៏ដូចជា​បញ្ចប់​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​កម្ពុជា​។សកម្ម​ភាពចុះ​អប់រំ ផ្សព្វផ្សាយ​ខាងលើនេះ ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត សាយ ឫទ្ធី​ អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ​តំណាង​ឯកឧត្តម ​លេង ​ផា​លី រដ្ឋ​លេខាធិការ​ក្រសួងផែនការ ​សហប្រធាន​អង្កេត​ប្រជាសាស្ត្រ ​និង​សុខភាព​ជាមួយ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម​ ហ៊ុន ម៉ា​នី និង​ជា​អនុប្រធាន​ទី​១​ ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​ឱ​រ៉ា​ល់ ​ទទួលបន្ទុក​៣​ឃុំ សហការ​ជាមួយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តកំពង់ស្ពឺ ​មន្ទីរ​សុខាភិបាល​ខេត្ត ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឱ​រ៉ា​ល់​។លោក​វេជ្ជបណ្ឌិត សាយ រិទ្ធី បាន​លើកឡើងថា ការងារ​មនុស្សធម៌​ចុះ​ជួយ​ប្រជាពលរដ្ឋ​ជា​រៀង​រហូត​មក ​គឺ​កើត​ចេញពី​ការឧបត្ថម្ភ​គាំទ្រ និង​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម​ ប្រធាន ហ៊ុន ម៉ា​នី ដែល​លោក​តែង​ខ្វល់ខ្វាយ​គិតគូរ និង​រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​គ្រប់​កាលៈទេសៈ​។ទន្ទឹមនឹងនោះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បង្រៀន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​ល្អ ​ដោយ​លាង​សម្អាត​ដៃ​នឹង​អាកុល ​ឬ​សាប៊ូ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​ចាំបាច់​។ ក្នុងនាម ​ឯកឧត្តម លេង ផា​លី លោក​វេជ្ជបណ្ឌិត សូម​អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​ ដែល​បាន​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ និង​អំពាវនាវ​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣​ការពារ ៣​កុំ ក្នុង​វិធានការ ​ការពារ​Covid-19៖ ៣​ការពារ ៖១-​ពាក់​ម៉ាស់​, ២-​លាងដៃ​, ៣-​គម្លាត​សង្គម គម្លាត​បុគ្គល​ (​ចាប់ពី ១,៥​ម៉ែត្រ​ឡើងទៅ​) និង​៣​កុំ ៖ ១-​កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ម៉ាស៊ីនត្រជាក់​ច្រើនពេក​, ២-​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​,៣-​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ កុំ​កៀក​ស្មា កុំ​ឱប​គ្នា​ជាដើម​។ សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ នឹង​អ្នកជំងឺ​កូ​វីដ​-១៩ ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ​អោយខាងតែបាន ដើម្បី​ទប់ស្កាត់​នឹង​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ​-១៩ ក្នុង​សហគមន៍​។ ទន្ទឹម​នឹងនោះ​ចំនួន​អ្នក​ឆ្លង​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ មាន​ចំនួន​ជាង​១​ពាន់​នាក់ ​ត្រឹម​រយៈពេល​១​ខែ​ ដែល​ច្រើនជាង ២​ដង​នៃ​ចំនួន​អ្នក​ឆ្លង​ជាង​មួយ​ឆ្នាំ​រាប់​ពី​ដើមឆ្នាំ​២០២០​មក​។ ក្រៅពីនោះ​ដំណើរការ​នៃ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រទេស​កម្ពុជា ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម ជា​ជំនួយ​សាធារណរដ្ឋ​ប្រជាមានិត ចិន ជូន​ឥស្សរជន​ជាន់ខ្ពស់ ម​ន្រី្ត​រាជការ ក្រុមគ្រូពេទ្យ​ជួរមុខ ចាប់តាំងពី​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ ព្រមទាំង​កម្មករ​ប្រមូល​សំរាម ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង រហូតដល់​អាយុ​៥៩​ឆ្នាំ​។ ហើយ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង កូ​វី​សែ​ល ដែល​ទទួល​អាជ្ញាប័ណ្ណ​ផលិត​ដោយ​ក្រុមហ៊ុន អា​ស្ត្រា​ហ្សេ​នី​កា​៖ ចាប់តាំងពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ អាទិភាព​ចាក់​ជូន​ថ្នាក់ដឹកនាំ​កំពូល និង​ឥស្សរជន​ជាន់ខ្ពស់ និង​ប្រជាពលរដ្ឋ អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ​។ ហើយ​វ៉ាក់សាំង​កូ​វ៉ា​ក់ ដែល​កម្ពុជា បញ្ជា​ទិញ​នឹង​មកដល់​ឆាប់ៗ ចំនួន​១​លាន ៥​សែន​ដូ​ស និង​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​របស់​មិត្ត​ចិន នឹង​មកដល់​សម្រាប់​វគ្គ​ទី​២ (​បង្គ្រប់​១​លាន​ដូ​ស​)​ផងដែរ​៕ អត្ថបទ រដ្ឋា

ទីប្រជុំជន​ធំៗ​ខេត្តកណ្តាល ​នៅតែ​បន្ត​ស្ងប់ស្ងាត់ ​ស្រប​ដែល​មាន​រយៈពេល​១​ខែ​ហើយ​ នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ​

2021/04/27 09:59:58 am        271
កណ្ដាល ​៖ មកដល់​ថ្ងៃនេះ ព្រឹត្តិការណ៍​២០ កុម្ភៈ បាន​បន្ត​អូស​បន្លាយ​ការ​រាតត្បាត​មាន​រយៈពេល​១​ខែ​គត់ ហើយ​ព្រឹត្តិការណ៍​នេះ ​បានធ្វើអោយ​តំបន់​ទីប្រជុំជន​តូចធំ ​និង តំបន់​ទេសចរណ៍​កន្លែង​ដើរ​កម្សាន្ត​នានា ​នៅក្នុង​ខេត្តកណ្តាល ​បាន​បន្ត​ភាព​ស្ងប់ស្ងាត់​ខ្លាំង​ជាង​មុន​។ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​២០​កុម្ភៈ​នៅ​មិនទាន់មាន​ភាព​ថមថយ ​និង​មាន​អ្នកជំងឺ​កូ​វីដ​១៩ ​ចំនួន​២​នាក់​បន្ថែម​ បាន​ស្លាប់​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ទៀត ស្ថានភាព​ទីប្រជុំជន​តូចធំ​នានា​នៅក្នុង​ខេត្តកណ្តាល ​ជាពិសេស​ចរាចរណ៍​កា​រ​ធ្វើដំណើរ​របស់​ពល​រដ្ឋ​នៅ​តាម​ដងផ្លូវ​មានការ​ធ្លាក់ចុះ តាម​ទីផ្សារ​សាធារណៈ​មិន​សូវមាន​មនុស្ស​ច្រើន ហាង​លក់ទំនិញ​និង​សេវា​តូចធំ​មួយ​ចំនួន​បន្ត​ផ្អាក​ជាធម្មតា ​បើ​ទោះ​ណា​នៅក្នុង​ខេត្តកណ្តាល ​មាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន ​បើ​ទោះ​ណា​នៅ​ថ្ងៃនេះ​ផ្ទាល់​ជា​ថ្ងៃ​ចុង​សប្តាហ៍ ​អ្នក​បំរើ​ការងារ​នៅ​តាម​ស្ថាប័នរដ្ឋ ​និង​ឯកជន​នានា មានការ​ឈប់​សំរាក​ក៏​ច្រើនយ៉ាង​ណា​ក៏ដោយ​។បើតាម​ពលរដ្ឋ​នៅ​ខេត្តកណ្តាល បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​២០ ខែមីនា​នេះ ថា​ ថ្ងៃ​ឈប់​សំរាក​ចុង​សប្តាហ៍ ​ពលរដ្ឋ​ខេត្តកណ្តាល​ភាគច្រើន​មិន​ចេញ​ក្រៅ​ផ្ទះ​ដោយសារ​ខ្លាច​ឆ្លង​កូ​វីដ​១៩ ​ហើយ​អ្នក​ចេញ​ក្រៅ​ផ្ទះ​ភាគច្រើន​ជា​អ្នកមាន​ភារកិច្ច​ចាំ ​ប្រក​ប​របរ ​និង​ទិញ​ទំនិញ​ប្រចាំថ្ងៃ ​តែ​គេ​មានការ​ប្រុងប្រយ័ត្ន​ខ្លាំង​ការពារ​ពី​ជំងឺ​កូ​វីដ​១៩​។សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២០ ខែមីនា ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​សរុប​ចំនួន​៥៤​នាក់​បន្ថែម ក្នុងនោះ​ខេត្តកណ្តាល ​បាន​រកឃើញ​អ្នក​កើត​កូ​វីដ​១៩​ សរុប​ចំនួន​២៣​នាក់​បន្ថែមទៀត​ផងដែ​រ ​ដែល​ចំនួន​នេះ​ បានធ្វើអោយ​ទូទាំង​ខេត្តកណ្តាល ​បាន​រក​ឃើញ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​កើត​កូ​វីដ​១៩​ សរុប​កើត​ដល់​ជាង​២៥០​នាក់​។នៅពេលនេះ​អាជ្ញាធរ​ខេត្តកណ្តាល ​បាននិងកំពុង​ស្រាវជ្រាវ​បន្ត​រក​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ ដើម្បីអោយ​គេ​ចូល​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ធានា​បាន​ការគ្រប់គ្រង​កូ​វីដ​១៩​ បានល្អ​នៅ​ទូទាំង​ខេត្តកណ្តាល ​ខណៈ​បច្ចុប្បន្ន​ខេត្ត ​រកឃើញ​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០ កុម្ភៈ ​បាន​ប្រមាណ​ជាង ១៤៥០០​នាក់​ បាន​យក​សំណាក​ពិនិត្យ​កូ​វីដ​១៩ ​បាន​ចំនួន​ជាង​១៤០០​នាក់ ​តម្រូវ​អោយ​មនុស្ស​ចូល​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​ជិត ១៦៤០​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក ​តាម​ផ្ទះ​មាន​ចំនួន​១១00​នាក់​៕​​អត្ថបទ ៖ ស៊ុម សុខ​ជា

TYDA ត្រៀម​ពេទ្យ​ស្ម័គ្រចិត្ត​៣៥០​នាក់​ បន្ថែមទៀត ​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​កូ​វីដ

2021/04/27 09:59:58 am        1220
ភ្នំពេញ ៖ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ និង​ជាប្រធាន​ក្រុម​ដឹកនាំ​គ្រូពេទ្យ​សម្តេច​តេ​ជោ ​ប្រឆាំង​កូ​វីដ​១៩ ​បាន​ឲ្យ​ដឹង​ថា​ ខណៈដែល​បច្ចុប្បន្ននេះ​ ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ​នៅ​កម្ពុជា ​កំពុង​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ហើយ​ចំនួន​ឆ្លង​ថ្មី​មានការ​កើន​ឡើង​នោះ​ TYDA បាន​ត្រៀម​ពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​៣៥០​នាក់​បន្ថែមទៀត ​ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩ ​ជាមួយ​ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល​កម្ពុជា​។ថ្លែងប្រាប់​អ្នកសារព័ត៌មាន ​នៅ​ថ្ងៃទី​១៩ ខែមីនា ម្សិលមិញ​នេះ ​អំឡុង​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យមើល​ពី​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​លោកជំទាវ ពេ​ជ ចន្ទ​មុនី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ បាន​បញ្ជាក់ថា ​រយៈពេល​១​ឆ្នាំ​ជាង​មកនេះ TYDA ​មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​១៩​ ចំនួន​ប្រមាណ​៤០០​នាក់​ បាន​នឹង​កំពុងតែ​ចូលរួម​ការងារ​ជាមួយ​ពេទ្យ​ក្រសួង​សុខាភិបាល ទាំង​ការងារ​យក​សំណាក ​និង​ការព្យាបាល​ អ្នកជំងឺ​កូ​វីដ​១៩ ​ហើយ​ថ្មីៗ​នេះ​ដោយមាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ ពី​ស​ម្តេច​តេ​ជោ​ ប្រមុខ​រាជរដ្ឋាភិបាល TYDA ​បាន​បណ្តុះ​បណ្តាល​ពេទ្យ​ស្ម័គ្រចិត្ត​៣៥០​នាក់ ​បន្ថែមទៀត​ ដើម្បី​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​កូ-​វីដ​ នាពេលខាងមុខ​។ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ចាប់​តាំងពី​ជំងឺ​នេះ​ បាន​រាតត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០២០​មក លោកជំទាវ ពេ​ជ ចន្ទ​មុនី បាន​លើកឡើងថា ​គ្រូពេទ្យ​ទាំងអស់​បាន​បំពេញការងារ ​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់​ ដោយ​មិន​គិត​ការ​នឿយហត់ ​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ និង​ជាមួយ​គ្រួសារ ដើម្បី​ប្រជាពលរដ្ឋ ​និង​ប្រយុទ្ធ​ជាមួយ​កូ​វីដ​១៩ ​ហើយ​លោកជំទាវ ក៏​អរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ទាំងអស់ ​និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​សហការ​កន្លង​មក ​ហើយក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​បន្ត​ការ​សហការ​នេះ ​បន្តទៀត​ ដើម្បី​អោយ​យើង​អាច​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្នុងពេល​ឆាប់ៗ​នេះ​។សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ​ការប្រយុទ្ធ​ក្នុង​សមរភូមិ​កូ​វីដ ១៩ ​យើង​មាន​ទ័ព​អាវ​ស ​ជា​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល ​និង គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ​ប្រឆាំង​កូ​វីដ​១៩ ​កំពុង​សស្រាក់សស្រាំ ហើយ​ជា​តំរូវ​ការ​បន្ថែម​ក្រសួង​ការពារជាតិ​ក៏បាន​រៀបចំ​កងទ័ព​យោធា​ហ្វឹកហ្វឺន​បន្ថែមចំនួន​៣៥០​នាក់ ស្មើនឹង​៣០​ក្រុម​ផងដែរ ​ដើម្បី​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល​៕

ក្មេងប្រុស​អាយុ​៦​ឆ្នាំ ​វិជ្ជមាន​កូ​វីដ​១៩​ បង្ហាញ​ពី​ភាព​រឹងមាំ​ និង​ក្លាហាន បាន​រំជួលចិត្ត​ដល់​មហាជន​តាម​បណ្តាញ​សង្គម

2021/04/27 09:59:58 am        551
ភ្នំពេញ ៖ ​ខណៈដែល​កម្ពុជា​កំពុង​ជួប​ប្រឈម​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ហើយ​មាន​ករណី​ឆ្លង​ថ្មី​កូ​វីដ​១៩​ រៀងរាល់​ថ្ងៃនោះ ​ជំងឺ​នេះ ​ឆ្លង​មិន​រើសមុខ ក្មេង ចាស់ ប្រុស​ស្រី ឬ​ ជាតិ​សាសន៍​ណា​នោះទេ ​ជាក់​ស្តែង​នៅ​យប់​ថ្ងៃទី​១៩ ​ខែមីនា​ម្សិលមិញ ​ក្រុមការងារ​សុខាភិបាល​ បាន​ទៅ​ទទួល​កុមារា​អាយុ​៦ឆ្នាំ ​នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩​ពី​ម្តាយ​។តាមរយៈ​រូបភាព និង វីដេអូ ខ្លី​ប៉ុន្មាន​វិនាទី ​ដែល​បង្ហាញ​ពី​ភាព​ក្លាហាន ​និង​រឹងមាំ​របស់​ក្មេងប្រុស​តូច ស្ពាយ​កាតា​ប​ពីក្រោយ ​និង យួរ​ថង់​មួយ​នៅ​ដៃ​ ដើរចូល​រថយន្ត​ពេទ្យ ​ដោយ​មិន​មាន​យំ ឬ​ ប្រកែក​នោះឡើយ​ ធ្វើ​អោយ​មហាជន​រំជួលចិត្ត ​ ខ្លះ​ស្រក់​ទឹកភ្នែក ​ចែករំលែក​រូបភាព ​និង​វីដេអូ ភ្ជាប់​ការ​សរសេរ​សារ​ខ្លីៗ​ជាច្រើន ​លើកទឹកចិត្ត​ក្មេង​តូច​ម្នាក់នេះ និង ជូរ​ពរ​អោយ​ឆាប់​បានជា​សះស្បើយ​។ អ្នកលេង​បណ្តាញ​សង្គម ​ជាពិសេស​ហ្វេ​ស​ប៊ុ​ក​ជាដើម​ មាន​ខ្លះ​បាន​ធ្វើជា​រូបភាព​បែប​គំនូរ​ពី​កុមារា​អាយុ​៦​ឆ្នាំនេះ ​បង្ហាញ​ពី​ការ​ជំរុញ​ទឹកចិត្ត​ ក្លាហាន ​ដើម្បី​ជំនះ​ស្ថានភាព​ឆ្លង​ជំងឺ​កូ​វីដ​១៩​ នេះ​ផងដែរ ។ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​លើកឡើងថា វីរុស​កូ​វីដ​-១៩ ​កំពុងតែ​វ៉ៃ​លុក​យើង​ហើយ ​ សូម្បីតែ​កុមារ​អាយុ ៦​ឆ្នាំ​ក៏​វា​មិន​លើកលែង​ឱ្យ​ដែរ​។​ បញ្ហាសំខាន់​របស់​បុគ្គល​គ្រប់រូប​ដែល​ជា​មនុស្ស​ពេញវ័យ​នៅពេលនេះ ​គ្មាន​អ្វីដែល​ល្អប្រសើរ​ជាង​ការ​នៅផ្ទះ កុំ​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំបាច់ បើ​ចាំបាច់​ត្រូវ​ចេញ ​ សុំ​អនុវត្តន៍​វិធានការ​ ៣​ការពារ និង ៣​កុំ ​ដែល​បាន​ដាក់​ចេញ​ដោយ​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ឱ្យ​អនុវត្តន៍​ទាំងអស់គ្នា​ ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត ។សូមបញ្ជាក់ថា កុមារា អាយុ ៦​ឆ្នាំ​ដែល​ទទួល​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩​ ឆ្លង​ពី​ម្តាយ​អាយុ ៣១ ឆ្នាំ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ​និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ​បញ្ជូន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ​ក្រេ​ត​ឌុ​ក ​និង​បាន​ជួបជុំ​ជាមួយ​ម្តាយ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​ទីនោះ​ផង​ដែរ​៕

កាក​បាទ​ក្រហម​កម្ពុជា ចូល​រួម​​រំលែក​ទុក្ខ ​​គ្រឿង​បរិភោគ និង​បច្ច័យ​បុណ្យ មួយចំនួន ជូន​គ្រួសារ​សព​ភរិយា​របស់​លោក ហួរ ឡា​វី

2021/04/27 09:59:58 am        42
ភ្នំពេញ ៖ ​នៅ​ថ្ងៃ​សៅរ៍ ទី ២០ ខែមីនា ឆ្នាំ​២០២១​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា ​ បាន​ចាត់​ឱ្យ​មន្ត្រី​នាំ​យក​សារលិខិត​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ ជាមួយ​ក្រុម​គ្រួសារ​សព​​របស់​លោក ហួរ ឡា​វី ​ដែល​បាន​ទទួល​មរណភាព ​ដោយ​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី ១៩ ​ ខែមីនា ​ឆ្នាំ​២០២១ ។ ស្ថិតក្នុង​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម វេជ្ជ​. អ៊ុយ សំអាត ​ នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ កាកបាទក្រហមកម្ពុជា​ បាន​ពាំនាំ​នូវ​ការរំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ពី​សំណាក់ ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ ប៊ុន រ៉ានី ​ហ៊ុនសែន ​ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​សព​ បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ជាមួយគ្នានេះ ឯកឧត្តម​វេជ្ជបណ្ឌិត​ បាន​ពាំ​នាំ​សារ​ អំពាវនាវ​របស់ ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង ​ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ដោយ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល ​ ជាពិសេស​រួម​អនុវត្ត «៣​ការពារ និង​៣​កុំ​» ដើម្បី​ការពារ​ខ្លួន​យើង​ គ្រួសារ​យើង​ សង្គមជាតិ​យើង​ និង​ប្រជាជន​យើង​ ។ ទន្ទឹមនឹងនេះ សូម​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក ​ឱ្យបាន​ម៉ឺងម៉ាត់ ដែល​ជា​វិធានការ​មុត​ស្រួច​ដើម្បី​ទប់ស្កាត់ ​និង​ផ្តាច់​ចរន្ត​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ចូលក្នុង​សហគមន៍​។ សូមបញ្ជាក់ថា ​ដើម្បី​ជួយ​សម្រាល​ដល់​ជីវភាព​រស់នៅ ​កាកបាទ​ក្រហមកម្ពុជា​ បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​នូវ អង្ករ ១០០​គីឡូក្រាម​, មី ៥​កេស​, ត្រីខ ៥០​កំប៉ុង , ​ទឹកក្រូច​៥​កេស និង​ថវិកា​មួយចំនួន​៕

អភិបាលខណ្ឌ​ឫស្សីកែវ អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ វិធាន​៣​ការពារ​៣​កុំ​

2021/04/27 09:59:58 am        155
ភ្នំពេញ ៖ ​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ​បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខណ្ឌ​នេះ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត​ ជាពិសេស​គឺ​ត្រូវ​ចូលរួម​វិធាន ​៣​ការពារ ៣​កុំ ​ខណៈ​មេរោគ​កូ​វីដ​-១៩ ​ដ៏​កាច​សាហាវ​មួយ​នេះ​ បាន​បន្ត​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ ​ជា​បន្តបន្ទាប់​ហើយ​នោះ​។ក្នុង​ពិធី​ចុះ​ចែក​អំណោយ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នា​ថ្ងៃទី​១៩ ខែមីនា ម្សិលមិញ​នេះ ​ជូន​គ្រួសារ​ពាក់ព័ន្ធ​ផ្ទាល់​ និង​ប្រយោល ​ ជាមួយ​ជន​វិជ្ជមាន​កូ​វីត​១៩ ចំនួន​៤ ​គោលដៅ​នៅក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ​នេះ​ លោក ជា ពិសី បាន​លើកឡើងថា ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​នេះ​បាន​យល់ដឹង​មក​ហើយ ចំពោះ​វិធានការ ការពារ​នូវ​មេរោគ​កូ​វីដ​១៩​នេះ ដោយ​រាជ​រដ្ឋាភិបាល​ និង​ក្រសួងសុខាភិបាល ​បានធ្វើ​ការណែនាំ​ជា​បន្តបន្ទាប់​នោះ​។​ ដូច្នេះ​ដើម្បី​ឲ្យ​វិធានការ​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​នោះ ​គឺ​ត្រូវ​មាន​ការចូលរួម​ពី​សំណាក់​បងប្អូន​ទាំងអស់ ​ទើប​ស្ថានការណ៍​កូ​វីដ​-១៩​នេះ ​មិន​បន្ត​រីក​រាលដាល​ទៅ​ក្នុង​សហគមន៍​ទៀត​។លោកអភិបាលខណ្ឌ បាន​លើកឡើងថា ​«​ក្នុងនាម​អាជ្ញាធរ សូម​បងប្អូន​ទាំងអស់​បន្ត​រួមគ្នា​អនុវត្ត​ឲ្យ​មាន​ត្រឹមត្រូវ ​និង​គ្រប់ពេលវេលា​ទាំងអស់​នូវ​វិធាន​ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី ដែល​សម្តេច​ បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ ហើយ​សម្តេច ​និង​ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​ជាច្រើនលើក​ច្រើន​សារ​មក​ហើយ​ទាក់ទង​ នឹង​វិធានការ ​ការពារ នៃ​មេរោគ​កូ​វីដ​១៩​នេះ​»​។លោក ​បន្តថា បច្ចុប្បន្នភាព​នេះ ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​ បាន​បន្ត​ផ្ទុះ​ជារឿយ​នៅក្នុង​រាជធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា ដែល​រហូត​មក​ដល់ពេលនេះ ​តាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល នៅ​ប្រទេស​កម្ពុជា​យើង​មាន​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩​នេះ គឺ​បាន​ឡើង​ដល់​១៦៣២​នាក់​ហើយ ដោយ​ក្នុងនោះ ​បានធ្វើ​ការ​ព្យាបាល​សះស្បើយ​ចំនួន​៦៩២​នាក់ ខណៈ​អ្នក​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​កន្លែង​នានា ​ចំនួន​៦៩២​នាក់ ប៉ុន្តែ​អកុសល ​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ចំនួន​៣​នាក់ ​ផងដែរ ​ដោយ​ស្ថានភាព​ជំងឺ​របស់​ពួកគាត់​បាន​វិវត្តន៍​រក​សភាព​ធ្ងន់ធ្ងរ​ ដែល​យើង​មិនអាច ​សង្គ្រោះ​ពួកគាត់​បាន​នោះ​៕​អត្ថបទ​ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សានុសិស្ស និងនិស្សិត មកពីសាលារដ្ឋនិងឯកជន ស្វែងយល់អំពីឱកាសសិក្សានៅប្រទេសអូស្ត្រាលី
09/03/2026 09:09 PM
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
09/03/2026 07:09 PM
កងទ័ពអ៊ីរ៉ង់អះអាងពីការវាយប្រហារចុងក្រោយបង្អស់​ លើមូលដ្ឋានទ័ពអាមេរិក នៅកូវ៉ែត និងអារ៉ាប់រួម
09/03/2026 06:09 PM
មនុស្ស ៥នាក់ស្លាប់ ​នៅ​ពេល​ទូកដឹកជនអន្តោប្រវេសន៍ ត្រូវបានជួយសង្គ្រោះ នៅ​ម្ដុំប្រជុំ​​កោះ Canary របស់អេស្ប៉ាញ​
09/03/2026 06:09 PM
របាយការណ៍៖ ប៉ូឡូញកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញ «សកម្មភាពឈ្លានពាន»
09/03/2026 06:09 PM
WSJ៖ អឺរ៉ុបនៅសល់ជម្រើសតិចតួចដើម្បីដាក់សម្ពាធលើរុស្ស៊ី
09/03/2026 06:09 PM
ពលរដ្ឋប៉ាឡេស្ទីន៖ កងទ័ពអ៊ីស្រាអែលបានសម្លាប់យុវជនពីរនាក់នៅតំបន់វេសបែង
09/03/2026 06:09 PM
ប្រភព៖ អ៊ីរ៉ង់ប្រាប់​អាមេរិកកុំ​ឱ្យអ៊ីស្រាអែលធ្វើ​ការ​វាយ​ប្រហារ​ នៅ​តំបន់ជួរ​ភ្នំភាគខាងត្បូងលីបង់
09/03/2026 06:09 PM
តៃវ៉ាន់ស្នើបន្ថែម​ថវិកាការពារដែន​កោះ​ ៤,៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦
09/03/2026 06:09 PM
អាល្លឺម៉ង់បាន​កត់​ត្រាអ្នក​ស្លាប់​ខ្ពស់​បំផុត​ចំនួន​ ១៦.៣០០ករណី ទាក់ទងនឹងកម្ដៅ​
09/03/2026 06:09 PM