សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ទីរសុខាភិបាល​ ​អំពាវនាវ ​ឱ្យពលរដ្ឋធ្លាប់ទាក់ទង ​ជាមួយស្ត្រីផ្ទុកកូវីដ-១៩ នៅបាត់ដំបង ទៅ​ជួប​ជំនាញ

2021/04/27 09:59:58 am        43
បាត់ដំបង ៖ ​មន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង​ បាន​អំពាវនាវ​ដល់ពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យ​ទាក់ទង​​ ជាមួយស្ត្រី ទើបឆ្លងកូវីដ១៩ ​មានទីលំនៅក្នុងសង្កាត់ក្ដុលដូនទាវ ​ក្រុងបាត់ដំបង ទៅជួប​មន្ត្រីសុខាភិបាលខេត្ត​ ដើម្បីយកសំណាកទៅពិនិត្យរកកូវីដ១៩ ​និងដាក់ខ្លួននៅដាច់ដោយឡែក (ចត្តាឡីស័ក) ។ក្នុងពេលចុះផ្សព្វផ្សាយបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៣ ​ខែសីហា នេះក្នុងសង្កាត់ក្ដុលដូនទាវ លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា​ អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ បច្ចុប្បន្ន ស្ត្រីឆ្លងកូវីដ ១៩ ទើបមកពីអាមេរិកនោះ ​កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដោយក្រុមគ្រូពេទ្យជួរមុខ ​បាននឹងកំពុងយកចិត្តដាក់ថែទាំ ។ ចំពោះអ្នកធ្លាប់ប្រាស្រ័យទាក់ទង អំឡុងស្ត្រីឆ្លងជំងឺកូវីដ១៩នេះ ​ជំនាញទើបរកឃើញបាន៨នាក់ ​ដែល​ជា​សមាជិកក្រុមគ្រួសារ ខណៈអ្នក​ផ្សេងទៀត មន្ត្រីសុខាភិបាល ​អាជ្ញាធរមូលដ្ឋាន​ កំពុងធ្វើការស្រាវជ្រាវស្វែងរកបន្ថែម ។លោកវេជ្ជបណ្ឌិត ​បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ​បន្តជួយស្រាវជ្រាវរកអ្នកធ្លាប់ជួបប្រាស្រ័យជាមួយ អ្នកជំងឺ ​ដើម្បីឲ្យពួកគេទៅជួបមន្ត្រីសុខាភិបាល ​ដើម្បី​យក​សំណាក​ទៅពិនិត្យ និងដើម្បីធ្វើ​ចត្តាឡីស័ក​ ចៀសវាង​កុំឱ្យមានការឆ្លងរាលដាលក្នុងសហគមន៍ ។លោក អែម ស៊ីយឿន ចៅសង្កាត់ក្ដុលដូនទាវ​ បានបញ្ជាក់ថា ​ក្រោយពីការរកឃើញផ្ទុកកូវីដ១៩ លើស្ត្រីម្នាក់ ​ក្នុងតំបន់នេះ ​ធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ ​ដោយអ្នកខ្លះមិនហានចេញក្រៅ ។ស្ត្រី ​ដែលទើបឆ្លងកូវីដ១៩ ​រស់នៅក្នុងសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបងនេះ​ គឺជាអ្នកជំងឺ ​កូវីដទី ៩ហើយ ​ដែលបានរកឃើញនៅក្នុងខេត្តបាត់ដំបង ​ខណៈអ្នកឆ្លងចំនួន៨នាក់ ផ្សេងទៀត ​បាន​ជា​សះ ស្បើយអស់ហើយ៕អត្ថបទ៖ បាន សុខរិទ្ធ

ក្រសួងបរិស្ថាន​ព្រមាន​ចាត់វិធានការ​លើ​អ្នក​ទន្ទ្រាន​យក​ដី​ក្នុង​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា​

2021/04/27 09:59:58 am        43
មណ្ឌលគិរី ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួង​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​វែកមុខ​អ្នក​ទន្ទ្រាន​យកដី​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ នៃ​ខេត្តមណ្ឌលគិរី ​ដើម្បី​ថែរក្សា​ព្រៃឈើ​ធ្វើជា​ទីជម្រក​សត្វព្រៃ​កម្រៗ ​និង​ថែរក្សា​ជីវចម្រុះ​ជាច្រើន​ប្រភេទ ​ដែល​មាន​នៅ​ក្នុង​ដែន​ជម្រក​នេះ​។ឯកឧត្តម នេត្រ ភ​ត្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ​បាន​នឹង​កំពុង​ដឹកនាំ​ក្រុម ប្រតិភូ​ក្រសួង និង​ក្រុម​អ្នកសារព័ត៌មាន ​ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​ការពារ​ធនធាន​ធម្មជាតិ ក្នុងភូមិ សាស្ត្រ​ខេត្តមណ្ឌលគិរី (​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែតុលា នេះ​) ​បាន​បញ្ជាក់ថា ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ក្រសួង​បរិស្ថាន ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ការពារ​ថែរក្សា​ព្រៃឈើ ​និង​ធនធានធម្មជាតិ ក្នុង​ដែន​ជម្រកសត្វព្រៃ ​កែវ​សីមា ​តាមរយៈ​ការចុះ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ​និង​សត្វព្រៃ ជាពិសេស ការទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​។ដែនជម្រកសត្វព្រៃ​កែវ​សីមា គ្របដណ្ដប់​លើ​ផ្ទៃដី​ទ​ហំ​ជាង​២៩​ម៉ឺន​ហិកតា ​ឋិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត មណ្ឌលគិរី និង​ខេត្តក្រចេះ​ ។​ ដែនជម្រកសត្វព្រៃ ដែល​សម្បូរ​ទៅ​ដោយ​ជីវៈចម្រុះ​ច្រើន​ប្រភេទ​នេះ ជាទី ជម្រក​នៃ​សត្វព្រៃ​កម្រៗ​។ ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ​មាន​អំណោយផល​ខ្ពស់​ផ្នែក​ទេសចរណ៍​ធម្មជាតិ ​ដែលមាន​ទាំង​ទឹកធ្លាក់ ​វាលស្មៅ ជម្រាលភ្នំ ​ព្រមទាំង​សហគមន៍​ជន​ជាតិដើម​ភាគតិច​។ ដែន​ជម្រក​សត្វ ព្រៃ​មួយ​នេះ ​បាន​លក់​ឥណទាន​កាបូន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ​៕​អត្ថបទ​៖ ចេ​ន សុជាតា

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ ៖ មន្ត្រីរាជការ​មាន​ពិការភាព​បំរើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​វប្បធម៌​ មាន​ប្រមាណ​ជិត​៣ភាគរយ​

2021/04/27 09:59:58 am        40
ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា បាន​អះអាងថា​ បច្ចុប្បន្ននេះ​ មន្រី្ត​រាជការ​ដែល​មាន​ពិការភាព ​កំពុង​បំរើ​កា​រងារ​ក្នុង​ក្របខណ្ឌ​របស់​ក្រសួង​វប្បធម៌ ​មាន​ប្រមាណ​ជិត​ភាគរយ​។ការ​ថ្លែង​របស់លោក​ជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ យ៉ាង​ដូច្នេះ​ ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ ស្តីពី​កិច្ចការពារ​ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងៗ​” នា​ព្រឹក​ថ្ងៃទី​០៥ ខែតុលា​ ឆ្នាំ​២០២០​នេះ​ នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា បាន​បន្ថែមទៀតថា ​សិក្ខាសាលា​នេះ ​ ដើម្បី​បញ្ជ្រាប​នូវ​ចំណេះដឹង​ ចែករំលែក​បទ​ពិសោធ​ន៍​ការងារ​ពាក់ព័ន្ធ​នឹង​ពិការភាព ​និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​មកពី​បណ្តា​ អង្គភាព អាជ្ញាធរ និង​មន្ទីរ​ទាំងអស់ ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ​សម្រាប់​ជួយផ្តល់​ឱកាស​ដល់​ជនពិការ ​បាន​ចូល​បម្រើ​ការងារ​តាម​ម​នី្ទ​រ​របស់ខ្លួន​។លោកជំទាវ បណ្ឌិតសភា​ចា​រ្យ រដ្ឋ​ម​ន្រី្ត សង្ឃឹមថា តាមរយៈ​សិក្ខាសាលា​នេះ​នឹង​ផ្តល់​ជូន​ដល់​សិក្ខាកាម​ទាំងអស់​នូវ​ចំណេះដឹង​ស្តីពី​ការ​លើក​កម្ពស់​សិទ្ធិ​ជនពិការ ​ដើម្បី​ផ្តល់ឱកាស​ជូន​ពួកគាត់​បាន​ចូលរួម​ក្នុង​ជីវភាព​សង្គម វប្បធម៌ សិល្បៈ​និង​សេដ្ឋកិច្ច ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ដែល​គោរព​និង​លើក​តម្កើង​សិទ្ធិ​ជនពិការ ។ឯកឧត្តម ឯម ច័ន្ទ​មករា អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ឲ្យ​ដឹង​ដែរ​ថា ការចូលរួម​ដោយ​ស្មើភាព​ក្នុង​សកម្មភាព​សង្គម​របស់​ជនពិការ​លើ​វិស័យ វប្បធម៌ សិល្បៈ សាសនា កីឡា ​ការ​សម្រាកលំហែ​និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​បាន​កំណត់​ក្នុងទិសដៅ​ជា​យុទ្ធសាស្ដ្រ​ទី​៥ គោលដៅ​ទី​៣ នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​២០១៩–២០២៣ ហើយ​ការចូលរួម​របស់​ជន​ពិការ​ក្នុង​វិស័យ​វប្បធម៌ ​គឺ​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​វប្បធម៌ អក្សរសាស្ត្រ សិល្បៈ និង​វិទ្យាសាស្ត្រ ដែល​ជា​សក្តានុពល​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ច្នៃប្រឌិត ​បង្កើន​ផលិតផល​វប្បធម៌​ក្នុងស្រុក​ថ្មីៗ ​ដើម្បី​ប្រកួតប្រជែង​ក្នុង​សម័យ​សាកលភាវូបនីយកម្ម បង្កើត​ការងារ​ក្នុងស្រុក និង​បង្កើន​ចំណូល​ថវិកាជាតិ ដែល​ស្រប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ចំណុច​ទី​៥ នៃ​មុំ​ទី​២ ចតុកោណ​ទី​២ ដែល​បាន​ដាក់​ចេញ​នូវ “​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​សេវា​កំសាន្ត ​អក្សរសាស្ត្រ សិល្បៈ គំនូរជីវចល​និង​ភាពយន្ត ដែល​ជា​ឧស្សាហកម្ម​ច្នៃប្រឌិត​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការបង្កើត​តម្លៃ​បន្ថែម ​និង​បង្កើត​ការងារ ព្រមទាំង​ការ​លើកកម្ពស់​ការផលិត​និង​ការប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក ជាពិសេស​ផលិតផល​មាន​លក្ខណៈ ប្រពៃណី​ខែ្មរ ​និង​ផលិតផល​សម្គាល់​ភូម​សាស្ត្រ​៕​អត្ថបទ ៖ រដ្ឋា

រដ្ឋសភា​ បានអនុម័ត​ច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ ដើម្បី​បង្កើត​ប្រភព​ចំណូល​ថវិកាជាតិ

2021/04/27 09:59:58 am        47
ភ្នំពេញ ៖ ​រដ្ឋសភា នៅថ្ងៃនេះ ​បាន​អនុម័ត​ លើ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ​ដើម្បី បង្កើត​ប្រភព​ចំណូល​ថវិកាជាតិ ​និង​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​។នៅ​ថ្ងៃទី​៥ ខែតុលា នេះ រដ្ឋសភា បាន​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​សមាជិក ​សមាជិកា​នៃ​រដ្ឋសភា​ចូលរួម​ចំនួន ១១៨​រូប និង​មាន​របៀបវារៈ​ចំនួន​១១ រួមមាន​ សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​ការយោគយល់​គ្នា​ចំពោះ​ការវិនិយោគ​រវាង​កម្ពុ​ជា ​និង​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ការជួយ​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​នឹង​វិស័យ​ព្រហ្មទណ្ឌ ​បរិស្ថាន ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ​និង​ច្បាប់​ពាក់ព័ន្ធ​វិស័យ​ជាច្រើន​ផ្សេងទៀត​។ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​នេះ សមាជិក សមាជិកា​នៃ​រដ្ឋសភា​ដែលមាន​វត្តមាន​ចូលរួម​នៅថ្ងៃនេះ បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីព្រាងច្បាប់​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដោយ​សំឡេង ១១៨ /១១៨​សំឡេង​។​​មុន​រដ្ឋសភា​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​បានធ្វើ​សេចក្តីថ្លែងហេតុ​ច្បាប់​នេះ​ចំពោះមុខ​សម័យប្រជុំ​សភា​ថា ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្មនេះ ​ត្រូវបាន​តាក់តែង​ឡើង​ក្នុង​គោលបំណង​ធានា​ដល់​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមាហរ័ណ​ និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច ​បង្កើត​ប្រភព​ចំណូល​ថវិកាជាតិ លើកកម្ពស់​វិស័យ​ទេសចរណ៍ ​បង្កើត​ការងារ រក្សា​សុវត្ថិភាព ​និង​សន្តិសុខ​សង្គម ដែលជា​ទស្សន​ទាន​មួយ​ថ្មី​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​បន្តថា ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្មនេះ​ បាន​សិក្សា​អស់​រយះពេល​ជាច្រើន​ឆ្នាំ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់​ ឲ្យ​មានការ​អនុវត្ត​ត្រឹមត្រូវ​តាម​កំណត់​នៃ​ច្បាប់ ​និង​ផ្តល់​លទ្ធភាព​ចូលរួម​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា​ក្រោយ​ប្រឈម​ជំងឺ​កូ​វីដ​១៩​។ ​ឯកឧត្តម បាន​បន្ថែមថា​ រាល់​ម្ចាស់​អាជីវកម្ម​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់​ដែល​មិន​អនុវត្ត​ទៅតាម​ច្បាប់​នេះ ​នឹងត្រូវ​ប្រឈម​ការពិន័យ​ជា​អន្តរកាល និង​ឈាន​ដល់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ជាដើម​។មុន​សេចក្តីព្រាងច្បាប់​នេះ​បាន​បញ្ជូន​ដល់​រដ្ឋសភា រាជរដ្ឋាភិបាល បាន​សង្កេតឃើញថា ​បច្ចុប្បន្ននេះ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​បានប្រែក្លាយ​ល្បែង​ពាណិជ្ជកម្ម​ទៅជា​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ជា​កន្លែង​កម្សាន្ត​ទាក់ទាញ​ទេសចរ​ជាច្រើន​ តាមរយៈ​ការរៀបចំ​ទីតាំង​ល្បែង​ពាណិជ្ជកម្ម ដោយ​រួមបញ្ចូល​នូវ​ទីតាំង​បដិសណ្ឋារកិច្ច ​ភោជនីយដ្ឋាន ​ផ្សារ​ទំនើប​ សណ្ឋាគារ មណ្ឌលកីឡា មណ្ឌល​កម្សាន្ត​និង​ទស្សនា មណ្ឌល​សន្និបាត ​ឬ​ពិព័រណ៍​ និង​ហាង​លក់ទំនិញ​រួច​ពន្ធ​ជាដើម គឺជា​ប្រភព​ចំណូល​ថវិកា​ដ៏​សំខាន់ ​និង​ជាទី​តាំង​បង្កើត​ការងារ​ជាច្រើន​ប្រភេទ​នៃ​ឧស្សាហកម្ម​គ្មាន​ផ្សែង ព្រមទាំង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។សូមបញ្ជាក់ថា ​សេចក្តីព្រាងច្បាប់​នេះ នឹង​អនុញ្ញាត​ឱ្យ​មានការ​គ្រប់គ្រង​លើ​វិស័យ​កាស៊ីណូ ​និង​ល្បែង​ពាណិជ្ជកម្ម​ដទៃ​ទៀត​យ៉ាង​តឹងរ៉ឹង ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការកំណត់​ចំនួន​ទុនវិនិយោគ​អប្បបរមា​សម្រាប់​អាជីវកម្ម​កាស៊ីណូ ​ការកំណត់​តំបន់​ដែល​គួរ​អនុញ្ញាត​ឱ្យ​មាន​ល្បែង​ពាណិជ្ជកម្ម ឬ​មិន​គួរ​អនុញ្ញាត ​ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការបំពាក់​នូវ​បច្ចេកវិទ្យា​សមស្រប​ក្នុង​ការ​ត្រួតពិនិត្យ​ជាប្រចាំ​លើ​កិច្ច​ដំណើរការ​របស់​ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម ព្រមទាំង​បានគិត​គូរ​ផងដែរ​អំពី​យន្តការ​យ៉ាង​តឹងរ៉ឹង​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ការ​លាង​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕​

អភិបាលរាជធានី ជំរុញជាថ្មីឱ្យអាជ្ញាធរ ត្រូវបន្តតាមដាន ត្រួតពិនិត្យ​ក្លឹបកំសាន្ត​ និងខារ៉ាអូខេ ដែលបើកលួចលាក់

2021/04/27 09:59:58 am        35
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបាន ជំរុញជាថ្មីម្ដងទៀតឱ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្ត​តាមដាន​ត្រួតពិនិត្យក្លឹបកំសាន្ត និង ខារ៉ាអូខេ ដែលបានបើកលួចលាក់ ដោយមិនមានការកែប្រែ​ជា​ភោជណីយដ្ឋាន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ–១៩ ។ជាថ្មីម្ដងទៀត ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ បានជំរុញ​​ឱ្យអាជ្ញាធរមូលដ្ឋាប ​និងសមត្ថកិច្ចតាមបណ្ដាខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ ត្រូវ​បន្តការ​​តាមដាន និងត្រួតពិនិត្យទៅលើក្លឹបកំសាន្ត ​និងខារ៉ាអូខេ ដែលលួចលាក់ ដើម្បី​បង្ការ​ទប់ស្កាត់​នូវការរីករាលដាលនៃជំងឺកូវីដ–១៩ ខណៈដែលជំងឺនេះ​​ បាននឹងកំពុងរីករាលដាល​​នៅឡើយ បើទោះបីប្រទេសកម្ពុជាមិនមានអ្នកស្លាប់ដោយកូវីដ–១៩នេះក៏ដោយ ។ ឯកឧត្ដម ឃួង ស្រេង បានលើកឡើង នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រង​ការរាតត្បាតនៃជំងឺកូវីដ–១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការក្នុងភាពជាដៃគូរ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិនៃ​អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលហៅថា AIMF នៅសាលារាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ​យើងអាចភ្លេចជំងឺកូវីដ–១៩ តែជំងឺកូវីដ–១៩ មិន​ភ្លេចយើងទេ ។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ត្រូវបន្តការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ​​ចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺ–១៩នេះ និងបន្តតាមដាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធ​ នឹងការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលអាចធ្វើឱ្យរីករាលដាលនៃជម្ងឺកូវីដ–១៩នេះ ។ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ​ការបើកអង្គសិក្ខាសាលានេះឡើង គឺក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបលើកិច្ចការបង្ការ​ និងទប់ស្កាត់ការរាលដាលនៃវីរុស​ covid-19 នៅក្នុងខណ្ឌ សង្កាត់ និយាយដោយឡែក ​និងនិយាយជារួមដើម្បីឈានទៅពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយក្នុងភាពជាដៃគូររវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ ​តាមស្មារតីនៃឯកសារវិសោធនកម្មលេខ ២ ស្តីពីការត្រៀម​បង្ការចំពោះ​ស្ថានភាពបន្ទាន់ គំនិត​ផ្ដួចផ្តើម ដើម្បីសុខភាព និងអនាម័យល្អក្នុងទីក្រុង។ ​សម្រាប់ប្រទេសកម្ពុជា ក៏មិនអាច​គេចផុតពីការគំរាមកំហែងនៃជំងឺកូវីដ–១៩ ដូចគ្នានេះផងដែរ បើទោះបី ជាមកដល់​ពេលនេះ ប្រជាពលរដ្ឋខ្មែររួម និងជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា​មិនទាន់​មាននរណាម្នាក់រងគ្រោះរហូតដល់បាត់បង់ជីវិតនៅឡើយក្តី។ ប៉ុន្តែជាកត្តាសត្យានុម័ត បញ្ហានេះ​​ បានបង្កើតឱ្យមានផលប៉ះពាល់លើវិស័យជាច្រើន ពិសេសក្នុងវិស័យសេដ្ឋកិច្ច និង​សង្គមកិច្ច​​ជៀសមិនរួច។ ដូច្នេះ ការរៀបចំសិក្ខាសាលាក្នុងពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តន៍​​គម្រោង​​ត្រៀមបង្ការ និងឆ្លើយតបចំពោះស្ថានភាពបន្ទាន់ ក្នុងនោះ រយៈពេលកន្លងមកក្រុមការងារអនុវត្ត​ គម្រោង​​នៃ​សមាគម AIMF សហការជាមួយ​ នឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​បើក​វគ្គបណ្ដុះបណ្ដាល​​ ចំនួន០៩លើករួចមកហើយ ​ដោយផ្ដោតសំខាន់លើស្ថានភាពទូទៅនៃជំងឺកូវី–១៩ វិធានការការពារការចម្លងរោគ ​ការប្រើប្រាស់សំភារៈការពារខ្លួន ​ការប្រមូលវេចខ្ចប់ និងការដឹកជញ្ជូន​សំណាករបស់អ្នកជម្ងឺកូវីដ–១៩ ជាដើម។គួរបញ្ជាក់ថា អង្គសិក្ខាសាលានេះនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃពេញ ហើយនៅក្នុងពិធីនោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានប្រគល់បរិក្ខាពេទ្យសម្រាប់ការពារ ​និងទប់ស្កាត់ជំងឺកូវីដ–១៩ ជូន​ដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ ដើម្បីប្រើប្រាស់​​បន្តគាំទ្រ​ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ–១៩ ​នៅរាជធានីភ្នំពេញ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ទិវា​គ្រូបង្រៀន ៥ តុលា ​៖ សិស្សានុសិស្ស​អរគុណ​លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​ពួកគេ​ឲ្យ​មាន​អនាគត​ល្អ

2021/04/27 09:59:58 am        42
ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ថ្ងៃ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ៥ តុលា ឆ្នាំ​២០២០​នេះ ​បណ្តា​សិស្សានុសិស្ស បាន​ថ្លែង​ការដឹង គុណ​លោកគ្រូ អ្នកគ្រូ ដែល​បាន​បង្ហាត់បង្រៀន ​សិស្សានុសិស្ស​ទាំង​អស់គ្នា ​តាំងពី​កម្រិត​ថ្នាក់ដំបូង​ និង​បាន​ដឹកនាំ​ណែនាំ​សិស្ស​ប្រៀនប្រដៅ​ប្រៀប​ដូចជា​ ឪពុក–ម្តាយ​ទី​២ ចង់អោយ​សិស្ស​នុ​សិស្ស​មាន​អនាគត​ល្អ​ នៅ​ថ្ងៃ​ខាងមុខ​។បើតាម​យុវ​សិស្ស ញ៉េ​ន សៅ​វណ្ណា​ក់ មកពី​វិទ្យាល័យ​ហ៊ុន សែន សេរីភាព ក្រុង​តាខ្មៅ ​ខេត្តកណ្តាល បាន​ប្រាប់​ពី BTV នៅ​ថ្ងៃទី​៥ ខែតុលា​នេះ ថា ​ គ្រប់​សកម្មភាព​របស់​លោកគ្រូ​អ្នកគ្រូ​ គឺ​បាន​រួម​ចំណែក​ខ្លាំង​ណាស់​ក្នុង​ការជួយ​អភិវឌ្ឍ​សង្គម អភិវឌ្ឍ​ប្រទេសជាតិ​ ជាពិសេស​គឺ​លោក​បាន​ជួយ​ណែនាំ​តម្រង់​ទិស​ជីវិត​របស់​សិស្ស​គ្រប់​រូប អោយ​មាន​អនាគត​ល្អ ​ដើម្បី​អោយ​ពួក​យើង​មាន​ធនធាន​សម្រាប់​បន្ត​ការងា​រ​អភិវឌ្ឍន៍​ប្រទេសជាតិ​ បន្ត​ការរីកចំរើន​។បណ្តា​សិស្សានុសិស្ស​នានា​ទៀត ​បានចាត់ទុក​លោកគ្រូ អ្នកគ្រូ​ជា មាតាបិតា​ទី​២ ​របស់​ពួកគេ ខណៈដែល​ការអភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង​នានា​ របស់​សិស្ស ​គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ការពន្យល់​បង្ហាត់បង្ហាញ​ពី​លោកគ្រូ​អ្នកគ្រូ​ឡើយ​។បើតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម រស់ សុ​វាចា ​មានប្រសាសន៍ថា​ នៅក្នុង​ឆ្នាំ​២០២០​នេះ នៅ​ទូទាំងប្រទេស ​មាន​គ្រូបង្រៀន​គ្រប់​កម្រិតសិក្សា​មាន​ប្រមាណ​ជាង​១២​ម៉ឺន​នាក់​ បាន​នឹង​កំពុង​បំរើកា​រងារ ផ្តល់​ការបង្ហាត់បង្រៀន​ជូន​ដល់​បណ្តា​សិស្សានុសិស្ស​គ្រប់​កម្រិត​ទូទាំ​ង​ប្រទេស​៕​​អត្ថបទ ៖ ស៊ុម សុខ​ជា

គ្រឹះស្ថានសិក្សា​ឯកជន​ក្នុង​ខេត្តសៀមរាប​ ចំនួន​១០​ត្រូវ​បាន​ អនុញ្ញាតឱ្យ​បើក​ឡើងវិញ

2021/04/27 09:59:58 am        38
សៀមរាប​ ៖ គ្រឹះស្ថានសិក្សា​ឯកជន ក្នុង​ខេត្តសៀមរាប ចំនួន​១០ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ថានការណ៍​កូ​វីដ​–១៩ ​បាន​ធូរស្រាល​វិញ ​ប៉ុន្ដែ​ដំណើរការ​បង្រៀន​ឡើងវិញ​នេះ គឺ​តម្រូវ​ឱ្យ​ធ្វើទៅ ​តាម​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល​ និង​ក្រសួង​អប់រំ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​។លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ដ​សៀមរាប បានឱ្យ​យ​ដឹងថា សាលា រៀន​ឯកជន​នៅក្នុង​ខេត្ដ​នេះ​ នឹង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ មាន​ប្រមាណ​១០​សាលា ​ខណៈ​មាន​សាលា ចំនួន​ជិត​៤០ ​បានដាក់​ពាក្យ​ ស្នើសុំ​បើក​បង្រៀន​ឡើងវិញ ។លោក​ បាន​បញ្ជាក់ថា ការ​អនុញ្ញាតឱ្យ​សាលា​ឯកជន​ចំនួន​១០​បើក​ឡើងវិញ គឺ​តម្រូវ​ឱ្យ​អ្នក​គ្រប់ គ្រង​សាលា រៀបចំ និង​ពង្រឹង ​ការអប់រំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សុខភាព​សំខាន់ៗ ​ពាក់ព័ន្ធ​នឹង​ការ​បង្ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​–១៩​ ឬ​ជំងឺឆ្លង​ស្រួចស្រាល់​នានា ដល់​អ្នកសិក្សា ​បុគ្គលិក​អប់រំ ​និង​បុគ្គលិក​ផ្សេងទៀត​។ ណែនាំ​ពី សារសំខាន់ នៃ​ការ​រក្សា​គម្លាត​សុវត្ថិភាព ​និង​ការសម្លាប់​មេរោគ នៅតាម​គ្រឹះស្ថានសិក្សា​។លោក លាវ ឱ​រ៉ា នាយក​វិទ្យាស្ថាន​អប់រំ​សាំង​ហ្គា​ពួរ ដែល​ជា​សាលា​មួយ​ក្នុងចំណោម​សាលា​ឯកជន ទាំង​១០ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ ​បានឱ្យដឹងថា​ វិទ្យាស្ថាន​អប់រំ សាំង​ហ្គា​ពួរ ​ត្រូវ​បាន​ក្រសួងអប់រំ​ អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ឡើងវិញ ​កាលពី​ចុងខែ​កញ្ញា​ ប៉ុន្ដែ​សាលា ​នឹង​ឱ្យ​សិស្ស​ចូល​បវេសនកាល ​ថ្មី នៅ​ថ្ងៃទី​១៩ ខែតុលា នេះ​។លោក​បាន​ឱ្យដឹងទៀតថា សាលារៀន បាន​ត្រៀម​រួចរាល់​អនុវត្តតាម​វិធាន​អនាម័យ ដើម្បី​ការពារ ការឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​កូ​វីដ​១៩ ​ដោយ​មិនឱ្យ​មានការ​ប្រមូលផ្ដុំ​គ្រប់​រូបភាព រក្សា​គម្លាត​សុវត្ថិភាព​យ៉ាង ហោច​១,៥​ម៉ែត្រ​ឡើងទៅ ​ហើយ​មាន​គ្រូពេទ្យ​ប្រចាំ​ផងដែរ​។ កន្លែង​កម្សាន្ត ឬ​ទីលានកីឡា ដែលមាន លក្ខណៈ​ប្រមូល​ផ្តុំ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ត្រូវបាន​ផ្អាក​ផងដែរ ដើម្បី​ចៀសវាង​ហា​នី​ភ័យ នៃ​ការឆ្លង កូ​វីដ​១៩៕​អត្ថបទ​៖ ឈិ​ត សា​វី

ជយលាភី​ប្រកួត​រ៉ូ​បូត​ថ្នាក់​ជាតិ​កម្ពុជា ​នឹង​បាន​ទៅ​ចូលរួម​ប្រកួត​រ៉ូ​បូត​អន្តរជាតិ ABU Robocon 2020 នៅ​ចុង​ឆ្នាំនេះ​

2021/04/27 09:59:58 am        52
ភ្នំពេញ៖ ការប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ សម្រាប់​ឆ្នាំ ២០២០​នេះ បាន​បញ្ចប់​ដោយ​ភាព​ជោគជ័យ​ដោយ​បាន​រក​ឃើញ​ជយលាភី​ចំនួន ៧​ក្រុម ហើយ​ជយលាភី​លេខ​១​ សម្រាប់​ប្រកួត​រ៉ូ​បូត​ថ្នាក់​ជាតិ​កម្ពុជា​នឹង​បាន​ទៅ​ចូលរួម​ប្រកួត​រ៉ូ​បូត​អន្តរជាតិ​ABU Robocon 2020 នៅ​ចុងឆ្នាំ​២០២០ នៅ​ប្រទេស​ហ្វី​ជី​។​​កម្មវិធី​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ​សម្រាប់​ឆ្នាំ​២០២០ ដើម្បី​ស្វែងរក​ជយលាភី​ប្រចាំ​ឆ្នាំ​ក្នុង​ការបន្ត​តំណាង​កម្ពុជា​ទៅ​ប្រកួត​រ៉ូ​បូត​ថ្នាក់​អន្តរជាតិ និង​លើកកម្ពស់​សមត្ថភាព​យុវជន​ខ្មែរ​ក្នុង​វិស័យ​រ៉ូ​បូត​និង​ស្វ័យប្រវត្តិកម្ម បាន​ប្រព្រឹត្តទៅ​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅនេះ ក្រោម​វត្តមាន​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន ,​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន ​និង​កីឡា ឯកឧត្ដម មិ​កា​មិ ម៉ាសា​ហ៊ី​រុ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​មានការ​ចូលរួម​ពី​អ្នកទស្សនា​ប្រមាណ​ជិត​៤០០​នាក់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​សម្រាប់​ការប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់​ជាតិ​លើក​ទី​៧ ឆ្នាំ​២០២០ រៀបចំឡើង​ក្រោម​ប្រធានបទ រ៉ូ​បូត​បាល់​ឱប បាន​រក​ឃើញ​នូវ​ក្រុម​ជយលាភី​ចំនួន ៧​ក្រុម ដោយ​ជយលាភី​ទី ១ បាន​ទៅលើ​ក្រុម NPIC02 ជយលាភី​លេខ ២​បាន​ទៅលើ​ក្រុម NPIC01 ជយលាភី​ផ្នែក​វិស្វកម្ម បាន​ទៅលើ​ក្រុម PPI01 ជយលាភី​ផ្នែក​គំនិត បាន​ទៅលើ​ក្រុម NTTI01 ជយលាភី​ផ្នែក​រចនា បាន​ទៅលើ​ក្រុម RUPP01 ជយលាភី​ផ្នែក​ប្រជាប្រិយភាព​បាន​ទៅលើ​ក្រុម PPI01 និង​ជយលាភី​តូយ៉ូតា បាន​ទៅលើ​ក្រុម NUM01 ។​​ឯកឧត្ដម ខៀវ កញ្ញា​រិ​ទ្ធ រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​អប់រំ ស្ថានទូត​ជប៉ុន សាកលវិទ្យាល័យ និង​ក្រុមការងារ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ ដែល​បាន​ចូលរួម​សហការ ​និង​បាន​ធ្វើអោយ​កម្មវិធី​នេះ ​ប្រព្រឹត្តទៅបាន​ជោគជ័យ រហូត​ស្វែង​រកបាន​ក្រុម​ទទួលបាន​ជ័យលាភី សំរាប់​តំណាង​កម្ពុជា​បន្ត​ចូលរួម​ប្រកួត​នៅក្រៅ​ប្រទេស​ទៀត ជាពិសេស​ គឺ​ការចូលរួម​របស់​ក្រុម​នីមួយៗ​ក្នុង​ការប្រកួត​ថ្នាក់ជាតិ​នេះ​។​​នាឱកាស​នោះដែរ ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បានការ​សម្ដែង​ការគាំទ្រ​ចំពោះ​ការរៀបចំ​កម្មវិធី​នេះ​ឡើង ហើយ ក៏បាន​លើកឡើង​ដែរ​ថា​ការប្រកួត​នេះ ផ្ដល់នូវ​សារៈប្រយោជន៍ ១០​ចំណុច​ធំៗ សម្រាប់​ក្រុម​ចូល​ប្រកួត ។​​សូម​បញ្ជាក់ថា ទូរទស្សន៍​ជាតិ​កម្ពុជា បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​រ៉ូ​បូត​នេះ​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​ហើយ សម្រាប់​ឆ្នាំ​២០២០​នេះ គឺជា​លើក​ទី​៧​ហើយ​។​ប្រធានបទ រ៉ូ​បូត​បាល់ឱប ដែល​រៀបចំ​នៅ​ឆ្នាំនេះ គឺ​បំ​លែង​ចេញពី​កីឡា​បាល់ឱប ជា​ប្រពៃណី​របស់​ប្រទេស​ហ្វី​ជី ដែលជា​ម្ចាស់ផ្ទះ​ការប្រកួត រ៉ូ​បូត​អន្តរជាតិ​ABU Robocon 2020​។ ការប្រកួត​នេះ គឺ​តម្រូវឱ្យ​ក្រុម​និ​មួយៗ​មាន រ៉ូ​បូត​ចំនួន​ពីរ រ៉ូ​បូត​ទាំងពីរ​នេះ ការសហការ​គ្នា ក្នុងការ ចាប់បញ្ជូន ទទួល ដាក់ និង​ទាត់​បាល់​បញ្ចូល​ទី​។​​សម្រាប់​ការប្រកួត​នេះ មាន​ថេរវេលា​មួយ​ប្រកួត​រយៈពេល ៣ នាទី និង រយៈពេល​នៃ​ការត្រៀម​រៀបចំ​មុន គឺ ១​នាទី​។ ក្នុងការ​ប្រកួត​មួយ ក្រុម​រ៉ូ​បូត​ណា ដែល​ទទួលបាន​ពិន្ទុ​ច្រើនជាងគេ ក្រុម​នោះ​នឹង​ឈ្នះ​។​សម្រាប់​ក្រុម​ជយលាភី​លេខ​១​នឹងត្រូវ​តំណាង​កម្ពុជា​ចូលរួម​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់​អន្តរជាតិ ABU Robocon 2020 នា​ចុង​ឆ្នាំនេះ​៕ ​អត្ថបទ​៖ គឹម​ហុក

ថ្ងៃ​ទី​៤​ នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត ​មាន​ពលរដ្ឋ​ទៅ​ចុះ​បោះឆ្នោត​ថ្មី​ជិត ​២​ម៉ឺន​នាក់​

2021/04/27 09:59:58 am        36
​ភ្នំពេញ៖ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​តុលា​នេះ ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត មាន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​ជិត​ ២​ម៉ឺន​នាក់​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គជប​។​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០​នេះ ស្តីពី​លទ្ធផល​បណ្ដោះអាសន្ន​សម្រាប់​ថ្ងៃទី​០៤ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ ១៨.៧៣៧​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​។​​​​សេចក្តី​ប្រកាស​ព័ត៌មាន នេះ​បាន​ឲ្យ​ដឹងថា លទ្ធផល​បណ្ដោះអាសន្ន ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ សម្រាប់​ថ្ងៃទី​0៤ ខែតុលា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​មាន​ដូច​ខាងក្រោម ​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ១៨.៧៣៧​នាក់ , អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ១៥.០៨៤​នាក់​, អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ មាន​ចំនួន ១២.៤៤៨​នាក់ និង​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ១៤.៣៤០​នាក់​។​​​​សេចក្តី​ប្រកាស​ព័ត៌មាន នេះ​បាន​បន្ត អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​អញ្ជើញ​ទៅពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ (​កើតមុន ឬ​កើ​ត​ត្រឹម​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០០៣) និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុន​ផងដែរ​។​​​សូម​បញ្ជាក់ថា តាម​ការប៉ាន់ស្មាន​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​របស់ គជប ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​សរុប​នៅ​ទូទាំងប្រទេស​មាន​ចំនួន​ប្រមាណ ៣០​ម៉ឺន​នាក់ ដោយ​ការ​ចុះ​បោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១​នេះ រហូតដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០៕ ​អត្ថបទ​៖ សេក ឧ​ត្ត​ម​

ទុន​បម្រុង​អន្តរជាតិ​កើន​ដល់ ២០ ប៊ី​លាន​ដុល្លារ អាច​ធានា​នាំចូល​ទំនិញ និង​សេវា​បាន ១០​ខែ​

2021/04/27 09:59:58 am        39
​ភ្នំពេញ៖ ទុន​បម្រុង​អន្តរជាតិ ដែល​គ្រប់គ្រង​ដោយ​ធនាគារជាតិ​ នៃ​កម្ពុជា បាន​កើន​ឡើង​ដល់ ២០ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​កំណើន​ជា​មធ្យម​២១%​ក្នុង​មួយ​ឆ្នាំ ដែល​អាច​ធានា​ការ​នាំចូល​ទំនិញ និង​សេវា សម្រាប់​គ្រា​បន្ទាប់​បាន​ចំនួន​ប្រមាណ ១០ ខែ​។​​យោង​តាម​ឯកសារ​ដំណើរការ​ឆ្ពោះ​ទៅកាន់​ប្រសិទ្ធភាព ប្រព័ន្ធ​ធនាគារ និង​រូបិយវត្ថុ​អន្តរជាតិ ដែល​ចេញ​ដោយ​ធនាគារជាតិ​ នៃ​កម្ពុជា បាន​បង្ហាញ​ឲ្យ​ដឹងថា មកដល់​បច្ចុប្បន្ន ទុន​បម្រុង​អន្តរជាតិ ដែល​គ្រប់គ្រង​ដោយ​ធនាគារជាតិ ​នៃ​កម្ពុជា​បាន​កើន​ដល់ ២០ ប៊ី​លាន​ដុល្លារ​អាមេរិក​។ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក ទុន​បម្រុង​អន្តរជាតិ​បាន​កើនឡើង ១០០ ដង​។ បើ​គិត​រយៈពេល​២​ទស្សវត្សរ៍​ចុងក្រោយ ចំនួន​នេះ​មាន​កំណើន​ជា​មធ្យម ២១%​។ ដូច្នេះ​មកដល់​បច្ចុប្បន្ន​ទុនបម្រុង​អន្តរជាតិ កម្ពុជា​អាច​ធានា​ការ​នាំចូល​ទំនិញ និង​សេវា​បាន​ប្រមាណ​រយៈពេល ១០​ខែ ខ្ពស់ជាង​កម្រិត​អប្បបរមា​ចំនួន ៣​ខែ ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន​។​​​ធនាគារជាតិ​ នៃ​កម្ពុជា​បាន​បញ្ជាក់ថា វិស័យ​ធនាគារ​បាន​បន្ត​អភិវឌ្ឍ​ប្រកបដោយ​ភាពរឹងមាំ និង​បាន​ពង្រីក​វិសាលភាព​សេវាកម្ម​នៅ​ទូទាំងប្រទេស​។ជាក់ស្ដែង​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ ទ្រព្យសកម្ម​វិស័យ​ធនាគារ​បាន​កើន​ឡើង ៩៣ ដង ឥណទាន​បាន​កើនឡើង ១៧៨ដង និង​ប្រាក់​បញ្ញើ​កើន​ឡើង ៩៥ ដង កំណើន​ទាំងនេះ បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​និង​ប្រជាពលរដ្ឋ​មកលើ​ប្រព័ន្ធ​ធនាគារ​និង​រូបិយវត្ថុ​កម្ពុជា​។​​​​ជុំវិញ​សកម្មភាព​របស់​វិនិយោគិន និង​ធនាគារ​, នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ នេះ វិស័យ​សំខាន់ៗ ចំនួន ៣ បាន​ហក់​ឡើង​ខ្ពស់​គួរ​ជាទី​កត់សម្គាល់ ក្នុងនោះ ​ទ្រព្យសកម្ម បាន​ហក់​ឡើង ២២៤ ទ្រី​លាន​រៀល ត្រូវ​ជាង ២០០% នៃ​ផលិត ផល​ក្នុងស្រុក​សរុប (​ផ​.​សស​) ។ ចំណែក​ទំហំ​ឥណទាន មាន​ចំនួន ១៤៦ ទ្រី​លាន​រៀល ត្រូវ ១៣២% នៃ ផ​.​ស​.​ស​, និង​ប្រាក់​បញ្ញើ​មាន ១២៨ ទ្រី​លាន​រៀល ត្រូវ​ជាង ១១៣% នៃ ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​សស​) ​ផង​ដែរ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍បង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍
09/04/2026 07:09 PM
ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
09/04/2026 07:09 PM
វិធានការបែងចែកទឹកចាប់ផ្តើមនៅតំបន់ Medellin របស់កូឡុំប៊ី ខណៈកើតមានផលប៉ះពាល់ពីបាតុភូតអែល នីញ៉ូ
09/04/2026 06:09 PM
ជប៉ុនបញ្ជូនជំនួយ និងក្រុមអ្នកជំនាញទៅកាន់ប្រទេសនេប៉ាល់ ដើម្បីជួយកំណត់អត្តសញ្ញាណជនរងគ្រោះ
09/04/2026 06:09 PM
ក្រុមបរិស្ថានម៉ាឡេស៊ី អំពាវនាវឲ្យមានការទទួលខុសត្រូវចំពោះផ្សែងអ័ព្ទឆ្លងព្រំដែនពីឥណ្ឌូនេស៊ី
09/04/2026 06:09 PM
មេដឹកនាំមីយ៉ាន់ម៉ា បំពេញ​ទស្សនកិច្ចនៅវៀតណាម ជាការ​ធ្វើ​ដំណើរការទូតឡើង​វិញ​
09/04/2026 06:09 PM
មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ ក្រោយព្យុះទីហ្វុង Saudel នាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតំបន់ឆ្នេរប្រទេសចិន
09/04/2026 06:09 PM
សិស្សសាលាលីបង់រាប់ពាន់នាក់ បន្តជម្លៀសខ្លួន ដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា
09/04/2026 06:09 PM
[UPDATE] អាជ្ញាធរ៖ អ្នកស្លាប់ ក្នុង​ទឹកជំនន់នៅនេប៉ាល់ កើនឡើងដល់ជិត ១.៣០០នាក់ និងអ្នកបាត់ខ្លួន លើស ៥.០០០នាក់
09/04/2026 06:09 PM
ឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
09/04/2026 06:09 PM