នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

កោះតៃវ៉ាន់ រាយការណ៍សកម្មភាពយោធាចិន ដោយអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង

2024/07/05 08:27:49 pm        104
កោះតៃវ៉ាន់ នៅថ្ងៃសុក្រ (០៥ កក្កដា) នេះបានរាយការណ៍ជាថ្មីនូវសកម្មភាពយោធារបស់ចិន នៅក្បែរនោះជាមួយនឹង «ការល្បាតប្រយុទ្ធ» មួយផ្សេងទៀត ខណៈដែលរដ្ឋាភិបាលបានអំពាវនាវឱ្យទីក្រុងប៉េកាំង បន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការរឹបអូសទូកនេសាទតៃវ៉ាន់។ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ទាំងផ្នែកយោធា និងនយោបាយ។ កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ មន្ត្រីចិនបានឃាត់ និងរឹបអូសទូកនេសាទតៃវ៉ាន់ ពីបទធ្វើប្រតិបត្តិការខុសច្បាប់ក្នុងដែនទឹកចិន ក្នុងអ្វីដែលមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ បាននិយាយថាអាចជាទង្វើនៃសង្គ្រាមចិត្តសាស្ត្រ។អាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយថា ចាប់ពីមុនម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃសុក្រនេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ២៦ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ដែលកំពុងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងចិន។ កោះតៃវ៉ាន់ បានរកឃើញយន្តហោះយោធាចិនយ៉ាងហោចណាស់ ១២៧ គ្រឿង ដែលធ្វើការនៅក្បែរកោះនេះចាប់តាំងពីដើមខែនេះមក។ប្រទេសចិន និយាយថា មូលហេតុនៃបញ្ហារបស់ខ្លួនជាមួយតៃវ៉ាន់ គឺជាអ្វីដែលទីក្រុងប៉េកាំង ចាត់ទុកជាទស្សនៈ «ផ្តាច់ខ្លួន» របស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te)។ ប្រទេសចិន បានរៀបចំហ្គេមសង្រ្គាមភ្លាមៗបន្ទាប់ពីលោក ឡៃ បានចូលកាន់តំណែងក្នុងខែឧសភា ហើយបានបដិសេធការអំពាវនាវចរចាម្តងហើយម្តងទៀតរបស់លោក៕

ប្រទេសវេណេស៊ុយអេឡា ចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតី

2024/07/05 08:12:18 pm        108
ប្រធានាធិបតីកំពុងកាន់តំណែង លោក Nicolas Maduro និងគូប្រជែងសំខាន់របស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោក អ៊ីដមុនដូ ហ្គុនហ្សាឡេស(Edmundo Gonzalez) បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរៀងៗខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការប្រមូលផ្តុំទ្រង់ទ្រាយធំ នៅទីក្រុងការ៉ាកាស។ លោក Edmundo និងមេដឹកនាំគណបក្សប្រឆាំង លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ(Maria Corina Machado) បានធ្វើដំណើរទៅកាន់ភាគខាងកើតទីក្រុងការ៉ាកាស នៅលើរថយន្តមួយគ្រឿង ហើយត្រូវបានហ៊ុមព័ទ្ធដោយអ្នកគាំទ្ររាប់រយនាក់។ក្នុងរបៀបស្រដៀងគ្នានេះ លោក Maduro បានគ្រវីដៃទៅរកអ្នកគាំទ្រ នៅលើរថយន្តធុនធំ ទៅកាន់កណ្តាលទីក្រុង ដែលមានភ្លៀងធ្លាក់នៅពេលបញ្ចប់ការជួបជុំ។ នេះជាលើកទីមួយហើយ ដែលបេក្ខជនទាំងពីរ បានប្រជុំយុទ្ធនាការនៅក្នុងទីក្រុងតែមួយ។គណបក្សប្រឆាំង មានការនាំមុខច្រើនក្នុងការស្ទង់មតិ នៅមុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ទោះបីបន្ទាប់ពីតុលាការ បានហាមឃាត់មេដឹកនាំ លោកស្រី Maria Corina Machado មិនឲ្យឈរឈ្មោះជុំវិញការចោទប្រកាន់ពីការបំពានលួចបន្លំ។ មានចម្ងល់ជាច្រើនថាតើ ការបោះឆ្នោតនឹងអាចជឿទុកចិត្តបានដែរឬទេ បន្ទាប់ពីប្រទេសវេណេស៊ុយអេឡា បានបដិសេធការអញ្ជើញអ្នកសង្កេតការណ៍បោះឆ្នោតរបស់សហភាពអឺរ៉ុប។យុទ្ធនាការបោះឆ្នោត នឹងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា។ យ៉ាងហោចណាស់ប្រជាជនវេណេស៊ុយអេឡា២១លាននាក់ បានចុះឈ្មោះសម្រាប់ការបោះឆ្នោត។

ក្រុមមេដឹកនាំ និយាយអំពីការរួមចំណែកជាវិជ្ជមានរបស់ SCO ចំពោះសន្តិសុខ ការអភិវឌ្ឍ និងស្ថិរភាព

2024/07/05 08:09:02 pm        130
នៅក្នុងកិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំនៃបណ្តាប្រទេសចូលរួម បាននិយាយអំពីការរួមចំណែកជាវិជ្ជមានរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ចំពោះសន្តិសុខ ការអភិវឌ្ឍន៍ និងស្ថិរភាព។ប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko បាននិយាយថា ការចូលជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) របស់ប្រទេសបេឡារុស គឺជាអំណោយដ៏អស្ចារ្យមួយដល់ប្រជាជាតិបេឡារុស។ លោក Lukashenko និយាយថា យើងជឿជាក់យ៉ាងមុតមាំថា វាចាំបាច់ក្នុងការកសាងសន្តិសុខពិភពលោកពិត និងមិនអាចបំបែកបាន ក្នុងសតវត្សទី២១នេះ។ទន្ទឹមនឹងនេះ គំនិតផ្តួចផ្តើមគួរតែត្រូវបានអនុវត្ត ដោយបណ្តាប្រទេសភាគច្រើនជាសកល។ លោកនិយាយថា វាស្ថិតនៅក្នុងអំណាចរបស់យើង ដើម្បីបំផ្លាញជញ្ជាំងនៃពិភពលោកគ្មានប៉ូល លុបបំបាត់ភាពខ្វែងគំនិតគ្នា និងជម្លោះជាច្រើន ដោយសារវិសមភាពសង្គម កង្វះអាហារ និងធនធាន។ប្រធានាធិបតីប្រទេសកាហ្សាក់ស្ថាន លោក កាស៊ីម ចូម៉ាត តូកាយ៉េវ(Kassym-Jomart Tokayev) បាននិយាយថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានក្លាយជាយន្តការដ៏មានប្រសិទ្ធភាពនៃទំនាក់ទំនងអន្តររដ្ឋ ដែលដំណើរការដោយឈរលើមូលដ្ឋាននៃ «ស្មារតីសៀងហៃ» ដែលបង្ហាញពីការជឿទុកចិត្តគ្នា ផលប្រយោជន៍ទៅវិញទៅមក សមភាព ការពិគ្រោះយោបល់ ការគោរពភាពចម្រុះនៃអរិយធម៌ និងការស្វែងរកការអភិវឌ្ឍន៍រួមគ្នា។លោក Tokayev បានបញ្ជាក់ពីតម្រូវការសម្រាប់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដើម្បីជំរុញតួនាទីស្ថិរភាពរបស់ខ្លួន ទប់ទល់ការបំផ្លាញច្បាប់អន្តរជាតិ ទប់ស្កាត់ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពង្រឹងសន្តិភាព និងសន្តិសុខ នៅលើមាត្រដ្ឋានសកល ក្នុងពេលមានបញ្ហាប្រឈម នាពេលបច្ចុប្បន្ន។ លោកក៏បានបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការរួមបញ្ចូលនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន ជាមួយនឹងផ្លូវដឹកជញ្ជូនអន្តរជាតិឆ្លងកាត់សមុទ្រកាស្ពៀន និងផ្នែកផ្សេងៗទៀត។

សម្ទុះក្រុមមាននិន្នាការប្រឆាំងចូលបក្សប្រជាជនកម្ពុជាកាន់តែច្រើន ព្រោះអស់ជំនឿលើទណ្ឌិត​ក្បត់ជាតិបី​ជំនាន់ដែលជាមេបោកប្រាស់

2024/07/05 06:34:59 pm        323
ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បញ្ជាក់ថាសម្ទុះក្រុមមាននិន្នាការប្រឆាំងចូលគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនព្រោះអស់ជំនឿលើទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែល​ជាមេឆបោក​ក្នុង​ក្តីស្រម៉ៃ​ជាមួយ​សមាជិក​របស់​ខ្លួន​។ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បានឱ្យដឹងថា ការធ្វើ​នយោបាយ​រយៈពេល៣០ឆ្នាំ​របស់​គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត​ក្បត់​ជាតិ៣ជំនាន់មិនមានអ្វីដែលជាការពិត និងគោរពលទ្ធិប្រជាធិបតេយ្យនោះទេ ពោល​គឺ​ព្យាយា​មរកគ្រប់វិធីសាស្រ្តដើម្បីដណ្តើមអំណាយតាមរយៈផ្លូវមិនត្រឹមត្រូវ ជាក់ស្តែងដូ​ច​ជា​ករណី​អំឡុង​ឆ្នាំ២០១៣ ដឹកនាំប្រជាពលរដ្ឋ​អុក​ឡុក​នឹង​ប៉ុន​ប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ក្រោយ​កា​រ​បោះឆ្នោ​ត​ជ្រើសតាំងតំណាងរាស្រ្តនាពេលនោះ។ឯកឧត្តមបានចាត់​ទុកអំពើទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់កន្លងទៅ ជាពិសេស​ការ​ប្រឆាំង​លើ​គម្រោង​ព្រែកជីកហ្វូណនតេជោ គ្រាន់តែដង្ហើមជីវិតនយោបាយចុងក្រោយ ក្នុងន័យ​បំពុល​សង្គម និងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ឯកឧត្តម អះអាងថា ទណ្ឌិត​ក្បត់​ជាតិ​កំពុងនិរទេសខ្លួននៅក្រៅស្រុកនេះ ជាមេដឹកនាំឆបោកក្តីស្រម៉ៃជាមួយសមាជិកខ្លួន ក្នុង​ការ​អូស​ទាញសមាជិកទៅប្រឆាំងផលប្រយោជន៍ជាតិ ដែលកត្តានេះ​នាំ​ឱ្យ​ចរន្ត​នៃ​ការ​ចាក​ចេញ​របស់​សមាជិក​ជាច្រើនផ្តាច់ខ្លួនរាប់តាំងពីសមាជិកថ្នាក់មូលដ្ឋាន។ ជាមួយគ្នា លោក ស៊ុត សារ៉េត ជាអណិកជនខ្មែរនៅប្រទេសអូស្រ្តាលី លើកឡើងថា ការ​ដឹកនាំ​នយោបាយ​របស់ទណ្ឌិតក្បត់ជាតិ គឺបានបោកប្រាស់ប្រជាពលរដ្ឋតាំងពីយូរអង្វែង និងមាន​ចេតនា​ឈ្នានីស សងសឹក ហើយមិនមែនជាចេតនាណាមួយជួយបំពេញចំណុចខ្វះខាតទេ តែបែរជាជាន់ពន្លិចប្រជាជនដើម្បីអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ទន្ទឹមគ្នា លោកស្រី ម៉ៅ សាវឿន អាណិកជនខ្មែរ-អូស្ត្រាលី បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រៅប្រ​ទេសឈប់ជឿតាមការធ្វើប្រជាភិថុតរបស់ទណ្ឌិតក្បត់ជាតិរត់ចោលស្រុកនេះ ហើយ​ត្រូវ​តាម​ដាន​ព័ត៌មានពីកម្ពុជា ឬអាចធ្វើដំណើរមកកម្ពុជា ដើម្បីមើល​ពី​ការ​អភិវឌ្ឍន៍​សម្បូរ​បែប​ជា​ពិសេស​ការទទួលចំណេះដឹងរបស់យុវជននៅកម្ពុជាមិនចាញ់នៅក្រៅប្រទេសនោះទេ។សូមជម្រាបថា ក្រុម​មាន​និន្នាការ​ប្រឆាំងម​ក​ដល់​ពេល​នេះ​បាន​បន្ត​ផ្តាច់​ខ្លួន​ពីមួយ​ថ្ងៃទៅមួយថ្ងៃ រាប់តាំងពីសមាជិកមូលដ្ឋាន ក៏ដូចជាសមាជិក និងថ្នាក់ដឹកនាំនៅក្រៅប្រទេស ដើម្បី​ងាក​មក​រួម​រ​ស់​ជា​មួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្របម្រើជាតិ និង​ប្រជាជន​ពិត​ប្រាកដ​៕ អត្ថបទ សេក ឧត្តម 

សម្ព័ន្ធមិត្តលោក Trump បង្កើនការវាយប្រហារលើលោកស្រី Harris ដែលអាចជាបេក្ខភាពជំនួសលោក Biden

2024/07/05 05:17:06 pm        264
យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ (Donald Trump) និងសម្ព័ន្ធមិត្តមួយចំនួនរបស់លោកបានបើកការវាយប្រហារនយោបាយជាមុនលើអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដើម្បីព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី ស្របពេលមានការពិភាក្សាក្នុងចំណោមសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនថា លោកស្រីអាចជាជម្រើសជំនួសតំណែងបេក្ខជនរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) សម្រាប់គណបក្សប្រជាធិបតេយ្យ ក្នុងការឈរឈ្មោះបោះឆ្នោតឆ្នាំ២០២៤។នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅក្នុងសេចក្តីថ្លែងការណ៍នានាក្នុងពេល ៤៨ ម៉ោងចុងក្រោយនេះ យុទ្ធនាការរបស់លោក ត្រាំ និងសម្ព័ន្ធមិត្តបក្សសាធារណៈរដ្ឋរបស់លោក ហាក់ដូចជាកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់ការវាយប្រហារលើលោកស្រី ហារីស ប្រសិនបើលោក បៃដិន វ័យ ៨១ ឆ្នាំសម្រេចចិត្តបញ្ចប់កិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញ បន្ទាប់ពីការជជែកដេញដោលដ៏រអាក់រអួលរបស់ខ្លួនកាលពីសប្តាហ៍មុន។ខណៈពេលដែលលោក បៃដិន បានទទូចថាមិនចាកចេញពីការប្រកួតប្រជែង ហើយលោកស្រី ហារីស នៅតែបន្តគាំទ្រលោកយ៉ាងរឹងមាំនោះ យុទ្ធនាការលោក ត្រាំ មិនមានអ្វីត្រូវខាតបង់ក្នុងការវាយប្រហារទៅលើលោកស្រី ហារីស ជាមុននោះទេ ព្រោះបើសិនលោកស្រីត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីពិតមែន លោកស្រីអាចនឹងត្រូវប្រឈមស្ថានភាពទន់ខ្សោយរួចជាស្រេច។សមាជិកគណបក្សសាធារណរដ្ឋ តែងតែរិះគន់លោកស្រី ហារីស វ័យ ៥៩ ឆ្នាំក្នុងអាណត្តិលោក បៃដិន នេះ ប៉ុន្តែការវាយប្រហារនៅសប្តាហ៍នេះតំណាងឱ្យការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងនយោបាយ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការពិភាក្សា ដែលថាលោកស្រី អាចជំនួសលោក បៃដិន ជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ៕

គ្មានថ្ងៃឈប់សម្រាកបុណ្យឯករាជ្យសម្រាប់លោក Biden ទេ ខណៈជម្រះវិបត្តិការជជែកដេញដោលនៅបន្ត

2024/07/05 05:14:19 pm        286
ខណៈប្រជាជនអាមេរិកកំពុងប្រារព្ធពិធីបុណ្យវិស្សមកាល ថ្ងៃទី៤ ខែកក្កដា ដោយមានការបាញ់កាំជ្រួចនិងពិធីជប់លៀងផ្សេងៗ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា បានបន្តប្រឈមមុខទៅនឹងការផ្ទុះឡើងពីវិបត្តិនៃការជជែកដេញដោលរបស់លោកទល់នឹងលោក Donald Trump ដែលបានធ្វើឱ្យសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនរូបចង់បានអ្នកជំនួស។បុរសវ័យ៨១ឆ្នាំរូបនេះ បានទប់ទល់ចាប់តាំងពីការជជែកដេញដោលកាលពីសប្តាហ៍មុន ដើម្បីធ្វើឲ្យធូស្រាលភាពរំជើបរំជួលក្នុងចំណោមគណបក្សរបស់លោក ប៉ុន្តែលោកបានទទួលការគាំទ្រ កាលពីថ្ងៃពុធ ពីអភិបាលរដ្ឋគណបក្សប្រជាធិបតេយ្យ ដែលបានជួបជុំគ្នាសម្រាប់កិច្ចប្រជុំបន្ទាន់ ជាមួយលោកនៅសេតវិមាន។ទោះជាយ៉ាងណា ដំណើរអសកម្មថ្មីដ៏មានសក្តានុពល បានលេចឡើងនៅថ្ងៃបុណ្យឯករាជ្យ ដោយសារព័ត៌មាន The New York Times បានរាយការណ៍ថា លោក Biden បានប្រាប់អភិបាលរដ្ឋថា លោកត្រូវការការសម្រាកបន្ថែម ហើយមានផែនការកាត់បន្ថយព្រឹត្តិការណ៍នៅសាធារណៈ។ជាមួយនឹងការស្ទង់មតិ បង្ហាញថា លោក Trump មកពីគណបក្សសាធារណរដ្ឋ បន្តការនាំមុខដ៏ចង្អៀត បន្ទាប់ពីការជជែកដេញដោលកាលពីសប្តាហ៍មុន លោក Biden មើលឃើញខ្លួនឯងថា ស្ថិតនៅក្រោមសម្ពាធដែលមិនធ្លាប់មានពីមុនមក ក្នុងការបង្ហាញពីសមត្ថភាពដឹកនាំរបស់លោក។លោក Biden បានទទួលស្គាល់ នៅក្នុងបទសម្ភាសមួយតាមវិទ្យុថតទុកជាមុន ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា «លោកមានយប់ដ៏អាក្រក់មួយ»។លោកបាននិយាយថា «លោកធ្វើពុំបានល្អ លោកបានធ្វើឲ្យមានកំហុស»។ នោះគឺនៅក្នុងរយៈពេល៩០នាទី នៅលើវេទិកា។ ប៉ុន្តែចូរក្រឡេកមើលលើអ្វីដែលលោកបានធ្វើ ក្នុងរយៈពេល៣ឆ្នាំកន្លះ មកនេះ។

ក្រុមហ៊ុនបរទេសគិតចង់ការដកបុគ្គលិកតៃវ៉ាន់ ចេញពីប្រទេសចិន បន្ទាប់ពីការគំរាមប្រហារជីវិត

2024/07/05 05:10:41 pm        268
ប្រភពចំនួនបួនដែលដឹងពីបញ្ហានេះបាននិយាយថា ក្រុមហ៊ុនបរទេសមួយចំនួនកំពុងពិចារណាផ្លាស់ប្តូរបុគ្គលិកតៃវ៉ាន់ ចេញពីប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបាននិយាយថា ខ្លួនអាចដាក់ទោសប្រហារជីវិតលើក្រុមផ្តាច់ខ្លួន «ផ្កាប់មុខ» ដែលគាំទ្រឯករាជ្យកោះតៃវ៉ាន់។សេចក្តីណែនាំថ្មីច្បាប់នេះបានធ្វើឱ្យពលរដ្ឋតៃវ៉ាន់មួយចំនួន និងជនបរទេសចម្រុះជាតិសាសន៍ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន ស្វះស្វែងវាយតម្លៃហានិភ័យ និងផលប៉ះពាល់ផ្លូវច្បាប់របស់ពួកគេ នេះបើតាមប្រភព ដែលរួមមានមេធាវី និងនាយកប្រតិបត្តិពីរនាក់ ដែលដឹងផ្ទាល់អំពីការពិភាក្សា។លោកមេធាវី ជេមស៍ ហ្ស៊ីមមឺមែន (James Zimmerman) ដែលជាដៃគូមានមូលដ្ឋាននៅទីក្រុងប៉េកាំងនៅក្រុមហ៊ុនច្បាប់ ភឺឃីនស៍ ខូអ៊ី (Perkins Coie) បាននិយាយថា «ក្រុមហ៊ុនជាច្រើននៅតែមានការព្រួយបារម្ភថា អាចមានផ្នែកប្រផេះមួយចំនួន ដូចជាការបង្ហោះប្រព័ន្ធតាមផ្សព្វផ្សាយសង្គម ឬបោះឆ្នោតឱ្យគណបក្សនយោបាយជាក់លាក់ណាមួយ ឬគាំទ្របេក្ខជននៅក្នុងការបោះឆ្នោតកោះតៃវ៉ាន់ អាចត្រូវបានបកស្រាយថាជាការចូលរួមក្នុងសកម្មភាពគាំទ្រឯករាជ្យ»។យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលកោះតៃវ៉ាន់ ថ្មីបំផុតបានឱ្យដឹងថា ពលរដ្ឋតៃវ៉ាន់ប្រមាណ ១៧៧.០០០ នាក់កំពុងធ្វើការនៅក្នុងប្រទេសចិន គិតត្រឹមឆ្នាំ ២០២២។ បុគ្គលិកតៃវ៉ាន់ ត្រូវបានជួលដោយក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើននៅក្នុងប្រទេសចិន ដោយសារសមត្ថភាពភាសា និងភាពប្រហាក់ប្រហែលនៃវប្បធម៌ជាមួយប្រទេសនេះ៕

បារាំង នឹងដាក់ពង្រាយនគរបាល ៣ ម៉ឺននាក់ដើម្បីបង្ការបញ្ហាក្រោយបោះឆ្នោតនៅថ្ងៃអាទិត្យនេះ

2024/07/05 05:06:48 pm        293
រដ្ឋមន្ត្រីបារាំងមួយរូបបាននិយាយថា នគរបាលប្រហែល ៣០.០០០ នាក់នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស នៅល្ងាចថ្ងៃអាទិត្យ (០៧ កក្កដា) ខាងមុខនេះ បន្ទាប់ពីការបោះឆ្នោតសភាជុំទីពីរដ៏តានតឹង ដើម្បីធានាថាមិនមានបញ្ហាណាមួយកើតឡើង ខណៈបេក្ខជនឈរឈ្មោះជាច្រើននាក់បាននិយាយថា ពួកគេក្លាយជាជនរងគ្រោះនៃការវាយប្រហារអំឡុងពេលធ្វើយុទ្ធនាការ។ការបោះឆ្នោតសភាជុំទីពីរនៅថ្ងៃអាទិត្យនេះ នឹងកំណត់ថាតើបក្សរួមរួបកម្លាំងជាតិ (RN) ស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ទទួលបានសំឡេងភាគច្រើននៅក្នុងសភាជាលើកដំបូង និងបង្កើតរដ្ឋាភិបាលបន្ទាប់នៅប្រទេសបារាំង ដែលជាសេដ្ឋកិច្ចធំទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូ បានឬយ៉ាងណា។យុទ្ធនាការបោះឆ្នោតត្រូវបានប៉ះពាល់ដោយភាពតានតឹងផ្នែកនយោបាយ និងកំណើនអំពើហិង្សា។ រដ្ឋមន្ត្រីមហាផ្ទៃលោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បាននិយាយថា លោកនឹង «ប្រុងប្រយ័ត្ន» អំពីសន្តិសុខនៅល្ងាចថ្ងៃអាទិត្យ នៅពេលដែលលទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានប្រកាស។លោក ដាម៉ាណាំង បាននិយាយថា មនុស្ស ៤ នាក់ត្រូវបានចាប់ខ្លួន ជុំវិញការវាយប្រហារមួយ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃពុធ ទៅលើអ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី ព្រីស្កា ទែរវ៉េណូ (Prisca Thevenot) និងក្រុមរបស់លោកស្រី នៅពេលដែលពួកគេកំពុងចែកក្រដាសផ្សព្វផ្សាយយុទ្ធនាការ។ បេក្ខជនបក្ស RN ម្នាក់ឈ្មោះលោកស្រី ម៉ារី ឌូឈី (Marie Dauchy) ក៏បាននិយាយថាខ្លួនត្រូវបានវាយប្រហារដោយម្ចាស់ហាងម្នាក់នៅផ្សារមួយកាលពីថ្ងៃពុធផងដែរ៕

លោក Putin គិតថាលោក Trump មានចិត្តស្មោះក្នុងការបញ្ចប់សង្គ្រាមអ៊ុយក្រែន

2024/07/05 05:02:13 pm        403
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ កក្កដា) ក្នុងសន្និសីទព័ត៌មាននៅប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីត្រូវបានសាកសួរពីការលើកឡើងរបស់លោក ត្រាំ ដែលថាលោកអាចបញ្ចប់សង្រ្គាមអ៊ុយក្រែនបានយ៉ាងឆាប់រហ័ស បើលោកឈ្នះតំណែងសេតវិមានថា លោកជឿជាក់ថាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) មានចិត្តស្មោះចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនពិតមែន ប៉ុន្តែលោកមិនដឹងទេថាតើលោក ត្រាំ ធ្វើគម្រោងនោះដោយមធ្យោបាយណា ប្រសិនបើជាប់ឆ្នោត។លោក ពូទីន បាននិយាយថា «យើងយកចិត្តទុកដាក់លើរឿងដែលថាលោក ត្រាំ ប្រកាសថាខ្លួនត្រៀមរួចជាស្រេចដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែននេះណាស់។ យើងមិនដឹងថាលោកនឹងធ្វើដោយរបៀបណាទេ ប៉ុន្តែយើងគិតថាលោកនិយាយដោយស្មោះ ហើយយើងគាំទ្រគំនិតនោះ»។សារព័ត៌មាន វ៉ាស៊ីនតោន ប៉ុស្តិ៍ (Washington Post) បានរាយការណ៍កាលពីខែមេសាថា លោក ត្រាំ បាននិយាយជាលក្ខណៈឯកជនពីជម្រើសនៃការអនុញ្ញាតឱ្យលោក ពូទីន ទុកតំបន់គ្រីម៉េ (Crimea) និងតំបន់ ឌុនបាស (Donbas) ដើម្បីជាថ្នូរនឹងសន្តិភាព ប៉ុន្តែមិនមានការបញ្ជាក់ពីយុទ្ធនាការលោកនោះទេ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែមុនថា ទីប្រឹក្សាពីរនាក់របស់លោក ត្រាំ បានបង្ហាញលោកនូវផែនការបញ្ចប់សង្រ្គាម ដែលពាក់ព័ន្ធនឹងការប្រាប់អ៊ុយក្រែនថាខ្លួននឹងមិនទទួលបានអាវុធបន្ថែមទៀតពីអាមេរិកទេ ប្រសិនបើមិនចូលរួមក្នុងកិច្ចចរចាសន្តិភាព។លោក ពូទីន បាននិយាយកាលពីខែមុនថា រុស្ស៊ីនឹងបញ្ចប់សង្រ្គាម លុះត្រាតែក្រុងគីវ បានយល់ព្រមទម្លាក់មហិច្ឆតាចូលរួមក្នុងអង្គការណាតូ ហើយប្រគល់ទឹកដីមូលនៃខេត្តចំនួនបួនដែលទាមទារដោយទីក្រុងមូស្គូ ប៉ុន្តែទីក្រុងគីវ បានបដិសេធភ្លាមៗ ហើយថានោះស្មើនឹងការចុះចាញ់៕

លោក Biden និយាយថា 'ខ្ញុំមិនទៅណាទេ' ខណៈមានការអំពាវនាវកាន់តែខ្លាំងឱ្យលោកបោះបង់ចោលការប្រកួតប្រជែង

2024/07/05 04:59:00 pm        231
លោកប្រធានាធិបតី Joe Biden បាននិយាយថា "ខ្ញុំមិនទៅណាទេ" "I'm not going anywhere" ខណៈលោកប្រឈមកាន់តែខ្លាំងទៅនឹងការអំពាវនាវដោយសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនឲ្យលោកបោះបង់ចោលការប្រកួតប្រជែងការបោះឆ្នោតអាណត្តិថ្មីរបស់លោក ដោយប្រើការប្រារព្ធពិធីទិវាបុណ្យឯករាជ្យ៤កក្កដា កាលពីថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ដើម្បីឆ្លើយតបទៅនឹងការមន្ទិលសង្ស័យអំពីភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្តរបស់លោក ដើម្បីបន្តយុទ្ធនាការសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំនេះ ។ ការបង្ហាញភាពរង្គោះរង្គើរបស់អ្នកប្រជាធិបតេយ្យវ័យ៨១ ឆ្នាំ នៅឯការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែមិថុនា ជាមួយគូប្រជែងមកពីគណបក្សសាធារណរដ្ឋលោក Donald Trump មានន័យថារាល់ការលេចមុខរបស់លោកឥឡូវនេះត្រូវបានគេតាមដានយ៉ាងដិតដល់។ អ្នកបោះឆ្នោតឲ្យបក្សប្រជាធិបតេយ្យជាច្រើនព្រួយបារម្ភថាតើរូបលោកអាចរក្សាល្បឿននៃការងារដ៏លំបាកក្នុងរយៈពេល៤ឆ្នាំកន្លះ ខាងមុខបានដែរឬអត់ ហើយសមាជិកមួយចំនួននៅក្នុងគណបក្សរបស់លោកបានជំរុញឱ្យលោកបោះបង់ចោលការប្រជែងតំណែងប្រធានាធិបត្តីអាណត្តិបន្ទាប់ទៅ។ អំឡុងសុន្ទរកថារបស់លោក លោក Biden បាននិយាយថា អ្នករាល់គ្នាបានស្គាល់ខ្ញុំហើយ ។ ខ្ញុំមិនទៅណាទេ ដោយលោកបានបញ្ជាក់ឡើងវិញនូវការសន្យារបស់លោកថា លោកនឹងនៅតែស្ថិតក្នុងការប្រកួតប្រជែង ទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឱ្យលោកដកខ្លួនចេញក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM