TOP STORY | សម្ដេចធិបតី អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ព ក្នុង​ការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ
ព្រះពុទ្ធបដិមា កសាងអំពីស្ពាន់ និងលោហៈ ទម្ងន់៩តោននឹងត្រូវដាក់តាំងបង្ហាញ​នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូដល់ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព ដើម្បីចូលរួមសន្និសីទ UNOC3 ស្តីពីមហាសមុទ្រ
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើពិធីតភ្ជាប់តួស្ពាន ខណៈការសាងសង់​សម្រេចបាន ៨៥ភាគរយហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ីរ៉ង់ ចុះឈ្មោះបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោត បន្ទាប់ពីការស្លាប់របស់លោក Raisi

2024/05/31 02:08:33 pm        80
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក អាម៉ាដ វ៉ាហ៊ីឌី (Ahmad Vahidi) បានប្រាប់ទូរទស្សន៍រដ្ឋថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) បានចាប់ផ្តើមចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតមុនកំណត់នៅខែក្រោយ បន្ទាប់ពីការស្លាប់របស់លោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ដោយធ្លាប់ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរបស់មេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ដែលជាអ្នកសម្រេចការចុងក្រោយរបស់អ៊ីរ៉ង់ ការស្លាប់ភ្លាមៗរបស់លោក រ៉ាស៊ី បានបង្កឱ្យមានការកួតប្រជែងក្នុងចំណោមក្រុមអ្នកប្រកាន់ជំហរតឹង ដើម្បីមានឥទ្ធិពលលើការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់។បន្ទាប់ពីរយៈពេលចុះឈ្មោះប្រាំថ្ងៃ ក្រុមប្រឹក្សាអាណាព្យាបាល ដែលត្រួតពិនិត្យការបោះឆ្នោត និងច្បាប់នឹងត្រួតពិនិត្យបេក្ខជនឈរឈ្មោះជាប្រធានាធិបតី។ អ្នកនយោបាយប្រឆាំងជាច្រើនបានចោទប្រកាន់ក្រុមប្រឹក្សាអាណាព្យាបាល ដែលមានសមាជិក ១២ រូបនេះថា បានដកសិទ្ធិគូប្រជែងរបស់ក្រុមអ្នកប្រកាន់ជំហរតឹង ដែលត្រូវបានគេរំពឹងថានឹងគ្រប់គ្រងការប្រជែងតំណែងប្រធានាធិបតីនាពេលខាងមុខនេះ។អ្នកផ្ទៃក្នុងបាននិយាយថា ការចុះឈ្មោះបេក្ខជននោះអាចរួមបញ្ចូល លោក ផាវីស ហ្វាតតាស (Parviz Fattah) អតីតសមាជិកកងអង្គរក្ស និងលោក សៃអ៊ីត ចាលីលី (Saeed Jalili) អតីតប្រធានអ្នកចរចានុយក្លេអ៊ែរ។ ប្រធានាធិបតីបណ្តោះអាសន្ន លោក ម៉ូហាម៉េដ ម៉ូកប៊ឺ (Mohammad Mokhber) និងអតីតប្រធានសភា និងជាទីប្រឹក្សាលោក ខាមីណេ គឺលោក អាលី ឡារីចានី (Ali Larijani) ក៏ត្រូវគេបានលើកឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ថាអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដែរ៕

ប្រព័ន្ធផ្សព្វផ្សាយ៖ ចិន មានវិធានការតបតថែមទៀត បើអាមេរិក បង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍ខ្លួន

2024/05/31 02:05:17 pm        137
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយនៅថ្ងៃសុក្រ (៣១ ឧសភា) នេះថា ប្រទេសចិន មានវិធានការតបតដ៏ខ្លាំងក្លាបន្ថែមទៀត ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តបំពាន និងបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសនេះលើបញ្ហាស្នូល ឬដាក់សម្ពាធលើការអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន។ការលើកឡើងនេះបានមកពីការបង្ហោះរបស់គណនីផ្សព្វផ្សាយសង្គម យូយ័ន ថានធាន (Yuyuan Tantian) របស់ទូរទស្សន៍រដ្ឋចិន CCTV ដែលបានដកស្រង់ប្រភពរដ្ឋាភិបាលលើគោលនយោបាយការបរទេស។សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានចោទប្រកាន់ថ្នាក់ដឹកនាំរបស់ប្រទេសចិន ថាបានគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយបានព្រមានថាទីក្រុងប៉េកាំង អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតជាការឆ្លើយតបពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអង្គការណាតូ ផ្សេងទៀត។ទំនាក់ទំនងសហរដ្ឋអាមេរិក និងចិន មានភាពតានតឹងយ៉ាងខ្លាំង បន្ទាប់ពីឧប្បត្តិហេតុ «បាឡុងចារកម្ម» និងកំណើនភាពតានតឹងជុំវិញកោះតៃវ៉ាន់ រួមជាមួយនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង ហើយបញ្ហាដំឡើងពន្ធ ដែលកំពុងធ្វើឱ្យទំនាក់ទំនងកាន់តែជូរចត់។ ប៉ុន្តែប្រធានាធិបតីនៃប្រទេសទាំងពីរ បានស្វះស្វែងរកការកសាងឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីជាសសរស្តម្ភសម្រាប់គ្រប់គ្រងការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចទាំងពីរនេះ៕

អ្នកគាំទ្រនៅអាមេរិករបស់លោក Trump អំពាវនាវឱ្យមានកុបកម្ម និងហិង្សា បន្ទាប់ពីសាលក្រម

2024/05/31 01:55:13 pm        83
ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលខឹងសម្បារចំពោះការផ្តន្ទាទោសរបស់លោកលើបទព្រហ្មទណ្ឌចំនួន ៣៤ ករណីដោយគណៈវិនិច្ឆ័យទីក្រុងញូវយ៉ក (New York) បាននាំគ្នាបញ្ចេញមតិតាមគេហទំព័រអនឡាញដែលគាំទ្រ ត្រាំ ជាមួយនឹងការអំពាវនាវឱ្យមានកុប្បកម្ម បដិវត្តន៍ និងការសងសឹកដោយហិង្សា។បន្ទាប់ពីលោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ អ្នកគាំទ្ររបស់លោកបានឆ្លើយតបជាមួយនឹងការបង្ហោះតាមអ៊ីនធឺណែតដ៏ឃោរឃៅជាច្រើន នេះបើយោងតាមការពិនិត្យឡើងវិញរបស់សារព័ត៌មានរ៉យទ័រ លើការអត្ថាធិប្បាយនៅលើគេហទំព័រចំនួនបី ដែលគាំទ្រលោក ត្រាំ គឺវេទិកាសង្គម ទ្រូស សូសល (Truth Social) របស់អតីតប្រធានាធិបតីរូបនេះ គេហទំព័រ ផាទ្រីយ៉ូត ដត វីន (Patriots.Win) និងគេហទំព័រ ហ្គេតវ៉េ ផុនឌីត (Gateway Pundit)។អ្នកខ្លះបានអំពាវនាវឱ្យមានការវាយប្រហារលើចៅក្រម ការកាត់ទោសស្លាប់លើចៅក្រម វ័ន មើឆាន (Juan Merchan) ឬបង្កសង្គ្រាមស៊ីវិល និងការបះបោរប្រដាប់អាវុធ។ នៅក្នុងការបង្ហោះមួយ អ្នកគាំទ្របានស្នើឱ្យមានការបាញ់ប្រហារបន្ទាប់ពីសាលក្រមនេះ។ ការគំរាមកំហែងនៃអំពើហិង្សា និងវោហាសាស្ត្របំភិតបំភ័យបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីលោក ត្រាំ ចាញ់ការបោះឆ្នោតឆ្នាំ២០២០ ហើយបានអះអាងថាការបោះឆ្នោតនោះមានការក្លែងបន្លំ។ នៅពេលធ្វើយុទ្ធនាការសម្រាប់អាណត្តិទីពីរនៅសេតវិមាន លោក ត្រាំ បានចោទចៅក្រម និងរដ្ឋអាជ្ញានៅក្នុងការកាត់ក្តីរបស់ខ្លួនថា ជាឧបករណ៍ពុករលួយរបស់រដ្ឋបាលលោក ចូ បៃដិន (Joe Biden) ដែលមានចេតនាបំផ្លាញតំណែងសេតវិមានរបស់លោក។ ក្រុមអ្នកស្មោះត្រង់របស់លោក ត្រាំ បានឆ្លើយតបលើការធ្វើទុក្ខបុកម្នេញនយោបាយនេះ ជាមួយនឹងយុទ្ធនាការនៃការគំរាមកំហែង និងការបំភិតបំភ័យ ដែលផ្តោតលើចៅក្រម និងមន្ត្រីតុលាការ៕

វិមានក្រឹមឡាំង៖ អ៊ុយក្រែន មិនត្រូវប្រើប្រាស់អាវុធរបស់អង្គការណាតូ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីទេ

2024/05/31 01:51:54 pm        118
ជាថ្មីម្តងទៀត វិមានក្រឹមឡាំង បានព្រមានសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនប្រឆាំងនឹងការអនុញ្ញាតឲ្យទីក្រុងគីវ វាយប្រហារលើទឹកដីរុស្ស៊ីដោយប្រើអាវុធលោកខាងលិច ដោយអ្នកនាំពាក្យរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសន្យាថា នឹងមាន «ផលវិបាកជាច្រើន» ប្រសិនបើការវាយប្រហារបែបនេះ កើតឡើង។អ្នកនាំពាក្យលោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ទីបំផុត វានឹងធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់ផលប្រយោជន៍នៃប្រទេសទាំងនោះ ដោយជ្រើសរើសផ្លូវដែលបង្កឲ្យមានភាពតានតឹងកើនឡើងកាន់តែខ្លាំងនោះ។បញ្ហានៃការអនុញ្ញាតឲ្យទីក្រុងគីវប្រើអាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី បានលេចចេញកាន់តែធំឡើង ខណៈដែលការប្រយុទ្ធកាន់តែខ្លាំងក្លា នៅតាមផ្នែកខ្លះនៃព្រំដែនអ៊ុយក្រែន-រុស្ស៊ី។ ចំណែកទីក្រុងគីវ កំពុងតស៊ូជាពិសេស ដើម្បីបញ្ឈប់ការវាយលុករបស់រុស្ស៊ី នៅតំបន់ខាគីវភាគឦសាន។រដ្ឋមន្ត្រីការបរទេសមកពីប្រទេសចំនួន ៣២ នៃសម្ព័ន្ធភាពការពារជាតិរបស់អង្គការណាតូ កំពុងជួបប្រជុំគ្នានៅទីក្រុងប្រាក (Prague) សាធារណរដ្ឋឆេក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីបញ្ហានេះ ក្នុងចំណោមប្រទេសដទៃទៀត។រហូតមកដល់ពេលនេះ សព្វាវុធរបស់លោកខាងលិច ត្រូវបានគេផ្តោតជាចម្បងទៅលើទីតាំងឈរជើងរបស់រុស្ស៊ី នៅក្នុងតំបន់មួយចំនួននៃប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយកងកម្លាំងរបស់ទីក្រុងមូស្គូ។នៅទីក្រុងវីយែន អ្នកការទូតរុស្ស៊ីលោក Konstantin Gavrilov បានព្រមានលោកខាងលិចប្រឆាំងនឹងការឆ្លងកាត់ «បន្ទាត់ក្រហម» ដោយនិយាយថា ទីក្រុងមូស្គូ មានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាន បើទោះបីជាក្នុងករណីនៃការវាយប្រហារដោយអាវុធធម្មតាក៏ដោយ។

សមាជិកគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល កំពុងព្យាយាមដើម្បីរំលាយរដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ

2024/05/31 01:46:03 pm        103
សមាជិកគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានព្យាយាមរំលាយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីទម្លាក់នាយករដ្ឋមន្រ្តី ពីតំណែង។គណបក្សរួបរួមជាតិរបស់លោក Benny Gantz បានដាក់សេចក្តីព្រាងច្បាប់មួយ ដើម្បីរំលាយសភា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានលើកឡើងពី«គ្រោះមហន្តរាយ»នៃថ្ងៃទី៧ ខែតុលា។ លោកបានបន្ថែមថា តម្រូវការ «ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តរបស់ប្រជាជន និងដើម្បីបង្កើតរដ្ឋាភិបាលឯកភាពដ៏ធំទូលាយមួយ ដែលអាចដឹកនាំដោយសុវត្ថិភាព នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមធំៗ នៅក្នុងសន្តិសុខ សេដ្ឋកិច្ច និងក្នុងសង្គមអ៊ីស្រាអែល» បន្ទាប់ពីការលុកលុយរបស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សចំនួន១.២០០នាក់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានដាក់ជូនដោយគណបក្សប្រឆាំងផ្សេងទៀតរបស់អ៊ីស្រាអែល ដែលមានន័យថា វាអាចនាំឲ្យមានការបោះឆ្នោតភ្លាមៗ។ពាក្យស្នើសុំនេះ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក Gantz បាននិយាយថា លោកនឹងមិនគាំទ្រការបន្តសង្រ្គាមរបស់លោក ណេតាន់យ៉ាហ៊ូនៅ ក្នុងតំបន់ហ្កាហ្សា ដោយគ្មានផែនការក្រោយសង្គ្រាមនោះទេ។ មានការតវ៉ាទ្រង់ទ្រាយធំប្រចាំសប្តាហ៍ នៅទូទាំងប្រទេសអ៊ីស្រាអែល ដែលទាមទារឲ្យនាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសនេះ គឺលោក ណេតាន់យ៉ាហ៊ូ លាលែងពីតំណែង។

អេហ្ស៊ីប ព្រមានឆ្លើយតប បន្ទាប់ពីអ៊ីស្រាអែល គ្រប់គ្រងច្រករបៀង Philadelphia

2024/05/31 01:35:11 pm        159
ប្រទេសអេហ្ស៊ីប បានព្រមានថា ខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបផ្នែកយោធា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានកាន់កាប់តំបន់ទ្រនាប់មួយ នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយតំបន់ហ្កាហ្សាស្ទ្រីប។លោក Daniel Hagari អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានទទួលការគ្រប់គ្រង «ប្រតិបត្តិការ» លើ «ច្រករបៀង Philadelphia» ដោយប្រើឈ្មោះកូដរបស់យោធា អ៊ីស្រាអែលសម្រាប់ច្រករបៀងមានប្រវែង ១៤គីឡូម៉ែត្រ (៩ម៉ាយ) នៅតាមបណ្តោយព្រំដែនតែមួយគត់របស់តំបន់ហ្កាហ្សាស្ទ្រីបជាមួយអេហ្ស៊ីប។លោក Hagari បានអះអាងថា៖«ច្រករបៀង Philadelphi បានបម្រើការជាខ្សែអុកស៊ីហ្ស៊ែនសម្រាប់ក្រុមហាម៉ាស ដែលវាប្រើជាប្រចាំ ដើម្បីរត់ពន្ធអាវុធចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប»។ ហាម៉ាស គឺជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនគ្រប់គ្រងទឹកដីដែលត្រូវបានឡោមព័ទ្ធនេះ។លោក Hagari មិនបានបញ្ជាក់ពីអ្វីដែលការគ្រប់គ្រង «ប្រតិបត្តិការ»សំដៅទៅលើនោះទេ ប៉ុន្តែ មុននេះ មន្ត្រីយោធាអ៊ីស្រាអែលម្នាក់ បាននិយាយថា មាន «ស្បែកជើងកវែងរបស់អ៊ីស្រាអែល» នៅតាមផ្នែកខ្លះនៃច្រករបៀងនេះ។ព្រំដែនជាមួយអេហ្ស៊ីបនៅជាយខាងត្បូង គឺជាព្រំដែនដីតែមួយគត់របស់តំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល មិនបានគ្រប់គ្រងដោយផ្ទាល់ទេ។

រុស្ស៊ី៖ ខ្លួនអាចចាត់វិធានការទប់ស្កាត់នុយក្លេអ៊ែរបន្ថែម បើអាមេរិកដាក់ពង្រាយមីស៊ីលនៅអឺរ៉ុប និងអាស៊ី

2024/05/31 12:22:27 pm        172
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ហ្សើហ្គេឡារ៉ូហ្វ (Sergei Lavrov) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ក្នុងបទសម្ភាសន៍មួយថា រុស្ស៊ីអាចនឹងចាត់វិធានការបន្ថែមទៀតនៅក្នុងតំបន់នៃការទប់ស្កាត់ដោយនុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងជិត នៅអឺរ៉ុប និងអាស៊ី។ សារព័ត៌មាន RIA បានសំដៅទៅលើផែនការរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីខែមេសា ដើម្បីដាក់ពង្រាយមីស៊ីលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឆ្លើយតបទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថា មានការកើនឡើងនៃកម្លាំងយោធារបស់ចិន។ ការដាក់ពង្រាយបែបនេះ នឹងត្រូវបានហាមប្រាមនៅក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមឆ្នាំ ១៩៨៧ ជាមួយរុស្ស៊ី ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញជាផ្លូវការនៅឆ្នាំ២០១៩ បន្ទាប់ពីបាននិយាយថាទីក្រុងមូស្គូបានបំពានលើកិច្ចព្រមព្រៀងនេះ ជាការចោទប្រកាន់ដែលវិមានក្រឹមឡាំងបានច្រានចោល។ ទីក្រុងមូស្គូបានព្រមានជាយូរមកហើយថា ខ្លួននឹងលុបចោលការផ្អាកដែលខ្លួនបានស្នើឡើង បន្ទាប់ពីសន្ធិសញ្ញានេះត្រូវបានលុបចោលលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លី និងមធ្យម ប្រសិនបើក្រុងវ៉ាស៊ីនតោនបន្តផែនការដាក់ពង្រាយមីស៊ីល បែបនេះនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។លោក Lavrov បានប្រាប់សារព័ត៌មាន RIA ថា រុស្ស៊ីអាចចាត់វិធានការផ្សេងទៀតផងដែរ។ប្រមុខការទូតរុស្ស៊ី រូបនេះ បាននិយាយថា យើងមិនច្រានចោលនូវជំហានបន្ថែម ក្នុងទប់ស្កាត់ដោយនុយក្លេអ៊ែរទេ ព្រោះមជ្ឈមណ្ឌលបញ្ជា និងទីតាំងនៃកងកម្លាំងនុយក្លេអ៊ែររបស់យើងនឹងស្ថិតនៅក្នុងជួរនៃមីស៊ីលឆ្ពោះទៅសហរដ្ឋអាមេរិក៕

លោក Trump រិះគន់ខ្លាំងៗចំពោះសាលក្រមថាជា «ការអាម៉ាស់» បន្ទាប់ពីការជម្រះក្តីបទព្រហ្មទណ្ឌ

2024/05/31 11:53:28 am        180
អតីតប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ខ្លាំងៗចំពោះការជម្រះក្តី របស់លោកលើបទព្រហ្មទណ្ឌរដ្ឋចំនួន៣៤ករណី នៅក្នុងករណី«ផ្តល់លុយបំបិទមាត់» នៅទីក្រុងញូវយ៉ក ដោយហៅសាលក្រមនេះថាជា«ការអាម៉ាស់»ហើយបានប្តេជ្ញាថានឹង «តស៊ូរហូតដល់ទីបញ្ចប់»។ អតីតប្រធានាធិបតីរូបនេះ បានរិះគន់ខ្លាំងៗ ចំពោះករណីនាំមកចោទប្រកាន់លើលោក ដោយលោក អាល់វីន ប្រាក(Alvin Bragg) មេធាវីប្រចាំតំបន់ Manhattan ដោយអះអាងថា ការកាត់ទោសនេះ មានហេតុផលនយោបាយ និងរៀបចំឡើងដើម្បីបំផ្លាញបេក្ខភាពរបស់លោកសម្រាប់ដណ្តើមយកសេតវិមាន។ លោក Trump បានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកគឺជា «មនុស្សស្លូតត្រង់បំផុត»។លោកនិយាយថា «លោកនឹងតស៊ូរហូតដល់ទីបំផុត» ជាការបង្ហាញថាលោកនឹងបន្តការប្តឹងឧទ្ធរណ៍។ គណៈវិនិច្ឆ័យ នៅទីក្រុងញូវយ៉កចំនួន១២រូប បានឈានដល់សាលក្រមរបស់ខ្លួន បន្ទាប់ពីការពិភាក្សារយៈពេលពីរថ្ងៃ ក្រោយការជម្រះក្តីដែលមានរយៈពេល៦សប្តាហ៍ ដោយបានរកឃើញថាលោកTrump បានបំពានច្បាប់ដោយការក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ទៅឲ្យតារាភាពយន្តអាសអាភាស នាង ស្តមី ដេនញែល(Stormy Daniels) នៅក្នុងពេលដំណើរការនៃការបោះឆ្នោតកាលពីឆ្នាំ ២០១៦។ សេចក្តីសម្រេចនេះ គឺជាប្រវត្តិសាស្ត្រមួយដែលធ្វើឱ្យ លោក Trump ក្លាយជាអតីតប្រធានាធិបតីដំបូងគេ ដែលត្រូវបានជម្រះក្តីពីបទព្រហ្មទណ្ឌ។លោកTrump នឹងត្រូវកាត់ទោសនៅថ្ងៃទី ១១ ខែកក្កដា ប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមសន្និបាតរបស់គណបក្សសាធារណរដ្ឋ ដែលលោក ត្រូវបានគេរំពឹងថានឹងទទួលបានការតែងតាំងជាផ្លូវការពីគណបក្សសម្រាប់តំណែងប្រធានាធិបតី។ លោក Trump ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខជាមួយលោក Biden ក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខ ។អតីតប្រធានាធិបតីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា សាលក្រមពិតប្រាកដ នឹងមាននៅថ្ងៃទី ៥ ខែវិច្ឆិកា ធ្វើឡើងដោយប្រជាជន ហើយពួកគេដឹងពីអ្វីដែលបានកើតឡើងនៅទីនេះ។

ចិន ផ្អាកសម្បទានពន្ធលើទំនិញជាង ១៣០ មុខ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មកោះតៃវ៉ាន់

2024/05/31 11:43:58 am        124
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រ (៣១ ឧសភា) នេះថា ខ្លួននឹងផ្អាកសម្បទានពន្ធដែលផ្តល់ឱ្យកោះតៃវ៉ាន់ លើទំនិញចំនួន ១៣៤ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយនិយាយថាទីក្រុងតៃប៉ិ បានបរាជ័យក្នុងការចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីដកការរឹតបន្តឹងពាណិជ្ជកម្មនៅលើចិនដីគោក។កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងច្រកសមុទ្រ (ECFA) រវាងចិន និងកោះតៃវ៉ាន់ ត្រូវបានចុះហត្ថលេខាដំបូងក្នុងឆ្នាំ២០១០។ ប្រទេសចិន ក្នុងខែធ្នូ បានផ្អាកសម្បទានពន្ធសម្រាប់ផលិតផលមួយចំនួនប៉ុណ្ណោះក្រោមកិច្ចព្រមព្រៀង ECFA នេះ ប៉ុន្តែក្រសួងហិរញ្ញវត្ថុបាននិយាយថា កោះនេះមិនទាន់បានដោះស្រាយលើការរឹតបន្តឹងពាណិជ្ជកម្មរបស់ខ្លួនឡើយ។ក្រសួងហិរញ្ញវត្ថុបាននិយាយថា «តំបន់តៃវ៉ាន់ បានអនុម័តជាឯកតោភាគីនូវវិធានការរើសអើង ដូចជាការហាមឃាត់ និងរឹតបន្តឹងការនាំចេញផលិតផលចិនដីគោក ដែលបំពានលើបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង»។ ក្រសួងបានបន្ថែមថា ការផ្អាកសម្បទានពន្ធនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ ហើយនឹងអនុវត្តចំពោះផលិតផលដែលនាំចូលពីកោះតៃវ៉ាន់ រួមទាំងផលិតផលចម្រាញ់ប្រេងផងដែរ៕

កូរ៉េខាងជើង៖ មីស៊ីល ១៨ គ្រាប់ដែលបានបាញ់នោះ ជាការព្រមានដល់កូរ៉េខាងត្បូង

2024/05/31 11:36:02 am        154
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (៣១ ឧសភា) នេះថា ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ១៨ គ្រាប់ក្នុងអំឡុងពេលសមយុទ្ធ ដែលជាការបង្ហាញអំពីឆន្ទៈរបស់ខ្លួនក្នុងការបើកការវាយប្រហារជាមុនប្រឆាំងនឹង «របបជនអន្ធពាល» របស់កូរ៉េខាងត្បូង ប្រសិនបើចាំបាច់ដើម្បីប្រឆាំងនឹងការវាយប្រហារ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានដឹកនាំសមយុទ្ធបាញ់គ្រាប់រ៉ូកែតទំហំ ៦០០ មីលីម៉ែត្រ «ដ៏ធំអស្ចារ្យ» កាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍នេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីយ៉ាងហោចណាស់ ១០ គ្រាប់ ដែលកូរ៉េខាងជើងបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ហើយបានហៅវាថាជាលទ្ធភាពនៃការបង្ហាញពីសមត្ថភាពអាវុធដល់អ្នកទិញ រួមទាំងរុស្ស៊ី ផងដែរ។របាយការណ៍ KCNA បានបន្ថែមថា លោក គីម បានជំរុញឱ្យមានការត្រៀមខ្លួនដោយកម្លាំងនុយក្លេអ៊ែរដើម្បីអនុវត្តបេសកកម្មទប់ស្កាត់សង្គ្រាម ក៏ដូចជាការផ្តួចផ្តើមគំនិតក្នុងករណីមានសង្គ្រាម។ ការបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលិស្ទិកនេះត្រូវបានថ្កោលទោសដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ថាជាទង្វើមិនប្រុងប្រយ័ត្ន និងរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា
06/09/2025 08:06 PM
អ្នកនាំពាក្យ៖ PLA មានទំនុកចិត្តយកឈ្នះចលនាផ្តាច់ខ្លួនរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ
06/09/2025 08:06 PM
ទីក្រុងមូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន ដោះដូរក្រុមអ្នកទោសសង្រ្គាមវ័យក្មេង
06/09/2025 07:06 PM
ប្រធានាធិបតីថ្មីរបស់ប៉ូឡូញសង្ឃឹមថា មានទំនាក់ទំនងល្អជាមួយមេដឹកនាំហុងគ្រីលោក Orban
06/09/2025 07:06 PM
សមាជិកនាវិក ៤នាក់ បាត់ខ្លួន ក្រោយមានអគ្គិភ័យឆេះនៅលើនាវា ម្ដុំឆ្នេររបស់ឥណ្ឌា
06/09/2025 07:06 PM
វិមានក្រឹមឡាំង៖ គម្រោងការពារដែនអាកាសរបស់ណាតូ គឺជាការបង្កហេតុ ហើយបង់ពន្ធអឺរ៉ុប នឹងខាតបង់ខ្លាំង
06/09/2025 07:06 PM
កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
06/09/2025 06:06 PM
រដ្ឋនានា ថ្កោលទោសការស្ទាក់ចាប់របស់អ៊ីស្រាអែល ចំពោះនាវាផ្ដល់ជំនួយឆ្ពោះទៅតំបន់ហ្កាហ្សា
06/09/2025 06:06 PM
សមាជិកក្រុមហេសបូឡា ត្រូវបានសម្លាប់ និងជនស៊ីវិល ៣នាក់ រងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/09/2025 06:06 PM
អ៊ីរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អាមេរិក ក្នុងការដាក់ទណ្ឌកម្មចៅក្រមតុលាការICC
06/09/2025 06:06 PM