មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងការងារ៖ ក្រុមហ៊ុនធំៗ៥ ផ្តល់ឱកាសការងារជាង៣០០កន្លែង នៅថ្ងៃស្អែកនេះ

2024/06/05 11:54:25 am        227
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមហ៊ុនហ៊ុនធំៗក្នុងស្រុកចំនួន៥នឹងផ្តល់ឱកាសការងាររហូតជាង ៣០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)ដែលមានទីតាំងក្នុងបរិវេណទីស្តីការក្រសួង។ ក្រុមហ៊ុនធំៗទាំង៥នោះរួមមាន ធនាគារឯកទេសអ៉ីអន, ធនាគារជីបម៉ុង, ក្រុមហ៊ុនធានារ៉ាប់រង Manulife, ណាហ្គាវើល៍ និងក្រុមហ៊ុន សូគីមិច ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់ក្រសួង។ បន្ថែមពីនេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចទាក់ទងមជ្ឈម ណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)សម្រាប់ព័ត៌មានបន្ថែម៕

ប្រមុខកងទ័ពអះអាងថា អ៊ីស្រាអែលជិតឈានដល់សម្រេចចិត្តលើការវាយលុក នៅព្រំដែនលីបង់

2024/06/05 11:45:40 am        239
អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយលុកនៅតាមបណ្តោយព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់ ហើយជិតឈានដល់ការសម្រេចចិត្តមួយ ខណៈដែលចលនាហេសបូឡា បាននិយាយថា ខ្លួនមិនស្វែងរកការពង្រីកជម្លោះនោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រយុទ្ធនឹងសង្គ្រាមណាមួយដែលកើតឡើងចំពោះខ្លួន។ជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ដែលបានប្រយុទ្ធគ្នាស្របទៅនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា កាន់តែតានតឹង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបន្ថែមក្តីបារម្ភថា ការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយអាចផ្ទុះឡើងរវាងសត្រូវប្រដាប់អាវុធយ៉ាងខ្លាំងក្លា។អគ្គសេនាធិការយោធាអ៊ីស្រាអែល លោក Herzi Halevi បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានទៅការវាយលុក នៅភាគខាងជើង។លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានកត់ត្រាថា៖«យើងត្រូវបានរៀបចំ បន្ទាប់ពីដំណើរការដ៏ល្អនៃការបណ្តុះបណ្តាលរហូតដល់កម្រិតនៃការងារអគ្គសេនាធិការ ដើម្បីឈានទៅការវាយលុក នៅភាគខាងជើង»។«យើងកំពុងឈានដល់ចំណុចសម្រេចចិត្តមួយ»។អរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គឺជារឿងដ៏អាក្រក់បំផុតរបស់ពួកគេ ចាប់តាំងពីពួកគេ បានធ្វើសង្រ្គាម ក្នុងឆ្នាំ ២០០៦ ហើយប្រជាជនរាប់ម៉ឺននាក់ នៅសងខាងព្រំដែន ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Modi និងសម្ព័ន្ធមិត្ត នឹងជួបប្រជុំគ្នាលើការបង្កើតរដ្ឋាភិបាល បន្ទាប់ពីឈ្នះឆ្នោត

2024/06/05 11:41:39 am        210
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) គ្រោងនឹងជួបសម្ព័ន្ធមិត្តនៅថ្ងៃពុធ (០៥ មិថុនា) នេះដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាល រយៈពេលមួយថ្ងៃបន្ទាប់ពីគណបក្សជាតិនិយមហិណ្ឌូរបស់លោក បានឈ្នះដោយសំឡេងភាគច្រើនស្ដួចស្ដើងនៅក្នុងសភា នៅក្នុងលទ្ធផលបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។គណបក្ស បារ៉ាទីយ៉ា ចាណាតា (BJP) របស់លោក ម៉ូឌី ទទួលបានអាសនៈចំនួន ២៤០ នៅក្នុងការបោះឆ្នោតសកល ដោយខ្វះចំនួន ៣២ អាសនៈដែលត្រូវការនៅក្នុងសភាជាន់ទាបសមាជិកចំនួន ៥៤៣ អាសនៈ ដែលធ្វើសេចក្តីសម្រេច នេះបើយោងតាមលទ្ធផលផ្លូវការដែលបានប្រកាសកាលពីល្ងាចថ្ងៃអង្គារ។លទ្ធផលនេះធ្វើឱ្យអ្នកវិនិយោគមិនសប្បាយចិត្ត ដោយភាគហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ពីព្រោះលោក ម៉ូឌី នឹងត្រូវពឹងផ្អែកលើគណបក្សក្នុងតំបន់ផ្សេងៗទៀត ដែលភាពស្មោះត្រង់ខាងនយោបាយបានធ្លាក់ចុះអស់ជាច្រើនឆ្នាំ។ សម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដឹកនាំដោយគណបក្ស BJP របស់លោក ម៉ូឌី ទទួលបាន ២៩៣ អាសនៈ ច្រើនជាងចំនួន ២៧២ អាសនៈដែលត្រូវការ ដើម្បីបង្កើតរដ្ឋាភិបាល។សម្ព័ន្ធបក្សប្រឆាំងរបស់ឥណ្ឌា ក៏ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅថ្ងៃពុធ នេះនៅទីក្រុងញូវដេលី និងពិភាក្សាអំពីដំណើរនៃសកម្មភាពបន្ទាប់ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងណាមួយនៅក្នុងការបង្កើតរដ្ឋាភិបាលដោយក្រុមប្រឆាំង ទំនងជាត្រូវបានរារាំងដោយសម្ព័ន្ធមិត្តសំខាន់ពីររបស់បក្ស BJP ដែលគាំទ្រលោក ម៉ូឌី៕

ឯកឧត្តម ចាយ បូរិន បើកយុទ្ធនាការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ក្នុងក្របខណ្ឌក្រសួងធម្មការនិងសាសនា

2024/06/05 11:22:52 am        223
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបើកយុទ្ធនាការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដោយមានការសហការពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំធ្វើតេស្ត រកសារធាតុញៀន ក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ។ឯកឧត្តម ចាយ បូរិន បានថ្លែងថា ការធ្វើតេស្តរកសារធាតុញៀននេះ ធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីជាគំរូដល់មន្ត្រីរាជការដទៃទៀត ឯកឧត្តម រដ្ឋមន្រ្តី បានធ្វើតេស្តស្វែងរកសារធាតុញៀន និងបន្តដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអគ្គនាយកដ្ឋានជំនាញ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទទួលបានលទ្ធផលល្អទាំងអស់គ្នា។តាមរយៈរបាយការណ៍លើកឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិមួយ ចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ចសន្យា សរុបបានចំនួន ៥៦ ៤៤៥ រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹកមូត្រ ចំនួន ៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ដោយឡែកសម្រាប់ ការធ្វើតេស្តរហ័សរកសារធាតុញៀន ក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនានេះ មានការអញ្ជើញចូលរួមធ្វើតេស្តរកសារធាតុញៀនដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ សរុបចំនួន ៤៦០នាក់ ក្នុងនោះស្រ្តី៩៤នាក់ ជាលទ្ធផលពុំមានថ្នាក់ដឹកនាំ ឬមន្ត្រីណាម្នាក់មានពាក់ព័ន្ធសារធាតុញៀនខុសច្បាប់ឡើយ។ យុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែមសហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព,ណែនាំដល់សាម៉ីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕អត្ថបទ រដ្ឋា

លោក Biden បញ្ជាឱ្យទប់ស្កាត់ជនអន្តោប្រវេសន៍ដើម្បី ទទួលបានការគ្រប់គ្រងព្រំដែនម៉ិកស៊ិក

2024/06/05 10:55:51 am        202
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា លោក បានបញ្ជាឱ្យពិនិត្យមើលការទប់ស្កាត់ជនអន្តោប្រវសេន៍ ដើម្បីទទួលបានការគ្រប់គ្រងព្រំដែន អាមេរិក-ម៉ិកស៊ិក ក្នុងគោលបំណងដើម្បីទប់ទល់ចំណុចខ្សោយផ្នែកនយោបាយរបស់លោក នៅក្នុងការបោះឆ្នោតថ្មីដែលត្រូវប្រឈមជាមួយលោក Donald Trump ។បទបញ្ជាប្រតិបត្តិ ដែលរង់ចាំជាយូរមក របស់គណបក្សប្រជាធិបតេយ្យ បានហាមប្រាមជនអន្តោប្រវេសន៍ដែលចូលមកក្នុងប្រទេសដោយខុសច្បាប់ មិនឲ្យទទួលបានសិទ្ធិជ្រកកោន ខណៈចំនួនបានកើនឡើងលើសពី ២.៥០០នាក់ ក្នុងមួយថ្ងៃ ព្រមទាំងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការនិរទេសពួកគេត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ។លោក Biden បាននិយាយនៅក្នុងសុន្ទរកថាខ្លីមួយនៅសេតវិមានថា លោកបានមកទីនេះ ដើម្បីធ្វើអ្វីដែលគណបក្សសាធារណរដ្ឋនៅក្នុងសភា បដិសេធមិនធ្វើ ដោយចាត់វិធានការចាំបាច់ដើម្បីធានាបាននៅព្រំដែនរបស់យើង។ ក្រុមមន្ត្រី បាននិយាយថា ការទប់ស្កាត់ថ្មីដ៏តឹងរ៉ឹង គួរតែចាប់ផ្តើមភ្លាមៗ នៅពេលបទបញ្ជាចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ដោយសារចំនួនមនុស្សឆ្លងកាត់ គ្មានឯកសារត្រឹមត្រូវ គឺលើសពីកម្រិតកំណត់រួចទៅហើយ។អ្នកស្វែងរកសិទ្ធិជ្រកកោន នឹងត្រូវបានអនុញ្ញាតឱ្យចូលម្តងទៀត នៅពេលដែលចំនួនប្រចាំថ្ងៃធ្លាក់ចុះដល់ ១.៥០០នាក់ ។ លោក Biden បានរិះគន់លោក Trump ខ្លាំងៗ និងគណបក្សសាធារណរដ្ឋ ចំពោះអ្វីដែលលោកហៅថា «ចំណាត់ការនយោបាយ ដ៏ឃោរឃៅបំផុត» ដែលពុំមានការសហការជាមួយលោក និងរារាំងការផ្តល់មូលនិធិរាប់ពាន់លានដុល្លារសម្រាប់ព្រំដែន។

ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/06/05 10:47:05 am        199
ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកជំទាវ មីឡេណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ទទួលភ្ញៀវរបស់ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

អ្នកបំបែកខ្លួនកាន់សាសនាស៊ីក(Sikh)ដែលជាប់ពន្ធនាគារ ឈ្នះអាសនៈក្នុងការបោះឆ្នោតឥណ្ឌា

2024/06/05 10:37:31 am        217
មេដឹកនាំបំបែកខ្លួនកាន់សាសនាស៊ីក (Sikh) កំពុងជាប់ក្នុងពន្ធនាគារ លោក អាំរីតផាល់ស៊ីញ (Amritpal Singh) ដែលបានប្រកួតប្រជែងការបោះឆ្នោតសកលរបស់ប្រទេសឥណ្ឌាពីពន្ធនាគារ និងទទួលបានការគាំទ្រគួរសមដែរនោះ បានឈ្នះអាសនៈ១ពីរដ្ឋ ពុនចាប (Punjab)ភាគខាងជើង ដោយទទួលបានសំឡេងគាំទ្រ ១.៩៧.១២០ សំឡេង ជាអ្វីដែលអាចក្លាយជាការព្រួយបារម្ភសម្រាប់ទីក្រុង New Delhi ដែលបានព្យាយាមលុបបំបាត់ការរស់ឡើងវិញនៃពួកសកម្មប្រយុទ្ធ កាន់សាសនាស៊ីក (Sikh) ។ លោក ស៊ីញ វ័យ៣១ ឆ្នាំ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារដែលមានការយាមកាមសន្តិសុខយ៉ាងតឹងរ៉ឹងក្នុងរដ្ឋ អាសាំ (Assam)ចម្ងាយជិត៣.០០០គីឡូម៉ែត្រ ពីមណ្ឌលបោះឆ្នោត កាដ័រ សាហ៊ីប (Khadoor Sahib) ក្នុងរដ្ឋ ពុនចាប (Punjab)ជាទីដែលភូមិ និងទីប្រជុំជននានា ត្រូវបានចងព្រោងព្រៀតដោយផ្ទាំងរូបភាពរបស់លោក ។លោកត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន និងដាក់ពន្ធនាគារក្រោមច្បាប់សន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីរូបលោក និងអ្នកគាំទ្ររាប់រយនាក់បានសម្រុកចូលប៉ុស្តិ៍នគរបាលប្រដាប់ដោយដាវ និងអាវុធ ទាមទារឱ្យដោះលែងជំនួយការម្នាក់របស់លោក។ ជាមួយគ្នានោះ ឪពុករបស់លោកស៊ីញ គឺ លោក តាសេម ស៊ីញ (Tarsem Singh) អាយុ៦១ ឆ្នាំបានថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រកូនប្រុសរបស់លោកកាលពីថ្ងៃអង្គារ ទី ៤ ខែមិថុនា ។ ក្រុមអ្នកកាន់សាសនាស៊ីក គឺជាសហគមន៍អ្នកកាន់សាសនាស៊ីកភាគច្រើននៅក្នុងរដ្ឋ ពុនចាប ប៉ុន្តែពួកគេមានត្រឹមតែ ២% នៃប្រជាជនឥណ្ឌា ១,៤ ពាន់លាននាក់។ ក្រុមសកម្មប្រយុទ្ធ កាន់សាសនា ស៊ីកបានចាប់ផ្តើមក្រោកប្រឆាំងដើម្បីមាតុភូមិឯករាជ្យមួយក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែការបះបោរត្រូវបានបង្ក្រាបយ៉ាងព្រៃផ្សៃ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ។ទោះបីជាយ៉ាងណាក៏ដោយ ការបំបែកខ្លួនរបស់ក្រុមអ្នកកាន់សាសនាស៊ីក បានធ្វើឱ្យក្លាយជាបញ្ហាជាសកលកាលពីឆ្នាំមុន ខណៈប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានចោទប្រកាន់ឥណ្ឌាថាបានជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតមេដឹកនាំកាន់សាសនាស៊ីក នៅក្នុងប្រទេសទាំងនោះ ជាការចោទប្រកាន់ដែលទីក្រុងញូវដែលីបានបដិសេធ៕

អ៊ុយក្រែន៖ ការបន្តប្រើអាវុធលោកខាងលិចដើម្បីវាយប្រហារ នឹងធ្វើឱ្យរុស្ស៊ី ចុះខ្សោយនៅជិតព្រំដែន

2024/06/05 10:34:20 am        242
លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា ការប្រើប្រាស់អាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី គឺជាការសម្រេចចិត្តដ៏សំខាន់ដែលនឹងប៉ះពាល់ដល់អាកាសចរណ៍យុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ និងសមត្ថភាពរបស់ខ្លួនក្នុងប្រតិបត្តិការនៅតំបន់ព្រំដែន។បន្ទាប់ពីមានសម្ពាធពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន សហរដ្ឋអាមេរិក បានយល់ព្រមកាលពីសប្តាហ៍មុនដើម្បីផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន និងអនុញ្ញាតឱ្យទីក្រុងគីវ វាយប្រហារខាងក្នុងប្រទេសរុស្ស៊ីដោយប្រើអាវុធរបស់លោកខាងលិច ដែលជាផ្នែកនៃយុទ្ធនាការរបស់ខ្លួនដើម្បីប្រឆាំងនឹងការវាយលុកពេញលេញរបស់រុស្ស៊ី។ទីក្រុងគីវ បាននិយាយថា ជំហាននេះនឹងជួយរុញច្រានការវាយរុលរបស់រុស្ស៊ី ឱ្យថយក្រោយ និងការពារទឹកដីបានកាន់តែល្អប្រសើរនៅក្នុងតំបន់ខាគីវ (Kharkiv) ភាគឦសាន។ អ៊ុយក្រែន បានកំណត់គោលដៅជាញឹកញាប់លើតំបន់កាន់កាប់ គ្រីម៉េ ( Crimea) ដែលរុស្ស៊ី បានដាក់បញ្ចូលក្នុងឆ្នាំ២០១៤ ដោយអាវុធផលិតដោយលោកខាងលិច។ប៉ុន្តែដោយសារសព្វាវុធ និងទាហាននៅសមរភូមិមានចំនួនតិចខ្លាំងពេកនោះ រដ្ឋធានីគីវ បានអង្វរករទីក្រុងវ៉ាស៊ីនតោន ឱ្យអនុញ្ញាតឱ្យុខ្លួនវាយលុកលើទឹកដីរុស្ស៊ី ដោយអាវុធផលិតដោយអាមេរិក ខណៈក្រុងមូស្គូ បានបើកសមរភូមិមុខថ្មីនៅតំបន់ខាគីវ ភាគឦសាន៕

UNOSAT៖ ជាងពាក់កណ្តាលនៃរចនាសម្ព័ន្ធនៅតំបន់ហ្កាហ្សា ត្រូវបានបំផ្លាញ ឬខូចខាត

2024/06/05 10:30:59 am        245
យោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ (UNOSAT) កាលពីថ្ងៃចន្ទ (០៣ មិថុនា) បានឱ្យដឹងថា ជាងពាក់កណ្តាលនៃរចនាសម្ព័ន្ធទាំងអស់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបំផ្លាញ ឬខូចខាត ចាប់តាំងពីជម្លោះបច្ចុប្បន្នរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុនមក។មជ្ឈមណ្ឌលផ្កាយរណប UNOSAT បាននិយាយនៅលើបណ្ដាញសង្គម X ដែលកាលពីមុនឈ្មោះ ធ្វីតធឺ (Twitter) ថា ពួកគេបានរកឃើញថាអគារជាង ១៣៧.០០០ ខ្នងនៅតំបន់ហ្កាហ្សា ត្រូវបានរងផលប៉ះពាល់នៅពេលប្រៀបធៀបរូបភាពផ្កាយរណបដែលបានថតនៅក្នុងខែឧសភា ឆ្នាំនេះ ជាមួយនឹងរូបភាពដែលបានថតនៅមុន និងក្រោយការផ្ទុះជម្លោះ។អង្គការនេះបន្ថែមថា រចនាសម្ព័ន្ធសរុបចំនួន ១៣៧.២៩៧ ទីតាំង ឬប្រហែល ៥៥ ភាគរយនៃចំនួនសរុបនៅក្នុងតំបន់ហ្កាហ្សា ត្រូវបានរងផលប៉ះពាល់។ ទីក្រុង ឌើ អាល់បាឡា (Deir Al-Balah) នៅភាគកណ្តាល និងទីក្រុងហ្កាហ្សា នៅភាគខាងជើង បានទទួលការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតរវាង ថ្ងៃទី០១ ខែមេសា និងថ្ងៃទី០៣ ឧសភា នេះបើតាមមជ្ឈមណ្ឌល UNOSAT ។ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា ការរកឃើញនេះនៅតែជាផ្នែកមួយនៃការវិភាគបឋមប៉ុណ្ណោះ ដែលមិនទាន់មានសុពលភាព។ អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា លោក ថ័រ វិននីសលែន (Tor Wennesland) បាននិយាយថា លោកបានចុះទៅពិនិត្យតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ និងបានមើលឃើញពីផលប៉ះពាល់ដ៏ធំធេងនឹកស្មានមិនដល់នៃជម្លោះដ៏បង្ហូរឈាមនេះ៕

អាមេរិក៖ សម្ព័ន្ធមិត្តកំពុងពន្លឿនលើការប្រើប្រាស់ទ្រព្យបង្កករុស្ស៊ី ដើម្បីជួយអ៊ុយក្រែន

2024/06/05 10:12:56 am        248
មន្ត្រីជាន់ខ្ពស់នៃរតនាគារអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា សហរដ្ឋអាមេរិក និងដៃគូ G7 របស់ខ្លួនកំពុងពន្លឿនលើការស្វែងរកមធ្យោបាយដើម្បីផ្តល់មូលនិធិដែលត្រូវការជាបន្ទាន់បន្ថែមទៀតដល់អ៊ុយក្រែន ពីការទាញយកប្រាក់ចំណេញដែលទទួលបានលើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី។លោក ប្រេនត៍ នៃមែន (Brent Neiman) ជំនួយការលេខាធិការហិរញ្ញវត្ថុអន្តរជាតិ បាននិយាយថា ការសម្រេចនាពេលថ្មីៗនេះរបស់សហភាពអឺរ៉ុប ក្នុងការប្រើប្រាស់លំហូរប្រចាំឆ្នាំនៃប្រាក់ចំណេញរកបានពីទ្រព្យសកម្មដែលត្រូវបង្កក អាចមានលទ្ធភាពផ្តល់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការវាយលុកយោធារបស់រុស្ស៊ី។លោក នៃមែន ដែលទើបត្រឡប់មកពីទស្សនកិច្ចនៅអ៊ុយក្រែននាពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិក និងដៃគូនៃក្រុមប្រទេសទាំងប្រាំពីរ G7 របស់ខ្លួនកំពុងជំរុញការពិភាក្សាអំពីមធ្យោបាយផ្តល់មូលនិធិកាន់តែច្រើនដល់អ៊ុយក្រែននៅពេលនេះ។ លោកបន្ថែមថា ការធ្វើដូច្នេះនឹងផ្តល់នូវការជំរុញសារពើពន្ធភ្លាមៗដល់អ៊ុយក្រែន និងជាសញ្ញាដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថាលោក «មិនអាចយកឈ្នះអ៊ុយក្រែន និងដៃគូរបស់ខ្លួនបានឡើយ»។សហរដ្ឋអាមេរិក បាននឹងកំពុងជំរុញដៃគូ G7 របស់ខ្លួនដូចជា អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ដើម្បីផ្ដល់ប្រាក់កម្ចីដែលគាំទ្រដោយប្រាក់ចំណូលពីទ្រព្យសម្បត្តិបង្កកនោះ ដោយអាចផ្តល់ឱ្យទីក្រុងគីវ នូវទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារក្នុងរយៈពេលខ្លី។ ប្រាក់កម្ចីនេះបានលេចចេញជាជម្រើសចម្បង ដោយសារប្រទេស G7 នៅតែមានការខ្វែងគំនិតលើការរឹបអូសទ្រព្យសម្បត្តិបង្កកទាំងស្រុងរបស់រុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM