មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ត្រីអ៊ីស្រាអែល៖ ការពណ៌នា​របស់លោក បៃដិន អំពីសំណើបទឈប់បាញ់ គឺមិនច្បាស់លាស់ទេ

2024/06/04 02:12:00 pm        150
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានប្រាប់សារព័ត៌មាន NBC News ថា ការពិណ៌នារបស់លោកប្រធានាធិបតី ចូ បៃដិន អំពីសំណើបទឈប់បាញ់របស់អ៊ីស្រាអែល គឺ «មិនច្បាស់លាស់ទេ ខណៈដែលការសង្ស័យ បានកើនឡើងកាលពីថ្ងៃចន្ទ ជុំវិញជំហររបស់សម្ព័ន្ធមិត្តអាមេរិក លើកិច្ចព្រមព្រៀងនេះ។លោក បៃដិន បាននិយាយនៅក្នុងសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃសុក្រថា លោកកំពុងគូសបញ្ជាក់អំពីសំណើបទឈប់បាញ់ ដែលធ្វើឡើងដោយអ៊ីស្រាអែល និងបានអនុម័តដោយអ្នកសម្របសម្រួលដល់ក្រុមហាម៉ាស។ប៉ុន្តែមន្ត្រីរូបនេះ បានចោទសួរអំពីការពិពណ៌នារបស់លោក បៃដិន អំពីសំណើបទឈប់បាញ់ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីទីក្រុងវ៉ាស៊ីនតោន និងក្រុមគ្រួសារនៃចំណាប់ថ្នូរនៅម្ខាង និងរដ្ឋមន្ត្រីស្តាំនិយមដែលគំរាមកំហែងទម្លាក់រដ្ឋាភិបាលរបស់ខ្លួន នៅម្ខាងទៀត បាននិយាយថា លោក បៃដិន បានដាក់ចេញតែផ្នែកខ្លះនៃសំណើរបស់ អ៊ីស្រាអែលប៉ុណ្ណោះ។មន្ត្រីរូបនេះ ពិតជាសង្ស័យថា អ៊ីស្រាអែល បានយល់ព្រមដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដែលជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ថ្នូរនៅសេសសល់ ប្រហែល ១២៥នាក់ ដែលកំពុងជាប់ឃុំនៅទីនោះ។មន្ត្រីដដែល បានអះអាងថា៖«អ៊ីស្រាអែល មិនបានផ្លាស់ប្តូរលក្ខខណ្ឌ ដើម្បីឈានដល់បទឈប់បាញ់ជា អចិន្ត្រៃយ៍ទេ។ វានឹងកើតឡើង បន្ទាប់ពីគោលដៅរបស់យើង ត្រូវបានសម្រេច រួមទាំងការបំផ្លាញសមត្ថភាពយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស»។

កងរក្សាសន្តិភាពនៅកុងហ្គោខាងកើត ការពារពលរដ្ឋ ១៥០.០០០នាក់ ដែលភៀសខ្លួនចេញពីការប្រយុទ្ធគ្នា

2024/06/04 01:58:58 pm        158
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងល្បាតដើម្បីការពារជនភៀសខ្លួនមួយចំនួនក្នុងចំណោមជនភៀសខ្លួន ១៥០.០០០ នាក់ ដែលភៀសខ្លួនចេញពីការប្រយុទ្ធគ្នា នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។លោក Farhan Haq អ្នកនាំពាក្យរង របស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC) បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំង និងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ កាលពីចុងសប្តាហ៍កន្លងទៅនេះ រវាងក្រុមប្រដាប់អាវុធ M23 និងកងកម្លាំងប្រដាប់អាវុធកុងហ្គោ នៅភាគខាងត្បូងក្រុង កានយ៉ាបាយ៉ុងហ្កា(Kanyabayonga) ក្នុងទឹកដីខេត្ត North Kivu។លោក Haq បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ការប្រយុទ្ធគ្នា បានបង្កឱ្យជនស៊ីវិលភៀសខ្លួនចេញពីលំនៅឋាន ឆ្ពោះទៅកាន់ តំបន់ផ្សេងៗជាច្រើន ដែលពួកគេគិតថាមានសុវត្ថិភាព។ ក្នុងការឆ្លើយតប កងរក្សាសន្តិភាព ដោយមានការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធកុងហ្គោ បានដាក់ពង្រាយការល្បាតជុំវិញក្រុង Kanyabayonga ដើម្បីជួយដល់បុរស ស្ត្រី និងកុមារមួយចំនួនក្នុងចំណោមជនភៀសខ្លួន១៥០.០០០នាក់ ដែលបានភៀសខ្លួនចេញពីការប្រយុទ្ធ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។លោកនិយាយថា ក្រុមល្បាតកំពុងផ្តល់ការថែទាំសុខភាព និងតាមអមប្រជាជនទៅកាន់តំបន់មានសុវត្ថិភាព ហើយក្រុមបេសកកម្ម កំពុងរក្សាវត្តមានរបស់ខ្លួននៅទីនោះ។

លោក ណេតាន់យ៉ាហ៊ូ អាចត្រូវបង្ខំចិត្តជ្រើសរើសរវាងការរក្សាអំណាចរដ្ឋាភិបាលរបស់ខ្លួន និងបទឈប់បាញ់

2024/06/04 01:49:27 pm        127
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) អាចនឹងបង្ខំចិត្តជ្រើសរើស៖យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស ឬរក្សារដ្ឋាភិបាលរបស់ខ្លួន ឲ្យបន្តកាន់អំណាច។ប៉ុន្តែនៅពេលដែលខ្លួនប្រឈមមុខនឹងជម្រើសនោះ លោក ណេតាន់យ៉ាហ៊ូ ក៏កំពុងស្វែងរកវិធី ដើម្បីជៀសវាងបញ្ហាទាំងនេះដែរ។អស់រយៈពេលជាច្រើនខែមកហើយ លោក ណេតាន់យ៉ាហ៊ូ បានធ្វើឲ្យមានតុល្យភាពយ៉ាងខ្ជាប់ខ្ជួននូវតម្រូវការប្រកួតប្រជែងទាំងនេះ ដោយបដិសេធមិនគិតពីបទឈប់បាញ់ជាអចិន្ត្រៃយ៍ ខណៈដែលលោក បានស្តីបន្ទោស «ការទាមទារដោយចេតនា» របស់ក្រុមហាម៉ាសចំពោះការបរាជ័យនៃការចរចាមុនៗ។ ប៉ុន្តែបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ជាសាធារណៈនូវសំណើបទឈប់បាញ់ចុងក្រោយរបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ ដែលជារឿងមួយដែលអាចនាំទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ ហើយដែលក្រុមហាម៉ាស អាចនឹងត្រៀមខ្លួនទទួលយក។ ចំណែឥឡូវនេះ លោក ណេតាន់យ៉ាហ៊ូ អស់ពេលវេលាហើយ។លោក Aviv Bushinsky អតីតទីប្រឹក្សារបស់លោក ណេតាន់យ៉ាហ៊ូ ដោយប្រើឈ្មោះហៅក្រៅរបស់លោកនាយករដ្ឋមន្ត្រី បាននិយាយថា៖«ខ្ញុំគិតថា Bibi ឥឡូវនេះ ឈានដល់ដំណាក់កាលទាល់ច្រកហើយ។ លោក បៃដិន «បង្ខំឲ្យ Bibi ដោះរបាំងមុខ ហើយនិយាយថា៖ «OK» ឥឡូវនេះ ជាពេលវេលាដ៏មានតម្លៃ ។ តើអ្នកពេញចិត្ត នឹងកិច្ចព្រមព្រៀងឬទេ?នៅពេលដែលអ៊ីស្រាអែល កំពុងរង់ចាំការឆ្លើយតបរបស់ក្រុមហាម៉ាសចំពោះសំណើចុងក្រោយនេះ រដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben Gvir និងសមាជិកស្តាំនិយមដទៃទៀតនៃរដ្ឋាភិបាលចម្រុះរបស់លោក ណេតាន់យ៉ាហ៊ូ កំពុងគំរាមកំហែងរួចហើយថា នឹងរុះរើរដ្ឋាភិបាល និងបណ្តាលឲ្យមានការដួលរលំ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ធ្វើតាមនោះ។

យានអវកាសចិន ហោះចេញពីផ្នែកឆ្ងាយរបស់ឋានព្រះចន្ទ នាំយកគំរូដំបូងមកផែនដីវិញ

2024/06/04 01:22:09 pm        154
យាន ឆាងអឺ-៦ (Chang'e-6) របស់ប្រទេសចិន បានហោះចេញពីផ្នែកឆ្ងាយនៃឋានព្រះចន្ទដោយនាំយកគំរូប្រមូលបាន ចាប់ផ្តើមធ្វើដំណើរត្រឡប់មកផែនដីវិញ ដែលនេះជាស្នាដៃមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររុករកឋានព្រះចន្ទរបស់មនុស្ស នេះបើតាមរដ្ឋបាលអវកាសជាតិរបស់ប្រទេសចិន (CNSA) បានប្រកាសនៅថ្ងៃអង្គារ (០៤ មិថុនា)។ការចាកចេញដោយជោគជ័យរបស់យាននេះពីឋានព្រះចន្ទមានន័យថា ប្រទេសចិន កាន់តែខិតជិតក្លាយជាប្រទេសដំបូងគេដែលនាំយកនូវគំរូពីផ្នែកឆ្ងាយព្រះចន្ទ ដែលបែរមុខទៅឆ្ងាយជាអចិន្ត្រៃយ៍ពីផែនដី។ យាន ដែលបានចាកចេញពីព្រះចន្ទនៅម៉ោង ៧:៣៨ នាទីព្រឹក (ម៉ោងក្នុងស្រុក) បានបញ្ចប់ដោយជោគជ័យនូវការប្រមូលគំរូរបស់ខ្លួនចាប់ពីថ្ងៃទី២-៣ ខែមិថុនា។រដ្ឋបាលអវកាសចិន CNSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យាន ឆាងអឺ-៦ «បានទប់ទល់នឹងការសាកល្បងនៃសីតុណ្ហភាពខ្ពស់នៅផ្នែកឆ្ងាយរបស់ព្រះចន្ទ»។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរ បានឱ្យដឹងថា យាននេះបានប្រើឧបករណ៍ខួង និងដៃយន្ត ដើម្បីជីកដីនៅលើ និងខាងក្រោមផ្ទៃព្រះចន្ទ។ រដ្ឋបាលអវកាសចិន CNSA បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា យានអវកាសនេះកំពុងស្ថិតនៅក្នុងគន្លងព្រះចន្ទ ហើយនឹងចូលរួមជាមួយយានអវកាសមួយផ្សេងទៀតនៅក្នុងគន្លងគោចរ។ គំរូទាំងនោះនឹងត្រូវបានផ្ទេរទៅកាន់យានម៉ូឌុល ដែលនឹងហោះហើរត្រឡប់មកផែនដីវិញ ជាមួយនឹងការចុះចតនៅក្នុងតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ប្រទេសចិន ដែលរំពឹងទុកនៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ៕

អនុប្រធានាធិបតីអាមេរិក នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស

2024/06/04 01:17:48 pm        69
អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) នឹងតំណាងឱ្យសហរដ្ឋអាមេរិក ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ដែលរៀបចំដោយប្រទេសស្វីស ក្នុងខែនេះស្តីពីសង្រ្គាមនៅអ៊ុយក្រែន ជាព្រឹត្តិការណ៍មួយដែលត្រូវបានផ្សព្វផ្សាយដោយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy)។សេតវិមានបាននិយាយកាលពីថ្ងៃចន្ទ (០៣ មិថុនា) ថា លោកស្រី ហារីស នឹងចូលរួមកិច្ចប្រជុំនៅទីក្រុង លូសើន (Lucerne) នៅថ្ងៃទី១៥ ខែមិថុនា ចំណែកលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) គ្រោងនឹងមានវត្តមាននៅក្នុងកម្មវិធីរៃអង្គាសថវិកានៅទីក្រុង ឡូសអែនជឺលេស (Los Angeles)។ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន គឺលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ក៏នឹងចូលរួមជាមួយលោកស្រី ហារីស ជាផ្នែកនៃគណៈប្រតិភូសហរដ្ឋអាមេរិក។លោក ហ៊្សេឡិនស្គី បានជំរុញយ៉ាងខ្លាំងដល់កិច្ចប្រជុំកំពូលនៅថ្ងៃទី១៥-១៦ មិថុនា ហើយបានលើកទឹកចិត្តមេដឹកនាំពិភពលោកឱ្យចូលរួម ដោយការិយាល័យរបស់លោកនិយាយថា ប្រទេស និងអង្គការអន្តរជាតិចំនួន ១០៧ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេ ខណៈលោកបានចោទប្រកាន់រុស្ស៊ី ដោយមានជំនួយពីប្រទេសចិន ក្នុងការព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រជុំនេះ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយថា កិច្ចប្រជុំកំពូលនេះនឹង «ឥតប្រយោជន៍ទាំងស្រុង» ដោយគ្មានការចូលរួមពីរុស្ស៊ី។ ទីក្រុងគីវ បានសម្រេចប្រឆាំងនឹងការអញ្ជើញរុស្ស៊ី ព្រោះខ្លួនមិនជឿទុកចិត្តលើទីក្រុងមូស្គូ ដែលការលុកលុយរបស់ពួកគេបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងបានបណ្តេញប្រជាជនរាប់លាននាក់បន្ថែមទៀតចេញពីប្រទេស ព្រមទាំងបំផ្លិចបំផ្លាញទីក្រុងនានារបស់អ៊ុយក្រែន៕

ឥណ្ឌាចាប់ផ្ដើមរាប់សន្លឹកឆ្នោត ក្នុងក្ដីរំពឹងថា លោកនាយករដ្ឋមន្ត្រី ម៉ូឌី នឹងជាប់អាណត្តិទី៣

2024/06/04 01:10:39 pm        56
ប្រទេសឥណ្ឌាបានចាប់ផ្តើមរាប់សន្លឹកឆ្នោតច្រើនជាង ៦៤០ លានសន្លឹក នៅថ្ងៃអង្គារនេះ នៅក្នុងសមយុទ្ធប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក ដែលត្រូវគេរំពឹងយ៉ាងទូលំទូលាយថានឹងប្រគល់ជ័យជម្នះទៅឲ្យលោកនាយករដ្ឋមន្រ្តី Narendra Modi បន្តក្ដោបអំណាចអាណត្តិទីបីបន្ទាប់ពីកាន់អំណាចមួយទសវត្សរ៍។ សម្ព័ន្ធដឹកនាំដោយគណបក្សBJP បានប្រជែងឈានឆ្ពោះទៅរកការនាំមុខក្នុងសំឡេង២៧២អាសនៈ គឺជាសំឡេងអប្បបរមា ដែលគេត្រូវការសំឡេងភាគច្រើនដាច់ខាតក្នុងចំណោមអាសនៈសភាជាន់ទាបចំនួន ៥៤៣ អាសនៈ។ ការបោះឆ្នោតរយៈពេល ៦ សប្តាហ៍ត្រូវគេមើលឃើញថាជាការបោះឆ្នោតប្រជាមតិលើលោក Modi ។ ប្រសិនបើបុរសវ័យ ៧៣ ឆ្នាំរូបនេះឈ្នះ វាគ្រាន់តែជាលើកទីពីរប៉ុណ្ណោះដែលមេដឹកនាំឥណ្ឌាបានរក្សាអំណាចសម្រាប់អាណត្តិទីបីបន្ទាប់ពីលោក Jawaharlal Nehru ដែលជានាយករដ្ឋមន្ត្រីដំបូងរបស់ប្រទេសនេះ ។ការស្ទង់មតិក្រោយការចាកចេញពីមណ្ឌលបោះឆ្នោត កាលពីថ្ងៃសៅរ៍ដោយប៉ុស្តិ៍ទូរទស្សន៍ធំ ៗ បានព្យាករណ៍ពីជ័យជម្នះដ៏ងាយស្រួលសម្រាប់គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata របស់ លោក Modi និងសម្ព័ន្ធមិត្តរបស់ខ្លួនលើសម្ព័ន្ធភាពប្រឆាំងដ៏ធំដែលដឹកនាំដោយគណបក្ស Congress និងមេដឹកនាំយុទ្ធនាការសំខាន់គឺ លោក Rahul Gandhi ។ ប៉ុស្តិ៍ទូរទស្សន៍ឥណ្ឌាមានកំណត់ត្រាចម្រុះកាលពីអតីតកាលក្នុងការទស្សន៍ទាយលទ្ធផលបោះឆ្នោត។យោងតាមទិន្នន័យផ្លូវការ មនុស្សជិត ៩៧០ លាននាក់ ច្រើនជាង ១០% នៃចំនួនប្រជាជនពិភពលោក មានសិទ្ធិបោះឆ្នោត។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ចំនួនអ្នកចូលរួមមាន ប្រហែល ៦៦% ជាមធ្យមនៅទូទាំងប្រាំពីរដំណាក់កាល៕

រុស្ស៊ី ដាក់បម្រាមមិនឲ្យចូលប្រទេស លើអ្នកនយោបាយ អ្នកសារព័ត៌មាន និងអ្នកជំនាញអង់គ្លេសមួយចំនួន

2024/06/04 12:02:57 pm        119
ក្រសួងការបរទេសរបស់ប្រទេស បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសរុស្សី បានចេញបម្រាមមិនឲ្យចូលទៅក្នុងប្រទេសនេះ ចំពោះអ្នកនយោបាយ អ្នកសារព័ត៌មាន និងអ្នកជំនាញមួយចំនួន មកពីអង់គ្លេស។ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងការឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់ចក្រភពអង់គ្លេស វាត្រូវបានគេសម្រេចដាក់បញ្ចូលអ្នកតំណាងមួយចំនួននៃស្ថាប័ននយោបាយ ស្ថាប័នសារព័ត៌មាន និងសហគមន៍អ្នកជំនាញរបស់ចក្រភពអង់គ្លេស ចូលទៅក្នុងបញ្ជីហាមឃាត់ការចូលទៅក្នុងប្រទេសរុស្ស៊ី។បម្រាមនេះ គឺដោយសារតែ ការអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ី របស់ទីក្រុងឡុងដ៍្រ ឬ ការរាយការណ៍ព្រឹត្តិការណ៍សង្គម-នយោបាយសំខាន់ៗ នៅក្នុងប្រទេសរុស្ស៊ីក្នុងផ្លូវអវិជ្ជមាន។ជាមួយគ្នានេះ ក្រសួងការបរទេសរុស្ស៊ី បានជំរុញឱ្យអង់គ្លេស ឈប់ផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។

ក្រុមប្រឹក្សាអន្តរកាលហៃទី តែងតាំងអតីតនាយករដ្ឋមន្ត្រីលោក Conille មកដឹកនាំប្រទេសម្ដងទៀត

2024/06/04 11:59:05 am        139
ក្រុមប្រឹក្សាអន្តរកាលរបស់ប្រទេសហៃទី បានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក ហ្ការី ខូនីល(Garry Conille) ដែលបានដឹកនាំប្រទេសក្នុងរយៈពេលខ្លីកាលពីមួយទសវត្សរ៍មុន ឲ្យត្រឡប់ទៅកាន់តួនាទីវិញ ខណៈប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ធ្វើការដើម្បីស្ដារស្ថិរភាព និងគ្រប់គ្រងឡើងវិញ ពីក្រុមជនអន្ធពាលហិង្សា។សមាជិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមប្រឹក្សាអន្តរកាល បានបោះឆ្នោត ដើម្បីតែងតាំង លោក Conille ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ ប្រវត្តិរូបសង្ខេបក្នុងការអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់ លោក Conille ដែលធ្វើការភាគច្រើនជាមួយអង្គការសហប្រជាជាតិ ត្រូវបានចាត់ទុកថា ជាគន្លឹះក្នុងការប្រមូលការគាំទ្រពីអន្តរជាតិ ខណៈប្រទេសហៃទី ចាប់ផ្តើមបេសកកម្មសន្តិសុខគាំទ្រដោយអង្គការសហប្រជាជាតិ ដឹកនាំដោយប្រទេសកេនយ៉ា ទោះបីជាការដាក់ពង្រាយកងកម្លាំងរបស់ខ្លួន បានប្រឈមទៅនឹងឧបសគ្គក៏ដោយ។លោក Conille បាននិយាយនៅលើបណ្តាញ X ថា លោកគិតថាមានកិត្តិយសខ្លាំង ដែលក្រុមប្រឹក្សាប្រធានាធិបតី បានជ្រើសរើសលោកជានាយករដ្ឋមន្ត្រីជាថ្មីរបស់ប្រទេសហៃទី។ក្រុមប្រឹក្សាអន្តរកាល ដែលកាន់អំណាចការងារប្រធានាធិបតីមួយចំនួន និងជាប្រធានក្រុមប្រឹក្សា លោក អ៊ីដហ្គាដ ឡេប្លង់(Edgard Leblanc) នៅពេលបច្ចុប្បន្ននេះ មានភារកិច្ចរៀបចំការបោះឆ្នោតនៅមុនថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ដូចបានចែង ក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសហៃទី។លោក Leblanc បាននិយាយនៅលើទំព័រ X ថា បន្ទាប់ពីការពិភាក្សានៅក្នុងក្រុមប្រឹក្សាអន្តរកាលក្រោយសវនាការជាមួយបេក្ខជនសម្រាប់នាយករដ្ឋមន្ត្រី បណ្ឌិត Garry Conille ត្រូវបានតែងតាំងជាឯកច្ឆន្ទ ដើម្បីដឹកនាំរដ្ឋាភិបាលក្នុងអំឡុងពេលអន្តរកាលនេះ។ការិយាល័យព័ត៌មានរបស់ប្រធានាធិបតី ក្រោយមក បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ក្រុមប្រឹក្សាអន្តរកាល រួមជាមួយនឹងនាយករដ្ឋមន្ត្រីថ្មី ពេលនេះនឹងឆ្ពោះទៅមុខជាមួយការជ្រើសរើសមនុស្ស សម្រាប់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មី។

ក្រុមប្រឹក្សាថ្មី ប្តេជ្ញាចិត្តជំរុញសេវាសាធារណៈ និងតម្រូវការរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ

2024/06/04 11:44:18 am        171
សមាជិកក្រុមប្រឹក្សាខណ្ឌ៧មករាដែលជាប់ក្នុងអាណត្តិទី៤ នៅរាជធានីភ្នំពេញ បាន​ប្តេជ្ញា​ចិត្ត​ជំរុញ​ការផ្តល់សេវាសាធារណៈ និងតម្រូវការរចាំបាច់របស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ស្របពេលថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើការប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ មាន​សមាជិកក្រុមប្រឹក្សាថ្មីរបស់ខណ្ឌ៧មករា ក្នុងរាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០២៤ថា ក្នុងនាមសមាជិកក្រុមប្រឹក្សាដែលទទួលបានសំឡេងគាំទ្រពីអ្នកបោះឆ្នោត បាន​បង្ហាញការពេញចិត្តចំពោះលទ្ធផលដែលរៀបចំដោយ គ.ជ.ប និងលើក​ឡើង​ពី​ការ​ត្រៀម​លក្ខណៈ​រួចរាល់​ក្នុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ឈរ​លើ​ស្មារតី​រួមគ្នាសំដៅបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ សមាជិកក្រុមប្រឹក្សាថ្មីបានលើកឡើងថា ក្នុងពេលទទួល​បាន​ការ​តែង​តាំង​ជាសមាជិក​ក្រុម​ប្រឹក្សា​នាពេល​ខាង​មុខ នឹងចូលរួមចំណែកដល់ការផ្តល់សេវាសាធារណៈ ការពារសន្តិសុខ​សុវត្ថិភាព​សង្គម និងឆ្លើយតប ហើយចូលរួមដោះស្រាយរាល់បញ្ហាទាំងឡាយដែលប្រជាពលរដ្ឋប្រឈម។សមាជិកក្រុមប្រឹក្សាអាណត្តិទី៤នេះ បានប្ដេជ្ញាថា ក្នុងពេលកាន់​តំណែងនឹ​ងចូល​រួម​ឱ្យ​បាន​គ្រប់​កិច្ច​ប្រជុំ​វិសាមញ្ញជាមួយរដ្ឋបាលខណ្ឌ និងវេទិកាសាធារណៈឱ្យបានញឹកញាប់ ដើម្បីស្តាប់ និង​ទទួល​រាល់​ការស្នើសុំ និងសំណើទាំងអស់របស់ប្រជាពលរដ្ឋឱ្យធានាបាននូវគុណប្រយោជន៍ សម្រា​ប់​មូលដ្ឋានប្រកបដោយទៅសុខដុមនីយកម្ម។ សូមជម្រាបថា ការប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ត្រូវបានរំកិល​មក​រៀប​ចំ​ប្រកាស​មុន​កាល​បរិច្ឆេទ​កំណត់​ដោយ​ប្តូរ​ពីថ្ងៃទី៨ ខែមិថុនា មកប្រកាសថ្ងៃទី៤ ខែមិថុនា បន្ទាប់ពី គ.ជ.ប បានដោះ​ស្រាយ​បណ្តឹង​រួច​រាល់ជូនគណបក្សនយោបាយដែលបានប្តឹងអំឡុងការបោះឆ្នោត។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី​៤​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ មានគណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​ចំនួន៥ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ខណៈអ្នកបោះឆ្នោតបានចូលរួមសរុបចំនួន ១១,៥៩៨ ស្មើ ៩៩,៧៩ ភាគរយ៕ អត្ថបទ សេក ឧត្តម 

ហ្វីលីពីន បដិសេធការចោទប្រកាន់របស់ចិន ដែលថាទាហានបានតម្រង់កាំភ្លើងដាក់ឆ្មាំល្បាតឆ្នេរចិន

2024/06/04 11:17:35 am        150
យោធាហ្វីលីពីន នៅថ្ងៃអង្គារ (០៤ មិថុនា) នេះ បានច្រានចោលការចោទប្រកាន់របស់ចិន ដែលថាទាហានឈរជើងលើនាវាចម្បាំងមានមូលដ្ឋាននៅដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ក្នុងសមុទ្រចិនខាងត្បូង បានប្រើកាំភ្លើងតម្រង់ទៅរកនាវាឆ្មាំល្បាតឆ្នេរចិន។អ្នកនាំពាក្យយោធា លោកស្រី ហ្វ្រង់សែល ម៉ាហ្ការ៉េត ផាឌីឡា (Francel Margareth Padilla) បានប្រាប់សន្និសីទសារព័ត៌មានមួយថា បុគ្គលិកហ្វីលីពីនត្រូវបានគ្រប់គ្រងដោយច្បាប់នៃការចូលរួម និងធ្វើសកម្មភាពយ៉ាងច្បាស់ជាមួយនឹងកម្រិតខ្ពស់បំផុតនៃវិជ្ជាជីវៈ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិកនៅលើនាវាហ្វីលីពីនបានតម្រង់កាំភ្លើងទៅកាន់ឆ្មាំល្បាតឆ្នេរចិន នៅក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូងកាលពីខែមុន។ ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ការលើកឡើងនាពេលថ្មីៗនេះរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) មានគោលបំណងពង្រីកជំហរខុសរបស់ហ្វីលីពីន លើបញ្ហាទាក់ទងនឹងសមុទ្រចិនខាងត្បូង និងចេតនាបំផ្លើស និងបំភ្លៃស្ថានភាពដែនសមុទ្រ។ការប្រឈមមុខដាក់គ្នារវាងហ្វីលីពីន និងចិន នៅសមុទ្រចិនខាងត្បូងកាន់តែតានតឹង និងញឹកញាប់ក្នុងអំឡុងឆ្នាំកន្លងទៅ រួមទាំងឧបត្តិហេតុដែលឆ្មាំល្បាតឆ្នេររបស់ចិន ប្រើកាណុងបាញ់ទឹកលើនាវាហ្វីលីពីន និងការចោទប្រកាន់ដោយទីក្រុងម៉ានីល ថាឆ្មាំល្បាតឆ្នេរចិន បានធ្វើឱ្យខូចខាតដល់នាវារបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM