BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

[UPDATE] លោក Donald Trump ត្រូវបានរកឃើញថា មានទោសគ្រប់ករណីទាំងអស់នៅឯសវនាការកាត់ក្តីករណីបង់ប្រាក់បំបិទមាត់

2024/05/31 08:10:20 am        295
លោក Donald Trump បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌកាលពីថ្ងៃព្រហស្បតិ៍ ៣០ ឧសភា នៅពេលគណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កបានរកឃើញថារូបលោកមានទោសពីបទក្លែងបន្លំឯកសារដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់តារាអាសអាភាសម្នាក់ គឺនាង Stormy Daniels នៅមុនការបោះឆ្នោតឆ្នាំ ២០១៦។លោក Trump វ័យ ៧៧ ឆ្នាំបានបដិសេធ ថាលោកពុំបានធ្វើខុសទេ ហើយគេរំពឹងថា លោកនឹងប្តឹងទៅឧទ្ធរណ៍បន្ថែមទៀត។បន្ទាប់ពីការជំនុំជម្រះក្ដីរយៈពេលពីរថ្ងៃ គណៈវិនិច្ឆ័យដែលមានសមាជិក ១២ រូប បានប្រកាសថាលោក Trump មានទោសលើសំណុំរឿងចំនួន៣៤ករណី ដែលបានប្រឈម។លោក Trump បានចោលក្រសែភ្នែកមើលទៅក្រុមចៅក្រមទាំងមិនសប្បាយចិត្ត នៅពេលពួកគេគ្រោងមូលមតិគ្នាបញ្ជាក់ពីសាលក្រមជាឯកច្ឆ័ន្ទ។ចៅក្រម លោក ជូនអាន ម៊ើឈិន (Juan Merchan) បានកំណត់ការផ្ដន្ទាទោសនៅថ្ងៃទី១១ កក្កដា ប៉ុន្មានថ្ងៃមុនគណបក្សសាធារណរដ្ឋត្រូវគេរំពឹងថានឹងតែងតាំងលោក Trump ជាបេក្ខភាពប្រធានាធិបតី មុនការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខនេះ។ លោក Trump ប្រឈមការផ្ទន្ទាទោសជាប់ពន្ធនាគារអតិបរមាចំនួន ៤ ឆ្នាំ ទោះបីជាអ្នកផ្សេងទៀតដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌនោះ ជារឿយៗបានទទួលទម្ងន់ទោសរយៈខ្លីជាងលោកTrump ការផាកពិន័យតិចជាង ឬការព្យួរទោសក៏ដោយ។ ការជាប់ឃុំនឹងមិនរារាំងរូបលោកពីការឃោសនាបោះឆ្នោត ឬចូលកាន់តំណែងនោះទេ ប្រសិនបើលោកឈ្នះឆ្នោត។ យ៉ាងណា អតីតប្រធានាធិបតីអាមេរិករូបនេះ នឹងមិនជាប់ពន្ធនាគារមុនការកាត់ទោសនោះទេ។លោកម៊ើឈិន បានថ្លែងអំណរគុណដល់គណៈវិនិច្ឆ័យសម្រាប់សេវាកម្មរបស់ពួកគេ ហើយប្រាប់ពួកគេថាពួកគេមានសេរីភាពក្នុងការនិយាយអំពីបទពិសោធន៍របស់ពួកគេនៅក្នុងគណៈវិនិច្ឆ័យ ប្រសិនបើពួកគេចង់បាន។ គ្មាននរណាម្នាក់អាចបញ្ជាឲ្យអ្នកធ្វើអ្វីដែលអ្នកមិនចង់ធ្វើនោះទេ។ ជម្រើសគឺជារបស់អ្នក។ សាលក្រមនេះបានទាញទម្លាក់សហរដ្ឋអាមេរិកចូលទៅក្នុងពិភពអាថ៌កំបាំងនៅមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកា នៅពេល លោក Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋព្យាយាមដណ្ដើមកៅអីសេតវិមានមកវិញពីលោកប្រធានាធិបតីប្រជាធិបតេយ្យ Joe Biden៕

ក្រុមហ៊ុនអវកាសឥណ្ឌា Agnikul បាញ់បង្ហោះយានឯកជនទីពីរ ក្នុងការសាកល្បងម៉ាស៊ីនថ្មី

2024/05/30 02:07:27 pm        57
ក្រុមហ៊ុនអវកាស អាំងនីគុល ខូស្មូ (Agnikul Cosmos) របស់ប្រទេសឥណ្ឌា បានបាញ់បង្ហោះយាន អាំងនីបាន (Agnibaan) របស់ខ្លួនជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នេះ ដំណើរការដោយម៉ាស៊ីនយានចម្លងឥណ្ឌាតែមួយគត់ដែលប្រើប្រាស់ទាំងឧស្ម័ន និងឥន្ធនៈរាវ នៅក្នុងការហោះហើរលើកទីពីររបស់ប្រទេសនៃយានដែលសាងសង់ដោយក្រុមហ៊ុនឯកជន។ការហោះហើរលើកដំបូងរបស់យាន អាំងនីបាន ត្រូវបានផ្អាកចំនួន ៤ ដងក្នុងរយៈពេល ២ ខែចុងក្រោយនេះ ដោយសារតែបញ្ហាបច្ចេកទេស។ ការលុបចោលចុងក្រោយបំផុត គឺកាលពីថ្ងៃអង្គារ នៅពេលដែលការបាញ់បង្ហោះត្រូវបានបញ្ឈប់ ៥ វិនាទីមុនពេលការហោះឡើង។ ទីភ្នាក់ងារអវកាសរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ គឺអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) មិនធ្លាប់បានបាញ់បង្ហោះដោយជោគជ័យនូវយានដើរដោយម៉ាស៊ីន «ប្រើអ៊ីដ្រូសែនរ៉ាវ» (Semi-cryogenic) បែបនេះទេ។យាន អាំងនីបាន គឺជាយានបាញ់បង្ហោះពីរដំណាក់កាល ដែលអាចផ្ទុកទម្ងន់រហូតដល់ ៣០០ គីឡូក្រាម ចូលទៅក្នុងគន្លងប្រហែល ៧០០ គីឡូម៉ែត្រ។ ការហោះហើរនៅថ្ងៃព្រហស្បតិ៍ នេះគឺដើម្បីសាកល្បងម៉ាស៊ីនថ្មី និងប្រព័ន្ធផ្នែក 3D ។ ក្រុមហ៊ុនណេះមិនបាននិយាយភ្លាមៗទេថា តើការសាកល្បងនេះមានរយៈពេលប៉ុន្មាន ឬរយៈកម្ពស់ប៉ុន្មានហើយដែលយាននេះឡើងដល់។សមាគមអវកាសឥណ្ឌា (ISpA) បាននិយាយថា ការបាញ់បង្ហោះនេះនឹង «ពង្រឹងទំនុកចិត្តជាសកល» នៅក្នុងឧស្សាហកម្មអវកាសឯកជនរបស់ប្រទេសឥណ្ឌា៕

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ប្រទេសចិន អាចរៀបចំសន្និសីទសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន

2024/05/30 02:04:06 pm        144
ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នេះថា ប្រទេសចិន អាចរៀបចំសន្និសីទសន្តិភាពមួយ ដែលរុស្ស៊ី និងអ៊ុយក្រែន នឹងចូលរួម ហើយថា ទង្វើបែបនេះនឹងជាការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។លោក ឡាវរ៉ូវ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាននេះថា «យើងចែករំលែកជំហររបស់ប្រទេសចិន ដែលថាមូលហេតុឫសគល់នៃជម្លោះចាំបាច់ត្រូវដោះស្រាយជាដំបូង ហើយផលប្រយោជន៍ផ្លូវច្បាប់របស់ភាគីទាំងអស់ត្រូវតែការពារ ជាមួយនឹងកិច្ចព្រមព្រៀងជាបន្តបន្ទាប់ដោយផ្អែកលើគោលការណ៍នៃសន្តិសុខស្មើគ្នា និងមិនអាចបំបែកបាន»។រុស្ស៊ី បានអំពាវនាវម្តងហើយម្តងទៀតឱ្យមានកិច្ចចរចាដោយមានលក្ខខណ្ឌជាមុនមួយ ដោយឱ្យទីក្រុងគីវ និងលោកខាងលិច ទទួលស្គាល់ទឹកដីដែលខ្លួនដណ្ដើមបាននៅអ៊ុយក្រែន ប៉ុន្តែទីក្រុងគីវ បានច្រានចោលសំណើទាំងនោះ។ លោក ឡាវរ៉ូវ បានរិះគន់សហរដ្ឋអាមេរិក ចំពោះការជួយអ៊ុយក្រែន ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន បានក្លាយជា «អ្នកសមគំនិតក្នុងឧក្រិដ្ឋកម្មនៃរបបទីក្រុងគីវ»។អ៊ុយក្រែន សង្ឃឹមថានឹងទទួលបណ្ដាប្រទេសឱ្យបានច្រើនតាមតែអាចធ្វើទៅបាននៅកិច្ចប្រជុំកំពូលសន្តិភាព ដែលរៀបចំដោយទីក្រុងគីវ ក្នុងប្រទេសស្វីស នៅខែក្រោយនេះ ក្នុងការប៉ុនប៉ងបង្រួបបង្រួមមតិស្តីពីវិធីបញ្ឈប់សង្រ្គាម និងដាក់សម្ពាធលើរុស្ស៊ី ដែលបានដណ្តើមកាន់កាប់ស្ទើរតែមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់សញ្ញាគាំទ្រ ប៉ុន្តែមិនបាននិយាយថាតើលោកប្រធានាធិបតី ចូ បៃដិន នឹងចូលរួម ឬយ៉ាងណានោះទេ៕

កោះតៃវ៉ាន់៖ ចិន កំពុងលុបបំបាត់ដែនអាកាសតៃវ៉ាន់ ខណៈព្យាយាមធ្វើឱ្យសមយុទ្ធក្លាយជារឿងធម្មតា

2024/05/30 01:57:49 pm        135
ប្រមុខការបរទេសរបស់កោះតៃវ៉ាន់ លោក លីន ជែរឡុង (Lin Chia-lung) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នេះថា ប្រទេសចិន កំពុងព្យាយាម «លុបបំបាត់ដោយសន្សឹមៗ» នូវដែនអាកាសរបស់កោះតៃវ៉ាន់ និងបង្កើតភាពធម្មតាថ្មីមួយជាមួយនឹងសមយុទ្ធយោធារបស់ខ្លួន និងសកម្មភាពផ្សេងទៀត ដើម្បីដាក់សម្ពាធលើកោះនេះ ដែលជាបញ្ហាសម្រាប់ការព្រួយបារម្ភជាសកល។ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន បានរៀបចំហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃជុំវិញកោះនេះកាលពីសប្តាហ៍មុន ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលទីក្រុងប៉េកាំង ហៅថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់»។ខណៈពេលដែលសមយុទ្ធទាំងនោះបានបញ្ចប់ជាផ្លូវការ សកម្មភាពយោធារបស់ចិនមិនបានបញ្ឈប់នោះទេ ដោយកោះតៃវ៉ាន់ បានរាយការណ៍ថាកាលពីថ្ងៃពុធថា យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិនបានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»។ ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិន នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃពុធ បានរំលឹកឡើងវិញនូវការរិះគន់របស់ខ្លួនអំពីលោក ឡៃ ជាអ្នកគាំទ្រដ៏គ្រោះថ្នាក់នៃឯករាជ្យភាពផ្លូវការរបស់តៃវ៉ាន់ និងបានគំរាមកំហែងបន្តសកម្មភាពយោធា៕

លោក ប៊្លីនខិន អះអាងថា ការបញ្ជូនសព្វាវុធរបស់អាមេរិកទៅអ៊ុយក្រែន ជួយរក្សាស្ថិរភាព នៅជួរមុខ

2024/05/30 01:41:23 pm        141
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធថា ការបញ្ជូនអាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន កំពុងជួយឲ្យមានស្ថិរភាពនៅសមរភូមិជួរ មុខ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន កំពុងប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីផ្តល់ការការពារដែនអាកាសបន្ថែមទៀត ដល់អ៊ុយក្រែន។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីឃីស៊ីណាវ ( Chisinau)របស់ប្រទេសម៉ុលដាវី លោក ប៊ីលនខិន បាននិយាយថា ការគាំទ្រសម្រាប់អ៊ុយក្រែន ប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន យ៉ាងច្បាស់ថា លោកមិនអាចយកឈ្នះអ៊ុយក្រែនបានទេ។ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ បានទៅដល់ទីក្រុងឃីស៊ីណាវ កាលពីព្រឹកថ្ងៃពុធ ជាទីដែលឈប់ដំបូងក្នុងដំណើររយៈពេលខ្លីនៅអឺរ៉ុប ក្នុងគោលបំណងពង្រឹងការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន នៅទូទាំងសម្ព័ន្ធមិត្តណាតូ និងប្រទេសជិតខាង។ប្រទេសអ៊ុយក្រែន បាននិងកំពុងព្យាយាមទប់ទល់នឹងការវាយប្រហារកាន់តែខ្លាំងពីរុស្ស៊ី នៅភាគខាងកើត ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការអនុញ្ញាតឲ្យទីក្រុងគីវ ប្រើអាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារនៅខាងក្នុងរុស្ស៊ី អាចបង្កឲ្យមានជម្លោះជាសកល។លោក ប្ល៊ីនខិន បាននិយាយថា រុស្ស៊ីបានទាញយកប្រយោជន៍ពីការពន្យារពេល ក្នុងការបញ្ជូនកញ្ចប់សព្វាវុធចំនួន ៦១ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន ប៉ុន្តែបានបញ្ជាក់ថា សព្វាវុធឥឡូវនេះ កំពុងស្វែងរកផ្លូវរបស់ពួកវា ទៅកាន់សមរភូមិ និងធ្វើឲ្យមានការផ្លាស់ប្តូរជាក់ជាមិនខាន។

លោកស្រី Galvez សង្ឃឹមក្លាយជាប្រធានាធិបតីម៉ិកស៊ិក បញ្ចប់យុទ្ធនាការមុនការបោះឆ្នោតនៅថ្ងៃអាទិត្យ

2024/05/30 11:47:00 am        121
បេក្ខជនប្រធានាធិបតីរបស់ប្រទេសម៉ិកស៊ិក សម្រាប់ក្រុមចម្រុះគណបក្សប្រឆាំងទាំងស្តាំនិងឆ្វេងនិយម លោកស្រី សូជីល ហ្គាលវ៉េស(Xochitl Galvez) បានបញ្ចប់យុទ្ធនាការរបស់លោកស្រី ជាផ្លូវការ កាលពីថ្ងៃពុធ ដោយប្តេជ្ញាប្រយុទ្ធប្រឆាំង ភាពអសន្តិសុខ នៅក្នុងប្រទេស។លោកស្រី Galvez បានបិទយុទ្ធនាការរបស់លោកស្រី នៅក្នុងទីក្រុង Monterrey ជាទីក្រុងមួយនៅក្នុងដែនដីបេះដូងនៃឧស្សាហកម្មភាគនៅខាងជើងប្រទេសម៉ិកស៊ិក ជាច្រើនថ្ងៃបន្ទាប់ពីលោកស្រី បានដឹកនាំការប្រមូលផ្តុំដ៏ធំ នៅក្នុងរដ្ឋធានី។អតីតសមាជិកព្រឹទ្ធសភា និងអ្នកជំនួញស្រ្តីវ័យ៦១ឆ្នាំរូបនេះ បានសន្យាថានឹងធ្វើឲ្យប្រសើរ និងពង្រីកកម្មវិធីសង្គម ព្រមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអំពើហឹង្សារាលដាល ដោយបោសសម្អាតឧក្រិដ្ឋកម្មរៀបចំទុក នៅក្នុងប្រទេសមានមនុស្សឃាតច្រើនដែលបានឈានដល់កំណត់ត្រាខ្ពស់ ១៨៥.០០០ករណី នៅក្នុងអាណត្តិរបស់ប្រធានាធិបតី លោក Andres Manuel Lopez Obrador ។បេក្ខជនណាក៏ដោយ ដែលទទួលជ័យជម្នះ នឹងប្រឈមមុខទៅនឹងបញ្ហាជាច្រើន រួមមានទាំងនិទណ្ឌភាពដែលគ្រប់គ្រងមិនបាន ក្នុងពេលមានអត្រាឃាតកម្មខ្ពស់ និងការចាប់ជំរិត កំណើនសេដ្ឋកិច្ចទាប និងសំណួរជុំវិញគោលនយោបាយថាមពល នៅពេលអនាគត។

របាយការណ៍៖ មនុស្សជាង ៧៤ លាននាក់ ប្រឈមអសន្តិសុខស្បៀងនៅតំបន់ញកអាហ្រ្វិក

2024/05/30 11:43:25 am        86
យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធ (២៩ ឧសភា) ដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍ (IGAD) ដែលជាប្លុកនៅអាហ្វ្រិកខាងកើត បានឱ្យដឹងថា ប្រជាជនប្រហែល ៧៤,៩ លាននាក់នៅក្នុងតំបន់ញកអាហ្រ្វិកដ៏ធំល្វឹងល្វើយ កំពុងប្រឈមនឹងបញ្ហាអសន្តិសុខស្បៀងយ៉ាងខ្លាំង និងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ស្ថាប័នទាំងពីរនេះបាននិយាយថា ក្នុងចំណោមតួលេខនោះ មានមនុស្សចំនួន ៤៦,៨ លាននាក់មកពីប្រទេសចំនួនប្រាំពីរក្នុងចំណោមរដ្ឋសមាជិកនៃប្លុកអាជ្ញាធរអន្តររដ្ឋាភិបាល IGAD ដូចជា ជីប៊ូទី កេនយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង តង់ហ្សានី សូដង់ និងអ៊ូហ្កង់ដា។ ដែលនៅសល់គឺនៅប្រទេសប៊ូរុនឌី សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។របាយការណ៍នេះបានសង្កេតឃើញថា ស្ថានភាពអាហារូបត្ថម្ភនៅទូទាំងតំបន់នៅតែគួរឱ្យព្រួយបារម្ភ ដែលភាគច្រើនបណ្តាលមកពីជម្លោះ ការផ្លាស់ទីលំនៅ អសន្តិសុខស្បៀង ជំងឺឆ្លង ទឹកមិនស្អាត និងលក្ខខណ្ឌអនាម័យមិនសមស្រប។របាយការណ៍នោះបានបន្ថែមថា ក្រៅពីវិបត្តិស្បៀងអាហារ តំបន់ញកអាហ្រ្វិកនេះក៏កំពុងប្រឈមមុខនឹងការផ្ទុះឡើងជំងឺជាច្រើនផងដែរ ដោយសារលក្ខខណ្ឌសើមជាងធម្មតា ដែលត្រូវបានសង្កេតឃើញលើផ្នែកភាគច្រើននៃតំបន់ ដោយបង្កើនហានិភ័យនៃជំងឺដែលឆ្លងតាមរយៈទឹក ដោយសារតែគ្រោះទឹកជំនន់៕

ប្រធានាធិបតី អ៊ុយក្រែន ធ្វើទស្សនកិច្ចទៅកាន់រដ្ឋសមាជិកអឺរ៉ុបចំនួនបី សម្រាប់កិច្ចព្រមព្រៀងសន្តិសុខ

2024/05/30 11:40:33 am        122
ប្រទេសស៊ុយអែត បានប្រកាសផ្តល់ជំនួយយោធាបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើដំណើរទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួនបី ដើម្បីបង្កើនការគាំទ្រសម្រាប់ការប្រយុទ្ធប្រឆាំងរុស្ស៊ី។ ប្រទេសស៊ុយអែត កាលពីថ្ងៃពុធ បានប្រកាសកញ្ចប់ថវិកាចំនួន ១,១៦ពាន់លានអឺរ៉ូ ឬប្រហែល ១,២៥ ពាន់លានដុល្លារ ដើម្បីជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន។ ចំនួនទឹកប្រាក់នេះ គឺជាការរួមចំណែកច្រើនបំផុត មិនធ្លាប់មានរបស់ប្រទេសស៊ុយអែត ដល់ប្រទេសអ៊ុយក្រែន។លោក Zelenskyy បានបញ្ជាក់ថា កញ្ចប់ជំនួយ ដែលរួមមានយន្តហោះឈ្លបយកការណ៍របស់កងទ័ពអាកាស និងយន្តយោះត្រួតពិនិត្យ នឹងមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាបានសន្តិភាពនិងសន្តិសុខរយៈពេលវែង នៅទ្វីបអឺរ៉ុបផងដែរ។លោក Zelenskyy បានស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ និងបែលហ្ស៊ិក។ លោកបានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោក ក្នុងអំឡុងពេលដែលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។អ៊ុយក្រែន បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត នៅមុនកិច្ចប្រជុំកំពូលក្រុមប្រទេសG7នៅប្រទេសអ៊ីតាលី នៅពាក់កណ្តាលខែមិថុនា និងសន្និសីទអន្តរជាតិដើម្បីសន្តិភាពនៅអ៊ុយក្រែនដែលស្នើឡើងដោយលោក Zelenskyy ដែលគ្រោងនឹងធ្វើនៅប្រទេសស្វីស។ទន្ទឹមនឹងនេះ រុស្ស៊ីបានចាប់ផ្តើមសមយុទ្ធកាលពីសប្តាហ៍មុន ដោយក្លែងប្រដូចការពិតដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា អ្នកតំណាងប្រទេសសមាជិកសម្ព័ន្ធយោធាណាតូ ជាពិសេសប្រទេសតូចៗនៅអឺរ៉ុប គួរតែដឹងពីអ្វីដែលពួកគេកំពុងលេងជាមួយ។

ការរាប់សន្លឹកឆ្នោតចាប់ផ្តើមនៅអាហ្រ្វិកខាងត្បូង ខណៈអ្នកបោះឆ្នោតស្វែងរកការផ្លាស់ប្តូរមេដឹកនាំ

2024/05/30 11:35:27 am        68
ការិយាល័យបោះឆ្នោត បានបិទនៅទូទាំងប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃពុធ បន្ទាប់ពីរយៈពេលមួយថ្ងៃនៃការតម្រង់ជួរដ៏វែង ខណៈអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតដ៏សំខាន់ អាចមើលឃើញគណបក្ស African National Congress (ANC) ចាញ់សំឡេងភាគច្រើន បន្ទាប់ពីកាន់អំណាចរយៈពេល៣០ឆ្នាំ។អ្នកបោះឆ្នោតចុងក្រោយ បានបោះឆ្នោតដែលនឹងកំណត់ផ្លូវសម្រាប់សេដ្ឋកិច្ចដែលមានឧស្សាហកម្មរីកលូតលាស់បំផុតនៅទ្វីបអាហ្រ្វិក បន្ទាប់ពីរយៈពេលមួយទសវត្សរ៍ នៃភាពមិនរីកចម្រើន និងរឿងអាស្រូវពុករលួយ ដែលបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់គណបក្ស African National Congress (ANC) ដែលកាលពីពេលមុនដឹកនាំ ដោយលោក Nelson Mandela។ ប្រសិនបើគណបក្ស African National Congress (ANC) បរាជ័យក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជាតិ វាទំនងជាត្រូវការបង្កើតរដ្ឋាភិបាលចម្រុះ។គណបក្ស African National Congress (ANC) បានប្រឈមមុខទៅនឹងការខឹងសម្បារ ចំពោះសេវាសាធារណៈដែលមិនល្អប្រសើរ ការដាច់ចរន្តអគ្គិសនី អំពើពុករលួយដ៏ច្រើនលើសលប់ និងអត្រាគ្មានការងារធ្វើលើសពី៣០ភាគរយ ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ជាប់ក្នុងភាពក្រីក្រ រយៈពេលជិតបីទសវត្សរ៍។ អ្នកបោះឆ្នោត បានអំពាវនាវឱ្យមានការផ្លាស់ប្តូរ ដោយលើកឡើងពីអត្រាខ្ពស់នៃភាពអត់ការងារធ្វើ និងឧក្រិដ្ឋកម្ម ការដាច់ចរន្តអគ្គិសនីញឹកញាប់ និងអំពើពុករលួយ ជាហេតុផលដែលពួកគេនឹងបោះឆ្នោតឱ្យគណបក្សប្រឆាំង។ខណៈអ្នកផ្សេងទៀត មិនទុកចិត្តចំពោះការផ្លាស់ប្តូរ ពួកគេនៅតែជឿជាក់ថាគណបក្ស African National Congress (ANC) ដែលកំពុងកាន់អំណាច នៅតែអាចបំពេញតាមការសន្យារបស់ខ្លួន។

អ៊ីស្រាអែលនិយាយថា សង្គ្រាមនៅតំបន់ហ្កាហ្សា ទំនងជានឹងបន្តរយៈពេលប្រាំពីរខែទៀត

2024/05/30 11:26:31 am        108
ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល និយាយថា សង្រ្គាមលើតំបន់ហ្កាហ្សា ទំនងជានឹងបន្តរហូតដល់ចុងឆ្នាំនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ ខាន់ (Kan) របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (២៩ ឧសភា) លោក ហ្ស៊ាឈី ហាណេកប៊ី (Tzachi Hanegbi) បាននិយាយថា «យើងរំពឹងថានឹងមានការប្រយុទ្ធរយៈពេលប្រាំពីរខែទៀត» ដើម្បីបំផ្លាញសមត្ថភាពយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ។ការលើកឡើងរបស់លោកបានកើតឡើងនៅពេលដែលអ៊ីស្រាអែល រកឃើញថាខ្លួនឯងកាន់តែឯកោនៅលើឆាកពិភពលោក ជិតប្រាំបីខែក្នុងការវាយប្រហារ ដោយសូម្បីតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធផ្សេងទៀត ក៏បានសម្តែងការខឹងសម្បារចំពោះចំនួនអ្នកស្លាប់របស់ជនស៊ីវិលដ៏ច្រើនលើសលប់នៅហ្កាហ្សា។លោក ហាណេកប៊ី ការពារប្រតិបត្តិការដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅក្រុងរ៉ាហ្វា (Rafah) ជាប់ព្រំដែនហ្កាហ្សា ជាមួយអេហ្ស៊ីប ដោយនិយាយថា ព្រំដែនបានក្លាយទៅជា «តំបន់រត់ពន្ធ» តាំងពីឆ្នាំ២០០៧ មក នៅពេលដែលក្រុមហាម៉ាស ចាប់ផ្តើមគ្រប់គ្រងហ្កាហ្សា។ អេហ្ស៊ីប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយលុកលើក្រុងរ៉ាហ្វា របស់អ៊ីស្រាអែល ដោយនិយាយថាវាគំរាមកំហែងដល់សន្ធិសញ្ញាសន្តិភាពឆ្នាំ១៩៧៩។ការលើកឡើងរបស់លោក ហាណេកប៊ី បង្កជាសំណួរអំពីអនាគតហ្កាហ្សា និងថាតើអ៊ីស្រាអែលនឹងដើរតួនាទីបែបណានៅក្នុងតំបន់នោះ។ សម្ព័ន្ធមិត្តកំពូលរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានទាមទារឱ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បង្កើតផែនការក្រោយសង្គ្រាមសម្រាប់ទឹកដីប៉ាឡេស្ទីនមួយនេះ ហើយរដ្ឋមន្ត្រីការពារជាតិ និងដៃគូគ្រប់គ្រងរបស់លោកក៏បានព្រមានថា លោក ណេតាន់យ៉ាហ៊ូ ត្រូវតែចាត់វិធានការដើម្បីធានាថាអ៊ីស្រាអែល មិនស្ថិតនៅក្នុងតំបន់ហ្កាហ្សា ដោយគ្មានកំណត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ី មានផែនការផ្តល់ប្រាក់ឧបត្ថម្ភរស់នៅប្រចាំថ្ងៃដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នៅកោះស៊ូម៉ាត្រា
12/19/2025 09:12 PM
ឪពុកម្តាយនៅឥណ្ឌា ខកចិត្តពេលដែលកូនៗរបស់ពួកគេមានជំងឺគ្រាប់ឈាមក្រហមធ្វើតេស្តមានវីរុសហ៊ីវ
12/19/2025 09:12 PM
ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM
លោក Macron៖ អឺរ៉ុបនឹងត្រូវមានទំនាក់ទំនងជាមួយលោក Putin បើការចរចាសន្តិភាពរបស់អាមេរិកបរាជ័យ
12/19/2025 08:12 PM
ចក្រភពអង់គ្លេសស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិរបស់ EU សម្រាប់អ៊ុយក្រែន
12/19/2025 08:12 PM
យានដ្រូនរកឃើញវីរុសដែលអាចបណ្តាលឲ្យត្រីងាប់នៅក្នុងដង្ហើមរបស់ត្រីបាឡែនអាក់ទិក
12/19/2025 08:12 PM
BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
12/19/2025 08:12 PM
ចិនគំរាមចាត់វិធានការខ្លាំងក្លា ពាក់ព័ន្ធនឹងកញ្ចប់លក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់
12/19/2025 08:12 PM
ឆ្មាំល្បាតឆ្នេរក្រិកសង្រ្គោះជនអន្តោប្រវេសន៍ ៥៤៥នាក់ នៅជិតកោះ Crete
12/19/2025 08:12 PM
អាមេរិកដាក់ពង្រាយយន្តហោះយោធាទំនើបទៅកាន់ព័រតូរីកូ ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង
12/19/2025 07:12 PM