សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមហាម៉ាស ចង់ឱ្យអ៊ីស្រាអែល ប្តេជ្ញាចំពោះបទឈប់បាញ់អចិន្ត្រៃយ៍ និងដកទ័ពទាំងស្រុងពីហ្កាហ្សា

2024/06/05 03:15:51 pm        317
មន្ត្រីជាន់ខ្ពស់មកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា ក្រុមហាម៉ាស មិនអាចយល់ព្រមលើកិច្ចព្រមព្រៀងណាមួយបានទេ លុះត្រាតែអ៊ីស្រាអែល ធ្វើការប្តេជ្ញាចិត្ត «ច្បាស់លាស់» ចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពទាំងស្រុងចេញពីតំបន់ហ្កាហ្សាស្ទ្រីប។ប្រទេសកាតា ដែលរួមជាមួយនឹងសហរដ្ឋអាមេរិក និងអេហ្ស៊ីប បាននិងកំពុងសម្របសម្រួលកិច្ចចរចារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ក៏បានជំរុញឱ្យអ៊ីស្រាអែល ផ្តល់ជំហរច្បាស់លាស់ដែលមានការគាំទ្រពីរដ្ឋាភិបាលទាំងមូលរបស់ខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានបង្ហាញនូវសំណើបីដំណាក់កាល ដែលដំណាក់កាលដំបូងរួមមានបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ នៅពេលដែលកងកម្លាំងអ៊ីស្រាអែលនឹងដកខ្លួនចេញពី «ផ្នែកដែលមានប្រជាជនរស់នៅទាំងអស់» នៃតំបន់ហ្កាហ្សា និងដោះលែងចំណាប់ថ្នូរមួយចំនួន រួមទាំងមនុស្សចាស់ និងស្ត្រីផងដែរ នៅក្នុងផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។លោក អូសាម៉ា ហានដាន (Osama Hamdan) មន្ត្រីក្រុមហាម៉ាស បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា «អ៊ីស្រាអែលគ្រាន់តែចង់បានដំណាក់កាលមួយដែលចំណាប់ថ្នូរទាំងអស់ត្រូវបានដោះលែង ហើយបន្ទាប់មកប្រទេសនេះនឹងបន្តការឈ្លានពាន និងធ្វើសង្រ្គាមលើប្រជាជន»។ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ ថា ប្រសិនបើក្រុមហាម៉ាស ទទួលយកផែនការដែលបានស្នើឡើងនោះ នោះគេរំពឹងថាអ៊ីស្រាអែល ក៏នឹងធ្វើទទួលយកដូចគ្នា៕

លោក Modi អះអាងពីជ័យជម្នះការបោះឆ្នោតលើកទី៣ ខណៈសម្ព័ន្ធភាពរបស់លោក ឈានឆ្ពោះទៅរកសំឡេងភាគច្រើនស្តួចស្តើង

2024/06/05 03:12:16 pm        303
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអះអាងពីជ័យជម្នះក្នុងការបោះឆ្នោតសម្រាប់គណបក្សរបស់លោក និងសម្ព័ន្ធភាពរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ប៉ុន្តែក្រុមប្រឆាំងបាននិយាយថា ពួកគេបានដាក់ទោសដល់គណបក្សកាន់អំណាច ដោយធ្វើឱ្យមានការព្យាករណ៍ខុស និងកាត់បន្ថយសំឡេងភាគច្រើនក្នុងសភារបស់ពួកគេ។ លោក Modi បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ប្រជាជនបានដាក់ជំនឿរបស់ពួកគេលើសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ជាលើកទីបីជាប់ៗគ្នា។នេះគឺជាជោគជ័យក្នុងប្រវត្តិសាស្ត្រឥណ្ឌា។ លោក Modi ត្រូវបានទទួលស្វាគមន៍ក្នុងពិធីយ៉ាងអធិកអធម កាលពីថ្ងៃអង្គារ នៅពេលលោកបានទៅដល់ទីស្នាក់ការគណបក្ស ក្រោយជ័យជម្នះក្ដោបក្ដាប់អំណាចអាណត្តិទី៣ រយៈពេល៥ឆ្នាំ បន្តទៀត។ហើយលោកបានថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្ររបស់លោក។ ការរាប់សន្លឹកឆ្នោត ដែលជិតបញ្ចប់កាលពីយប់ថ្ងៃអង្គារ បានបង្ហាញឱ្យឃើញថា សម្ព័ន្ធភាពរបស់លោកModiបានទទួលជ័យជម្នះ ទោះបីជាមានសំឡេងភាគច្រើនស្ដួចស្ដើងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ។ ព្រោះតែមិនដូចការបោះឆ្នោតពីរអាណត្តិមុន គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata (BJP) របស់លោក Modi នឹងត្រូវការដៃគូសម្ព័ន្ធភាពរបស់ខ្លួន ដើម្បីឆ្លងផុតសំឡេងភាគច្រើន ២៧២ អាសនៈ នៅក្នុងសភាជាន់ទាបដែលមានអាសនៈសរុបចំនួន ៥៤៣ នេះបើយោងតាមការរាប់សន្លឹកឆ្នោតដែលកំពុងបន្ត។ លោក Modi បានកំណត់គោលដៅជាង៤០០ អាសនៈសម្រាប់សម្ព័ន្ធប្រជាធិបតេយ្យជាតិរបស់លោកប៉ុន្តែបច្ចុប្បន្នកំពុងនាំមុខត្រឹមតែប្រហែល ២៩០ អាសនៈប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលទើបរាប់បានប្រមាណបីភាគបួន។ គណបក្ស BJP ខ្លួនឯងកំពុងនាំមុខក្នុងអាសនៈចំនួន២៣៩ បើធៀបនឹង ៣០៣ អាសនៈ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩ ។ ការបោះឆ្នោត៧ ដំណាក់កាលបានចាប់ផ្តើមកាលពីថ្ងៃទី ១៩ ខែមេសា ហើយបានបញ្ចប់នៅថ្ងៃទី ១ ខែមិថុនាថ្មីៗនេះ ដោយមានអ្នកទៅបោះឆ្នោតជាង ៦៤០ លាននាក់ នៅក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក៕

កម្ពុជា និងហ្វាំងឡង់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន

2024/06/04 09:51:49 pm        141
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម Jyri Järviaho បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិការទូតរបស់ឯកឧត្តម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចូលរួមសម្តែងនូវមរណទុក្ខចំពោះការសោយព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និង បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងអាណត្តិការទូតរយៈពេល ៤ ឆ្នាំនៅកម្ពុជា ឯកឧត្តមបានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាលើវិស័យជាច្រើន ដូចជា៖ ការបោសសំអាតមីន ការគ្រប់គ្រងនិងចុះបញ្ជីដីធ្លី ការជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងការគាំទ្រដល់ការអភិវឌ្ឍសង្គមផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការបន្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Jyri Järviaho ព្រមទាំងបានអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូតរបស់ឯកឧត្តម លើវិស័យជាច្រើន ជាពិសេសលើវិស័យអប់រំ ដោយសម្ដេចធិបតី បានគូសបញ្ជាក់ ថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាទិភាពលើការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងសុខភាព ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍ និងលើកទឹកចិត្តដល់រដ្ឋាភិបាលហ្វាំងឡង់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម និងបរិស្ថាន បន្ថែមទៀត តាមរយៈកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន។ ជាទីបញ្ចប់ សម្តេចធិបតីក៏បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មីរបស់ឯកឧត្តម និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

រដ្ឋមន្រី្តពាណិជ្ជកម្មលើកទឹកចិត្តក្រុមហ៊ុនអង្ករ ចុះកិច្ចព្រមព្រៀមជាមួយសហរដ្ឋអាម៉េរិក ដើម្បីពង្រីកការនាំចេញ

2024/06/04 09:46:54 pm        209
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី៣ មិថុនា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជា សម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក។ ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្នុងជំនួបនាឱកាសនោះ លោកអនុប្រធានប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវមោទនភាព និងការពេញចិត្តនូវភាពរីកចម្រើនជារួមរបស់កម្ពុជាដែលខុសប្លែកពីអ្វីដែលលោកធ្លាប់បានទទួលព័ត៌មាននៅខាងក្រៅ។ លើសពីនេះ លោកបានធ្វើការកត់សម្គាល់ និងកោតសរសើរទៅ​លើ​កសិកម្មកម្ពុជា ជាពិសេសផលិតផលអង្ករ ​ដែលធានាបាននូវគុណភាព និងបរិមាណដែល​ទទួលយកបាន។ ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗចំនួន១៦ ដែលជាសមាជិករបស់សហព័ន្ធ ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈាន​ដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជាចូលទៅផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ៕អត្ថបទ ឈិត បូរ៉ាវី 

កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ នឹងទាក់ទាញវិនិយោគិន​ និងទេសចរ​​ បន្ថែមទៀតមកពីបណ្ដាប្រទេសនិយាយភាសាបារាំង

2024/06/04 09:35:37 pm        181
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ខេលវិន ម៉ូ (Kelvin Mo) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោក ខេលវិន ម៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអរគុណចំពោះការសម្របសម្រួលរបស់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនៅកម្ពុជា​ប្រកបដោយភាពរលូន​ និងជោគជ័យ​ នាឱកាសនេះ។ លោក ខេលវិន ម៉ូ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងមានចីរភាព ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី។ ជាមួយគ្នានេះ លោក ខេលវិន ម៉ូ ក៏បានអបអរសាទរចំពោះកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ដែលតាមរយៈកិច្ចប្រជុំកំពូលនេះ កម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀត ក្នុងការទាក់ទាញវិនិយោគិន និងទេសចរ​​ មកពីបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។ បន្ថែមលើនេះ លោកខេលវិន ម៉ូ បានគោរពជម្រាបជូនសម្ដេចធិបតី ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀតអំពីសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគរបស់កម្ពុជា គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគ និង គោរពស្នើសុំអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក ខេលវិន ម៉ូ និងគណៈប្រតិភូ និងអបអរសាទរ លោក ខេលវិន ម៉ូ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​ ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងនៅតាមបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក អូស្ត្រាលី ជប៉ុន ហើយបច្ចុប្បន្នកំពុងត្រូវបានបង្កើតបន្ថែមនៅប្រទេសបារាំង និងបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។ ជាក់ស្តែង​ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ បានដើរតួនាទីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាវិនិយោគិនផងដែរ។ សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ នឹងសហការជិតស្និទ្នជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគ​ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានស្នើដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ជួយបំពេញនូវកិច្ចការជាអាទិភាពចំនួន២ រួមមាន៖ (១) ផ្សព្វផ្សាយពីសក្ដានុពលនៅកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា​​ និង (២) គាំទ្រគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា-កាណាដា ក៏ដូចជាការបំពេញតួនាទីជាអ្នកសម្របសម្រួលក្នុងកិច្ចចរចាពាណិជ្ជកម្ម និងការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា។មុននឹងបញ្ចប់ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ព្រមទាំងបានគូសរំលេចពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌​ និងភាសាបារាំង ថ្នាក់តំបន់ នៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើឱ្យការផ្សព្វផ្សាយវប្បធម៌​បារាំង និង​ ការបណ្តុះបណ្តាលភាសាបារាំង​ ដល់ប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី។ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ សហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយកាលានុវត្តធុរកិច្ច​​ និងពាណិជ្ជកម្ម​​ រវាងប្រទេសកម្ពុជា និងកាណាដា ផងដែរ៕

មន្ត្រីអ៊ីស្រាអែល៖ ការពណ៌នា​របស់លោក បៃដិន អំពីសំណើបទឈប់បាញ់ គឺមិនច្បាស់លាស់ទេ

2024/06/04 09:12:00 pm        174
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានប្រាប់សារព័ត៌មាន NBC News ថា ការពិណ៌នារបស់លោកប្រធានាធិបតី ចូ បៃដិន អំពីសំណើបទឈប់បាញ់របស់អ៊ីស្រាអែល គឺ «មិនច្បាស់លាស់ទេ ខណៈដែលការសង្ស័យ បានកើនឡើងកាលពីថ្ងៃចន្ទ ជុំវិញជំហររបស់សម្ព័ន្ធមិត្តអាមេរិក លើកិច្ចព្រមព្រៀងនេះ។លោក បៃដិន បាននិយាយនៅក្នុងសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃសុក្រថា លោកកំពុងគូសបញ្ជាក់អំពីសំណើបទឈប់បាញ់ ដែលធ្វើឡើងដោយអ៊ីស្រាអែល និងបានអនុម័តដោយអ្នកសម្របសម្រួលដល់ក្រុមហាម៉ាស។ប៉ុន្តែមន្ត្រីរូបនេះ បានចោទសួរអំពីការពិពណ៌នារបស់លោក បៃដិន អំពីសំណើបទឈប់បាញ់ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីទីក្រុងវ៉ាស៊ីនតោន និងក្រុមគ្រួសារនៃចំណាប់ថ្នូរនៅម្ខាង និងរដ្ឋមន្ត្រីស្តាំនិយមដែលគំរាមកំហែងទម្លាក់រដ្ឋាភិបាលរបស់ខ្លួន នៅម្ខាងទៀត បាននិយាយថា លោក បៃដិន បានដាក់ចេញតែផ្នែកខ្លះនៃសំណើរបស់ អ៊ីស្រាអែលប៉ុណ្ណោះ។មន្ត្រីរូបនេះ ពិតជាសង្ស័យថា អ៊ីស្រាអែល បានយល់ព្រមដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដែលជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ថ្នូរនៅសេសសល់ ប្រហែល ១២៥នាក់ ដែលកំពុងជាប់ឃុំនៅទីនោះ។មន្ត្រីដដែល បានអះអាងថា៖«អ៊ីស្រាអែល មិនបានផ្លាស់ប្តូរលក្ខខណ្ឌ ដើម្បីឈានដល់បទឈប់បាញ់ជា អចិន្ត្រៃយ៍ទេ។ វានឹងកើតឡើង បន្ទាប់ពីគោលដៅរបស់យើង ត្រូវបានសម្រេច រួមទាំងការបំផ្លាញសមត្ថភាពយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស»។

កងរក្សាសន្តិភាពនៅកុងហ្គោខាងកើត ការពារពលរដ្ឋ ១៥០.០០០នាក់ ដែលភៀសខ្លួនចេញពីការប្រយុទ្ធគ្នា

2024/06/04 08:58:58 pm        186
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងល្បាតដើម្បីការពារជនភៀសខ្លួនមួយចំនួនក្នុងចំណោមជនភៀសខ្លួន ១៥០.០០០ នាក់ ដែលភៀសខ្លួនចេញពីការប្រយុទ្ធគ្នា នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។លោក Farhan Haq អ្នកនាំពាក្យរង របស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC) បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំង និងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ កាលពីចុងសប្តាហ៍កន្លងទៅនេះ រវាងក្រុមប្រដាប់អាវុធ M23 និងកងកម្លាំងប្រដាប់អាវុធកុងហ្គោ នៅភាគខាងត្បូងក្រុង កានយ៉ាបាយ៉ុងហ្កា(Kanyabayonga) ក្នុងទឹកដីខេត្ត North Kivu។លោក Haq បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ការប្រយុទ្ធគ្នា បានបង្កឱ្យជនស៊ីវិលភៀសខ្លួនចេញពីលំនៅឋាន ឆ្ពោះទៅកាន់ តំបន់ផ្សេងៗជាច្រើន ដែលពួកគេគិតថាមានសុវត្ថិភាព។ ក្នុងការឆ្លើយតប កងរក្សាសន្តិភាព ដោយមានការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធកុងហ្គោ បានដាក់ពង្រាយការល្បាតជុំវិញក្រុង Kanyabayonga ដើម្បីជួយដល់បុរស ស្ត្រី និងកុមារមួយចំនួនក្នុងចំណោមជនភៀសខ្លួន១៥០.០០០នាក់ ដែលបានភៀសខ្លួនចេញពីការប្រយុទ្ធ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។លោកនិយាយថា ក្រុមល្បាតកំពុងផ្តល់ការថែទាំសុខភាព និងតាមអមប្រជាជនទៅកាន់តំបន់មានសុវត្ថិភាព ហើយក្រុមបេសកកម្ម កំពុងរក្សាវត្តមានរបស់ខ្លួននៅទីនោះ។

លោក ណេតាន់យ៉ាហ៊ូ អាចត្រូវបង្ខំចិត្តជ្រើសរើសរវាងការរក្សាអំណាចរដ្ឋាភិបាលរបស់ខ្លួន និងបទឈប់បាញ់

2024/06/04 08:49:27 pm        149
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) អាចនឹងបង្ខំចិត្តជ្រើសរើស៖យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស ឬរក្សារដ្ឋាភិបាលរបស់ខ្លួន ឲ្យបន្តកាន់អំណាច។ប៉ុន្តែនៅពេលដែលខ្លួនប្រឈមមុខនឹងជម្រើសនោះ លោក ណេតាន់យ៉ាហ៊ូ ក៏កំពុងស្វែងរកវិធី ដើម្បីជៀសវាងបញ្ហាទាំងនេះដែរ។អស់រយៈពេលជាច្រើនខែមកហើយ លោក ណេតាន់យ៉ាហ៊ូ បានធ្វើឲ្យមានតុល្យភាពយ៉ាងខ្ជាប់ខ្ជួននូវតម្រូវការប្រកួតប្រជែងទាំងនេះ ដោយបដិសេធមិនគិតពីបទឈប់បាញ់ជាអចិន្ត្រៃយ៍ ខណៈដែលលោក បានស្តីបន្ទោស «ការទាមទារដោយចេតនា» របស់ក្រុមហាម៉ាសចំពោះការបរាជ័យនៃការចរចាមុនៗ។ ប៉ុន្តែបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ជាសាធារណៈនូវសំណើបទឈប់បាញ់ចុងក្រោយរបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ ដែលជារឿងមួយដែលអាចនាំទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ ហើយដែលក្រុមហាម៉ាស អាចនឹងត្រៀមខ្លួនទទួលយក។ ចំណែឥឡូវនេះ លោក ណេតាន់យ៉ាហ៊ូ អស់ពេលវេលាហើយ។លោក Aviv Bushinsky អតីតទីប្រឹក្សារបស់លោក ណេតាន់យ៉ាហ៊ូ ដោយប្រើឈ្មោះហៅក្រៅរបស់លោកនាយករដ្ឋមន្ត្រី បាននិយាយថា៖«ខ្ញុំគិតថា Bibi ឥឡូវនេះ ឈានដល់ដំណាក់កាលទាល់ច្រកហើយ។ លោក បៃដិន «បង្ខំឲ្យ Bibi ដោះរបាំងមុខ ហើយនិយាយថា៖ «OK» ឥឡូវនេះ ជាពេលវេលាដ៏មានតម្លៃ ។ តើអ្នកពេញចិត្ត នឹងកិច្ចព្រមព្រៀងឬទេ?នៅពេលដែលអ៊ីស្រាអែល កំពុងរង់ចាំការឆ្លើយតបរបស់ក្រុមហាម៉ាសចំពោះសំណើចុងក្រោយនេះ រដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben Gvir និងសមាជិកស្តាំនិយមដទៃទៀតនៃរដ្ឋាភិបាលចម្រុះរបស់លោក ណេតាន់យ៉ាហ៊ូ កំពុងគំរាមកំហែងរួចហើយថា នឹងរុះរើរដ្ឋាភិបាល និងបណ្តាលឲ្យមានការដួលរលំ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ធ្វើតាមនោះ។

យានអវកាសចិន ហោះចេញពីផ្នែកឆ្ងាយរបស់ឋានព្រះចន្ទ នាំយកគំរូដំបូងមកផែនដីវិញ

2024/06/04 08:22:09 pm        181
យាន ឆាងអឺ-៦ (Chang'e-6) របស់ប្រទេសចិន បានហោះចេញពីផ្នែកឆ្ងាយនៃឋានព្រះចន្ទដោយនាំយកគំរូប្រមូលបាន ចាប់ផ្តើមធ្វើដំណើរត្រឡប់មកផែនដីវិញ ដែលនេះជាស្នាដៃមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររុករកឋានព្រះចន្ទរបស់មនុស្ស នេះបើតាមរដ្ឋបាលអវកាសជាតិរបស់ប្រទេសចិន (CNSA) បានប្រកាសនៅថ្ងៃអង្គារ (០៤ មិថុនា)។ការចាកចេញដោយជោគជ័យរបស់យាននេះពីឋានព្រះចន្ទមានន័យថា ប្រទេសចិន កាន់តែខិតជិតក្លាយជាប្រទេសដំបូងគេដែលនាំយកនូវគំរូពីផ្នែកឆ្ងាយព្រះចន្ទ ដែលបែរមុខទៅឆ្ងាយជាអចិន្ត្រៃយ៍ពីផែនដី។ យាន ដែលបានចាកចេញពីព្រះចន្ទនៅម៉ោង ៧:៣៨ នាទីព្រឹក (ម៉ោងក្នុងស្រុក) បានបញ្ចប់ដោយជោគជ័យនូវការប្រមូលគំរូរបស់ខ្លួនចាប់ពីថ្ងៃទី២-៣ ខែមិថុនា។រដ្ឋបាលអវកាសចិន CNSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យាន ឆាងអឺ-៦ «បានទប់ទល់នឹងការសាកល្បងនៃសីតុណ្ហភាពខ្ពស់នៅផ្នែកឆ្ងាយរបស់ព្រះចន្ទ»។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរ បានឱ្យដឹងថា យាននេះបានប្រើឧបករណ៍ខួង និងដៃយន្ត ដើម្បីជីកដីនៅលើ និងខាងក្រោមផ្ទៃព្រះចន្ទ។ រដ្ឋបាលអវកាសចិន CNSA បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា យានអវកាសនេះកំពុងស្ថិតនៅក្នុងគន្លងព្រះចន្ទ ហើយនឹងចូលរួមជាមួយយានអវកាសមួយផ្សេងទៀតនៅក្នុងគន្លងគោចរ។ គំរូទាំងនោះនឹងត្រូវបានផ្ទេរទៅកាន់យានម៉ូឌុល ដែលនឹងហោះហើរត្រឡប់មកផែនដីវិញ ជាមួយនឹងការចុះចតនៅក្នុងតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ប្រទេសចិន ដែលរំពឹងទុកនៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ៕

អនុប្រធានាធិបតីអាមេរិក នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស

2024/06/04 08:17:48 pm        87
អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) នឹងតំណាងឱ្យសហរដ្ឋអាមេរិក ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ដែលរៀបចំដោយប្រទេសស្វីស ក្នុងខែនេះស្តីពីសង្រ្គាមនៅអ៊ុយក្រែន ជាព្រឹត្តិការណ៍មួយដែលត្រូវបានផ្សព្វផ្សាយដោយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy)។សេតវិមានបាននិយាយកាលពីថ្ងៃចន្ទ (០៣ មិថុនា) ថា លោកស្រី ហារីស នឹងចូលរួមកិច្ចប្រជុំនៅទីក្រុង លូសើន (Lucerne) នៅថ្ងៃទី១៥ ខែមិថុនា ចំណែកលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) គ្រោងនឹងមានវត្តមាននៅក្នុងកម្មវិធីរៃអង្គាសថវិកានៅទីក្រុង ឡូសអែនជឺលេស (Los Angeles)។ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន គឺលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ក៏នឹងចូលរួមជាមួយលោកស្រី ហារីស ជាផ្នែកនៃគណៈប្រតិភូសហរដ្ឋអាមេរិក។លោក ហ៊្សេឡិនស្គី បានជំរុញយ៉ាងខ្លាំងដល់កិច្ចប្រជុំកំពូលនៅថ្ងៃទី១៥-១៦ មិថុនា ហើយបានលើកទឹកចិត្តមេដឹកនាំពិភពលោកឱ្យចូលរួម ដោយការិយាល័យរបស់លោកនិយាយថា ប្រទេស និងអង្គការអន្តរជាតិចំនួន ១០៧ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេ ខណៈលោកបានចោទប្រកាន់រុស្ស៊ី ដោយមានជំនួយពីប្រទេសចិន ក្នុងការព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រជុំនេះ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយថា កិច្ចប្រជុំកំពូលនេះនឹង «ឥតប្រយោជន៍ទាំងស្រុង» ដោយគ្មានការចូលរួមពីរុស្ស៊ី។ ទីក្រុងគីវ បានសម្រេចប្រឆាំងនឹងការអញ្ជើញរុស្ស៊ី ព្រោះខ្លួនមិនជឿទុកចិត្តលើទីក្រុងមូស្គូ ដែលការលុកលុយរបស់ពួកគេបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងបានបណ្តេញប្រជាជនរាប់លាននាក់បន្ថែមទៀតចេញពីប្រទេស ព្រមទាំងបំផ្លិចបំផ្លាញទីក្រុងនានារបស់អ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន នៅដើមសប្តាហ៍ក្រោយ
11/12/2026 01:11 PM
ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ អ្នកមានឈ្មោះបោះឆ្នោតកើនដល់ជាង១០លាន ៥សែននាក់ ខណៈចុះឈ្មោះថ្មីជាង៤០ម៉ឺននាក់
11/12/2026 12:11 PM
អ្នកនាំពាក្យ៖​ ទោះបទឈប់បាញ់​នៅ​ជា​ធរមាន​តែ​ជនភៀស​សឹក​កម្ពុជា​ជាង​២​ម៉ឺន​នាក់​មិន​ទាន់​អាច​វិល​ទៅ​ផ្ទះវិ​ញបានឡើយ
11/12/2026 12:11 PM
អ៊ីរ៉ង់ ចាត់ទុកកងទ័ពជើងទឹក និងកងទ័ពអាកាសអាហ្សង់ទីន ជាអង្គការភេរវកម្ម
11/12/2026 12:11 PM
អ្នកបើករថយន្តដឹកទំនិញនៅប្រទេសឈីលី បិទផ្លូវដើម្បីតវ៉ាការឡើងថ្លៃប្រេងឥន្ធនៈ
11/12/2026 12:11 PM
មេដឹកនាំពិភពលោកបង្ហាញពីគោលដៅអាកាសធាតុនៅក្នុងកិច្ចប្រជុំ COP31
11/12/2026 12:11 PM
អ្នកនាំពាក្យ៖ ស្របពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីកម្ពុជា​ក៏ទទួល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ចំនួន​២ និងទស្សនកិច្ចផ្លូវការ១
11/12/2026 12:11 PM
រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និង​ម៉ារ៉ុក អញ្ជើញជាអធិបតី អបអរសាទរ «ទិវាវប្បធម៌​ម៉ារ៉ុក​នៅ​កម្ពុជា​ឆ្នាំ២០២៦» ពង្រឹង​ទំនាក់ទំនងការទូតប្រទេស​ទាំងពីរ
11/12/2026 12:11 PM
អនុប្រធានទី១អាជ្ញាធរមីន៖ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ចិន ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
11/12/2026 12:11 PM
ក្រុម AOT-KH ចុះសង្កេតការណ៍នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន
11/12/2026 12:11 PM