សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Xi Jinping លើកឡើងថាទំនាក់ទំនងរវាងចិន-បារាំង គួរតែជាគំរូសម្រាប់ពិភពលោក

2024/05/06 04:16:09 pm        220
លោកប្រធានាធិបតីចិន Xi Jinping បាននិយាយថា ទំនាក់ទំនងរបស់ចិន ជាមួយបារាំងគួរតែជាគំរូសម្រាប់ពិភពលោក ខណៈលោកបាទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ។មេដឹកនាំចិន បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសបារាំងដើម្បីផ្សះផ្សាជម្លោះពាណិជ្ជកម្មដែលកំពុងកើនឡើងជាមួយសហភាពអឺរ៉ុប។លោក Xi និយាយថា ចិន និងបារាំង នឹងបំភ្លឺផ្លូវឆ្ពោះទៅមុខ ដោយប្រើចន្លុះប្រវត្តិសាស្ត្រ ដើម្បីបើកបង្ហាញអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងចិន-បារាំង និងកសាងគ្រឹះថ្មីដើម្បីរួមចំណែកចំពោះសន្តិភាព ស្ថិរភាពពិភពលោក និងការអភិវឌ្ឍន៍។ប្រធានាធិបតីបារាំងលោក Emmanuel Macron គ្រោងជំរុញឱ្យលោក Xi កាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និងប្រើប្រាស់ឥទ្ធិពលរបស់លោកជាមួយរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន។លោក Xi គ្រោងជួបលោក Macron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺសូឡា វ៉ុន ឌើ ឡេយិន (Ursula von der Leyen) នៅថ្ងៃចន្ទសប្ដាហ៍នេះ មុនពេលលោក និងលោក Macron ទៅបំពេញទស្សនកិច្ចនៅ តំបន់ជួរភ្នំ ភីរ៉េនីស (Pyrenees) នៅថ្ងៃបន្ទាប់។ លោក Xi ដែលត្រូវបានស្វាគមន៍នៅទីក្រុងប៉ារីសដោយនាយករដ្ឋមន្រ្តី ហ្កាប្រីយ៉ែល អាតាល់ (Gabriel )Attal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅពេលលោក បានទៅដល់ថាទំនាក់ទំនងរវាងចិននិងបារាំងគឺជា គំរូសម្រាប់សហគមន៍អន្តរជាតិនៃការរួមរស់ដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងប្រទេសដែលមានប្រព័ន្ធសង្គមផ្សេងៗគ្នា។បារាំងកំពុងគាំទ្រការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើការនាំចេញរថយន្តអគ្គិសនីរបស់ចិន ហើយកាលពីខែមករា ទីក្រុងប៉េកាំង បានបើកការស៊ើបអង្កេតលើការនាំចូលផលិតផលមានម៉ាកយីហោផលិតដោយបារាំងភាគច្រើន ជាទង្វើដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការសងសឹកដាក់គ្នាទៅវិញទៅមក។សមាជិកទាំង ២៧ របស់សហភាពអឺរ៉ុបជាពិសេសបារាំង និងអាល្លឺម៉ង់មានការខ្វែងគំនិតគ្នាលើអាកប្បកិរិយារបស់ពួកគេចំពោះប្រទេសចិន។ប្រភពជាច្រើននិយាយថាអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) នឹងមិនចូលរួមជាមួយលោក Macron និងលោក Xi នៅទីក្រុងប៉ារីស ដោយសារតែការប្តេជ្ញាចិត្តកាលពីកន្លងទៅ៕

ក្រសួងបរិស្ថាន៖ ការផ្ទេរអំណាចឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព

2024/05/03 10:49:45 pm        274
ផែនទីបង្ហាញតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានចំនួន ៧៣តំបន់ ដែលគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជាង ៧លានហិកតា ស្ថិតក្នុងខេត្តចំនួន២១ និងក្រុង/ស្រុកចំនួន១១១ ​បានចែកជូនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន​ ២១ផ្ទាំងធំៗ នៅក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីនេះថា ការផ្ទេរ​អំណាច​ឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិ​កាន់តែមាន​ប្រសិទ្ធភាព ស្របតាមវិធានការទាំង ៤ចំណុច ​ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនៅក្នុងដំណាក់កាលទី១ ​នោះគឺ ទី១.ជំរុញការអនុវត្តច្បាប់១០០% ដោយមិនមានការ​លើកលែង​ជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិ។ ទី២ ការសហការជាមួយគណៈបញ្ជាការ​ឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ច​គ្រប់គ្រង​ធនធានធម្មជាតិឱ្យបានស្អិតរមួត​ ដែលបានកំពុងអនុវត្ត និងធ្វើឱ្យកាន់តែ​មានប្រសិទ្ធិភាព​ តាមរយៈការផ្តល់ផែនទី​ ទីតាំងតំបន់ការពារធម្មជាតិ​ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយ​ទំនាស់​លើការប្រើប្រាស់​ដីធ្លី ​និងធានាការប្រើប្រាស់​ដីក្នុងតំបន់ការពារធម្មជាតិ ឱ្យមានសុវត្ថិភាព​ទាំងដីសាធារណរបស់រដ្ឋ (តំបន់ស្នូលនិងតំបន់អភិរក្ស) ដីឯកជនរបស់រដ្ឋ (តំបន់ប្រើប្រាស់​ដោយចីរភាព) និងដីកម្មសិទ្ធិឯកជន (តំបន់សហគមន៍)។ ទី៣. សហការជាមួយ​គណៈបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ​និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ​ជាមួយ​អាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក ​និងទី៤ ការជំរុញ ​ការដាំស្តាព្រៃឈើ សំដៅឱ្យមាន​ការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងការទប់ស្កាត់បទល្មើស​ធនធាន​ធម្មជាតិ​របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចេញបញ្ជារដោយផ្ទាល់ផងថា​ ត្រូវតែទប់ស្កាត់ និងបញ្ឈប់រាល់បទល្មើសធនធានធម្មជាតិ និងព្រៃឈើ ដែលជាមរតកបៃតងរបស់យើង ឱ្យខាងតែបាននិងមានប្រសិទ្ធភាពបំផុតនោះ គឺការរួមសហការគ្នាយ៉ាងជិតស្និត​ ការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកជាទៀងទាត់ និងម្យ៉ាងយើងក៏មានផែនទីជាគោលចម្បងក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធាន​ធម្មជាតិរបស់យើងទុកជាមរតកឱ្យអ្នកជំនាន់ក្រោយ។គួររម្លឹកជូនដែរថា រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២១រាជធានី/ខេត្តរួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បៃលិន បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ កោះកុង ព្រៃវែង និងត្បូងឃ្មុំ ដែលតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានចំនួន​ ៧៣តំបន់នេះ បានចែកចេញជា៧ ប្រភេទ ដោយក្នុងនោះរួមមាន៖ ឧទ្យានជាតិចំនួន ៩ឧទ្យានជាតិសមុទ្រចំនួន ២ ដែនជម្រកសត្វព្រៃចំនួន ១៨ តំបន់ការពារទេសភាពចំនួន ១៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ១១ តំបន់រាមសារចំនួន ៥ និងតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៤៕

ក្រសួងបរិស្ថានប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីងាយស្រួលគ្រប់គ្រង

2024/05/03 10:43:30 pm        158
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី០៣ ខែឧសភានេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន២១ខេត្ត និង១១១ក្រុង-ស្រុក។ពិធីនេះ រៀបចំធ្វើឡើងនៅទីស្ដីការក្រសួងបរិស្ថាន។នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា នៅពេលដែលរដ្ឋបាលថ្នាក់ក្រោមជាតិមានផែនទីតំបន់ការពារធម្មជាតិនៅក្នុងដៃ គឺងាយស្រួល កំណត់ព្រំប្រទល់​​ច្បាស់លាស់រវាងតំបន់ការពារធម្មជាតិ និងក្រៅតំបន់ការពារធម្មជាតិ។លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្សព្វផ្សាយផែនទីកំណត់តំបន់​ការពារធម្មជាតិ​ឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន​បានដឹង ដើម្បីជៀសវាងកុំឱ្យប្រជាពលរដ្ឋ​ប្រព្រឹត្តិបទល្មើស​នៅក្នុងតំបន់ការពារធម្មជាតិ។ជាមួយគ្នានេះ អាជ្ញាធរថ្នាក់ក្រោមជាតិ បានលើកឡើងដែរថា បន្ទាប់ពីទទួលបានផែន​ទីពីក្រសួងបរិស្ថាន ក្រុមការងារនឹងចុះទៅផ្សាយនៅមូលដ្ឋានប្រជាពលរដ្ឋ​រស់​នៅក្បែរតំបន់ការពារធម្មជាតិឱ្យពួកគេបានដឹង។ហើយផែនទីនេះ មានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ក្រៅពីនេះ អាជ្ញាធរក៏​បានប្តេជ្ញាថា នឹងទប់ស្កាត់បទល្មើសផ្សេងៗ មិនឱ្យកើតមាន​នៅតំបន់ការពារធម្មជាតិ។គិតត្រឹមឆ្នាំ២០២៣ តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា មានចំនួន៧៣តំបន់ គ្រប់ដណ្តប់​លើផ្ទៃដីប្រមាណ៧លាន ៤៦ពាន់ហិតា ​ស្មើនឹង៤០ភាគរយនៃផ្ទៃដីប្រទេស ដែលបច្ចុប្បន្ន​តំបន់​ការពារធម្មជាតិទាំងនោះ ត្រូវបានបែងចែកដូចជា៖ ឧទ្យាជាតិ ឧទ្យាជាតិសមុទ្រ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព ​តំបន់ការពារប្រើប្រាស់ច្រើនយ៉ាង​ តំបន់រាមសារ និងតំបន់បេតិកភណ្ឌជាតិ។នេះបើតាមរបាយការណ៍ពីក្រសួងបរិស្ថាន។គួរបញ្ជាក់ដែរថា ​តំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា បាននិងកំពុងរួមចំណែកយ៉ាងសំខាន់​ទ្រទ្រង់​ដល់វិស័យកសិកម្ម វិស័យឧស្សាហកម្ម​ និងផ្តល់ប្រភពថាមពល ដោយហេតុថា រាល់តំបន់ស្នួល ​និងតំបន់អភិរក្សទាំងអស់ គឺជាសសរ កន្លោង រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ ​និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈមុខងារ​នៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ​និងប្រភពធនធានជីវៈចម្រុះដែលមាននៅក្នុងតំបន់ការពារធម្មជាតិ៕ អត្ថបទ៖ទូច សោភ័ណ 

សហភាពអឺរ៉ុប ប្រកាសកិច្ចព្រមព្រៀងជនភៀសខ្លួន ១ពាន់លានអឺរ៉ូ ជាមួយប្រទេសលីបង់

2024/05/03 09:31:58 pm        107
គណៈកម្មការអឺរ៉ុប បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុលីបង់សរុបប្រហែល មួយពាន់លានអឺរ៉ូ (១,០៧ ពាន់លានដុល្លារ) ដើម្បីបញ្ឈប់លំហូរនៃជនភៀសខ្លួនពីប្រទេសស៊ីរីដែលកំពុងរស់នៅបច្ចុប្បន្ន ចូលទៅក្នុងសហភាពអឺរ៉ុប។ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅក្នុងទីក្រុងបេរូត ( Beirut) កាលពីថ្ងៃព្រហស្បតិ៍ថា៖«យើងនៅទីនេះជាលើកដំបូង និងសំខាន់បំផុតក្នុងការនិយាយថា សហភាពអឺរ៉ុបគាំទ្រយ៉ាងខ្លាំងដល់ប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន ហើយយើងចង់ពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់យើង» បន្ទាប់ពីពិភាក្សាមួយនាយករដ្ឋមន្ត្រីស្តីទីលោក Najib Mikati និងប្រធានាធិបតីកោះស៊ីប លោក Nikos Christodoulides។«ដើម្បីគូសបញ្ជាក់ការគាំទ្ររបស់យើង ខ្ញុំអាចប្រកាសកញ្ចប់ហិរញ្ញវត្ថុចំនួនមួយពាន់លានអឺរ៉ូសម្រាប់ប្រទេសលីបង់ដែលនឹងមាន ចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ ២០២៧»។លោកស្រី បាននិយាយថា៖«យើងចង់រួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសលីបង់ ជាដំបូងតាមរយៈការពង្រឹងសេវាកម្មមូលដ្ឋាន» ដោយបានចុះបញ្ជីការវិនិយោគលើវិស័យអប់រំ ការការពារសង្គម និងសុខភាព។«យើងនឹងជួយអ្នក នៅពេលអ្នកធ្វើកំណែទម្រង់សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ»។«សន្តិសុខ និងស្ថិរភាព ក៏ជាគន្លឹះសម្រាប់ការវិនិយោគទាំងនេះ។ យើងនឹងគាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់ និងឧត្តមសេនីយ៍ និងកងកម្លាំងសន្តិសុខផ្ទៃក្នុង។ នេះនឹងផ្តោតជាសំខាន់លើការផ្តល់ឧបករណ៍ និងការបណ្តុះបណ្តាល និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការគ្រប់គ្រងព្រំដែន»។

អធិការបតីអាល្លឺម៉ង់ បានទូរស័ព្ទទៅលោក ណេតាន់យ៉ាហ៊ូ ដើម្បីនិយាយអំពីចំណាប់ថ្នូរ និងបទឈប់បាញ់ហ្កាហ្សា

2024/05/03 09:18:44 pm        191
នៅក្នុងការពិភាក្សាមួយផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បាននិយាយតាមទូរស័ព្ទអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះលែងចំណាប់ថ្នូរទាំងអស់ និងទទួលបានបទឈប់បាញ់។អ្នកនាំពាក្យរងអាល្លឺម៉ង់លោក Wolfgang Büchner បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកទាំងពីរ ក៏បាននិយាយអំពីការកែលម្អបន្ថែមទៀតចំពោះជំនួយមនុស្សធម៌សម្រាប់ប្រជាជន នៅតំបន់ហ្កាហ្សា ហើយព័ត៌មានលម្អិតបន្ថែម មិនត្រូវបានបង្ហាញទេ។ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល នៅទីក្រុងគែរ ក្រុមហាម៉ាសដែលបានចាប់ពង្រត់មនុស្សប្រហែល ២៥០នាក់ពីអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ត្រូវបានបង្ហាញជាមួយនឹងសំណើសុំបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ ប៉ុន្តែពុំទាន់មានការឆ្លើយតបនៅឡើយ។ ចំណាប់ថ្នូរខ្លះ ត្រូវបានដោះលែងជាថ្នូរនឹងការដោះដូរមួយ ក្នុងខែវិច្ឆិកា ប៉ុន្តែគេមិនច្បាស់ថាប៉ុន្មាននាក់ដែលនៅសេសសល់ត្រូវបានឃុំឃាំង នៅមានជីវិតទេ។រហូតមកដល់ពេលនេះ អង្គការឥស្លាមនិយម បានទទូចលើការបញ្ចប់សង្រ្គាម និងការដកទ័ពអ៊ីស្រាអែល ជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរ ប៉ុន្តែអ៊ីស្រាអែល បដិសេធចំពោះការទាមទារនេះ។រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងបើកការវាយលុកដ៏ចម្រូងចម្រាសរបស់ខ្លួននៅទីក្រុងរ៉ាហ្វា (Rafah)ភាគខាងត្បូងជាប់ព្រំដែនជាមួយអេហ្ស៊ីប ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចនោះ។សង្រ្គាមនៅតំបន់ហ្គាហ្សា ត្រូវបានបង្កឡើងដោយការសម្លាប់រង្គាលដែលមិនធ្លាប់មានពីមុនមក ដោយមនុស្សជាង ១.២០០ នាក់ ត្រូវបានសម្លាប់ដោយភេរវករហាម៉ាស និងក្រុមផ្សេងទៀត នៅក្នុងប្រទេស អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

សហរដ្ឋអាមេរិកត្រៀមដាក់ទណ្ឌកម្មលើការផ្ទេរអាវុធ និងឥន្ធនៈ រវាងរុស្ស៊ី និងកូរ៉េខាងជើង

2024/05/03 09:03:09 pm        164
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) បាននិយាយថា សហរដ្ឋអាមេរិកកំពុងរៀបចំទណ្ឌកម្មសម្របសម្រួលប្រឆាំងនឹងការផ្ទេរអាវុធ និងប្រេងចម្រាញ់ រវាងរុស្ស៊ី និងកូរ៉េខាងជើង។យោងតាមលោក Miller សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសអូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន នូវ៉ែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងចក្រភពអង់គ្លេស ដើម្បីប្រកាសពីការដាក់ទណ្ឌកម្មសម្របសម្រួលថ្មី។រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអះអាងរបស់លោកខាងលិច ដែលថា ខ្លួនកំពុងសហការយោធាជាមួយកូរ៉េខាងជើង គឺជាការលើកឡើងមិនត្រឹមត្រូវនោះឡើយ ហើយបាននិយាយថា ទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងព្យុងយ៉ាងមិនសំដៅប្រឆាំងនឹងប្រទេសទី៣ ឬគំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់នោះទេ។តែយ៉ាងណាក្ដី សេតវិមានបានឲ្យដឹងថា រុស្ស៊ីបានដឹកជញ្ជូនប្រេងចម្រាញ់ដោយស្ងាត់ៗទៅកូរ៉េខាងជើង ក្នុងកម្រិតដែលទំនងជាបំពានលើច្បាប់កំណត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN)។ការលាតត្រដាងនេះបានកើតឡើងនៅថ្ងៃដំបូងបន្ទាប់ពីក្រុមអ្នកជំនាញរបស់ UN ដែលត្រួតពិនិត្យការអនុវត្តទណ្ឌកម្មរបស់ UN ជាយូរមកលើកូរ៉េខាងជើង សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ ត្រូវបានរំសាយក្រោយមានការវេតូរបស់រុស្ស៊ី៕

របបយោធាមីយ៉ាន់ម៉ា ហាមពួកបុរសៗមិនឲ្យដាក់ពាក្យធ្វើការ នៅក្រៅប្រទេស

2024/05/03 07:08:45 pm        142
រដ្ឋាភិបាលរបស់សហភាពមីយ៉ាន់ម៉ា បានផ្អាកការចេញលិខិតអនុញ្ញាតឲ្យពួកបុរសទៅធ្វើការ នៅក្រៅប្រទេស ដោយការសម្រេចនេះកើតមានឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រទេសនេះបានដាក់ចេញច្បាប់កាតព្វកិច្ចយោធា ដែលនាំឲ្យមនុស្សរាប់ពាន់នាក់ព្យាយាមចាកចេញពីប្រទេស។តាមរយៈសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះដោយក្រុមព័ត៌មានរបស់របបយោធា កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) ក្រសួងការងារបានឲ្យដឹងថា ខ្លួនបាន «ផ្អាកជាបណ្តោះអាសន្ន» មិនទទួលយកពាក្យសុំពីពួកបុរសដែលមានបំណងទៅធ្វើការនៅបរទេស។ ក្រសួងបានបន្ថែមថា វិធានការនេះ គឺដើម្បី «មានពេលវេលាបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ដំណើរការចាកចេញ និងយោងទៅតាមបញ្ហាផ្សេងទៀត»។ តែយ៉ាងណាក្ដី មិនមានការផ្ដល់ព័ត៌មានលម្អិតនោះឡើយ។គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីពួកយោធាបានកាន់កាប់ប្រទេស នៅឆ្នាំ២០២១ ដោយការដណ្ដើមអំណាចនោះបង្កឲ្យមានការប្រឆាំងប្រដាប់អាវុធដ៏ធំ ដែលមកទល់ពេលនេះ ពួកយោធាមិនអាចយកឈ្នះបានឡើយ។ កាលពីខែកុម្ភៈ រដ្ឋាភិបាលយោធាបាននិយាយថា ខ្លួននឹងអនុវត្តច្បាប់ដែលអនុញ្ញាតឲ្យកោះហៅបុរសទាំងអស់ដែលមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣៥ឆ្នាំ និងស្ត្រីដែលមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ២៧ឆ្នាំ ដើម្បីឲ្យចូលបម្រើជួរយោធាយ៉ាងហោចណាស់ ២ឆ្នាំ៕

របាយការណ៍៖ មេដឹកនាំក្រុមហាម៉ាស អំពាវនាវឲ្យមានការផ្លាស់ប្តូរសំណើកិច្ចព្រមព្រៀងចំណាប់ថ្នូរ

2024/05/03 07:05:13 pm        135
មេដឹកនាំនៃអង្គការឥស្លាមនិយមប៉ាឡេស្ទីនហាម៉ាស( Hamas) នៅតំបន់ហ្កាហ្សាស្ទ្រីប លោក យ៉េយ៉ា អាល់ស៊ីនវ៉ា (Yehya al-Sinwar) នៅតែទាមទារចំនួនបីចំណុច នៅក្នុងការសំណើចរចាបច្ចុប្បន្នសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយ។ប្រភពស្និទ្ធនឹងមេដឹកនាំហាម៉ាស បានប្រាប់ស្ថានីយទូរទស្សន៍អ៊ីស្រាអែល Channel 12 កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា លោក បន្តទាមទារឲ្យមានការបញ្ចប់សង្រ្គាម។ រហូតមកដល់ពេលនេះ អ៊ីស្រាអែល បានបដិសេធចំពោះការទាមទារនេះ។តាមសេចក្តីរាយការណ៍ លោក អាល់ស៊ីនវ៉ា ចង់បានការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរសម្រាប់ «ការបញ្ចប់ការប្រយុទ្ធដោយគ្មានលក្ខខណ្ឌ»។យោងតាមប្រព័ន្ធផ្សព្វផ្សាយនេះ លោក អាល់ស៊ីនវ៉ា ក៏កំពុងទាមទារឲ្យអ៊ីស្រាអែលឈប់រារាំងការវិលត្រឡប់ទៅកាន់តំបន់វេសបែង (West Bank) របស់អ្នកទោសប៉ាឡេស្ទីន ដែលត្រូវដោះលែងជាថ្នូរនឹងចំណាប់ថ្នូរ ដែលត្រូវបានចាប់ពង្រត់ពីអ៊ីស្រាអែល។យោងតាមសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងមួយ អ៊ីស្រាអែលចង់បញ្ជូនអ្នកដែលជាប់ទោសមួយជីវិតទៅតំបន់ហ្កាហ្សាស្ទ្រីប ឬ ទៅបរទេស។លើសពីនេះទៅទៀតនោះ មេដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ចង់បានព័ត៌មានលម្អិតនៃសម្ភារៈដែលអ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យបញ្ជូនទៅកាន់តំបន់ឆ្នេរនេះសម្រាប់ការកសាងឡើងវិញ។

ទួរគី ផ្អាកពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ជុំវិញស្ថានភាពមនុស្សធម៌នៅហ្កាហ្សា

2024/05/03 06:16:48 pm        98
ក្រសួងពាណិជ្ជកម្មប្រទេសទួរគី និយាយថា ប្រទេសនេះ បានផ្អាកពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអ៊ីស្រាអែល ដោយលើកឡើងពីអ្វីដែលខ្លួនចាត់ទុកថាជាសោកនាដកម្មមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។សេចក្តីប្រកាស កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា វិធានការនេះនឹងបន្តរហូតដល់អ៊ីស្រាអែល អនុញ្ញាតឱ្យជំនួយមនុស្សធម៌គ្រប់គ្រាន់ បានចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan កំពុងបិទកំពង់ផែសម្រាប់ការនាំចូល និងការនាំចេញរបស់អ៊ីស្រាអែល។ លោក Katz និយាយថា លោកបានណែនាំមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ ឱ្យបង្កើតជម្រើសសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសទួរគី ដោយផ្តោតលើការផលិតក្នុងស្រុក និងការនាំចូលពីប្រទេសផ្សេងៗទៀត។តួលេខពីការិយាល័យស្ថិតិកណ្តាលរបស់ប្រទេសអ៊ីស្រាអែល បង្ហាញថា ការនាំចូលរបស់ប្រទេសអ៊ីស្រាអែល ពីប្រទេសទួរគី ក្នុងឆ្នាំ២០២៤ មានចំនួន ៤,៦ពាន់លានដុល្លារ ជាចំនួនច្រើនបំផុតទី៥ បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសពីរផ្សេងទៀត។ រដ្ឋាភិបាលទួរគី បានដាក់ការរឹតត្បិតលើការនាំចេញទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីខែមេសា ដោយប៉ះពាល់ដល់ផលិតផលចំនួន ៥៤ប្រភេទ រួមទាំងដែកថែប និងស៊ីម៉ងត៍។

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍​មួយចំនួន​ដល់ក្រសួងព័ត៌មាន និងអ្នកព័ត៌មាន

2024/05/03 04:28:28 pm        195
ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំ​នឹង​តម្រូវ​ការ​ច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្នុងវិស័យព័ត៌មាន និង​សោតទស្សន៍​ឆ្លើយតប​នឹង​ការ​វិវត្ត​នៃ​សង្គម​ជាតិ​នោះ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​សូមផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ជូន​ក្រសួង​ព័ត៌មាន និង​អ្នកសារព័ត៌មានឲ្យយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសារព័ត៌មាន។ក្នុងសារលិខិតនាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ««សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃ​វិបត្តិ​បរិស្ថាន» សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​ក្រសួងព័ត៌មាន​គប្បី​លើក​កម្ពស់​សមត្ថភាព​អ្នក​សារព័ត៌មាន តាមរយៈ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​រក្សា​នូវ​ក្រម​សីលធម៌ និង​គុណ​ភា​​ពការងារ។បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋាន​គតិយុត្ត​ទាំងឡាយ​ដែល​នៅ​ជា​ធរមាន​ ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គម និង​ត្រូវ​លើក​កម្ពស់​ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរក្សា​សណ្តាប់​ធ្នាប់​ នៃ​វិជ្ជាជីវៈ​ឱ្យ​បាន​ត្រឹម​ត្រូវ​។​ រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌ អ្នក​សារព័ត៌មាន ដែលជា​ការ​លើក​កម្ពស់​តម្លៃ​ នៃ​វិជ្ជាជីវៈ​។ រៀបចំ​កំណត់​គោលការណ៍​ណែនាំ​ស្តីពី​ការ​ផលិត​មាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុប​បំបាត់​ភាព​អាណា​ធិបតេយ្យ​លើ​បណ្តាញសង្គម និងរៀបចំមូលនិធិគាំទ្រដំណើរការកសាង និង​អភិវឌ្ឍ​សមត្ថភាព​របស់​សមាជិក​សមាគមអ្នក សារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈ ជាដើម។នាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ដែរ​សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បាន ផ្តល់អនុសាសន៍មួយចំនួនដល់បងប្អូនអ្នកសារព័ត៌មាន ដោយ​ក្នុងនោះសម្តេចធិបតី បានលើកឡើងថា បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមបន្តចូលរួម​ថែ​រក្សា​សុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការ​អនុវត្ត​ច្បាប់​ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រក​ក្រោម​ស្លាក​សារព័ត៌មាន។ត្រូវផ្តល់​ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និង​ផ្សព្វផ្សាយ​រាល់​គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទៅកាន់ប្រជា ពលរដ្ឋ និង​នាំ​ព័ត៌មាន​ពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបាន ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។ ផ្សព្វ​ផ្សាយ​អប់រំ​ដល់​សាធារណ​ជន​អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការ​ជួញ​ដូរ​មនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់​ធ្នាប់​សង្គម​។សម្តេចធិបតីបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ បន្តចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាព​វឹក​វរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយ​ព័ត៌មាន​ពិត ​មានតុល្យភាព គ្រប់ជ្រុង ជ្រោយ។ និងបណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យា​នុភាព​ស្ថាប័​ន​សារ​ព័ត៌មានផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ
08/13/2026 05:08 PM
គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ
08/13/2026 05:08 PM
កម្ពុជាបើម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិលើកទី១០
08/13/2026 05:08 PM
ទូរទស្សន៍៖ ប្រសិនបើការបិទច្រកសមុទ្រហ័រមូសបន្តយូរ សេដ្ឋកិច្ចអង់គ្លេសនៅឆ្នាំ ២០២៧ អាចមានកំណើនតិចតួចបំផុត
08/13/2026 05:08 PM
ប្រទេសជាប់ឆ្នេរសមុទ្រកាសព្យែន ត្រូវតែទប់ស្កាត់ការប៉ុនប៉ងធ្វើឲ្យស្ថានការណ៍នៅសមុទ្រនេះកាន់តែតានតឹង
08/13/2026 05:08 PM
សហរដ្ឋអាមេរិក​លើក​ឡើង​​ពី​លទ្ធភាព​នៃ​ការ​វាយប្រហារ​រួមគ្នា ​លើ​ក្រុម​ប្រដាប់អាវុធ​កូឡុំប៊ី
08/13/2026 05:08 PM
មេដឹក​នាំ​រុស្ស៊ី លោក Putin ទៅមើល​​កោះដែលជប៉ុនទាមទារជាលើកដំបូង ខណៈ​ទីក្រុង​តូក្យូតវ៉ា
08/13/2026 05:08 PM
បច្ចុប្បន្នដំរីអាស៊ីនៅក្នុងព្រៃកម្ពុជាមានចន្លោះពី ៤០០ ទៅ ៦០០ក្បាល ខណៈដំរីស្រុកមានជាង ៧០ ក្បាលប៉ុណ្ណោះ
08/13/2026 05:08 PM
លោក Putin លើកឡើងថា ការប៉ុនប៉ងរបស់ណាតូ និងជប៉ុន បង្កការគំរាមកំហែងដល់សន្តិសុខ
08/13/2026 04:08 PM
គណៈទន្តពេទ្យកម្ពុជា រម្លឹកគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ដល់អតិថិជន ដើម្បីចៀសវាងការកើតមានបណ្តឹង
08/13/2026 04:08 PM