សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ហ្សេឡិនស្គី៖ យើងត្រូវតែបង្កើនល្បឿននៃការបញ្ជូនសព្វាវុធសម្រាប់ទាហានជួរមុខ

2024/05/01 07:50:03 pm        243
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែន ត្រូវការ «ការបង្កើនល្បឿនដ៏សំខាន់»ក្នុងការបញ្ជូនសព្វាវុធពីដៃគូរបស់ខ្លួន ដើម្បីឲ្យកងទ័ពរបស់ខ្លួនប្រឈមមុខនឹងការជំរុញកងទ័ពរុស្ស៊ីក្នុងតំបន់ជាច្រើននៅជួរមុខ។លោក ហ្សេឡិនស្គី បានធ្វើអត្ថាធិប្បាយរបស់ខ្លួននៅក្នុងវីដេអូពេលយប់ ចំពេលមានការទទួលស្គាល់ពីមេបញ្ជាការជាន់ខ្ពស់របស់លោកថា កងកម្លាំងរបស់អ៊ុយក្រែន បានដកថយពីភូមិនានា នៅក្នុងផ្នែកខ្លះនៃការប្រឈមមុខដ៏ក្តៅបំផុត នៅក្នុងសង្គ្រាមដែលមានរយៈពេលពីរឆ្នាំហើយនោះ។លោក បាននិយាយថា៖«យើងត្រូវការការបង្កើនល្បឿនដ៏សំខាន់នៃការផ្គត់ផ្គង់ ដើម្បីបង្កើនសមត្ថភាពរបស់ទាហានរបស់យើង»។លោកបានចង្អុលបង្ហាញជាពិសេសចំពោះការបញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការធ្លាក់ចុះនៃការផ្គត់ផ្គង់រយៈពេល ៦ខែ ដែលមានសារៈសំខាន់ ក្នុងការកែតម្រូវស្ថានភាព នៅចំណុចសំខាន់ៗ នៅក្នុងជួរមុខចម្ងាយ ១.000 គីឡូម៉ែត្រ (៦០០ ម៉ាយ)។លោក ហ្សេឡិនស្គី បានបន្តថា៖ «យើងពឹងផ្អែកខ្លាំងណាស់លើការបញ្ជូនសព្វាវុធភ្លាមៗពីសហរដ្ឋអា មេរិក»។

អឺរ៉ុប បើកការស៊ើបអង្កេតលើក្រុមហ៊ុន Meta ជុំវិញការព្រួយបារម្ភព័ត៌មានមិនពិត

2024/05/01 07:31:44 pm        273
សហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតលើក្រុមហ៊ុន Meta ដែលជាម្ចាស់ក្រុមហ៊ុន Facebook និង Instagram។ មន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានយក្សមួយនេះ ប្រហែលជាពុំបានធ្វើអ្វីឲ្យគ្រប់គ្រាន់ដើម្បីការពារអ្នកប្រើប្រាស់ពីការផ្សាយព័ត៌មានមិនពិត។គណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់សហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Meta អាចនឹងបំពានច្បាប់សេវាកម្មឌីជីថល ដែលតម្រូវឱ្យអាជីវកម្មមានចំណាត់ការប្រឆាំងទៅនឹងខ្លឹមសារខុសច្បាប់។ អ្នកបំពាន អាចត្រូវបានផាកពិន័យរហូតដល់ ៦ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ។គណៈកម្មាការ បានសង្ស័យថាក្រុមហ៊ុន Meta ថាពុំបានដាក់ការការពារឲ្យបានគ្រប់គ្រាន់ប្រឆាំងការផ្សាយពាណិជ្ជកម្មឆរបោក និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។ គណៈកម្មការ ក៏មានការព្រួយបារម្ភផងដែរអំពីកង្វះការបង្ហាញពិតប្រាកដដែលមានប្រសិទ្ធភាព និងឧបករណ៍ត្រួតពិនិត្យក្នុងការបោះឆ្នោត។វិធានការនេះ ធ្វើឡើងនៅមុនពេលការបោះឆ្នោតនៅខែមិថុនាសម្រាប់សភាអឺរ៉ុប។ អ្នកសង្កេតការណ៍មួយចំនួន ព្រួយបារម្ភពីភ្នាក់ងារបរទេស រួមទាំងអ្នកមកពីប្រទេសរុស្ស៊ី ដែលអាចជ្រៀតជ្រែកក្នុងការបោះឆ្នោត។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ប្រសិនបើមន្ត្រីសង្ស័យថាមានការរំលោភបំពាន ពួកគេនឹងមានចំណាត់ការ ជាពិសេសនៅក្នុងពេលនៃការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។

អ្នកគាំទ្រ លោក Trump មកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ អំឡុងពេលជម្រះក្តីនៅក្រុងញូវយ៉ក

2024/05/01 06:03:29 pm        156
អ្នកគាំទ្រ លោក ដូណាល់ត្រាំ ជាង២០នាក់បានមកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ កាលពីថ្ងៃអង្គារ ដោយស្រែកហៅឈ្មោះរបស់លោក និងគ្រវីបដា ដែលមានអំណានថា «TRUMP 24» ។អង្គការសាធារណៈក្នុងស្រុកមួយ បានអំពាវនាវឱ្យអ្នកគាំទ្រស្ងប់ស្ងាត់បន្ទាប់ពី លោក Trump បានត្អូញត្អែរថាពុំមានមនុស្សច្រើនគ្រប់គ្រាន់ក្នុងការតវ៉ាទៅនឹងការជម្រះក្តីនេះទេ។នាង Bernard Chow ប្រជាជនទីក្រុងញូវយ៉ក បាននិយាយថា សហរដ្ឋអាមេរិក និងទីក្រុងញូវយ៉កអាចប្រើប្រាស់ឲ្យមានការផ្លាស់ប្តូរ។ ប្រទេសរបស់យើងនឹងក្ស័យធនពិតប្រាកដក្នុងពេលឆាប់ៗនេះ លុះត្រាណាតែមាននរណាម្នាក់នឹងធ្វើអ្វីមួយអំពីរឿងនេះ ហើយយើងជឿថា លោក Trump នឹងជាអ្នកដែលនៅទីនោះ ដើម្បីធ្វើអ្វីមួយចំពោះការក្ស័យធននេះ។វាគ្រាន់តែជារឿងដ៏អាក្រក់ ក្រោមការដឹកនាំរបស់ លោក Joe Biden យើងចាំបាច់ត្រូវតែឲ្យលោកចាកចេញ។ នាងបាននិយាយថា យាយតារបស់នាង ដែលជាអ្នកប្រជាធិបតេយ្យពេញមួយជីវិត នឹងបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ នៅឆ្នាំនេះ។

កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់កាតាក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស កំពុងរងការរិះគន់

2024/05/01 05:56:09 pm        121
នៅពេលដែលមន្ត្រីអាមេរិក ត្រូវការចរចាជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់សង្រ្គាមអាហ្វហ្គានីស្ថាន ពួកគេបានងាកទៅរកប្រទេសកាតា។ជាមួយនឹងរុស្ស៊ីបន្តយុទ្ធនាការរបស់ខ្លួន នៅអ៊ុយក្រែន កាតាបានក្លាយជាអ្នកសម្របសម្រួលដ៏សំខាន់សម្រាប់អ្វីដែលជាការទំនាក់ទំនងដ៏តិចតួចរវាងភាគីទាំងពីរ។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសវាលខ្សាច់ដ៏តូចមួយនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគម្រោងអចលនទ្រព្យ ដែលកំពុងរីកចម្រើន ជាមួយនឹងប្រាក់ចំណូលពីតំបន់ឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក។ ប្រទេសនេះ ក៏ជាទីតាំងនៃមូលដ្ឋានទ័ពអាកាសដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ាផងដែរ។ប៉ុន្តែកាន់តែខ្លាំងឡើងក្នុងអំឡុងពេល៦ខែនៃសង្រ្គាមនៅតំបន់ហ្កាហ្សា តួនាទីរបស់កាតាជាអ្នកសម្រុះសម្រួល បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត។ទីក្រុងដូហា បានទទួលជោគជ័យមានកម្រិតក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលជំរុញឲ្យមានការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាមេរិក និង មន្ត្រីអ៊ីស្រាអែល។កិច្ចចរចាបទឈប់បាញ់ជុំថ្មី នៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ មានអេហ្ស៊ីប ជំនួសឲ្យប្រទេសកាតា ក្នុងតួនាទីដឹកនាំកិច្ចការនេះ។ប្រទេសកាតា និយាយថា ខ្លួនកំពុងវាយតម្លៃឡើងវិញនូវតួនាទីរបស់ខ្លួន។ នៅចុងសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Majed Al-Ansari បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីស្រាអែលថា កាតាររំពឹងថា នឹងមាន «ការប្តេជ្ញាចិត្តកាន់តែច្រើន និងកាន់តែមានភាពហ្មត់ចត់» នៅក្នុងការចរចាពីភាគីទាំងពីរ។

អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យលោក បៃដិន ផ្អាកបញ្ជូនសព្វាវុធទៅអ៊ីស្រាអែលជាបន្ទាន់

2024/05/01 05:53:12 pm        149
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)ក្នុងសប្តាហ៍នេះ បានអំពាវនាវឲ្យលោកប្រធានាធិបតី បៃដិន (Biden) ផ្អាកជាបន្ទាន់នូវការបញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលអង្គការនេះ បានបន្តការចោទប្រកាន់ថា យោធាអ៊ីស្រាអែល កំពុងបំពានច្បាប់អន្តរជាតិ។អង្គការលើកលែងទោសនេះ បាននិយាយនៅក្នុងការបង្ហោះកាលពីថ្ងៃចន្ទថា ការស្រាវជ្រាវថ្មីដែលផ្តល់ដល់រដ្ឋបាលលោក បៃដិន បានរៀបរាប់លម្អិតអំពីអាវុធដែលអាមេរិកផ្គត់ផ្គង់ដល់អ៊ីស្រាអែល «ត្រូវបានប្រើប្រាស់ នៅក្នុងការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ និងក្នុងលក្ខណៈដែលមិនស្របនឹងច្បាប់ និងគោលនយោបាយរបស់សហរដ្ឋអាមេរិក»។លោកស្រី អាម៉ានដា ក្លាស៊ីង (Amanda Klasing) ប្រធានផ្នែកទំនាក់ទំនងរដ្ឋាភិបាលជាមួយអង្គការលើកលែងទោសអន្តរជាតិសហរដ្ឋអាមេរិក បានថ្លែងថា៖ វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលរដ្ឋបាលលោក បៃដិន បន្តប្រកាន់ភ្ជាប់ថា រដ្ឋាភិបាលអ៊ីស្រាអែល មិនបំពានច្បាប់មនុស្សធម៌អន្តរជាតិជាមួយនឹងអាវុធ ដែលផ្តល់ដោយសហរដ្ឋអាមេរិក នៅពេលដែលការស្រាវជ្រាវរបស់យើងបានបង្ហាញផ្ទុយពីនេះទៅវិញ ហើយអ្នកជំនាញច្បាប់អន្តរជាតិ ក៏មិនយល់ស្របដែរ។លោកស្រី ក្លាស៊ីង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកប្រធានាធិបតី បៃដិន ត្រូវតែបញ្ចប់ការអនុលោមរបស់សហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលដែលមានការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែល ហើយផ្អាកជាបន្ទាន់នូវការបញ្ជូនអាវុធទៅឲ្យរដ្ឋាភិបាលអ៊ីស្រាអែល»។ការអំពាវនាវរបស់អង្គការនេះ បានធ្វើឡើង នៅពេលដែលសេតវិមានប្រឈមនឹងកាលបរិច្ឆេទកំណត់ថ្ងៃទី ៨ ឧសភា ដើម្បីបញ្ជាក់ដល់សភាថា អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិកដល់អ៊ីស្រាអែល កំពុងត្រូវបានប្រើប្រាស់ស្របតាមច្បាប់អន្តរជាតិ ដោយមានរបាយការណ៍មួយចំនួនបង្ហាញថា មានការខ្វែងគំនិតគ្នា នៅក្នុងក្រសួងការបរទេសអាមេរិកលើបញ្ហានេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅក្រុមជ្រុលនិយមថា ករណីផ្ទុះគ្រាប់នៅកំពង់ស្ពឺ ជាបញ្ហាបច្ចេកទេសមិនមែនទ័ពធ្វើការបះបោរនោះឡើយ

2024/05/01 05:37:00 pm        130
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅក្រុមបក្សពួកជ្រុលនិយម ឬក្រុមឧទ្ទាមក្រៅច្បាប់ថា ករណីផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ កាលពីកន្លង ទៅថ្មីៗនេះ ហើយបានបណ្តាលឲ្យយោធិនពលីជីវិតចំនួន២០នាក់ យ៉ាងសោកសង្រែកនោះ គឺកើតឡើងដោយសារបញ្ហាបច្ចេកទេស មិនមែនទ័ពធ្វើការប៉ះបោរដូចការប្រឌិតរឿង​របស់ជនក្បត់ជាតិ​បីជំនាន់ សម រង្ស៊ីនោះឡើយ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ​នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រតិកម្មតបទៅកាន់ទណ្ឌតិក្បត់ ជាតិបីជំនាន់ សម រង្ស៊ីថា ករណីផ្ទុះគ្រាប់នៅយោធ​ភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចក្រុមប្រឆាំងបំផ្លើសនោះទេ ហើយចំពោះបញ្ហានេះ សម្តេចក៏បានណែនាំ ឲ្យរដ្ឋមន្រ្តីក្រសួង​ការពារជាតិកម្ពុជាធ្វើការឆ្លើយបំភ្លឺ និងឆ្លើយតបរួចទៅហើយដែរ ប៉ុន្តែទោះជាយ៉ាងណា សម្តេចធិបតី​មានការហួសចិត្តចំពោះទណ្ឌិតក្បត់ជាតិរូបនេះដែលហ៊ានធ្វើខណៈគេកំពុងកើតទុក្ខនិង មានសេចក្តីរន្ធត់​ចំពោះឧបទ្ទវហេតុមួយនេះ។សូមបញ្ជាក់ថា ក្រោយពីទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានសរសេរថាករណីផ្ទុះគ្រាប់នៅ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ជាករណីកងទ័ពបះបោរនោះ ត្រូវបានអ្នក នាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាធ្វើការទាត់ចោលភ្លាមៗផងដែរ ដោយក្រសួងការពារជាតិបានហៅ ការប្រឌិតរឿងរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់នេះ ជាការញុះញង់ បំផ្លិចបំផ្លាញ ប្រឆាំងចំពោះសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទាំងមូល។ ជាមួយគ្នានោះដែរ ក្រសួងការពារជាតិកម្ពុជា ក៏បានផ្តាំទៅទណ្ឌិត ក្បត់ជាតិបីជំនាន់ និង​បក្សពួកឲ្យបញ្ឈប់ការស្រមើរស្រមៃដ៏ឆ្កួតលីលារបស់ខ្លួនផងដែរ៕អត្ថបទបាន ចក់

សម្តេចធិបតីនាយករដ្ឋមន្រ្តីប្រកាសថា មិនមានការរៃអង្គាសលុយ ឬបង្កើតមូលនិធិ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោឡើយ

2024/05/01 05:32:28 pm        172
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា មិនមានការរៃអង្គាស លុយ ឬបង្កើតនូវមូលនិធិសម្រាប់យកទៅធ្វើព្រែកជីកហ្វូណនតេជោ នោះឡើយ ខណៈគម្រោងដ៏ធំដែលនឹងត្រូវចំណាយថវិកាជិតពីរពាន់លានដុល្លារនេះ រាជរដ្ឋាភិបាល នឹងសាងសង់ឡើងតាមរយៈប៊ីអូធី ពោលគឺចាប់ដៃគូជាមួយក្រុមហ៊ុនឯកជនរបស់បរទេស។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយ គម្រោងព្រែកជីកហ្វូណតេជោ នឹងត្រូវធ្វើឲ្យបានសម្រេច​ជោគជ័យជាដាច់ខាត ហើយការធ្វើនេះក៏មិនមែនខ្ចីលុយគេដែរ គឺរាជរដ្ឋាភិបាលចាប់ដៃគ្នាជាមួយ​ក្រុមហ៊ុន​ឯកជនរបស់ចិនដើម្បីធ្វើការវិនិយោគ។នៅក្នុងឱកាសនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានអះអាងជាថ្មីម្តងទៀតផងដែរថា គម្រោង ព្រែកជីកហ្វូណនតេជោ មិនមែនបម្រើតែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះទេ តែវាក៏ដើម្បី​បម្រើផលប្រយោជន៍ប្រទេសនៅក្នុងតំបន់ផងដែរ ​ជាពិសេសគឺប្រទេសក្បែរខាងកម្ពុជាតែម្តង។ឆ្លៀតក្នុងឱកាសខាងលើនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីក៏បានឆ្លើយតប និង ចំអក​ដល់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចផងដែរ ​ដែលប្រឆាំង ញុះញង់​និងរារាំងចំពោះ​គម្រោងព្រែកជីកហ្វូណនថាមិនអាចទៅរួច ឬបានសម្រេចតាម​មហិច្ឆតា​របស់ពួកផងខ្លួននោះឡើយ​ខណៈចលនាគាំទ្រពីសំណាក់មហាជនលើគម្រោងព្រែកជីកហ្វូណននេះ មានសន្ទុះយ៉ាង​ភ្លូក ទឹក​ភ្លូកដី​មិនថាពលរដ្ឋខ្មែរនៅក្នុង ស្រុកឬក្រៅស្រុកនោះឡើយ៕អត្ថបទ បាន ចក់

សម្ដេចធិបតីណែនាំឱ្យផ្អាកការសិក្សានៅតាមសាលារៀនតែម្ដង បើអាកាសធាតុក្ដៅលើស៤០អង្សា

2024/05/01 05:18:32 pm        169
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំទៅដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលបើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស៤០អង្សា គឺក្រសួងអប់រំអាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ។ក្នុងឱកាសនោះសម្ដេចធិបតី នាយកដ្ឋមន្រ្ដី ក៏បានដាក់ចេញនូវគោលការណ៍ដល់ក្រសួងស្ថាប័នជំនាញ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យក្នុងកាលៈទេសៈអាកាសធាតុឡើងកម្ដៅខ្លាំងបែបនេះ។ ក្នុងនោះសម្ដេចធិបតី បានបញ្ជាឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ក្នុងការត្រៀមទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។ សម្ដេចធិបតី បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា បើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស ៤០ អង្សា ក្រសួងអាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង មិនចាំបាច់ មានបទបញ្ជាបន្ថែមពីសម្ដេចទៀតនោះទេ។សូមជម្រាបថា ក្រោយអាកាសធាតុឡើងកម្ដៅខ្លាំងរហូតដល់ ៤០ អង្សា និងខេត្តខ្លះលើស ៤០ អង្សា ក្រសួងអប់រំ កាលពីថ្ងៃទី៣០ខែមេសាកន្លងទៅនេះ បានណែនាំទៅដល់ប្រធានមន្ទីរអប់រំ រាជធានី ខេត្ត គ្រឹះស្ថានអប់រំនីមួយៗមានសិទ្ធិសម្រេចដោយខ្លួនឯងនៅតាមគ្រឹះស្ថានសិក្សានីមួយ ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ៕អត្ថបទ៖ វ៉ន ដារ៉ា

ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ

2024/05/01 04:24:16 pm        165
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤។ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញគោលការណ៍ដល់ក្រសួងស្ថាប័នជំនាញត្រូវប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យក្នុងកាលទេសអាកាសធាតុឡើងកម្ដៅខ្លាំងបែបនេះ។ ក្នុងនោះសម្ដេចធិបតី បានបញ្ជាឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ក្នុងការត្រៀមទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើល បើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស ៤០អង្សា ក្រសួងអប់រំ អាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចបានបង្កើតក្រុមការងារអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្រ្ដីមួយ សម្រាប់តាមដាន ពិនិត្យការងារផ្សេងៗដែលបានដាក់ចេញហើយជាប់គាំង ឬមិនដំណើរការល្អ ដើម្បីជំរុញការងារនោះឱ្យសម្រេចបាន ឬក៏ត្រូវវះកាត់ចេញ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី ស្នើឱ្យកែលម្អប្រព័ន្ធផ្លូវរថភ្លើងទាំងអស់ ដើម្បី អាចឱ្យរថភ្លើងអាចបើកបានក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កំពង់ផែនៅខេត្តកំពត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសអរគុណជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញគាំទ្រយ៉ាងផុសផុលចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ»។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ផែនការលើក្រដាសវាគ្មានតម្លៃសម្រាប់យើងទេ ប៉ុន្ដែតម្លៃគឺស្ថិតនៅលើការចាត់តាំង និងអនុវត្តច្បាស់លាស់»។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីថា គម្រោងព្រែកជីកហ្វូណន តេជោ ដាច់ខាតត្រូវតែធ្វើឱ្យខាងតែបាន ហើយរាជរដ្ឋាភិបាលមិនទទួលយកថវិកាពីពលរដ្ឋដើម្បីយក មកជីកព្រែកនេះនោះឡើយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើម នៅក្នុងឆ្នាំ២០២៤ នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មានក្រុមប្រឆាំងជ្រុលនិយមមួយក្រុមនៅក្រៅប្រទេសកំពុងរៀបចំធ្វើ ចលនាប្រឆាំងមិនគាំទ្រចំពោះ«គម្រោងព្រែកជីកហ្វូណនតេជោ»។ សម្ដេចធិបតី បញ្ជាក់ថា ពួកអ្នកគិតខុស ហើយមិនជោគជ័យទេ ពីព្រោះពួកអ្នកប្រឆាំងការកសាង និងអភិវឌ្ឍន៍សមិទ្ធផជាផលប្រយោជន៍ជាតិ ដែលមានប្រជាពលរដ្ឋរាប់លាននាក់ទាំងក្នុង និងក្រៅប្រទេសបានគាំទ្រ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើ តែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះនោះទេ តែក៏ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ រួមទាំងវៀតណាម និងឡាវផងដែរ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវដល់ជនរួមជាតិទាំងអស់ សូមរួមសាមគ្គីគ្នាការពារផលប្រយោជន៍ជាតិ ការពារសន្តិភាព ការពារការរីកចម្រើនរបស់ជាតិ និងបញ្ជៀសកុំឱ្យ ធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាចជាថ្មី។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សូមកុំមានការបារម្ភព្រួយចំពោះគម្រោងព្រែក ជីកហ្វូណនតេជោ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធផ្លូវទឹកធម្មជាតិនោះអី ព្រោះថា ទឹកទន្លេមេគង្គ និង ទឹកទន្លេសាប ដែលបានហូរទៅសមុទ្ទដោយមិនមានរបាំងទប់នោះ គឺទឹកបានហូរក្នុងមួយវិនាទី មានចំនួនប្រមាណ ១៨០០០ ម៉ែត្រគូប ចំពោះគម្រោងព្រែកជីកហ្វូណនតេជោវិញ មានរបាំងការពារ ដែលអនុញ្ញាតឱ្យទឹកហូរទៅសមុទ្រក្នុងមួយវិនាទីត្រឹម ៣.៦ ម៉ែត្រគូបប៉ុណ្ណោះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំនេះរាជរដ្ឋាភិបាលបានវិនិយោគ និងដាក់គោលនយោបាយមួយចំនួនផ្ដោតទៅលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗចំនួន ៤៤ បានដាក់គម្រោងវិនិយោគឡើងវិញ ក្នុងនោះ ក្រុមហ៊ុនចំនួន ៨ បានឯកភាព និងចាប់ផ្ដើមដំណើរការឡើងវិញហើយ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវចេញ មកពន្យល់ជាបន្ទាន់ក្នុងនាមជំនាញ ដើម្បីពលរដ្ឋ និងសាធារណជនបានយល់ច្បាស់ពីការងារបច្ចេក ទេស ដើម្បីបញ្ជៀសការវាយប្រហារពីក្រុមអគតិ។

សម្តេចធិបតី៖ រាជរដ្ឋាភិបាលមាន​មហិច្ឆតាទាក់ទាញទាំងអ្នកវិនិយោគ និងបង្កើនភាពសុខសាន្តនៅគ្រប់ ទីតាំងសហគ្រាសទាំងអស់

2024/05/01 03:12:23 pm        131
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី នៃនីតិកាលទី៧ ក្នុងរដ្ឋសភានេះ មិនត្រឹមតែមានមហិច្ឆតា ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកបន្ថែមប៉ុណ្ណោះទេ គឺមានមហិច្ឆតាពង្រីក និងបង្កើនភាពសុខសាន្តជូនដល់បងប្អូនកម្មករ កម្មការិនីគ្រប់ទីតាំងនៃរោងចក្រសហគ្រាសទាំងអស់ ដោយគ្មានការរើសអើងផងដែរ។តាមរយៈសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមវិធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការ​អភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយ​ទៅជាចលនាជាតិមួយ ​នៅកន្លែងធ្វើការងារ ​ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករនិយោជិត និងនិយោជក ចូលរួមអនុវត្ត ដើម្បីបង្កើត បាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្ម​នៃទំនាក់ទំនងវិជ្ជាជីវៈ ​និងការទទួលខុសត្រូវផ្នែកសង្គម របស់សហគ្រាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា«រាជរដ្ឋាភិបាលមិនត្រឹមតែ​មានមហិច្ឆតា​ទាក់ទាញទុនវិនិយោគមកអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតសហគ្រាសនិងការងារ ជូនបងប្អូនប្រជាពលរដ្ឋ នោះទេ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង សហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ​ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាពផងដែរ»។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំដំបូង​នៃការ​អនុវត្តកម្មវិធីនយោបាយ ​និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ត្រូវបាន​ដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី​នយោបាយ និងការកែទម្រង់ស៊ីជម្រៅ ក្នុងគោលបំណងសម្រួលការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និង​ការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ​ឱ្យកាន់តែមានចំណូលខ្ពស់ការងារកាន់តែសមរម្យនិងសម្បូរបែប ដើម្បីឈានទៅ​សម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ជាលទ្ធផលក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,២ពាន់លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីចំនួនប្រមាណជា១០,៧ម៉ឺនកន្លែង។ ក្នុងត្រីមាសទី១ឆ្នាំ២០២៤ ដដែលនេះចំនួនសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពី ចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩សហគ្រាស (កើនឡើងចំនួន ២ ៨៧៤សហគ្រាស) ហើយចំនួន កម្មករនិយោជិត បានកើនពីចំនួន ១៧១៥ ០២៩នាក់ ដល់ចំនួន ១៧៩៣ ៤៦៧នាក់ (កើនឡើងចំនួន ៧៨ ៤៣៨ នាក់)។ទន្ទឹមនឹងនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលក៏បាន​បន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋាន ការងារ​អន្តរជាតិនានា។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះ​បញ្ជីកា អង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៣១៧ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២ សហព័ន្ធ​សហជីពមានចំនួន ២៨០ សហជីពមូលដ្ឋានមានចំនួន ៥ ៩៨៣ និងសមាគមនិយោជក​មានចំនួន១២។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់ ដំណើរ​ការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគី និងទទួលបានការគាំទ្រយ៉ាង​ទូលំទូលាយពី ភាគីពាក់ព័ន្ធកន្លងមក ដើម្បីឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលក្លាយទៅ​ជាស្ថាប័ន​មួយរឹងមាំ និងមានប្រភពមូលនិធិ មួយពិតប្រាកដតម្លាភាព ​និងអាចដំណើរការសកម្មភាពផ្សះផ្សា និងដោះស្រាយវិវាទការងារប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈកាន់តែខ្ពស់នៅកម្ពុជា៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM
លោក Ryabkov៖ រុស្ស៊ីមិនបានដឹងអំពីសំណើរបស់លោក ហ្សេឡិនស្គី ស្តីពីការដោះស្រាយបញ្ចប់ជម្លោះអ៊ុយក្រែនទេ
08/13/2026 07:08 PM
អ៊ីស្រាអែលបញ្ជូនកងទ័ពបន្ថែមទៅកាន់ភូមិមួយនៅតំបន់វេសបែងដែលត្រូវបានឡោមព័ទ្ធដោយអ្នកតាំង លំនៅឋានជ្វីហ្វ
08/13/2026 06:08 PM