សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ុយក្រែនដាក់ការបន្តឹងលើលិខិតឆ្លងដែន សម្រាប់បុរសដែលមានវ័យបម្រើយោធា

2024/04/25 09:52:32 pm        78
រដ្ឋាភិបាលអ៊ុយក្រែន បានដាក់ចេញនូវបទប្បញ្ញត្តិរឹតបន្តឹងបន្ថែមទៀតលើលិខិតឆ្លងដែនរបស់បុរសវ័យបម្រើយោធា ខណៈខ្លួនកំពុងស្វះស្វែងរកការដោះស្រាយកង្វះកងទ័ព ដោយបានអនុម័តច្បាប់រារាំងជាបណ្តោះអាសន្នដល់បុរសដែលមានអាយុចូលបម្រើយោធា ពីការដាក់ពាក្យសុំលិខិតឆ្លងដែននៅបរទេស។បទប្បញ្ញត្តិ និងការបំភ្លឺជាបន្តបន្ទាប់ពីក្រសួងការបរទេសអ៊ុយក្រែន ត្រូវបានប្រកាសកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានផ្អាកសេវាកម្មកុងស៊ុលសម្រាប់បុរសដែលមានអាយុពី ១៨ ទៅ ៦០ ឆ្នាំរហូតដល់ថ្ងៃទី១៨ ខែឧសភា។ក្រសួងការបរទេសបាននិយាយថា បេក្ខជនដែលចង់បានវិញ្ញាបនបត្រពិសេសដែលប្រកាសថាពួកគេចង់ត្រឡប់ទៅអ៊ុយក្រែនវិញ នឹងអាចទទួលបានជំនួយនៅស្ថានទូត និងស្ថានកុងស៊ុលនានា។ ការរឹតបន្តឹងនេះកើតឡើងស្របពេលច្បាប់ថ្មីស្តីពីការចល័តទ័ពជិតនឹងចូលជាធរមាន ដែលមានគោលបំណងបង្កើនចំនួនកងទ័ពតាមរយៈការលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត និងការដាក់ទណ្ឌកម្មសម្រាប់អ្នកដែលគេចខ្លួន។ បុរសជនជាតិអ៊ុយក្រែន ដែលមានអាយុបម្រើយោធារាប់សិបម៉ឺននាក់កំពុងរស់នៅបរទេស រួមទាំងការប៉ាន់ប្រមាណថាមាន ៨៦០.០០០ នាក់នៅក្នុងសហភាពអឺរ៉ុប ខណៈប្រទេសនេះប្រឈមនឹងកង្វះខាតកងទ័ពនៅក្នុងយុទ្ធនាការប្រឆាំងរុស្ស៊ី៕

លោក Blinken ជំរុញឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌លើក្រុមហ៊ុនអាមេរិក នៅប្រទេសចិន

2024/04/25 09:49:09 pm        213
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) នៅថ្ងៃព្រហស្បតិ៍ (២៥ មេសា) នេះបានអំពាវនាវដល់ប្រទេសចិន ឱ្យផ្តល់នូវការប្រកួតប្រជែងស្មើភាពមួយសម្រាប់អាជីវកម្មអាមេរិក ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចក្នុងគោលបំណងដោះស្រាយបញ្ហាដ៏ចម្រូងចម្រាស ដែលអាចបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងដែលទើបតែបានជួសជុលថ្មី។ដំណើរទស្សនកិច្ចរបស់លោក ប្លីងខិន គឺជាទំនាក់ទំនងកម្រិតខ្ពស់ចុងក្រោយបំផុតរវាងប្រទេសទាំងពីរ រួមជាមួយនឹងក្រុមការងារលើបញ្ហារាប់ចាប់ពីពាណិជ្ជកម្មសកល រហូតដល់ទំនាក់ទំនងយោធា ដែលបានធ្វើឱ្យមានវិបត្តិជាសាធារណៈ និងជំរុញឱ្យទំនាក់ទំនងធ្លាក់ចុះជាប្រវត្តិសាស្ត្រកាលពីដើមឆ្នាំមុន។ប៉ុន្តែទីក្រុង វ៉ាស៊ីនតោន និងទីក្រុង ប៉េកាំង មានជម្លោះកាន់តែខ្លាំងឡើងពីស្ថានភាពប្រតិបត្តិការដែលក្រុមហ៊ុនអាមេរិកធ្វើនៅក្នុងប្រទេសចិន, ការនាំចេញ និងសមត្ថភាពផលិតលើសចំណុះរបស់ចិន, រួមទាំងភាពតានតឹងជុំវិញការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះប្រទេសរុស្ស៊ី នៅក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។លោក ប្លីងខិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ស្វះស្វែងរកការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចប្រកបយុត្តិធម៌ និងភាពស្មើគ្នាសម្រាប់កម្មករ និងក្រុមហ៊ុនអាមេរិក ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន។ ចិនបានច្រានចោលការរិះគន់គ្មានមូលដ្ឋាន ដែលថាសមត្ថភាពផលិតរបស់ខ្លួនលើសចំណុះ ដោយបន្ថែមថា ឧស្សាហកម្មរបស់ចិនរាប់ចាប់ពីរថយន្តអគ្គិសនី រហូតដល់បន្ទះស្រូបពន្លឺព្រះអាទិត្យ (បន្ទះសូឡា) មានការប្រកួតប្រជែងស្មើភាព ក្នុងកម្រិតល្អប្រសើរ និងច្នៃប្រឌិត៕

កូរ៉េខាងជើង អំពាវនាវឲ្យមានភក្តីភាពចំពោះលោក គីម ជុងអ៊ុន ក្នុងខួបកងទ័ព

2024/04/25 09:08:41 pm        239
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើង កំពុងជំរុញឱ្យមានភក្ដីភាពចំពោះមេដឹកនាំ លោក គីម ជុងអ៊ុន ខណៈប្រទេសនេះប្រារព្ធខួបយោធាដ៏សំខាន់នៅថ្ងៃព្រហស្បតិ៍នេះ។ លោក គីម អ៊ីលស៊ុង ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្ន ត្រូវបានគេនិយាយថាបានបង្កើតកងទ័ពបដិវត្តន៍ប្រជាជនកូរ៉េ នៅអតីតតំបន់ម៉ាន់ជូរីយ៉ា(Manchuria) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៣២។សារព័ត៌មាន Rodong Sinmun របស់គណបក្សពលករ ដែលកំពុងកាន់អំណាច បានចេញវិចារណកថានៅទំព័រមុខ នៅថ្ងៃព្រហស្បតិ៍នេះ ដោយអំពាវនាវឱ្យមានភក្តីភាពចំពោះ មេបញ្ជាការយោធាកំពូល គឺ លោក គីម ជុងអ៊ុន(Kim Jong Un)។អត្ថបទនេះ បានបង្ហាញពីជំហរប្រឈមមុខដាក់គ្នាប្រឆាំងសហរដ្ឋអាមេរិកដោយនិយាយថា ប្រជាជន និងទាហានកូរ៉េខាងជើង កំពុងបំផ្លាញចក្រពត្តិនិយម។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានបញ្ជាក់លើភាពមនុស្សធម៌របស់ លោក គីម ផងដែរ។ ទូរទស្សន៍រដ្ឋ កំពុងចាក់ផ្សាយម្តងហើយម្តងទៀត នូវបទចម្រៀងថ្មីដែលសរសើរលោក Kim ថាជា «ឪពុកដែលមានមនុស្សធម៌»។ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានបង្ហាញការព្រួយបារម្ភអំពីសកម្មភាពនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង។ កាលពីថ្ងៃច័ន្ទ ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់គ្រាប់រ៉ុក្កែត ដែលពាក់ព័ន្ធនឹងអ្វីដែលគេហៅថា «គ្រាប់រ៉ុក្កែតធំអស្ចារ្យ»។ ក្រុមអ្នកសង្កេតការណ៍ និយាយថា ទីក្រុងព្យុងយ៉ាង អាចនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។

រដ្ឋបាលលោក Biden ពុំជឿជាក់ទាំងស្រុងថា អ៊ុយក្រែនអាចឈ្នះសង្រ្គាមរុស្ស៊ីទេ ទោះមានជំនួយថ្មីក៏ដោយ

2024/04/25 08:56:21 pm        289
ទោះបីជាពេលវេលា និងមូលធននយោបាយបានចំណាយលើជំនួយ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនក៏ដោយ ក៏ក្រុមមន្ត្រីរដ្ឋបាលរបស់លោក Biden មួយចំនួនបង្ហាញមន្ទិលថា ជំនួយនេះមិនគ្រប់គ្រាន់សម្រាប់ឲ្យអ៊ុយក្រែនអាចឈ្នះសង្រ្គាមដែលមានអាយុកាលពីរឆ្នាំរបស់ខ្លួនជាមួយរុស្ស៊ីនោះបានទេ ។ យោងតាមមន្ត្រីអាមេរិកបីរូបសុំមិនបញ្ចេញឈ្មោះ ស្ថានភាពក្នុងសមរភូមិ បានប្រែប្រួលច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មួយផ្នែកដោយសារតែអ៊ុយក្រែនមានអាវុធ និងគ្រាប់រំសេវតិច ខណៈសភាបានពិភាក្សាការផ្តល់ជំនួយបន្ថែមទៀត ។ក្នុងអំឡុងពេលនោះ អ៊ុយក្រែនបានតស៊ូរក្សាទឹកដីភាគខាងកើត បើទោះជារុស្ស៊ី មិនទាន់ដណ្ដើមបានភាគច្រើនក៏ដោយ។ រុស្ស៊ី នៅតែរមានកម្លាំងទ័ព និងសព្វាវុធបរិបូរណ៍ ហើយអ៊ុយក្រែននឹងត្រូវការពេលច្រើន អាចរាប់ខែ ឬរាប់ឆ្នាំ ដើម្បីវាយដណ្ដើមទឹកដីយកមកវិញពីកណ្ដាប់ដៃរបស់រុស្ស៊ី ។ក្រុមមន្ត្រីអាមេរិក ក៏សួរសំណួរអំពីយុទ្ធសាស្ត្រ និងអាទិភាពផ្ទាល់របស់អ៊ុយក្រែនដែរ ជាពិសេសបន្ទាប់ពីការវាយលុករបស់ទីក្រុង Kyiv បានបរាជ័យ ។ ម្នាក់ក្នុងចំណោមមន្ត្រីទាំង៣រូបនោះបាននិយាយថា គោលដៅភ្លាមៗគឺបញ្ឈប់ការខាតបង់របស់អ៊ុយក្រែន និងជួយអ៊ុយក្រែន ឱ្យមានសន្ទុះឡើងវិញ និងបង្វែរជំនោរនៅលើសមរភូមិ។ បន្ទាប់ពីនោះ គោលដៅគឺជួយអ៊ុយក្រែន ចាប់ផ្តើមដណ្តើមយកទឹកដីរបស់ខ្លួនឡើងវិញ។ នៅឯវិមានកាពីតូល ក្រុមសមាជិកសភាក៏កំពុងបង្ហាញការព្រួយបារម្ភផងដែរអំពីថាតើអាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិកបន្ថែមទៀតអាចនាំឱ្យអ៊ុយក្រែនយកឈ្នះរុស្ស៊ី ឬគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការវាយលុកជាបណ្តោះអាសន្ន ។ នោះគឺជាបញ្ហា៕

ការដណ្ដើមឥទ្ធិពលរវាងអាមេរិក និងចិន ឡើងកម្ដៅកាន់តែខ្លាំងក្នុងបណ្ដាប្រទេសនៅអាហ្វ្រិក

2024/04/25 08:52:58 pm        277
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ បាននិយាយថា ខណៈដែលគូប្រជែងប្រទេសមហាអំណាចពិភពលោករវាងចិន និងសហរដ្ឋអាមេរិក ឡើងកម្ដៅកាន់តែខ្លាំង បណ្ដាប្រទេសនៅអាហ្វ្រិក នឹងជ្រើសរើសដៃគូដ៏ត្រឹមត្រូវដែលនឹងផ្ដល់អត្ថប្រយោធន៍ដល់ពួកគេ មិនត្រឹមតែរយៈពេលខ្លីនោះទេ ថែមទាំងរយៈពេលវែងទៀតផង ។ ប្រទេសចិន កំពុងព្យាយាមដណ្ដើមឥទ្ធិពលនៅក្នុងទ្វីបអាហ្វ្រិក រយៈពេលជាច្រើនឆ្នាំមកនេះ ខណៈសហរដ្ឋអាមេរិក កំពុងសម្លឹងរកការបញ្ជាក់ឡើងវិញជាជម្រើសនៃដៃគូ។ លោក ជីលីត តេរី (Gilead Teri) ប្រធានមជ្ឈមណ្ឌលវិនិយោគតង់ហ្សានី ដែលជាទីភ្នាក់ងារមួយសម្រាប់ការពង្រឹង និងសម្របសម្រួលផ្នែកវិនិយោគនៅក្នុងប្រទេសតង់ហ្សានី បាននិយាយថា កាលពីជាង១០ឆ្នាំមុន ពីឆ្នាំ២០១៣ដល់ ២០២៣ ប្រទេសចិន បានវិនិយោគទំហំទឹកប្រាក់ជិត ១០ពាន់លានដុល្លារអាមេរិក ដែលជាមធ្យមមាចំនួន១ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ឧទាហរណ៍ ឧស្យានទំនាក់ទំនងឧស្សាហកម្មរវាងប្រទេសចិន និងតង់ហ្សានី មានប្រមាណ ៣ពាន់លានដុល្លារអាមេរិក គឺជាកំណើនដ៏ឆាប់រហ័ស។នៅពេលបានបញ្ចប់កាលពីឆ្នាំមុន គេរំពឹងថា នឹងបង្កើតការងារដោយផ្ទាល់និងប្រយោល ប្រមាណ៦០០.០០០កន្លែង។ ឧស្យានទំនាក់ទំនងឧស្សាហកម្មនេះ ត្រូវការធ្វើដំណើរប្រហែល៤ទៅ៤ម៉ោង ពីទីក្រុងដា រ៉េស សាអាឡាំ (Dar es Salaam) ដែលទីក្រុងធំបំផុតរបស់ប្រទេសនេះ ។ ឧស្យានទំនាក់ទំនងឧស្សាហកម្មនេះ ទទួលបានថវិកាយ៉ាងច្រើនតាមរយៈប្រាក់កម្ចីពីប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសតង់ហ្សានី ៕

អាមេរិក៖ អ៊ីស្រាអែលជំរុញឲ្យផ្តល់ភាពស្របច្បាប់ដល់ការតាំងទីលំនៅ នៅវេសបែង គឺគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ

2024/04/25 06:33:30 pm        369
ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃពុធក្នុងការឆ្លើយតបទៅនឹងរបាយការណ៍រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អ៊ីស្រាអែល លោក Bezalel Smotrich កំពុងជំរុញឲ្យធ្វើដូច្នេះថា ការផ្តល់ភាពស្របច្បាប់នៅដល់ការតាំងទីលំនៅ នៅតំបន់វេសបែង ( West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល នឹងមាន«គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ។សារព័ត៌មាន Times of Israel បានរាយការណ៍ថា លោក Smotrich ចង់ចាប់ផ្តើមដំណើរការធ្វើឲ្យស្របច្បាប់ដល់លំនៅឋានខុសច្បាប់ចំនួន ៦៨ នៅតំបន់វេសបែង ដោយហៅវាថា ជា«ការពង្រីកគួរឲ្យព្រួយបារម្ភបំផុត» សម្រាប់ចលនាតាំងទីលំនៅ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។អ្នកនាំពាក្យរងក្រសួងការបរទេសលោក Vedant Patel បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖«របាយការណ៍ទាំងនេះលើកឡើងអំពីការណែនាំ ដើម្បីគាំទ្រដល់លំនៅឋានខុសច្បាប់ នៅតំបន់វេសបែង យើងជឿថា វានឹងមានគ្រោះថ្នាក់ ហើយគ្មានការទទួលខុសត្រូវ»។លោកបាននិយាយថា សហរដ្ឋអាមេរិកប្រឆាំងនឹងការតាំងទីលំនៅនេះ ហើយជឿថា ពួកគេបំពានច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន «នឹងបន្តជំរុញឲ្យមន្ត្រីអ៊ីស្រាអែល បដិសេធមិនចាត់វិធានការ ដើម្បីផ្តល់មូលនិធិដល់ការតាំងទីលំនៅដែលខុសច្បាប់ជាយូរមកហើយ ក្រោមច្បាប់របស់អ៊ីស្រាអែល»។អ៊ីស្រាអែល បានតាំងទីលំនៅ នៅតំបន់វេសបែងយ៉ាងទូលំទូលាយ ចាប់តាំងពីឆ្នាំ ១៩៦៧ ដោយចាត់ទុកវា ជាតំបន់ភ្នំ Judea និង Samaria នៅក្នុងព្រះគម្ពីរ ហើយមានសារៈសំខាន់ចំពោះសន្តិសុខរបស់អ៊ីស្រា អែល។ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានជំរុញកំណើនការតាំងទីលំនៅ ដែលសហរដ្ឋអាមេរិក បានរិះគន់។

ឥណ្ឌូនេស៊ី ប្រកាសជាផ្លូវការថា លោក Prabowo Subianto គឺជាប្រធានាធិបតីថ្មី

2024/04/25 06:23:04 pm        373
គណៈកម្មាធិការរៀបចំការបោះឆ្នោតសកល (KPU) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ (២៤ មេសា) បានប្រកាសជាផ្លូវការម្ដងទៀតថា លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) គឺជាប្រធានាធិបតីថ្មីទីប្រាំបីរបស់ប្រទេសនេះ បន្ទាប់ពីការអំពាវនាវមិនបានសម្រេចរបស់បេក្ខជនប្រធានាធិបតីចាញ់ឆ្នោតពីររូបទាក់ទងនឹងជម្លោះលើការបោះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈ ដែលត្រូវបានច្រានចោលដោយតុលាការធម្មនុញ្ញ។ប្រធានគណៈកម្មាធិការបោះឆ្នោត KPU លោក ហាសយីម អាស៊ីអារី (Hasyim Asy'ari) បានប្រកាសថាលោក ប្រាបូវ៉ូ និងមិត្តរួមប្រកួតរបស់ខ្លួនគឺលោក ហ្គីប្រាន រ៉ាកាប៊ូមីង រ៉ាខា (Gibran Rakabuming Raka) ត្រូវបានជ្រើសរើសធ្វើជាប្រធានាធិបតី និងអនុប្រធានាធិបតីសម្រាប់រយៈពេលពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ជាមួយនឹងសំឡេងឆ្នោតគាំទ្រប្រមាណ ៩៦ លាន ឬជិត ៥៩ ភាគរយនៃសម្លេងឆ្នោតសរុប។លោក ប្រាបូវ៉ូ បានយកឈ្នះលើបេក្ខជនបោះឆ្នោត លោក អានីស បាស្វាដាន (Anies Baswedan) ដែលទទួលបានសំឡេងគាំទ្រជិត ៤១ លានសំឡេង ឬ ២៥ ភាគរយនៃការរាប់សរុប ខណៈបេក្ខជនបោះឆ្នោតមួយរូបទៀត លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo) ទទួលបាន ២៧ លានសំឡេង ឬច្រើនជាង ១៦ ភាគរយ។ លោក ប្រាបូវ៉ូ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕

ការិយាល័យនាយករដ្ឋមន្ត្រីហៃទី៖ ក្រុមប្រឹក្សាអន្តរកាល នឹងត្រូវដំឡើងនៅថ្ងៃព្រហស្បតិ៍នេះ

2024/04/25 06:18:10 pm        481
ពិធីដំឡើងក្រុមប្រឹក្សាអន្តរកាលប្រធានាធិបតី ដែលជាប់គាំងនៅក្នុងប្រទេសហៃទី នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ (២៥ មេសា) នេះនៅជាយរដ្ឋធានី ព័រអូប្រាំង នេះបើតាមការិយាល័យរបស់នាយករដ្ឋមន្រ្តីដែលទើបនឹងចេញពីតំណែងលោក អារីយ៉ែល ហង់រី (Ariel Henry) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ (២៣ មេសា)។សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ពិធីនេះនឹងត្រូវរៀបចំនៅការិយាល័យផ្លូវការរបស់នាយករដ្ឋមន្ត្រី ដែលត្រូវបានគេស្គាល់ថាឈ្មោះ វីឡា ដាក់គុយ (Villa d'Accueil) មិនមែននៅវិមានជាតិ ដែលនៅទីប្រជុំជន និងទទួលរងការបាញ់ប្រហារម្តងហើយម្តងទៀតពីក្រុមជនអន្ធពាលប្រដាប់អាវុធក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទេ។ការដំឡើងក្រុមប្រឹក្សាអន្តរកាលប្រធានាធិបតីមានសមាជិកប្រាំបួនរូប ដែលនឹងចូលកាន់តំណែងពីលោក ហង់រី នេះត្រូវបានពន្យារពេលជាច្រើនសប្តាហ៍ ស្របពេលមានសកម្មភាពនៅពីក្រោយឆាកដ៏ខ្លាំងក្លាដើម្បីដណ្ដើមការគ្រប់គ្រងក្នុងចំណោមបក្សពួកនយោបាយផ្សេងៗ។ការបង្កើតក្រុមប្រឹក្សានេះត្រូវបានគេមើលឃើញថាជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅរកការបញ្ចប់ភាពចលាចលដែលបានលេបត្របាក់ប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ ដែលភាគច្រើនបណ្ដាលមកពីក្រុមជនអន្ធពាលគូប្រជែង ដែលកំពុងប្រយុទ្ធគ្នាជាពិសេសនៅក្នុងរដ្ឋធានី និងអវត្តមានភាគច្រើនរបស់ស្ថាប័នរដ្ឋដ៏ច្របូកច្របល់ក្នុងប្រទេស៕

បេក្ខជនគណបក្សប្រឆាំងម៉ាសេដូនីខាងជើង នាំមុខការបោះឆ្នោតប្រធានាធិបតី

2024/04/25 05:54:33 pm        370
បេក្ខជនប្រធានាធិបតីរបស់ប្រទេសម៉ាសេដូនីខាងជើង លោកស្រី ហ្គរដាណា ស៊ីលចាណូវស្កា ដាវកូវ៉ា(Gordana Siljanovska-Davkova) បាននាំមុខលើលោក ស្តេវ៉ូ ផេនដារ៉ូវស្គី(Stevo Pendarovski) ដែលជាអ្នកកាន់តំណែងបច្ចុប្បន្ន ដោយសន្លឹកឆ្នោតត្រូវបានរាប់ស្ទើរតែ ៧០% នៅការិយាល័យបោះឆ្នោត កាលពីថ្ងៃពុធ ទី២៤ ខែមេសា។ ទោះជាយ៉ាងណា គណបក្សទាំងពីរមានសំឡេងតិចជាង ៥០% ដែលត្រូវការដើម្បីទទួលជ័យជម្នះទាំងស្រុង។ លោកស្រី Siljanovska-Davkova នៃគណបក្សស្តាំនិយម ទទួលបានសំឡេង ៣៨,៧១% នៃសន្លឹកឆ្នោត ខណៈលោក Pendarovski គណបក្សប្រជាធិបតេយ្យសង្គម ទទួលបានសំឡេង ១៩,០២% នេះបើយោងតាមគណៈកម្មាធិការបោះឆ្នោតរដ្ឋ។ តួលេខនេះ នឹងមានការប្រកួតប្រជែងការបោះឆ្នោតជុំថ្មី រវាងបេក្ខជននាំមុខទាំងពីរ នៅថ្ងៃទី ៨ ខែឧសភា។អ្នកគាំទ្រ លោកស្រី Siljanovska-Davkova បានអបអរនៅតាមផ្លូវនៃរដ្ឋធានី ស្កុបជេ(Skopje) ដោយគ្រវីទង់ជាតិ និងកាន់គប់ភ្លើង។ លោកស្រី Siljanovska-Davkova ខណៈលោកស្រីជួបជាមួយអ្នកគាំទ្រ បានបង្ហាញការភ្ញាក់ផ្អើលចំពោះការនាំមុខរបស់លោកស្រី។ ក្រុមអ្នកសង្កេតការណ៍មកពីអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងតំបន់ បានរាយការណ៍ពីភាពមិនប្រក្រតីតិចតួច ដូចជាសកម្មជនផ្តល់ដំបូន្មានដល់អ្នកទាំងឡាយណាដែលមកដល់ការិយាល័យបោះឆ្នោតចំពោះនរណាដែលត្រូវបោះឆ្នោតឱ្យ។ បេក្ខភាពរបស់ប្រទេសម៉ាសេដូនីខាងជើង ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុបត្រូវបានបំពេញប្រកបដោយសុទិដ្ឋិនិយមក្នុងឆ្នាំ ២០០៥។ ទោះជាយ៉ាងណា រយៈពេល១៩ ឆ្នាំមកនេះ ប្រទេសនេះមានភាពរីកចម្រើនតិចតួច ដោយសារមួយផ្នែកនៃការប្រឆាំងពីសមាជិកសហភាពអឺរ៉ុប គឺប្រទេសក្រិក និងប្រទេសប៊ុលហ្គារី។

ចិន៖ ការពង្រឹងទំនាក់ទំនងយោធាអាមេរិក ជាមួយកោះតៃវ៉ាន់ នឹងបង្កើនភាពតានតឹងនៅច្រកសមុទ្រ

2024/04/25 05:40:41 pm        345
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ិនពីន (Wang Wenbin) កាលពីថ្ងៃពុធ (២៤ មេសា) បាននិយាយថា ការពង្រឹងការឃុបឃិតផ្នែកយោធារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ នឹងធ្វើឱ្យភាពតានតឹងកើនឡើងកាន់តែខ្លាំង ហើយហានិភ័យនៃជម្លោះកាន់តែខ្ពស់នៅក្នុងច្រកសមុទ្រតៃវ៉ាន់។ការលើកឡើងនេះ បានធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បានទៅដល់ទីក្រុងសៀងហៃ ដើម្បីជួបជាមួយបណ្ដាមេដឹកនាំធុរកិច្ច មុនពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយសមភាគីរបស់ខ្លួន គឺលោក វ៉ាង យី (Wang Yi) និងកិច្ចប្រជុំដែលទំនងជានឹងជួបជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping)។ដំណើរទស្សនកិច្ចរបស់ ប្លីងខិន គឺជាទំនាក់ទំនងកម្រិតខ្ពស់ចុងក្រោយបំផុតរវាងប្រជាជាតិទាំងពីរ ដែលរួមជាមួយនឹងក្រុមការងារលើបញ្ហាពីពាណិជ្ជកម្មសកលរហូតដល់ទំនាក់ទំនងយោធា ហើយបានកាត់បន្ថយភាពតានតឹងជាសាធារណៈ ដែលជំរុញឱ្យទំនាក់ទំនងធ្លាក់ចុះជាប្រវត្តិសាស្ត្រកាលពីដើមឆ្នាំមុន។ដំណើរទស្សនកិច្ចនេះក៏កើតឡើងបន្ទាប់ពីសភាអាមេរិក កាលពីចុងសប្តាហ៍បានអនុម័តសេចក្ដីស្នើច្បាប់ដែលរួមមានការផ្តល់មូលនិធិថ្មីសម្រាប់កោះតៃវ៉ាន់ និងតិចជាងមួយខែមុនពេលកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ សម្ពោធមេដឹកនាំថ្មីលោក ឡៃ ឈីងទឺ (Lai Ching-te) ដែលដូចអ្នកកាន់តំណែងពីមុនរបស់លោកដែរ គឺបដិសេធការទាមទារសិទ្ធរបស់ចិន លើកោះមួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM