សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងវាយតម្លៃដោយផ្ទាល់ លើគម្រោងវិនិយោគទេសចរណ៍ចំនួន១៣ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់...

2024/03/25 06:31:16 pm        128
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត កាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ បានចុះពិនិត្យនិងវាយតម្លៃរកឃើញថាគម្រោងវិនិយោគ១៣កន្លែង ត្រង់ចំណុចភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលក្នុងនោះ មានគម្រោងចំនួន៣ ស្ថិតនៅក្នុងតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ ដែលទី១មានផ្ទៃដីទំហំ ៩,៨៦ហិចតា ,ទី២ ផ្ទៃដី៩,៦៧ ហិចតា និង ទី៣មានផ្ទៃដី ៨,៦៧ ហិចតា ,គម្រោង២កន្លែងទៀត នៅជាប់តំបន់ស្នូល ដីទំហំចំនួន ៨,៦២ ហិចតា , មានផ្ទៃដីទំហំ ៧,០៧៩ ហិចតា ,និង៨គម្រោងទៀតនៅតំបន់ទឹកធ្លាក់ ក្រពើពីរ ដែលមានផ្ទៃដីប្រមាណជាង៦០ហិកតា ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដោយមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធាន​ការ​ចុះត្រួតពិនិត្យនិងវាយតម្លៃ លើការគោរពច្បាប់និងធនធានធម្មជាតិ ចំពោះគម្រោងវិនិយោគទេស​ចរណ៍នានា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងបន្ថែមថា ក្រសួងនឹងដកហូតមកវិញ និងធ្វើការដាំស្តារព្រៃឈើ​ឡើងវិញ លើគម្រោងវិនិយោគណា ដែលត្រូវបានពិនិត្យនិងវាយតម្លៃឃើញថា គម្រោងមិនបាន​អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងទុកចោល មិនបានដំណើរការអភិវឌ្ឍ​ជាច្រើនឆ្នាំកន្លងមក ។ សូមបញ្ជាក់ថា អនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើមុំចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីទទួលបានភាពបៃតងរបស់កម្ពុជា គឺយើងត្រូវរួមចំណែក ធ្វើយ៉ាងណាដាំដុះដើមឈើ ឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធានាការ ដាំដើមឈើយ៉ាងតិចចំនួន ១លាន ដើមក្នុង១ឆ្នាំ ដោយ ប្រជាពលរដ្ឋ អាចទទួលបានកូនឈើយកទៅដាំ ដោយឥតគិតថ្លៃពីក្រសួងបរិស្ថាន ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមសហគមន៍ លំនៅឋាន សាលារៀន វត្តអារាមជាដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅបំពេញទស្សនកិច្ចនៅឡាវ

2024/03/25 06:28:02 pm        93
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤នេះ តបតាម​ការ​អញ្ជើញ​របស់​លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។នៅអំឡុងម៉ោងប្រមាណ ១០ ព្រឹក សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​ដឹក​នាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិ Wattay នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមា​និត​ឡាវ និងមានការទទួលបដិសណ្ឋារកិច្ចដោយឯកឧត្តម Alounxai Sounnalath រដ្ឋមន្ត្រី​អម និងឯកឧត្តម Phoxay Khaykhamphithoune អនុរដ្ឋមន្ត្រីការបរទេស ព្រមទាំង ឯកឧត្តម Phouvong Vongkhamsao អភិបាលរងក្រុងវៀងចន្ទន៍។ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដំណើរ​ទស្សន​កិច្ច​ផ្លូវការរបស់សម្តេចធិបតីទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នា​ឱកាស​នេះ​នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតី​ភាព​ជា​អ្នក​ជិត​ខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ផល​ប្រយោជន៍​របស់ប្រជាជននៃប្រទេសទាំងពីរ។ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី នឹងដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់​រាជ​រដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៤ វេលាម៉ោង ១៣:៣០ រសៀលនាទី។យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថ ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេច​ធិបតី​ទៅ​កាន់​ប្រទេសឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង​រវាង​ប្រទេស​ទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាព​សម្រាប់​ផល​ប្រយោជន៍​របស់​ប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ វ៉ន ដារ៉ា

មេដឹកនាំកូរ៉េខាងជើង ចុះពិនិត្យអង្គភាពរថក្រោះ និងអំពាវនាវឱ្យមានការត្រៀមខ្លួនប្រយុទ្ធផ្លូវអាកាស

2024/03/25 06:00:57 pm        85
ទូរទស្សន៍ KRT ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទ (២៥ មីនា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានទៅត្រួតពិនិត្យអង្គភាពរថក្រោះមួយ និងបានអំពាវនាវឱ្យបង្កើនការត្រៀមខ្លួនប្រយុទ្ធផ្លូវអាកាសរបស់ខ្លួន រួមទាំង «អំណាចមនោគមវិជ្ជា និងផ្លូវចិត្ត»។ក្នុងអំឡុងពេលនៃដំណើរចុះពិនិត្យកាលពីថ្ងៃអាទិត្យ (២៤ មីនា) នោះ មេបញ្ជាការកងពលបានប្រាប់លោក គីម ដោយសង្ខេបអំពីផែនការប្រតិបត្តិការវាយប្រហារ និងការពាររបស់ខ្លួន ការពិនិត្យឯកសារ និងផ្តល់ទិសដៅនៃបេសកកម្មប្រយុទ្ធ និងការហ្វឹកហ្វឺនសម្រាប់កងទ័ព នេះបើយោងតាមរបាយការណ៍របស់ KRT ។ទូរទស្សន៍ KRT បានចេញផ្សាយរូបថតដែលលោក គីម ពិនិត្យមើលទីស្នាក់ការកណ្តាលរបស់អង្គភាពកងពលរថក្រោះ សេអ៊ូល រូឃ្យុងស៊ូ ហ្កាដ លេខ ១០៥ (Seoul Ryu Kyong Su Guards 105th) នៃកងទ័ពប្រជាជនកូរ៉េ (KPA) និងកងវរសេនាធំថ្មើរជើងរថពាសដែកទីមួយ រួមទាំងសមយុទ្ធរថក្រោះ។អង្គភាពនេះ គឺជាកងពលរថពាសដែកដំបូងគេរបស់កូរ៉េខាងជើង ដែលបានចាប់ផ្តើមនៅឆ្នាំ១៩៤៨ ហើយត្រូវបានគេស្គាល់ថាមានមូលដ្ឋាននៅក្នុងខេត្ត ណស ហ័ងអ្ហេ (North Hwanghae) ភាគខាងកើតនៃរដ្ឋធានីព្យុងយ៉ាង។ វាត្រូវបានគេដាក់ឈ្មោះតាមមេបញ្ជាការស្ថាបនិករបស់ខ្លួន ដែលក៏បានដឹកនាំអង្គភាពនេះផងដែរ នៅពេលដែលកងទ័ពកូរ៉េខាងជើង បានកាន់កាប់ទីក្រុងសេអ៊ូល ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ ដល់ ១៩៥៣៕

បញ្ជាការយោធាសហរដ្ឋអាមេរិក ក្នុងប្រទេសជប៉ុន នឹងត្រូវរៀបចំឡើងវិញ

2024/03/25 05:56:11 pm        138
សារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៤ មីនា) ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នឹងបង្ហាញផែនការមួយនៅខែក្រោយ ក្នុងការរៀបចំរចនាសម្ព័ន្ធបញ្ជាការយោធាអាមេរិក នៅក្នុងប្រទេសជប៉ុនឡើងវិញ ដើម្បីប្រឈមមុខនឹងការព្រួយបារម្ភរួមគ្នាអំពីប្រទេសចិន។សារព័ត៌មាន FT បានរាយការណ៍ដោយសំអាងដល់ប្រភពដែលដឹងពីស្ថានភាពនេះថា ផែនការនេះនឹងពង្រឹងការធ្វើគម្រោងប្រតិបត្តិការ និងសមយុទ្ធយោធារវាងប្រទេសទាំងពីរ។ សារព័ត៌មាននេះបានបន្ថែមថា ផែនការនោះនឹងត្រូវប្រកាសនៅសេតវិមាននៅថ្ងៃទី១០ ខែមេសា នៅពេលដែលលោក បៃដិន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួលលោក គីស៊ីដា នៅក្នុងព្រឹត្តិការណ៍ផ្លូវការមួយ ដែលនឹងរួមបញ្ចូលអាហារពេលល្ងាចរដ្ឋ និងកិច្ចប្រជុំគោលនយោបាយ។ជប៉ុនជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាសមាសធាតុសំខាន់នៃយុទ្ធសាស្ត្ររបស់អាមេរិកចំពោះចិន កូរ៉េខាងជើង និងបញ្ហាសន្តិសុខអាស៊ីផ្សេងទៀត។ ទីក្រុងវ៉ាស៊ីនតោន បានគាំទ្រយ៉ាងមុតមាំលើការកសាងយោធាដ៏ធំមួយដោយប្រទេសជប៉ុន ខណៈដែលសកម្មភាពយោធា និងសន្តិសុខរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីសំខាន់ៗរបស់ខ្លួនបានពង្រឹង៕

លោក Simon Harris ក្លាយជានាយករដ្ឋមន្ត្រីអៀរឡង់ ស្ថិតក្នុងការរង់ចាំ

2024/03/25 05:42:55 pm        100
លោក Simon Harris បានក្លាយជានាយករដ្ឋមន្ត្រីប្រទេសអៀរឡង់ កំពុងស្ថិតក្នុងការរង់ចាំ កាលពីថ្ងៃអាទិត្យ ដោយសន្យាថានឹងជួយអាជីវកម្មខ្នាតតូច ផ្តោតលើច្បាប់និងសណ្តាប់ធ្នាប់ និងដោះស្រាយការធ្វើអន្តោប្រវេសន៍បន្ទាប់ពីការបោះឆ្នោតដែលពុំមានការជំទាស់ ដើម្បីបន្តតំណែងពីលោក Leo Varadkar ជាមេដឹកនាំគណបក្ស ហ្វីនេ ហ្កាអ៊ែល(Fine Gael) ដែលកំពុងគ្រប់គ្រង។លោក Harris ជារដ្ឋមន្ត្រីវ័យ ៣៧ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាអ្នកជួយដឹកនាំការឆ្លើយតបដំបូងរបស់ប្រទេសចំពោះជំងឺ COVID-19 ត្រូវបានបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតមិនធ្លាប់មានរបស់ប្រទេសអៀរឡង់ នៅពេលដែលសភាបន្ទាប់នឹងបន្តនៅថ្ងៃទី ៩ ខែមេសា ដោយសារតែមានការគាំទ្រពីដៃគូចម្រុះ។លោកនឹងមានពេលមិនលើសពីមួយឆ្នាំនោះទេដើម្បីសង្គ្រោះក្រុមចម្រុះពីភាពបរាជ័យនៅក្នុងការបោះឆ្នោតសភា។ការបោះឆ្នោតស្ទង់មតិសម្រាប់រយៈពេលបីឆ្នាំចុងក្រោយនេះ បានដាក់ លោក Sinn Fein មកពីគណបក្សឆ្វេងនិយម ដែលគាំទ្រការបង្រួបបង្រួមជាមួយអៀរឡង់ខាងជើងដែលគ្រប់គ្រងដោយចក្រភពអង់គ្លេស ជាអ្នកមានការពេញចិត្តក្នុងការដឹកនាំរដ្ឋាភិបាលបន្ទាប់។ការទទួលតំណែងរដ្ឋាភិបាលចម្រុះបីភាគី នឹងធ្វើការកាត់បន្ថយកម្មវិធីគោលនយោបាយដែលបានព្រមព្រៀងគ្នា នឹងផ្តល់ឱ្យ លោក Harris នូវចន្លោះតួចសម្រាប់គំនិតផ្តួចផ្តើមគោលនយោបាយថ្មីសំខាន់ៗ។

ប្រទេសបារាំង បង្កើនការព្រមានអំពីភេរវកម្មដល់កម្រិតខ្ពស់បំផុត

2024/03/25 04:26:49 pm        135
នាយករដ្ឋមន្ត្រីបារាំង លោក ហ្កាប្រ៊ីយែល អាតតាល់ (Gabriel Attal) បាននិយាយកាលពីថ្ងៃអាទិត្យ (២៤ មីនា) បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីសន្តិសុខ និងមន្ត្រីការពារជាតិជាន់ខ្ពស់ ព្រមទាំងជាមួយប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថា រដ្ឋាភិបាលបារាំង កំពុងបង្កើនការព្រមានអំពីភេរវកម្មដល់កម្រិតខ្ពស់បំផុតរបស់ខ្លួន បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុងមូស្គូ។លោក អាតតាល់ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថា ការសម្រេច ដែលកើតឡើងប៉ុន្មានខែមុនពេលទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិចនេះ ត្រូវបានធ្វើឡើង «ដោយមើលឃើញពីការអះអាងទទួលខុសត្រូវរបស់រដ្ឋអ៊ីស្លាមសម្រាប់ការវាយប្រហារនៅមូស្គូ និងលទ្ធភាពនៃការគំរាមកំហែងលើបារាំង»។ប្រព័ន្ធប្រកាសអាសន្នរបស់ប្រទេសបារាំងមានបីកម្រិត ហើយកម្រិតខ្ពស់បំផុតត្រូវបានធ្វើឱ្យសកម្ម នៅពេលមានការវាយប្រហារនៅក្នុងប្រទេសបារាំង ឬនៅក្រៅប្រទេស ឬនៅពេលដែលការគំរាមកំហែងមួយត្រូវបានចាត់ទុកថាជិតមកដល់។កម្រិតព្រមាននេះអនុញ្ញាតឱ្យមានវិធានការសន្តិសុខពិសេស ដូចជាការល្បាតដោយកងកម្លាំងប្រដាប់អាវុធនៅតាមទីសាធារណៈ ដូចជាស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន និងកន្លែងសាសនាជាដើម៕

ចិនព្រមានហ្វីលីពីន ប្រឆាំងសកម្មភាពបង្កហេតុ បន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រចិនខាងត្បូង

2024/03/25 04:08:39 pm        121
ក្រសួងការពារជាតិចិន កាលពីថ្ងៃអាទិត្យ (២៤ មីនា) បានព្រមានហ្វីលីពីន ប្រឆាំងនឹងសកម្មភាព «បង្កហេតុ» នៅសមុទ្រចិនខាងត្បូង ហើយបាននិយាយថា ប្រទេសចិន បេជ្ញាការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន រយៈពេលមួយថ្ងៃបន្ទាប់ពីឧប្បត្តិហេតុនៅក្នុងដែនទឹកដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។ក្រសួងការពារជាតិ បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រសិនបើហ្វីលីពីន ប្រឆាំងនឹងខ្សែបន្ទាត់របស់ចិនម្តងហើយម្តងទៀត ប្រទេសចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងដាច់ខាត ដើម្បីការពារអធិបតេយ្យភាពដែនដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន»។ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីឆ្មាំល្បាតឆ្នេរបស់ប្រទេសចិនបាននិយាយថា ខ្លួនបានចាត់វិធានការប្រឆាំងនឹងនាវាហ្វីលីពីន នៅក្នុងដែនទឹកដែលមានជម្លោះក្បែរកោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) និងប្រជុំកោះ ស្រ្ពាតលី (Spratly) មួយថ្ងៃមុននោះ ដែលជាសកម្មភាពដែលហ្វីលីពីនបានហៅថា «គ្មានការទទួលខុសត្រូវ និងបង្កហេតុ»។ក្រុមការងារហ្វីលីពីន ប្រចាំនៅសមុទ្រចិនខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថាឧបទ្ទវហេតុនេះរួមមានការប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងទូកស៊ីវិលដែលត្រូវបានជួលដើម្បីផ្គត់ផ្គង់កងទ័ពឡើងវិញ៕

ពង្រាងសេចក្តីស្នើច្បាប់យោធារបស់អ៊ីស្រាអែល បង្កើតការប្រេះឆានៅក្នុងរដ្ឋាភិបាល

2024/03/25 04:05:04 pm        129
សមាជិកម្នាក់នៃគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ (២៤ មីនា) ថាខ្លួននឹងចាកចេញពីរដ្ឋាភិបាលគ្រាអាសន្នជាតិ ប្រសិនបើសំណើច្បាប់ដែលបន្តលើកលែងជនជាតិជ្វីហ្វជ្រុលនិយមពីការបម្រើយោធាកាតព្វកិច្ច ត្រូវបានអនុម័តជាច្បាប់ពេញលេញ។រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីកណ្តាលនិយម លោក បេននី ហ្កាន់ស៍ (Benny Gantz) ដែលបានគំរាមលាលែងពីរដ្ឋាភិបាលគ្រាអាសន្ននេះបានបន្ថែមថា «សភាអ៊ីស្រាអែល មិនត្រូវបោះឆ្នោតឱ្យពង្រាងច្បាប់នេះទេ។ ច្បាប់ស្តីពីការអនុគ្រោះ ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលនេះ គឺជាការបរាជ័យខាងសីលធម៌ដ៏ធ្ងន់ធ្ងរដែលនឹងបង្កើតការប្រេះឆាដ៏ជ្រៅនៅក្នុងប្រទេស ស្របពេលដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវ»។គណបក្សរបស់លោក ហ្កាន់ស៍ តែមួយនឹងមិនអាចទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ បានឡើយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ក៏បានចេញមុខប្រឆាំងនឹងពង្រាងច្បាប់នេះផងដែរ ដោយបង្ហាញពីការប្រឆាំងនៅក្នុងគណបក្ស លីគុត (Likud) ស្តាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ។សំណើច្បាប់នេះមិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែយោងទៅតាមប្រភពលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានឱ្យដឹងថា ច្បាប់នេះធ្វើឱ្យមានការលើកលែងផ្នែកយោធាដែលមានជម្លោះជាយូរមកហើយសម្រាប់ជនជាតិជ្វីហ្វជ្រុលនិយម និងថែមទាំងអាចពង្រីកបានទៀតផង៕

រុស្ស៊ី បង្ហូតទង់ជាតិពាក់កណ្ដាលដង កាន់ទុក្ខចំពោះអ្នកស្លាប់ជាង១០០នាក់ ក្នុងការវាយប្រហារនៅសាលប្រគំតន្ត្រី

2024/03/25 03:58:20 pm        176
រុស្ស៊ី បានបង្ហូតទង់ជាតិពាក់កណ្ដាលដងសម្រាប់ពេលវេលាកាន់ទុក្ខរយៈពេលមួយថ្ងៃ ហើយបានចោទប្រកាន់បុរសបួននាក់ដែលខ្លួនបានចោទប្រកាន់ថាបានបាញ់សម្លាប់មនុស្សដ៏រង្គាលនៅឯការប្រគំតន្ត្រីមួយនៅខាងក្រៅទីក្រុងមូស្គូកាលពីយប់ថ្ងៃសុក្រ ទី២២មីនាសប្ដាហ៍មុន ក្នុងការវាយប្រហារដ៏សាហាវបំផុតក្នុងទឹកដីរុស្ស៊ីក្នុងរយៈពេលពីរទសវត្សរ៍មិនធ្លាប់មាន។ លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសថ្ងៃអាទិត្យ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេសបន្ទាប់ពីបានសន្យាថានឹងដាក់ទោសអ្នកនៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស ១៣៧នាក់ រួមទាំងកុមារ៣នាក់ និង១៨២នាក់បានរងរបួស។ មនុស្សជាង១០០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្លះមានសភាពធ្ងន់ធ្ងរ។វីដេអូបានបង្ហាញលោក Putin ក្នុងទឹកមុខស្រងូតស្រងាត់ កំពុងអុជទៀននៅព្រះវិហារនៅគេហដ្ឋានរបស់លោកនៅខាងក្រៅក្រុងមូស្គូកាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់។កាលពីព្រឹកថ្ងៃអាទិត្យ មនុស្សម្នាជាច្រើនបានដាក់ផ្កានៅឯសាលប្រគំតន្ត្រី ក្រូកាសស៊ីរីហល (Crocus City Hall) ជាសាលប្រគំតន្ត្រីដែលមានកៅអី ៦.២០០ នៅខាងក្រៅទីក្រុងមូស្គូ ជាកន្លែងដែលបុរសប្រដាប់អាវុធ ៤ នាក់បាន បើកការបាញ់ប្រហារ និងបំផ្ទុះគ្រឿងផ្ទុះ មុនពេលក្រុមតារារ៉ុកសម័យសូវៀត Picnic គ្រោងសម្តែងបទដែលមានចំណងជើងថា "Afraid of Nothing" ។ បុរសទាំងនោះបានបាញ់រះដោយប្រើអាវុធស្វ័យប្រវត្តិរបស់ពួកគេក្នុងរយៈពេលខ្លីទៅលើជនស៊ីវិលដែលបានស្រែកទ្រហោយំពោពេញដោយភាពស្លន់ស្លោរ។ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ប៉ុន្តែលោក Putin ពុំបាននិយាយជាសាធារណៈអំពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមពាក់ព័ន្ធនឹងក្រុមអ្នកវាយប្រហារនោះទេ ដែលលោកបាននិយាយថាពួកគេបានព្យាយាមរត់គេចខ្លួនទៅកាន់អ៊ុយក្រែន។ លោកបានលើកឡើងថា អ្នកមួយចំនួននៅខាងភាគីប្រទេសអ៊ុយក្រែន ត្រូវបានត្រៀមខ្លួនដើម្បីជំរុញឲ្យពួកខ្មាន់កាំភ្លើងឆ្លងកាត់ព្រំដែន៕

មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បើកកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំការសម្របសម្រួលចំពោះពលរដ្ឋ និងលំហូរពលករឆ្លងដែន ក្នុងឱកាសបុណ្សចូលឆ្នាំថ្មីខាងមុខ

2024/03/25 02:31:33 pm        287
នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការ ដើម្បីធ្វើការសម្របសម្រួលចំពោះលំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរដែលធ្វើដំណើរឆ្លងដែន ចេញ-ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសរដូវបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ ពិធីបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្ដម សេង សក្ដា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួមទាំងមាន​ការអញ្ជើញចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង​ឯកឧត្ដម លោកជំទាវទីព្រឹក្សាក្រសួងការងារ នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ អគ្គនាយករង អនុប្រធាននាយកដ្ឋាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ និង នាយ នាយរងប៉ុស្តិ៍ជាប់ព្រំដែនថៃទាំង ៨ប៉ុស្តិ៍ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។ក្នុងឱកាសនោះដែរឯកឧត្តម សេង សក្តា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ក្នុងឱកាសពិធីបុណ្សចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនិងខិតជិតមកដល់នៅពេលខាងមុខនេះ ធ្វើយ៉ាងណាមន្រ្តីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបង្កើនធ្វើការសម្របសម្រួល​និង​រកទីតាំងសម្រាប់ការរងចាំ និងសម្រួលរាល់បញ្ហាបែបបទផ្សេងៗ ជូនដល់បងប្អូនពលករឆ្លងដែន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងដែនផ្សេងៗឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាឲ្យបានល្អប្រសើរ​ដោយការទទួលខុសត្រូវខ្ពស់ក្នុងដែនសមត្ថិកិច្ចរបស់ខ្លួន។ឯកឧត្តម បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាវិធានការរៀបចំទាំងអស់នេះហើយអស់​លោកត្រូវអនុវត្ត​ការងារ​ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បីបម្រើដល់ប្រជាពលរដ្ឋ​ក៏ដូចជាពលករឆ្លងដែន ក្នុងឱកាសពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឲ្យបានប្រសើរ។យ៉ាងម៉ិញបន្ទាប់ពីការពិភាក្សាការងារត្រូវបានបញ្ចប់ ក្រុមការងាររួមទាំងសមាសភាពភាគីពាក់ព័ន្ធ​កម្ពុជាថៃបានអញ្ជើញចុះត្រួតពិនិត្យលើទីតាំងកន្លែងសម្រាប់បញ្ជរប្រថាប់ត្រានិងលិខិតឆ្លងដែន រួមទាំងប័ណ្ណព្រំដែនចេញ-ចូល លើទីតាំងដែលត្រូវសាងសង់​រោងត្រៀម​សម្រាប់ទទួល និងចែកវត្ថុ​អនុស្សាវរីយ៍ ដូចជានំប៉័ង ទឹកសុទ្ធសម្រាប់ជាកន្លែងត្រៀមទទួលពលករក្នុងបរិវេណច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រកបដោយភាពកក់ក្តៅផងដែរ។ ពិសេសនោះ​សម្រាប់ពលករដែល​គ្មាន​ឯកសារធ្វើដំណើរនៅស្ថានីយរថភ្លើង​ប៉ោយប៉ែត គឺធ្វើយ៉ាងណាត្រូវជួយ​សម្របសម្រួល​ដល់ពួកគាត់រាល់បញ្ហាបំពេញបែបបទផ្សេងៗ​ឲ្យបានឆាប់រហ័ស និងផ្តល់ភាពងាយស្រួលជូនដល់ពួកគាត់ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM