សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

កងទ័ពមីយ៉ាន់ម៉ា មានចំណាត់ការចុះបញ្ជីក្រុមជនស៊ីវិលជាលើកដំបូង ចូលជាយោធា

2024/03/23 07:04:47 pm        160
កងទ័ពសហភាពមីយ៉ាន់ម៉ា មានចំណាត់ការដើម្បីចុះឈ្មោះជនស៊ីវិលជាក្រុមដំបូងរបស់ខ្លួន ចូលជាយោធា ដោយមានលិខិតកោះហៅ ដែលតាមសេចក្តីរាយការណ៍ថា បានបញ្ជូនទៅកាន់បេក្ខជនដែលមានសិទ្ធិ នៅតំបន់ផ្សេងៗរបស់សហភាពមីយ៉ាន់ម៉ា។ លិខិត ពុំអាចជាទម្រង់ស្តង់ដារនោះទេ ប៉ុន្តែវាមានសារដូចគ្នា ដែលណែនាំអ្នកទទួលឱ្យចុះឈ្មោះចូលបម្រើយោធា ហើយបានព្រមានថា ការខកខានក្នុងការរាយការណ៍នឹងនាំឱ្យមានការកាត់ទោស។នេះគឺស្របតាមច្បាប់យោធាដែលបានអនុម័តកាលពីពេលថ្មីៗនេះ ដែលបានបង្កឱ្យមានការព្រួយបារម្ភជាច្រើនជុំវិញភាពតានតឹង រហូតដល់ការកើនឡើងអំពើហិង្សាក្នុងពេលវិបត្តិដែលកំពុងកើតមាន។ ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ដល់ ៣៥ឆ្នាំ ហើយក្នុងករណីខ្លះរហូតដល់ ៤៥ ឆ្នាំ ត្រូវបានតម្រូវឱ្យចូលបម្រើកងទ័ព នៅក្រោមច្បាប់នេះ។អ្នកទទួលលិខិតម្នាក់ ដែលបដិសេធមិនប្រើឈ្មោះពេញ ជាបុរសអាយុ ៣១ ឆ្នាំ បានទទួលលិខិតកាលពីពាក់កណ្តាលខែមីនា ដែលត្រូវបានកោះហៅទៅកាន់ការិយាល័យសង្កាត់ក្នុងតំបន់របស់លោក បាននិយាយថា ពេលដែលលោកដឹងថាឈ្មោះរបស់លោកមាននៅក្នុងបញ្ជី លោកត្រូវតែធ្វើចំណាកស្រុក។ អ្នកគ្រប់គ្នាដឹងថា នឹងមានអ្វីកើតឡើងប្រសិនបើអ្នកត្រូវបានគេកែណ្ឌឲ្យធ្វើទាហាន។ យើងត្រូវបានផ្ដល់ជម្រើសដូចជា ការលះបង់ខ្លួនឯង បើមិនដូច្នេះទេត្រូវភៀសខ្លួន ដែលលោកសុខចិត្តធ្វើជាអ្នកសុំទាននៅក្រៅប្រទេស។

អ្នកការទូតជាន់ខ្ពស់អាមេរិក ព្រមានអ៊ីស្រាអែល ពីភាពឯកោជាសកល ប្រសិនបើបន្តការវាយលុក ទីក្រុង Rafah

2024/03/23 07:02:14 pm        189
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសុក្រថា អ៊ីស្រាអែលប្រឈមហានិភ័យភាពឯកោជាសកលបន្ថែមទៀត ប្រសិនបើប្រទេសនេះបន្តផែនការវាយលុកតាមជើងគោកលើទីក្រុង Rafah របស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ លោក Blinken បានជួបជាមួយលោក Netanyahu ក្នុងអំឡុងពេលបេសកកម្មសន្តិភាពទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈមានភាពតានតឹងក្នុងទំនាក់ទំនងជុំវិញការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ លោក Blinken បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Tel Aviv ថាយើងចែករំលែកគោលដៅរបស់អ៊ីស្រាអែលក្នុងការកម្ចាត់ក្រុមហាម៉ាស ទោះបីជាយ៉ាងណាប្រតិបត្តិការជើងគោករបស់យោធាទ្រង់ទ្រាយធំនៅទីក្រុង Rafah ពុំមែនជាវិធីដើម្បីធ្វើដូច្នេះឡើយ។ លោក Blinken បាននិយាយថា វាមានហានិភ័យចំពោះការសម្លាប់ជនស៊ីវិលកាន់តែច្រើន វាមានហានិភ័យចំពោះការបំផ្លាញកាន់តែខ្លាំងសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ វាមានហានិភ័យភាពនៅឯកោបន្ថែមទៀតសម្រាប់អ៊ីស្រាអែលនៅជុំវិញពិភពលោក និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងជំហរយូរអង្វែង។លោក Netanyahu បាននិយាយកាលពីពេលមុនថា អ៊ីស្រាអែលនឹងដើរតែម្នាក់ឯង ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែប្រឆាំងនឹងផែនការរុលចូលទៅក្នុងទីក្រុង Rafah នៅរបងព្រំដែនភាគខាងត្បូង ជាកន្លែងដែលពលរដ្ឋតំបន់ហ្កាហ្សាជាងមួយលាននាក់បានជ្រកកោននៅក្នុងទីជម្រកបណ្តោះអាសន្ន។ មេដឹកនាំអ៊ីស្រាអែល បាននិយាយថាលោកបានប្រាប់ លោក Blinken ថាលោកកោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយ អ៊ីស្រាអែល ទទួលស្គាល់ថាវាចាំបាច់ដើម្បីការពារជនស៊ីវិល។អ៊ីស្រាអែល និយាយថាទីក្រុង Rafah គឺជាទីតាំងលាក់ខ្លួនចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយខ្លួនមានផែនការជម្លៀសជនស៊ីវិលមុនពេលមានការវាយប្រហារ។ ទីក្រុង វ៉ាស៊ីនតោន និយាយថា ការវាយលុកតាមជើងគោក អាចជាកំហុសមួយ និងបង្កគ្រោះថ្នាក់ខ្លាំងដល់ជនភៀសខ្លួននៅទីនោះ។

សភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់មូលនិធិ១,២សែនកោដិដុល្លារ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល

2024/03/23 06:58:52 pm        200
សភាសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានអនុម័តសេចក្តីស្នើច្បាប់ផ្តល់មូលនិធិចំនួន ១,២ សែនកោដិដុល្លាររបស់រដ្ឋាភិបាល ដោយមានការគាំទ្រពីគណបក្សប្រជាធិបតេយ្យច្រើនជាងគណបក្សសាធារណរដ្ឋ ដែលនាំឱ្យមានការគំរាមកំហែងថ្មីដោយសមាជិកសភាអភិរក្សនិយមប្រកាន់តឹង ដើម្បីបណ្តេញប្រធានសភា លោក Mike Johnson ។ការបោះឆ្នោតមានសំឡេង ២៨៦ទល់នឹង១៣៤សំឡេង នៅក្នុងសភា ដែលបានបញ្ជូនទៅព្រឹទ្ធសភាភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ ដែលមានរយៈពេលច្រើនម៉ោងដើម្បីមានចំណាត់ការ មុនពេលផុតកំណត់នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃសៅរ៍ ។ចំណាត់ការនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ការប្រយុទ្ធគ្នាជាងប្រាំមួយខែលើសកម្មភាពនៃការចំណាយរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ឆ្នាំសារពើពន្ធ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា។ ទីភ្នាក់ងារវាយតម្លៃ បានព្រមានថាភាពច្របូកច្របល់ម្តងហើយម្តងទៀត អាចប៉ះពាល់ដល់ភាពជឿជាក់នៃរដ្ឋាភិបាលសហព័ន្ធដែលបច្ចុប្បន្នមានបំណុលច្រើនជាង៣៤,៦សែនកោដិដុល្លារ។វិធានការ ត្រូវបានអនុម័តដោយសភា មានសំឡេងឆ្នោត១៨៥ របស់គណបក្សប្រជាធិបតេយ្យ និង ១០១សំឡេងរបស់គណបក្សសាធារណរដ្ឋ ដែលនាំឱ្យអ្នកតំណាងអភិរក្សនិយមប្រកាន់តឹង លោកស្រី Marjorie Taylor Greene ណែនាំវិធានការមួយដើម្បីបណ្តេញចេញប្រធានសភាគណបក្សសាធារណរដ្ឋ លោក Mike Johnson ។ លោក Johnson បានឡើងកាន់តំណែងនេះកាលពីខែតុលា បន្ទាប់ពី អ្នកកាន់តំណែងមុនរបស់លោកគឺ លោក Kevin McCarthy បានអនុម័តវិធានការផ្តល់មូលនិធិបណ្តោះអាសន្នលើការជំទាស់របស់ពួកគេ ដោយបណ្តេញលោកចេញពីតំណែងជាអ្នកដឹកនាំ។

រាជរដ្ឋាភិបាលអំពាវនាវឲ្យភាគីពាក់ព័ន្ធបង្កើនល្បឿនទប់ស្កាត់ជំងឺរបេង បើទោះបីបច្ចុប្បន្នជំងឺនេះ មានការធ្លាក់ចុះក្តី

2024/03/23 06:25:51 pm        193
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ គប្បីត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្កើនល្បឿនប្រយុទ្ធនឹងជំងឺរបេង បើទោះបីបច្ចុប្បន្នកម្ពុជា មានការធ្លាក់ចុះច្រើននូវជំងឺនេះក៏ដោយ ប៉ុន្តែការងារប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនេះនៅតែមានបញ្ហា ប្រឈមមួយចំនួនដដែល។តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោក កំចាត់រោគរបេង ក្រោមប្រធានបទ«មែន ហើយ!យើងអាចបញ្ចប់ជំងឺរបេងបាន» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាបានសម្រេចសមិទ្ធផល​គួរជាទីមោទនៈក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈ២០ឆ្នាំមុនកម្ពុជាស្ថិតនៅ ក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេ នៅលើពិភពលោក តែក្នុងរយៈពេល យ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយ លើពិភពលោកចំពោះការងារកំចាត់ជំងឺរបេង យ៉ាងសកម្ម និង ប្រកបដោយប្រសិទ្ធភាព ដោយលទ្ធផលគាប់ប្រសើរនេះ គឺបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ ប្រជាជាតិកម្ពុជា ដែលក្នុងនោះតាមរយៈការពង្រីកសេវាពិនិត្យ និងព្យាបាលពីរាជរដ្ឋាភិបាល។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា បើទោះបីជាកម្ពុជាទទួលបាន ជោគជ័យយ៉ាងនេះក៏ដោយ ក៏សម្តេចនៅតែយល់ថា ការងារប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនេះនៅតែមាន បញ្ហាប្រឈមមួយចំនួន ដែលតម្រូវឲ្យភាគីទាំងអស់បង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការ បន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានូវអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងសកលលោក។សម្តេចបានបន្ថែមថា«ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តជំរុញការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាពនិងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ សុខភាព និងគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្រ្ត បច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សំដៅរួមចំណែកក្នុងការអភិវឌ្ឍមូលធន មនុស្ស ដែលជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល»។ក្នុងសារលិខិតដដែលនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានអំពាវនាវឲ្យមានការខិតខំ ប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេងប្រកបដោយស្មារតីបុរេសកម្ម នៅតាមសហគមន៍ និងវត្តអារាម និងបន្តថែរក្សាឲ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺឲ្យបានលើ៩០ភាគរយ និងខិត ខំកៀរគធនធានមនុស្សបន្ថែមទៀតសម្រាប់បម្រើឲ្យការងារប្រយុទ្ធជំងឺរបេងជាដើម។តាមរយៈសារលិខិតនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសថ្លែងអំណរ គុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្រ្តី បុគ្គលិកសុខាភិបាលនៅទូទាំងប្រ ទេសគ្រប់រូប ដែលបានចូលរួមចំណែកធ្វើឲ្យការងារកំចាត់ជំងឺរបេងទទួលបានជោគជ័យក្នុងពេលកន្លងមក និងសូមសម្តែងការគាំទ្រ ជាថ្មីម្តងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង នៅកម្ពុជាក៏ដូចជានៅ ទូទាំងពិភពលោកផងដែរ៕ អត្ថបទបាន ចក់

ក្លិបអ្នកកាសែត បើកវគ្គបណ្តុះបណ្តាលស្តីពី ”សារព័ត៌មាន និងសំណេរអត្ថបទ” ដល់អ្នកសារព័ត៌មាន

2024/03/23 05:52:32 pm        176
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ”សារព័ត៌មាន និងសំណេរអត្ថបទ” ដល់អ្នកសារព័ត៌មាន និងមន្រ្តីរាជការផ្នែកកិច្ចការព័ត៌មានចំនួន ៨០រូប មកពីស្ថាប័នផ្សេងគ្នា។វាគ្មិននៅថ្ងៃទី១ នៃវគ្គបណ្តុះបណ្តាលនេះ ទី១ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ធ្វើបទបង្ហាញពីរបៀបសរសេរព័ត៌មានបែបវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ វាគ្មិនទី២ លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ ធ្វើបទបង្ហាញអំពីការចាប់ «មុម» សរសេរព័ត៌មានខ្លីហើយខ្លឹម និងវាគ្មិនទី៣លោក Pierre Gillette អ្នកសារព័ត៌មានជើងចាស់បារាំង ធ្វើ​បទបង្ហាញពីការផលិតព័ត៌មានសម័យឌីជីថល។វគ្គបណ្តុះបណ្តាលខាងលើនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៤ នៅ​សកល​វិទ្យាល័យ​អាមេរិកាំងភ្នំពេញ AUPP ក្នុងគោលបំណង ដើម្បីជួយពង្រឹងសមត្ថភាព​ដល់​អ្នកសារព័ត៌មាន និងមន្រ្តីរាជការផ្នែកកិច្ចការព័ត៌មានក្នុងការសរសេរព័ត៌មានឲ្យបានកាន់តែល្អ ទាក់ទាញ និងតាមវិជ្ជាជីវៈ។

រដ្ឋបាលខេត្តសៀមរាប ធ្វើតេស្តរកសារធាតុញៀនទៅលើមន្ត្រីក្នុងខេត្ត ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់

2024/03/23 04:27:09 pm        170
រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅលើថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យដែលបម្រើការងារ នៅសាលាខេត្តសៀមរាប ចំនួន២៩៤នាក់ ស្រី១១៣នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃរដ្ឋបាលខេត្តសៀមរាប ​ដែលជាខេត្តទី៦ ដែលបានចូលរួមអនុវត្តបទបញ្ជា​របស់​រាជរដ្ឋាភិបាល ដោយស្ម័គ្រចិត្តធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផល​អវិជ្ជមាន។ សម្ដេចបញ្ជាក់ថា ការណ៍នេះ បានបង្ហាញពីភាពស្អាតស្អំ និងគំរូដ៏ល្អប្រសើរសម្រាប់សង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីកម្ពុជា ។

ក្រុមប្រឹក្សាភិបាលរបស់ IMF យល់ព្រមលើការទូទាត់ប្រាក់កម្ចីចំនួន ៨៨០លានដុល្លារ សម្រាប់អ៊ុយក្រែន

2024/03/22 09:29:36 pm        172
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) បានអនុម័តការត្រួតពិនិត្យលើកទីបីនៃកម្មវិធីប្រាក់កម្ចីចំនួន ១៥,៦ ពាន់លានដុល្លាររបស់អ៊ុយក្រែន ដែលអនុញ្ញាតឱ្យបញ្ចេញទឹកប្រាក់ចំនួន ៨៨០ លានដុល្លារសម្រាប់ជំនួយថវិកា ហើយនាំមកនូវការបញ្ចេញសរុបដល់ចំនួន ៥,៤ ពាន់លានដុល្លារ។ស្ថាប័នផ្តល់ប្រាក់កម្ចីសកលមួយនេះបាននិយាយថា ហានិភ័យដែលប្រឈមមុខនឹងអ៊ុយក្រែននៅតែមានកម្រិតខ្ពស់ ជាពិសេសភាពមិនប្រាកដប្រជាជុំវិញសង្រ្គាមជាមួយរុស្ស៊ី និងការរំពឹងទុកសម្រាប់ហិរញ្ញវត្ថុពីខាងក្រៅ ខណៈប្រធានបេសកកម្មអ៊ុយក្រែន លោក ហ្កាវីន ហ្រ្កេ (Gavin Gray) បាននិយាយថា មូលនិធិនេះនៅតែរំពឹងថាសង្រ្គាមនៅអ៊ុយក្រែន នឹងចុះខ្សោយនៅចុងឆ្នាំ២០២៤ នេះ។លោក ហ្រ្កេ បានប្រាប់អ្នកយកព័ត៌មានថា លទ្ធផលការងារជារួមរបស់អ៊ុយក្រែន លើកម្មវិធី «មូលនិធិពង្រីកបន្ថែម» របស់ខ្លួនជាមួយ IMF នៅតែរឹងមាំជាងឆ្នាំដំបូងរបស់ខ្លួន ហើយទីក្រុងគីវ បានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការអនុវត្តបរិមាណទាំងអស់ លើកលែងតែការខកខានទាក់ទងនឹងចំណូលពន្ធ ប៉ុន្តែពាក់ព័ន្ធនឹងចំនួនទឹកប្រាក់តិចតួចប៉ុណ្ណោះ។IMF បាននិយាយថាកម្មវិធីប្រាក់កម្ចីរបស់ខ្លួនបានបន្តផ្តល់យុថ្កាដ៏រឹងមាំសម្រាប់កម្មវិធីសេដ្ឋកិច្ចរបស់អ៊ុយក្រែន ដែលនៅតែដើរទៅមុខ ទោះបីជាមានស្ថានភាពលំបាកខ្លាំងដោយសារតែសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទីបីរបស់ខ្លួនក៏ដោយ៕

កាណាដា គ្រោងនឹងកាត់បន្ថយចំនួនអ្នកស្នាក់នៅបណ្តោះអាសន្ន និងទប់ស្កាត់លំហូរចូលនៃអន្តោប្រវេសន៍

2024/03/22 09:26:05 pm        182
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក ម៉ាក មីលឡឺ (Marc Miller) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ មីនា) ថា ប្រទេសកាណាដា គ្រោងនឹងកាត់បន្ថយចំនួនអ្នកស្នាក់នៅបណ្តោះអាសន្នរបស់ខ្លួន និងដាក់កម្រិតលើការធ្វើអន្តោប្រវេសន៍បណ្តោះអាសន្នជាលើកដំបូងដែលមិនធ្លាប់មាន។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកាណាដា បានមើលឃើញកំណើនយ៉ាងខ្លាំងនៃនិស្សិតអន្តរជាតិ ពលករបរទេស និងអ្នកស្នាក់នៅបណ្តោះអាសន្នផ្សេងទៀត ដែលចូលក្នុងប្រទេសនេះដោយទិដ្ឋាការដែលមានកំណត់ពេលវេលា ខណៈដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) ពឹងផ្អែកលើការធ្វើអន្តោប្រវេសន៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបំពេញកង្វះខាតពលកម្ម។ប៉ុន្តែរដ្ឋាភិបាលសេរីនិយមនេះ ក៏បានស្ថិតក្រោមសម្ពាធនយោបាយសម្រាប់គោលនយោបាយអន្តោប្រវេសន៍របស់ខ្លួនផងដែរ ជាមួយនឹងការរិះគន់ថា ពួកគេបានធ្វើឱ្យមានវិបត្តិលំនៅដ្ឋានកាន់តែធ្ងន់ធ្ងរ។ សេវាមួយចំនួនដែលផ្តល់ដោយខេត្ត ដូចជាការអប់រំ និងការថែទាំសុខភាព ក៏កំពុងជួបការលំបាកផងដែរ ដើម្បីទប់ទល់នឹងកំណើនប្រជាជនដ៏លើសលប់នេះ។លោក មីលឡឺ បាននិយាយថា រដ្ឋាភិបាលចង់កាត់បន្ថយចំនួនអ្នកស្នាក់នៅបណ្តោះអាសន្នមកត្រឹម ៥ ភាគរយនៃចំនួនប្រជាជនសរុបក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ពីចំនួន ៦,៥ ភាគរយក្នុងឆ្នាំ២០២៣។ នោះនឹងជាការកាត់បន្ថយប្រហែល ២០ ភាគរយពីអ្នកស្នាក់នៅបណ្តោះអាសន្នចំនួន ២,៥ លាននាក់របស់ប្រទេសកាណាដា ក្នុងឆ្នាំ២០២៣៕

មេដឹកនាំសហភាពអឺរ៉ុប អញ្ជើញប្រទេសបូស្នី ឱ្យចូលរួមកិច្ចចរចាសមាជិកភាព ក្នុងជំហានប្រវត្តិសាស្ត្រ

2024/03/22 08:56:22 pm        166
បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) ក្នុងការអញ្ជើញប្រទេសបូស្នី ឱ្យចូលរួមការចរចាសមាជិកភាពបើកចំហសហភាពអឺរ៉ុប ខណៈពេលដែលបានសង្កត់ធ្ងន់ផងដែរថាប្រទេសតំបន់បាល់កង់មួយនេះ នឹងត្រូវធ្វើកំណែទម្រង់បន្ថែមទៀតមុនពេលកិច្ចចរចាអាចចាប់ផ្តើម។លោក ឆាលស៍ មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃមេដឹកនាំសហភាពអឺរ៉ុប បានប្រាប់បូស្នី នៅក្នុងការបង្ហោះលើបណ្ដាញសង្គម X បន្ទាប់ពីបានប្រកាសការសម្រេចដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល ថា «សូមអបអរសាទរ! តំណែងរបស់អ្នកគឺស្ថិតនៅក្នុងគ្រួសារអ៊ឺរ៉ុបរបស់យើង»។ការសម្រេចនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាជំហានប្រវត្តិសាស្ត្រសម្រាប់បូស្នី ដោយបង្កើនក្តីសង្ឃឹមថាប្រទេសនេះអាចដើរហួសពីអស្ថិរភាព ដែលត្រូវបានបង្កើតឡើងដោយគូប្រជែងជនជាតិភាគតិច និងការគំរាមកំហែងផ្នែកអបគមន៍ ជិត ៣ ទសវត្សរ៍បន្ទាប់ពីការបញ្ចប់នៃសង្រ្គាមដ៏មហន្តរាយមួយ។បូស្នី បានចាប់យកឱកាសពីការបើកចំហថ្មីសម្រាប់ការពង្រីកសហភាពអឺរ៉ុប ក្នុងចំណោមមន្ត្រីសហភាពអឺរ៉ុប ដែលបាននិយាយថា ការលុកលុយរបស់រុស្ស៊ីនៅឆ្នាំ២០២២ លើអ៊ុយក្រែន បានបង្ហាញពីគ្រោះថ្នាក់នៃការមាន «តំបន់ពណ៌ប្រផេះ» ដែលអស្ថិរភាព ដោយមហាអំណាចបរទេសនៅតាមព្រំដែនរបស់សហភាពអឺរ៉ុប៕

ប្រជាជនហ្កាហ្សា កាន់តែគាំទ្រដំណោះស្រាយរដ្ឋពីរ ខណៈដែលការគាំទ្រសម្រាប់ក្រុមហាម៉ាស កំពុងធ្លាក់ចុះ

2024/03/22 08:47:05 pm        182
ការគាំទ្រសម្រាប់ក្រុមហាម៉ាសជាគណបក្សនយោបាយមួយ បានធ្លាក់ចុះដល់ ៣៤ភាគរយ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ជាការធ្លាក់ចុះ ១២ពិន្ទុ ពីខែធ្នូ ឆ្នាំ២០២៣ នេះបើយោងតាមការស្ទង់មតិដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយវិទ្យាស្ថានស្រាវជ្រាវប៉ាឡេស្ទីនឈានមុខគេមួយ។ខណៈពេលដែលសង្រ្គាម កំពុងបំផ្លាញទស្សនៈរបស់ជនជាតិប៉ាឡេស្ទីនចំពោះក្រុមហាម៉ាស ជាស្ថាប័នគ្រប់គ្រងនៅតំបន់ហ្កាហ្សា ការគាំទ្រជាក់ស្តែងនៅតែមានកម្រិតខ្ពស់សម្រាប់តួនាទីរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងសង្គ្រាម។ ចំនួន៧០ភាគរយនៃប្រជាជនប៉ាឡេស្ទីន បាននិយាយថា ពួកគេ «ពេញចិត្ត»នឹងការធ្វើសង្រ្គាមរបស់ហាម៉ាស បើប្រៀបធៀបទៅនឹងអង្គភាពប៉ាឡេស្ទីនផ្សេងទៀត ដូចជាគូប្រជែងនយោបាយរបស់ខ្លួនគឺFatah ដែលមេដឹកនាំដែលពុំមានប្រជាប្រិយភាពគឺ លោកម៉ាខ្មូដ អាបាស(Mahmoud Abbas) គ្រប់គ្រងតំបន់វេសបែង។ ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស បានបង្កឲ្យមានសង្គ្រាមជាមួយអ៊ីស្រាអែល ដែលរហូតមកទល់ពេលនេះ បានសម្លាប់មនុស្សជាង ៣១.000នាក់ នៅតំបន់ហ្កាហ្សា នេះបើយោងតាមក្រសួងសុខាភិបាលនៃដែនដីនេះ។ការស្ទង់មតិ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីថ្ងៃទី៥ ខែមីនាដល់ថ្ងៃទី១០ ខែមីនា នៅដើមខែទី៥ នៃសង្គ្រាមដែលមានទំហំគំរូអ្នកបោះឆ្នោតសរុប១៥៨០នាក់ គឺ៨៣០នាក់នៃអ្នកដែលបានបោះឆ្នោត រស់នៅក្នុងតំបន់វេសបែង និង៧៥០នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ និងស្រាវជ្រាវស្ទង់មតិប៉ាឡេស្ទីន (PSR) ជាអង្គការស្ទង់មតិឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា ដែលមានអ្នកស្ទង់មតិជាច្រើនន នៅទូទាំងតំបន់ហ្កាហ្សា។ មជ្ឈមណ្ឌលនេះ បានធ្វើការស្ទង់មតិសាធារណៈ នៅក្នុងទឹកដីប៉ាឡេស្ទីនរៀងរាល់ត្រីមាស ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ក្នុងអំឡុងពេលឈានទៅដល់ការស្ទង់មតិនេះ កងកម្លាំងអ៊ីស្រាអែល បានឈានទៅដល់កណ្តាលតំបន់ហ្កា ហ្សា ការភ័យខ្លាចមានកម្រិតខ្ពស់នៃការលុកលុយយោធាចូលទៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូង ដែលមានប្រជាជនប្រហែល១,៥លាននាក់ កំពុងជ្រកកោន ហើយវិបត្តិមនុស្សធម៌ បានឈានដល់កម្រិតទាបថ្មី ខណៈដែលអ្នកដែលងាយរងគ្រោះបំផុត បានចាប់ផ្តើមស្លាប់ដោយការស្រេកឃ្លាន និងការចរចាសុំបទឈប់បាញ់មួយមុនខែរ៉ាម៉ាដាន កំពុងផ្ទុះឡើង ប៉ុន្តែនៅតែផ្តល់នូវក្តីសង្ឃឹមមិនច្បាស់លាស់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM