ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើសហភាពអឺរ៉ុបជំរុញអ្នកវិនិយោគបន្ថែមពីអឺរ៉ុបមកកម្ពុជា

2024/03/12 02:10:32 pm        178
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Peteris Ustubs នាយក​សម្រាប់​មជ្ឈឹម​បូព៌ា អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) សហភាពអ៊ឺរ៉ុប ព្រម​ទាំង​ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណ​ជូន​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន​គាំទ្រ​លើ​ការផ្ដល់ជំនួយអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការទ្វេភាគីនានា ជាមួយរាជ​រដ្ឋាភិបាល​កម្ពុជា​។ យ៉ាងណាមិញ ដោយសង្កេតឃើញថាស្ថានភាពកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហ​ភាពអឺរ៉ុប ហាក់មានកម្រិតតិចតួចនៅឡើយ គឺស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារ បាន​ពី​៦២គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសហភាពអឺរ៉ុបអំពីជំហររបស់កម្ពុជា ដែលបើកចំ​ហរ​ស្វាគម​ន៍​រាល់គ្រប់វិនិយោគិនទាំងអស់ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើក​ទឹក​ចិត្ត​លើ​វិស័យ​មួយចំនួនផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជាបាន​ទទួល​វិនិយោគិន​រួចរាល់​ពី​ប្រទេស​នានា​រួម​មាន​សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដែលក្នុងនោះ​កម្ពុជា​ចង់​ឱ្យ​វិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនតំណាងសហភាពអឺរ៉ុប អំពីផែនការ​អភិវឌ្ឍន៍​ជាតិ​នានា​របស់​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន​រួម​មាន​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការសាងផ្លូវជាតិ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ និង​ពិសេស​ផែន​ការ​មេ​គ្រប់​ជ្រុង​ជ្រោយ​ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ មាន​ចំនួន ១៧៤គម្រោង ដែល​ក្រុម​ហ៊ុន​ឯកជន​ពី​សហភាព​អឺរ៉ុប​អាច​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិនិយោគ​បាន​ផង​ដែរ។ បន្ថែមពីនេះទៀត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី លើកឡើងថា ស្របតាម​ផែន​ការរបស់​រាជ​រដ្ឋាភិបាល ដើម្បីជំរុញផ្លាស់ប្ដូរកម្ពុជាពីការប្រើកម្លាំងពលកម្ម ទៅជា​ការ​ប្រើប្រាស់​ជំនាញ​កម្រិត​មធ្យម និងជំនាញបច្ចេកទេសកម្រិតខ្ពស់ ព្រមទាំង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អ​ភិវឌ្ឍ​ធន​ធាន​មនុស្ស កម្ពុជាក៏បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ទៅ​ដល់​យុវជន​ចំនួន​ពីគ្រួសារក្រីក្រនិងងាយរងគ្រោះ ១,៥លាននាក់ ដើម្បីបង្កើន​កម្រិត​សមត្ថភាព​ផង​ដែរ​។លោក Peteris Ustubs បាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​អបអរ​សាទរ​ដល់​លទ្ធ​ផល​ដ៏​ល្អ​ប្រសើរ​លើ​ការ​អភិវឌ្ឍ​ជាតិ​ដែល​ទទួលបានពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ លោក Peteris Ustubs បាន​លើក​ឡើង​ផង​ដែរ​អំពី​ទស្សន​កិច្ច​ទាក់​ទាញ​វិនិយោគិន​ដែល​កម្ពុជា​អាច​រៀបចំ​បាន​ក្នុង​សហភាព​អ៊ឺរ៉ុប​ ដែលមាន ២៧ប្រទេស ដោយក្នុង​នោះលោកបាន​លើក​ទឹក​ចិត្ត​កម្ពុជា​ឱ្យ​ជ្រើស​យក​វិស័យ​អាទិភាព​សំខាន់ៗ ដើម្បីបង្ហាញជូនវិនិយោគិន។ លោក Peteris Ustubs ក៏បានបន្តជម្រាបជូន​ពី​ការ​យក​ចិត្តទុកដាក់របស់សហភាពអឺរ៉ុបដែលបច្ចុប្បន្នផ្ដោតលើគម្រោងអភិវឌ្ឍន៍បៃតង និង​បច្ចេកវិ​ទ្យា​៕

ឯកឧត្តម ម៉ៅ សុផាន់ ចុះជួបជាមួយប្រជាពលរដ្ឋចំនួន ១៤៣គ្រួសារ រស់នៅក្នុងឃុំស្រយង់ ស្រុកគូលែន

2024/03/12 01:18:49 pm        292
ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរគមន៍លេខ៣ ​កងកម្លាំងទាំង៣ ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានណែនាំអោយមន្ទីរជំនាញកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងធ្វើការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋទាំង ១៤៣គ្រួសារ ដែលរស់នៅក្នុងតំបន់ខាងលើ​ដើម្បីចេញប្លង់កម្មសិទ្ធិជូនអោយបានឆាប់ៗនេះ។បន្ថែមពីនេះឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ក៏បានសន្យាថាហ្នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាងសង់អណ្ដូងទឹក សាលារៀន និងតបណ្ដាញអគ្គីសនីអោយបានចូលដល់ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះផងដែរ៕

សម្តេចធិបតី ផ្ដាំទៅវិទ្យុប្រឆាំងនៅក្រៅប្រទេសកុំបង្ខូចឈ្មោះមន្រ្ដី និងការអភិវឌ្ឍរបស់កម្ពុជា ពិសេសពាក់ព័ន្ធ «គម្រោងព្រែកជីកហ្វូណនតេជោ»

2024/03/12 01:11:44 pm        238
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ការប្រើពាក្យមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចដោយវិទ្យុមួយនៅក្រៅប្រទេស គឺមិនមានវិជ្ជាជីវៈនោះទេ ហើយមន្រ្តីរបស់រាជរដ្ឋាភិបាល គឺបានយល់ច្បាស់ពីការអភិវឌ្ឍ « គម្រោងព្រែកជីកហ្វូណនតេជោ» ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។សម្ដេចធិបតី បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនខ្ចីប្រាក់​ពីបរទេសមក​ធ្វើការអភិវឌ្ឍនោះទេ គឺធ្វើឡើងតាមរយៈ BOT ហើយសម្តេចក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាល​ល្ងង់ដល់ថ្នាក់មិនស្គាល់ពាក្យ BOT នោះទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យខ្ពស់ក្នុងគម្រោង​អភិវឌ្ឍន៍​នានា ទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកដើម្បីជំរុញកំណើន​សេដ្ឋកិច្ចនិង​បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៕

សម្តេចធិបតី បង្ហាញមោទនភាពចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីកម្ពុជា

2024/03/12 01:07:04 pm        129
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បង្ហាញមោទនភាព និងអារម្មណ៍រំភើប ចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោនៅលើទឹកដីកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កណ្តាលស្ទឹង ខេត្តកណ្ដាល ខណៈការសាងសង់ជំហានទី១ សម្រេចបានជាង ៦៦ ភាគរយហើយ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដោយបានកោតសរសើរ និងបង្ហាញមោទនភាពចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុងពេលការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ គឺមិនបានឈប់សម្រាកនោះទេ។ ខណៈវឌ្ឍនភាពជំហានទី១ នៃការសាងសង គឺសម្រេចបានជាង ៦៦% និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ប្រមាណ ១ ពាន់លានដុល្លារហើយ។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អ្នកវិនិយោគិនដែលបានបណ្ដាក់ទុន និងកម្មករ អ្នកសាងសង់ព្រលានយន្តហោះនេះទាំងអស់ ដែលបានរួមគ្នាធ្វើការដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឱ្យការការសាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោ អាចដំណើរការទៅបានដោយរលូន និងប្រកបដោយសមិទ្ធផលរហូត​មកទល់ពេលនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់មានព្រលានយន្តហោះខ្នាតធំ កាលពី ៦៥ឆ្នាំមុន ប៉ុន្តែនៅឆ្នាំខាងមុខនេះប្រទេសកម្ពុជា នឹងបើកដំណើរការព្រលានយន្តហោះខ្នាតធំ​ជាប្រវត្តិសាស្រ្ត​មួយទៀត។ សម្តេចធិបតីថ្លែងថា សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំ​ច្រើនហើយ​ តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីកម្ពុជាបែប​នេះឡើយ ពីព្រោះសមិទ្ធផលនេះ ​គឺជា របស់ខ្មែរ នៅលើទឹកដីកម្ពុជា។ សូមជម្រាបថា គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវបានបែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួល​បានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍នៅទូទាំងប្រទេស និយាយជារួម។ បន្ថែមពីនេះ​ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍​សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ មានសន្តិភាព និងស្ថិរភាព ទើបមានវិនិយោគិនមកវិនិយោគនៅកម្ពុជា

2024/03/12 12:58:57 pm        187
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់បន្ថែមអំពីគុណតម្លៃនៃសន្ដិភាព និងស្ថិរភាពរបស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានរួមគ្នាខិតខំថែរក្សាបានរហូតមកដល់បច្ចុប្បន្ននេះ គឺជាសមិទ្ធផលមួយដ៏សំខាន់ដែលអាចទាក់ទាញកំណើនវិនិយោគនានាពីបណ្ដាប្រទេសផ្សេងៗមកបណ្ដាក់ទុននៅកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលនានា រួមទាំងព្រលានយន្តហោះអន្តរជាតិនេះ កើតឡើងទៅបានដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព និងស្ថិរភាព ប្រជាពលរដ្ឋរួបរួមសាមគ្គីគ្នា និងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងនៅអាណត្តិទី៧នេះផងដែរ។ សម្តេចធិបតីបានបញ្ជាក់ថា ដោយសារកត្តាសន្តិភាព និងស្ថិរភាពនេះហើយទើបវិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានសង្កត់ធ្ងន់ថា កាលពីអតីតកាល ដោយសារសង្រ្គាមព្រលានយន្តហោះនៅកម្ពុជាត្រូវបានប្រើប្រាស់សម្រាប់តែដឹកមនុស្សចេញពីប្រទេសឬធ្វើចំណាកស្រុកទៅប្រទេសផ្សេងតែប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះនៅកម្ពុជាមានភ្ញៀវទេសចរ ចូលមកទស្សនា និងមានភ្ញៀវទេសចរក្នុងស្រុកចេញទៅលេងក្រៅប្រទេសប្រកបដយសន្ដិភាព និងនិរន្តរភាពយ៉ាងខ្លាំង៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

2024/03/12 12:52:27 pm        112
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាចលករដ៏មានតម្លៃសម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ ពុំមែនតែជានិមិត្តរូបនៃភាពល្អមើលប៉ុណ្ណោះទេ ប៉ុន្តែគឺបង្ហាញពីការរីកចម្រើនរបស់កម្ពុជា និងការទាក់ទាញភ្ញៀវទេសចរ ជាពិសេស គឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជន។សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ព្រលានយន្តហោះនេះក៏នឹងចូលរួមទាក់ទាញ និងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិផងដែរ។ សម្តេចធិបតីសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ បាននិងកំពុងចូលរួមចំណែកយ៉ាងធំធេងសម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ប៉ុន្តែទន្ទឹមនោះ កម្ពុជាត្រូវពង្រឹង និងពង្រីកសេវាកម្មទេសចរណ៍​ឱ្យកាន់​តែច្រើនថែមទៀត ជាពិសេសវិស័យទេសចរណ៍របស់កម្ពុជា ​ដែលមានគុណភាព ដើម្បីឱ្យ​ទេសចរបរទេសស្នាក់នៅយូរអង្វែងនៅក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

នាយករដ្ឋមន្ត្រីហៃទី បានលាលែងពីតំណែង ខណៈវិបត្តិកាន់តែធ្ងន់ធ្ងរបង្កឡើងដោយក្រុមជនអន្ធពាល

2024/03/12 12:26:26 pm        102
យោងតាមក្រុមមេដឹកនាំក្នុងតំបន់ នាយករដ្ឋមន្ត្រីដែលកំពុងរងសម្ពាធយ៉ាងខ្លាំង លោក អារៀល ហេនរី (Ariel Henry) បានលាលែងពីតំណែង ប៉ុន្មានសប្ដាហ៍ក្រោយភាពចលាចលកាន់តែខ្លាំង នៅក្នុងប្រទេសស្ថិតក្នុងតំបន់ការ៉ាអ៊ីប មួយនេះ ជាទីដែលក្រុមជនអន្ធពាលកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ហើយសណ្ដាប់ធ្នាប់សង្គមស្ទើរតែដួលរលំ។ ក្រុមមន្ត្រីរបស់ប្លុក CARICOM ក្នុងតំបន់ បានប្រកាសកាលពីយប់ថ្ងៃចន្ទថា លោកហេនរី បានដាក់លិខិតលាលែងពីតំណែងរបស់លោករួចរាល់ហើយ។ លោក អ៊ីហ្វានអាលី (Irfaan Ali )ប្រធានប្លុក CARICOM និងជាមេដឹកនាំប្រទេសកោះ ហ្គីយ៉ាណាបាននិយាយថា យើងទទួលស្គាល់ការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី អារៀល ហេនរី លើការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល និងការតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ នៅពេលអំពើហិង្សាដ៏ធ្ងន់ធ្ងរបានផ្ទុះឡើងកាលពីសប្ដាហ៍មុន លោក ហេនរី ស្ថិតក្នុងប្រទេសកេនយ៉ាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងការបញ្ជូនមន្ត្រីនគរបាលកេនយ៉ាទៅកាន់ប្រទេសហៃទីដើម្បីស្ដារស្ថានភាពសន្តិសុខឡើងវិញ ដែលរដ្ឋាភិបាលរបស់លោកបានបាត់បង់ការគ្រប់គ្រង។ លោក ហេនរី ដែលបានឡើងកាន់អំណាចដោយពុំបានបោះឆ្នោតកាលពីឆ្នាំ ២០២១ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី នៅពេលនោះរបស់ប្រទេសហៃទី បានពន្យារពេលការបោះឆ្នោតដែលបានគ្រោងធ្វើឡើងកាលពីខែមុន ដោយនិយាយថា មិនអាចមានការបោះឆ្នោតកើតឡើងទេ រហូតដល់ប្រទេសនេះមានសុវត្ថិភាព។ ប៉ុន្តែការសម្រេចចិត្តរបស់លោកបានធ្វើឱ្យក្រុមបាតុករខឹងសម្បារកាន់តែខ្លាំង ដែលទាមទារឱ្យលាលែងពីតំណែងជាច្រើនខែមកហើយ ខណៈប្រទេសហៃទីបានធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ថែមទៀត និងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាលកាន់តែធ្ងន់ធ្ងរ ៕

ប្រធាន IAEA នឹងពិនិត្យមើលប្រតិបត្តិការបង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi

2024/03/12 12:15:09 pm        107
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នឹងទៅពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមិនដំណើរការ នៅថ្ងៃពុធ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន។ អគ្គនាយក លោក Rafael Mariano Grossi នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសនេះ តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន។ លោក ត្រូវបានគេរំពឹងថានឹង ជួបជាមួយប្រធានគណៈរដ្ឋមន្ត្រីលោក Hayashi Yoshimasa នៅថ្ងៃអង្គារនេះ ជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ច។ នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីប្រតិបត្តិកររោងចក្រ Fukushima Daiichi បានចាប់ផ្តើមបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្ម និងពង្រាវរួចចូលទៅក្នុងមហាសមុទ្រ កាលពីខែសីហា ឆ្នាំមុន។ លោក Grossi នឹងពិនិត្យមើលពីរបៀបប្រតិបត្តិការបង្ហូរទឹកចេញ ដែលកំពុងត្រូវបានអនុវត្ត នៅពេលលោកទៅកាន់រោងចក្រនៅថ្ងៃពុធស្អែកនេះ។ មុននឹងបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងមហាសមុទ្រ ប្រតិបត្តិកររបស់រោងចក្របានពង្រាវទឹកដើម្បីកាត់បន្ថយកម្រិតសារធាតុទ្រីទីចូម(tritium) ដល់ប្រហែលមួយភាគប្រាំពីរនៃកម្រិតណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់ទឹកទទួលទាន។ ទីភ្នាក់ងារ IAEA បានបញ្ជាក់ជាថ្មីនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែមករា ថា ប្រតិបត្តិការនេះ គឺស្របទៅនឹងស្តង់ដារសុវត្ថិភាពអន្តរជាតិ។ ប៉ុន្តែប្រទេសចិន បានផ្អាកការនាំចូលផលិតផលសមុទ្ររបស់ប្រទេសជប៉ុន បន្ទាប់ពីប្រតិបត្តិករ បានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មនិងពង្រាវរួច។ កាលពីថ្ងៃច័ន្ទ ប្រទេសជប៉ុន បានប្រារព្ធខួប១៣ឆ្នាំ នៃឧបទ្ទវហេតុនៅរោងចក្រ Fukushima Daiichi ។ នៅថ្ងៃនោះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បាននិយាយថា ការរឹតត្បិត ដែលពុំមានមូលដ្ឋាននៅក្នុងវិទ្យាសាស្ត្រ មិនត្រូវបណ្តែតបណ្តោយឱ្យបាននោះទេ។ លោក បានប្ដេជ្ញាបន្តទាមទារឱ្យប្រទេសចិន ដកចេញវិធានការនេះជាបន្ទាន់។ រដ្ឋាភិបាលជប៉ុន សង្ឃឹមថានឹងបំបាត់ការព្រួយបារម្ភពីសុវត្ថិភាពទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមានការចូលរួមពីទីភ្នាក់ងារថាមពលអតាមិកអន្តរជាតិ(IAEA)។

លោក Biden ជួបការលំបាកក្នុងការទាញយកប្រជាប្រិយភាពពីអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅនៅរដ្ឋ Georgia

2024/03/12 12:02:31 pm        131
មានការផ្លាស់ប្តូរជាច្រើនចាប់តាំងពីក្រុមសង្គមស៊ីវិលសម្រាប់ជនជាតិស្បែកខ្មៅ វ័នដា ម៉ូស៍លី (Wanda Mosley) បានជំរុញអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅរាប់ពាន់នាក់នៅទូទាំងរដ្ឋ ចចា (Georgia) ដើម្បីជួយយកជ័យជម្នះការបោះឆ្នោតសកលកាលពីឆ្នាំ២០២០ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)។បច្ចុប្បន្ន អ្នកបោះឆ្នោតស្បែកខ្មៅមួយចំនួន មានអារម្មណ៍មិនសប្បាយចិត្តដោយសារកំណើននៃការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ និងអាទិភាពនៃយុត្តិធម៍ពូជសាសន៍ដែលពួកគេមានអារម្មណ៍ថាគណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន មិនទាន់បានបំពេញតាមការសន្យា នេះបើយោងតាមការស្ទង់មតិ និងការសម្ភាសន៍បានបង្ហាញ។ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ ភូ (Pew) នៅក្នុងខែមករា បានរកឃើញថាជនជាតិអាមេរិកស្បែកខ្មៅមានការខ្វែងគំនិតគ្នាលើការបំពេញមុខងាររបស់លោក បៃដិន ដែលប្រហែល ៤៩ ភាគរយនៃមនុស្សពេញវ័យស្បែកខ្មៅមិនយល់ស្រប ហើយមានមនុស្ស ៤៨ ភាគរយប៉ុណ្ណោះបានយល់ស្រប ខណៈធ្លាប់មានអ្នកបោះឆ្នោតស្បែកខ្មៅ ៩២ ភាគរយបានគាំទ្រលោក បៃដិន កាលពីឆ្នាំ២០២០។ទាំងលោក បៃដិន និងគូប្រជែងរបស់ខ្លួន គឺបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានទៅបំពេញទស្សនកិច្ចនៅរដ្ឋ Georgia កាលពីថ្ងៃសៅរ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអ្នកបោះឆ្នោតមុនការបោះឆ្នោតបឋមនៅថ្ងៃអង្គារ។ លទ្ធផលនៅទីនោះអាចដើរតួនាទីជាផ្លូវដ៏លំបាកមួយនៅខាងមុខសម្រាប់លោក បៃដិន មុនពេលការបោះឆ្នោតសកលនៅខែវិច្ឆិកា ក្នុងការទាញការគាំទ្រពីអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ ដែលតាមប្រវត្តិសាស្ត្រគឺជាប្លុកបោះឆ្នោតដ៏ស្មោះត្រង់បំផុតរបស់គណបក្សប្រជាធិបតេយ្យ៕

ប្រមុខ NATO៖ ស៊ុយអែត ចូលជាសមាជិកអង្គការណាតូ បង្ហាញថាលោក ពូទីន បានបរាជ័យហើយ

2024/03/12 11:59:36 am        97
ប្រធានអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាការចូលជាសមាជិករបស់ប្រទេសស៊ុយអែត ទៅក្នុងសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះ បានបង្ហាញថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន «បរាជ័យ» នៅក្នុងយុទ្ធសាស្ត្រសង្គ្រាមអ៊ុយក្រែន ក្នុងការព្យាយាមធ្វើឱ្យប្រទេសនេះចុះខ្សោយ។លោក ស្តុលថិនប៊ឺក បាននិយាយថា ការឈ្លានពានរបស់វិមានក្រឹមឡាំង មិនត្រឹមតែបានជំរុញឱ្យបណ្ដាប្រទេសដែលពីមុនមិនចូលបក្សសម្ព័ន្ធ ដូចជាស៊ុយអែត និងហ្វាំងឡង់ ឱ្យស្ថិតនៅក្រោមឆ័ត្រការពារជាតិរបស់ណាតូប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ «អ៊ុយក្រែនផ្ទាល់ក៏កាន់តែខិតជិតសមាជិកភាពណាតូជាងពេលមុនៗដែរ»។ការអត្ថាធិប្បាយរបស់ប្រមុខណាតូ ដែលធ្វើឡើងនៅក្បែរនាយករដ្ឋមន្ត្រីស៊ុយអែត លោក អឺហ្វ គ្រីស្ទើសសុន (Ulf Kristersson) នេះ បានកើតឡើងមុនពេលទង់ជាតិរបស់ប្រទេសស៊ុយអែតត្រូវបានបង្ហូតឡើងលើបង្គោលទង់ជាតិនៅឯទីស្នាក់ការកណ្តាលទីក្រុងប្រ៊ុចសែល របស់អង្គការណាតូ ក្នុងពិធីមួយដែលប្រទេសស៊ុយអែតក្លាយជាប្រទេសសមាជិកទី៣២ របស់សម្ព័ន្ធយោធា។សម្រាប់រុស្សី លោក ពូទីន បានចាត់ទុកការលុកលុយទាំងអស់របស់ខ្លួននៅឆ្នាំ ២០២២ លើអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ការពារប្រឆាំងនឹងអង្គការណាតូ ដែលកំពុងពង្រីកខ្លួន ខណៈបណ្ដាប្រទេសសមាជិកនៃសម្ព័ន្ធយោធានេះបានផ្ដល់ប្រាក់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ពួកគេដល់ទីក្រុងគីវ ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងតបតនឹងរុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកស្រុករស់នៅទីក្រុងដាម៉ាសវាយតម្លៃផលប៉ះពាល់ ខណៈការចំណាយកើនឡើងដោយសារជម្លោះនៅមជ្ឈិមបូព៌ា
05/01/2026 08:05 PM
សិស្សសាលាស៊ូដង់មិនបានចូលរៀនជាច្រើនឆ្នាំ ដោយសារសង្គ្រាម
05/01/2026 08:05 PM
អ៊ីស្រាអែលនឹងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនដែលរងរបួសធ្ងន់
05/01/2026 08:05 PM
ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទេវហេតុលិចទូកនៅឥណ្ឌា កើនឡើងដល់ ៦នាក់
05/01/2026 08:05 PM
អាមេរិកចាប់ផ្តើមឡើងវិញជើងហោះហើរដឹកអ្នកដំណើរទៅកាន់វេណេស៊ុយអេឡា ក្រោយផ្អាករយៈពេល ៧ឆ្នាំ
05/01/2026 08:05 PM
លោក Trumpនិយាយថា លោកប្រហែលជាដកទាហានសហរដ្ឋអាមេរិកចេញពីអ៊ីតាលី និងអេស្ប៉ាញ
05/01/2026 08:05 PM
ជំរំរដ្ឋ Texas ជាទីដែលទឹកជំនន់សម្លាប់មនុស្ស ២៨នាក់ ផ្អាកផែនការបើកឡើងវិញក្នុងរដូវក្តៅនេះ
05/01/2026 07:05 PM
ជនសង្ស័យត្រូវបានឃាត់ខ្លួន ក្រោយមនុស្ស ៦នាក់ រងការចាក់ដោយកាំបិតនៅវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
05/01/2026 07:05 PM
មនុស្សរាប់ពាន់នាក់នាំគ្នាតវ៉ាក្នុងទីក្រុងម៉ានីល នៅទិវាពលកម្មអន្តរជាតិ ដោយទាមទារដំឡើងប្រាក់ខែ និងបញ្ចប់ជម្លោះមជ្ឈិមបូព៌ា
05/01/2026 07:05 PM
នាយករដ្ឋមន្ត្រីស្លូវ៉ាគី និយាយថា EU សួរសំណួរអំពីកិច្ចពិភាក្សារបស់លោកជាមួយលោក PUTIN
05/01/2026 07:05 PM