ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/03/05 10:19:53 am        200
គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាស​ជាឱឡារិក ដោយគោរព និងទទួល​យកលទ្ធផល​នៃការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ​នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៥ ខែ​មីនានេះ។គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានប្រព្រឹត្ត​ទៅ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុងបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង ដែលបានធានានូវលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត។ គណបក្ស​ប្រជាជនកម្ពុជាលើកឡើងថា គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជី គណបក្ស​ឈរ​ឈ្មោះបោះ​ឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ សុទ្ធតែបានធ្វើសកម្មភាពដោយសេរី ហើយ​អ្នក​បោះឆ្នោត​គ្រប់​រូប​បាន​អនុវត្តយ៉ា​ង​ពេញ​លេញ​នូវ​សិទ្ធិ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោ​ត​នេះ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ហើយកាន់តែត្រូវបានពង្រឹងឡើងតាមគន្លងនីតិរដ្ឋ ក្នុង​បរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព និងឯកភាពជាតិពេញលេញ ប្រជាជន​កំពុង​រស់​នៅ​យ៉ាងសុខដុមរមនា និងសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការអភិវឌ្ឍសង្គមជាតិ។គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការ បោះ​ឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែល គ.ជ.ប បានប្រកាសនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ។ លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុត​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន៕

ប្រភពទួរគី អះអាងថា លោកអេរដូហ្គែន និង លោកអាបាស គ្រោងនឹងពិភាក្សាគ្នាអំពីការផ្តល់ជំនួយដល់តំបន់ហ្កាហ្សា

2024/03/05 10:15:26 am        269
ប្រភពការទូតទួរគី បាននិយាយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី តាយីប អេរដូហ្គែន (TAYYIP ERDOGAN) គ្រោងនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទួរគីក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (MAHMOUD ABBAS) ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងអង់ការ៉ា ក្នុងសប្តាហ៍នេះ។ថ្លែងនៅក្នុងវេទិកាការទូតនៅប្រទេសទួរគីកាលពីចុងសប្តាហ៍ រដ្ឋមន្ត្រីការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីន លោក រីយ៉ាដ អាល់ ម៉ាលីគី (RIYAD-AL MALIKI) បានបញ្ជាក់ថា លោកអាបាស នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងអង់ការ៉ា នៅថ្ងៃអង្គារនេះ និងជួបលោកអេរដូហ្គែន។ប្រទេសទួរគី ដែលបានរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សា និងបានគាំទ្រវិធានការដើម្បីឲ្យមានការកាត់ទោសអំពើប្រល័យពូជសាសន៍ នៅតុលាការពិភពលោកនោះ បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានបទឈប់បាញ់។ ប៉ុន្តែទីក្រុងអង់ការ៉ា មិនមានការចូលរួមផ្ទាល់ ក្នុងការចរចាបទឈប់បាញ់ទេ។មិនដូចសម្ព័ន្ធមិត្តលោកខាងលិច និងប្រទេសឈូងសមុទ្រមួយចំនួនទេ សមាជិកណាតូទួរគី មិនចាត់ទុកក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ហើយកាលពីថ្ងៃទី៧ ខែតុលា បានធ្វើការវាយប្រហារមួយនៅក្នុងទឹកដីអ៊ីស្រាអែល ដែលជំរុញឲ្យមានយុទ្ធនាការអ៊ីស្រាអែល ក្នុងនាមជាអង្គការភេរវកម្ម។ប្រភពការទូត បាននិយាយថា លោកអេរដូហ្គែន និង លោកអាបាស នឹងពិភាក្សាអំពីការវិវឌ្ឍថ្មីៗ នៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាស្ថានភាព នៅតំបន់វេសបែង (WEST BANK)។

ហ្វីលីពីន នឹងប្រឆាំងចិន ប្រសិនបើផលប្រយោជន៍ដែនសមុទ្រ មិនទទួលបានការយកចិត្តទុកដាក់

2024/03/05 09:56:12 am        111
លោកប្រធានាធិបតីហ្វីលីពីន ហ្វើឌីណាន ម៉ាកូស ជូនៀរ (Ferdinand Marcos Jr) បាននិយាយកាលពីថ្ងៃចន្ទ ទី៤ ខែមីនា ថា ហ្វីលីពីន នឹងសហការជាមួយចិនក្នុងកិច្ចចរចាស្តីពីជម្លោះសមុទ្រចិនខាងត្បូង ប៉ុន្តែនឹងរុញបកទៅចិនវិញ នៅពេលអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់ខ្លួនមិនត្រូវបានអើពើទេនោះ។ថ្លែងនៅឯវេទិកាវិទ្យាស្ថាន Lowy ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី លោក Marcos បាននិយាយថា លោកបានប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសចិនសម្រាប់ក្រមប្រតិបត្តិ (COC) ដែលបានពន្យារពេលជាយូរមកហើយនៅសមុទ្រចិនខាងត្បូង ស្របតាមច្បាប់អន្តរជាតិ។ លោកប្រធានាធិបតីហ្វីលីពីន រូបនេះ បាននិយាយ ខណៈលោកបានបញ្ជាក់ជាថ្មីថារូបលោកនឹងមិនប្រគល់ទឹកដីហ្វីលីពីនណាមួយទៅឲ្យមហាអំណាចបរទេសនោះទេ ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រូវបានអនុវត្តដោយខ្វះចន្លោះនោះទេ។ បរិយាកាសអំណោយផលជាទីដែលភាពតានតឹងត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពគឺ មានសារៈសំខាន់ចំពោះភាពជោគជ័យនៃការចរចាសម្រាប់ក្រមប្រតិបត្តិ ។ ទំនាក់ទំនងរវាងប្រទេសជិតខាងហ្វីលីពីន និងចិន បានធ្លាក់ដុនដាបខ្លាំងភ្លាមៗបន្ទាប់ពីលោក Marcos ឡើងកាន់តំណែងកាលពីឆ្នាំ ២០២២ ចំពេលដែលជម្លោះ បានផ្ទុះឡើងម្តងហើយម្តងទៀតជុំវិញការអះអាងសិទ្ធិគ្រប់គ្រងតំបន់ដែនទឹកថ្មប៉ប្រះទឹក នៅសមុទ្រចិនខាងត្បូង នៅពេលដែលទីក្រុងម៉ានីល បានបង្កើតទំនាក់ទំនងការពារជាតិកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ លោក Marcos បាននិយាយថាសម្ព័ន្ធភាពរបស់ហ្វីលីពីនជាមួយសហរដ្ឋអាមេរិកត្រូវបានបង្កើតដោយជម្រើសរបស់យើងផ្ទាល់ ហើយយើងបន្តពង្រឹងទំនាក់ទំនងនេះដោយជម្រើសរបស់យើងផ្ទាល់ដែរ៕

កិច្ចប្រជុំកំពូលអាស៊ាន៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីព្រមានពីជម្លោះដ៏ធំជាមួយប្រទេសចិន

2024/03/05 08:34:35 am        142
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វង្ស (Penny Wong) បានព្រមានខ្លាំងៗអំពីការកើនឡើងភាពប្រឈមនៃជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ លុះត្រាតែតំបន់នេះ ដើរតាមការទូត និងការការពារស្របច្បាប់ថ្មី។ការថ្លែងបែបនេះរបស់លោកស្រីកើតមាននៅថ្ងៃពិពីបើកកិច្ចប្រជុំអាស៊ានក្នុងទីក្រុង Melbourneនៅពេលលោកនាយរដ្ឋមន្ត្រី អង់តូនី អាល់បានី (Anthony Albanese) ទទួលស្វាគមន៍ក្រុមមរដឹកនាំអាស៊ី-អាគ្នេយ៍ ។ខណៈរបៀបវារៈនៃកិច្ចប្រជុំកំពូលនឹងផ្ដោតសំខាន់លើបញ្ហាសេដ្ឋកិច្ច អូស្ត្រាលី ក៏បារម្ភផងដែរអំពីបញ្ហាសន្តិសុខ ដូចជា សកម្មភាពយោធារបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូងជាដើម ។ លោកស្រី វង្ស និយាយថាយើងបានដឹងថាជម្លោះដ៏ធំនៅក្នុងតំបន់របស់យើង នឹងបង្កគ្រោះមហន្តរាយដល់សហគមន៍ និងសេដ្ឋកិច្ច របស់យើង ខណៈមានជម្លោះដ៏ធ្ងន់ធ្ងររ៉ាំរ៉ៃ នៅក្នុបតំបន់ហ្កាហ្សា និងអ៊ុយក្រែន ។ភាពតានតឹងបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងប្រទេសផ្សេងទៀតដូចជា ប្រទេសហ្វីលីពីន និងវៀតណាម។ ប្រទេសចិន បានសាងសង់មូលដ្ឋានយោធានៅលើកោះសិប្បនិម្មិតនៅក្នុងសមុទ្រនេះ។លោកស្រី បានព្រមានពីភាពប្រឈមកាន់តែធ្ងន់ធ្ងរនៃជម្លោះ ប៉ុន្តែពុំបានសំដៅដោយផ្ទាល់លើប្រទេសចិនទេ។ លោកស្រីបញ្ជាក់ថាយើងបានមើលឃើញការអះអាង និងសកម្មភាពដែលមិនសមស្របទៅនឹងច្បាប់អន្តរជាតិ ពិសេស អនុសញ្ញាស្ដីពីច្បាប់ដែនសមុទ្ររបស់អង្គការសហប្រជាជាតិ ដែលជាបទបញ្ជាស្របច្បាប់សម្រាប់សមុទ្រនិងមហាសមុទ្រ។យើងប្រឈមនឹងអស្ថិរភាព ការបង្កជម្លោះ និងសកម្មភពបង្ខិតបង្ខំ រួមទាំងការធ្វើនាវាចរណ៍នៅសមុទ្រនិងអាកាស ដែលគ្មានសុវត្ថិភាព៕

ពលរដ្ឋមានបណ្ណសមធម៌ អរគុណដល់រដ្ឋាភិបាល ចំពោះការព្យាបាលដោយពុំគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ

2024/03/04 04:15:32 pm        151
នៅព្រឹកថ្ងៃទី៤មីនាឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ដែលមានបណ្ណសមធម៌ បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការមកទទួល​សេវាពិនិត្យព្យាបាល​ជំងឺផ្សេងៗ នៅតាមមន្ទីររដ្ឋ ក៏ដូចជានៅតាមមណ្ឌលសុខភាព ក្នុងមូលដ្ឋាននានា ដោយពុំអស់ថ្លៃសេវាពិនិត្យព្យាបាលជំងឺ និងមានការយកចិត្តទុកដាក់គិតគូរខ្ពស់ ពីក្រុមគ្រូពេទ្យ ក្នុងការពិនិត្យព្យាបាលជំងឺដល់ពួកគាត់បានល្អប្រសើរផងដែរ។លោក ពូ សំ ដែលមកទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរបង្អែកខេត្តឧត្តរមានជ័យ បានសំម្តែង​នូវក្តីសប្បាយរីករាយ និងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់បណ្ណ​សមធម៌ដល់​រូបគាត់​ដែល​មានជីវភាពមកពីគ្រួសារក្រីក្ររួមទាំងពលរដ្ឋ​ដទៃទៀត​ បាន​មក​ទទួល​សេវាពិនិត្យ​ព្យាលបាល​ជំងឺនៅមន្ទីរពេទ្យរដ្ឋដោយពុំអស់ថ្លៃសេវាអ្វីទាំងអស់។លោក បានឲ្យដឹងថា អស់រយៈពេលជិត២០ឆ្នាំមកហើយដែលរូបគាត់ពុំធ្លាប់​បាន​មកពិនិត្យព្យាបាល​ជំងឺនៅមន្ទីររដ្ឋ ធ្លាប់តែពិនិត្យនៅតាមមណ្ឌលសុខភាព ក្នុងមូលដ្ឋានរបស់គាត់​ បច្ចុប្បន្ន​មន្ទីរពេទ្យរដ្ឋ​ក្នុងខេត្តឧត្តរមានជ័យ មានអគារថ្មីស្រស់ស្អាតប្រកប​ដោយបរិស្ថានល្អ និង​មាន​ឧបករណ៍​បំពាក់​ដោយ​គ្រឿង​វេជ្ជសាស្រ្ត​ទំនើបៗ​រួមទាំង​ក្រុម​គ្រូពេទ្យ​មាន​ភាព​រាក់ទាក់​រួសរាយ​ចំពោះ​អ្នកជំងឺទូទៅ​មិនចាញ់មន្ទីរពេទ្យប្រទេសជិតខាងនោះឡើយ។យ៉ាងណាម៉ិញ​លោកវេជ្ជបណ្ឌិត អ៊ុក សុមេធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ បាន​ឲ្យដឹងថា បន្ទាប់ពីមានអគារមន្ទីរពេទ្យថ្មីដែល​មាន​លក្ខណៈស្តង់ដា សម្រាប់​ពិនិត្យព្យាបាល​ជំងឺ​មានបំពាក់​ដោយ​គ្រឿង​សំភារៈវេជ្ជសាស្រ្តទំនើបៗ​សម្រាប់​ព្យាបាល​ដែល​ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចតេជោ អតីត​នាយករដ្ឋមន្រ្តី បច្ចុប្បន្នមាន​ប្រជាពលរដ្ឋភាគច្រើន​បានមកទទួល​សេវា​ពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋមានការកើនឡើង ច្រើនជាងមុនៗ ដោយ​សារ​កន្លងមក ​យើង​ខ្វះ​នូវអគារសម្រាក និងពុំមាន​ឧបករណ៍​គ្រឿងវេជ្ជសាស្រ្តទំនើបៗ​សម្រាប់​ពិនិត្យបាលជំងឺ។លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ​សព្វថ្ងៃនេះ​នៅពេលយើងមាន​ឧបករណ៍​សម្ភារៈ​វេជ្ជសាស្រ្តទំនើបៗ​នោះពលរដ្ឋភាគច្រើនមួយចំនួនបែរងាកមករកទទួលសេវាពិនិត្យព្យាបាលជំងឺ​ នៅមន្ទីរពេទ្យរដ្ឋវិញ ជៀសរវាង​ការទៅពិនិត្យព្យាបាលជំងឺនៅឯប្រទេសជិតខាង ដោយ​ត្រូវ​ចំណាយ​ថវិការ​ពិនិត្យ​ព្យាបាល​ជំងឺអស់ថវិកាច្រើន ព្រោះបច្ចុប្បន្នមន្ទីរពេទ្យរដ្ឋ មិនចាញ់មន្ទីរឯកជនប៉ុន្មាន​នោះទេ​ សម្រាប់​ប្រទេស​ជិត​ខាង​នោះ៕

ក្រុមហ៊ុនអាកាសចរណ៍ Air India និង ITA របស់អ៊ីតាលី បន្តជើងហោះហើរទៅអ៊ីស្រាអែល ក្នុងពេលមានជម្លោះ

2024/03/04 03:20:06 pm        291
ក្រុមហ៊ុនអាកាសចរណ៍ Air India និង ITA អ៊ីតាលី កាលពីថ្ងៃអាទិត្យ បានបន្តជើងហោះហើរ ទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីពួកគេបានផ្អាកកាលពីខែតុលាឆ្នាំមុន ក្រោយការផ្ទុះឡើងជម្លោះរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស។ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា បានបន្តជើងហោះហើរដោយផ្នែករបស់ខ្លួនឡើងវិញ នៅលើផ្លូវហោះហើររវាងអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឌីរ៉ា ហ្គានឌី (Indira Gandhi) ក្នុងទីក្រុង Delhi និងអាកាសយានដ្ឋាន បេនហ្គូរីអន(Ben Gurion) ក្បែរទីក្រុង Tel Aviv ។ រហូតដល់មានជម្លោះ ផ្លូវហោះហើរនេះ រួមមានជើងហោះហើរទៅនិងមកប្រចាំសប្តាហ៍ចំនួន៦ជើង។ក្រុមហ៊ុនអាកាសចរណ៍អ៊ីតាលី បានបន្តប្រតិបត្តិការរបស់ខ្លួន ក្នុងប្រទេសអ៊ីស្រាអែល ដោយមានជើងហោះហើរប្រចាំសប្តាហ៍បីជើង រវាងអាកាសយានដ្ឋាន ហ្វីមីជីណូ(Fiumicino) ក្នុងទីក្រុងរ៉ូម(Rome) និងទីក្រុង Tel Aviv។ក្រុមហ៊ុនអាកាសចរណ៍ ITA អ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ផ្តើមឡើងវិញនៃជើងហោះហើររវាងទីក្រុង Tel Aviv និងទីក្រុង Rome គឺអាចធ្វើទៅបានដោយសារកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរអ៊ីតាលី និងអ៊ីស្រាអែល ហើយវាមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ITA Airways ខណៈក្រុមហ៊ុនពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សង្គម និងវប្បធម៌ រវាងទីផ្សារនៃប្រទេសទាំងពីរ។ ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួនបីផ្សេងទៀតគឺក្រុមហ៊ុនអាកាសចរណ៍ British Airways, ក្រុមហ៊ុនអាយប៊ីរៀ(Iberia)របស់អេស្បាញ និងក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM កាលពីពេលថ្មីៗនេះ បានប្រកាសថាពួកគេ នឹងបន្តជើងហោះហើរ ទៅកាន់ប្រទេសអ៊ីស្រាអែល នៅថ្ងៃទី ១ ខែមេសា។

សមាជិកប្រទេសនាំចេញប្រេង OPEC + បន្ថែមពេលកាត់បន្ថយទិន្នផលប្រេងដល់ត្រីមាសទី២

2024/03/04 03:17:07 pm        189
សមាជិកអង្គការប្រទេសនាំចេញប្រេង OPEC+ បានប្រកាសកាលពីថ្ងៃអាទិត្យ ពីការបន្ថែមពេលកាត់បន្ថយទិន្នផលប្រេង នៅក្នុងត្រីមាសទីពីរ ដើម្បីគាំទ្រដល់ «ស្ថិរភាព និងតុល្យភាពទីផ្សារប្រេង»។ OPEC+ គឺជាក្រុមប្រទេសផលិតប្រេង ដែលរួមមានប្រទេសជាសមាជិកនៃអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្ត។ អង្គការ OPEC បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ទីស្នាក់ការរបស់ខ្លួន បានកត់សម្គាល់ពីសេចក្តីប្រកាសរបស់បណ្តាប្រទេសអង្គការ OPEC + មួយចំនួន ដែលបានបន្ថែមពេលកាត់បន្ថយដោយស្ម័គ្រចិត្តបន្ថែម សរុបចំនួន ២,២ លានបារ៉ែល ក្នុងមួយថ្ងៃ សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៤។ ការកាត់បន្ថយនេះគឺយកចេញពីកូតា ដែលត្រូវបានបានអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អង្គការ OPEC+ នៅក្នុងខែមិថុនា ឆ្នាំ ២០២៣។ កាលពីខែវិច្ឆិកាឆ្នាំមុន ប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី និងប្រទេសមួយចំនួនទៀតរបស់អង្គការ OPEC+ បានប្រកាសកាត់បន្ថយការផលិតដោយស្ម័គ្រចិត្ត ដែលសរុបប្រហែល ២,២លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ត្រីមាសទីមួយនៃឆ្នាំនេះ។ ក្រសួងថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសដែលជាមេដឹកនាំអង្គការ OPEC នឹងបន្តកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តរបស់ខ្លួនចំនួន ១ លានបារ៉ែល ក្នុងមួយថ្ងៃ រហូតដល់ចុងខែមិថុនា។ យោងតាមក្រសួងបានឱ្យដឹងថា ការផលិតប្រេងរបស់ប្រទេសនេះ នឹងមានប្រហែល ៩ លានបារ៉ែល ក្នុងមួយថ្ងៃ រហូតដល់ចុងត្រីមាសទីពីរ។ ប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តឈានមុខគេរបស់អង្គការ OPEC ក៏បានប្រកាសកាត់បន្ថយដោយស្ម័គ្រចិត្តចំនួន ៤៧១.០០០បារ៉ែលក្នុងមួយថ្ងៃពីការផលិត និងការនាំចេញប្រេងឆៅរបស់ខ្លួនសម្រាប់ទីមាស ទី២ ដែលទាបជាងបន្តិចពីការកាត់បន្ថយចំនួន ៥០០.០០០បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងតីមាសទី១។ ប្រទេស OPEC+ ផ្សេងទៀត រួមមានប្រទេសអ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងប្រទេសអូម៉ង់ ក៏បានបន្ថែមពេលការកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តរបស់ពួកគេទៅក្នុងត្រីមាសទី២ ផងដែរ។

ក្រុមហ៊ុន SunRice Group ចង់វិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

2024/03/04 02:55:04 pm        260
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។ ព្រមគ្នានេះដែរ លោកនាយកប្រតិបត្តិបានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។ ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍ពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឱ្យការនាំចេញ ហើយសម្ដេចធិបតីក៏បានបញ្ជាក់ជូនក្រុមហ៊ុនថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូននិងប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា ដោយសម្ដេចធិបតីបានសង្កត់ថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញផងដែរ​ដេីម្បី​គាំទ្រ​ដល់សកម្មភាព​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​នៅកម្ពុជាកាន់តែមានសមត្ថភាព​ប្រកួតប្រជែង​ និងផ្តល់ភាពងាយស្រួលក្នុង​ការតភ្ជាប់​ ក៍ដូចជាកាត់ថ្លៃដឹកជញ្ជូន​។ សម្តេច​ធិបតី​ ក៍បាន​លេីក​ទឹកចិត្ត​ឱ្យក្រុមហ៊ុន​ទស្សនកិច្ចនៅកម្ពុជា​ដេីម្បី​​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត​ ដោយសារ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់កម្ពុជា ៕ 

ជំនួបកំពូលអាស៊ាន-អូស្ត្រាលី នឹងទាត់ចោលការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនៅក្នុងតំបន់

2024/03/04 02:49:45 pm        313
ក្រុមមេដឹកនាំមកពីប្រជាជាតិអាស៊ី-អាគ្នេយ៍ និងអូស្ត្រាលីបានជួបជុំគ្នានៅក្នុងទីក្រុងមែលប៊ន (Melbourne) នៅថ្ងៃចន្ទនេះហើយគេរំពឹងថា នឹងទាត់ចោលការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងមកដោះស្រាយជម្លោះក្នុងតំបន់ ទប់ទល់ប្រទេសចិន។ សេចក្ដីថ្លែងការណ៍ពង្រាងរួមគ្នាអាស៊ាន -អូស្ត្រាលី ទទួលបានដោយសារព័ត៌មាន AFP និយាយថាយើងព្យាយាមទប់ទល់បញ្ហាសម្រាប់តំបន់ ជាទីដែលអធិបតេយ្យភាពបូរណភាពទឹកដីត្រូវបានគោរព ។យើងត្រូវព្យាយាមទប់ទល់បញ្ហាសម្រាប់តំបន់ ជាទីដែលការខ្វែងគំនិតគ្នា ត្រូវបានគ្រប់គ្រងតាមរយៈការពិភាក្សាដោយការគោរពគ្នា មិនប្រើការគំរាមកំហែងដាក់គ្នា និងកុំប្រើកម្លាំងបាយ។ ការវាទទីរបស់ក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងគឺជាបញ្ហាសំខាន់ក្នុងការពិភាក្សានៅជំនួបកំពូលរយៈពេល៣ថ្ងៃ។ ជម្លោះដែនដី ក្នុងច្រករបៀងពាណិជកម្មដ៏សំខាន់ បានឡើងកម្ដៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈការវាទីរបស់ចិនក្នុងតំបន់មួយចំនួនក៏អះអាងដោយប្រទេសជាសមាជិកអាស៊ានដែរដូចជាហ្វីលីពីន និងវៀតណាម។រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រីផេនី វង្ស (Penny Wong) ដែលធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបេររទេស បាននិយាយថា យើងទាំងអស់គ្នា ត្រូវតែទទួលខុសត្រូវចំពោះបញ្ហាក្នុងតំបន់ ដែលយើងចង់បានការចែករំលែក សន្តិភាព ស្ថិរភាព និងភាពរីកចម្រើន។លោកស្រីនិយាយថា ការធ្វើបែបនេះ គឺសំខាន់ជាងការប្រកួតប្រជែងរបស់តំបន់។ វិបត្តិនយោបាយនៅសហភាពមីយ៉ាន់ម៉ា ទំនឹងនឹងក្លាយជារបៀបវារៈសម្រាប់ជំនួបនេះ។ សហភាពមីយ៉ាន់ម៉ា មិនត្រូវបានឲ្យចូលរួម ដោយសារបរាជ័យក្នុងការទប់ស្កាត់អំពើហិង្សាក្នុងប្រទេស ចាប់តាំងពីការដណ្ដើមអំណាចដោយយោធាឆ្នាំ២០២១មក៕

មេបញ្ជាការកងទ័ពស៊ូដង់ ជំរុញឲ្យមានសមាជិកភាពឡើងវិញនៅក្នុងសហភាពអាហ្វ្រិក

2024/03/04 02:45:25 pm        186
លោក អាប់ដែល ហ្វាតា អាល់ ប៊ឺហាន(Abdel Fattah Al-Burhan) ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ បានបញ្ជាក់កាលពីថ្ងៃអាទិត្យអំពី ទំនុកចិត្តរបស់ប្រទេសស៊ូដង់នៅក្នុងសហភាពអាហ្រ្វិក (AU) ដោយអំពាវនាវឱ្យមានការស្តារឡើងវិញនូវសមាជិកភាពពេញលេញរបស់ប្រទេសស៊ូដង់ នៅក្នុងអង្គការប្រចាំតំបន់នេះ។ លោក Al-Burhan បាននិយាយដូច្នេះ នៅពេលលោកបានទទួលគណៈប្រតិភូ នៃគណៈកម្មការជាន់ខ្ពស់របស់សហភាពអាហ្វ្រិក ស្តីពីដំណោះស្រាយនៃជម្លោះនៅប្រទេសស៊ូដង់ ដែលដឹកនាំដោយ លោក ម៉ូហាម៉េដ អាយបន ចាំប៉ាស(Mohamed Ibn Chambas) នៅទីក្រុង Port Sudan ជារដ្ឋធានីនៅរដ្ឋសមុទ្រក្រហម។ សេចក្តីថ្លែងការណ៍បាននិយាយថា លោក Al-Burhan បានសម្តែងនូវទំនុកចិត្តរបស់ប្រទេសស៊ូដង់ ចំពោះសហភាពអាហ្រ្វិក និងដំណោះស្រាយដែលខ្លួនអាចផ្តល់ឲ្យ ដោយបានផ្តល់ថា ប្រទេសស៊ូដង់ ដោះស្រាយជាមួយអង្គការនេះខណៈជាសមាជិកពេញសិទ្ធិ។ លោក Al-Burhan បញ្ជាក់បន្ថែមទៀតថា មូលដ្ឋាននៃដំណោះស្រាយ គឺស្ថិតនៅក្នុងការដកកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ចេញពីទីក្រុង និងភូមិនានា ដែលពួកគេបានចូលកាន់កាប់។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក អាយបន ចាំប៉ាស (Ibn Chambas) បានបញ្ជាក់លើតម្រូវការដើម្បីបញ្ឈប់ជម្លោះ សម្រេចបាននូវស្ថិរភាពសម្រាប់ប្រទេសស៊ូដង់ និងប្រជាជនរបស់ខ្លួន។លោកបាននិយាយពីភាពខ្នះខ្នែងរបស់គណៈកម្មការជាន់ខ្ពស់សហភាពអាហ្វ្រិក និងការខិតខំស្វែងរកដំណោះស្រាយចំពោះវិបត្តិ ប្រទេសស៊ូដង់។ កាលពីថ្ងៃទី ១៧ ខែមករា សហភាពអាហ្វ្រិក បានប្រកាសពីការបង្កើតគណៈកម្មាការកម្រិតខ្ពស់ជុំវិញការដោះស្រាយជម្លោះនៅក្នុងប្រទេសស៊ូដង់។ យោងតាមការប៉ាន់ប្រមាណថ្មីៗ ដែលចេញផ្សាយដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានឲ្យដឹងថា ប្រទេសស៊ូដង់ បាននិងកំពុងឃើញការប៉ះទង្គិចគ្នាដ៏ឃោឃៅរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣។ មនុស្សជាង ១៣.០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM
មេធាវី៖ ជនអន្តោប្រវេសន៍អាហ្វ្រិក ៩នាក់ ត្រូវបានអាមេរិកនិរទេសទៅកាន់ប្រទេសកាមេរូន
05/02/2026 04:05 PM
លោក TRUMP ពង្រីកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងរដ្ឋាភិបាលគុយបានិងក្រុមអ្នកគាំទ្រ
05/02/2026 04:05 PM
អ៊ីស្រាអែលរឹតត្បិតការជួបជុំគ្នានៅជិតព្រំដែនលីបង់ ស្របពេលការវាយប្រហារនៅតែបន្តនៅភាគខាងត្បូងប្រទេសនេះ
05/02/2026 04:05 PM
ប្រទេសចិនអំពាវនាវឲ្យបន្តការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
05/02/2026 04:05 PM
អតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
05/02/2026 02:05 PM
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
05/02/2026 02:05 PM