ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំកំពូលអ៊ីរ៉ង់ ជំរុញឱ្យប្រជាជនអ៊ីរ៉ង់ទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតដ៏សំខាន់

2024/02/19 02:55:05 pm        113
មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាលី កាំមីណេ (Ali Khamenei) កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យអ្នកបោះឆ្នោតទៅបោះឆ្នោតឲ្យបានច្រើន នៅក្នុងការបោះឆ្នោតសភា និងក្រុមប្រឹក្សាមេដឹកនាំសាសនា ដែលបានកំណត់កាលបរិច្ឆេទ នៅថ្ងៃទី ១ ខែមីនា។គេហទំព័ររបស់លោក បានរាយការណ៍ថា លោក Khamenei បានធ្វើការអំពាវនាវដូច្នេះ នៅក្នុងពេលជួបជាមួយប្រជាជនមកពីខេត្ត អ៊ីស អាហ្សាបៃហ្សង់(East Azarbaijan) ភាគពាយ័ព្យ ក្នុងទីក្រុង តេអេរ៉ង់ ។ លោកបាននិយាយថា ការបោះឆ្នោតគឺជាសសរស្តម្ភដ៏សំខាន់ របស់សាធារណរដ្ឋឥស្លាម និងជាមាគ៌ា ឆ្ពោះទៅរកកំណែទម្រង់របស់ប្រទេស។លោក បាននិយាយបន្តថា «អ្នកគ្រប់គ្នា គួរតែទៅចូលរួមក្នុងការបោះឆ្នោត ហើយអ្នកទាំងឡាយណាដែលមានបំណងដោះស្រាយបញ្ហា គួរប្រើការបោះឆ្នោតជាវិធីសាស្ត្រដ៏ត្រឹមត្រូវ។ប្រទេសអ៊ីរ៉ង់ នឹងរៀបចំការបោះឆ្នោតសភាលើកទី១២ និងសភាអ្នកជំនាញលើកទី៦ នៅថ្ងៃទី ១ ខែមីនា។ សភា ដែលមាន ២៩០ អាសនៈ មានអំណាចអនុម័តច្បាប់ និងពិនិត្យរដ្ឋាភិបាល ខណៈសភាអ្នកជំនាញមានសមាជិក ៨៨ រូប ត្រូវបានផ្តល់អំណាចដើម្បីតែងតាំងមេដឹកនាំកំពូល។ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ង់ លោក ហាឌី តាហាន ណាហ្ស៊ីហ្វ(Hadi Tahan Nazif) បាននិយាយថា បេក្ខជនចំនួន ១៤.៩១២រូប ត្រូវបានអនុម័តឱ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតសភា បន្ទាប់ពីដំណើរការពិនិត្យច្បាស់លាស់ ហើយ បេក្ខជនសរុបចំនួន ១៤៤ រូប នឹងប្រកួតប្រជែងសម្រាប់សភាអ្នកជំនាញ ដែលនឹងត្រូវជ្រើសរើសសម្រាប់អាណត្តិរយៈពេល៨ឆ្នាំ។

ឧត្តមនាវីឯកអាមេរិក៖ ការប្រយុទ្ធជាមួយក្រុមហ៊ួទី នៅសមុទ្រក្រហម គឺជាសមរភូមិដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២

2024/02/19 02:43:34 pm        111
ឧត្តមនាវីឯកទ័ពជើងទឹកអាមេរិកម្នាក់ និយាយថា ជម្លោះប្រឆាំងនឹងក្រុមហ៊ួទីនៅសមុទ្រក្រហម គឺជាសមរភូមិជើងទឹកដ៏ធំបំផុតមួយ ដែលអាមេរិក បានប្រយុទ្ធក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។លោកឧត្តមនាវីទោ ប្រាដ កូពឺ (Brad Cooper) បានប្រាប់ពិធីករទូរទស្សន៍ក្នុងកម្មវិធី «60 Minutes» អ្នកស្រី ណូរ៉ា អូដុណែល (Norah O'Donnell) នៅក្នុងបទសម្ភាសន៍ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖« ខ្ញុំគិតថា អ្នកនឹងត្រូវត្រឡប់ទៅសង្គ្រាមលោកលើកទី២ ដែលជាកន្លែងដែលអ្នកមាននាវាដែលចូលរួមក្នុងការប្រយុទ្ធ»។ លោកបានបន្តថា៖«នៅពេលខ្ញុំ និយាយថា ចូលរួមក្នុងការប្រយុទ្ធនៅកន្លែងដែលគេត្រូវគេបាញ់ យើងត្រូវគេបាញ់ ហើយយើងនឹងបាញ់តបវិញ»។លោកកូពឺ ដែលជាមេបញ្ជាការរងនៃបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រាប់កម្មវិធី «60 Minutes» ថា កងទ័ពជើងទឹក បានដាក់ពង្រាយនាវិកប្រហែល ៧.០០០នាក់ទៅកាន់សមុទ្រក្រហម។ កងទ័ពជើងទឹក បានបាញ់មីស៊ីលពីដីទៅលើអាកាសស្តង់ដាប្រហែល ១០០ប្រឆាំងនឹងមីស៊ីល និងយានដ្រូនរបស់ក្រុមហ៊ួទី។ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក ក្រុមឧទ្ទាមហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងវាយប្រហារលើនាវាដឹកជញ្ជូន ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ក្រុមឧទ្ទាមនេះ បាននិយាយថា ការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបទៅនឹងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោកកូពឺ បានប្រាប់កម្មវិធី 60 Minutes ថា វាច្បាស់ណាស់ថា ក្រុមហ៊ួទី មិនអាចធ្វើការវាយប្រហារទាំងនេះបានទេ បើគ្មានការគាំទ្រពីអ៊ីរ៉ង់។លោក បានប្រាប់អ្នកស្រី អូដុនណែលថា៖«អស់មួយទសវត្សរ៍មកហើយ ដែលប្រជាជនអ៊ីរ៉ង់ បានផ្គត់ផ្គង់ក្រុមហ៊ួទី។ អ៊ីរ៉ង់ បានផ្គត់ផ្គង់ដល់ក្រុមនេះឡើងវិញ។ យើងដឹងថា រឿងនេះកំពុងកើតឡើង។ ពួកគេកំពុងណែនាំដល់ក្រុមហ៊ួទី ហើយពួកគេកំពុងផ្តល់ព័ត៌មានកំណត់គោលដៅ»។

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ អេហ្ស៊ីប នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលមកពីតំបន់ហ្កាហ្សាឡើយ

2024/02/19 02:34:19 pm        113
នាយករដ្ឋមន្ត្រីនៃអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ូហាម៉េដ ស្ទេយ៉េ (Mohammad Shtayyeh) បានអំពាវនាវឲ្យអាជ្ញាធរអ៊ីស្រាអែលអនុញ្ញាតឲ្យប្រជាជនដែលប្រមូលផ្តុំគ្នានៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ត្រឡប់ទៅផ្ទះរបស់ពួកគេនៅភាគខាងជើងបន្ថែមទៀត។ថ្លែងនៅក្នុងសន្និសិទសន្តិសុខទីក្រុងមុយនិក( Munich) លោក ស្ទេយីយ៉េ បានចេញការព្រមានដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កុំឲ្យព្យាយាម បង្ខំប្រជាជនប៉ាឡេស្ទីនឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអេហ្ស៊ីប។លោកបាននិយាយថា៖«ខ្ញុំដឹង ហើយយើងដឹងហើយថា វាជាកម្មវិធីរបស់អ៊ីស្រាអែល ដើម្បីរុញច្រានប្រជាជនចេញពីតំបន់ហ្កាហ្សា។ យើង និងប្រជាជនអេហ្ស៊ីប បានធ្វើការយ៉ាងលំបាក ដើម្បីកុំឲ្យវាកើតឡើង»។លោកស្ទេយ៉េ បានបញ្ជាក់ថា៖«អេហ្ស៊ីបនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែននោះទេ។ មានរបាយការណ៍នៅក្នុងសារព័ត៌មានអន្តរជាតិថា អេហ្ស៊ីប កំពុងសាងសង់ជំរំទទួលភ្ញៀវមួយនៅម្ខាងព្រំដែនរបស់ខ្លួន ដើម្បីទទួលជនភៀសខ្លួនប៉ាឡេស្ទីន។លោកបានបន្ថែមទៀតថា អាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងដោយចលនាហ្វាតា (Fatah) ដែលមានមូលដ្ឋាននៅទីក្រុងរ៉ាហ្វា (Ramallah) ក្នុងវេសបែង មិនរក្សាទំនាក់ទំនងជាមួយក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ ហ្កាហ្សាស្ទ្រីប តាំងពីឆ្នាំ ២០០៧មក។

គ.ជ.ប រៀបចំពង្រឹងសន្តិសុខម៉ត់ចត់តាមការិយាល័យបោះឆ្នោតព្រឹទ្ធសភា

2024/02/19 02:03:21 pm        180
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា គ.ជ.ប បានរៀបចំពង្រឹង​សន្តិសុខ​យ៉ាងម៉ត់ចត់​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​អស់​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាដែ​លនឹងប្រព្រឹត្តនាថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។ខណៈនៅសល់រយៈពេល៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៧ នឹងចាប់ផ្តើមដំណើរការតាមការិយាល័យនៅទូទាំងរាជធានី-ខេត្ត ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ BTV នៅថ្ងៃទី១៩ ខែកុម្ភៈនេះថា ដើម្បី​ឱ្យ​ដំណើរ​ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាប្រព្រឹត្តទៅដោយរលូន និងធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ គ.ជ.ប បាន​ចេញ​នូវ​សេចក្តីណែនាំដល់ប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និង​ប្រធាន​គណៈកម្មការ​ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ស្តីពីអ្នកដែលមាន​សិទ្ធិ​ចូល​ក្នុង​ការិយាល័យ​បោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត រួមទាំងអ្នកដែល​មិន​មាន​សិទ្ធិ​ចូល​ក្នុង​ការិយាល័​យ​បោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងរួមទាំងអំពីកិច្ចសហការ និង​ការ​អនុវត្ត​របស់គណៈបញ្ជាការអចិន្រ្តៃយ៍សន្តិសុខសម្រាប់ការបោះឆ្នោតកាលពីថ្មីៗនេះ។ក្នុង​នោះឯកឧត្តម បញ្ជាក់ថា គណៈបញ្ជាការ​អចិន្រ្តៃយ៍​សន្តិសុខ សម្រាប់​ការ​បោះឆ្នោត​បាន​ដាក់​ពង្រាយ​ភ្នាក់​ងារតាមការិយាល័យបោះឆ្នោតនីមួយៗ ដើម្បីធានាថា​ចាប់​តាំង​ពីដំណើរ​ការ​បើក​ទ្វារ​ការិយាល័យ​បោះឆ្នោតរហូតដល់រាប់សន្លឹកឆ្នោតមានសុខសន្តិភាព និងសុវត្ថិភាព។ ជាមួយគ្នានេះក្នុងករណីមានបាតុភាព ឬភាពមិនប្រក្រតីកើតឡើងអំឡុងការបោះឆ្នោត ឯកឧត្តម បញ្ជាក់​ទៀតថា គ.ជ.ប មានយន្តការសម្របសម្រួល និងយន្តការទប់ស្កាត់បាតុភាព ខណៈ​ក្រៅ​ពី​នេះ ​គ.ជ.ប ក៏រង់ចាំទទួលពាក្យបណ្តឹង ដើម្បីដោះស្រាយផ្តល់យុត្តិធម៌ជូនភាគីពាក់ព័ន្ធទាំងអស់។យ៉ាងណាមិញ ឯកឧត្តម ហង្ស ពុទ្ធា មានជំនឿយ៉ាងមុតមាំថា ក្នុងថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាខាងមុខ ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការដោយអនុវត្តតាមបទបញ្ជា នីតិវិធី និងគោលការណ៍ច្បាប់បោះឆ្នោត ក្នុងគោល​ដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ដំណើរ​ការ​បោះឆ្នោត​មាន​ភាព​រលូន យុត្តិធម៌ និងទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២៤ ដោយមានការិយាល័យសរុបចំនួន ៣៣ ការិយាល័យ និង​អង្គ​បោះឆ្នោត​សរុប​ចំនួន ១១,៧៤៧នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២ នាក់។ ខណៈគណបក្សនយោបាយចំនួន ៤ ដែលចូលរួមប្រកួតប្រជែងរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕ អត្ថបទ៖ សេក ឧត្តម

អ៊ីស្រាអែល ថ្កោលទោសប្រធានាធិបតីប្រេស៊ីល ជុំវិញការប្រៀបធៀបសង្រ្គាមហ្កាហ្សា ទៅនឹងវិនាសកម្មនៃការសម្លាប់រង្គាល

2024/02/19 12:32:28 pm        132
អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានថ្កោលទោសប្រធានាធិបតីប្រេស៊ីលសម្រាប់ការប្រៀបធៀបសង្រ្គាមនៅតំបន់ហ្កាហ្សាទៅនឹងវិនាសសកម្មនៃការសម្លាប់រង្គាល ដោយចោទប្រកាន់លោកថា ជាអ្នកប្រឆាំងសាសនានិងជារឿងតូចតាចនៃការប្រល័យពូជសាសន៍ណាស៊ីនៃជនជាតិជ្វីហ្វនៅអឺរ៉ុប ក្នុងអំឡុងសង្គ្រាមលោកលើកទី២។ការថ្កោលទោសនេះ បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង កាន់តែតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងពីលោកប្រធានាធិបតី ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា ( Luiz Inacio Lula da Silva) ត្រឡប់មកកាន់តំណែងកាលពីឆ្នាំមុន។ លោកលូឡា បានបង្ហាញខ្លួនលោកថា ជាមេដឹកនាំនៃតំបន់ «Global South» ដែលជាក្រុមប្រទេស កំពុងអភិវឌ្ឍន៍ ដែលមិនមានការរឹតត្បិតតឹងតែងទេ។ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលសហភាពអាហ្រ្វិកក្នុងប្រទេសអេត្យូពី លោកលូឡា បាននិយាយថា៖«អ្វីដែលកំពុងកើតឡើងនៅតំបន់ហ្កាហ្សាស្ទ្រីប និងចំពោះប្រជាជនប៉ាឡេស្ទីន មិនត្រូវបានគេមើលឃើញនៅក្នុងពេលវេលាផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រនោះទេ។ តាមពិតទៅ វាបានកើតឡើងនៅពេលដែលលោកហ៊ីត្លែរសម្រេចចិត្តសម្លាប់ជនជាតិជ្វីហ្វ»។ការអត្ថាធិប្បាយបែបនេះ បានធ្វើឲ្យមានការភ័យខ្លាចក្នុងប្រទេសអ៊ីស្រាអែល ដែលជាប្រទេសត្រូវបានបង្កើតឡើងជាជម្រកសម្រាប់ជនជាតិជ្វីហ្វ នៅពេលមានការសម្លាប់រង្គាល។ អ៊ីស្រាអែលបដិសេធរាល់ការប្រៀបធៀបនៃការប្រព្រឹត្តរបស់ខ្លួននៅក្នុងសង្គ្រាមនៅហ្កាហ្សាទៅនឹងវិនាសសកម្មនៃការសម្លាប់រង្គាល។

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ជួបជាមួយព្រះរាជអាជ្ញាលើសំណុំរឿងប្រមាថព្រះមហាក្សត្រ

2024/02/19 12:29:38 pm        131
ការិយាល័យអគ្គមេធាវីរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃចន្ទ (១៩ កុម្ភៈ) នេះថាអតីតនាយករដ្ឋមន្ត្រីថៃដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានជួបជាមួយព្រះរាជអាជ្ញាជុំវិញបណ្តឹងប្រមាថព្រះមហាក្សត្រ ដែលកើតចេញពីបទសម្ភាសន៍កាលពីឆ្នាំ២០១៥ របស់លោក។ជំនួបនេះទាក់ទងនឹងបណ្ដឹងដែលធ្វើឡើងប្រឆាំងនឹងលោក ថាក់ស៊ីន ក្នុងឆ្នាំ២០១៦ ដែលមិនទាន់មានការជឿនលឿននៅឡើយ ដែលពេលនេះអាជ្ញាធរកំពុងពិចារណាលើភស្តុតាងថ្មី។ អ្នកនាំពាក្យការិយាល័យអគ្គមេធាវី នៅថ្ងៃចន្ទនេះបាននិយាយថា ត្រូវមានការស៊ើបអង្កេតបន្ថែមទៀតចំពោះបណ្តឹងប្រឆាំងលោកថាក់ស៊ីន មួយនេះ។ពាក្យបណ្តឹងនេះទាក់ទងនឹងបទសម្ភាសន៍កាលពីឆ្នាំ២០១៥ ដែលលោក ថាក់ស៊ីន បានផ្តល់ពេលនៅកូរ៉េខាងត្បូង ហើយត្រូវបានប្តឹងដោយរបបយោធាដែលគ្រប់គ្រងប្រទេសថៃ បន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយប្អូនស្រីរបស់លោកថាក់ស៊ីន។ លោក ថាក់ស៊ីន បានសន្យាម្តងហើយម្តងទៀតនូវភក្តីភាពចំពោះរាជានិយម។មហាសេដ្ឋីដ៏មានឥទ្ធិពលរូបនេះត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការឃុំខ្លួនរយៈពេលប្រាំមួយខែ ដែលជាថ្ងៃដំបូងនៃសេរីភាពរបស់លោកនៅក្នុងប្រទេសកំណើតរបស់ខ្លួន រយៈពេល ១៥ ឆ្នាំ បន្ទាប់ពីបានភៀសខ្លួនក្រោយការផ្តួលរំលំនៅក្នុងរដ្ឋប្រហារយោធា៕

អ៊ីរ៉ង់ ថ្កោលទោសការអនុម័តរបស់ព្រឹទ្ធសភាអាមេរិកលើកញ្ចប់ជំនួយ ១៤ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល

2024/02/19 12:26:53 pm        157
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃអាទិត្យ បានថ្កោលទោសព្រឹទ្ធសភាសហរដ្ឋអាមេរិក សម្រាប់ការអនុម័តកញ្ចប់ជំនួយចំនួន ១៤ពាន់លានដុល្លារ ទៅឲ្យអ៊ីស្រាអែល ដែលលោកបាននិយាយថា នឹងផ្តល់លទ្ធភាពឱ្យមានការសម្លាប់ជនជាតិអ៊ីស្រាអែលកាន់តែច្រើនថែមទៀតនៅក្នុងតំបន់ហ្កាហ្សា។ លោក Kanaani បានធ្វើការអត្ថាធិប្បាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្នុងការឆ្លើយតបទៅនឹងសេចក្តីស្នើច្បាប់ដែលត្រូវបានអនុម័តកាលពីថ្ងៃទី ១៣ ខែកុម្ភៈដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក សម្រាប់ជំនួយសន្តិសុខដល់ប្រទេសអ៊ីស្រាអែល។ លោក បាននិយាយថាការសម្រេចរបស់ព្រឹទ្ធសភាអាមេរិក ដែលផ្តល់មូលនិធិដោយអ្នកបង់ពន្ធអាមេរិកបានបង្ហាញថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋាភិបាលរបស់ខ្លួន នឹងទទួលបាន១០០លានដុល្លារក្នុងមួយថ្ងៃ ពីសហរដ្ឋអាមេរិក សម្រាប់ ការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនស្លូតត្រង់។ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់នេះដោយសំឡេង ៧០ ទល់នឹង ២៩សំឡេង។ វារួមបញ្ចូលទាំងជំនួយសន្តិសុខចំនួន ១៤ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ក្នុងចំណោមជំនួយផ្សេងៗទៀត។ចំណាត់ការរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានប្រឈមទៅនឹងការរិះគន់យ៉ាងទូលំទូលាយនៅក្នុងស្រុក ដោយក្រុមប្រឆាំងបាននិយាយថា ជំនួយនេះអាចត្រូវបានចំណាយលើតម្រូវការក្នុងស្រុក ប្រសើរជាជាងសព្វាវុធ ហើយបានបង្ហាញការព្រួយបារម្ភអំពីចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សា។វាមិនច្បាស់នោះទេ ថាតើសេចក្តីស្នើច្បាប់នេះ នឹងអនុម័តឬយ៉ាងណា ខណៈសមាជិកគណបក្សសាធារណរដ្ឋអភិរក្សនិយមមួយចំនួន នៅក្នុងសភាអាមេរិក បានប្តេជ្ញាថានឹងបញ្ឈប់សេចក្តីស្នើច្បាប់នេះ។

ការចំណាយលើការធ្វើដំណើររបស់ប្រទេសចិន ក្នុងអំឡុងបុណ្យចូលឆ្នាំ លើសពីកម្រិតមុនជំងឺកូវីដ

2024/02/19 11:51:50 am        87
ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅក្នុងប្រទេសចិន អំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ដែលបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ បានកើនឡើង ៤៧,៣ ភាគរយ ពីឆ្នាំមុន និងលើសពីកម្រិតកាលពីឆ្នាំ២០១៩ ដោយសារការកើនឡើងនៃការធ្វើដំណើរក្នុងស្រុក ក្នុងពេលមានការឈប់សម្រាករយៈពេលយូរជាងធម្មតា។ ទិន្នន័យនេះ អាចផ្តល់ជំនួយបណ្តោះអាសន្នដល់អ្នកបង្កើតគោលនយោបាយ ខណៈប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ កំពុងប្រឈមមុខទៅនឹងហានិភ័យឱនភាព ក្នុងពេលមានតម្រូវការរបស់អ្នកប្រើប្រាស់ចុះខ្សោយ ប៉ុន្តែនិរន្តរភាពនៃការជំរុញវិស័យទេសចរណ៍ គឺមិនប្រាកដប្រជា ហើយប្រាក់ចំណូលពីវិស័យទេសចរណ៍ ក្នុងការធ្វើដំណើរនៅតែទាបជាងកម្រិតមុនជំងឺរាតត្បាត។ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ដែលគេដឹងថាជាការធ្វើអន្តោប្រវេសន៍ប្រចាំឆ្នាំច្រើនបំផុតរបស់ពិភពលោក ទីតាំងទេសចរណ៍នៅទូទាំងប្រទេសបានឃើញហ្វូងមនុស្សយ៉ាងច្រើន។ យោងតាមទិន្នន័យរបស់ក្រសួងវប្បធម៌ និងទេសចរណ៍បានឲ្យដឹងថា ការចំណាយលើវិស័យទេសចរណ៍ក្នុងស្រុក បានកើនឡើង ៤៧,៣ ភាគរយ មានចំនួនដល់ ៦៣២,៧ ពាន់លានយ័ន ឬ ៨៧,៩៦ពាន់លានដុល្លារ ពីរយៈពេលថ្ងៃឈប់សម្រាកដូចគ្នាកាលពីឆ្នាំ ២០២៣។ ចំនួននៃការធ្វើដំណើរក្នុងស្រុក ដែលបានធ្វើឡើង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៅឆ្នាំនេះ បានកើនឡើង ៣៤,៣ ភាគរយ ធៀបទៅនឹងឆ្នាំមុន ដែលមានចំនួនសរុប ៤៧៤ លាននាក់។ យោងតាមទិន្នន័យរបស់ក្រសួង បានឱ្យដឹងថា ដោយប្រៀបធៀបទៅនឹងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីកាលពីឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ វាយប្រហារនៅក្នុងប្រទេស ការចំណាយលើវិស័យទេសចរណ៍ក្នុងស្រុក បានកើនឡើង ៧,៧ ភាគរយ ហើយការធ្វើដំណើរក្នុងស្រុកបានកើនឡើង ១៩ ភាគរយ។ ប៉ុន្តែថ្ងៃឈប់សម្រាកនៅក្នុងឆ្នាំ ២០២៤នេះ មានរយៈពេល៨ថ្ងៃ គឺច្រើនជាងមួយថ្ងៃ នៃការឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ក្នុងឆ្នាំ ២០១៩ ។

ជប៉ុនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំការកសាងអ៊ុយក្រែន ឡើងវិញ ដោយសន្យាលើសន្ធិសញ្ញាពន្ធថ្មី

2024/02/19 11:45:02 am        75
ប្រទេសជប៉ុន បានធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក ដេនីស៍ ស្មីហាល (Denys Shmyhal) នៅថ្ងៃចន្ទ (១៩ កុម្ភៈ) នេះនៅទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីការកសាងអ៊ុយក្រែនឡើងវិញ ដោយបានសន្យាលើសន្ធិសញ្ញាពន្ធទ្វេភាគីថ្មី និងការគាំទ្រផ្សេងទៀតសម្រាប់ធុរកិច្ចជប៉ុន ខណៈដែលសង្រ្គាមអ៊ុយក្រែននៅតែបន្ត។នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចចរចាក្នុងអំឡុងពេលប្រកាសពីសន្ធិសញ្ញាពន្ធទ្វេភាគីថ្មី និងការចាប់ផ្ដើមនៃកិច្ចចរចាសម្រាប់សន្ធិសញ្ញាវិនិយោគដែលមិនបានផ្ដល់ព័ត៌មានលម្អិតថា «ប្រទេសជប៉ុន បានឈរជាមួយ និងបន្តឈរជាមួយអ៊ុយក្រែនជានិច្ច»។ខណៈពេលដែលការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនឈាន ចូលដល់ឆ្នាំទី៣ របស់ខ្លួន ប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុជាង ១០ ពាន់លានដុល្លារ ខណៈខ្លួនព្យាយាមបង្ហាញពីសាមគ្គីភាពជាមួយកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគីវ។ ជប៉ុនមិនអាចផ្តល់ការគាំទ្រផ្នែកយោធាដោយផ្ទាល់បានទេ ដោយសារតែច្បាប់ដែលហាមឃាត់ការនាំចេញអាវុធដែលបង្កគ្រោះថ្នាក់ខ្ពស់របស់ខ្លួន។ប្រទេសជប៉ុន បានបន្ធូរបន្ថយមួយផ្នែកនូវច្បាប់នាំចេញអាវុធនេះនៅក្នុងខែធ្នូ ដែលជាការរុះរើលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ ប៉ុន្តែនៅតែមានការរឹតបន្តឹងលើការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសដែលមានសង្រ្គាម៕

លោក Biden ៖ កងទ័ពអ៊ុយក្រែនត្រូវបានបង្ខំឱ្យដកចេញពីក្រុងអាវឌីអ៊ីវកា ព្រោះខ្វះគ្រាប់រំសេវ

2024/02/19 11:23:10 am        141
កងកម្លាំងរបស់រុស្ស៊ីដណ្តើមយកបានទីក្រុងអាវឌីអ៊ីវកា(Avdiivka)ពីអ៊ុយក្រែន ជាការដណ្តើមបានជ័យជម្នះធំបំផុតក្នុងរយៈពេល៩ខែ។ លោកប្រធានាធិបតីអាមេរិក Joe Biden ជឿជាក់ថា កងកម្លាំងអ៊ុយក្រែនត្រូវបានបង្ខំឱ្យដកខ្លួនចេញពីទីក្រុងអាវឌីអ៊ីវកា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ដោយសារកង្វះគ្រាប់រំសេវដែលបណ្តាលមកពីសមត្ថភាពឃ្លាំងគ្រាប់រំសេវធ្លាក់ចុះ។ លោកបានសង្កត់ធ្ងន់ថា រឿងនេះបានកើតឡើងដោយសារតែភាពអសកម្មក្នុងនាមសភាអាមេរិក ដែលនាំឱ្យរុស្ស៊ី ទទួលបានផលចំណេញគួរឱ្យកត់សម្គាល់ ជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ។ សេចក្តីថ្លែងការណ៍របស់សេតវិមានបានសរសេរថា លោកប្រធានាធិបតី Biden បានហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសៅរ៍ទី១៧ ខែកុម្ភៈដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រអ៊ុយក្រែននៅមុនខួបពីរឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។ អំឡុងការសន្ទនាតាមទូរស័ព្ទ លោក Biden បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សភាដើម្បីអនុម័តជាបន្ទាន់លើសំណើកញ្ចប់មូលនិធិបន្ថែមផ្នែកសន្តិសុខជាតិ ដើម្បីផ្គត់ផ្គង់កងកម្លាំងអ៊ុយក្រែនឡើងវិញ។ លោក Biden បានបញ្ជាក់ជាថ្មីអំពីការគាំទ្រទ្វេភាគីដ៏រឹងមាំនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្នុងចំណោមប្រជាជនអាមេរិកសម្រាប់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ លោកក៏បាននិយាយថា នេះជារឿងសំខាន់ក្នុងការដាក់ការខូចខាតលើរដ្ឋាភិបាលរុស្ស៊ីឲ្យទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM