សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋអាជ្ញារបស់តុលាការ ICC ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅក្រុងរ៉ាហ្វា របស់តំបន់ហ្កាហ្សា

2024/02/13 04:49:09 pm        234
រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោក ខារីម ខាន់ (Karim Khan) បាននិយាយកាលពីថ្ងៃចន្ទ (១២ កុម្ភៈ) ថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃការទម្លាក់គ្រាប់បែក និងលទ្ធភាពនៃការលុកលុយដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងតំបន់ហ្កាហ្សា។លោក ខាន់ បានបង្ហោះនៅលើបណ្ដាញសង្គម X បែបនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសនៅក្នុងទីក្រុងដែលជាជម្រកចុងក្រោយរបស់ជនស៊ីវិលភៀសខ្លួនប្រហែលមួយលាននាក់។ រដ្ឋអាជ្ញារូបនេះបាននិយាយថា តុលាការកំពុងស៊ើបអង្កេតយ៉ាងសកម្មនូវឧក្រិដ្ឋកម្មណាមួយដែលត្រូវចោទប្រកាន់ថាបានប្រព្រឹត្តនៅក្នុងតំបន់ហ្កាហ្សា ហើយនឹងរក «អ្នកដែលបំពានច្បាប់ឲ្យទទួលខុសត្រូវ»។អ៊ីស្រាអែល មិនមែនជាសមាជិកនៃតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នេះទេហើយមិនទទួលស្គាល់យុត្តាធិការរបស់ខ្លួនឡើយ ប៉ុន្តែលោក ខាន់ បាននិយាយកាលពីខែតុលាថា តុលាការមានយុត្តាធិការលើឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមានដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅអ៊ីស្រាអែល និងដោយជនជាតិអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។អ៊ីស្រាអែលបដិសេធថាមិនបានប្រព្រឹត្តអំពើឃោរឃៅក្នុងការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សា ដែលបានកើតឡើងបន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមហាម៉ាស លើអ៊ីស្រាអែលភាគខាងត្បូងនោះទេ។ ជាងបួនខែមកនេះ ដែនដីហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅច្រើនយ៉ាងក្រាស់ក្រែលនៅលើសមុទ្រមេឌីទែរ៉ាណេនេះត្រូវបានបំផ្លាញ ដោយជនជាតិប៉ាឡេស្ទីនជាង ២៨.៣០០ នាក់បានស្លាប់ និងមនុស្សជិត ៦៨.០០០ នាក់បានរងរបួស៕

លោក Biden និយាយថា លោកកំពុងជំរុញឱ្យមានការផ្អាកប្រយុទ្ធនៅហ្កាហ្សារយៈពេល៦សប្តាហ៍

2024/02/13 04:43:48 pm        233
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក កំពុងជំរុញឱ្យមានការផ្អាកប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សារយៈពេល៦សប្តាហ៍ ជាជំហានឆ្ពោះទៅរកបទឈប់បាញ់រយៈពេលកាន់តែយូរ។ លោក Biden និងមហាក្សត្រ Abdullah របស់ប្រទេសហ្ស៊កដានី បានលើកឡើងពីបញ្ហានេះបន្ទាប់ពីសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរ បានពិភាក្សាគ្នានៅវិមានសេតវិមាន។ ការពិភាក្សា បានគ្របដណ្ដប់លើបញ្ជីបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភ រួមមានទាំងការវាយលុកជើងគោករបស់អ៊ីស្រាអែល ដែលកំពុងកើតឡើងនៅភាគខាងត្បូងតំបន់ហ្កាហ្សា និងការគំរាមកំហែងនៃមហន្តរាយមនុស្សធម៌ ក្នុងចំណោមជនស៊ីវិលប៉ាឡេស្ទីន។ លោក Biden បានបង្ហាញពីការខឹងសម្បារកាន់តែខ្លាំងឡើងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចំពោះការមិនយកចិត្តទុកដាក់តាមការណែនាំរបស់លោក ដោយបាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់លើកិច្ចព្រមព្រៀងមួយដើម្បីផ្អាកការប្រយុទ្ធគ្នា និងអនុញ្ញាតឱ្យចំណាប់ថ្នូរនៅតំណន់ហ្កាហ្សា ត្រូវបានដោះលែង ព្រមទាំងមានលំហូរជំនួយមនុស្សធម៌កើនឡើង។ លោក Biden បាននិយាយថា «យើងមិនអាចឈរនៅស្ងៀម ហើយទុកឲ្យរឿងនេះនៅបន្តទៀតនោះទេ។ យើងត្រូវការបទឈប់បាញ់យូរអង្វែងនៅពេលនេះ។ សង្រ្គាមនេះត្រូវតែបញ្ចប់។ លោក Biden បានសន្ទនាជាមួយលោក Netanyahu ដែលសេតវិមានបាននិយាយថា លោកបានបញ្ជាក់ថា ប្រតិបត្តិការយោធានៅទីក្រុង Rafah មិនគួរកើតឡើងដោយគ្មានផែនការអាចទុកចិត្តបាន និងអាចធ្វើប្រតិបត្តិការទៅបានចំពោះការធានាសុវត្ថិភាព និងការគាំទ្រប្រជាជនជាងមួយលាននាក់ដែលកំពុងជ្រកកោននៅទីនោះ។ មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីភាគខាងលិច មហាក្សត្រ Abdullah បានយាងចូលរួមក្នុងការទម្លាក់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ជាសកម្មភាពដែលបង្ហាញពីតួនាទីរបស់ព្រះរាជាណាចក្ររបស់លោក ក្នុងការជំរុញអ៊ីស្រាអែលឱ្យបញ្ឈប់ការរឹតបន្តឹងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារជំងឺ ភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។

នាយករដ្ឋមន្ត្រីចាំផ្ទះប៉ាគីស្ថាន ច្រានចោលការរៀបចំលទ្ធផលបោះឆ្នោត និងការស៊ើបអង្កេត

2024/02/13 04:39:23 pm        261
គណបក្សនយោបាយធំៗពីររបស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទទី១២ខែកុម្ភៈ បានឈ្លោះប្រកែកគ្នាអំពីថាតើអ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតមិនពេញលេញកាលពីសប្តាហ៍មុន បានបង្ខំឱ្យពួកគេរួមកម្លាំងគ្នា និងព្យាយាមបង្កើតបក្សចម្រុះនៅក្នុងសភាដែលគ្រប់គ្រងដោយក្រុមឯករាជ្យ។ការឈ្លោះប្រកែកគ្នា ទំនងជាធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីស្ថិរភាពរបស់ប្រទេសនេះ ដែលបានជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងការកើនឡើងនៃអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធ។បណ្ដាគណបក្សនយោបាយ និងបេក្ខជនជាច្រើន បានអំពាវនាវឱ្យមានការតវ៉ាប្រឆាំងនឹងលទ្ធផល ហើយអ្នកគាំទ្រគណបក្ស PTI បានបិទចរាចរណ៍នៅក្នុងទីក្រុង ផេសាវ៉ា(Peshawar) ភាគខាងជើងកាលពីថ្ងៃអាទិត្យ។នាយករដ្ឋមន្ត្រីចាំផ្ទះលោក អាន់វ៉ា អាល់ ហាក កាការ(Anwaar-ul-Haq Kakar) បានច្រានចោលការចោទប្រកាន់នេះ ហើយបាននិយាយថា មិនមានការបំភ្លៃលទ្ធផល និងគ្មានសម្ពាធលើគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីផ្តល់លទ្ធផលជាក់លាក់ណាមួយឡើយ។លោកបាននិយាយថា ប្រទេសប៉ាគីស្ថាននឹងមិនស៊ើបអង្កេតលើការចោទប្រកាន់អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតនោះទេ ដោយសារតែរដ្ឋធានីបរទេសមួយចំនួន បានស្វែងរកការស៊ើបអង្កេត ហើយប៉ាគីស្ថានមានច្បាប់ផ្ទាល់ខ្លួន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានា៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច

2024/02/13 03:59:28 pm        322
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរ​ចំពោះការ​ខិតខំប្រឹងប្រែងរបស់ក្រសួង អធិការកិច្ចក្នុងការធ្វើកំណែទម្រង់នូវតាមក្រសួង ស្ថាប័ននានា ខណៈការខិតខំនេះគឺបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវឆន្ទៈដោយឥតងាករេរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧នេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងអធិការកិច្ច គឺជាយន្តការ មួយរបស់រាជរដ្ឋាភិបាល ដែលមានមុខងារធ្វើអធិការកិច្ចនៅតាមគ្រប់វិស័យទាំងអស់ ហើយសម្តេចបានចាត់ទុកថា ក្រសួងអធិការកិច្ចនេះ គឺជាភ្នែក ត្រចៀករបស់រាជរដ្ឋាភិបាល។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ បានចាត់ទុកជាស្នូលធំបំផុត គឺកិច្ចការងារអធិការកិច្ចមានន័យថា រៀបចំផ្ទះខ្លួនឯងឱ្យស្អាត ទើបអាចចេញទៅបម្រើប្រជាពលរដ្ឋបាន។ ក្នុងន័យនេះក្រសួងអធិការកិច្ចបានដើរតួនាទីសំខាន់ ដើម្បីបញ្ជាក់ពីការពង្រឹងកិច្ចការអភិបាលកិច្ចនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្ដេចធិបតីថ្លែងថា៖«បើរដ្ឋមិនទាន់គ្រប់គ្រងខ្លួនឯងបានទេ សួរថាតើរដ្ឋអាចទៅធ្វើអ្វីបាន»។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកកិច្ចការងារអធិការរកិច្ចនេះ គឺជាកិច្ចការងារសំខាន់ ប៉ុន្ដែកិច្ចការងារនេះ ក្រសួងអធិការកិច្ចត្រូវមើលផ្ទះខ្លួនឯង និងត្រូវមើលលើកិច្ចការងាររដ្ឋឱ្យស្អាតជាមុន។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យរៀបចំបង្កើតយន្តការមួយច្បាស់លាស់ ដែលជាអ្នកតាមដានត្រួតពិនិត្យបន្ថែមទៀត លើការអនុវត្តកិច្ចការងារអធិការកិច្ចនេះ ដើម្បីធ្វើយ៉ាងណាឱ្យការងារអធិការកិច្ច និងសវនាកម្មនេះ មានរបៀបរៀបរយ មានស្ដង់ដាល្អ និងមានប្រសិទ្ធភាព មិនអនុវត្តជាន់គ្នា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ស្នើសុំកុំឱ្យមានការចុះត្រួតពិនិត្យការងារជាន់ គ្នា ជាពិសេសការងារអធិការកិច្ច ដើម្បីបញ្ចៀសការខាតបង់ពេលវេលា ថវិកា និងអនុវត្តជាន់តួនាទីគ្នា ជាដើម។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការអនុវត្តការងារអធិការកិច្ច គឺជាការអនុវត្តអភិបាក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល មិនមែនជាការវះកាត់នោះទេ ដូច្នេះក្រសួង ស្ថាប័ននានា ត្រូវចូលរួមសហការលើការអនុវត្តកិច្ចការងារនេះ។ សម្ដេចធិបតីថ្លែងថា៖«យើងអនុវត្តមិនមែនប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើងនោះទេ ប៉ុន្ដែគឺជាការកែសម្រួលលើការអនុវត្តកិច្ចការងារដែលនៅមានការខ្វះខាត»។

ប្រជាជនឥណ្ឌូណេស៊ី រាប់ថយក្រោយសម្រាប់ការបោះឆ្នោតសកល ដែលមិនអាចទាយទុកមុនបាន

2024/02/13 03:13:33 pm        296
អ្នកក្រុងចាកាតារបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ ១២ កុម្ភៈ បាននិយាយថា ពួកគេកំពុងទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតប្រធានាធិបតី និងសភា ត្រឹមតែពីរថ្ងៃ មុនពេលម្ចាស់ឆ្នោតទៅបោះឆ្នោតទូទាំងប្រទេស។ ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៤កុម្ភៈ គឺជាការប្រកួតប្រជែងដ៏តឹងតែងរវាងឧត្តមសេនីយចូលនិវត្តន៍ និងបេក្ខជនលេចធ្លោរដែលបានចូលរួមប្រកួត៣លើក លោកប្រាបូវ៉ូ ស៊ូបៀនតូ ( Prabowo Subianto) អតីតអភិបាលក្រុងចាកាតា លោក អានីស បាស្វេដាន (Anies Baswedan) និងអភិបាលខេត្តជ្វាកណ្ដាល(Central Java) លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo)។ការស្ទង់មតិបានបង្ហាញដដែលៗថាលោក ប្រាបូវ៉ូ (Prabowo)គឺជាបេក្ខភាពដែលនឹងឈ្នះ ដោយមានការនាំមុខរហូតដល់២៨ពិន្ទុនៅក្នុងការស្ទង់មតិបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ដែលព្យាករណ៍ថាលោកឈ្នះភាគច្រើន ដោយមានសំឡេងគាំទ្រចំនួន៥១,៨% និង៥១,៩%ជាប់ៗគ្នា។ លោកអេឌី ស៊ូប្រ៊ីយ៉ាឌី (Edi Supriyadi)ជាអ្នករស់នៅទីក្រុងចាកាតា និងជាអ្នកបើកបររថយន្តឈ្នួលបាននិយាយថា សំឡេងអ្នកបោះឆ្នោតត្រូវបានបែងចែកនៅពេលនេះ ពួកគេផ្លាស់ប្តូរសន្លឹកឆ្នោតរបស់ខ្លួនពីបេក្ខជនមួយទៅបេក្ខជនមួយទៀត។ ដូច្នេះកាន់តែរំភើប និងមិនអាចទាយលទ្ធផលទុកមុនបានឡើយ។ លោក អាយ៉ា ហ្វើណាដេស (Arya Fernandes) អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បាននិយាយថា ការបោះឆ្នោតនៅឆ្នាំនេះនឹងក្លាយជា "ការសាកល្បង" សម្រាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌូនេស៊ី ដោយសារលោកប្រធានាធិបតី Joko Widodo ដែលជិតផុតអាណត្តិគឺ ជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងការជះឥទ្ធិពលលើអារម្មណ៍ និងអាកប្បកិរិយារបស់អ្នកបោះឆ្នោត៕

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រៀមដាក់ចេញយុទ្ធនាការសំអាតបឹងទន្លេសាប ០១ មីនា ២០២៤ ដើម្បីការពារត្រីដែលជាប្រភព​អាហារូបត្ថម្ភ​របស់ប្រជាពលរដ្ឋ

2024/02/13 02:41:06 pm        310
ត្រីជាប្រភព​អាហារូបត្ថម្ភ​ដ៏ចម្បងរបស់ប្រជាពលរដ្ឋកម្ពុជា ហើយដើម្បីការពារនូវប្រភពទ្រទ្រង់​សុខភាព​ប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានត្រៀម​ដាក់ចេញនូវយុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងជំហានទី១នៃការកាត់បន្ថយសំណល់ប្លាស្ទិកនៅលើគោក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមជាង៤លាននាក់។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងស្វែងយល់អំពីការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ​ឱ្យកាន់តែល្អប្រសើររវាងអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS) និងក្រសួងបរិស្ថាន នៅទីស្តីការក្រសួង នាសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤។កញ្ញា អ៊ីដា ក្រាចា (Eda Kraja) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា-ឡាវនៃការិយាល័យ​អង្គការ​សហប្រជាជាតិសម្រាប់សេវាកម្មគម្រោង UNOPS បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី​អំពីវត្ថុបំណងនៃជំនួប ដើម្បីបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។ លើសពីនេះកញ្ញា អ៊ីដា ក្រាចា (Eda Kraja) ក៏ចង់ស្វែងយល់បន្ថែមដែរអំពី ការងារអាទិភាពដើម្បីផ្សារភ្ជាប់​ជាមួយគម្រោង​ជាសកលផ្សេងៗទៀតរបស់ UNOPS តាមរយៈការសម្របសម្រួលគម្រោងការងារ​ជាមួយ​ដៃគូជាច្រើនដូចជា មូលនិធិអាកាសធាតុបៃតង(GCF), ភាពជាដៃគូ(NDC partnership), UNEP មជ្ឈមណ្ឌលអាកាសធាតុទីក្រុងCopenhagen។ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានអរគុណចំពោះដៃគូអភិវឌ្ឍន៍​ដែលកន្លងមកបានរួមចំណែក​ជាមួយវិស័យបរិស្ថាន និងបានបង្ហាញជូនអំពីភាពជោគជ័យនៃការប្រែប្រួល​ឥរិយាបថ​របស់​សិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាចំពោះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការរៀបចំទុក​ដាក់​សំរាម និងការបែងចែកសំរាមបានត្រឹមត្រូវដើម្បីធានា​បាននូវភាពស្អាតពីបរិវេណជុំវិញផ្ទះ សាលារៀន វត្តអារាម រួមនឹងសហគមន៍មូលដ្ឋាន។ ជាមួយភាពស្អាតដែលកើតចេញពីសាមគ្គីភាព និងកម្លាំងនៃការរួបរួមចិត្តជាធ្លុងមួយនេះ នឹងធ្វើឱ្យ​កម្ពុជា​ស្អាត​គឺទាំងនៅលើគោក ក្នុងទឹក និងអាកាស ហើយមរតកស្អាតនឹងបន្តទៅអ្នក​ជំនាន់ក្រោយ​ហើយសាយភាយទៅប្រទេសជុំវិញក្នុងតំបន់អាស៊ី៕

ការចុះឈ្មោះប្រជែងតំណែងប្រធានាធិបតីរុស្ស៊ី បានបិទ ដោយមានលោក ពូទីន និងបេក្ខជនបីរូបទៀត

2024/02/12 09:07:33 pm        321
សារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាការចុះឈ្មោះបេក្ខជនរបស់រុស្ស៊ី សម្រាប់ការបោះឆ្នោតប្រធានាធិបតីខែមីនា បានបិទ ជាមួយនឹងបញ្ជីឈ្មោះរួមមានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលរំពឹងថានឹងទទួលជ័យជម្នះ និងអ្នកនយោបាយបីរូបដែលគាំទ្រសង្គ្រាមទីក្រុងមូស្គូ នៅអ៊ុយក្រែន។បញ្ជីនេះមិនរាប់បញ្ចូលបេក្ខភាពប្រឆាំងសង្រ្គាមរុស្ស៊ី លោក បូរីស ណាដេសឌីន (Boris Nadezhdin) ទេ បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល (CEC) បានរារាំងលោកពីការឈរឈ្មោះកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថាខ្លួនបានរកឃើញកំហុសឆ្គងនៅក្នុងការប្រមូលហត្ថលេខា ដែលត្រូវការសម្រាប់ការគាំទ្របេក្ខភាពរបស់លោក។កម្មាធិការរៀបចំការបោះឆ្នោត CEC បានចុះឈ្មោះ លោក វ្ល៉ាឌីស្លាវ ដាវ៉ានខូវ (Vladislav Davankov) ដែលជាអនុប្រធានសភារបស់រុស្ស៊ី និងជាសមាជិកនៃគណៈកម្មាធិការប្រជាជនថ្មី លោក លីអូនីត ស្លាត់ស្គី (Leonid Slutsky) មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម-ជ្រុលនិយម របស់វិមានក្រឹមឡាំង (LDPR) និងអ្នកតែងតាំងរបស់បក្សកុម្មុយនិស្តមួយនេះ លោក នីខូឡៃ ខារីថូនៅ (Nikolai Kharitonov)។លោក ពូទីន វ័យ ៧១ឆ្នាំ ដែលបានជ្រើសរើសឈរឈ្មោះជាឯករាជ្យជាជាងជាបេក្ខជននៃគណបក្សរួបរួមរុស្ស៊ី ដែលកាន់អំណាច និងជាមេដឹកនាំកំពូលរបស់រុស្ស៊ី តាំងពីឆ្នាំ២០០០ ព្រមទាំងគ្រប់គ្រងគ្រប់ផ្នែកទាំងអស់របស់រដ្ឋ ត្រូវបានគេរំពឹងថានឹងឈ្នះការបោះឆ្នោតនៅខែក្រោយយ៉ាងងាយស្រួល៕

រដ្ឋាភិបាលនៅជុំវិញពិភពលោក ព្រួយបារម្ភចំពោះការវាយលុកតាមជើងគោករបស់អ៊ីស្រាអែល នៅរ៉ាហ្វា

2024/02/12 09:01:05 pm        255
រដ្ឋាភិបាលនៅជុំវិញពិភពលោក បានសម្តែងការព្រួយបារម្ភ ចំពោះផែនការរបស់យោធាអ៊ីស្រាអែល ក្នុងការធ្វើប្រតិបត្តិការជើងគោកនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា។ សេតវិមាន បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ សេតវិមាន និយាយថាលោក Biden បានបញ្ជាក់ជាថ្មីនូវទស្សនៈរបស់លោកថា ប្រតិបត្តិការនៅទីក្រុង រ៉ាហ្វា(Rafah) មិនគួរធ្វើឡើងដោយគ្មានផែនការដែលអាចទុកចិត្តបាន និងអាចធ្វើប្រតិបត្តិការទៅបានសម្រាប់ការធានាសុវត្ថិភាព និងការគាំទ្រដល់ប្រជាជនជាងមួយលាននាក់ដែលជ្រកកោននៅទីនោះ។ ក្រសួងការបរទេសបារាំង កាលពីថ្ងៃអាទិត្យ បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ការវាយលុកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា នឹងបង្កើតស្ថានភាពមនុស្សធម៌ដ៏មហន្តរាយ។ អ្នកនាំពាក្យក្រសួងការបរទេសអេហ្ស៊ីប ដែលដើរតួជាអ្នកសម្របសម្រួលសម្រាប់ការចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យផងដែរ។ ក្រសួង បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិនិងតំបន់រួមគ្នា ដើម្បីទប់ស្កាត់ការដាក់គោលដៅទៅលើទីក្រុង Rafah ដែលបច្ចុប្បន្ន បានផ្តល់ទីជម្រកដល់ប្រជាជនភៀសខ្លួនប៉ាឡេស្ទីនប្រហែល ១,៤ លាននាក់។ លោក Netanyahu បានបញ្ជាក់លើតម្រូវការសម្រាប់ការវាយប្រហារខ្លាំងទៅលើទីក្រុង Rafah ជាកន្លែងដែលអ៊ីស្រាអែល និយាយថា ជាទីតាំងរឹងមាំរបស់ក្រុមហាម៉ាស។ លោកបាននិយាយថា កងកម្លាំងអ៊ីស្រាអែល មិនចូលទៅក្នុងទីក្រុង Rafah គឺនិយាយជាមូលដ្ឋានថា «ចាញ់សង្រ្គាម»។ សមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ បានព្រមានថា ការដោះលែងចំណាប់ថ្នូរ នឹងមិនអាចចរចារបានឡើយ ប្រសិនបើការវាយប្រហារលើទីក្រុងរ៉ាហ្វាកាន់តែខ្លាំង។ នៅថ្ងៃចន្ទនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

លោកបូរ៉ែល៖ យើងមិនអាចដាក់ទណ្ឌកម្មលើក្រុមប្រទេសទី៣ ដែលជួយរុស្ស៊ីបានទេ

2024/02/12 08:52:49 pm        294
លោក ចូសិប បូរ៉ែល (Josep Borrell) ប្រមុខការទូតរបស់សហភាពអឺរ៉ុប បានធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយមន្ត្រីកំពូលៗរបស់ប្រទេសនេះ នៅក្នុងអ្វីដែលឥឡូវនេះបានក្លាយជាដំណើរទស្សនកិច្ចជាទៀងទាត់នៃការគាំទ្រ។ទស្សនកិច្ចអ៊ុយក្រែនជាលើកទី៤ ក្នុងរយៈពេលពីរឆ្នាំ លោកបូរ៉ែល មានភាពច្បាស់លាស់ក្នុងការជំរុញឲ្យផ្នែករបស់ខ្លួន ធ្វើបន្ថែមទៀតសម្រាប់អ៊ុយក្រែន។លោក បានប្រាប់សារព័ត៌មាន Kyiv Independent ក្នុងងអំឡុងដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ទីក្រុងគីវ កាលពីថ្ងៃទី៧ ខែកុម្ភៈ ថា៖«នៅចុងឆ្នាំនេះ សហភាពអឺរ៉ុប នឹងផ្តល់អំណោយដល់អ៊ុយក្រែននូវគ្រាប់កាំភ្លើងធំជាង មួយលានគ្រាប់ ដោយបន្ថែមថា ផលិតកម្មយោធារបស់សហភាពអឺរ៉ុប បានកើនឡើង ៤០ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២២។គិតត្រឹមខែកុម្ភៈ សមាជិកសហភាពអឺរ៉ុប បានផ្តល់ឲ្យអ៊ុយក្រែនតិចជាងពាក់កណ្តាលនៃចំនួនដែលបានសន្យា ដែលដំបូងនឹងត្រូវកំណត់ពេញលេញត្រឹមខែមីនា ឆ្នាំ ២០២៤។លោកបូរ៉ែល ក៏បានជំរុញឲ្យផ្តល់កញ្ចប់ជំនួយសេដ្ឋកិច្ច និងយោធាជាច្រើនពាន់លានដល់អ៊ុយក្រែន និងការកើនឡើងសម្ពាធទណ្ឌកម្មលើរុស្ស៊ី។

នាយករដ្ឋមន្ត្រីអាមេនី៖ យើងមិនមែនជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនទេ

2024/02/12 08:44:36 pm        274
នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោក មិនមែនជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីក្នុង សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើគម្រោងកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនមិនសំដៅប្រឆាំងនឹងប្រទេសណាមួយឡើយ។លោកក៏បាននិយាយផងដែរថា លោកសង្ឃឹមថា អ្នកជិតខាង និងជាគូប្រជែងដ៏យូរអង្វែងរបស់អាមេនី គឺ អាស៊ែរបៃហ្សង់ នៅតែប្តេជ្ញាចិត្តក្នុងការបញ្ចប់សន្ធិសញ្ញាសន្តិភាពយូរអង្វែង បើទោះបីជាមានសេចក្តីថ្លែងការណ៍ដោយប្រធានាធិបតីរបស់ខ្លួនអំពីការបោះបង្គោលព្រំដែនក៏ដោយ។ប្រទេសអាមេនី និងអាស៊ែរបៃហ្សង់ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមធំពីរ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកលើទឹកដីជម្លោះ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh)។ តំបន់នេះ ត្រូវបានទទួលស្គាល់ជាយូរមកហើយថា ជាផ្នែកមួយរបស់អាស៊ែរបៃហ្សង់ និងកងទ័ពអាស៊ែរបៃហ្សង់ទទួលបានការគ្រប់គ្រងពេញលេញលើវា កាលពីខែកញ្ញាឆ្នាំមុន។លោកប៉ាស៊ីនយ៉ាន បាននិយាយនៅក្នុងប៉ុន្មានខែថ្មីៗនេះថា អាមេនី មិនអាចពឹងផ្អែកលើរុស្ស៊ីទៀតទេ ដើម្បីធានាតម្រូវការការពារជាតិរបស់ខ្លួន ខណៈដែលប្រទេសរបស់លោក មិនបានធានាបាននូវជំនួយដែលខ្លួនត្រូវការពីទីក្រុងមូស្គូ។នៅក្នុងសុន្ទរកថារបស់ខ្លួនទៅកាន់សារព័ត៌មាន Daily Telegraph របស់ចក្រភពអង់គ្លេស លោក ប៉ាស៊ីនយ៉ាន បាននិយាយថា ខ្លួនបាននិយាយតាំងពីដើមដំបូងនៃការលុកលុយរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ ២០២២ លើអ៊ុយក្រែនថា ខ្លួនមិនអាចឈរជាមួយទីក្រុងមូស្គូ ជាសម្ព័ន្ធមិត្តបានទេ។លោកបានប្រាប់កាសែតប្រចាំថ្ងៃថា៖«ខ្ញុំបាននិយាយថា នៅក្នុងស្ថានភាពអ៊ុយក្រែន យើងមិនមែនជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីទេ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកPutin៖ រុស្ស៊ី និងកូរ៉េខាងជើង កំពុងសម្របសម្រួលលើសន្តិសុខក្នុងតំបន់
08/15/2026 11:08 AM
ក្រសួងប្រៃសណីយ៍ បើក​សិក្ខាសាលាស្តីពី «កម្មវិធីប្រកួត​ប្រជែង​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅ​លើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ លើកទី៧» ដើម្បីបញ្រ្ជាបការយល់ដឹងសិស្ស-និស្សិត និង​ទាញ​អត្ថ​ប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
08/15/2026 11:08 AM
វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា
08/15/2026 10:08 AM
អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
08/15/2026 10:08 AM
រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
08/15/2026 09:08 AM
អ្នកទេសចរជប៉ុនម្នាក់ ត្រូវបានយុវជនថៃ៦នាក់វាយប្រហារ និងប្លន់ នៅជិតអាកាសយានដ្ឋាន Makkasan ទីក្រុងបាងកក
08/15/2026 09:08 AM
អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM