សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ុយក្រែន តែងតាំងប្រមុខទ័ពថ្មី ដែលជាការផ្លាស់ប្ដូរដ៏ធំក្នុងគ្រាលំបាកនៃសង្រ្គាមជាមួយរុស្ស៊ី

2024/02/09 06:52:42 pm        89
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានជំនួសតំណែងប្រមុខទ័ពដ៏មានប្រជាប្រិយរបស់អ៊ុយក្រែន ដោយតែងតាំងមេបញ្ជាការកងកំលាំងជើងគោករបស់ខ្លួនជាប្រមុខទ័ពជំនួសវិញ កាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) ដែលជាការភ្នាល់ដ៏ធំមួយនៅពេលដែលកងកម្លាំងរុស្ស៊ី កំពុងមានប្រៀបខ្ពស់ ក្នុងរយៈពេលជិតពីរឆ្នាំនៅក្នុងសង្រ្គាមរបស់ពួកគេ។ការកែប្រែក្នុងថ្នាក់ដឹកនាំយោធាថ្មី បន្ទាប់ពីមានការរំពឹងទុកជាច្រើនខែជុំវិញការមិនចុះសម្រុងរវាងលោក ហ៊្សេឡិនស្គី និងអតីតប្រមុខទ័ព លោក វ៉ាឡេរី ហ្សាលូស្ហ៍ន្យី (Valeriy Zaluzhnyi) ដែលប្រជាជនអ៊ុយក្រែនជាច្រើនមើលឃើញថាជាវីរបុរសជាតិ។លោក ហ៊្សេឡិនស្គី បានដំឡើងឋានន្តរស័ក្តិមេទ័ពជើងគោក វរសេនីយ៍ឯក អូឡេកសានដ៍ ស៊ីស្គី (Oleksandr Syrskyi) វ័យ ៥៨ ឆ្នាំ ជាប្រមុខថ្មីនៃកងកម្លាំងប្រដាប់អាវុធ ដោយលើកឡើងពីតួនាទីរបស់លោកក្នុងការត្រួតពិនិត្យការការពារទីក្រុងគីវ ក្នុងឆ្នាំ២០២២ និងការវាយបកភ្លាមៗរបស់ក្រុង ខាគីវ (Kharkiv) នៅចុងឆ្នាំនោះ។លោក ស៊ីស្គី ឡើងកាន់តំណែង ស្របពេលមានភាពមិនប្រាកដប្រជាខ្លាំង ខណៈដែលទីក្រុងគីវ កំពុងរង់ចាំជំនួយផ្នែកយោធាសំខាន់ៗពីសហរដ្ឋអាមេរិក ដែលត្រូវបានពន្យារពេលដោយគណបក្សសាធារណរដ្ឋនៅក្នុងសភាសហរដ្ឋអាមេរិក អស់ជាច្រើនខែ៕

វ៉េណេហ្ស៊ុយអេឡា ប្តេជ្ញាឆ្លើយតបដោយកម្លាំង ប្រសិនបើការខួងយកប្រេង ចាប់ផ្តើមនៅក្នុងតំបន់ជម្លោះ

2024/02/09 06:39:39 pm        92
វ៉េណេហ្ស៊ុយអេឡាកាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាថា នឹងមាន «ការឆ្លើយតបដោយកម្លាំង» ប្រសិនបើការខួងយកប្រេង ចាប់ផ្តើមនៅក្នុងដែនទឹកដែលមានការតវ៉ាជំទាស់ពីប្រទេសជិតខាងហ្គីយ៉ាន ដូចដែលបានប្រកាសដោយក្រុមហ៊ុនប្រេងយក្សរបស់សហរដ្ឋអាមេរិក ExxonMobil ក្នុងសប្តាហ៍នេះ។ទីក្រុងការ៉ាកាស បានទាមទារជាយូរមកហើយនូវតំបន់ Essequibo ដែលបង្កើតបានប្រហែល ២ ភាគ ៣ នៃទឹកដីហ្គីយ៉ាន ប៉ុន្តែបានបង្កើនវោហាស័ព្ទបស់ខ្លួន ចាប់តាំងពីអ្នកជិតខាងរបស់ខ្លួន បានចាប់ផ្តើមចេញអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនប្រេង ដើម្បីធ្វើប្រតិបត្តិការ នៅទីនោះ។រដ្ឋមន្ត្រីការពារជាតិវ៉េណេហ្ស៊ុយអេឡា លោក វ្ល៉ាឌីមៀ ប៉ាឌ្រីណូ (Vladimir Padrino) បានសរសេរនៅលើបណ្តាញសង្គម X ថា ខណៈដែលក្រុម ExxonMobil អាចមានការការពារពីសហរដ្ឋអាមេរិក និង ប្រទេសហ្គីយ៉ាន នៅក្នុងលំហដែនសមុទ្រដែលជាកម្មសិទ្ធិរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា ពួកគេនឹងទទួលបានការឆ្លើយតបដោយកម្លាំងសមាមាត្រ ដែលប្រកាន់ខ្ជាប់នឹងច្បាប់»។ក្រុមហ៊ុន ExxonMobil ដែលបានរកឃើញស្តុកប្រេងឆៅដ៏ធំនៅប្រទេសហ្គីយ៉ាន ក្នុងឆ្នាំ ២០១៥ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងខួងអណ្តូងរុករកចំនួនពីរនៅឆ្នាំនេះ នៅឯឆ្នេរសមុទ្រ Essequibo ដែលគ្រប់គ្រងដោយហ្គីយ៉ាន អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។កាលពីខែធ្នូ ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានហៅការបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាសមួយដែលមិនជាប់កាតព្វកិច្ច ដែលបានអនុម័តយ៉ាងលើសលប់នូវការបង្កើតខេត្តវ៉េណេស៊ុយអេឡា នៅឆ្នេរសមុទ្រ Essequibo ដែលបង្កឲ្យមានការភ័យខ្លាចនៃជម្លោះយោធានៅអាមេរិកខាងត្បូងដែលមានសន្តិភាពយ៉ាងទូលំទូលាយនោះ។

លោក Biden ហៅការឆ្លើយតបរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ថាជាទង្វើហួសហេតុ

2024/02/09 06:28:10 pm        89
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៩ខែកុម្ភៈសប្ដាហ៍នេះថា ការឆ្លើយតបរបស់យោធាអ៊ីស្រាអែល ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចំពោះការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាដោយក្រុមហាម៉ាស គឺជាទង្វើជ្រុលហួសពេកហើយ។ ប្រធានាធិបតីអាមេរិកវ័យ៨១ឆ្នាំ មកពីគណបក្សប្រជាធិបតេយ្យរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា តាមទស្សនៈរបស់លោក ដូចដែលអ្នករាល់គ្នាដឹងស្រាប់ហើយថា ការឆ្លើយតបនៅក្នុងតំបន់ហ្កាហ្សា គឺជាសកម្មភាពជ្រួលហួសប្រមាណ។ ការគាំទ្ររបស់អាមេរិក សម្រាប់សង្រ្គាមអ៊ីស្រាអែល លើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានរុញឲ្យផ្ទុះកំហឹងឈានដល់ការវាយប្រហារទាហានអារិកក្នុងតំបន់ ព្រមទាំងមានការរិះគន់លើរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ទាំងនៅក្នុងសហរដ្ឋអាមេរិក និងបរទេស។ ការទម្លាក់គ្រាប់បែក និងការឡោមព័ទ្ធជាច្រើនខែមកនេះ បានរុញឲ្យមានវិបត្តិមនុស្សធម៌ពិសេនៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង។ ប៉ុន្តែលោក Biden បាននិយាយថា លោកបានជំរុញឲ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា។ការសឹងសឹករបស់អ៊ីស្រាអែលបានឆក់យកអាយុជីវិតជនស៊ីលហ្កាហ្សាយ៉ាងហោចណាស់២៧.៨៤០នាក់ ភាគច្រើនជាស្ត្រីនិងកុមារ។សង្រ្គាមនេះ បាននាំឲ្យមានការរីកសាយអំពើហិង្សាទូទាំងតំបន់ដោយក្រុមកងកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ជាការបង្ហាញសាមគ្គីភាពជាមួយក្រុមហាម៉ាស ដែលនាំឲ្យមានការវាយប្រហារសងសឹកគ្នាពីអ៊ីស្រាអែលនិងអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តនានារបស់ខ្លួន៕

អាល្លឺម៉ង់បញ្ជូននាវាចម្បាំង ដើម្បីជួយធានាការដឹកជញ្ជូនសមុទ្រក្រហម

2024/02/09 06:25:46 pm        115
នាវាចម្បាំងរបស់កងទ័ពជើងទឹកអាល្លឺម៉ង់ បានធ្វើដំណើរទៅកាន់សមុទ្រក្រហម កាលពីថ្ងៃព្រហស្បតិ៍ក្នុងគោលបំណងការពារនាវាពាណិជ្ជកម្មពីការវាយប្រហារដោយក្រុមឧទ្ទាមយេម៉ែន ដែលជាផ្នែកមួយនៃបេសកកម្មសហភាពអឺរ៉ុបដែលបានគ្រោងទុក។មេបញ្ជាការកងទ័ពជើងទឹកលោក ចាន់ គ្រីស្ទៀន កាអេក (Jan Christian Kaack) បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៊ែរឡាំងថា ការដាក់ពង្រាយនេះ គឺជាការចូលរួមដ៏សំខាន់បំផុតរបស់អង្គភាពមួយនៃកងទ័ពជើងទឹកអាល្លឺម៉ង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន បានចាប់ផ្តើមការវាយប្រហារជាបន្តបន្ទាប់លើកនាវាឆ្លងកាត់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ដោយនិយាយថា យុទ្ធនាការរបស់ពួកគេ គឺនៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។សមុទ្រក្រហម ជាធម្មតាគ្របដណ្តប់ប្រហែល ១២ភាគរយនៃពាណិជ្ជកម្មសមុទ្រពិភពលោក។ភាពចលាចល បានជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនប្តូរទិសដៅនាវារបស់ពួកគេចេញពីសមុទ្រក្រហម ដោយធ្វើឲ្យពួកគេប្រើប្រាស់ផ្លូវវែងជាង និងថ្លៃជាង នៅជុំវិញចុងខាងត្បូងនៃទ្វីបអាហ្រ្វិក។លោកកាអេក បាននិយាយថា នាវាចម្បាំង «Hesse» បានចេញដំណើរពីកំពង់ផែវីហែមសាវិន ( Wilhelmshaven) ភាគខាងជើងប្រទេសអាល្លឺម៉ង់ ជាមួយនឹងនាវិកប្រហែល ២៤០នាក់។លោកបានបន្ថែមថា វានឹងអាចឆ្លើយតបទៅនឹងការវាយប្រហារដែលមានសក្តានុពល រួមទាំងពីមីស៊ីល យានដ្រូន និង នាវាអត្តឃាតដែលបញ្ជាពីចម្ងាយ។

ប្រទេសស្លូវ៉ាគី អនុម័តកំណែទម្រង់ច្បាប់ព្រហ្មទណ្ឌ ដែលបានបង្កការតវ៉ាទូទាំងប្រទេស

2024/02/09 06:14:46 pm        97
សភាប្រទេសស្លូវ៉ាគី បានអនុម័តកំណែទម្រង់លុបចោលសាខាអយ្យការពិសេស ដែលដោះស្រាយលើឧក្រិដ្ឋកម្មកម្រិតខ្ពស់ និងបន្ថយទណ្ឌកម្មសម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ក្នុងនីតិវិធីដ៏លឿនមួយកាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) ស្របពេលមានការតវ៉ាជាសាធារណៈ និងការព្រួយបារម្ភពីគណៈកម្មការអឺរ៉ុប។រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី រ៉ូប៊ឺត ហ្វីខូ (Robert Fico) ដែលបានឡើងកាន់អំណាចកាលពីខែតុលា ឆ្នាំមុនជាលើកទីបួនបន្ទាប់ពីមានការប្រឆាំងតវ៉ា បានអះអាងថាការផ្លាស់ប្តូរនេះគឺចាំបាច់ដើម្បីបញ្ចប់នូវអ្វីដែលវាហៅថាការងារលើសបន្ទុកនៅការិយាល័យរដ្ឋអាជ្ញាពិសេស និងការលំអៀងប្រឆាំងនឹងគណបក្ស SMER-SSD ដែលកំពុងកាន់អំណាចបច្ចុប្បន្ន។រដ្ឋាភិបាលបាននិយាយថាការផ្លាស់ប្តូរនេះបានធ្វើទំនើបកម្មក្រមព្រហ្មទណ្ឌដោយការកាត់បន្ថយទោសជាប់ពន្ធនាគាររយៈពេលវែង និងរើសយកវិធានការដាក់ទោសផ្សេងជំនួសវិញ។ ប្រធានាធិបតីស្លូវ៉ាគី លោកស្រី ហ្ស៊ូហ្សាណា ឆាពូតូវ៉ា (Zuzana Caputova) ភ្លាមៗបានផ្តល់សញ្ញាថាលោកស្រីនឹងព្យាយាមបញ្ឈប់លទ្ធភាពនៃការផ្លាស់ប្តូរនេះ តាមរយៈការវេតូ ឬការប្រជែងនៅក្នុងតុលាការ។គណបក្សប្រឆាំង និងជនជាតិស្លូវ៉ាគីរាប់ម៉ឺននាក់ ដែលបានតវ៉ានៅឯការប្រមូលផ្តុំគ្នាទូទាំងប្រទេសក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ បាននិយាយថា ការផ្លាស់ប្តូរនេះនឹងការពារសម្ព័ន្ធមិត្តផ្នែកនយោបាយ និងអាជីវកម្មរបស់នាយករដ្ឋមន្រ្តី ហ្វីខូ ពីការស៊ើបអង្កេត៕

ព្រឹទ្ធសភាអាមេរិក ពន្លឿនសំណើច្បាប់ជំនួយអ៊ុយក្រែន និងអ៊ីស្រាអែល បន្ទាប់ពីកិច្ចព្រមព្រៀងព្រំដែនបរាជ័យ

2024/02/09 06:08:15 pm        121
សេចក្ដីស្នើច្បាប់តម្លៃ ៩៥,៣៤ ពាន់លានដុល្លារ ដែលរួមបញ្ចូលជំនួយសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ ត្រូវបានពន្លឿននៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) បន្ទាប់ពីគណបក្សសាធារណរដ្ឋបានរារាំងច្បាប់សម្របសម្រួលមួយដែលរួមបញ្ចូលការកែប្រែគោលនយោបាយអន្តោប្រវេសន៍ ដែលអាមេរិកព្យាយាមស្វែងរកជាយូរមកហើយ។សមាជិកព្រឹទ្ធសភាបានគាំទ្រចលនានីតិវិធីដោយសំឡេងឆ្នោត ៦៧ ទល់នឹង ៣២ សំឡេង ដែលលើសពីកម្រិតកំណត់ ៦០ សំឡេងដើម្បីជំរុញសេចក្តីព្រាងច្បាប់នេះ។ សមាជិកគណបក្សសាធារណរដ្ឋចំនួន ១៧ រូបបានបោះឆ្នោតគាំទ្រ ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយបន្ទាប់ពីពួកគេបានរារាំងសំណើច្បាប់ដ៏ទូលំទូលាយកាលពីថ្ងៃពុធ។មិនមានព័ត៌មានលម្អិតភ្លាមៗថា នៅពេលណាដែលសភាសមាជិក ១០០ អសនៈនេះនឹងពិចារណាលើការអនុម័តចុងក្រោយ ខណៈដែលសមាជិកព្រឹទ្ធសភាមួយចំនួនបាននិយាយថា ពួកគេរំពឹងថានឹងបន្តនៅក្នុងសម័យប្រជុំនៅចុងសប្តាហ៍ប្រសិនបើចាំបាច់។ ព្រឹទ្ធសភាដឹកនាំដោយប្រជាធិបតេយ្យ បានទទួលយកសេចក្ដីស្នើច្បាប់ជំនួយផ្នែកសន្តិសុខនេះ បន្ទាប់ពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ បានរារាំងវិធានការទូលំទូលាយដែលរួមបញ្ចូលផងដែរនូវកំណែទម្រង់សន្តិសុខព្រំដែន និងគោលនយោបាយអន្តោប្រវេសន៍ដែលសមាជិកព្រឹទ្ធសភាទ្វេបក្សបានចរចាអស់រយៈពេលជាច្រើនខែ៕

អាមេរិក ព្រមានអ៊ីស្រាអែល ទល់នឹងការវាយប្រហារដោយយោធាដែលគ្មានគម្រោងលើតំបន់រ៉ាហ្វា

2024/02/09 06:05:06 pm        151
សហរដ្ឋអាមេរិក បានព្រមានអ៊ីស្រាអែលថា ការវាយលុកដោយយោធាចូលទៅក្នុងទីក្រុង រ៉ាហ្វា (Rafah)ភាគខាងត្បូងនៃតំបន់ហ្កាហ្សាដោយគ្មានការរៀបចំផែនការត្រឹមត្រូវនឹងក្លាយជាគ្រោះមហន្តរាយ។ សេតវិមានបាននិយាយថា ខ្លួននឹងមិនគាំទ្រផែនការសម្រាប់ប្រតិបត្តិការសំខាន់ៗណាមួយនៅក្នុងតំបន់ Rafah ដោយគ្មានការពិចារណាត្រឹមត្រូវសម្រាប់ជនភៀសខ្លួននៅទីនោះទេ។ ការអត្ថាធិប្បាយនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលបាននិយាយថាយោធាត្រូវបានបញ្ជាឱ្យរៀបចំប្រតិបត្តិការនៅតំបន់រ៉ាហ្វា។ ជាងពាក់កណ្តាលនៃប្រជាជននៅតំបន់ហ្កាហ្សាឥឡូវនេះរស់នៅក្នុងទីក្រុងជាប់ព្រំដែនប្រទេសអេហ្ស៊ីប។ ប្រជាជនប៉ាឡេស្ទីនប្រហែល ១,៥ លាននាក់កំពុងព្យាយាមរស់នៅទីនោះ ក្នុងស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ។ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្នែកខ្លះនៃទីក្រុង រ៉ាហ្វា ពីលើអាកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយតាមសេចក្តីរាយការណ៍ រថក្រោះអ៊ីស្រាអែល ក៏បានបើកការបាញ់ប្រហារផងដែរ។ ថ្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយពុំសំដៅលើតំបន់រ៉ាហ្វា លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា សកម្មភាពរបស់អ៊ីស្រាអែលនៅហ្កាហ្សាគឺ ជ្រុលហួសពេកហើយ។ថ្មីៗនេះអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា យោធាអ៊ីស្រាអែល មានកាតព្វកិច្ចពិសេស ខណៈពួកគេធ្វើប្រតិបត្តិការនៅទីនោះ ឬកន្លែងផ្សេងទៀត ដើម្បីប្រាកដថា ពួកគេកំពុងការពារជីវិតជនស៊ីវិលស្លូតត្រង់៕

ប្រទេសឥណ្ឌា លើកឡើងថា ខ្លួននឹងបញ្ចប់សកម្មភាពព្រំដែនសេរី ជាមួយសហភាពមីយ៉ាន់ម៉ា

2024/02/09 06:01:59 pm        67
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ៨កុម្ភៈថា លោកបានណែនាំឱ្យផ្អាកជាបន្ទាន់នៃកិច្ចព្រមព្រៀងព្រំដែនសកម្មភាពសេរីជាមួយសហភាពមីយ៉ាន់ម៉ា ដែលមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចាប់តាំងពីការប្រយុទ្ធគ្នារវាងរបបយោធា និងក្រុមគូប្រជែងរបស់ខ្លួនបានកើនឡើងកាលពីឆ្នាំមុន។ លោក អាមីដ សា (Amit Shah) បាននិយាយថា ក្រសួងការបរទេសកំពុងស្ថិតក្នុងដំណើរការលុបចោលកិច្ចព្រមព្រៀងនេះរួចហើយ ដែលអនុញ្ញាតឱ្យអ្នកដែលរស់នៅក្នុងតំបន់ព្រំដែនអាចធ្វើការរកស៊ី ចូលទៅកាន់ទឹកដីជិតៗ នៃប្រទេសជិតខាងរបស់ពួកគេ ដោយគ្មានទិដ្ឋាការ។ មនុស្សជាច្រើននៅតំបន់ព្រំដែន ចែករំលែកទំនាក់ទំនងវប្បធម៌ និងសាសនាយ៉ាងជិតស្និទ្ធ។ លោក សា បាននិយាយថា នេះជារឿងចាំបាច់ដើម្បីធានាសន្តិសុខផ្ទៃក្នុងរបស់ប្រទេស និងដើម្បីរក្សារចនាសម្ព័ន្ធប្រជាសាស្រ្តនៅតាមតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា។ វិធានការនេះ រាប់បញ្ចូលទាំងរដ្ឋម៉ានីពួរ(Manipur) របស់ប្រទេសឥណ្ឌា ដែលមានមនុស្សជាង២០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីខែឧសភាឆ្នាំមុនរវាងប្រជាជនភាគច្រើននៃសាសនាហិណ្ឌូ ម៉ីតី (Meitei)និងសហគមន៍គ្រិស្តសាសនាគូគី(Kuki) ។ អ្នកភៀសខ្លួនទៅឥណ្ឌាភាគច្រើននាក់ពីមីយ៉ាន់ម៉ា បានចែករំលែកទំនាក់ទំនងជាមួយជនជាតិភាគតិចគូគី។ នាយករដ្ឋមន្ត្រីប្រចាំរដ្ឋម៉ានីពួរ លោក អិន ប៊ីរិន ស៊ីញ (N Biren Singh) មកពីគណបក្សបារ៉ាទីយ៉ាចាណាតា (Bharatiya Janata Party)កំពុងកាន់អំណាចបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថាការបញ្ចប់សកម្មភាពដោយសេរីគឺជាគន្លឹះដើម្បី ទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការពង្រឹងសន្តិសុខផ្ទៃក្នុងរបស់យើង។ផ្នែកខ្លះនៃសហភាពមីយ៉ាន់ម៉ានៅជិតព្រំដែនឥណ្ឌាបានមើលឃើញការប៉ះទង្គិចគ្នាជាញឹកញាប់ចាប់តាំងពីក្រុមយុទ្ធជនអរ៉ាកាន់(Arakan Army) បានវាយប្រហារកងកម្លាំងសន្តិសុខកាលពីខែវិច្ឆិកា ដោយបញ្ចប់បទឈប់បាញ់ដែលបានធ្វើឡើងភាគច្រើនចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១មក។ ទាហានរាប់រយនាក់មកពីសហភាពមីយ៉ាន់ម៉ា និងជនស៊ីវិលរាប់ពាន់នាក់ បានឆ្លងចូលទៅក្នុងប្រទេសឥណ្ឌា ដោយសារស្ថានភាពការប្រយុទ្ធគ្នាបានកក្រើកខ្លាំងនៅតាមព្រំដែនជាច្រើន៕

លោក ពូទីន និយាយថា រុស្ស៊ី ពុំមានចំណាប់អារម្មណ៍ក្នុងការឈ្លានពានប្រទេសប៉ូឡូញ ឬឡាតវីទេ

2024/02/09 05:58:36 pm        79
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) ថាទីក្រុងមូស្គូ មិនមានចំណាប់អារម្មណ៍ក្នុងការឈ្លានពាន «ប្រទេសប៉ូឡូញ ឡាតវី ឬកន្លែងណាផ្សេងទៀតទេ» ហើយបាននិយាយថា ការលើកឡើងទាំងឡាយដែលថាទីក្រុងមូស្គូ អាចធ្វើដូច្នេះ គឺជាការគំរាមកំហែងយ៉ាងខ្លាំង។លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថានេះជាសំណួរផ្ដេសផ្ដាសណាស់ ដែលថារុស្ស៊ី ចង់ឈ្លានពានប៉ូឡូញ ឬឡាតវី ដោយប្រាប់អ្នករៀបចំកម្មវិធីជជែកពិភាក្សារបស់សហរដ្ឋអាមេរិក លោក ថាក់ឃើ ខាលសុន (Tucker Carlson) នៅក្នុងបទសម្ភាសន៍មួយដែលបានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ថា «យើងមិនមានចំណាប់អារម្មណ៍នោះទេ» ក្នុងការពង្រីកសង្រ្គាមនៅអ៊ុយក្រែន។លោក ពូទីន បានធ្វើការអត្ថាធិប្បាយបែបនេះក្នុងអំឡុងការសន្ទនារយៈពេលពីរម៉ោងជាមួយពិធីករទូរទស្សន៍អាមេរិករូបនេះ ដែលត្រូវបានថតនៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។ វិមានក្រឹមឡាំងបាននិយាយថាលោក ពូទីន បានយល់ព្រមផ្ដល់បទសម្ភាសន៍ដល់លោក ខាលសុន ដោយសារតែវិធីសាស្រ្តរបស់អតីតពិធីករទូរទស្សន៍ ហ្វក ញ៉ូវស៍ (Fox News) រូបនេះខុសពីការរាយការណ៍ «តែម្ខាង» នៃជម្លោះអ៊ុយក្រែនដោយសារព័ត៌មានលោកខាងលិចជាច្រើនទៀត៕

កម្ពុជា-ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា បង្កើនកិច្ចសហប្រតិបត្តិការវិស័យសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

2024/02/08 10:52:16 pm        115
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួង​ឧត្តម​សិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ ។អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការទទួលស្គាល់គ្នាទៅវិញទៅមកលើតួនាទី​យ៉ាងសំខាន់ នៃ​វិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ហើយ ក៏​បង្ហាញ​ពី​បំណងរួមគ្នារវាងប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើ​ផ្នែក​សិក្សា​ធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្អែកលើគោលការណ៍សមភាព សមធម៌ ផល​ប្រយោជន៍​រួម និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងថៃ ហើយអនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើឡើងរវាងឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍កម្ពុជា ជាមួយនិងលោកជំទាវ សុភាម៉ា អ៊ីសារ៉ាបហាឌី រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណាចក្រថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ ។កិច្ចសហប្រតិបត្តិការនេះ គ្របដណ្តប់លើវិស័យសំខាន់ៗ ដូចជាជីវវិទ្យាសាស្ត្រ និងជីវបច្ចេកវិទ្យា, វិស័យរ៉ូបូត អេឡិចត្រូនិច និងបច្ចេកវិទ្យានិងសេដ្ឋកិច្ចឌីជីថល, សន្តិសុខស្បៀង ទឹក និង​ថាមពល​, ព័ត៌មានវិទ្យាភូមិសាស្ត្រ និងបច្ចេកវិទ្យាអវកាស, វិទ្យាសាស្ត្រភាវៈរស់ និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ, វិទ្យា​សាស្ត្ររូបធាតុ និងបច្ចេកវិទ្យាណាណូ, គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ (វ.ប.ន.) និងការចូលរួមជាសាធារណៈក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ធុរកិច្ច​បង្កើត​ថ្មី កម្មវិធីបណ្តុះធុរកិច្ចបង្កើតថ្មី និងសួន វ.ប.ន., មាត្រាសាស្ត្រ, ការគ្រប់គ្រងភស្តុភារ និង​ខ្សែច្រ​វាក់ផ​លិតកម្ម ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែង នៃ​វិស័យ​ដឹក​ជញ្ជូន​ និង​ភស្តុភារ ក៏ដូចជាការបង្កើនប្រសិទ្ធភាពលើលំហូរទំនិញ និងសេវាកម្មផ្សេងៗ ដែល​ឆ្លង​កាត់​ព្រំដែន និងតំបន់, ការកែច្នៃចំណីអាហារ និងការវេចខ្ចប់ដែលមានភាតរបរិស្ថាន ក្នុង​គោល​ដៅ​កាត់​បន្ថយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីផលិតកម្ម និងការប្រើប្រាស់ចំណីអាហារ ក៏​ដូចជាការបង្កើនតម្លៃបន្ថែម និងអាយុកាលនៃផលិតផលចំណីអាហារ ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា និងការអនុវត្តដែលមាននវានុវត្តន៍ ក្នុងការកែច្នៃ និងការវេចខ្ចប់ចំណីអាហារ ។អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏បង្ហាញពីលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ដែលរួម​មាន​គម្រោង​ស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញ ការ​ផ្លាស់​ប្តូរព័ត៌មាន ការផ្ទេរបច្ចេកវិទ្យា និងសកម្មភាពអប់រំ វិទ្យាសាស្ត្រ និង​បច្ចេក​ទេស​ជាច្រើន​ផ្សេង​៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
08/15/2026 12:08 PM
ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
08/15/2026 12:08 PM
រដ្ឋាភិបាលយេម៉ែននិយាយថា មីស៊ីលក្រុមឧទ្ទាមហ៊ូធីសម្លាប់ជនស៊ីវិល ៤នាក់នៅទីក្រុងកំពង់ផែ Mocha
08/15/2026 12:08 PM
លោកPutin៖ រុស្ស៊ី និងកូរ៉េខាងជើង កំពុងសម្របសម្រួលលើសន្តិសុខក្នុងតំបន់
08/15/2026 11:08 AM
ក្រសួងប្រៃសណីយ៍ បើក​សិក្ខាសាលាស្តីពី «កម្មវិធីប្រកួត​ប្រជែង​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅ​លើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ លើកទី៧» ដើម្បីបញ្រ្ជាបការយល់ដឹងសិស្ស-និស្សិត និង​ទាញ​អត្ថ​ប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
08/15/2026 11:08 AM
វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា
08/15/2026 10:08 AM
អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
08/15/2026 10:08 AM
រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
08/15/2026 09:08 AM
អ្នកទេសចរជប៉ុនម្នាក់ ត្រូវបានយុវជនថៃ៦នាក់វាយប្រហារ និងប្លន់ នៅជិតអាកាសយានដ្ឋាន Makkasan ទីក្រុងបាងកក
08/15/2026 09:08 AM
អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM