សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសម៉ិកស៊ិក និងអាមេរិក ពិភាក្សាអំពីវិធានការបន្ធូរបន្ថយសម្ពាធនៅព្រំដែន និងការជួញដូរអាវុធ

2024/01/23 07:07:34 pm        112
រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Alicia Barcena បាននិយាយកាលពីថ្ងៃចន្ទ ថា មន្ត្រីជាន់ខ្ពស់ប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាតេម៉ាឡា នឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន សម្រាប់កិច្ចពិភាក្សាស្តីពីការធ្វើអន្តោប្រវេសន៍។ ថ្លែងបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីសប្តាហ៍មុននៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Barcena បាននិយាយថា ភាគីទាំងពីរមានបំណងអនុញ្ញាតឱ្យអ្នកស្វែងរកសិទ្ធិជ្រកកោន ចុះឈ្មោះនៅភាគខាងត្បូងបន្ថែមទៀតសម្រាប់កម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលប្រើប្រាស់សម្រាប់កំណត់ពេលណាត់ជួប។ លោកស្រី Barcena បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលថា ជំហានដែលបានគ្រោងទុកសម្រាប់កម្មវិធីដែលត្រូវបានគេស្គាល់ថា CBP One មានគោលបំណងកាត់បន្ថយការប្រមូលផ្តុំមនុស្សនៅតាមព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិក។ លោកស្រីរដ្ឋមន្ត្រីនិយាយថា មន្ត្រីម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗចំនួន ១០ចំណុច ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ។ លោក Ken Salazar ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសម៉ិកស៊ិក បាននិយាយថា កិច្ចប្រជុំបានចេញលទ្ធផលនៅក្នុងក្របខ័ណ្ឌមួយ ដែលមានបីចំណុចសំខាន់ៗ។ លោក បានប្រាប់អ្នកសារព័ត៌មាន ថា ទាំងនេះកំពុងដោះស្រាយបញ្ហាឫសគល់នៃការធ្វើអន្តោប្រវេសន៍ បង្កើតផ្លូវច្បាប់សម្រាប់ជនអន្តោប្រវេសន៍ ទៅកាន់សហរដ្ឋអាមេរិក និងអនុវត្តច្បាប់ សម្រាប់អ្នកដែលបំពានច្បាប់។ លោកស្រី Barcena បាននិយាយថា ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងចំពោះអាវុធមកពីកងទ័ពអាមេរិកដែលចូលទៅក្នុងប្រទេសម៉ិកស៊ិក បន្ទាប់ពីមានការជូនដំណឹងបញ្ជូនទៅអាមេរិកដោយមន្ត្រីក្នុងតំបន់។ លោក Salazar បាននិយាយថា ការកាត់បន្ថយលំហូរសព្វាវុធពីសហរដ្ឋអាមេរិកទៅកាន់ម៉ិកស៊ិក គឺជាអាទិភាពចម្បងសម្រាប់សហរដ្ឋអាមេរិក។ គណៈប្រតិភូអាមេរិកប្រចាំប្រទេសម៉ិកស៊ិក នៅដើមខែកុម្ភៈ នឹងពិភាក្សាផ្តោតលើការការពារអាវុធអាមេរិក មិនឲ្យចូលទៅដល់ប្រទេសម៉ិកស៊ិក។

ក្រុមអ្នកជំនាញនិយាយថា គឺអ៊ីរ៉ង់ មិនមែនហ្កាហ្សាទេ ដែលជាចំណុចកណ្តាលនៃភាពវឹកវនៅរមជ្ឈិមបូព៌ា

2024/01/23 06:59:30 pm        194
ការកើនឡើងសកម្មភាពយោធា និងការវាយប្រហារតាមអាកាសជាច្រើនដង នៅទូទាំងមជ្ឈិមបូព៌ាកំពុងបង្កើនការព្រួយបារម្ភ ថាតំបន់នេះកំពុងខិតចូលទៅជិតសង្រ្គាមកាន់តែធំ។ នៅចំកណ្តាលនៃភាពចលាចល គឺប្រទេសអ៊ីរ៉ង់ ដែលកំពុងប្រើប្រាស់សកម្មភាពយោធាតំណាងរបស់ខ្លួននៅក្នុងប្រទេសយេម៉ែន និងលីបង់ ដើម្បីប្រយុទ្ធជាមួយអ៊ីស្រាអែល ក៏វាយប្រហារប៉ាគីស្ថាន និងអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន ផងដែរ។ ក្រុមអ្នកជំនាញផ្នែកសន្តិសុខមួយចំនួននៅបស្ចិមលោកអះអាងថា ការវាយប្រហាររបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់ ស៊ីរី និងប៉ាគីស្ថាន មិនមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសទេ ផ្ទុយទៅវិញ កើតចេញពីការព្រួយបារម្ភផ្នែកសន្តិសុខផ្ទៃក្នុងរបស់ទីក្រុងតេអេរ៉ង់អំពីការគំរាមកំហែងនៃអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំពីសំណាក់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងក្រុមបំបែកខ្លួន។ ក្រុមអ្នកវិភាគផ្សេងទៀតបានបង្ហាញគំនិតផ្ទុយគ្នា ដោយលើកឡើងថា នយោបាយការបរទេសរបស់អ៊ីរ៉ង់មានឫសគល់យ៉ាងជ្រៅក្នុងការប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយសង្គ្រាមនៅហ្កាហ្សាកំពុងដើរតួជាកាតាលីករសម្រាប់ការឈ្លានពានរបស់អ៊ីរ៉ង់នៅទូទាំងតំបន់។ សារព័ត៌មាន Reuters បានរាយការណ៍ដោយសអំអាងប្រភពពីក្រុមមន្ត្រីអ៊ីរ៉ង់ និងក្រុមអ្នកវិភាគ ថា ការវាយប្រហាររបស់អ៊ីរ៉ង់លើប៉ាគីស្ថានត្រូវបានជំរុញដោយ សម្ពាធក្នុងតំបន់ ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុងរបស់ខ្លួន ជាជាងមហិច្ឆតារបស់ខ្លួនសម្រាប់តំបន់មជ្ឈិមបូព៌ា ហើយការប៉ះទង្គិចគ្នាយ៉ាងតានតឹង រវាងអ៊ីរ៉ង់ និងប៉ាគីស្ថាន កំពុងកើតឡើងឆ្ងាយពីសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែខណៈការវាយប្រហារកាន់តែខ្លាំងរបស់អ៊ីរ៉ង់ ទំនងជាអាចមិនពាក់ព័ន្ធនឹងសង្រ្គាមនៅហ្កាហ្សា លោក Jay Solomon និពន្ធនាយកផ្នែកសន្តិសុខសកលរបស់សារព័ត៌មាន Semafor បានលើកឡើង ដោយចង្អុលទៅការចោទប្រកាន់ជាច្រើនទសវត្សរ៍របស់អ៊ីរ៉ង់ដែលថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុង គាំទ្រក្រុមជ្រុលនិយមនិកាយស៊ុននី ដូចជា ពួក al-Qaida និងរដ្ឋឥស្លាម ដើម្បីទប់ស្កាត់ទីក្រុងតេអេរ៉ង់៕

សម្ដេចតេជោ ចាត់ទុកទស្សនកិច្ចប្រតិភូ​ក្រសួងនគរបាលវៀតណាម​បានរួមចំណែកពង្រឹង​ទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ

2024/01/23 06:57:50 pm        152
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២៤ អនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ មជ្ឈឹម​បក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និង​បាន​វា​យតម្លៃខ្ព​ស់​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម តូ ឡឹម នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបានចាត់ទុក ទស្សន​កិច្ច​របស់​ប្រតិភូ​ក្រសួង​នគរបាលវៀតណាម នៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុង​ការ​ពង្រឹងនូវទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យ​កាន់​តែ​រឹ​​ងមាំថែមទៀត។ សម្ដេចប្រធានគណបក្សបានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្តម តូ លឹម ដែលទទួលបានគ្រឿងឥស្សរយស ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ជា​កិច្ចឆ្លើយតប ឯកឧត្តម តូ ឡឹម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូន​ចំពោះ​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃ អនុញ្ញាត​ឲ្យ​ប្រតិភូ បានចូលជួបសម្ដែងការគួរសម ។ ឯកឧត្តម​បាន​នាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ង្វៀន ហ្វូចុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងជូនពរបុណ្យចូលឆ្នាំសកល២០២៤ និងចូលឆ្នាំប្រពៃណីវៀតណាម ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។ ឯកឧត្តមរដ្ឋមន្រ្ដីបានអបអរសាទរ និងវាយតម្លៃ​ខ្ពស់ចំពោះ​ជោគជ័យ​ដ៏​ធំធេង​របស់ក​ម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យនាឆ្នាំ២០២៣ កន្លងមក ក្រោម​ការ​ដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាអគ្គមគ្គុទេស និង​ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​បន្តវេនថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តម​បានអបអរសាទរ ចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល​ទី៧ នាពេលកន្លងទៅ និងជោគជ័យនៃការរៀបចំអ្នកបន្តវេនប្រកបដោយភាពរលូន និង​សន្តិភាព​។ ឯកឧត្តម តូ ឡឹម បានអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែល​បាន​រៀបចំ​មហា​សន្និបាត​វិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួនកន្លងទៅ ប្រកបដោយជោគជ័យ និង​បាន​បោះឆ្នោត​បំពេញ​បន្ថែមនូវសមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្ត្រៃយ៍ និង​អនុ​ប្រធាន​គណបក្ស ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។ ឯកឧត្តម តូ ឡឹម បាន​បញ្ជាក់​ជូន​សម្ដេច​តេជោផងដែរថា គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាប្រជាជនវៀតណាម គាំទ្រយ៉ា​ងពេញទំហឹង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែល​មាន​សម្ដេច​អគ្គ​ម​ហា​សេនា​បតី​តេជោ ហ៊ុន សែន ជាប្រមុខ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មី ដែល​មាន​សម្ដេច​អធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមបានជូនពរចំពោះគណបក្ស​ប្រជាជនកម្ពុជា ឱ្យទទួល​បាន​ជោគ​ជ័យ​ចំ​ពោះ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង​គណបក្សទាំងពីរនាពេលកន្លងមក ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា ទំនាក់​ទំនង​រវាង​វិស័យ​សន្តិសុខ​នៃ​ប្រទេសទាំងពីរ គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលយើងត្រូវតែបន្តពង្រឹង និងពង្រីក ឱ្យកាន់​តែ​រីក​ចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការវាយតម្លៃរបស់ឯកឧត្តម តូ ឡឹម ចំពោះពាក្យពេចន៍ល្អៗ នៃការរីកចម្រើនរបស់កម្ពុជា។ សម្ដេចតេជោបានជូនពរ និង​ផ្ញើ​នូវ​ការ​សាក​សួរសុខទុក្ខរបស់សម្ដេច ជូនចំពោះថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម មានដូចជា ឯកឧត្ត ង្វៀន ហ្វូចុង, ឯកឧត្តម វ៉ូ វ៉ាន់ធឿង, ឯកឧត្តម ផាម មីងជីញ នៅក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ប្រពៃណី​វៀតណាម ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន បាន​ឯកភាព​អំពី​ការរីកចម្រើន នៃទំនាក់ទំនងរវាងគណបក្សទាំង២ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែរឹងមាំ​ និង​រីក​ចម្រើនជាលំដាប់។ សម្ដេចតេជោក៏បានជូនពរដល់ទំនាក់ទំនងជាប្រពៃណីរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កាន់តែរឹងមាំឋិតថេរចេរកាល យូរអង្វែងទៅទៀត។ នៅ​ក្នុងកិច្ចសន្ទនាគ្នានោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា មិន​អនុញ្ញាត​ឱ្យ​កម្លាំង​អមិត្ត​ណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំង​នឹង​ប្រទេស​កម្ពុជានោះឡើយ៕

លោក ត្រាំ នាំមុខលោកស្រី ហាលី ដោយពិន្ទុពីរខ្ទង់ក្នុងការស្ទង់មតិរដ្ឋ New Hampshire សហរដ្ឋអាមេរិក

2024/01/23 06:23:45 pm        130
តិចជាងមួយថ្ងៃមុននឹងឈានដល់ការបោះឆ្នោតបឋមថ្នាក់ជាតិនៅរដ្ឋ ញ៉ូវ ហែមស៊ៀ (New Hampshire) របស់សហរដ្ឋអាមេរិក ការស្ទង់មតិថ្មីមួយបានបង្ហាញថាលោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) កំពុងនាំមុខអតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោកស្រី នីកគី ហាលី (Nikki Haley) ចំនួន ១៩ពិន្ទុនៅក្នុងរដ្ឋដែលសម្បូរទៅដោយថ្មក្រានីតមួយនេះ។ការស្ទង់មតិរបស់សារព័ត៌មាន ប៊ូសស្តុន គ្លូប (Boston Globe) សារព័ត៌មាន អ៊ិនប៊ីស៊ី ថេន (NBC-10) និងសាកលវិទ្យាល័យ ស៊ូសហ្វូក (Suffolk) បានចេញផ្សាយកាលពីព្រឹកថ្ងៃចន្ទ (២២ មករា) ដោយបានស្ទង់មតិអ្នកបោះឆ្នោតបឋមរបស់បក្សសាធារណរដ្ឋចំនួន ៥០០នាក់ នៅរដ្ឋ ញ៉ូវ ហែមស៊ៀ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការស្ទង់មតិនោះបានរកឃើញថាលោកស្រី ហាលី បានទទួលការគាំទ្រចំនួន ៣៨,២ភាគរយ នៃអ្នកឆ្លើយតប ខណៈពេលដែលលោក ត្រាំ ទទួលបាន ៥៧,៤ភាគរយ។ អ្នកឆ្លើយតបចំនួន ១,៦ភាគរយផ្សេងទៀតបានជ្រើសយកអ្នកផ្សេងទៀត ហើយចំនួន ២,២ភាគរយ នៃអ្នកឆ្លើយតបមិនបានសម្រេចចិត្តនោះទេ។ការរកឃើញរបស់ការស្ទង់មតិនេះបានជំរុញដល់ការស្ទង់មតិផ្សេងទៀតដែលមើលឃើញនៅក្នុងរដ្ឋ ញ៉ូវ ហែមស៊ៀ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងកម្រិតថ្នាក់ជាតិ ដែលបង្ហាញថាលោក ត្រាំ បានរក្សាការនាំមុខដ៏គួរឲ្យកត់សម្គាល់ក្នុងការបោះឆ្នោតបឋម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី ហាលី បានបង្រួមការនាំមុខរបស់លោក ត្រាំ ក្នុងរដ្ឋថ្មក្រាលនីតមួយនេះនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

ទេសចរតាមវត្តរបស់ឥណ្ឌា នឹងកើនឡើងខ្លាំងនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Modi

2024/01/23 06:19:34 pm        154
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) កាលពីថ្ងៃច័ន្ទ (២២ មករា) បានសម្ពោធឆ្លងវត្តហិណ្ឌូដ៏ពិសិដ្ឋបំផុតមួយ ហើយរដ្ឋាភិបាលរបស់លោកបាននឹងកំពុងចំណាយប្រាក់រាប់លានដុល្លារដើម្បីអភិវឌ្ឍវត្តជាច្រើនទៀត ដោយជំរុញវិស័យទេសចរណ៍ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងចំណោមសហគមន៍ភាគច្រើននៅមុនការបោះឆ្នោត។យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ក្រៅពីការផ្លាស់ប្តូរតម្លៃ ៦ពាន់លានដុល្លារនៃទីក្រុងភាគខាងជើង អាយុទ្យា (Ayodhya) ជាទីដែលលោក ម៉ូឌី បានបើកសម្ពោធដំណាក់កាលដំបូងនៃវត្តព្រះរាម (Ram) រដ្ឋាភិបាលសហព័ន្ធបានចំណាយប្រាក់ជិត ១២០លានដុល្លារ ដើម្បីបង្កើតកន្លែងធម្មយាត្រាសាសនាហិណ្ឌូរាប់សិបទីតាំងនៅក្នុងទសវត្សរ៍កន្លងមក នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល ហើយថវិកាបន្ថែមទៀតត្រូវបានគ្រោងទុក។វត្តព្រះរាម ដែលសាងសង់នៅលើទីតាំងនៃវិហារឥស្លាមសម័យចក្រភព ម៉ុកាល (Mughal) ដែលត្រូវបានបំផ្លាញដោយក្រុមហិណ្ឌូក្នុងឆ្នាំ១៩៩២ និងជាកន្លែងដែលអ្នកហិណ្ឌូជឿថាព្រះរាម បានប្រសូតនៅទីនោះ ត្រូវបានគេប៉ាន់ប្រមាណថានឹងទាក់ទាញអ្នកទេសចររហូតដល់ ១០០លាននាក់ ក្នុងមួយឆ្នាំ នេះបើយោងតាមក្រុមអ្នកវិភាគ ជេសហ្វឺរីស៍ (Jefferies)៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅប៉ាគីស្ថាន ដើម្បីកសាងទំនាក់ទំនងឡើងវិញបន្ទាប់ពីការវាយប្រហារ

2024/01/23 05:55:20 pm        140
ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទ (២២ មករា) ថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅប្រទេសនេះនៅសប្តាហ៍ក្រោយ ដោយបង្ហាញការខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងបន្ទាប់ពីប្រទេសជិតខាងទាំងពីរនេះបានធ្វើការវាយប្រហារដោយមីស៊ីលទៅវិញទៅមកកាលពីសប្តាហ៍មុន ចំពោះអ្វីដែលពួកគេបាននិយាយថាជាគោលដៅរបស់ក្រុមសកម្មប្រយុទ្ធ។ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរក៏ត្រូវបានស្នើសុំឱ្យត្រឡប់ទៅកាន់តំណែងរបស់ពួកគេវិញនៅថ្ងៃទី២៦ ខែមករា ខាងមុខនេះផងដែរ។ ក្រសួងការបរទេសអ៊ីរ៉ង់បានអះអាងថា លោករដ្ឋមន្ត្រីការបរទេស ហូសេន អាមឺ អាបឌូលឡាហ្វអៀន (Hossein Amir Abdollahian) នឹងធ្វើទស្សនកិច្ចនៅថ្ងៃចន្ទ ហើយបាននិយាយថាឯកអគ្គរដ្ឋទូតរបស់ខ្លួននឹងបន្តបំពេញភារកិច្ចនៅទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃសុក្រ។ប្រទេសប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅក្រុងតេអេរ៉ង់ ហើយមិនបានអនុញ្ញាតឱ្យសមភាគីរបស់លោកត្រឡប់ទៅទីក្រុងអ៊ីស្លាម៉ាបាដ វិញទេក៏ដូចជាការលុបចោលរាល់ទំនាក់ទំនងការទូត និងពាណិជ្ជកម្មកម្រិតខ្ពស់ទាំងអស់។ ការវាយប្រហារសងសឹករបស់ប្រទេសទាំងពីរ គឺជាការឈ្លានពានឆ្លងព្រំដែនដ៏ល្បីបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានបង្កើនការព្រមានអំពីអស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់ ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា មក៕

ប្រធានបក្សរុស្ស៊ីរួបរួម កោតសរសើរការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជាជ្រើសរើស សម្តេចធិបតី ជាអ្នកដឹកនាំបន្តវេន

2024/01/23 04:27:44 pm        323
ប្រធានគណបក្សរុស្ស៊ីរួបរួម លោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) បាន​ថ្លែង​កោត​សរសើរ​ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងមូល ដែលបានជ្រើសរើសសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេន ហើយលោកក៏បាន​ប្រកាស​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​តែងតាំងសម្តេចធិបតីជាអនុប្រធានគណបក្សផងដែរ។យោងតាមលទ្ធផល នៃកិច្ចសន្ទនាតាមរយៈវីដេអូរវាងសម្តេចតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង​ លោក ឌីម៉េទ្រី ម៉េដវេដេវ ប្រធានគណបក្សរុស្ស៊ីរូបរួម នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​នេះ មេដឹកនាំគណបក្សទាំងពីរ យល់ឃើញថា ការសហការគ្នារវាងមេដឹកនាំវ័យ​ក្មេង​ជំនាន់​ក្រោយ ​ជាពិសេសរុស្ស៊ី ក៏បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយ​បាន​អបអរសាទរនៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជា​ការ​ត្រៀម​រៀបចំ​អ្នក​បន្ត​វេន​ដ៏​សម​ស្រប​មួយ។នៅក្នុងកិច្ចសន្ទនានេះ លោក ឌីម៉េទ្រី បានថ្លែងកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃ របស់​សម្ដេច​តេជោ​ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែល​បាន​ជ្រើស​រើសអ្នកបន្តវេនជាយុវជន ក្នុងការ​បន្ត​កិច្ច​សហប្រតិបត្តិការ​គ្នា​យូរ​អង្វែង​ត​ទៅ​ទៀត​។នៅក្នុងកិច្ចសន្ទនានេះថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរបានពិភាក្សាជាច្រើន ដោយ​ក្នុង​នោះ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និង​បាន​សួរ​សុខ​ទុក្ខគ្នាទៅវិញទៅមក សម្រាប់ឆ្នាំថ្មី។ថ្នាក់ដឹកនាំ​ទាំងពីរ​បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប២៥ឆ្នាំ ហើយ​គណបក្ស​ទាំង​ពីរ​នឹង​ពិចារណា​គ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការ​បង្កើត​នូវ​ព្រឹត្តិការណ៍​ចាំ​បាច់​នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមកនេះ។ថ្នាក់​ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការ​គោរព​គ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈ​ចាំ​បាច់​ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅ​តា​​មពេលវេលាសមស្របទាំងទៅរស្ស៊ី និងមកកម្ពុជាផងដែរ។ជាមួយ​គ្នា​នេះភាគីទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុង​ក្រប​ខណ្ឌ​វេទិកា​ទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅ​ក្នុង​ការ​រួប​រួម​គ្នា​ដោយធ្វើយ៉ាងណា ការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជា​ពិសេស​ពង្រឹង​ពហុ​ភាគី​និយម​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​តំបន់ និងនៅក្នុងពិភពលោក។ កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី​និយម​ នឹងបង្កើតបរិយាកាសឲ្យបក្សទាំងពីរអាចយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅ​តាម​ភាព​ចាំបាច់ ស្របតាមច្បាប់ ដែលភាគីទាំងពីរ​បាន​គោរព​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ​នោះ​។នៅ​ក្នុងកិច្ចសន្ទនាប្រមាណ២០នាទីនោះដែរ សម្តេចតេជោ ហ៊ុន សែន និងលោកឌីម៉េទ្រី ម៉េដវេដេវក៏​បាន​មើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិតឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺ​ជា​ចំនុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះភាគីទាំងពីរនឹងរួបរួមគ្នា ដើម្បី​ធ្វើ​យ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយ​ជួយ​មើល​គ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់ដែលអាចធ្វើទៅបាន។បើ​តាម​ផេកហ្វេសបុកសម្តេច បានឲ្យដឹងទៀតថា នៅក្នុងកិច្ចសន្ទនា​នោះ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ ក៏បានយល់គ្នាផងដែរថា កិច្ចសហប្រតិបត្តិការសំខាន់នោះ គឺការកសាងច្បាប់ និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អទាំ​ងអស់គ្នា ដោយសាររដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសយើងទាំងពីរ តែងតែ​មាន​កិច្ច​សហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ក៏​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ សមាជិកព្រឹទ្ធសភារុស្ស៊ី និង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ដោយ​ស្មោះត្រង់ក្នុងមិត្តភាពជិតស្និទ្ធ ដើម្បីបន្តនូវវប្បធម៌ និងការគោរព​គ្នា​ទៅ​វិញ​ទៅ​មក​គ្រប់​ជំនាន់ផងដែរ។ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរក៏បានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការ និង​កិច្ច​ពិភាក្សា​ផ្សេងៗ​ពាក់ព័ន្ធ​ទៅ​នឹងវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់មិត្តរុស្ស៊ី ក៏ដូចជាមិត្តផ្សេងៗទៀត នៅ​ក្នុងសហគមន៍(BRICS) សហគមន៍អឺរ៉ាស៊ី ក៏ដូចនៅក្នុងសហគមន៍រុស្ស៊ី-មេគង្គ ក៏​ជា​ចំណុច​ដែល​ភាគី​ទាំងពីរមានការពេញចិត្ត ក្នុងការផ្លាស់ប្ដូរនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេសនីមួយៗ នឹងធ្វើការសហការគ្នា ដើម្បីពិនិត្យមើលលទ្ធភាព នៃកិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់ស្ដែងផងដែរ៕ អត្ថបទ៖ បាន ចក់

ថ្នាក់ដឹកនាំជាន់ខ្ពស់ Church of Jesus Christ ប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា

2024/01/22 09:40:02 pm        435
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ នាឱកាស នៃដំណើរបំពេញទស្សនកិច្ចមក​ព្រះរាជាណាចក្រ​កម្ពុជា។ក្នុងជំនួបនេះ លោក Elder Dale G.Renlund បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​អនុញ្ញាត​ឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតី​ដោយ​សង្ខេបនូវសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្ដោតជា​សំខាន់​ការកិច្ច​ការមនុស្សធម៌ ការចូលរួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​លើ​ការ​អភិវឌ្ឍ​វិស័យ​សាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន​។ ក្នុងឱកាសនៃជំនួបនេះដែរ​ លោក Elder Dale G. Renlund ក៏បានគោរព​ជម្រាបជូន​សម្ដេចធិបតី​អំពី​គម្រោង​កសាង​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និង​លើក​​កម្ពស់សុខមាភាពប្រជាជនកម្ពជា​ ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Church of Jesus Christ ក្នុងការបន្តចូលរួមចំណែកលើកកម្ពស់និងគាំទ្រវិស័យសុខាភិបាល និង​លើ​ការ​បណ្ដុះ​បណ្ដាល​កសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាម​សហគមន៍​ នៅតាមមូលដ្ឋានផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល​ដែលសម្រេចបាន​របស់ Church of Jesus Christ​ ក្នុងការគាំទ្រលើគម្រោងជាច្រើន​ ដែលបាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ សម្ដេចធិបតី​ក៏​បាន​គូស​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លើ​ការ​ធានា​ឱ្យមា​នសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្ម​ខាង​សាសនា​នៅ​ក្នុង​សង្គម​កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេស​ដែល​ធ្លាប់បាន​ឆ្លង​កាត់​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះ របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ។ តាមរយៈ​បទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជា​រាជ​រដ្ឋាភិបាល នីតិកាល​ទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែល​ជា​មូល​ដ្ឋាន​ដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព​ និងស្ថិរភាពពេញលេញនៅកម្ពុជា៕

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ

2024/01/22 08:51:03 pm        388
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សា​បាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និង​ជា​លេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាឱកាស​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា។ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ធិបតី ដែល​បានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការី​ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ផ្ដល់​នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការ UN-ESCAP។ ឆ្លៀតក្នុង​ឱកាស​នេះ​ដែរ​ លោកជំទាវបណ្ឌិត ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេចធិបតី​ដោយ​សង្ខេប​នូវ​វិស័យ​អាទិភាព​ចំនួន​ ៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ ដែលរួមមាន ទី១) ការ​ផ្ដល់​កិច្ច​គាំពារ​ដល់​ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងកិច្ចការពារ​បរិស្ថាន​ដោយ​ផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ។ ទី ២) ការសម្រប​សម្រួលនៅ​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការ​តភ្ជាប់​នៃ​វិស័យ​ពាណិជ្ជ​កម្ម​នៃ​បណ្ដា​ប្រទេស​សមាជិក នៃអង្គការ UN-ESCAP ។ ទី៣) ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់​ប្រជាពលរដ្ឋ និង ទី៤)ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​រួម​ចំណែក​សម្រេច​នូវ​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព (SDGs) ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកជំទាវបណ្ឌិត និងសារការី ដែលបាន​អញ្ជើញ​មក​បំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា និងបាន​សម្តែង​សេចក្តី​សោមនស្ស​រីករាយ និងថ្លែងអំណរគុណដល់អង្គការ UN-ESCAP ចំពោះ​ការ​ចូល​រួម​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ទៅលើវិស័យជាច្រើននៅកម្ពុជានាពេលកន្លងមក។ សម្ដេច​ធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្ត​កិច្ច​សហ​ប្រតិបត្តិការ​របស់​អង្គការ UN-ESCAP ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះដែរ សម្តេចធិបតី ក៏​បាន​ជម្រាប​ជូន​លោក​ជំទាវបណ្ឌិតថា អ្វីដែលលោកជំទាវបានលើកឡើងខាងលើ មានភាព​ប្រទាក់​ក្រឡា និងស្របគ្នាជាមួយនឹងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌ​យុទ្ធសាស្រ្ត​របស់​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់​កាលទី១ ដែលផ្តល់អាទិភាពលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាម​រយៈ​ការ​កសាង​ភាព​ធន់ និងកំណើនចីរភាព សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បី​ប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕

លោកខាងលិច នឹងបាត់បង់យ៉ាងហោចណាស់ ២៨៨ពាន់លានដុល្លារ ប្រសិនបើទ្រព្យសម្បត្តិរុស្ស៊ី ត្រូវរឹបអូស

2024/01/22 08:47:16 pm        384
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យ (២១ មករា) ថាខ្លួនបានគណនាថាលោកខាងលិច ប្រឈមនឹងការបាត់បង់ទ្រព្យសម្បត្តិ និងការវិនិយោគដែលមានតម្លៃយ៉ាងហោចណាស់ ២៨៨ពាន់លានដុល្លារ ប្រសិនបើរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលបានបង្កក ដើម្បីយកទៅជួយកសាងអ៊ុយក្រែនឡើងវិញ ហើយបន្ទាប់មកទីក្រុងមូស្គូ នឹងសងសឹកលើលទង្វើនោះ។បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងកម្លាំងចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានហាមឃាត់ប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី ដោយរារាំងទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលមានអធិបតេយ្យភាពប្រហែល ៣០០ពាន់លានដុល្លារនៅលោកខាងលិច។ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងបែលហ្ស៊ិក និងទីក្រុងនានានៅអឺរ៉ុប ដើម្បីជួយដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលផ្នែកខ្លះនៃប្រទេសស្ថិតនៅក្នុងការបំផ្លិចបំផ្លាញ។រុស្ស៊ីបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានព្យាយាមបញ្ចុះបញ្ចូលបណ្ដាប្រទេសនៅអឺរ៉ុប ដែលទ្រព្យសម្បត្តិភាគច្រើនរបស់រុស្ស៊ីសិ្ថតនៅ ឲ្យចុះហត្ថលេខាលើវិធានការស្រដៀងគ្នានេះ ហើយវិមានក្រឹមឡាំងបាននិយាយថា ទីក្រុងមូស្គូ មានបញ្ជីនៃទ្រព្យសម្បត្តិសហរដ្ឋអាមេរិក អឺរ៉ុប និងទ្រព្យសម្បត្តិផ្សេងទៀតដែលនឹងត្រូវរឹបអូស ប្រសិនបើបណ្តាប្រទេសលោកខាងលិច បន្តទៅមុខលើផែនការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈកម្មការផ្សះផ្សាសម្រាប់ដំណើរការ UNCLOS ត្រូវបានជ្រើសរើស
08/15/2026 04:08 PM
កងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
08/15/2026 03:08 PM
សារគន្លឹះរបស់នាយកប្រចាំតំបន់ WHO៖ «បន្តបោះជំហានទៅមុខ ដើម្បីសុខុមាលភាពប្រជាជន»
08/15/2026 03:08 PM
នគរបាលនឹងចាប់អនុវត្តវិធានការច្បាប់ជាថ្មីលើរថយន្តធុនធំ និងការដឹកសំពីងសំពោង នៅដើមសប្តាហ៍ក្រោយ
08/15/2026 03:08 PM
ពលរដ្ឋជប៉ុនអះអាងថា ព្យុះភ្លៀងជាប់កំណត់ត្រាលែងជារឿងធម្មតាទៀតហើយ
08/15/2026 03:08 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ធ្វើការពេញមួយយប់ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅទីក្រុង Comoប្រទេសអ៊ីតាលី
08/15/2026 03:08 PM
តុលាការកំពូលកម្ពុជា វៀតណាម ឡាវ ប្តេជ្ញាពង្រឹងសន្តិសុខតាមព្រំដែន និងទប់ស្កាត់បង្ក្រាប Online Scams
08/15/2026 03:08 PM
ប្រធានតុលាការកំពូលវៀតណាមវាយតម្លៃខ្ពស់ចំពោះការបង្កើតច្បាប់យ៉ាងខ្លាំងក្លារបស់កម្ពុជា ប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងព្រំដែន
08/15/2026 02:08 PM
ទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា ធ្វើឲ្យឃើញបាតទន្លេ និងនាវាជាប់កឿង
08/15/2026 02:08 PM
ចំនួនអ្នកស្លាប់កើនឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Chiba ប្រទេសជប៉ុន ខណៈបណ្តាលឱ្យលំនៅឋានច្រើនខ្នងលិចទឹក
08/15/2026 02:08 PM