តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា និងដៃគូអភិវឌ្ឍន៍រួមគ្នាពិគ្រោះយោបល់រៀបចំយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨

2023/12/19 02:55:04 pm        284
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។សិក្ខាសាលាពិគ្រោះយោបល់នេះមានការចូលរួមពីសមាជិកនៃក្រុមការងារបច្ចេកទេសចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្រុមការងារដឹកនាំ សម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី-ខេត្ត និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្ហាញពីក្របខ័ណ្ឌការងារ ដែលត្រូវដាក់បញ្ចូលទៅក្នុងការបង្កើតយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះឡើង គឺដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាព ការទទួលខុសត្រូវតាមវិស័យ បញ្ហាអន្ដរវិស័យ និងអាទិភាពសម្រាប់ការសម្របសម្រួលពហុវិស័យ និងដើម្បីផ្តួចផ្តើមដំណើរការគោលនយោបាយប្រកបដោយបរិយាបន្ន។សិក្ខាសាលាមានគោលបំណងបញ្ជាក់អំពីតួនាទី និងការទទួលខុសត្រូវនៅថ្នាក់ក្រោមជាតិ និងប្រមូលធាតុចូល របស់អ្នកចូលរួមអំពីសកម្មភាពអនុវត្តល្អៗ និងមានប្រសិទ្ធភាពដែលបានអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទិសដៅរបស់យុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ គឺសម្រេចឱ្យបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងរួមចំណែកដល់គោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យដទៃទៀត។សិក្ខាសាលានេះនឹងផ្សារភ្ជាប់ជាមួយកិច្ចពិគ្រោះយោបល់ដទៃទៀតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឈានទៅដល់ការសម្រេចបាន នូវការកសាងយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។ដំណើរការនៃការពិគ្រោះយោបល់ និងការរៀបចំយុទ្ធសាស្ត្រថ្មីនេះ នឹងត្រូវដឹកនាំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគាំទ្រដោយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងយុវជន។ សិក្ខាសាលាពិគ្រោះយោបល់ជាលើកដំបូងនេះ មានទំនាក់ទំនងនឹងលទ្ធផល នៃការពិនិត្យឡើងវិញនៃការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ ដោយទាញយកអនុសាសន៍ពីការពិនិត្យឡើងវិញ និងរួមបញ្ចូលការផ្ដល់យោបល់ទាំងនេះ ទៅក្នុងការបង្កើតយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។ការពិនិត្យឡើងវិញយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ បានបង្ហាញពីអភិក្រមប្រតិបត្តិបន្ថែមទៀត នៅក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។អនុសាសន៍សំខាន់ៗ ពីការពិនិត្យឡើងវិញទាក់ទងនឹងថ្នាក់ក្រោមជាតិ ត្រូវបានរៀបរាប់លម្អិតដូចខាងក្រោម៖១. ចាប់ផ្តើមរៀបចំយុទ្ធសាស្រ្តថ្មី ទៅក្នុងការទទួលខុសត្រូវតាមវិស័យ និងក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ និងកែលម្អដំណើរការរៀបចំរបាយការណ៍ តាមការទទួលខុសត្រូវតាមវិស័យ និងកាត់បន្ថយរបាយការណ៍ជាន់គ្នា។២. ពិនិត្យអាទិភាព សម្រាប់ការសម្របសម្រួលពហុវិស័យ និងកាត់បន្ថយសកម្មភាពត្រួតស៊ីគ្នា។ ពិនិត្យឡើងវិញនូវការទទួលខុសត្រូវ សម្រាប់ការសម្របសម្រួល និងរបាយការណ៍ អាទិភាពសម្រាប់ការសម្របសម្រួលពហុវិស័យ និងតម្រឹមអាទិភាពទាំងនេះឱ្យកាន់តែជិតស្និទ្ធទៅក្នុងស្ថាប័នពាក់ព័ន្ធ ដែលបានអនុវត្តស្រាប់។៣. កៀរគរ និងតាមដានការផ្តល់មូលនិធិ សម្រាប់ការទទួលខុសត្រូវតាមវិស័យ និងអាទិភាពសម្រាប់ការសម្របសម្រួលពហុវិស័យ និងការគាំទ្រចំពោះសកម្មភាពអន្តរវិស័យ នៅថ្នាក់ឃុំ សង្កាត់ តាមរយៈ CDP និងCIP៤. បង្កើតក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃដ៏រឹងមាំ ស្របតាមគោលដៅក្នុងផែនការតាមវិស័យ និងក្របខណ្ឌធំមួយសម្រាប់ការតម្រឹមចំណុចសកម្មភាពសំខាន់ៗ គោលដៅ និងសូចនាករ សម្រាប់ផែនការថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។៥. បង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ច្បាស់លាស់ដោយធានាថា ថ្នាក់ក្រោមជាតិ ទទួលបានព័ត៌មានពាក់ព័ន្ធពីការៀបចំផែនការ និងពង្រឹងការអនុវត្តប្រកបដោយបរិយាបន្ន។៦. ពិនិត្យវឌ្ឍនភាពក្នុងការពង្រឹងសមត្ថភាពអនុវត្តន៍នៅថ្នាក់ក្រោមជាតិ រួមទាំងការឆ្លុះបញ្ចាំងបន្ថែម ទៀតអំពីប្រសិទ្ធភាព និងការរៀបចំនៅថ្នាក់ក្រោមជាតិ។ពិនិត្យវឌ្ឍនភាពក្នុងការពង្រឹងសមត្ថភាពអនុវត្តន៍នៅថ្នាក់ក្រោមជាតិ រួមទាំងការឆ្លុះបញ្ចាំងបន្ថែមទៀតអំពីប្រសិទ្ធភាព និងការរៀបចំនៅថ្នាក់ក្រោមជាតិ។៧. សម្របសម្រួលដំណើរការគោលនយោបាយប្រកបដោយបរិយាបន្ន ដោយផ្អែកលើមេរៀនបទពិសោធន៍ ក្នុងអំឡុងពេលកិច្ចសន្ទនាស្តីពីប្រព័ន្ធស្បៀង និងប្រើប្រាស់ការប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថបុគ្គល និងសង្គម នៅក្នុងសហគមន៍ឱ្យបានទូលំទូលាយ។សិក្ខាសាលានេះ នឹងមានបទបង្ហាញដោយសង្ខេបស្តីពីការពិនិត្យឡើងវិញយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ លើកទី២ ២០១៩-២០២៣ និងទិសដៅសម្រាប់យុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ២០២៤-២០២៨ ដោយផ្តោតលើទិដ្ឋភាពពាក់ព័ន្ធនឹងថ្នាក់ក្រោមជាតិ និងវិស័យសំខាន់ៗ (សុខភាព កសិកម្ម ទឹកស្អាតនិងអនាម័យ)។សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីលោកស្រី REBEKAH BELL នាយិកាអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ លោក JOST KADEL អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋអាល្លឺម៉ង់ប្រចាំកម្ពុជា និងអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន៕

សម្ដេចធិបតីរំឭកពីគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា

2023/12/19 02:15:17 pm        391
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អូកាដា ម៉ូតូយ៉ា (Okada Motoya) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AEON MALL ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្នុងឱកាសនៃជំនួបនេះ លោក អូកាដា ម៉ូតូយ៉ា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនេះ លោកប្រធានក្រុមហ៊ុន AEON MALL ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី អំពីការចូលរួមរបស់ក្រុមហ៊ុនក្នុងវិស័យអប់រំ តាមរយៈការកសាងសាលាបឋមសិក្សានៅតាមបណ្តាខេត្ត និងការផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សកម្ពុជា ដើម្បីបន្តឱកាសសិក្សាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត ។ នៅក្នុងជំនួបនេះផងដែរ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន។ជាការឆ្លើយតបសម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក អូកាដា ម៉ូតូយ៉ា និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន AEON MALL ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងគ្រោងវិនិយោគបន្ថែមនៅកម្ពុជា ព្រមទាំងអរគុណចំពោះការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងការកសាងសាលារៀននៅតាមមូលដ្ឋាន ដែលការណ៍នេះបានរំឭកពីគំរូវីរភាពនៃការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយកសាងសាលារៀនគ្រប់ដណ្តប់ទូទាំងប្រទេស ដើម្បីបើកឱកាសឱ្យកូនចៅប្រជាពលរដ្ឋគ្រប់គ្នាទទួលបានការអប់រំ។ ទន្ទឹមនេះសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងការអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់។លើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ៕

សង្គ្រាមអ៊ុយក្រែនចុងក្រោយ៖ យោធាកាត់បន្ថយប្រតិបត្តិការមួយចំនួន ដោយសារខ្វះជំនួយបរទេស

2023/12/19 02:02:30 pm        404
លោក ឧត្តមសេនីយ៍ត្រី Oleksandr Tarnavskyi ដែលជាបញ្ជាកងទ័ពប្រយុទ្ធនៅខ្សែត្រៀមជួរមុខភាគខាងកើត បានប្រាប់សារព័រមានរ៉យទ័រ នៅថ្ងៃទី១៨ ខែធ្នូថា កងកម្លាំងអ៊ុយក្រែនប្រឈមនឹងការខ្វះគ្រាប់កាំភ្លើងធំ ហើយត្រូវកាត់បន្ថយប្រតិបត្តិការយោធាមួយចំនួន ដោយសារការថយចុះនៃជំនួយបរទេស។ ការប្រកាសនេះ ធ្វើឡើង ស្របពេលទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានជួបការលំបាកក្នុងការធានាកញ្ចប់ថវិការាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ ការផ្តល់ជំនួយផ្នែកការពាររបស់បរទេស បានចាប់ផ្តើមថយចុះ ខណៈដែលទឹកប្រាក់ចំនួន ៦១ពាន់លានដុល្លារពីសហរដ្ឋអាមេរិក នៅតែជាប់គាំង នៅក្នុងសភា ដោយសារតែមានភាពចម្រោងចម្រាសផ្នែកនយោបាយ ហើយប្រទេសហុងគ្រី បានរារាំងថវិកាចំនួន ៥៥ ពាន់លានដុល្លារ នៅក្នុងសហភាពអឺរ៉ុបសម្រាប់ទីក្រុងគីវ។«មានបញ្ហាជាមួយគ្រាប់រំសេវ ជាពិសេសក្រោយសូវៀត (គ្រាប់កាំភ្លើងធំ) គឺធុន ១២២មិល្លីម៉ែត្រ និង១៥២មិល្លីម៉ែត្រ ហើយសព្វថ្ងៃនេះ បញ្ហាទាំងនេះ កើតមាននៅខ្សែជួរមុខទាំងស្រុងហើយ។លោកឧត្តមសេនីយ៍ បានហៅការខ្វះគ្រាប់កាំភ្លើងធំថា ជា «បញ្ហាធំណាស់» ហើយបានភ្ជាប់វាទៅនឹងការថយចុះនៃជំនួយយោធាបរទេស។

ឧត្តមសេនីយ៍កងទ័ពអ៊ុយក្រែន និយាយថា កងទ័ព ប្រឈមការខ្វះកាំភ្លើងធំ

2023/12/19 01:56:24 pm        388
ឧត្តមសេនីយ៍ជាន់ខ្ពស់យោធាអ៊ុយក្រែនម្នាក់និយាយថា ទាហានជួរមុខរបស់អ៊ុយក្រែន ប្រឈមការខ្វះ គ្រាប់កាំភ្លើងធំ ហើយបានកាត់បន្ថយប្រតិបត្តិការយោធាមួយចំនួន។ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ បានដកស្រង់សម្តី ឧត្តមសេនីយ៍ អូឡេកសានឌ័រ តាណាវស្គីយី(Oleksandr Tarnavskyi) ដែលបាននិយាយថា «មានបញ្ហាខ្វះគ្រាប់រំសេវ» ។លោក Tarnavskyi ដែលកំពុងដឹកនាំការវាយវាយបកប្រឆាំងកងកម្លាំងរុស្ស៊ី បាននិយាយថា បរិមាណជំនួយដែលចូលមក មិនគ្រប់គ្រាន់សម្រាប់អ៊ុយក្រែននោះទេ ហើយការវាយលុករបស់រុស្ស៊ី នៅតែបន្តឥតឈប់ឈរ។លោកនិយាយថា កងកម្លាំងអ៊ុយក្រែន មិនអាចរក្សាបានកម្លាំងរបស់ខ្លួននៅគ្រប់តំបន់សមរភូមិមុខនោះទេ។ កងទ័ពរបស់លោក ផ្លាស់ទីទៅការពារនៅតំបន់មួយចំនួន ខណៈពួកគេបន្តសកម្មភាពវាយលុកនៅកន្លែងផ្សេងទៀត។ក្នុងអំឡុងពេលកិច្ចពិភាក្សាមួយ ប្រមុខចារកម្មការពារជាតិអ៊ុយក្រែន លោក គីរីឡូ ប៊ូដាណូវ(Kyrylo Budanov) បាននិយាយថា ការចល័តកងទ័ពគឺចាំបាច់សម្រាប់យោធាអ៊ុយក្រែន ដើម្បីរក្សាកម្រិតកម្លាំងបច្ចុប្បន្ន។លោកបានបញ្ជាក់ពីតម្រូវការក្នុងការដោះស្រាយបញ្ហាបុរសអ៊ុយក្រែនដែលគេចខ្លួនពីការកែណ្ឌធ្វើទាហាន។ លោកនិយាយថា ប្រសិទ្ធភាពស្ទើរតែសូន្យនៅក្នុងប្រព័ន្ធកែណ្ឌទាហាន ប្រសិនបើអាជ្ញាធរមិនផ្តល់កម្លាំងចិត្តឲ្យពួកគេចូលរួមជាមួយកងទ័ព។

ប្រធានាធិបតីហ្វីលីពីន៖ កិច្ចប្រឹងប្រែងផ្នែកការទូតជាមួយចិន កំពុងដំណើរការក្នុងទិសដៅគ្មានប្រសិទ្ធភាព

2023/12/19 01:53:06 pm        376
ប្រធានាធិបតី ហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា «ការផ្លាស់ប្តូរគំរូ» គឺចាំបាច់នៅក្នុងរបៀបដែលប្រទេសរបស់លោកចូលទៅជិតបញ្ហាសមុទ្រចិនខាងត្បូង ខណៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាមួយទីក្រុងប៉េកាំង កំពុងដំណើរការទៅ «ក្នុងទិសដៅគ្មានប្រសិទ្ធភាព» ។យោងតាមការចេញផ្សាយរបស់វិមានប្រធានាធិបតី បានឲ្យដឹងថា លោក Marcos នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដែលផ្នែកមួយចំនួនត្រូវបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន កាលពីថ្ងៃចន្ទ ទី ១៨ ខែធ្នូ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាប្រពៃណី ត្រូវបានប្រទេសចិនមិនយកចិត្តទុកដាក់។ លោក Marcos នៅក្នុងប្រទេសជប៉ុនចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបរបស់ទីក្រុងតូក្យូជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បាននិយាយថា «មកដល់ចំណុចនេះ យើងបានងាកទៅរកវិធីសាស្រ្តប្រពៃណីនៃផ្នែកការទូត ប៉ុន្តែយើងបាននិងកំពុងធ្វើកិច្ចការនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមានភាពរីកចម្រើនតិចតួចបំផុត។ លោក Marcos បាននិយាយថា វាដល់ពេលហើយ ដែលប្រទេសនានាគិតថាពួកគេមានការជាប់ពាក់ព័ន្ធក្នុងស្ថានភាពនេះ យើងត្រូវឈានដល់ការផ្លាស់ប្តូរគំរូមួយ ខណៈលោក Marcos បាននិយាយឡើងវិញថា ប្រទេសហ្វីលីពីន ចង់បញ្ចៀសជម្លោះហិង្សា។ លោកបាននិយាយបន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងបន្តពិភាក្សាជាមួយដៃគូ និងបង្ហាញជំហររួមមួយ ដោយបញ្ជាក់ពីការទទួលខុសត្រូវរបស់ពួកគេ រហូតដល់សមុទ្រហ្វីលីពីនៅភាគខាងលិចមានការព្រួយបារម្ភ។ ហ្វីលីពីន និយាយយោងទៅរកផ្នែកនៃសមុទ្រចិនខាងត្បូងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនថា ជាសមុទ្រហ្វីលីពីនខាងលិច។ កាលពីសប្តាហ៍មុន ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការប៉ះទង្គិចគ្នានៃនាវារបស់ពួកគេនៅជិតដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង ខណៈភាពតានតឹងលើការអះអាងសិទ្ធិនៅក្នុងផ្លូវទឹកដ៏សំខាន់កើនឡើង។

ជនអន្តោប្រវេសន៍នៅម៉ិកស៊ិក ជំរុញឱ្យមានការយកចិត្តទុកដាក់ ខណៈគណបក្សសាធារណរដ្ឋ បន្តគោលនយោបាយព្រំដែនតឹងរ៉ឹង

2023/12/19 01:48:38 pm        414
ជនអន្តោប្រវេសន៍ដែលធ្វើដំណើរទៅភាគខាងជើង បានជាប់គាំងដំណើរនៅព្រំដែនចំនួន២នៅប្រទេស ម៉ិកស៊ិក កាលពីថ្ងៃច័ន្ទ កំពុងទាមទារការយកចិត្តទុកដាក់ និងការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ខណៈរដ្ឋបាលរបស់លោក Biden ប្រឈមនឹងសម្ពាធពីគណបក្សសាធារណរដ្ឋ ដើម្បីរឹតបន្តឹងការធ្វើអន្តោប្រវេសន៍កាន់តែតឹងរ៉ឹងជាថ្នូរទៅនឹងការផ្តល់មូលនិធិសម្រាប់សង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។ជនអន្តោប្រវេសន៍រាប់រយនាក់ បានតវ៉ានៅស្ថានីយអន្តោប្រវេសន៍ទីក្រុងព្រំដែន Tapachula ភាគខាងត្បូង ដោយទាមទារឱ្យរដ្ឋាភិបាលម៉ិកស៊ិក ពន្លឿនការអនុញ្ញាតរបស់ខ្លួន ដូច្នេះពួកគេអាចឆ្លងកាត់ប្រទេសនេះដោយសេរី។ នៅផ្នែកភាគខាងជើង ជនអន្តោប្រវេសន៍រាប់សិបនាក់ បានឆ្លងកាត់ទីក្រុង Rio Bravo ដើម្បីប្រគល់ខ្លួនឱ្យកងឆ្មាំជាតិសហរដ្ឋអាមេរិក និងស្វែងរកសិទ្ធិជ្រកកោន។សន្តិសុខព្រំដែន កំពុងក្លាយជាបញ្ហាសំខាន់ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដោយប្រធានាធិបតី លោក Joe Biden ស្វែងរកការបោះឆ្នោតថ្មី នៅខែវិច្ឆិកា ខាងមុខ។សមាជិកគណបក្សសាធារណរដ្ឋ បានទាមទារឲ្យមានគោលនយោបាយអន្តោប្រវេសន៍កាន់តែតឹងរ៉ឹង ដោយស្វែងរកសម្បទានពីប្រធានាធិបតី ដោយរារាំងសំណើរបស់លោកសម្រាប់ការផ្តល់មូលនិធិសង្រ្គាមទៅឲ្យប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែល។

មេដឹកនាំកូរ៉េខាងជើង ពិនិត្យមើល សមយុទ្ធបាញ់មីស៊ីល Hwasong-18

2023/12/19 01:35:04 pm        323
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃអង្គារទី ១៩ ខែធ្នូនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានពិនិត្យមើលដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប(ICBM) ឥន្ធនៈរឹងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនៅសប្តាហ៍នេះ ដែលមានសមត្ថភាពអាចបាញ់ដល់សហរដ្ឋអាមេរិក។ យោធាប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីល ICBM ប្រើប្រាស់ឥន្ធនៈរឹង ដែលធ្វើឱ្យមីស៊ីលកាន់តែមានភាពងាយស្រួលក្នុងការបញ្ជូន និងកាន់តែលឿនជាងកំណែប្រើឥន្ធនៈរាវ។ ការបាញ់មីស៊ីលនេះ គឺជាលើកទីបីហើយដែលប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីល ICBM ឥន្ធនៈរឹង បន្ទាប់ពីបានបាញ់កាលពីខែមេសា និងខែកក្កដា ដែលអ្នកវិភាគបាននិយាយថា ជាការបង្ហាញសញ្ញានៃកិច្ចខិតខំប្រឹងប្រែងជាប្រចាំដើម្បីធ្វើឲ្យប្រសើរបច្ចេកវិទ្យា។ ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយពីការបាញ់មីស៊ីលកាលពីថ្ងៃចន្ទថា សមយុទ្ធនៃការបាញ់មីស៊ីល ICBM Hwasongpho-18 ត្រូវបានធ្វើឡើងជាសកម្មភាពយោធាដ៏សំខាន់មួយ ដើម្បីបង្ហាញយ៉ាងច្បាស់នូវឆន្ទៈប្រឆាំងដាច់ខាតរបស់កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែរប្រទេសកូរ៉េខាងជើង និងកម្លាំងដែលមិនអាចប្រៀបផ្ទឹមបានចំពោះសត្រូវ។ ទីភ្នាក់ងារសារព័រមាននិយាយថា មីស៊ីល ដែលធំបំផុតនៅក្នុងឃ្លាំងអាវុធរបស់ប្រទេសកូរ៉េខាងជើង បានហោះក្នុងចម្ងាយជាង ១.០០០ គីឡូម៉ែត្រ ហើយបានបង្ហាញពី សមត្ថភាពប្រយុទ្ធរបស់អង្គភាពមីស៊ីល ICBM។ លោក Kim បាននិយាយថា ការបាញ់នេះបានបញ្ជូន សញ្ញាច្បាស់លាស់ដល់កងកម្លាំងអរិភាព និង កំណត់នូវកិច្ចការថ្មីសំខាន់ៗមួយចំនួនសម្រាប់ការអភិវឌ្ឍកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សេចក្តីរាយការណ៍ បានដកស្រង់សម្តីលោក Kim បាននិយាយថា សមយុទ្ធជោគជ័យគឺជាការបង្ហាញពីការអនុវត្តជាក់ស្តែងនៃស្ថានភាពពិត និងភាពជឿជាក់នៃសមត្ថភាពវាយប្រហារដ៏គួរឱ្យភ័យខ្លាច និងការរារាំងសង្គ្រាមនុយក្លេអ៊ែរទាំងស្រុង ធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង។

សហភាពអឺរ៉ុប នឹងពិភាក្សាអំពីទឹកប្រាក់ចំនួន ៥៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នៅថ្ងៃទី១ ខែកុម្ភៈ

2023/12/19 01:31:17 pm        339
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយកាលពីថ្ងៃទី ១៨ ខែធ្នូថា ក្រុមប្រឹក្សាអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសមួយ នៅថ្ងៃទី១ ខែកុម្ភៈ ដែលមេដឹកនាំសហភាពអឺរ៉ុប នឹងពិភាក្សាអំពីកញ្ចប់ថវិកា ៥០ ពាន់លានអឺរ៉ូ (៥៥ ពាន់លានដុល្លារ) រយៈពេល៤ឆ្នាំសម្រាប់អ៊ុយក្រែន។ក្នុងអំឡុងកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះ សហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់ការឯកភាពគ្នាលើថវិការយៈពេលវែងរបស់ប្លុកនេះ ដែលរួមមានមូលនិធិសម្រាប់អ៊ុយក្រែន ដោយសារតែការជំទាស់ពី នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban)។លោកអ័របាន ត្រូវបានគេមើលឃើញជាទូទៅថា គឺស្និទ្ធនឹងទីក្រុងមូស្គូ ហើយបានរារាំងជំនួយសម្រាប់អ៊ុយក្រែនម្តងហើយម្តងទៀត និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។លោកMichel បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមXថា៖«ផ្តោតលើអនាគតនៃសហភាពរបស់យើងជាមួយនឹងប្រព័ន្ធដឹកនាំសហភាពអឺរ៉ុប( EUCO)ពិសេសរបស់យើង (កិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប)អំពី MFF (ក្របខ័ណ្ឌហិរញ្ញវត្ថុពហុភាគី) ដែលធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ របៀបវារៈយុទ្ធសាស្រ្តអឺរ៉ុបរបស់យើង និង EUCO របស់យើង នៅក្នុងខែមីនា និងខែមេសា»។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលពីថ្ងៃទី ១៤-១៥ ខែធ្នូ ដែលបានបញ្ចប់ក្នុងកិច្ចព្រមព្រៀងស្តីពីការចរចាចូលជាសមាជិកជាមួយអ៊ុយក្រែន និងម៉ុលដាវី ក្រុមមេដឹកនាំសហភាពអឺរ៉ុប បាននិយាយថា កិច្ចប្រជុំថ្មី នឹងត្រូវធ្វើឡើង នៅដើមឆ្នាំ ២០២៤ ដើម្បីដោះស្រាយបញ្ហាថវិកាឡើងវិញ។

ការធ្លាក់ព្រិលដ៏កម្រនៅភាគខាងត្បូងប្រទេសចិន ខណៈអាកាសធាតុត្រជាក់ខ្លាំងគ្របដណ្តប់ភាគខាងជើង

2023/12/19 01:23:29 pm        466
អាកាសធាតុត្រជាក់ដែលគ្របដណ្ដប់លើប្រទេសចិន បាននាំមកនូវការធ្លាក់ព្រិលដ៏កម្រកាលពីថ្ងៃច័ន្ទ (១៩ ធ្នូ) ដល់ខេត្តភាគខាងត្បូង ក្វាងទុង (Guangdong) ខណៈដែលសីតុណ្ហភាពនៅភាគខាងជើងដ៏ត្រជាក់បានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រសម្រាប់ខែនេះ។ក្នុងរយៈពេលមួយសប្តាហ៍នៃអាកាសធាតុដ៏ត្រជាក់ដែលមិននឹកស្មានដល់ សីតុណ្ហភាពបានធ្លាក់ចុះដល់កម្រិតទាបក្រោមសូន្យនៅក្នុងតំបន់ភាគខាងជើង ដែលរំខានដល់ការដឹកជញ្ជូនតាមផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ហើយថែមទាំងបណ្តាលឱ្យមានឧបទ្ទវហេតុដាច់ហ្វ្រាំងរថភ្លើងដែលធ្វើដំណើរក្នុងរដ្ឋធានីប៉េកាំងផងដែរ។ក្រុមអ្នកព្យាករណ៍កាលពីដើមខែវិច្ឆិកា បានព្យាករណ៍ថានឹងមានរដូវរងាដែលមានអាកាសធាតុកាន់តែក្តៅនៅឆ្នាំនេះដោយសារតែបាតុភូត អ៊ែល នីញ៉ូ ខណៈព្រមានថាសីតុណ្ហភាពអាចមានការប្រែប្រួលបន្ទាប់ពីខែតុលា ជាខែដែលក្តៅបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។កាលពីថ្ងៃច័ន្ទ នៅខេត្តក្វាងទុង ដែលជាទូទៅមិនមានព្រិលធ្លាក់ដូចនៅតំបន់ចុងឧត្ដរ ការធ្លាក់ព្រិលបានគ្របដណ្តប់លើកំពូលភ្នំក្នុងទីក្រុងមួយចម្ងាយត្រឹមតែ ៨០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីក្វាងចូវ តាមឆ្នេរសមុទ្ររបស់ខេត្តនេះ។នៅក្នុងខេត្តជិតខាង ក្វាងស៊ី ជាទីដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវកាលពីសប្តាហ៍មុនឲ្យមានការឆ្លើយតបគ្រាអាសន្នជាចាំបាច់ ភ្លៀងធ្លាក់លាយឡំជាមួយដុំទឹកកកត្រូវបានព្យាករណ៍សម្រាប់ទីក្រុងមួយចំនួនក្នុងខេត្តនេះ។ នៅទីក្រុងប៉េកាំង សីតុណ្ហភាពកាលពីព្រឹកថ្ងៃច័ន្ទបានធ្លាក់ចុះដល់ដក ១៥,៥អង្សារសេ ខិតជិតដល់កម្រិតទាបជាប្រវត្តិសាស្ត្រនៅឆ្នាំ១៩៥២ ដែលមានកម្រិតដក ១៥,២អង្សារសេ សម្រាប់ថ្ងៃទី១៩ ខែធ្នូ និងសីតុណ្ហភាពដក ១៧,៧អង្សារសេ សម្រាប់ថ្ងៃទី២០ ខែធ្នូ កាលពីឆ្នាំនោះ៕

អាមេរិកមើលមិនឃើញផលប៉ះពាល់ដល់ទំនាក់ទំនងជាមួយវៀតណាម ពីសម្ព័ន្ធភាពហាណូយ-ប៉េកាំង នោះទេ

2023/12/19 01:09:40 pm        325
មន្ត្រីអាមេរិកមួយរូបបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម បន្ទាប់ពីទីក្រុងហាណូយ បានប្រកាសកាលពីសប្តាហ៍មុនថាបានពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន រួមទាំងលើវិស័យការពារជាតិ និងសន្តិសុខ ខណៈដែលមហាអំណាចទាំងពីរកំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពល។បណ្ដាមេដឹកនាំវៀតណាម បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ទៅកាន់ទីក្រុងហាណូយ កាលពីសប្តាហ៍មុន រយៈពេលបីខែបន្ទាប់ពីពួកគេបានបង្កើនទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន នៅពេលដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានធ្វើដំណើរទៅកាន់ប្រទេសនេះនៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថាជាជោគជ័យសម្រាប់វិធានការ «ការទូតដើមឫស្សី» របស់វៀតណាម។ទោះបីជាមានភាសានៅក្នុងសេចក្តីថ្លែងការណ៍ចិន-វៀតណាម ដែលអាចត្រូវបានគេមើលឃើញថាជាទិសដៅប្រឆាំងនឹងសហរដ្ឋអាមេរិកក៏ដោយ ក៏ក្តីបារម្ភដែលអាចរារាំងដល់ផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងហាណូយ រហូតមកដល់ពេលនេះនៅមានកម្រិតនៅឡើយ។លោក ខាល ថាយើ (Carl Thayer) អ្នកជំនាញជាន់ខ្ពស់ផ្នែកសន្តិសុខវៀតណាមនៅបណ្ឌិតសភាកងកម្លាំងការពារអូស្ត្រាលីនៅទីក្រុង កង់បេរ៉ា (Canberra) បាននិយាយថា «គោលដៅដែលចង់បាន» ទាំងនោះរបស់វៀតណាមជាមួយប្រទេសចិន ទំនងជាមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃប្រេងកើនឡើង ខណៈការចរចាដ៏ផុយស្រួយអាមេរិក-អ៊ីរ៉ង់នៅតែបង្ក​​​ការព្រួយបារម្ភអំពីការផ្គត់ផ្គង់សកល​​​​​
05/12/2026 09:05 AM
សម្ពាធកើនឡើងលើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer ឲ្យលាលែងពីតំណែង
05/12/2026 09:05 AM
សហភាពអឺរ៉ុប ព្រមព្រៀងលើទណ្ឌកម្មដែលជាប់គាំងជាយូរមក លើអ្នកតាំងលំនៅអ៊ីស្រាអែល
05/12/2026 09:05 AM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម
05/12/2026 09:05 AM
បទឈប់បាញ់រយៈពេល៣ ថ្ងៃរវាងរុស្ស៊ី-អ៊ុយក្រែន សម្របសម្រួលដោយលោក Trump បានបញ្ចប់​ហើយ​​​
05/12/2026 09:05 AM
BREAKING NEWS| រដ្ឋសភាកម្ពុជា បានសម្រេចអនុម័តច្បាប់ស្តីពី «កាតព្វកិច្ចយោធា»ហើយ ដោយសំឡេងគាំទ្រ១១៤ លើ១១៤ សំឡេង
05/12/2026 09:05 AM
សហរដ្ឋអាមេរិក ដាក់ចេញទណ្ឌកម្មថ្មីជុំវិញការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសចិន
05/12/2026 09:05 AM
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិចុះការបង្ក្រាប Online Scams នៅ០២ទីតាំងផ្សេងគ្នា ឃាត់ជនជាតិវៀតណាម៤២នាក់
05/12/2026 09:05 AM
លោកTrump៖បទឈប់បាញ់ស្ថិតក្នុងភាព​​ផុយស្រួយបំផុត ​ខណៈក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងរសាត់ទៅឆ្ងាយហើយ
05/12/2026 08:05 AM
តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
05/11/2026 09:05 PM