សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា

2023/12/02 11:33:07 pm        345
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំ​គណៈប្រតិភូអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងវិស័យព្រះពុទ្ធសាសនា ដែលជាសក្កានុពលរបស់ខេត្តហាណាម សម្រាប់តំណាងរាស្រ្ត យកមកធ្វើការផ្សព្វផ្សាយជូនពលរដ្ឋ។ដំណើរទស្សនកិច្ចនេះបានទទួលការស្វាគមន៍ដោយ ឯកឧត្តម Truong Quoc Huy អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងសហការីជាច្រើននាក់។ នៅក្នុងបទបង្ហាញរបស់ឯកឧត្តម អនុប្រធានគណៈកម្មាធិការបក្សខេត្តបានឱ្យដឹងថា ខេត្តហាណាម ជាខេត្តមួយដែលមានសក្តានុពលខ្លំាងលើវិស័យទេសចរណ៍ កសិកម្ម និងព្រះពុទ្ធសាសនា។ ដោយសារមានធនធានធម្មជាតិ និងដោយទទួលបានការវិនិយោគពីវិស័យឯកជន ខេត្តហាណាម​មានការរីកចម្រើន ប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើងជាលំដាប់។ ខេត្តហាណាមស្ថិតនៅភាគខាងត្បូងទីក្រុងហាណូយ ប្រមាណ៦០គីឡូម៉ែត្រ ដែលមានផ្លូវគមនាគមន៍ទំាងផ្លូវទឹក និងផ្លូវគោកទៅមកក្រុងហាណូយ បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម។សម្តេចមហារដ្ឋសភាធិការធិបតី បានចូលរួមអបអរសាទរចំពោះការរីកចម្រើនរបស់ខេត្ត និង​បានស្នើដល់ឯកឧត្តម Truong Quoc Huy ជួយកៀរគរអ្នកវិនិយោគទៅបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះសម្តេចក៏បានស្នើជូនថ្នាក់ដឹកនាំខេត្ត ពិនិត្យលទ្ធភាពក្នុងការចងសម្ព័ន្ធភាពជាមួយ​ខេត្តណាមួយរបស់កម្ពុជា។ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា សមាជិកសមាជិការដ្ឋ​សភាកម្ពុជា ជាតំណាងពលរដ្ឋនៅទូទាំងប្រទេស បានសិក្សាឈ្វេងយល់នៅក្នុងខេត្តហាណាម​នាពេលនេះ ជាការដកស្រង់បទពិសោធន៍ល្អៗ ដែលជាសក្តានុពលរបស់ខេត្តលើវិស័យ​កសិម្មបែបទំនើប ទេសចរណ៍ និងវិស័យព្រះពុទ្ធសាសានា ជាដើមនេះ យកទៅផ្សព្វផ្សាយ​ជូនពលរដ្ឋ ពីព្រោះថាវិស័យដែលរីកចម្រើននេះក៏ជាអាទិភាពរបស់កម្ពុជាដែរ។ សម្តេច បានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី បានផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយសមធម៌។នៅក្នុងដំណើទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ក៏បានអញ្ជើញទៅទស្សនាវត្ត Tam Chuc ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំ តែងតែទទួលរៀបចំព្រឹត្តិការណ៍ព្រះពុទ្ធសាសនា ជាលក្ខណៈអន្តរជាតិ មានពលរដ្ឋជាច្រើនប្រទេសបានចូលរួម ដែលបានបម្រើដល់​វិស័យ​ព្រះពុទ្ធសាសនាផងនិងទេសចរណ៍ផង។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានអញ្ជើញដាំឈើ នៅក្នុងបរិវេណវត្ត ទុកជាអនុស្សាវរីយ៍ ផងដែរ៕

គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យវាយតម្លៃ ការងារថែទាំផ្លូវជនបទចំនួន១៣ខ្សែ ក្នុងខេត្តពោធិ៍សាត់

2023/12/02 10:46:24 pm        306
គណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទចំនួន២រូប គឺឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង ឯកឧត្តម អ៊ិន ចន្ថា និងដោយមានការចូលរួម លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងសហការី បានចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារថែទាំជាលក្ខណៈខួប ផ្លូវក្រាលក្រួសក្រហម ចំនួន ១៣ខ្សែ ប្រវែងសរុប ១០១ ០៥០ម៉ែត្រ រួមនិងសំណងលូ ស្ពាន និងទំនប់បង្ហៀរ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ ផ្លូវទាំង១៣ខ្សែនោះស្ថិតក្នុងស្រុកកណ្តៀង ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកក្រគរ និងស្រុកតាលោសែនជ័យ រួមមាន៖១-ផ្លូវទួលចា-កែវមុនី ប្រវែង ៩ ៤០០ម ស្ថិតក្នុង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ២-ផ្លូវបាក់ត្រា អូរកា ស្វាយប៉ាក ប្រវែង ១៧ ២៥០ម ស្ថិតក្នុងស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ ៣-ផ្លូវរលួស ប្រវែង ១១ ១០០ម ស្ថិតក្នុងស្រុកក្រគរ និងស្រុកកណ្តៀង៤-ផ្លូវវត្តបន្ទាយត្រោក ភូមិកំពង់សំបួរ ប្រវែង ៤ ២០០ម ស្ថិតក្នុងឃុំស្រែស្តុក និងឃុំកញ្ជរ ស្រុកកណ្តៀង ៥-ផ្លូវរលាប-ទួលក្រួស ប្រវែង ៧ ០០០ម ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ ៦-ផ្លូវគោករំល-កោះស្វាយ(ផ្លូវវត្តស្រោង) ប្រវែង ៣ ២០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ ៧-ផ្លូវដូង-ត្រពាំងរំដេញ ប្រវែង ៧ ៤០០ម ស្ថិតនៅក្នុង ស្រុកក្រគរ ៩-ផ្លូវរលាប-អូរថ្កូវ ប្រវែង ២ ២០០ម ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ ១០-ផ្លូវភូមិថ្មី តាំងគោក ៥.៥ម ប្រវែង ៦ ៥០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ ១១-ផ្លូវផ្ទះរុង-ជ្រៃក្រឹម ប្រវែង ១០ ៣០០ម ស្ថិតនៅក្នុងភូមិ ស្រុកតាលោសែនជ័យ ១២-ផ្លូវអូរដារ ប្រវែង ១០ ០០០ម ស្ថិតនៅក្នុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់១៣-ផ្លូវប្រហាល-តាំងគោក ប្រវែង ៨ ៥០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ បន្ទាប់ពីធ្វើការចុះត្រួតពិនិត្យ លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួងបានឯកភាព ទទួលយកការងារខាងលើ ដោយផ្អែកទៅតាមបទដ្ឋានបច្ចេកទេសដូចមានចែងនៅក្នុងកិច្ចសន្យា និងសំណូមពរអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បន្តថែទាំផ្លូវខាងលើ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាព ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងនេះជាប្រចាំ ព្រោះផ្លូវទាំងនេះជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង ឯកឧត្តម អ៊ិន ចន្ថា ជម្រុញអោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមក្នុងការថែរក្សាផ្លូវទាំងនោះ ដើម្បីការប្រើប្រាស់បានយូរអង្វែង ជាប្រយោជន៍រួម ជាពិសេសកុំចាក់ដីលុបផ្លូវទឹកនៅតាមសងខាងផ្លូវ ហើយ និងការដឹកជញ្ជូនលើសទំងន់កំណត់ជាដើម ព្រោះការស្ថាបនាកសាង និងជួសជុលផ្លូវ រដ្ឋត្រូវចំណាយថវិកាជាច្រើនដូចនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សាទាំងអស់គ្នា ៕

កូរ៉េខាងត្បូងដាក់ផ្កាយរណបចារកម្មទី១ ក្នុងគន្លងតារាវិថី ក្រោយការបាញ់បង្ហោះរបស់កូរ៉េខាងជើង

2023/12/02 10:36:08 pm        213
ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ បានប្រាប់ថា ផ្កាយរណបចារកម្មដំបូងរបស់ខ្លួន ដែលត្រូវបានបាញ់បង្ហោះកាលពីថ្ងៃមុន តាមរយៈយានចម្លង នៅសហរដ្ឋអាមេរិកនោះ បានចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ ពោលគឺមានរយៈពេលត្រឹមតែជាង ១សប្តាហ៍ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានដាក់ផ្កាយរណបឈ្លបយកការណ៍នៅក្នុងគន្លងជាលើកដំបូង។ក្រុមហ៊ុន SpaceX នៅអាមេរិក បាននិយាយថា យានចម្លង Falcon 9 របស់ខ្លួន បានហោះចេញពីមូលដ្ឋានកងកម្លាំងទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅវេលាម៉ោង ១០ និង ១៩នាទី នាព្រឹកថ្ងៃសុក្រ។ ហើយក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ផ្កាយរណបនេះ បានបង្កើតទំនាក់ទំនងដោយជោគជ័យជាមួយស្ថានីយនៅដី នៅក្រៅប្រទេស។ផ្កាយរណបចារកម្មនេះ គឺជាផ្កាយរណបដំបូង ក្នុងចំណោមផ្កាយរណបចំនួន៥ ដែលកូរ៉េខាងត្បូងគ្រោងដាក់ចូលក្នុងគន្លងតារាវិថីត្រឹមដំណាច់ឆ្នាំ២០២៥ ដោយប្រើយានចម្លងរបស់សហរដ្ឋអាមេរិក។ គេរំពឹងថា ផ្កាយរណបនេះ នឹងចាប់ផ្តើមប្រតិបត្តិការពេញលេញក្នុងរយៈពេលពី ៤ ទៅ ៦ខែ។ នេះបើយោងតាមប្រភពពីយោធាកូរ៉េខាងត្បូង។នៅមុននេះ កូរ៉េខាងជើងបានប្រាប់ថា ផ្កាយរណបឈ្លបយកការណ៍ Malligyong-1 របស់ខ្លួន បានចូលទៅក្នុងគន្លងតារាវិថី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ហើយនឹងចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃសុក្រ (ទី១ ខែធ្នូ)៕

កូរ៉េខាងជើង៖ ការជ្រៀតជ្រែកក្នុងប្រតិបត្តិការផ្កាយរណប នឹងត្រូវបានចាត់ទុកថា ជាការប្រកាសសង្គ្រាម

2023/12/02 10:26:10 pm        120
កូរ៉េខាងជើង នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ បាននិយាយថា ខ្លួននឹងចាត់ទុកការជ្រៀតជ្រែកណាមួយ ក្នុងប្រតិបត្តិការផ្កាយរណបរបស់ខ្លួនថា ជាការប្រកាសសង្គ្រាម ហើយនឹងប្រមូលផ្តុំកម្លាំងទប់ស្កាត់សង្គ្រាមប្រសិនបើការវាយប្រហារណាមួយប្រឆាំងនឹងធនធានយុទ្ធសាស្ត្ររបស់ខ្លួន ជិតកើតមាន។ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបទៅនឹងការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅក្នុងលម្ហអាកាស ដោយការបំផ្លាញសមត្ថភាពផ្កាយរណបចារកម្មរបស់សហរដ្ឋអាមេរិក។សូមបញ្ជាក់ថា កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនដោយជោគជ័យ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយបង្ហាញពីរូបថតនៃការដំឡើងមូលដ្ឋានយោធា នៅដីគោករបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកោះហ្គាមរបស់សហរដ្ឋអាមេរិក។សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងថ្មីបន្ថែម បន្ទាប់ពីការបាញ់បង្ហោះនោះ ដោយកំណត់ចំពោះភ្នាក់ងារជាច្រើន ដែលមានមូលដ្ឋាននៅបរទេស ដែលខ្លួនបានចោទប្រកាន់ថា បានជួយសម្របសម្រួលឲ្យប្រទេសនេះគេចពីទណ្ឌកម្ម ដើម្បីទទួលបានប្រាក់ចំណូល និងបច្ចេកវិទ្យា សម្រាប់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន។កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងត្បូង បានដាក់ជនជាតិកូរ៉េខាងជើងចំនួន ១១នាក់ ក្នុងបញ្ជីខ្មៅ សម្រាប់ការមានចំណែកនៅក្នុងការអភិវឌ្ឍផ្កាយរណប និងមីស៊ីលបាលីស្ទិករបស់ប្រទេសកូរ៉េខាងជើង ដោយហាមឃាត់ពួកគេមិនឲ្យមានប្រតិបត្តិការហិរញ្ញវត្ថុ៕

សម្ដេច ម៉ែន សំអន អញ្ជើញជាអធិបតីមហាមិទ្ទីញអបអរខួបលើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

2023/12/02 09:50:17 pm        324
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុង មីទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២៣) នៅសាលមហោស្រពកោះពេជ្រ នាព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ។ មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ គឺជាទិវារំលឹកថ្ងៃចាប់ផ្តើមដំបូង នៃការរួមសាមគ្គីគ្នារវាងកងកម្លាំងស្នេហាជាតិ ធ្វើការរំដោះ​ប្រទេសជាតិកម្ពុជា​ចេញរួចផុតរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត។រណសិរ្ស ២ ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកចេញពី​មហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាឱ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់រហូតទទួលបានសុខ សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ទន្ទឹមនឹងការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុងដែលទើបនិងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅបានដោយបង្កបង្កើនផលកសិកម្ម។ឆ្លៀងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា នៅក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ​បានបង្ខំប្រជាជនកម្ពុជាឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្មាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេស ពួកឃាតករអាវខ្មៅបានសម្លាប់ប្រជាជនកម្ពុជាដោយគ្មានកំហុស។ សម្តេចកិត្តិសង្គហបណ្ឌតិ បានបន្តទៀតថា ដើម្បីរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅ​ងងឹត​នេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ស្ថិតក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ « រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្ន ហៅថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងដោយកម្លាំង «មហាសាមគ្គី» របស់ប្រជាជនទាំងមូលទាំងក្នុង​និងក្រៅប្រទេសដែលមាន សម្តេចពញ្ញាចក្រី ហេង សំរិន បច្ចុប្បន្នជាប្រធានរដ្ឋសភា សម្តេចធម្មពោធិសាល ជា ស៊ីម អតីតជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និង «វីរជនស្នេហាជាតិ» ជាច្រើននាក់ទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ។ «ព្រឹត្តិការណ៍ទាំងនេះ ក៏ត្រូវបានប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា អង្គមិទ្ទីញនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញ នូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល ក្នុងការស្តារកសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជា ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ ក្នុងឱកាសមហាមិទ្ទីញនេះ ថ្នាក់ដឹកនាំក្រក្រសួង ស្ថាប័ននានា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ព្រមទាំងយុទ្ធជន យុទ្ធនារី ទាំងអស់ដែលបានខិតខំប្រឹងប្រែង​ក្នុងរំដោះប្រទេសជាតិ និងសូមធ្វើការគោរពវិញ្ញាណខន្ធដល់អ្នកតស៊ូដែល​បាន​ពលីជីវិតក្នុងបុព្វហេតុ រំដោះជាតិ ​និងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារចម្រុះទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះរបស់សម្តេច ក្នុងក្រុងតាខ្មៅ

2023/12/02 09:40:04 pm        1013
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្ដេច ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មាននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ នាយករងខុទ្ធកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រធាននិងមានអនុប្រធាន សមាជិកមួយចំនួនទៀត៕

AUKUS នឹងបង្កើនការសាកល្បងយានដ្រូន នៅសមុទ្រ ចំពេលមានពង្រីកកងទ័ពជើងទឹករបស់ចិន

2023/12/02 08:21:25 pm        146
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) ក្នុងការចាប់ផ្តើមគំនិតផ្តួចផ្តើមលើការសាកល្បងរួមគ្នា លើប្រព័ន្ធការពារដែនសមុទ្រ ដែលមិនមានមនុស្សបញ្ជា ចំពេលមានក្តីបារម្ភ ជុំវិញការពង្រីកកងទ័ពជើងទឹករបស់ប្រទេសចិន ដោយគំនិតផ្តួចផ្តើមនេះកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានជួបពិភាក្សាជាមួយសមភាគីអង់គ្លេស និងអូស្ត្រាលី លោក Grant Shapps និងលោក Richard Marles នៅទីក្រុង Mountain View រដ្ឋកាលីហ្វ័រញ៉ា។ប្រទេសទាំង៣ បានបង្កើតកតិកាសញ្ញាសន្តិសុខ ដែលគេស្គាល់ថា AUKUS ក្នុងឆ្នាំ២០២១ ដែលនឹងជួយឲ្យអូស្ត្រាលីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងគាំទ្រដល់កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាការពារជាតិកម្រិតខ្ពស់ ដូចជាប្រព័ន្ធស្វយ័ត បញ្ញាសិប្បនិមិត្ត (AI) ហើយនិងសមត្ថភាពអ៊ីនធឺណិត និងលឿនជាងសំឡេង។ក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក Austin បាននិយាយថា៖ «យើងបានប្រើប្រាស់ប្រយោជន៍ពីវិស័យនវានុវត្តន៍ និងឧស្សាហកម្មផ្នែកការពារជាតិរៀងៗខ្លួន ដើម្បីអភិវឌ្ឍ និងផ្តល់ឲ្យនូវសមត្ថភាពកម្រិតខ្ពស់ ក្នុងគោលបំណងឲ្យអ្នកចម្បាំងរបស់យើងអាចស្តាប់ មើលឃើញ និងធ្វើសកម្មភាពប្រកបដោយការមានប្រៀបយ៉ាងដាច់ខាត។ ម្តងហើយម្តងទៀត AUKUS បង្ហាញថា យើងកាន់តែរឹងមាំជាមួយគ្នា។ ហើយជារៀងរាល់ថ្ងៃ យើងធ្វើដំណើរឆ្ពោះទៅកាន់តែកៀកនឹងចក្ខុវិស័យរួមរបស់យើង ក្នុងការមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ»។ខណៈដែលបដិសេធមិនធ្វើអត្ថាធិប្បាយលើចំណុចជាក់លាក់នោះ មន្ត្រីការពារជាតិជាន់ខ្ពស់របស់អាមេរិក បានប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំត្រីភាគីថា ការពិសោធន៍ និងសមយុទ្ធ មានពាក់ព័ន្ធនឹង «ប្រព័ន្ធមួយចំនួនធំ» ដោយបន្ថែមថា ប្រទេសទាំង៣ នឹងសាកល្បងនៅតំបន់ទាំងលើផ្ទៃ និងក្រោមសមុទ្រ ដែល «នឹងបង្កើតឲ្យមានភាពខុសគ្នាក្នុងការផ្តល់នូវសមត្ថភាពថ្មីដល់ការប្រយុទ្ធ នៅក្នុងសង្គ្រាម»។ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោន ឡុងដ្រ៍ និងកង់បេរ៉ា កំពុងអភិវឌ្ឍប្រព័ន្ធ AI ទូទៅ ដើម្បីបង្កើនសមត្ថភាពធ្វើសង្គ្រាមប្រឆាំងនាវាមុជទឹករបស់ពួកគេ។ ការផ្តោតលើដែនសមុទ្ររបស់ AUKUS នេះ ឆ្លុះបញ្ចាំងពីការបារម្ភកាន់តែខ្លាំងឡើង ដែលថា ប្រទេសចិនកំពុងវ៉ាសហរដ្ឋអាមេរិកលើផ្នែកអំណាចកងទ័ពជើងទឹក៕

នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សម្ពោធបើកពិព័រណ៍រូបថត ក្រោមប្រធានបទ ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង

2023/12/02 07:07:55 pm        411
ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្ពោធបើកពិព័រណ៍រូបថត ក្រោមប្រធានបទ "ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង" នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសារមន្ទីរខ្លែងខ្មែរ។លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានលើកឡើងក្នុងរបាយកាណ៍ថា ពិព័រណ៍​រូបថត​ដែលនឹងបើកសម្ពោធ ថ្ងៃនេះមានគោលបំណងសំខាន់បីគឺ៖ (១). អបអរសាទរខួប៣១ឆ្នាំ នៃការបញ្ចូលតំបន់អង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (២). រំលឹកស្នាដៃរបស់អ្នកជំនាញថតរូបជប៉ុនឈ្មោះ Baku Saito ដែលបានផ្តិតយករូបភាពសំខាន់ៗ នៃរមណីយដ្ឋានអង្គរកាលពីជាង៣០ឆ្នាំមុន និង (៣) បើកឱកាសឱ្យយុវជនបានទស្សនាសិក្សា​ស្វែងយល់​ពីឯកសាររូបថតដ៏សំខាន់ពាក់ព័ន្ធនឹងអង្គរកាលពី ៣ទសវត្សរ៍កន្លង។ ដូច្នេះគ្រប់ផ្ទាំងរូបថតដែលដាក់តាំង បង្ហាញពេលនេះ សុទ្ធសឹងជាឯកសារដ៏មានតម្លៃ និងជាស្នាដៃដ៏វិចិត្រក្នុងវិស័យសិល្បៈថតរូប ផ្តិតយកទិដ្ឋភាព សំខាន់ៗនៃប្រាសាទក្នុងតំបន់អង្គរ សម្រាប់ការសិក្សាស្វែងយល់ទូទៅ ជាពិសេសអំពីស្ថានភាពប្រាសាទបុរាណ ក្រោយសង្គ្រាមធៀប​នឹងលទ្ធផលសព្វថ្ងៃ ក្រោមការខិតខំប្រឹងប្រែងថែទាំ ជួសជុល អភិរក្សរបស់អ្នកជំនាញខ្មែរ និង បរទេស។ នាឱកាសឯកឧត្តម ខឹម ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា "ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង” គឺជាប្រធានបទល្អ ដែលនាំឱ្យយើងទាំងអស់គ្នា ជាពិសេស យុវជន និងក្មួយៗសិស្សានុសិស្ស បានចូលសិក្សាស្វែងយល់អំពីតំបន់អង្គរកាលពីជាង៣០ឆ្នាំមុន ពោលគឺក្នុងរវាង ទសវត្សរ៍ទី៩០។ ពិតណាស់ ក្នុងគ្រានោះកម្ពុជាទើបនឹងទទួលបានសុខ​សន្តិភាព​នៃនយោបាយឈ្នះឈ្នះ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែយ៉ាងណាក្ដី ក្រោយសង្គ្រាមបញ្ចប់ទៅ យើងទាំងអស់គ្នាដឹងហើយថា ប្រាសាទនិងរមណីដ្ឋានបុរាណ ជាច្រើនសុទ្ធតែត្រូវបានបំផ្លិចបំផ្លាញ ជីកកកាយពីសំណាក់ក្រុមឈ្មួយទុច្ចរិត ដែលក្នុងនោះរួមទាំងតំបន់អង្គរផង។ ដូច្នេះ កិច្ចការសំខាន់ ក្នុងការស្រោចស្រង់បេតិកភណ្ឌវប្បធម៌នៅពេលនោះ គឺការរៀបចំឯកសារបញ្ចូលតំបន់ អង្គរទៅ​ក្នុងបញ្ជីអង្គការយូណេស្កូ រហូតទទួលបានជោគជ័យនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ជាការពិត “អង្គរ" មានអត្ថន័យធំធេងណាស់ ហើយ​ក្នុងឱកាសនេះ សូមរំលឹកខ្លះអំពីអត្ថន័យ "អង្គរ" សម្រាប់ជាការស្វែងយល់ទូទៅ។ អត្ថន័យទី១ “អង្គរ” គឺជាសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ ចន្លោះពីសតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៤​នៃគ្រិស្តសករាជ ហើយដែលអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ តែងតែចាប់អារម្មណ៍ បំផុតលើ​វិសាលភាព​ទឹកដីដ៏ធំទូលាយនៃសម័យអង្គរ និងរចនាបថសិល្បៈជាដើម។ អត្ថន័យទី២ “អង្គរ” គឺជា អត្តសញ្ញាណខ្មែរដែលតែងបង្ហាញជាប់លើទង់ជាតិគ្រប់របបនយោបាយតាំងពីដើមរៀងមកដល់បច្ចុប្បន្ន។ អត្ថន័យ ទី៣ “អង្គរ” គឺជារមណីយដ្ឋានបុរាណវិទ្យាដែលមានវិសាលភាពយ៉ាងធំទូលាយ កំណត់ដោយព្រះរាជក្រឹត្យលេខ ០០១ ន.ស. ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៤ បន្ទាប់ពីបានចុះក្នុងបញ្ជីអង្គការយូណេស្កូ ដោយបែងចែកតំបន់ គ្រប់គ្រងជា៥ គឺតំបន់ទី១ ជារមណីយដ្ឋានមានប្រាសាទ, តំបន់ទី២ ជាឧទ្យានបុរាណវត្ថុត្រូវការពារតំបន់, ទី៣ ជាទេសភាពវប្បធម៌ត្រូវការពារ, តំបន់ទី៤ ជាចំណុចមានសារៈសំខាន់ផ្នែកបុរាណវិទ្យា នរវិទ្យា ឬប្រវត្តិវិទ្យា និង តំបន់ទី៥ គឺជាបរិវេណអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌នៃតំបន់សៀមរាបអង្គរ ហើយទាំងអស់ហៅជារួមថា “តំបន់អង្គរ"៕អត្ថបទ រដ្ឋា

អភិបាលរាជធានី ជំរុញសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ

2023/12/02 06:57:04 pm        271
មានប្រសាសន៍ក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា២០២៣-២០២៤ និងចែករង្វាន់ដល់សិស្សពូកែរាជ​ធានីភ្នំពេញ ដែលប្រារព្ធឡើងនៅវិទ្យាល័យ ជាស៊ីម ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត វិស័យអប់រំត្រូវបានលុបចោលទាំងស្រុង ជាមួយនឹងការកាប់​សម្លាប់គ្រូបង្រៀន និងអ្នកចេះដឹងអស់ស្ទើរដល់ឬសគល់។ ក្រោយការរំដោះប្រទេសពីរបបនេះ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានបើកបវសនកាលឡើងវិញ ដោយពេលនោះ កម្ពុជាបានអនុវត្ត គឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ។ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំសិស្សានុសិស្សទាំងអស់ត្រូវព្យាយាមរៀនសូត្រ​កុំដើរលេងកម្សាន្ត ច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែលក្មួយៗ មានឱកាសក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។ ​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងណាស់ ​ដោយរកអស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា​មានភាពរីកចម្រើនរុងរឿង ក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ ​គឺដើម្បីខ្លួនឯងផង ​ដើម្បីគ្រួសារផង និងពិសេសគឺ​ដើម្បីសង្គមជាតិទាំងមូល ដោយពេលនេះក្មួយៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ពោលគឺក្មួយៗអាចរៀនសូត្របានតាមប្រព័ន្ធអ៊ីនធឺណែតថែមទៀតផង។ឯកឧត្តម ឃួង ស្រេង បន្ថែមថា ការទទួលបានមេដាយរបស់ក្មួយៗ គឺជាកិត្តិយសរបស់ក្មួយៗ កិត្តិយសរបស់អាណាព្យាបាលឪពុកម្ដាយរបស់ក្មួយៗ ហើយក៏ជាកិត្តិយសរបស់ជាតិផងដែរ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញតែងតែជួយគាំទ្រ​ ទាំងសម្ភារៈ និងថវិកា ជាមួយនឹងការតម្រង់​ទិសក្មួយៗឲ្យដើរផ្លូវត្រូវ ជៀសវាង ការប្រព្រឹត្តនៅអបាយមុខផ្សេងៗ ។ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមតេឡេក្រាមមួយ ដោយភ្ជាប់គ្នារវាងសាលារៀន​ជាមួយនឹង​អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យនៅតាមសាលារៀន​មាន​សន្តិសុខល្អ មិនមានគ្រឿងញៀន ​និងមិនមានក្រុមបងតូចបងធំ ដើម្បីឲ្យក្មួយៗសិស្សានុសិស្ស​បានសិក្សារៀនសូត្រ ក្លាយជា​ទំពាំង​ស្នងឬស្សីរបស់ជាតិនាពេលអនាគត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អង្គការ AHFកម្ពុជា អំពាវនាវឲ្យប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ ព្រោះអេដស៍មិនទាន់ដល់ទីបញ្ចប់ទេ

2023/12/02 06:43:32 pm        291
ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ បានរំលឹកដល់ពិភពលោកពីការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ គឺមិនទាន់ដល់ទីបញ្ចប់ទេ។ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទរ នៅថ្ងៃទី២ ខែធ្នូនេះ ប្រារព្ធធ្វើឡើងនៅសួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងធ្វើការរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោក ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍។ ទិវានេះ មានការចូលរួមពីឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ (NAA)និង អ្នកតស៊ូមតិ និងអ្នកស្ម័គ្រចិត្តចំនួន៦០០នាក់។ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស បានមានប្រសាសន៍ថា ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ គឺមិនទាន់ដល់ទីបញ្ចប់ទេ យើងអំពាវនាវជាសំឡេងតែមួយ ដោយរួមជាមួយនឹងសហគមន៍ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រឈមមុខខ្ពស់ ឬអ្នករងផលប៉ះពាល់ដោយមេរោគអេដស៍ គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍។ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានថ្លែងថា ការបញ្ចប់ជំងឺអេដស៍តម្រូវឱ្យយើងទាំងអស់គ្នាកសាងភាព​ជា​អ្នកដឹកនាំ​ដ៏រឹងមាំ ដើម្បីជំរុញភាពជាដៃគូដែលមានបរិយាបន្ន និងការវិនិយោគធនធាន និងពេលវេលា​ក្នុងការដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយសារ​មេរោគអេដស៍ និងជំងឺអេដស៍។សូមបញ្ជាក់ថា ខណៈដែលពិភពលោកកំពង់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ ជាសកលកំពុងប្រឈម​នឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ ជាមួយអត្រាគ្រោះ​ថ្នាក់ខ្ពស់ នៃការចម្លងមេរោគអេដស៍ថ្មីចំនួន ១.៣ លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណជា ៦៣ម៉ឺននាក់ក្នុង១ឆ្នាំ ​ហើយការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ មិនត្រូវបានផ្តល់អាទិភាព​ខ្ពស់គ្រប់គ្រាន់ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមាន​ចំណូលទាបនោះទេ ហើយអង្គការ​មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុង​ផ្តល់​សេវាថែទាំ ព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់​ក្នុង៤៥ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM