​សម្តេចតេជោ ហ៊ុន សែន ​៖ ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACUបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច

នយោបាយ​ និង ការអភិវឌ្ឍន៍

កាណាដាដកមន្ត្រីការទូត៤១នាក់ ចេញពីប្រទេសឥណ្ឌា ខណៈជម្លោះកើនឡើង ជុំវិញការសម្លាប់អ្នកផ្តាច់ខ្លួន

2023/10/20 11:28:29 am        153
ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដកមន្ត្រីការទូតចំនួន ៤១នាក់ ចេញពីប្រទេសឥណ្ឌា ជាលទ្ធផលបណ្តាលមកពីជម្លោះដ៏ជូរចត់ជុំវិញការសម្លាប់អ្នកផ្តាច់ខ្លួនសាសនាស៊ីក(Sikh) នៅលើទឹកដីប្រទេសកាណាដា។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយថា ទីក្រុងញូវដេលី មានផែនការដកអភ័យឯកសិទ្ធិការទូតសម្រាប់អ្នកការទូតទាំងអស់ លើកលែងតែអ្នកការទូតចំនួន ២១ នាក់ និងគ្រួសាររបស់ពួកគេនៅថ្ងៃសុក្រនេះ ដោយបង្ខំឱ្យទីក្រុង Ottawa ដកមន្ត្រីការទូតផ្សេងទៀតចេញ។ លោកស្រី Joly បាននិយាយបន្ថែមថា យើងបានសម្របសម្រួលការចាកចេញដោយសុវត្ថិភាពរបស់ពួកគេពីប្រទេសឥណ្ឌា។ នេះមានន័យថា មន្ត្រីការទូតរបស់យើង និងក្រុមគ្រួសាររបស់ពួកគេបានចាកចេញនៅពេលនេះ។ ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងកាណាដា បានធ្លាក់ចុះ ចាប់តាំងពីនាយករដ្ឋមន្ត្រីលោក Justin Trudeau កាលពីខែមុនបានដាក់ការជាប់ទាក់ទងជាសាធារណៈនូវចារកម្មរបស់ឥណ្ឌាចំពោះការសម្លាប់ពលរដ្ឋកាណាដា លោក Hardeep Singh Nijjar ដែលទីក្រុងញូវឌេលី បានបដិសេធ។ លោក Nijjar ជាអ្នកតស៊ូមតិសម្រាប់រដ្ឋកាន់សាសនាស៊ីក(Sikh) ដែលផ្តាច់ខ្លួន ចេញពីប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរប្រទេសឥណ្ឌាតាមចាប់ខ្លួន ដោយចោទប្រកាន់ពីបទភេរវកម្ម និងការសមគំនិតក្នុងអំពើឃាតកម្ម។លោកស្រី Joly បាននិយាយថា ការដកអភ័យឯកសិទ្ធិការទូតរបស់អ្នកការទូតចំនួន៤១ នាក់ មិនត្រឹមតែពុំធ្លាប់មានពីមុនមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយទៅនឹងច្បាប់អន្តរជាតិផងដែរ ហើយប្រទេសកាណាដា ពុំមានផែនការសងសឹកក្នុងករណីបែបនេះទេ ដើម្បីកុំឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត។ លោកស្រី បាននិយាយថា ប្រទេសកាណាដា នឹងបន្តការពារច្បាប់អន្តរជាតិ ដែលអនុវត្តចំពោះប្រទេសទាំងអស់ នឹងបន្តមានទំនាក់ទំនងជាមួយប្រទេសឥណ្ឌា។

រោងចក្រសហគ្រាសចំនួន១៧ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះ៤បានផ្អាកបណ្ដោះអាសន្ន

2023/10/20 11:14:19 am        558
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យតំបន់មួយចំនួន ​ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ បានរងការជន់លិចដោយជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់រោងចក្រ សហគ្រាសចំនួន ១៧ បណ្តាលប៉ះពាល់កម្មករនិយជិតចំនួន ៧ ៧២០នាក់។យោងតាមរបាយការណ៍រោងចក្រ សហគ្រាសដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​នៅ​តាមរាជធានី-ខេត្ត បានបង្ហាញឲ្យដឹងថា ​ជំនន់ទឹកភ្លៀង​បានបណ្តាលឲ្យរោងចក្រសហគ្រាស​ចំនួន១៧ រងការជន់លិច ក្នុងនរួមមាននៅរាជធានីភ្នំពេញ ​ប៉ះពាល់កម្មករចំនួន ​២ ២១២នាក់, ខេត្តកំពង់ស្ពឺ ប៉ះពាល់កម្មករចំនួន ៤ ៧៤៧នាក់, និងខេត្តតាកែវ ប៉ះពាល់កម្មករចំនួន ៧៦១នាក់។ឯកឧត្តម កត្តា អ៊ន ​រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន​ប្រសាសន៍ប្រាប់ទូរទស្សន៍ប៊ីធីវីថា ក្នុងចំណោមរោងចក្រដែលរងផលប៉ះពាល់ទាំង ១៧ ខាងលើក្នុងនោះចំនួន ១៣ ជំនន់ទឹកភ្លៀងបានលិចផ្លូវបរិវេណជុំវិញរោងចក្រ ប៉ុន្តែមិន​ប៉ះពាល់ដល់អគារផលិតផ្សេងៗនោះទេដោយរោងចក្រទាំងនោះបើកដំណើរការជាធម្មតា។ ឯកឧត្តម បានបន្តថា ​ចំពោះរោងចក្រចំនួន ៤ផ្សេងទៀត គឺជំនន់ទឹកភ្លៀងបានហូរចូលទៅដល់​អគារផលិត ​ដែលធ្វើឲ្យម្ចាស់រោងចក្រ​ ធ្វើការផ្អាកដំណើរការការងារសិន ហើយប្រសិនបើប៉ុន្មាន​ថ្ងៃទៀតនេះ ភ្លៀងមិនបន្តទេ រោងចក្រទាំង៤នេះ​ នឹងត្រឡប់ចូលធ្វើការធម្មតាវិញ រវាងថ្ងៃទី២០ និង២៣ ខែតុលានេះ។ពាក់ព័ន្ធករណីខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ​បានបញ្ជាក់បន្ថែមថា ទាំងនិយោជក និងកម្មករនិយោជិតទាំងអស់ ក្នុងករណីមានការចាំបាច់​ ឬករណីមានអាសន្ន ត្រូវមានការទាក់ទង​តាមប្រព័ន្ធ Hotline លេខ ១២៩៧ ឬតាមរយៈតេឡេក្រាមសម្រាប់និយោជក និងតាមរយៈកម្មករ​និយោជិត ដើម្បីឲ្យអាជ្ញាពាក់ព័ន្ធ ​ក៏ដូចជាក្រសួង ​មានអន្តរាគមន៍ទាន់ពេលវេលា ដើម្បីធានា​សុវត្ថិភាព​ជូនកម្មករនិយោជិត ​និងនិយោជក ​ក្នុងអំឡុងពេលមានទឹកជំនន់ភ្លៀងនេះ៕អត្ថបទ៖​ឈិត បូរ៉ាវី 

រដ្ឋបាលខេត្តព្រះវិហារ បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣

2023/10/20 10:57:35 am        170
ព្រះវិហារ៖ នាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ប្រព្រឹត្តិទៅក្នុងបរិវេណវត្តប្រាសាទប្រលាន (ហៅវត្តក្រាំងដូង) ស្ថិត នៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុ វណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំ វិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានលើកឡើងថា វេទិការនាពេលនេះធ្វើឡើង​ក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញមតិ​របស់ខ្លួន ​ដែលពាក់ព័ន្ធនឹងក្ដីកង្វល់សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យ​អាជ្ញាធរមានសម្ថតកិច្ចដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើងចំ​គោលដៅទាន់ពេលវេលា​ ក្នុងការកែលំអរក្នុងសហគមន៍ របស់​ ពួកគាត់ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ ​លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍន៍តាមបែប​ប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ។ ឯកឧត្តម បានបន្ថែមថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ​ គឺពិភាក្សាទៅលើ ប្រធានបទមួយចំនួនដូចជា៖ សន្តិសុខសណ្តាប់ធ្នាប់សង្គម ​គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ការ​ប្រើប្រាស់ដីធ្លី ព្រៃឈើ កសិកម្ម និងជលផល ការងារអប់រំ យុវជន និងកីឡា និងបណ្តុះបណ្តាល​វិជ្ជាជីវៈ សុខភាពអនាម័យ សុខភាពមាតា និង ទារក កិច្ចគាំពាសង្គម ការទប់ស្កាត់ជំងឺឆ្លងកាច​សាហាវ និងបញ្ហាផ្សេងៗ។ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានជម្រាបជូនអំពីរបាយការណ៍សង្ខេប ស្តីពី​សមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តព្រះវិហារសម្រេចបាននាពេលកន្លងមក ដែលមានដូចជា៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សា ធារណៈ និងវិស័យជាអាទិភាពនានា ។ បន្ថែមពីនេះ ឯកឧត្តម បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ នេះ គ្រប់លទ្ធផលសកម្មភាពទាំងអស់ មានការវិវត្តន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដោយមានការចូលរួមពីគ្រប់ មជ្ឈដ្ឋានពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ។ចូលរួមមតិក្នុងអង្គវេទិការផ្សព្វផ្សាយនាពេលនោះ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ បានលើកឡើងអំពី បញ្ហាមួយចំនួនដូចជា៖ បញ្ហាបណ្តាញអគ្គីសនី ស្ពាន ផ្លូវថ្នល់ ​ដែលរងការខូចខាត ដោយសារ​ជំនន់ទឹកភ្លៀង ការប្រើប្រាស់ដីធ្លី ព្រៃឈើ ​ការផ្តល់ សេវាសុខភាព ​អនាម័យនៅក្នុងមូលដ្ឋានជាដើម ។បញ្ហាទាំងអស់ ដែលបងប្អូនប្រជាពលរដ្ឋ ​បានលើកឡើង ត្រូវបានស្រាយបំភ្លឺ និងសម្រប​សម្រួល​ពីមន្ត្រី ជំនាញពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង បង្កើន​ប្រសិទ្ធភាព តម្លាភាព ​និងគណនេយ្យភាពជាមួយប្រជាពលរដ្ឋ ។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ ពុំមានការផ្គត់ផ្គង់មីស៊ីល Taurus ដល់ប្រទេសអ៊ុយក្រែន នៅពេលនេះទេ

2023/10/20 10:42:44 am        147
លោក Martin Jäger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅអ៊ុយក្រែន បាននិយាយថា រដ្ឋាភិបាលនៅទីក្រុងប៊ែរឡាំង នឹងមិនផ្គត់ផ្គង់ទីក្រុងគីវនូវមីស៊ីលTaurus រយៈចម្ងាយឆ្ងាយ នាពេលនេះទេ។លោក Jäger បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននឹងមិនមានការបញ្ជូនមីស៊ីលTaurus ទៅអ៊ុយក្រែនទេ។ តាមគំនិតខ្ញុំ រដ្ឋាភិបាលសហព័ន្ធ និងអធិការបតីអាល្លឺម៉ង់ បានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះ។ យើងក៏បានជូនដំណឹងដល់រដ្ឋាភិបាលអ៊ុយក្រែនអំពីការសម្រេចចិត្តនេះ និងលម្អិតផងដែរ ហើយសម្រាប់ពេលនេះ នេះជាអ្វីដែលខ្ញុំអាចនិយាយជាសាធារណៈអំពីឱកាសនេះ។នៅពេលជាមួយគ្នានេះ លោកបានបន្ថែមថា ក៏ដូចជាការសម្រេចចិត្តនាពេលថ្មីៗនេះលើមីស៊ីល Taurus ក៏មានព័ត៌មានអំពីការរៀបចំកញ្ចប់ជំនួយរបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែនក្នុងចំនួនទឹកប្រាក់មួយពាន់លានអឺរ៉ូផងដែរ។ឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយថា៖ «វាក៏នឹងរួមបញ្ចូលផងដែរនូវសមាសធាតុសំខាន់ៗ ដែលនឹងជួយពង្រឹងការការពារប្រឆាំងយន្តហោះរបស់អ្នក។ ដូច្នេះ ប្រទេសអាឡឺម៉ង់ ប្រហែលជាអាច ប្រសិនបើអ្នកមិនចាត់ទុកសហរដ្ឋអាមេរិកជាប្រទេសឈានមុខគេ ដែលវិនិយោគលើវិស័យការពារដែនអាកាសរបស់អ្នកនោះ»។

សហរដ្ឋអាមេរិក និយាយថា ចិនបានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងខ្លាំងសម្បើម

2023/10/20 10:39:13 am        135
សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសចិនបានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងសម្បើមកាលពីឆ្នាំមុន ហើយឥឡូវនេះមានក្បាលគ្រាប់ប្រតិបត្តិការប្រហែល៥០០ គ្រាប់ក្នុងដៃ។ របាយការណ៍ប្រចាំឆ្នាំដែលចេញផ្សាយដោយមន្ទីរបញ្ចកោន ក៏បាននិយាយផងដែរថាទីក្រុងប៉េកាំងសង្ឃឹមថានឹងបង្កើនឃ្លាំងអាវុធរបស់ខ្លួនទ្វេដងដល់ជាង ១.០០០ ក្បាលគ្រាប់នៅឆ្នាំ ២០៣០។ប៉ុន្តែបានបញ្ជាក់ថា ចិននៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយ មិនវាយប្រហារគេមុន ។ ខណៈការណ៍បាននិយាយថា កំណើនលើសពីការព្យាករណ៍ ឃ្លាំងអាវុធរបស់ចិននៅតែស្ថិតក្នុងកម្រិតទាបជាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក។យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខំ(Stockholm)ប្រទេសរុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥. ៨៨៩ គ្រាប់ ចំណែកសហរដ្ឋអាមេរិកវិញ មានប្រហែល ៥.២៤៤ក្បាល។កាលពីឆ្នាំ២០២១ ក្រសួងការពារជាតិ អាមេរិក បានប៉ាន់ប្រមាណថាប្រទេសចិនមានក្បាលគ្រាប់ប្រហែល ៤០០ គ្រាប់ ប៉ុណ្ណោះ។មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា យើងមិនព្យាយាមស្នើឱ្យមានការចាកចេញដ៏ធំបំផុតពីកន្លែងដែលប្រទេសចិនសម្លឹងឆ្ពោះទៅមុខនោះទេ ប៉ុន្តែយើងកំពុងបញ្ជាក់ថា ពួកគេកំពុងដំណើរការអភិវឌ្ឍន៍កាន់តែខ្លាំងខ្លាជាងមុន ដោយបានបន្ថែមថាបញ្ហានេះ បង្កការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់សហរដ្ឋអាមេរិក។ លោកប្រធានាធិបតី Xi Jinping បានប្រកាសថា ប្រទេសចិននឹងធ្វើជា បង្កើនសមត្ថភាពយោធាឲ្យដល់លំដាប់ពិភពលោក នៅឆ្នាំ២០៤៩ ។ ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ២០១២ លោកបានព្យាយាមធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ៕

វ៉េណេហ្ស៊ុយអេឡា ចាប់ផ្តើមដោះលែងអ្នកទោសនយោបាយ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងបោះឆ្នោត

2023/10/20 10:30:40 am        162
អ្នកចរចាជាន់ខ្ពស់បក្សប្រឆាំង លោក Gerardo Blyde បាននិយាយថា បុរសខ្លាំងរបស់វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានដោះលែងអ្នកទោសនយោបាយ៥នាក់ កាលពីយប់ថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងដកទណ្ឌកម្មមួយផ្នែកលើរបបសង្គមនិយមរបស់ប្រទេសនេះ។សំណើដែលមិនបានបញ្ជាក់ បានបង្ហាញថា គូប្រជែងទី៦ម្នាក់ទៀត ក៏ត្រូវបានដោះលែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយការដោះលែងថ្មី អាចកើតឡើង ក្នុងអំឡុងពេលថ្ងៃនោះដែរ។ក្នុងចំណោមអ្នកទោស ដែលត្រូវបានដោះលែងពីពន្ធនាគារវ៉េណេហ្ស៊ុយអេឡា កាលពីយប់ថ្ងៃពុធ មានសមាជិកសភាប្រឆាំងលោក Juan Requesens ( វ៉ាន់ រេក្វេសិន) ដែលឥឡូវនេះ នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ និងអ្នកសារព័ត៌មាន លោក Roland Carreño ( រ៉ូណាល់ ការេញ៉ូ) ដែលជាអ្នកសហការជិតស្និទ្ធរបស់អតីតមេដឹកនាំបក្សប្រឆាំង លោក Juan Guaido( វ៉ាន ក្វាយដូ) ។លោក Marco Garcés ដែលត្រូវបានឃុំខ្លួនរួមជាមួយអតីតទាហានម៉ារីនអាមេរិក លោក Matthew Heath លោក Eurinel Rincón អតីតលេខាក្រសួងការពារជាតិ ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និង លោក Mariana Barreto ជាប់ពន្ធនាគារពីបទតវ៉ាភាពមិនប្រក្រតីក្នុងការផ្គត់ផ្គង់ប្រេងសាំងនៅរដ្ឋTrujillo ក៏ត្រូវបានដោះលែងដែរ។

នាយករដ្ឋមន្ត្រីស្តីទី អំពាវនាវកុំឲ្យមានការរើសអើង និងមាក់ងាយលើជនមានពិការភាព

2023/10/20 10:14:39 am        142
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីស្តីទីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំឱ្យធ្វើការផ្សព្វផ្សាយ​ស្តីពីការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមាន​ពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន ​និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទ​សកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរង​គ្រោះថ្នាក់​ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នៅ​សណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីស្តីទី ​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានអំពាវនាវឱ្យមានការចូលរួម​អនុវត្តផែនការ​យុទ្ធសាស្រ្តជាតិស្តីពីពិការ ភាព ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ស្តង់ដារជាតិសកម្មភាពមីនស្តីពីកិច្ចសង្គ្រោះជនរង​គ្រោះថ្នាក់​ដោយសារមីន គោល នយោបាយជាតិនិងអន្តរជាតិ ​ដើម្បីជាឧត្តមប្រយោជន៍ សុខមាលភាព​ដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ ​និងគ្រប់កម្រិត ​ហើយចូលរួមលើកទឹកចិត្ត និងជ្រើសរើស​ជនមានពិការភាពឱ្យបានចូលរួមបំពេញការងារទាំងក្នុង ស្ថាប័នរដ្ឋ និងវិស័យឯកជនបន្ថែមទៀត ។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទ​នៃការ​ជ្រើសរើស​​ជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង ១% សម្រាប់វិស័យ​ឯកជន .ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣ .៧៤៨នាក់ (ស្រី ២៣%) បំរើការងារក្នុង ៣៧ ក្រសួង ស្ថាប័ន និងបុគ្គលិកតាមស្ថាប័នឯកជនដែល​មានពិការភាពមានចំនួន ៥ .៨៣៩នាក់ (ស្រី ៦៦%) បម្រើការងារក្នុង ២៩១គ្រឹះស្ថានឯកជន។ លើសពីនេះទៅទៀត ​សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និងសកម្ម ភាពនានាដែលបង្ហាញថាគ្មានការរើសអើង​ចំពោះជន​ដែលមានពិការភាព ​នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជា និងប្រជាជាតិទូទាំងសកលលោកមិនអាចបំភ្លេចបាននោះ គឺព្រឹត្តិការណ៍កីឡាជនពិការ​អាស៊ី​អាគ្នេយ៍លើកទី១២ ដែលហៅកាត់ថា ​អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាបានធ្វើជាម្ចាស់​ផ្ទះកាលពីថ្មីៗកន្លងមកនេះ។ហេតុដូច្នេះ​ ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី ​បានអំពាវនាវឱ្យគ្រប់​ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តិជាតិនិងអន្តរជាតិ​ពាក់ព័ន្ធ​នឹងជនមានពិការភាព ​រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន ​និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅ​អនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ថ្លែងក្នុង ឱកាសបិទសន្និសីទ នោះដែរ ​ឯកឧត្តមទេសរដ្ឋមន្ត្រី បណ្ឌិត លី ធុជ អនុប្រធាន ទី ១ នៃអាជ្ញាធរមីន បានបញ្ជាក់ផងដែរថា សន្និសីទក្នុងរយះពេល៣ ​ថ្ងៃនេះគឺបានពិភាក្សា គ្នាយ៉ាង ទូលំទូលាយ​ អំពី ជំនួយ ជនរងគ្រោះ ដូចជា សុខភាព ផ្លូវចិត្ត និង ការគាំទ្រ ផ្លូវចិត្ត ចំពោះ ការថែទាំ សុខភាព ​ការ​ដាក់បញ្ចូល សេដ្ឋកិច្ចសង្គម និង សារៈសំខាន់ នៃការប្រមូលទិន្នន័យ ។បន្ថែមពីនេះឯកឧត្តម​ លី ធុជ បន្តជម្រុញរក្សាឱ្យបាននូវសន្ទុះឆ្ពោះទៅមុខ ដែលយើងបាន​បង្កើតឡើង​​នៅក្នុងសន្និសីទនេះ ​ហើយយើងទាំងអស់គ្នាត្រូវប្រែក្លាយគំនិតចំណេះដឹង និង​បទពិសោធន៍ ដែលទទួលបានក្នុងសន្និសីទនេះ​ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីផ្លាស់ប្តូរ​ជីវិត​របស់ជនរងគ្រោះដោយសារគ្រាប់មីន​ និងធ្វើឱ្យការរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ ឯកឧត្តម លី ធុជ បន្តថា នៅពេលដែលយើងរួបរួមគ្នានោះយើង ​នឹងអាចកសាងពិភពលោកមួយ ដែល​ជនរងគ្រោះទាំងអស់ ​អាចទទួលបានការថែទាំ​ ការគាំទ្រ ​និង​ឱកាស​ដែលជនរង​គ្រោះពិការភាព​គួរទទួលបាន៕អត្ថបទ៖ ភារម្យ

ស្ពានបេតុងខ្សែកាប កោះពេជ្រ - កោះនរា ដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នចាប់ពីពេលនេះតទៅហើយ

2023/10/20 09:29:47 am        620
ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍កោះនរា ត្រូវ​បានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នជាលើកទី២ ចាប់ពីវេលាម៉ោង៦ព្រឹកថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០២៣នេះតទៅហើយ ដោយក្រុម​បច្ចេកទេស​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​តែមួ​យ​ចំហៀង​ប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរទ្វេទិស ពោលគឺទាំងទៅ និងមក។មន្ត្រីបច្ចេកទេសបានឱ្យដឹងថា ការសម្រេចបើកឱ្យប្រើប្រាស់ជាលើកទី២នេះ គឺ​បើក​ចរាចរណ៍​រហូត​ត​ទៅ​ហើយ ហើយអំឡុងថ្ងៃទី២៣ ឬ២៤ ខែតុលាខាងមុខនេះ ស្ពាននឹង​ត្រូវ​បើក​ចរាចរណ៍​ទាំង​ស្រុង ​មានន័យថា គឺបើកទាំង២គន្លងតែម្ដង។ការបើកចរាចរណ៍លើកទី២នេះ គ្រាន់តែមួយព្រឹកប៉ុណ្ណោះមានរថយន្ត និង​ម៉ូតូ​រាប់​ពាន់​គ្រឿង​បាន​ឆ្លង​កាត់​។ នេះបើតាម​សន្តិសុខ​គោលដៅ​ស្ពាន​បា​ន​បញ្ជាក់​ខណៈ​ដែល​លោក​កំពុង​កត់​ត្រា​ចំនួន​យាន​យន្ត​ឆ្លង​កាត់។សូមជម្រាបជូនថា ស្ពានកោះពេជ្រ កោះនរា បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ឆ្លើយ​តប​នឹង​ស្ថាន​ភាព​មមា​ញឹក នៃលំហូរចរាចរណ៍បច្ចុប្បន្ន និងជាការ​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ​លើ​ផ្លូវ​ជាតិ​លេខ​១ ខណះក៏ដូចជាតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស និងលើ​មហា​វិថី​ព្រះ​នរោត្តម​ខាង​មុខក្រសួងមហាផ្ទៃផងដែរ។ ស្ពាននេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែ​តុលា និងចំណាយថវិកាសម្រាប់ការសាងសង់ប្រមាណ ៣៨លានដុល្លារ៕ អត្ថបទ ៖ វ៉ាន់ដា 

ក្រសួងកសិកម្ម អំពាវនាវពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ករណីឃើញសាច់សត្វបង្កកលក់ខុសច្បាប់

2023/10/19 03:10:46 pm        266
ភ្នំពេញ៖ ក្រោយឃើញបណ្តាញព័ត៌មានសង្គម អ្នកចិញ្ចឹកជ្រូកកម្ពុជា បង្ហោះសារពាក់ព័ន្ធ​ករណី​នាំចូលសាច់បង្កក ជាពិសេសសាច់ជ្រូកបង្កកខុសច្បាប់​មកពីក្រៅប្រទេស នៅពេលនេះ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​អំពាវនាវឲ្យពលរដ្ឋ​ និងអ្នកពាក់ព័ន្ធនានា សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ​និងក្រុមសមត្ថកិច្ច ឲ្យចុះបង្រ្កាប ករណី​ឃើញការនាំចូល ចែកចាយលក់សាច់សត្វបង្កកខុសច្បាប់ ​នៅតាមទីផ្សារកម្ពុជា។លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានថ្លែងប្រាប់BTV នៅថ្ងៃទី១៩ខែតុលានេះថា ជាក់ស្តែងកម្ពុជា​យើងគឺបានប្រកាសមិនឲ្យនាំចូលសាច់​ជ្រូកបង្កក​និងសាច់សត្វបង្កកនានាទៀតតាំងពីយូរមកហើយ ​យកមកលក់តាមទីផ្សារនោះទេ ហើយបើពលរដ្ឋ និងភាគីពាក់ព័ន្ធណាបានឃើញ​មានការនាំចូលចែកចាយលក់សាច់ជ្រូកបង្កក សាច់សត្វបង្កក​ខុសច្បាប់ គឺសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ​និងក្រុមសមត្ថកិច្ចដែល​នៅជិតខ្លួន ដើម្បី​ឲ្យចុះបង្ក្រាបឲ្យបានទាន់ពេលវេលា។បើតាមឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយក អគ្គនាយកដ្ឋានសុខភាពសត្វ ​និងផលិតកម្ម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ បានបញ្ជាក់បន្ថែមថា ​ជាក់ស្តែងការងារបច្ចុប្បន្ន ​មន្ត្រីអនុវត្តច្បាប់ របស់ក្រសួងកសិកម្ម ​តែងតែធ្វើកិច្ចសហការជាមួយមន្ត្រីការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង និងបង្ក្រាប​ការក្លែងបន្លំ ហៅកាត់ថា កបប និងមន្ត្រីអនុវត្តច្បាប់មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់ បង្ក្រាប ការនាំចូល និងការចែកចាយលក់សាច់ជ្រូកបង្កក និងសាច់សត្វបង្កក​ខុសច្បាប់នានាទៀត នៅតាមទីផ្សាររៀងរាល់ថ្ងៃ ​ខណៈការងារនេះ ក្រសួងកសិកម្ម តែម្នាក់ឯង មិនអាចទប់ស្កាត់អស់នោះទេ។ឯកឧត្តម បានឲ្យដឹងដែរថា ​បច្ចុប្បន្នកម្ពុជា មានតម្រូវការនាំចូលសាច់ជ្រូក សាច់សត្វស្រស់ពី​ក្រៅប្រទេសមានចំនួនតិចតួចបំផុត ​ដើម្បីបង្គ្រប់ទីផ្សារក្នុងស្រុក ​ខណៈសាច់សត្វក្នុងស្រុក គឺយើង​មានលទ្ធផលផលិតផ្គត់ផ្គង់​បានគ្រប់គ្រាន់ ហើយសម្រា​ប់សាច់ជ្រូកវិញគឺមិន​មានការនាំចូលតាំង​ពីចុងឆ្នាំ២០២១មកម្លេះ។បើតាមមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត របស់ក្រសួងកសិកម្ម បានថ្លែងថា ការចុះបង្ក្រាបសាច់ជ្រូក​បង្កក​ខុសច្បាប់គឺចុះធ្វើរៀងរាល់ថ្ងៃ ​តែទោះយ៉ាងណា ក៏ស្នើសុំមន្ត្រីប្រចាំការនៅតាច្រកទ្វារព្រំដែន​អន្តរជាតិ​នានា ​សូមពង្រឹងការទប់ស្កាត់​ បង្ក្រាបកុំឲ្យមានការនាំចូល ហើយក៏ត្រូវពិនិត្យគុណភាព​សាច់បង្កកនោះឲ្យបានត្រឹមត្រូវ បើទោះសាច់បង្កក​នោះ​មាន​ការផ្តល់​ច្បាប់​អនុញ្ញាតនាំចូលតាម​សំណើរសុំរបស់ក្រុមហ៊ុនឯកជនក៏ដោយ៕ អត្ថបទ ស៊ុមសុខជា 

ទួរគីកំពុងពិភាក្សាជាមួយក្រុមហាម៉ាស លើបញ្ហាចំណាប់ថ្នូរ ប៉ុន្តែនៅពេលនេះ ពុំមានអ្វីច្បាស់លាស់ទេ

2023/10/19 02:49:30 pm        120
រដ្ឋមន្ត្រីការបរទេសទួរគី លោក ហាខាន ហ្វីដាន (Hakan Fidan) និយាយកាលពីថ្ងៃពុធ (១៨ តុលា) ថា ប្រទេសទួរគី កំពុងពិភាក្សាជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរ ដែលក្រុមនេះចាប់បានក្នុងប្រទេសអ៊ីស្រាអែល ហើយបានយកទៅកាន់តំបន់ហ្កាហ្សា ប៉ុន្តែមិនមានអ្វីច្បាស់លាស់នោះទេសម្រាប់ពេលនេះ។លោកហ្វីដាន បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងអង់ការ៉ា កំពុងពិភាក្សាអំពីការដោះលែងជនបរទេស ជនស៊ីវិល និងកុមារ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ហើយបានបន្ថែមថា «បណ្ដាប្រទេសជាច្រើន» បានស្នើសុំជំនួយពីប្រទេសទួរគី ក្នុងការសម្របសម្រួលការដោះលែងពលរដ្ឋរបស់ពួកគេ។ប្រទេសទួរគី បានគាំទ្រប៉ាឡេស្ទីនកាលពីអតីតកាល ខណៈគាំទ្រសសេចក្ដីសម្រេចរដ្ឋពីរ ចំពោះជម្លោះដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយរវាងប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល ហើយទីក្រុងអង់ការ៉ា ក៏បាននិងកំពុងធ្វើការដើម្បីកែសម្រួលទំនាក់ទំនងដ៏តានតឹងជាយូរមកហើយជាមួយនឹងអ៊ីស្រាអែលផងដែរ។ ដោយខុសពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទួរគីមិនបានចាត់ទុកក្រុមហាម៉ាស ជាក្រុមភេរវករនោះទេ ព្រមទាំងធ្វើជាម្ចាស់ផ្ទះទទួលសមាជិករបស់ក្រុមសកម្មប្រយុទ្ធមួយនេះទៀតផង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM
លោក Trump បញ្ជាក់ថា មិនបានពិភាក្សាអំពីពន្ធគយ អំឡុងជំនួបកំពូលជាមួយលោក Xi ទេ
05/16/2026 03:05 PM
ឯកអគ្គរដ្ឋទូតចិនប្រចាំ​​ UN រិះគន់សំណើ​​សេចក្តីសម្រេចរបស់អាមេរិក ស្តីពីច្រកសមុទ្រ Hormuz
05/16/2026 03:05 PM
កោះតៃវ៉ាន់ជំរុញករណីអាវុធរបស់អាមេរិក ក្រោយលោក Trump ប្រាប់ថា មិនទាន់សម្រេចចិត្តពីការលក់ថ្មី
05/16/2026 03:05 PM