ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ បើកទូលាយសម្រាប់បក្សនយោបាយស្របច្បាប់ផ្សេងទៀតមកចងសម្ព័ន្ធ

2023/10/25 07:20:51 pm        189
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូលរួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា ​មានប្រសាសន៍​ក្នុងឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង​ គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន ២៧ ផ្សេងទៀត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣នេះ នៅវិមាន៧មករា​ ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញថា ​ការចងសម្ព័ន្ធគ្នាជាមួយបណ្ដាគណបក្សនយោបយានាពលេនេះ គឺដើម្បី ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស និងការពារសន្តិភាព ស្ថិរភាពនយោបាយ​ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកប​ដោយភាព​សុខដុមរមនាក្នុងសង្គមផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ​ការចងសម្ព័ន្ធគ្នាជាមួយបណ្ដាគណបក្សនយោបាយ​នៅកម្ពុជា គឺ​គណបក្សជាសម្ព័ន្ធទាំងអស់នៅតែមានសិទ្ធិដាក់​ចេញនូវទិសដៅ​នយោបាយ​ដែលស្របជាមួយគោលការណ៍ទាំងឡាយ​ដែលបានឯកភាពគ្នាដដែល៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ និងបក្សសម្ព័ន្ធប្រកាសកម្ចាត់ចោលក្រុមចលនាបដិវត្តពណ៌ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល

2023/10/25 07:17:19 pm        250
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសរួមគ្នាជាមួយបណ្តាបក្សនយោបាយសម្ព័ន្ធទាំង ២៧ ទៀត ដែលបានធ្វើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា រួមគ្នាការពារនូវរបបរាជានិយមឱ្យបានដាច់ខាត ខណៈកន្លងមកតែងតែមានក្រុមជ្រុលនិយម បដិវត្តពណ៌ទាមទារឱ្យព្រះមហាក្សត្រចុះចេញពីព្រះរាជបល្ល័ង្គ។ក្នុងពិធីធ្វើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជា និងបណ្តាបក្ស​នយោបាយ២៧ផ្សេងទៀត​នៅវិមាន៧មករា ទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៥តុលានេះ​ សម្តេច បានបញ្ជាក់ថា ទន្ទឹមនឹងការនិយាយពីរបបប្រជាធិបតេយ្យ សរីពហុបក្ស ​ក៏ត្រូវនិយាយាពីការរួមគ្នាការពារនូវរបបរាជានិយមឱ្យខាងតែបានផងដែរ។សូមជម្រាបថា ​កិច្ចព្រមព្រៀងដែលបណ្តាបក្សនយោបាយទាំង ២៨ ​បានស្ម័គ្រចិត្ត ធ្វើកិច្ចសហប្រតិបត្តិការនិងចងសម្ព័ន្ធភាព ​នៅថ្ងៃនេះមានចំនួន ៨ ចំណុចរួមមានការពង្រឹង​នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វាយភាព របស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន៕ អត្ថបទ៖ មុត សុទ្ធ

គណបក្សប្រជាជនកម្ពុជា ចងសម្ព័ន្ធជាមួយបក្សនយោបាយចំនួន២៧

2023/10/25 07:06:50 pm        298
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន ២៧ ផ្សេងទៀត ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ក្នុងឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ផ្សេងទៀតសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយដោយបណ្ដាគណបក្សនយោបាយនៅកម្ពុជា បានចងសម្ព័ន្ធភាពជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ​ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបប​រាជានិយម​អាស្រ័យ ​ដោយរដ្ឋធម្មនុញ្ញ ​លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានា​សិទ្ធិមនុស្ស ​ការគោរពច្បាប់ ​និងយុត្តិធម៌សង្គម ​ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាង​ប្រទេសកម្ពុជា​មួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត​ និងវឌ្ឍនភាពសង្គម ​ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការចងសម្ព័ន្ធគ្នាជាមួយ​បណ្ដាគណបក្សនយោបាយនៅកម្ពុជា​នាពេលនេះ ​បណ្ដាគណបក្ស​នយោបាយនានា​នឹងក្លាយ​ជា​ដៃគូ​សហការល្អជាមួយគណបក្សប្រជាជនកម្ពុជា ​និងរួមគ្នាធ្វើឱ្យដំណើរការល្អក្នុងការ អនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីមហាអំណាចនៅអ៊ីស្រាអែល បញ្ជាក់ពីសុវត្ថិភាពនៅទីនោះ

2023/10/25 07:01:25 pm        171
កំពង់ចាម៖ មានប្រសាសន៍ក្នុងអំឡុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១០០ ០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសជាច្រើន ដែលមានពលរដ្ឋ និងនិស្សិត ដែលកំពុងស្ថិតនៅប្រទេសអ៊ីស្រាអែល មិនបានដឹកជញ្ជូនពលរដ្ឋ និងនិស្សិតរបស់ខ្លួន ចេញពីប្រទេសអ៊ីស្រាអែលនោះឡើយ ដោយសារស្ថានភាពនៅទីនោះ បានវិលទៅរកភាពប្រក្រតីជាធម្មតាឡើងវិញហើយ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី នាយករដ្ឋមន្ត្រី រួមទាំងរដ្ឋមន្ត្រីការបរទេស នៃប្រទេសមហាអំណាចទៅកាន់ប្រទេសអ៊ីស្រាអែល បញ្ជាក់ពីសុវត្ថិភាពនៅទីនោះ។កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កងកម្លាំងហាម៉ាស់របស់ប៉ាឡេស្ទីន បានវាយសម្រុកចូល​លើ​តំបន់ Gaza ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ដោយបានបណ្ដាលឱ្យមានពលរដ្ឋអ៊ីស្រាអែល​ប្រមាណ ១០០ ០ នាក់បានបង់ជីវិត ​និងជាច្រើនពាន់នាក់បានរងរបួស។ ក្រៅពីពលរដ្ឋអ៊ីស្រាអែល ក៏មានពលរដ្ឋ និងនិស្សិតរបស់បណ្ដាប្រទេសមួយចំនួនបានរងគ្រោះថ្នាក់ ​និងស្លាប់ផងដែរ ក្នុងនោះក៏មាននិស្សិតកម្ពុជា មួយរូបដែរ។ក្រោយការវាយសម្រុករបស់កងកម្លាំងហាម៉ាស់រួចមក កងកម្លាំងអ៊ីស្រាអែលក៏បានវាយបកទៅក្រុម ហាម៉ាស់ ដែលស្ថិតនៅក្នុងតំបន់ Gaza ដែលគ្រប់គ្រងដោយប៉ាឡេស្ទីនវិញ។ សង្គ្រាមនៅទីនោះ កំពុងតែបន្តនៅឡើយមកទល់នឹងថ្ងៃទី២៥ ខែតុលានេះ៕ដោយ៖ គង់ ឌិន 

មេដឹកនាំពិភពលោកមួយចំនួនស្វែងមធ្យោបាយបង្អាក់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីផ្ដល់ជំនួយដល់ពលរដ្ឋហ្កាហ្សា

2023/10/25 06:26:37 pm        212
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា បានជំរុញឱ្យផ្អាកការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីអាចឲ្យជំនួយមនុស្សធម៌ចូលទៅដល់ដៃជនស៊ីវិលប៉ាឡេស្ទីនត្រូវបានឡោមព័ទ្ធ ហើយកាលពីល្ងាចថ្ងៃអង្គារ រថយន្តដឹកជំនួយ៨គ្រឿង មានទឹក អាហារ និងថ្នាំពេទ្យ បានចូលមកពីប្រទេសអេហ្ស៊ីប។ ជិតបីសប្តាហ៍បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសបានធ្វើឱ្យអ៊ីស្រាអែលភ្ញាក់ផ្អើល ចំពោះការវាយប្រហារលើទីក្រុងជាច្រើននៅភាគខាងត្បូងក្នុងប្រទេសអ៊ីស្រាអែល បានសម្លាប់ជនស៊ីវិល១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល មេដឹកនាំពិភពលោកមួយចំនួនបានព្យាយាមការពារជម្លោះមិនឱ្យរីករាលដាលកាន់តែធំ។សេតវិមានលើកឡើងថា ប្រធានាធិបតីអាមេរិកលោកJoe Biden និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត មហាម៉េដ ប៊ីន សាល់ម៉ាន់(Mohammed bin Salman) បានសុន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ហើយបានយល់ព្រមពង្រីកច្រកការទូត ដើម្បីរក្សាស្ថិរភាពទូទាំងតំបន់ និងការពារជម្លោះកុំឲ្យរីកធំ ។ សហរដ្ឋអាមេរិកបានណែនាំអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហារថ្មើរជើងដែលបានគ្រោងទុក ខណៈក្រុងវ៉ាស៊ីនតោនព្យាយាមរំដោះចំណាប់ថ្នូរពីកណ្ដាប់ដៃក្រុមហាម៉ាសជាង២០០នាក់បន្ថែមទៀតដែលកំពុងត្រូវបានឃាត់ឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា។ នៅអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងរុស្ស៊ីបានដាក់ផែនការប្រជែងគ្នាលើការផ្ដល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។ ទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឱ្យផ្អាក ហើយរុស្ស៊ីចង់បានបទឈប់បាញ់មនុស្សធម៌។ ការផ្អាកជាទូទៅត្រូវបានចាត់ទុកថាមិនសូវមានលក្ខណៈផ្លូវការ និងរយៈពេលខ្លីជាងបទឈប់បាញ់។ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងតំបន់ហ្កាហ្សា និយាយថា អ្នកជំងឺដែលមកដល់មន្ទីរពេទ្យ កំពុងបង្ហាញសញ្ញានៃជំងឺដែលបង្កឡើងដោយភាពចង្អៀតណែននៃចំនួនអ្នករបួស និងអនាម័យមិនល្អ បន្ទាប់ពីមនុស្សជាង ១,៤លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេទៅកាន់ទីជម្រកបណ្តោះអាសន្ន៕

សមាជិកសភាអាមេរិកខាងបក្សសាធារណរដ្ឋ នៅតែពិបាកបង្រួបបង្រួមគ្នា ទោះជារើសបានបេក្ខជនប្រធានសភាថ្មីក៏ដោយ

2023/10/25 06:22:31 pm        144
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ (២៤ តុលា) បានជ្រើសរើសលោក Tom Emmer ជាបេក្ខភាពរបស់ពួកគេសម្រាប់ជាប្រធានសភាថ្មី ប៉ុន្តែនៅតែមានការលំបាកក្នុងការបង្រួបបង្រួមគ្នា និងទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់ ដើម្បីធានាថាលោក Emmer អាចយកបានតំណែងនោះ និងបំពេញចន្លោះប្រហោងនៃភាពជាអ្នកដឹកនាំ ដែលបានធ្វើឱ្យសភាមិនមានមេដឹកនាំអស់រយៈពេល ៣សប្តាហ៍មក។សមាជិកសភាជាច្រើនរូបបាននិយាយថា លោក Emmer ដែលបច្ចុប្បន្នកាន់តំណែងជាតំណាងរាស្រ្តលេខ៣ ក្នុងសភា ទទួលបានការតែងតាំងដោយយកឈ្នះលើលោកតំណាងរាស្រ្ត Mike Johnson ដោយសំឡេងគាំទ្រ ១១៧សំឡេង ទល់នឹង ៩៧សំឡេង ក្នុងការបោះឆ្នោតជុំទីប្រាំ។នៅក្នុងការបោះឆ្នោតដែលខ្លួនមិនមានការជំទាស់ បណ្ដាសមាជិកសភាបាននិយាយថា លោក Emmer នៅតែបាត់បង់ការគាំទ្រចំនួន ២០សំឡេង សម្រាប់បង្រ្គប់ចំនួន ២១៧សំឡេងដែលត្រូវការ នៃសភាសាធារណៈរដ្ឋចំនួន ២២១រូប។ តួលេខនោះជាស្តង់ដារខ្ពស់បំផុតមួយ ដែលគណបក្សនេះបានកំណត់ ដើម្បីធានាថាខ្លួនអាចជ្រើសរើសប្រធានសភាថ្មី ប្រសិនបើសមាជិកសភាប្រជាធិបតេយ្យរួបរួមគ្នាទាំង ២១២សំឡេង ក្នុងការប្រឆាំង។គណបក្សសាធារណរដ្ឋ បានច្រានចោលការតែងតាំងបេក្ខជនប្រធានសភាពីររូបមុនរួចមកហើយ ដោយទុកឱ្យអង្គជំនុំជម្រះមួយនេះ មិនមានអ្នកដឹកនាំចាប់តាំងពីថ្ងៃទី៣ ខែតុលា មក។ បន្ទាប់ពីការបោះឆ្នោតចុងក្រោយ ពួកគេគ្រោងនឹងជួបប្រជុំបិទទ្វារ ដើម្បីស្តាប់ការជជែករបស់លោក Emmer ។ បេក្ខជនប្រធានសភាអាមេរិកថ្មី ដែលល្អបំផុតលើសបេក្ខជនគណបក្សសាធារណរដ្ឋចំនួនប្រាំបីរូបផ្សេងទៀតរូបនេះ អាចចង្អុលបង្ហាញពីភាពជាអ្នកដឹកនាំ និងបទពិសោធន៍នៃការរៃអង្គាសថវិកា ដែលជាធម្មតាអាចធ្វើឱ្យលោកក្លាយជាបេក្ខជនដ៏រឹងមាំសម្រាប់មុខតំណែងជាន់ខ្ពស់មួយនេះផងដែរ៕

គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ ផ្សេងទៀត ឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នា

2023/10/25 06:01:55 pm        460
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្ស​ប្រជាជន​កម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ។​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ​។ គណបក្សទាំង ២៨ រួមមាន ៖១- គណបក្សប្រជាជនកម្ពុជា ២- គណបក្សខ្មែររួបរួមជាតិ, ៣- គណបក្សពន្លឺថ្មី ៤- គណបក្សសញ្ជាតិកម្ពុជា ៥- គណបក្សខ្មែរក្រោក ៦- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧- គណបក្សរស្មីខេមរា ៨- គណបក្សខ្មែរសាធារណរដ្ឋ ៩- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១០- គណបក្សយុវជនកម្ពុជា ១១- គណបក្សធម្មាធិបតេយ្យ ១២- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៣- គណបក្សខ្មែរតែមួយ ១៤- គណបក្សឯកភាពជាតិខ្មែរ ១៥- គណបក្សកម្លាំងប្រជាធិបតេយ្យ ១៦- គណបក្សកសិករ ១៧- គណបក្សស្ត្រីដើម្បីស្ត្រី ១៨- គណបក្សបំណងពលរដ្ឋ ១៩- គណបក្សខ្មែរអភិរក្ស ២០- គណបក្សមហាសាមគ្គីជាតិខ្មែរ ២១- គណបក្សនគរប្រជាធិបតេយ្យ ២២- គណបក្សអំណាចប្រជាពលរដ្ឋ ២៣- គណបក្សខ្មែរអង្គរ ២៤- គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ២៥- គណបក្សម៉ូលីណាកា ២៦- គណបក្សចលនាប្រជាធិបតេយ្យ ២៧- គណបក្សអភិវឌ្ឍន៍កម្ពុជា ២៨- គណបក្សមហានគរ។កិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នានេះចំនួន ៨ចំណុចរួមមាន៖១- ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់ គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។២- ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។៣- ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។៤- រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក កម្ពុជា ។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយ ពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។៥- សហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ។៦- គោរពអនុវត្តដោយស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាព និងកិច្ច សហប្រតិបត្តិការជួយគាំទ្រគ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងការមិនធ្វើការឃោសនាប្រឆាំង គ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត និងមិនធ្វើសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណា ដែល ប្រឆាំងចំពោះដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន ។៧- កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារន កិច្ចព្រមព្រៀងនេះ ។ ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សារួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី ។៨- បើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូល រួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយ

2023/10/25 04:55:14 pm        339
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្ស​ប្រជាជន​កម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ។​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ​។*ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា បុគ្គលមួយចំនួនតាំងខ្លួនជាអ្នកចេះដឹងក្នុងការបកស្រាយលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្ដែពួកគេបកស្រាយខុសពីការពិត ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយចង់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកសង្កត់លើកម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ប៉ុន្ដែពេលនេះអ្វីដែលកម្ពុជាត្រូវធ្វើគឺគោរពតាមច្បាប់រដ្ឋធម្មនុញ្ញប៉ុណ្ណោះ។-សម្ដេចតេជោ ហ៊ុន សែន បង្ហាញការសប្បាយរីករាយ ដោយបានឃើញ បណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ផ្សេងទៀត ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជនមួយក្រុមកំពុងនាំគ្នាចង់មកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសកម្ពុជា ដូច្នេះគណបក្សប្រជាជន និងបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ ផ្សេងទៀត ត្រូវរួមគ្នារក្សាសន្ដិភាព​របស់​ប្រទេសកម្ពុជាឱ្យបាន ​និងមិនអនុញ្ញាតឱ្យក្រុមណាមួយមកបំផ្លាញសន្ដិភាពរបស់កម្ពុជាបានឡើយ។-សម្ដេចតេជោ ហ៊ុន សែន៖ ចលនា ៩ វិច្ឆិកា របស់ក្រុមប្រឆាំងជាអំពើក្បត់ជាតិ ដែលមិនអាច អត់ឱនឱ្យបាន។-សម្ដេចតេជោ ហ៊ុន សែន៖ យើងមិនផ្ដល់ឱកាសឱ្យនរណាមួយ ធ្វើសកម្មភាពបំផ្លាញសន្តិភាព ដែលរកបានដោយលំបាកនៅកម្ពុជាបាននោះឡើយ។សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារទៅកាន់បរទេសមួយចំនួនដែលខ្វះការយល់ដឹងអំពីសេរីភាពនៃការបញ្ចេញមតិ និង​ចលនាក្នុងការផ្ដួល​រំលំរាជរដ្ឋាភិបាលក្រៅប្រព័ន្ធថា សព្វថ្ងៃនេះនៅកម្ពុជាមានសេសសល់​ក្រុមដែលធ្វើចលនា​បដិវត្តពណ៌​ដោយចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។សម្ដេច បញ្ជាក់ទៅកាន់ក្រុមនេះ​ត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះកម្ពុជាមិនអនុញ្ញាត​ឱ្យក្រុមណាមួយ​មកធ្វើចលនាបំផ្លាញ​សន្ដិភាពរបស់កម្ពុជាបានឡើយ។-សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមកម្លាំងគ្នាទប់ស្កាត់ចំពោះចលនាជ្រុលនិយម ដែលបង្ក គ្រោះថ្នាក់សម្រាប់ជាតិ ពលរដ្ឋ និងសង្គម។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាផ្សេងទៀតនាពេលនេះ គឺដើម្បីរួមគ្នាទប់ស្កាត់នូវចលនាជ្រុលនិយមផ្សេងដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន៖ បារាំងមានការខ្លាចរអាចំពោះចលនាជ្រុលនិយម ហេតុនេះហើយ បានជា ពលរដ្ឋបារាំងបោះឆ្នោតឱ្យលោក អេម៉ានុយអែល ម៉ាក្រុង បន្តកាន់តំណែងជាប្រធានាធិបតី ដោយមិន បោះឆ្នោតឱ្យលោកស្រី ម៉ារី ឡឺប៉ែន ដែលមានការគាំទ្រពីក្រុមចលនាជ្រុលនិយមនោះឡើយ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំឱ្យរៀបចំសេចក្ដីព្រាងនូវបទបញ្ជា ផ្ទៃក្នុង នៃបក្សនយោបាយទាំង ២៨ ដែលចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគ្នានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ ជាផ្នែកមួយនៃការរួបរួមជាតិ សម្រាប់ប្រទេសរបស់យើង។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៣នេះ មិនមែនជាកិច្ចការកញ្ឆក់កណ្ដៀត ដើម្បីដោះស្រាយ បញ្ហាតូចតាចនោះទេ។ សម្ព័ន្ធភាពនៅថ្ងៃនេះ គឺមានគោលដៅរួម និងអង្វែងយូរ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាត្រូវការកម្លាំងមួយ ដើម្បីការពារនូវព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារអធិបតេយ្យភាព និងសន្ដិភាពរបស់កម្ពុជា ដូច្នេះតាមរយៈការចង់សម្ព័ន្ធជាមួយបណ្ដាគណបក្សនយោបាយនាពេលនេះ គឺអាចរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីកសាងជាតិរួមគ្នា និងជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងវប្បធម៌សន្ទនានៅកម្ពុជាផងដែរ។-សម្ដេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ គឺជាការកសាងនូវវប្បធម៌សន្ទនា និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត។-សម្ដេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ មានចរិតមិនដូចគ្នានឹងសមាជិកនៃក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សម្រាប់រាជរដ្ឋាភិបាលនោះទេ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការចងសម្ព័ន្ធគ្នាជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជានាពេលនេះ បណ្ដាគណបក្សនយោបាយនានានឹងក្លាយជាដៃគូសហការជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើឱ្យដំណើរការល្អនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីរីករាយដោយបណ្ដាគណបក្សនយោបាយចំនួន២៨ បាន​ចងសម្ព័ន្ធភាព​ជាមួយគ្នា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា

2023/10/25 04:43:37 pm        144
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្ស​ប្រជាជន​កម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ​។ក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសប្បាយរីករាយ ដោយ​បាន​ឃើញ​បណ្ដា​គណបក្ស​នយោបាយនៅកម្ពុជា ចំនួន២៧ ផ្សេងទៀត ដែលបាន​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា។ សម្ដេចតេជោបន្តថា មាន​ជនមួយ​ក្រុម​កំពុង​នាំគ្នាចង់​មកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសកម្ពុជា ដូច្នេះគណបក្សប្រជាជន និង​បណ្ដា​គណបក្ស​នយោបាយ​នៅកម្ពុជាចំនួន ២៧ ផ្សេងទៀត ត្រូវរួម​គ្នា​រក្សា​សន្ដិភាព​របស់​ប្រទេស​កម្ពុជា​ឱ្យបាន។ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារ​ទៅ​កាន់​បរទេស​មួយ​ចំនួនដែលខ្វះការយល់ដឹងអំពីសេរីភាពនៃការបញ្ចេញមតិ និងចលនា​ក្នុង​ការ​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​ក្រៅប្រព័ន្ធថា សព្វថ្ងៃនេះនៅ​កម្ពុជា​មាន​សេស​សល់​ក្រុម​ដែល​ធ្វើ​ចលនា​បដិវត្ត​ពណ៌​ដោយចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេចបញ្ជាក់​ទៅកាន់​ក្រុម​នេះ​ត្រូវ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់​ ពីព្រោះ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ណាមួ​យ​មក​ធ្វើចលនា​បំផ្លាញ​សន្ដិភាព​របស់​កម្ពុជា​បាន​ឡើយ​។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបជាមួយកម្មករ និយោជិតជាង១ម៉ឺន២ពាន់នាក់ ក្នុងខេត្តកំពង់ចាម

2023/10/25 04:08:08 pm        248
កំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រឹកទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន១២,០៦០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៤ ស្ថិតក្នុងស្រុកព្រៃឈរ និង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។*ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចតេជោ ចង់ដឹងណាស់ពីសុខទុក្ខរបស់ពលរដ្ឋ កម្មករ និយោជិត និងចង់ដឹងពីគោលនយោបាយរបស់សម្ដេចដាក់ចេញបានអនុវត្តដល់ណាហើយ ។-សម្ដេចធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ បងប្អូនកម្មករ និយោជិត ក្នុងខេត្តកំពង់ចាម ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចធ្វើជានាយករដ្ឋមន្ត្រី ។-សម្ដេចធិបតី បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនជាងនេះ បន្ថែមទៀត ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យប្រជាពលរដ្ឋបន្តកុងត្រាជាមួយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនជាក់លាក់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ។-សម្ដេចធិបតី បានប្រកាសថា រាជរដ្ឋាភិបាលបន្តខិតខំបង្កើនសមត្ថភាព និងការងាររបស់មន្ត្រីរាជការ ដើម្បីបម្រើដល់ប្រជាពលរដ្ឋ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍សរសើរក្រសួងការងារ ដែលបានធ្វើការងារលើការចរចាប្រាក់ឈ្នួលកម្មករកម្មារិនី បានលឿន តាមផែនការរបស់រាជរដ្ឋាភិបាល ។-សម្ដេចធិបតី បង្ហាញពីការយកចិត្តទុកដាក់គិតគូរបង្កើតទារកដ្ឋាន ខណៈដែលទៅពេល អនាគតឪពុកម្ដាយអាណាព្យាបាលកាន់តែរវល់ជាមួយនឹងកិច្ចការងារ ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបន្តបង្កើតនូវគោលនយោបាយថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋ ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា គោលនយោបាយរាជរដ្ឋាភិបាលថ្មី នឹងខិតខំធ្វើ យ៉ាងណាឱ្យមាននិរន្តរភាព និងសង្គតិភាព ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។-សម្ដេចធិបតី បានថ្លែងថា កត្តាចម្បងដែលធ្វើឲ្យគោលដៅសម្រេចរបស់កម្ពុជា នៅឆ្នាំ២០៥០ គឺការថែរក្សានូវសុខសន្តិភាព។-សម្ដេចធិបតី បានថ្លែងថា ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ កម្ពុជានឹងខិតខំទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលនៃសង្គ្រាម កើតឡើងនៅក្នុងតំបន់ ទៅតាមលទ្ធភាពជាក់ស្ដែង ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងវាយបកទៅអ្នកនយោបាយចាស់វស្សា ដែលថារាជរដ្ឋាភិបាល មិនគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយភ្ជាប់បញ្ហាពលរដ្ឋនៅអ៊ីស្រាអែល ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋតាំងតែពីយូរមកហើយ ។-សម្ដេចធិបតី បានថ្លែងថា តាំងពីការផ្ទុះដំបូង នៃការបាញ់ប្រហារ របស់ពួកហាម៉ាស់ ទៅលើប្រទេសអ៊ីស្រាអែល និងធ្វើឲ្យនិស្សិតខ្មែរម្នាក់ស្លាប់ រាជរដ្ឋាភិបាលធ្វើការជាប់ប្រចាំជាមួយនិស្សិតផ្សេងៗ និងអាជ្ញាធរអ៊ីស្រាអែល ដើម្បីឲ្យពលរដ្ឋខ្មែរនៅទីនោះ មានសុវត្ថិភាព។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សពនិស្សិតខ្មែរ ដែលបានស្លាប់ដោយសារសង្គ្រាមរវាងកងកម្លាំងហា ម៉ាស់ និងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានមកដល់កម្ពុជា និងបានរៀបចំធ្វើបុណ្យ តាមទំនៀមប្រពៃណីផងដែរ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ យើងបានតាមដានជាប់ជាប្រចាំចំពោះស្ថានភាពនិស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅប្រទេសអ៊ីស្រាអែល ព្រមទាំងបានទាក់ទងជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់និស្សិត និងពលរដ្ឋទាំងនោះ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អំឡុងពេលមានសង្គ្រាមរវាងកងកម្លាំងហាម៉ាស់ និងអ៊ីស្រាអែល រាជ រដ្ឋាភិបាលបានជួលសណ្ឋាគារផ្កាយប្រាំ នៅតំបន់ព្រំដែនរវាងអេហ្ស៊ីប ហ្សកដង់ និងអ៊ីស្រាអែល ដើ ម្បីត្រៀមជាទីតាំងសុវត្ថិភាព សម្រាប់ឱ្យពលរដ្ឋ និងនិស្សិតខ្មែរស្នាក់នៅ។-សម្ដេចធិបតី បានចំអកឲ្យអ្នកនៅក្រៅប្រទេសមួយចំនួន ធ្វើខ្លួនឯងច្បាស់ជាងនិស្សិត កំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ពាក់ព័ន្ធនឹងសុខសុវត្ថិភាពរបស់និស្សិត និងពលរដ្ឋ ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ មានពលរដ្ឋ និងនិស្សិតរបស់ប្រទេសនានាជាច្រើន មិនបានចាកចេញពីប្រទេសអ៊ីស្រាអែល នៅអំឡុងពេលមានសង្គ្រាមរវាងកងកម្លាំងហាម៉ាស់ និងអ៊ីស្រាអែលនោះទេ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៃប្រទេសមហាអំណាច ទៅកាន់ប្រទេសអ៊ីស្រាអែល បញ្ជាក់ពីស្ថានភាពសុខសុវត្ថិភាពនៅអ៊ីស្រាអែល។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ មកទល់នឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលនៅតែបន្ត តាមដានជាប់ជាប្រចាំចំពោះស្ថានភាពនិស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅអ៊ីស្រាអែលជាប់ជានិច្ច។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព កុំចាំ ដល់បាត់បង់សន្តិភាពទើបស្ដាយក្រោយឱ្យសោះ ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សូមចងចាំពីតម្លៃរបស់សន្តិភាព មានសន្តិភាព មានការអភិវឌ្ឍរីកច ម្រើនជាលំដាប់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់ឃើញសមិទ្ធផលអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀតបានសម្រេច ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ីរ៉ង់ដាក់ការសម្តីបន្ទោសអតិផរណាខ្ពស់លើការបិទផ្លូវរបស់អាមេរិក និងទណ្ឌកម្មប្រេង
08/16/2026 02:08 PM
[UPDATE] ក្ដីសង្ឃឹមនៅកូឡុំប៊ីររសាត់កាន់តែឆ្ងាយ ខណៈសាកសពជាច្រើនទៀតត្រូវ​បានរក​ឃើញ​ជាច្រើន​ថ្ងៃក្រោយរញ្ជួយដីដ៏ខ្លាំងក្លា
08/16/2026 02:08 PM
កិច្ចខិតខំបោសសម្អាតចាប់ផ្តើមនៅតំបន់ភាគខាងត្បូងលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៩នាក់
08/16/2026 01:08 PM
នាយករដ្ឋមន្រ្តីអង់គ្លេសអនុញ្ញាតឲ្យមានការផ្តល់ហិរញ្ញប្បទានបន្ថែមទៀតសម្រាប់កសិកររងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត
08/16/2026 01:08 PM
ការរញ្ជួយដីបានអង្រួនទីក្រុងGranada របស់អេស្ប៉ាញ បង្កការខូចខាតអគារ និងរថយន្ត
08/16/2026 01:08 PM
អ្នកតំណាងរាស្ត្រមណ្ឌលកំពតប្តេជ្ញាបន្តលើកកម្ពស់ធនធានមនុស្ស និងព្រះពុទ្ធសាសនា
08/16/2026 01:08 PM
មន្ត្រីរាជការខេត្តកំពតជាង ១.៤ ពាន់នាក់ទទួលមេដាយការងារ ជាការទទួលស្គាល់ការលះបង់បម្រើជាតិ
08/16/2026 01:08 PM
[UPDATE] មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញបន្ទាប់ពីគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីសម្លាប់មនុស្សជាង ៥០នាក់ និងកាត់ផ្តាច់ផ្លូវ
08/16/2026 01:08 PM
ប្រជាពលរដ្ឋឃុំពពេល ស្រុកពញាក្រែក ទទួលបានចង្ក្រានបរិស្ថាន ដើម្បីរួម​ចំណែកការពារបរិស្ថាន
08/16/2026 01:08 PM
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
08/16/2026 01:08 PM