ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

មីយ៉ាន់ម៉ាទទួលបានយន្តហោះចម្បាំង Su-30 របស់រុស្ស៊ីជាលើកដំបូង

2023/09/11 07:54:32 pm        147
លោក Charlie Than រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី នៅក្នុងការលើកឡើងដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ថា សហភាពមីយ៉ាន់ម៉ា បានទទួលការដឹកជញ្ជូនលើកដំបូងនៃយន្តហោះចម្បាំង Su-30 របស់រុស្ស៊ី ចំនួនពីរគ្រឿង។លោក Than បានប្រាប់សារព័ត៌មាន RIA នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា ដែលជាវេទិកាប្រចាំឆ្នាំរបស់រុស្ស៊ី មានគោលបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងលើកទឹកចិត្តដល់ការវិនិយោគបរទេស ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ (១០ កញ្ញា) នៅទីក្រុងកំពង់ផែ Vladivostok ថា «យន្តចំនួនហោះពីរគ្រឿងត្រូវបានដឹកជញ្ជូនមកដល់មីយ៉ាន់ម៉ារួចហើយ»។សារព័ត៌មាន RIA បាននិយាយថា ប្រទេសរុស្ស៊ី និងមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចសន្យាមួយនៅក្នុងខែកញ្ញា ឆ្នាំ២០២២ សម្រាប់ការចែកចាយយន្តហោះចម្បាំង Su-30SME ចំនួន៦គ្រឿង។ សហរដ្ឋអាមេរិកបានព្រមានថា ការគាំទ្ររបស់រុស្ស៊ីសម្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ានេះ គឺមិនអាចទទួលយកបានទេ ហើយនិងធ្វើឱ្យមានអស្ថិរភាព ជាមួយនឹងការផ្គត់ផ្គង់អាវុធ ដោយអាចជួយបញ្ឆេះជម្លោះ ដែលក្លាយជាមហន្តរាយសម្រាប់ប្រទេសនេះផងដែរ៕

បេសកជនUNស្នើឲ្យម្ចាស់ជំនួយជួយដល់ប្រទេសស៊ីរី ដែលរងទុក្ខវេទនា កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច

2023/09/11 07:46:07 pm        107
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ បានស្នើដល់​ម្ចាស់​ជំនួយកុំកាត់បន្ថយការផ្តល់មូលនិធិរបស់ពួកគេ ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសដែល​ហែកហួរ​ដោយសង្រ្គាមនេះ កំពុងកើនឡើង។ការសម្រេចចិត្តរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ ( Bashar Assad) កាលពីខែមុន ក្នុងការបង្កើនប្រាក់ឈ្នួល និងប្រាក់សោធនក្នុងវិស័យសាធារណៈទ្វេរដង បានធ្វើឲ្យអតិផរណា​កើនឡើងខ្ពស់ ​និងជំរុញឲ្យមានការតវ៉ាជាបន្តបន្ទាប់ ដែលធ្វើឲ្យរង្គោះរង្គើដល់ខេត្តស្វេដា ( Sweida) ភាគខាងត្បូងដែលភាគច្រើននិកាយDruze និងខេត្តដារ៉ា( Daraa) ដែលនៅជិតនោះ។ពីដំបូងឡើយ ដោយត្រូវបានបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅឡើង អ្នកស្រុកដ៏ច្រើនដែលមានកំហឹង បានចាប់ផ្តើមអំពាវនាវធ្វើយ៉ាងណាឲ្យលោកអាសាដដួលរលំ ដែលស្រដៀងទៅនឹងការបះបោររបស់ប្រទេសនេះក្នុងឆ្នាំ២០១១ដែលបានប្រែក្លាយទៅជាសង្រ្គាមស៊ីវិលទាំងស្រុង។អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ៩០ភាគរយនៃប្រជាជនស៊ីរី នៅក្នុងតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល រស់នៅក្នុងភាពក្រីក្រ ហើយប្រជាជនជាងពាក់កណ្តាលរបស់ប្រទេសនេះ កំពុងតស៊ូដើម្បីមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ។

ជប៉ុន នឹងបន្តទាមទារឱ្យចិនដកបម្រាមការនាំចូលអាហារសមុទ្ររបស់ខ្លួន

2023/09/11 07:36:35 pm        83
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃអាទិត្យ (១០ ខែកញ្ញា) ថា ប្រទេសរបស់លោក នឹងបន្តដាក់សម្ពាធដល់ប្រទេសចិន ឱ្យបញ្ចប់ការហាមឃាត់របស់ខ្លួនលើការនាំចូលផលិតផលអាហារសមុទ្រជប៉ុន ដោយប្រើវេទិកាច្បាប់ដូចជាអង្គការពាណិជ្ជកម្មពិភពលោក។ប្រទេសចិនបានដាក់បម្រាមនេះ បន្ទាប់ពីប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ចូលសមុទ្រកាលពីខែមុន។ ជប៉ុននិយាយថា ទឹកដែលបង្ហូរនោះគឺមានសុវត្ថិភាព ខណៈចិននិយាយថា វាជាសំណល់ទឹកគ្រោះថ្នាក់។ លោក Kishida ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ថា លោកគ្រោងនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួននៅព្រឹកថ្ងៃពុធ (១៣ ខែកញ្ញា) ខាងមុខនេះផងដែរ៕

ប្រធានាធិបតីបារាំង៖ សេចក្តីប្រកាសរបស់ G20 មិនមែនជាជ័យជម្នះសម្រាប់រុស្ស៊ីទេ

2023/09/11 07:21:47 pm        108
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ថាប្លុក G20 ដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចអន្តរជាតិជាជាងបញ្ហានយោបាយ មិនមែនជាកន្លែងសម្រាប់រំពឹងថា នឹងមានការរីកចម្រើនផ្នែកការទូតលើសង្រ្គាមនៅអ៊ុយក្រែននោះទេ ហើយលោកក៏បានបន្ថែមថា សេចក្តីប្រកាសរបស់មេដឹកនាំ G20 នៅក្នុងកិច្ចប្រជុំចុងសប្តាហ៍របស់ខ្លួន មិនមែនជាជ័យជម្នះផ្នែកការទូតសម្រាប់រុស្ស៊ី ដែលស្ថិតក្នុងភាពឯកោពីកិច្ចប្រជុំកំពូលនោះទេ។សេចក្តីប្រកាសដែលបានអនុម័តកាលពីថ្ងៃសៅរ៍ (៩ កញ្ញា) បានបញ្ចៀសការថ្កោលទោសរុស្ស៊ី ចំពោះជម្លោះនៅអ៊ុយក្រែន ប៉ុន្តែបានគូសបញ្ជាក់ពីភាពឈឺចាប់របស់មនុស្សជាតិ ដែលបណ្ដាលមកពីអំពើហិង្សានោះ ហើយបានអំពាវនាវឱ្យរដ្ឋទាំងអស់ កុំប្រើកម្លាំងដើម្បីដណ្តើមយកទឹកដី។លោក Macron បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីពិធីបិទកិច្ចប្រជុំកំពូលថា « កិច្ចប្រជុំ G20 នេះបានបញ្ជាក់ជាថ្មីម្តងទៀតពីភាពឯកោរបស់រុស្ស៊ី។ កាលពីម្សិលមិញ និងថ្ងៃនេះ សមាជិក G20 ដ៏ច្រើនលើសលប់ បានថ្កោលទោសសង្រ្គាមនៅអ៊ុយក្រែន និងផលប៉ះពាល់របស់សង្រ្គាមនេះផងដែរ»៕

ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសនៅខេត្តព្រះសីហនុ

2023/09/11 07:12:11 pm        310
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការវិនិយោគកម្ពុជា ​ប្រតិភូអមដំណើរ និងឯកឧត្តមអភិបាលនៃគណៈអភិបាល​ខេត្តព្រះសីហនុ ព្រមទាំងតំណាងអាជ្ញាធរដែនដី បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាព​នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ។ជាមួយគ្នានោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរក៏បានពិនិត្យមើលសកម្មភាព​ផលិតកម្ម​របស់​ក្រុមហ៊ុនមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។មន្ត្រីបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ចាប់ផ្តើមដំណើរការពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០៩ ​មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ​ខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ៦៧៤.៩៣៧ ម៉ែត្រក្រឡា។ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ មាន​គម្រោងវិនិយោគចំនួន ០៥គម្រោង ដែលវិនិយោគដូចជា ផលិតគ្រឿងសម្ភារៈថែរក្សាសម្ភស្ស កេសកាតុង ព្យ៉ាណូកែច្នៃ ឧបករណ៍សត្វចិញ្ចឹម គម្របប្លាស្ទិក និងដែកថែបគ្រប់ប្រភេទ។ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ បានផ្តល់ការងារជូនដល់កម្មករនិយោជិត​ប្រមាណជាង ២០០ នាក់។មន្ត្រីបន្ថែមថា សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ​គឺចាប់ផ្តើមដំណើរការពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨​ មានទីតាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ​និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១.១១៣ ហិកតា។បច្ចុប្បន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ​មានគម្រោងវិនិយោគចំនួន ​២៣១គម្រោង ដែល​វិនិយោគមដូចជា ផលិតសម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿង​បន្លាស់រថយន្ត ស៊ុមទូរទស្សន៍ បន្ទះសូឡា គ្រឿងចក្រលើកដាក់ទំនិញ ​ដែកទីប បរិក្ខារពេទ្យ ​ក្តារប៉ាកេ ក្តារបន្ទះ គ្រឿង​សង្ហារឹម​ សម្ភារៈបរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ ​សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ ​សម្ភារៈការពាររាងកាយ សម្ភារៈបរិក្ខារកីឡា ​សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្រោមពូក សម្ភារៈការពារអគ្គីភ័យ ​សំលៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលី និងសំបកវេចខ្ចប់ សំបកកង់រថយន្ត កាវ និងទឹកថ្នាំ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់​ការងារជូនដល់កម្មករនិយោជិតប្រមាណជា​ ២៥.៦០០ នាក់។នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លៃងអំណរ​គុណដល់ថ្នាក់ដឹកនាំអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ​និងក្រុមហ៊ុន ដែលបានមកបណ្តាក់ទុន​វិនិយោគនៅព្រះរាជាណាចក្រកម្ពុជាកន្លងមក ​ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាក​នៃការរីករាល​ដាលនៃជំងឺកូវីដ១៩ក្តី ក៏ក្រុមហ៊ុននៅតែបន្តចង្វាក់ផលិតកម្មរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ដែល​នេះជាការបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនទាំងអស់ដែលមកបណ្តាក់ទុន​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា គឺជាការចូលរួមចំណែកដ៏សំខាន់ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​អ្នក​អភិវឌ្ឍន៍តំបន់ ក៏ដូចជា​ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ ​ដែលបានខិតខំ​ប្រឹងប្រែង​កន្លងមក និងទទួលបានលទ្ធផល​ផ្លែផ្កាគួរជាទីមោទនៈ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវលេខ២៣០ ជាប់របងម៉ុងឌីយ៉ាល់

2023/09/11 06:59:04 pm        473
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌលគោក បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងចងខ្សែ​មិនអនុញ្ញាតឲ្យអាជីវករលក់ដូរ តាមបណ្ដោយផ្លូវលេខ២៣០ ដែលកន្លងមក​អាជីវករលក់ដូរ​បន្លែផ្លែឈើ ​បានតាំងលក់លើផ្លូវ ​បង្កឲ្យមានការកកស្ទះចរាចរណ៍ និងទុកដាក់សំរាមមិនបាន ត្រឹមត្រូវ​ហូរចូលមាត់លូ បង្កមានការកក់ស្ទះ និងជនលេចពេលមានភ្លៀងម្ដងៗ។ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៣ ដោយមានការ​ណែនាំ​ពី​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញដោយលោក ជា ពិសី អភិបាលខណ្ឌទួលគោក ចាត់ឲ្យលោកអភិបាលរងទទួលបន្ទុក បរិស្ថាន អនាម័យ សន្តិសុខ​សណ្ដាប់ធ្នាប់សាធារណៈ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបាញ់ទឹកលាងសម្អាត​និងចងខ្សែ មិនអនុញ្ញាត​ឲ្យអាជីវករលក់ដូរបន្លែផ្លែឈើបន្តលក់នៅលើផ្លូវ ២៣០ នេះបន្តទៀត​ឡើយ។លោក ស៊ឹម សុផង់ អភិបាលរង ទទួលបន្ទុក បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៃអភិបាលខណ្ឌទួលគោក ​បានឲ្យBTV ដឹងថា ​កន្លងមកអាជីវករលក់ដូរទៅតាមបណ្ដោយផ្លូវលេខ ២៣០ នេះបានតាំងលក់លើទ្រូងផ្លូវបង្ករឲ្យមានការកកស្ទះ​ ចរាចរណ៍ និងជាពិសេសនោះ អ្នកលក់​បន្លែផ្លែឈើ មិនបានវេចខ្ចប់ទុកដាក់សំរាម​ឲ្យបានត្រឹមត្រូវបណ្ដាលឲ្យហូរ សំរាមទាំងនោះចូល​មាត់លូ កកស្ទះប្រព័ន្ធទឹកហូរចូលលូ និងមានការជនលេចពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗ​នៅចំណុចផ្លូវ ២៣០ កែង​នឹងមហាវិថីម៉ៅសេទុងនេះ។លោកអភិបាលរង បានបន្ថែមថា ការលក់ដូរតាមបណ្ដោយផ្លូវលេខ ​២៣០ ​នេះពេលថ្ងៃគឺដាច់​ខាតមិន​អនុញ្ញាត​ឲ្យអាជីវករលក់បន្លែផ្លែឈើបន្តទៀតឡើយ។​ដោយឡែកពេលយប់គឺ​អនុញ្ញាត​ឲ្យលក់ជាបណ្ដោះអាសន្ន ក៏ប៉ុន្តែមិនឲ្យតាំងលក់លើទ្រង់ផ្លូវនោះទេ ដើម្បីពលរដ្ឋងាយស្រួល​ធ្វើដំណើរ ​នឹងធ្វើយ៉ាងណាពេលព្រឹកព្រលឹមម៉ោង ​៦កន្លះទៅម៉ោង៧ ព្រឹក បរិស្ថានអនាម័យ​ត្រូវតែស្អាត។ជាចុងក្រោយ លោកអភិបាលរង បានសង្កត់ធ្ងន់ថា ​ក្រោយមានការបាញ់ទឹកលាងសម្អាត និងចង​ខ្សែមិន​អនុញ្ញាត​ឲ្យអាជីវករលក់​បន្លែផ្លែឈើនោះ ​អាជ្ញាធរ​និងបាន​ដាក់កម្លាំង​សណ្ដាប់ធ្នាប់​ប្រចាំ​ការក្នុងករណី​អាជីវករនៅតែមិនអនុវត្តតាមការណែនាំ​របស់អាជ្ញាធរ​ នៅតែរំលោភបំពានតាំងលក់ ឬកាត់ខ្សែ ​អាជ្ញាធរវិធានអនុវត្តរដ្ឋបាល​ និងចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

ក្រសួងយុត្តិធម៌ និងក្រសួងការបរទេសកំពុងរៀបចំការផ្ដល់ព្រឹត្តិបត្រថ្កោលទោស បែបឌីជីថលដល់ពលរដ្ឋ

2023/09/11 06:46:36 pm        241
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោស​តាមរយៈស្ថានតំណាងកម្ពុជា នៅតាមបណ្ដាប្រទេសនានា ​តាមបែបឌីជីថល ខណៈពេលវេលាជាក់​លាក់ចំពោះការដាក់ឱ្យដំណើការសេវានេះក្រសួង នឹងជូនដំណឹងនាពេលខាងមុខ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា កន្លងមកនេះ ក្រសួងយុត្តិធម៌​បានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយ​ស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់​ឱ្យដំណើរការ ជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ក៏បាននិងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់ នូវភាពឆាប់រហ័ស ​និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ​ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុង​ការស្នើ​សុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត ​បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ​ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាម​រយៈស្ថាន​តំណាងកម្ពុជា នៅតាមបណ្តាប្រទេសនានា ហើយក្រសួងយុត្តិធម៌នឹងធ្វើការជូនដំណឹងអំពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោស​សម្រាប់​ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស នាពេល​ខាងមុខ។ក្រសួងបញ្ជាក់ថា៖‍«ក្រសួងយុត្តិធម៌ ​នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់នៃការដាក់ឱ្យដំណើរការ​សេវា​ព្រឹត្តិបត្រថ្កោលទោស ​ឌីជីថល ក្នុងជំហានទី២ ​នាពេលឆាប់ៗខាងមុខនេះ»៕

សភាប្រជុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

2023/09/11 06:37:23 pm        222
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅ​វិមានរដ្ឋសភា ដើម្បីអនុម័ត​បញ្ចូល​សេចក្តីព្រាងច្បាប់ស្តីពី ​ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាង​ច្បាប់ស្តីពី ​ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្ត​សម័យប្រជុំរដ្ឋសភា​លើកទី១ នីតិកាលទី៧។កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការ​បង្កើតក្រសួង​អធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី​ ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភា ​លើកទី១ នីតិកាលទី៧ ​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ​បន្ទាប់ពីសេចក្តីព្រាងច្បាប់ទំាងពីរនេះ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា​បានពិនិត្យ​សិក្សាចប់សព្វគ្រប់តាមនីតិវិធី។ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តលើគម្រោងចំណាយ​ថវិកា​របស់រដ្ឋសភា ឆ្នាំ២០២៤ ​ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់​បញ្ចូលទៅគម្រោង​ថវិកា​ជាតិ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ផងដែរ៕

ឯកឧត្តម អៀង មូលី ជួបពិភាក្សាការងារជាមួយនាយិកា យូអិនអេដស៍ ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី

2023/09/11 06:29:18 pm        215
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជួបសន្ទនាការងារជាមួយលោកស្រី ប៉ាទ្រីស្យា អុងពីន (Patricia Ongpin) នាយិកាអង្គការយូអិនអេដស៍ ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី, នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍។ប្រធានបទនៃកិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗដូចតទៅ ៖-ការចូលរួមរបស់ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍​ (UNAIDS PCB) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស, -សេចក្តីប្រកាសរបស់ប្រទេសអាស៊ាន​ស្តីពីជំងឺអេដស៍,-គោល​នយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍, -ការអង្កេតថ្នាក់ជាតស្តីអំពីការចំណាយ​ក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ និងផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតប ​នឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦​និងយន្តការសម្របសម្រួលការ​ឆ្លើយតបជាពហុវិស័យទៅនឹងជំងឺអេដស៍។ជាកិច្ចចាប់ផ្តើម លោកស្រី ប៉ាទ្រីស្យា អុងពីន បានថ្លែងអំណរសាទរចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ដែល​បានទទួលការទុកចិត្តពីថ្នាក់ដឹកនាំកម្ពុជា ឱ្យបន្តដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងរាជរដ្ឋាភិបាលថ្មី ​នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ លោកស្រីនាយិកាបានជូនពរឯកឧត្តមទេសរដ្ឋមន្រ្តីឱ្យបានទទួលជោគជ័យថ្មីៗ ថែមទៀតក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងអាណត្តិថ្មីដែលទើបចាប់ផ្តើមនេះ។ ពាក់ព័ន្ធនឹងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអនិអេដស៍ ​លោកស្រី បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា កិច្ចប្រជុំនេះនឹងធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២៣។ នេះជាអង្គប្រជុំវគ្គទី២ បន្ទាប់ពីវគ្គទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ ហើយដែលនឹងលើកយកប្រធានបទអំពីការធ្វើតេស្តឈាមរកមេរោគអេដស៍ និងអំពីមេរោគអេដស៍ (HIV)។ លោកស្រីនាយិកា បានសម្តែងការកោតសរសើរចំពោះគណៈប្រតិភូកម្ពុជា ដែលបានចូលរួមយ៉ាង​សកម្មនៅក្នុងកិច្ចប្រជុំវគ្គទី១ ដែលបានលើកមតិជួយតម្រង់ផ្លូវក្នុងការពង្រឹងការងារ​របស់អង្គការ​យូអិនអេដស៍ ក៏ដូចជាចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធ នឹងជំងឺអេដស៍នៅព្រះរាជាណាចក្រ​កម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនដៃគូសន្ទនាថា ឯកឧត្តមទេសរដ្ឋមន្រ្តីនឹងដឹកនាំផ្ទាល់នូវគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំវគ្គទី២ នៅទីក្រុងហ្សឺណែវ។ទាក់ទងនឹងការអង្កេតថ្នាក់ជាតិស្តីអំពីការចំណាយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងការរៀបចំផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងពិគ្រោះយោបល់ជាមួយអង្គការយូអិនអេដស៍ ដើម្បីរៀបចំឯកសារទាំង២នេះ។ ក៏ប៉ុន្តែកិច្ចការជាបន្ទាន់នោះ អាជ្ញាធរ ត្រូវរៀបចំឱ្យហើយនូវសេចក្តីព្រាងគោលនយោបាយជាតិ​លុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពនៃកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨ ដើម្បីជូន​គណៈរដ្ឋមន្រ្តីថ្មីអនុម័ត។ គោលនយោបាយជាតិលុបបំបាត់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ជាមូលដ្ឋានគ្រឹះនៃការរៀបចំការវាយតម្លៃអំពីចំណាយ និងជាត្រីវិស័យនៃការរៀបចំផែនការ​យុទ្ធសាស្រ្ត​ជាតិឆ្លើយតប នឹងជំងឺអេដស៍ លើកទី៦។ ជាថ្មីម្តងទៀត លោកស្រី ប៉ាទ្រីស្យា អុងពីន បានបញ្ជាក់ថា អង្គការយូអិនអេដស៍ នឹងផ្តល់ការគាំទ្រ​បច្ចេកទេស និងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជួយជំរុញការ​ប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា​ឱ្យបានសម្រេចជោគជ័យតាមកាលកំណត់របស់រាជរដ្ឋាភិបាល៕អត្ថបទ រដ្ឋា

សាកសព៤នាក់បន្ថែមទៀតត្រូវបានរកឃើញ បន្ទាប់ពីព្យុះបណ្តាលឲ្យអ្នកស្លាប់កើនដល់១៥នាក់

2023/09/11 06:15:54 pm        116
ក្រិក៖ ក្រុមអ្នកសង្គ្រោះរបស់ប្រទេសក្រិក បានរកឃើញសាកសពមនុស្ស៤នាក់បន្ថែមទៀត នៅប្រទេសក្រិកភាគកណ្តាលកាលពីថ្ងៃអាទិត្យ បណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១៥នាក់ ដោយសារតែព្យុះភ្លៀងខ្លាំងបំផុតនៅប្រទេសនេះ ចាប់តាំងពីកំណត់ត្រា បានចាប់ផ្តើមក្នុងឆ្នាំ១៩៣០។ យោងតាមអាជ្ញាធរបានឲ្យដឹងថា មនុស្ស២នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។ ព្យុះ Daniel បានវាយបោកបក់មកលើប្រទេសក្រិករយៈពេល៣ថ្ងៃចាប់តាំងពីថ្ងៃអង្គារនៅចុងរដូវក្តៅដែលក្តៅបំផុតពុំធ្លាប់ត្រូវបានកត់ត្រា ខណៈ បន្សល់ទុកការអូសបន្លាយពេលកាលពីពេលថ្មីនៃការបំផ្លាញ បន្ទាប់ពីចំហេះព្រៃមានមនុស្សស្លាប់ច្រើន។ លំនៅឋាន និងស្ពាន បានបាក់រលំ សាលារៀន ផ្លូវថ្នល់ និងបង្គោលអគ្គិសនីត្រូវបានបំផ្លាញ សត្វពាហៈនៈលង់ទឹក ហើយដំណាំនៅទីវាលតំបន់ Thessaly ដីមានជីវជាតិ ត្រូវបានបំផ្លាញ។ ពលរដ្ឋដែលជាប់គាំងដោយទឹកជំនន់ ត្រូវបានដឹកជញ្ជូនតាមយន្តហោះ ឬផ្ទេរទៅក្នុងទូកសង្គ្រោះនៅទូទាំងតំបន់។អាជ្ញាធរនិយាយថា រហូតមកដល់ពេលនេះ មនុស្ស៤.២៥០ត្រូវបានជម្លៀស ខណៈកិច្ចប្រឹងប្រែងត្រូវបានផ្តោតទៅលើអ្នកភូមិ នៅជិតទីក្រុង Larissa និងនៅជិតទន្លេ Pineios ដែលផ្នែកជាច្រើនបានពេញហៀរបំផ្លាញភូមិជាច្រើនបន្ថែមទៀត។ នាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis បានចុះពិនិត្យ មជ្ឈមណ្ឌលប្រតិបត្តិការធំ ក្នុងតំបន់ Thessaly កាលពីល្ងាចថ្ងៃអាទិត្យ និងបានប្រកាសថា វិធានាការផ្តល់ជំនួយសង្គ្រោះបន្ទាន់ផ្នែកហិរញ្ញវត្ថុចម្រុះ នឹងត្រូវបានផ្តល់ឲ្យដល់អ្នកទាំងឡាយណា ដែលទទួលរងដោយដោយព្យុះ។ លោក Mitsotakis នឹងជួបជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងទីក្រុង Strasbourg ប្រទេសបារាំងនៅថ្ងៃអង្គារ។ លោកបាននិយាយថា លោក មានបំណងធានាបានថា ប្រទេសក្រិកអាចទទួលបានមូលនិធិបន្ថែមទៀតដើម្បីដោះស្រាយផលប៉ះពាល់ដោយសារព្យុះ ដែលទំហំនៃផលប៉ះពាល់លោកបាននិយាយថា ហួសពីការព្យាករណ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM