ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សមាជិករដ្ឋសភានីតិកាលទី៧ ធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង

2023/08/22 01:35:36 am        1052
ភ្នំពេញ ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា នារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣នេះ បានដឹកនាំសមាជិករដ្ឋសភា នីតិកាលទី៧ ក្រោយប្រកាសសុពលភាពដើម្បីចូលធ្វើសច្ចាប្រណិធាននៅព្រះទីនាំងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំង។​នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ នៅក្នុងឱកាសដ៏មហានក្ខតឫក្សថ្លៃថ្លា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្ដែងនូវក្ដីសោមនស្ស រីករាយ ចូលរួមអបអរសាទរដ៏កក់ក្តៅជូនចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ។ព្រះករុណាព្រះមហាក្សត្រទ្រង់មានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមាន អំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ព្រះករុណាមានព្រះរាជបន្ទូលថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូលធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនាការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ខណៈច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឱ្យប្រទេសកម្ពុជា មានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។សូមជម្រាបថា សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តនៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ព្រឹក ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា, ប្រធាន អនុប្រធានគណៈ កម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមបងប្អូនសាសនា Universal White Brotherhoodធ្វើពិធីកម្មគុណធម៌នៅបឹងទឹកកកក្នុងប្រទេសប៊ុលហ្គារី

2023/08/21 09:50:19 pm        609
ក្រុមសាវ័កស្លៀកពាក់ស.ប្រហែល ៣ពាន់នាក់របស់ក្រុមបងប្អូនសាសនា Universal White Brotherhoodបានធ្វើពិធីកម្មដឹងគុណអំឡុងការជួបជុំគ្នារយៈពេល ៣ថ្ងៃនៅលើបឹងទឹកកក ស្ថិតក្នុងតំបន់ភ្នំ Rila ប្រទេសប៊ុលហ្គារី ដើម្បីប្រារព្ធឆ្នាំទេវថ្មីជិតចូលមកដល់របស់ចលនាសាសនាមួយនេះ ។ ជារៀងរាល់ឆ្នាំ ក្រុមអ្នកគោរពបូជារបស់ចលនាសាសនាមួយនេះ ដែលរួមបញ្ចូលគ្រិស្តសាសនាជាមួយទេវកថាឥណ្ឌា ប្រារព្ធឆ្នាំទេវថ្មីរបស់ពួកគេនៅលើវាលស្មៅជាប់មាត់បឹងទឹកកករបស់ប្រទេសប៊ុលហ្គារីមួយនេះ ។ ប៉ុន្តែវាឆ្លុះបញ្ចាំងផងដែរនូវអ្វីដែលស្ថាបនិកបង្កើតចលនាសាសនានេះចាត់ទុកថាជាលំហាត់តន្រ្តីរួមកាយ ចិត្ត គំនិតតែមួយ “Paneurhythmy”( ផែនញូរីសមី) គឺជាពិធីសាសនាមួយដែលក្រុមអ្នកបូជានិយាយថា វាមានទំនាក់ទំនងនឹងកម្លាំងចក្រវាឡ ។ យោងតាមកម្ពីរស្តីពីពិធីកម្មនេះ បានឲ្យដឹងថា ពិធីកម្ម Paneurhythmy គឺជាប្រព័ន្ធនៃលំហាត់រាងកាយ និងតន្រ្តី ដែលត្រូវបានបង្កើតឡើងដោយស្ថាបនិជនជាតិប៊ុលហ្គារី Peter Deunov អំឡុងចន្លោះឆ្នាំ ១៩២២ និងឆ្នាំ ១៩៤៤ ។ លំហាត់នេះ គឺដើម្បីសម្រេចតុល្យភាពក្នុង និងការស៊ីគ្នា ។ លោក Deunovបានចាត់ទុកវាថាជាវិទ្យាសាស្រ្ត ដែលមានបំណងគ្រប់គ្រងមុខងាររាងកាយ វិញ្ញាណ និងផ្លូវចិត្ត ។ ពេលអនុវត្តន៍ ក្រុមសាវ័ក ត្រូវធ្វើចលនាបង្វិលខ្លួនយឺតៗតាមរង្វង់រយៈពេល ៨០នាទី នៅលើវាលស្មៅ ឬរង្វង់ទឹកកកជិតមាត់បឹង Kidneyអមដោយក្រុមលេងវីយូឡុង និងក្រុមចម្រៀង ៕

សួនផ្កាទួលីបដ៏ល្បីនៅតំបន់កាស្មៀប្រទេសឥណ្ឌា ចុះបញ្ជីក្នុងសៀវភៅកំណត់ត្រាពិភពលោក

2023/08/21 08:03:09 pm        732
ឥណ្ឌា៖  កាលពីថ្ងៃអាទិត្យម្សិលមិញ សួនផ្កាទូលីបដ៏ល្បីល្បាញនៅតំបន់កាស្មៀ ប្រទេសឥណ្ឌា ត្រូវបានចុះបញ្ជីដោយសៀវភៅកំណត់ត្រាពិភពលោកក្រុងឡុងដ៍្រ ថាជាសួនផ្កាស្អាតបំផុតលើកដំបូងនៅអាស៊ី ។  ផ្កាទូលីបរាប់រយប្រភេទ បានរីកស្គុះស្គាយក្នុងរដូវផ្ការីក ចាប់ពីពាក់កណ្តាលខែមីនា រហូតដល់ដំណាច់ខែមេសា ហើយនិងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ ។  លោក Santosh Shukluគឺជាប្រធានសៀវភៅកំណត់ត្រាពិភពលោកក្រុងឡុងដ៍្រ និយាយថា ពេលដែលយើងមើលឃើញពិភពលោកមកស្គាល់ និងទស្សនាសួនផ្កាទួលីបក្រុង Srinagar និងកំណើនចំនួនភ្ញៀវទេសចរនៅសួនផ្កាទូលីប សួនផ្កានៅទីនេះ ជាពិសេសសួនផ្កាទូលីប ពិតជាល្បីល្បាញខ្លាំងណាស់នៅទូទាំងពិភពលោក ។ ដូច្នេះហើយ ហេតុអ្វីបានជាពួកយើងមិនផ្តល់រង្វាន់ដល់សួនផ្កាទូលីប ថាជាសួនផ្កាទូលីបស្អាតបំផុតដំបូងបង្អស់នៅអាស៊ី? ដូច្នេះហើយ យោងតាមការណែនាំរបស់សមាជិកសភាអង់គ្លេស វិញ្ញាបនប័ត្រត្រូវបានប្រគល់ជូនស្នងការនាយកដ្ឋានសាកវប្បកម្មឥណ្ឌា ។  ស្ថិតនៅជើងភ្នំនៃជួរភ្នំ Zabarwan ក្នុងទីក្រុង Srinagarរដ្ឋធានីរដូវក្តៅនៃរដ្ឋចាមមូ និងកាស្មៀ ហើយនិងមើលឃើញបឹងដ៏ល្បី Dal សួនផ្កាទូលីប ស្ថិតនៅក្នុងចំណោមតំបន់ទេសចរណ៍នៃក្តីសុបិនបំផុតរបស់ប្រទេសឥណ្ឌា ៕

លោក Lee Hsien Loong៖ សិង្ហបុរី រំពឹងថានឹងមើលឃើញកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣នេះ

2023/08/21 07:53:58 pm        174
សិង្ហបុរី៖  នាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loongនិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោករំពឹងថានឹងមើលឃើញកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣នេះ ។  ថ្លែងអំឡុងសុន្ទកថាប្រចាំឆ្នាំ National Day Rally លោក Leeបាននិយាយព្រមានដល់ប្រជាពលរដ្ឋសិង្ហបុរីថា ទោះបីជាយ៉ាងណាក៏ដោយ ការឡើងកម្តៅផែនដី នឹងធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មចំណីអាហារ និងតម្លៃសកល ។  លោកថា ការឡើងកម្តៅផែនដី ពិភពលោកកំពុងឆ្លងកាត់អាកាសធាតុក្តៅជាងមុន ។ ចាប់ពីប្រទេសចិន ដល់ជប៉ុន ដល់អឺរ៉ុប និងសហរដ្ឋអាមេរិក គ្មានតំបន់ណាមួយថាគ្មានទឹកជំនន់ គ្រោះរាំងស្ងួត រលកកម្តៅ និងភ្លើងឆេះព្រៃនោះទេ ។ នេះនឹងធ្វើឲ្យប៉ះពាល់ដល់ការផលិតចំណីអាហារ និងតម្លៃនៅលើពិភពលោក ។   លោកបន្តថា លោកសង្ឃឹមថា ប្រទេសរបស់លោកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច ប៉ុន្តែលោកថា ទោះបីជាយ៉ាងក៏ដោយអតិផរណា នឹងនៅតែខ្ពស់ជាងអ្វីដែលពួកយើងធ្លាប់ជួប ។ អត្រាអតិផរណាស្នូលប្រចាំឆ្នាំរបស់សិង្ហបុរី ដែលមិនបូករួមការដឹកជញ្ជូនតាមផ្លូវឯកជន និងថ្លៃស្នាក់នៅ បានធ្លាក់ចុះមកនៅ ៤,២ភាគរយក្នុងខែមិថុនា ពីចំនួន ៤,៧ភាគរយកាលខែឧសភា ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍នេះដែរ លោក Leeនិយាយផងដែរថា ជម្លោះរឿងអាស្រូវនយោបាយដែលបានអង្រួនគណបក្សសកម្មភាពប្រជាជន(PAP)ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នឹងមិនពន្យាពេលការបន្តភាពជាអ្នកដឹកនាំរបស់លោកនោះទេ ហើយលោកមានរាល់ជំនឿចិត្តលើលោកឧបនាយករដ្ឋមន្រ្តី Lawrence Wong ។  សូមបញ្ជាក់ថា សង្ហបុរី នឹងរៀបចំការបោះឆ្នោតនៅឆ្នាំ ២០២៥ខាងមុខនេះ ហើយគណបក្ស PAPបន្តក្តោបក្តាប់អំណាច ចាប់តាំងពីសង្ហបុរីក្លាយជាប្រទេសឯករាជ្យកាលពីឆ្នាំ ១៩៦៥រហូតមក ៕

បេក្ខជនប្រឆាំងអំពើពុករលួយប្រទេសហ្គាតេម៉ាឡា បានឈ្នះតំណែងប្រធានាធិបតីដោយលទ្ធផលយ៉ាងលើសលប់

2023/08/21 07:51:15 pm        192
ហ្គាតេម៉ាឡា៖ លទ្ធផលបោះឆ្នោតបឋមបានបង្ហាញថា មេដឹកនាំប្រឆាំងអំពើពុករលួយរបស់ហ្គាតេម៉ាឡា លោក Bernardo Arevalo ត្រូវបានបោះឆ្នោតធ្វើជាប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ជាជ័យជំនះមួយដែលអ្នកបោះឆ្នោតជាច្រើនសង្ឃឹមថា នឹងផ្លាស់ប្តូរបញ្ហាដ៏រីករាលដាលនៃអំពើពុករលួយ និងរបបផ្តាច់ការនៃរដ្ឋបាលពីមុនរបស់ប្រទេសនេះ។លោក Arevalo ដែលជាអតីតអ្នកការទូតវ័យ៦៤ឆ្នាំ និងជាកូនប្រុសរបស់អតីតប្រធានាធិបតីហ្គាតេម៉ាឡា ទទួលបានជ័យជម្នះដ៏លើសលប់ក្នុងការបោះឆ្នោត បន្ទាប់ពីសម្លេង៩៤% នៃសន្លឹកឆ្នោតត្រូវបានរាប់ដោយលោកទទួលបានសម្លេងគាំទ្រនាំមុខចំនួន៥៩% ទល់នឹងសម្លេង៣៦% របស់អតីតស្រ្តីទីមួយតបស់ប្រទេសនេះ គឺលោកស្រី Sandra Torres។លោក Arevalo ទទួលបានជ័យជម្នះ ខណៈអំពើហឹង្សា និងអសន្តិសុខស្បៀងអាហារបានវាយប្រហារប្រទេស ដែលបង្កឲ្យមានរលកថ្មីនៃការធ្វើអន្តោប្រវេសន៍។ ប្រជាជនហ្គាតេម៉ាឡា ឥឡូវនេះតំណាងឱ្យចំនួនច្រើនបំផុតនៃជនជាតិអាមេរិកកណ្តាល ដែលកំពុងធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក។ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានប្រកាសលទ្ធផលនៃការបោះឆ្នោត អ្នកគាំទ្ររបស់លោក Arevalo មួយចំនួនបាននាំគ្នាដើរតាមដងផ្លូវដើម្បីអបអរ។ ប្រជាជនហ្គាតេម៉ាឡាជាច្រើននាក់ក៏បាននិយាយផងដែរថា ពួកគេសង្ឃឹមថាជ័យជម្នះរបស់លោក Arevalo នឹងបង្ហាញពីអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេស។លោក Arevalo បានចេញមកដោយមិននឹកស្មានដល់ពីភាពស្រពិចស្រពិលផ្នែកនយោបាយ ដើម្បីបង្កើតចលនាប្រឆាំងអំពើពុករលួយដ៏ធំមួយជាមួយគណបក្ស Semilla របស់ខ្លួន បន្ទាប់ពីបេក្ខជនប្រឆាំងជាច្រើនរូបទៀតត្រូវបានរារាំងមិនឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ ជ័យជម្នះរបស់លោក ជាការបដិសេធចំពោះបណ្ដាគណបក្សនយោបាយរបស់ប្រទេសហ្គាតេម៉ាឡា ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា៕

មន្ត្រីហ្វីលីពីន៖ សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី គ្រោងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង

2023/08/21 07:47:29 pm        154
ហ្វីលីពីន៖ ក្រុមមន្ត្រីសន្តិសុខហ្វីលីពីន បាននិយាយកាលពីថ្ងៃអាទិត្យ (២០សីហា) ថា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី កំពុងរៀបចំផែនការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រចិនខាងត្បូង ពីភាគខាងលិចហ្វីលីពីនក្នុងសប្តាហ៍នេះ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះនីតិរដ្ឋនៅក្នុងតំបន់ បន្ទាប់ពីការឈ្លានពានរបស់ប្រទេសចិននៅក្នុងដែនទឹកជម្លោះនាពេលថ្មីៗនេះ។កាលពីថ្ងៃទី៥ ខែសីហា នាវាឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងនាវាហ្វីលីពីន នៅក្នុងផ្លូវទឹកសមុទ្រចិនខាងត្បូង ដែលជម្លោះនៅក្នុងតំបន់សមុទ្រនោះ ត្រូវបានចាត់ទុកជាយូរមកហើយថាជាចំណុចសក្ដានុពលមួយ ហើយបានក្លាយជាខ្សែបន្ទាត់កំហុសមួយ ក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិននៅក្នុងតំបន់ផងដែរ។សមយុទ្ធនេះ នឹងរួមបញ្ចូលយន្តហោះ និងឧទ្ធម្ភាគចក្រ ចំនួន៣គ្រឿង ដែលធ្វើដំណើររួមគ្នាក្នុងការបង្ហាញកម្លាំង និងធ្វើសមយុទ្ធរួមគ្នា។ មន្ត្រីសន្តិសុខហ្វីលីពីនពីររូបបានប្រាប់សារព័ត៌មានAPថា មេបញ្ជាការរបស់ពួកគេ គ្រោងនឹងជួបជាមួយសមភាគីហ្វីលីពីននៅទីក្រុងម៉ានីល បន្ទាប់ពីសមយុទ្ធនៅឯនាយសមុទ្រនេះ។មន្ត្រីរូបនោះបាននិយាយថា ប្រទេសហ្វីលីពីននឹងមិនចូលរួមជាផ្នែកមួយនៃសមយុទ្ធនៅសប្តាហ៍នេះទេ ដោយសារការកំណត់ផ្នែកភស្តុភារយោធា ប៉ុន្តែខ្លួនបើកចំហដើម្បីក្លាយជាអ្នកចូលរួមសមយុទ្ធនាពេលអនាគត។ សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលបានបង្ហាញការគាំទ្រភ្លាមៗចំពោះហ្វីលីពីន និងការព្រួយបារម្ភចំពោះសកម្មភាពរបស់ចិន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏តានតឹងក្នុងសមុទ្រចិនខាងត្បូងកាលពីដើមខែនេះ៕

មនុស្ស៧នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅប្រទេសប្រេស៊ីល

2023/08/21 07:44:02 pm        120
ប្រេស៊ីល៖ ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ និងមនុស្ស២៧នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ (២០ សីហា) នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល នៅពេលដែលអ្នកបើកបរបានបាត់បង់ការគ្រប់គ្រងរថយន្តក្រុង ដែលដឹកអ្នកគាំទ្របាល់ទាត់នៅលើផ្លូវភ្នំ។ ពួកគេបាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវហាយវ៉េមួយនៅជិតទីក្រុង Belo Horizonte ក្នុងរដ្ឋ Minas Gerais ប្រទេសប្រេស៊ីល។ក្រុមអ្នកដំណើរដែលត្រូវបានសម្ភាសន៍ដោយគេហទំព័រព័ត៌មាន G1 បាននិយាយថា អ្នកបើកបរបានស្រែកថាខ្លួនមិនអាចជាន់ហ្វ្រាំងភ្លាមៗ មុនពេលបាត់បង់ការគ្រប់គ្រងរថយន្ត។ អ្នកគាំទ្រជាង៤០នាក់នៃក្លឹបបាល់ទាត់ Corinthians នៃទីក្រុងសៅប៉ូឡូ បានស្ថិតនៅលើឡានក្រុងដោយត្រលប់មកពីការប្រកួតកាលពីយប់មុននៅទីក្រុង Belo Horizonte ។លោក Fernando Frois អនុសេនីយឯកនៃក្រុមអ្នកពន្លត់អគ្គិភ័យរដ្ឋ Minas Gerais បានរាយការណ៍ពីចំនួនអ្នកស្លាប់ និងរបួស ប៉ុន្តែមិនបានប្រាប់ថាអ្នកទាំងនោះស្ថិតក្នុងស្ថានភាពបែបណានោះទេ។ ទីភ្នាក់ងារជាតិដឹកជញ្ជូនផ្លូវគោករបស់ប្រទេស (ANTT) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តក្រុងនោះមិនមានចុះបញ្ជី និងខ្វះការអនុញ្ញាតក្នុងការដឹកជញ្ជូនអ្នកដំណើររវាងរដ្ឋផងដែរ៕

ប្រទេសឥណ្ឌា ប្រកាសពីកាលវិភាគនៃការចុះចតសម្ពាធស្រាលរបស់បេសកកម្មព្រះចន្ទ

2023/08/21 07:41:16 pm        152
ឥណ្ឌា៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានប្រកាសជាផ្លូវការកាលពីថ្ងៃអាទិត្យ (២០សីហា) ថា ម៉ូឌុលចុះចតនៃបេសកកម្មព្រះចន្ទដែលកំពុងបន្តរបស់ឥណ្ឌា ឈ្មោះចន្ត្រាយាន-៣ (Chandrayaan-3) ត្រូវបានកំណត់ពេលចុះចតលើផ្ទៃព្រះចន្ទនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ ប្រហែលម៉ោង៦:០៤នាទីល្ងាច ម៉ោងស្តង់ដារឥណ្ឌា។ទីភ្នាក់ងារអវកាសនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពេលវេលាចុះចតនោះ នឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ខ្លួន រួមជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Doordarshan ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗដូចជាបណ្ដាញសង្គម Facebook និងកម្មវិធីវីដេអូ YouTube ជាដើម។ យានចន្ត្រាយាន-៣ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី១៤ ខែកក្កដា ហើយបានបំបែកចេញពីយានអវកាសកាលពីថ្ងៃព្រហស្បតិ៍។អង្គការ ISRO បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សាលារៀន និងស្ថាប័នអប់រំទាំងអស់នៅទូទាំងប្រទេសអាស៊ីខាងត្បូង ត្រូវបានអញ្ជើញឱ្យចែករំលែកព័ត៌មានយ៉ាងសកម្មក្នុងចំណោមសិស្សានុសិស្ស និងរៀបចំការផ្សាយបន្តផ្ទាល់ពីការចុះចតយានអវកាសរបស់ខ្លួននៅក្នុងបរិវេណទីតាំងអាគាររបស់ពួកគេផងដែរ៕

មនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ ក្នុងការវាយប្រហារលើភូមិមួយនៅភាគកណ្តាលប្រទេសម៉ាលី

2023/08/21 07:38:39 pm        138
ម៉ាលី៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងប្រដាប់អាវុធបានសម្លាប់មនុស្សយ៉ាងហោចណាស់ 23 នាក់ និងរបួស 12 នាក់នៅក្នុងការវាយប្រហារលើភូមិមួយនៅកណ្តាលប្រទេសម៉ាលី។ លោក Sidi Mohamed El Bechir អភិបាលនៃតំបន់ Bandiagara ជាកន្លែងដែលការវាយប្រហារបានកើតឡើងបាននិយាយថា បុរសមិនស្គាល់អត្តសញ្ញាណបានសម្លាប់មនុស្សរាប់សិបនាក់ និងបានដុតបំផ្លាញផ្ទះជាច្រើនខ្នងនៅក្នុងភូមិ Yarou កាលពីថ្ងៃសុក្រ។លោក Amadou Lougué ប្រធានអង្គការយុវជនក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យ (២០ សីហា) ថា ជនដៃដល់ទាំងនោះបានបន្តនៅក្នុងភូមិរហូតដល់ម៉ោង៧យប់ ហើយបានដុតបំផ្លាញផ្នែកនៃភូមិ វាយកម្ទេចហាងលក់ទំនិញ និងបានលួចយកគោក្របីរបស់អ្នកភូមិទៀតផង។ ការវាយប្រហារនេះមិនត្រូវបានអះអាងពីក្រុមឧក្រិដ្ឋជនណាមួយនោះទេ។សហគមន៍នៅទូទាំងភាគកណ្តាល និងភាគខាងជើងប្រទេសម៉ាលី បានស្ថិតក្នុងការក្ដោបក្តាប់នៃអំពើហិង្សាប្រដាប់អាវុធជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២មក។ ក្រុមឧទ្ទាមជ្រុលនិយមត្រូវបានបង្ខំឱ្យចេញពីអំណាចនៅក្នុងទីក្រុងភាគខាងជើងនៃប្រទេសអាហ្វ្រិកខាងលិចមួយនេះនៅឆ្នាំបន្ទាប់ ដោយមានជំនួយពីប្រតិបត្តិការយោធាដឹកនាំដោយប្រទេសបារាំង។ ប៉ុន្តែពួកគេបានប្រមូលផ្តុំគ្នាឡើងវិញនៅតំបន់វាលខ្សាច់ ហើយចាប់ផ្តើមវាយប្រហារលើកងទ័ពម៉ាលី និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះផងដែរ៕

អង្គការឧតុនិយមពិភពលោក៖ បញ្ហាអាកាសធាតុ នឹងក្លាយជារឿងធម្មតា

2023/08/21 07:36:03 pm        132
អង្គការឧតុនិយមពិភពលោកនិយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ បានក្លាយទៅជារឿងធម្មតាថ្មី ខណៈរលកកម្ដៅបន្តវាយប្រហារលើផ្នែកធំៗនៃពិភពលោក។ សេវាបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបាននិយាយនៅដើមខែនេះថា ខែកក្កដាត្រូវបានបញ្ជាក់ថាជាខែក្តៅបំផុតនៅលើផែនដីចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៤០មក។ទិន្នន័យរបស់ទីភ្នាក់ងារនេះបានបង្ហាញថា សីតុណ្ហភាពមធ្យមជាមធ្យមរបស់ពិភពលោកគឺមានកម្រិត ១៦,៩៥អង្សាសេកាលពីខែមុន លើសពីកំណត់ត្រាមុនដែលមានកម្រិត១៦,៦៣អង្សាសេ បានកំណត់ក្នុងខែកក្កដា ឆ្នាំ២០១៩។ សីតុណ្ហភាពជាមធ្យមលើផ្ទៃសមុទ្ររបស់ពិភពលោកបានបន្តកើនឡើង បន្ទាប់ពីរយៈពេលដ៏យូរនៃសីតុណ្ហភាពខ្ពស់មិនធម្មតា ដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងខែកក្កដា។កាលពីខែកក្កដា តំបន់ទឹកកកសមុទ្រអង់តាក់ទិក ក៏បានឈានដល់កម្រិតទាបបំផុតចាប់តាំងពីការសង្កេតផ្កាយរណបបានចាប់ផ្តើមមកផងដែរ។ លោក Alvaro Soto អ្នកជំនាញអាកាសធាតុនៃអង្គការ WMO បាននិយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបានក្លាយជារឿងធម្មតាថ្មី ហើយបញ្ហាទាំងនោះនឹងមិនមែនជារឿងភ្ញាក់ផ្អើលទៀតនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោក មីន អោងឡាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមខែកញ្ញា
08/18/2026 04:08 PM
រយៈពេល១ឆ្នាំ៖ សមត្ថកិច្ចបញ្ជូនសំណុំរឿង Online Scams ជិត ៤០០ករណីទៅតុលាការ និងជនសង្ស័យជាង៤ពាន់នាក់
08/18/2026 04:08 PM
សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក
08/18/2026 04:08 PM
កម្ពុជា-ចិនដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមហ្យូអរកូត សម្រួលការទូទាត់រវាងប្រទេសទាំងពីរ
08/18/2026 03:08 PM
កងកម្លាំងប្រដាប់អាវុធយេម៉ែន ធ្វើប្រតិបត្តិការយោធា ១៣៣ លើក ប្រឆាំងនឹងទីតាំងរបស់ក្រុមហ៊ូទី ក្នុង រយៈពេល ២៤ម៉ោង
08/18/2026 03:08 PM
បេសកជន៖ អាហ្វហ្គានីស្ថានចង់ដោះស្រាយការខ្វែងគំនិតជាមួយប៉ាគីស្ថានតាមរយៈការចរចា ជាជាងប្រើកម្លាំង
08/18/2026 03:08 PM
[UPDATE] អ្នក​ស្លាប់​ដោយសារ​ការបាញ់ប្រហារ ក្នុង​វិទ្យាល័យនៅភាគខាងត្បូងហ្វីលីពីន កើន​ឡើង​ដល់ ៤នាក់
08/18/2026 03:08 PM
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ៖ ការនាំចេញផលិតផលស្រស់ និងកែច្នៃត្រូវតែដើរទន្ទឹមគ្នា ចៀសវាងការជុញផលិតផលលើទីផ្សារ
08/18/2026 03:08 PM
អ៊ីរ៉ាក់នឹងស៊ើបអង្កេតការវាយប្រហារដោយដ្រូនលើការិយាល័យនាយករដ្ឋមន្ត្រីតំបន់ឃើដឌីស្តង់
08/18/2026 03:08 PM
អនុរដ្ឋមន្ត្រីការពារជាតិនិយាយថា ប៉ូឡូញកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមដែលអាចកើតមាន
08/18/2026 03:08 PM