ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រជាជនអេក្វាឌ័រតវ៉ាទាំងកំហឹងនៅខាងក្រៅគ្លីនិក បន្ទាប់ពីបេក្ខជនប្រធានាធិបតីត្រូវបានសម្លាប់

2023/08/10 09:24:37 pm        364
អេក្វាឌ័រ៖ ប្រជាជនអេក្វាឌ័រ បានតវ៉ាទាំងកំហឹងនៅខាងក្រៅគ្លីនិក ជាទីដែលបេក្ខជនប្រធានាធិបតីអេក្វាឌ័រ លោក Fernando Villavicencio បានស្លាប់កាលពីថ្ងៃពុធ (៩ សីហា) បន្ទាប់ពីត្រូវបានបាញ់ប្រហារនៅក្នុងការជួបជុំយុទ្ធនាការបោះឆ្នោតមួយក្នុងទីក្រុងគីតូ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការបាញ់ប្រហារប្រហែល៣០គ្រាប់បានកើតឡើង ខណៈវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា លោក Villavicencio ព្យាយាមចូលទៅក្នុងរថយន្តបន្ទាប់ពីព្រឹត្តិការណ៍នេះ នៅមុនពេលមានសំឡេងកាំភ្លើង និងសម្រែកកើតឡើង។ការិយាល័យអគ្គមេធាវីបាននិយាយថា ក្រោយមកមានជនសង្ស័យម្នាក់ក្នុងឧក្រិដ្ឋកម្មនោះបានស្លាប់ដោយសាររបួស នៅក្នុងការបាញ់ប្រហារ។ អំពើហិង្សានេះបានធ្វើឲ្យមនុស្ស៩នាក់ផ្សេងទៀតរងរបួស ដែលក្នុងនោះមានបេក្ខជនតំណាងរាស្រ្តម្នាក់ និងមន្ត្រីនគរបាលពីរនាក់។រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Guillermo Lasso បានទម្លាក់កំហុសលើកំណើននៃអំពើហឹង្សានៅតាមដងផ្លូវ និងនៅក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងជម្លោះផ្ទៃក្នុងរបស់ក្រុមឧក្រិដ្ឋជន ក្នុងការដណ្តើមគ្រប់គ្រងច្រករត់ពន្ធ ដែលប្រើប្រាស់ដោយក្រុមជួញដូរម៉ិកស៊ិក ក្រុមម៉ាហ្វីយ៉ា អាល់បានី និងក្រុមឧក្រិដ្ឋជនដទៃទៀតក្នុងការដឹកជញ្ចូនគ្រឿងញៀន។ លោកបាននិយាយថា លោកនឹងទទួលក្រុមមន្ត្រីសន្តិសុខជាន់ខ្ពស់នៅឯកិច្ចប្រជុំបន្ទាន់មួយ។លោក Villavicencio អតីតអ្នកសហជីព និងអ្នកកាសែត គឺជាអ្នករិះគន់ដោយឥតសំចៃមាត់អំពើពុករលួយ និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ហើយបានសន្យាថានឹងប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងកាត់បន្ថយការគេចពន្ធផងដែរ ប្រសិនបើលោកជាប់ឆ្នោត៕

ភាពជាប់គាំងនយោបាយចេះតែអូសបន្លាយរបស់ប្រទេសថៃ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច

2023/08/10 09:21:59 pm        335
ថៃ៖ រយៈពេលជិត៣ខែបន្ទាប់ពីការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា អនាគតនយោបាយមិនច្បាស់លាស់របស់ប្រទេសថៃ បានដាក់សម្ពាធលើសេដ្ឋកិច្ច ដែលទំនងជាពន្យារការចំណាយរបស់រដ្ឋាភិបាល ដែលជាគន្លឹះក្នុងការងើបឡើងរបស់ប្រទេសនេះក្រោយការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។វិស័យធុរកិច្ចបានលើកឡើងពីក្តីបារម្ភអំពីល្បឿនដ៏យឺតនៃការបង្កើតរដ្ឋាភិបាលថ្មី និងការជ្រើសរើសនាយករដ្ឋមន្ត្រី ដែលបង្កឱ្យមានក្តីបារម្ភថា ភាពជាប់គាំងនយោបាយអាចបង្អាក់ទំនុកចិត្តក្នុងចំណោមវិនិយោគិនបរទេស ខណៈដែលសេដ្ឋកិច្ចត្រូវការការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។នាយកធនាគារពិភពលោកប្រចាំប្រទេសថៃ លោក Fabrizio Zarcone ហាក់ដូចជាយល់ស្របលើការលើកឡើងនោះ ដោយបាននិយាយនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃអង្គារនៅទីក្រុងបាងកកថា បញ្ហានយោបាយដែលអូសបន្លាយនេះ ត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច។នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ ប្រទេសថៃបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ៣៦៤ពាន់លានបាត (១០,៤ពាន់លានដុល្លារ) ពីគម្រោងចំនួន៨៩១គម្រោង នេះបើយោងតាមក្រុមប្រឹក្សាវិនិយោគ ជាទីភ្នាក់ងាររដ្ឋាភិបាលដែលមានភារកិច្ចទាក់ទាញអាជីវកម្មបរទេស។ តួលេខនោះនៅតែទាបជាងគោលដៅចំនួន៥០០ពាន់លានបាតសម្រាប់ឆ្នាំ២០២៣ទាំងមូល ជាពិសេសសម្រាប់ការវិនិយោគក្នុងបណ្ដាឧស្សាហកម្មដូចជាថ្នាំពេទ្យ គ្រឿងយន្ត និងរថយន្តអគ្គិសនីជាដើម៕

មន្ទីរទេសចរណ៍រាជធានីភ្នំពេញសហការជំរុញបុគ្គលបម្រើការក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ធ្វើបណ្ណសមធម៌

2023/08/10 09:20:56 pm        374
ភ្នំពេញ៖ ​ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរទេសចរណ៍ និងមន្ទីរផែនការ ជាសេនាធិការ នៅថ្ងៃទី១១ ខែសីហា ស្អែកនេះ នឹងសហការអនុវត្តយុទ្ធនាការសម្ភាសន៍ផ្តល់បណ្តសមធម៌ ជូនបុគ្គលបម្រើ នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនៅតែមិនទាន់ទទួលបានបណ្ណសមធម៌ ហើយក្នុងយុទ្ធនាការសម្ភាសន៍ក៏អមដោយការស្ម័គ្រចិត្តធ្វើតេស្តរកមេរោគអេដស៍នេះ នឹងធ្វើឡើងនៅរមណីយដ្ឋានវត្តភ្នំ។បើតាមលោកស្រី ហង្ស ស័ក្តរ៉ូហ្សា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់BTVនៅថ្ងៃទី១០ខែ សីហានេះ ថា នៅពេលនេះ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានត្រៀមរួចរាល់ បង្កើនកិច្ចសហការជាមួយមន្ទីរផែនការនៃក្រសួងផែនការ ចុះក្រើនរំលឹក និងណែនាំឲ្យបុគ្គលបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ ដែលមិនទាន់ទទួលបានបណ្ណសមធម៌ ឬបណ្ណមូលនិធិសមធម៌សុខាភិបាល អញ្ជើញទៅផ្តល់ការសម្ភាសន៍ជាមន្ត្រីនៃក្រសួងផែនការ ដែលនឹងចាប់ផ្តើមអនុសាកល្បង២សង្កាត់មុនគេ នៅក្នុងខណ្ឌដូនពេញ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីទទួលបានបណ្ណសមធម៌ ដើម្បីទទួលបានការថែទាំ ការពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលឥតគិតថ្លៃ។លោកស្រី បន្តថា ការធ្វើបណ្ណមូលនីធិសមធម៌ ឬហៅ (ម.ស.ស ) ចេញដោយបេឡាជាតិសន្តិសុខសង្គម គឺមានរបៀបធ្វើខុសពីការធ្វើបណ្ណសមធម៌ដែលចេញដោយក្រសួងផែនការផ្តល់ជូនតែលើគ្រួសារក្រីក្រ ហើយបុគ្គលបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ គឺអាចមានជម្រើសពីរ ក្នុងការធ្វើបណ្ណទាំងនេះ ដើម្បីទទួលបានបណ្ណសមធម៌ ដើម្បីទទួលបានការថែទាំ ការពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលឥតគិតថ្លៃ។យ៉ាងណាក៏ដោយ តាមរបាយការណ៍របស់ឯកឧត្តម ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បុគ្គលិកសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន2 693នាក់ក្នុងនោះ ស្រី1 306 នាក់ ទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាលរួចរាល់៕  អត្ថបទ ស៊ុម សុខជា

តម្រូវការឈាមកើនឡើងក្នុងរដូវជំងឺគ្រុនឈាម មន្ទីរពេទ្យគន្ធបុប្ផាអំពាវនាវឱ្យពលរដ្ឋជួយបរិច្ចាគ

2023/08/10 09:08:10 pm        414
ភ្នំពេញ៖ ខណៈតម្រូវការឈាមកំពុងកើនឡើងក្នុងរដូវកាលជំងឺគ្រុនឈាម មន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមបរិច្ចាគឈាម ​ដើម្បីជួយសង្គ្រោះកុមារពីជំងឺគ្រុនឈាម ។មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី១០ខែសីហានេះ ​លោកវេជ្ជបណ្ឌិតឯកទេសកុមារ តឹត លីវណ្ណារ៉ា អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ​បានឱ្យដឹងថា ចាប់ពីខែឧសភាឆ្នាំនេះ រហូតមកដល់បច្ចុប្បន្ន តំរូវការឈាមកើនឡើងខ្លាំង ​ដែលជាមធ្យមមន្ទីរពេទ្យត្រូវប្រើអស់ ៩០ប្លោកក្នុងមួយថ្ងៃ។ការកើនឡើងនេះ ដោយសារមានការកើនឡើងច្រើននូវជំងឺគ្រុនឈាមធ្ងន់ៗ ដែលករណីខ្លះ​ត្រូវការ​បញ្ចូលឈាម និងប្លាស្មារពី១០ទៅ១៥ប្លោក។ក្រៅពីនេះ ក៏​មានករណីវៈកាត់ទូទៅ វៈកាត់បេះដូង ជំងឺមហារីកឈាម ​សម្រាលកូនដោយវៈកាត់ ​និងស្រ្តីឆ្លងទន្លេ​មាន​បញ្ហា​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ និង​ករណីគ្រោះថ្នាក់ចរាចរណ៍ធ្ញន់ៗជាដើម។លោកវេជ្ជបណ្ឌិតបន្តថា ដោយសារតម្រូវការឈាមមានការកើនឡើងខ្លាំង​ក្នុងការប្រើប្រាស់ជួយ​សង្គ្រោះ​អាយុជីវិតកុមារ ​និងស្រ្តីមានផ្ទៃពោះដែលត្រូវការឈាម ​ជាមធ្យម៨០ទៅ៩០ប្លោកក្នុង​មួយថ្ងៃ ​ហើយចំនួនអ្នកបរិច្ចាគឈាមមានការថយចុះ ដែលធ្វើអោយស្តុកឈាមក្នុង​មន្ទីពេទ្យ​គន្ធបុប្ផាមានការថយចុះ ​ដូច្នេះខ្ញុំសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ ជាពិសេសយុវជន ចូលរួម​បរិច្ចាគឈាមឱ្យមន្ទីរពេទ្យគន្ធបុប្ផា​ ដើម្បីឱ្យមន្ទីរពេទ្យមានស្តុកឈាមគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះអ្នកជំងឺ។ពលរដ្ឋបានឡើងដែរថា​ ការចូលរួមបរិច្ចាគឈាមនៅពេលនេះ គឺដើម្បីជួយសង្គ្រោះអាយុជីវិត​អ្នកជំងឺ​ត្រូវការឈាមជាចំបាច់ ​ហើយបន្ទាប់ពី​បរិច្ចាគឈាម​រួច​សុខភាព​ធម្មតា​មិនបង្កផលបះពាល់​អ្វីនោះទេ។ ជាមួយគ្នានេះ ​អ្នកមើលថែអ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរ​គុណ​ដល់មន្ទីពេទ្យ ​ដែលបានយកចិត្តទុកមើលថែ ​និងព្យាលបាល​ ក្នុងពេល​សាច់ញាតិ​សម្រាកនៅ​មន្ទីពេទ្យផងដែរ។ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ ​កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ​៤៦០០ករណី ក្នុងនោះ​ស្លាប់ករណីកើនឡើងជិត២ដង​ បើប្រៀបធៀបទៅនឹងរយៈពេល​៦ខែដូចគ្នា កាល​ពីឆ្នាំ​២០២២។ រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាម​កើតច្រើននោះរួមមាន៖ ​រាជធានី​ភ្នំពេញ កណ្តាល ​កំពង់ស្ពឺ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាប ​បន្ទាយមានជ័យ ​និងខេត្តតាកែវ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕ អត្ថបទ៖ទូច សោភ័ណ

Assad បានទម្លាក់កំហុសលើអំពើភេរវនិយមដែលនាំឲ្យមានការបំផ្លិចបំផ្លាញនៅប្រទេសស៊ីរី

2023/08/10 08:47:23 pm        91
ស៊ីរី៖ ប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ (Bashar al-Assad) បាននិយាយកាលពីល្ងាចថ្ងៃពុធថា អំពើភេរវនិយម បានបង្កឲ្យមានការបំផ្លិចបំផ្លាញ នៅក្នុងប្រទេសស៊ីរី ដោយនិយាយថា អ្នកដែលគាំទ្រភេរវនិយម គួរតែទទួលខុសត្រូវ។ថ្លែងទៅកាន់សារព័ត៌មាន Sky News Arabia ក្នុងបទសម្ភាសន៍មួយ លោកអាសាដ បានសង្កត់ធ្ងន់លើវិសាលភាពនៃការបំផ្លិចបំផ្លាញដែលបង្កឡើងដោយអំពើភេរវកម្មនៅក្នុងប្រទេសស៊ីរី ដោយបញ្ជាក់ថា គ្មានរដ្ឋណាមួយ មានចេតនាបំផ្លាញទឹកដីកំណើតរបស់ខ្លួនទេ។ លោកបានច្រានចោលទស្សនៈដែលថាកិច្ចប្រឹងប្រែងប្រឆាំងអំពើភេរវកម្ម អាចបំផ្លាញប្រទេសនេះ។យោងតាមលោកអាសាដ ប្រសិនបើប្រទេសស៊ីរី បានធ្វើតាមការទាមទាររបស់ប្រទេសមួយចំនួន សង្គ្រាមនេះ អាចត្រូវបានរារាំង។ ទោះជាយ៉ាងណា ការធ្វើដូច្នេះ នឹងធ្វើឲ្យមហន្តរាយដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនស៊ីរី។ទាក់ទងនឹងទំនាក់ទំនងរបស់ស៊ីរីជាមួយបណ្តាប្រទេសជាមិត្ត លោកបាននិយាយថា ការគាំទ្ររបស់ពួកគេ គឺចាំបាច់ ប៉ុន្តែបានសង្កត់ធ្ងន់ថា ភាពធន់ពិតប្រាកដ គឺស្ថិតនៅជាមួយប្រជាជនស៊ីរី៕

ប្រទេសចិនបញ្ជូននាវា និងយន្តហោះចម្បាំងជាច្រើនគ្រឿងទៅកាន់កោះតៃវ៉ាន់ ក្នុងការបង្ហាញកម្លាំងថ្មី

2023/08/10 07:38:25 pm        118
ចិន៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន បានបញ្ជូននាវារបស់កងទ័ពជើងទឹក និងយន្តហោះចម្បាំងមួយក្រុមធំ ទៅកាន់កោះតៃវ៉ាន់ ដោយបន្តដាក់សម្ពាធយោធារបស់ខ្លួននៅលើកោះនេះ។ប្រទេសចិន បានអះអាងថាកោះតៃវ៉ាន់ស្វ័យគ្រប់គ្រងមួយនេះ ជាទឹកដីរបស់ខ្លួន ហើយបានបញ្ជូនយន្តហោះជាទៀងទាត់ទៅកាន់កោះនេះ ដើម្បីជាប្រតិកម្មតបរាល់សកម្មភាពនយោបាយរបស់កោះនេះ។ កាលពីឆ្នាំមុន ខ្លួន ក៏បានបញ្ជូននាវារបស់កងទ័ពជើងទឹក ក៏ដូចជាយានដ្រូន ដើម្បីឆ្វែលមើលជុំវិញដែនទឹកនៅជិតកោះនេះ។ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនយន្តហោះចម្បាំងចំនួន ៣៣គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន៦ នៅចន្លោះម៉ោង ៦ព្រឹកថ្ងៃពុធ ដល់ម៉ោង ៦ព្រឹក ថ្ងៃព្រហស្បតិ៍នេះ។ យន្តហោះចម្បាំង J-10 និង J-16 បានហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន និងទៅភាគនិរតីនៃកោះតៃវ៉ាន់។ក្រសួងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា យោធារបស់កោះតៃវ៉ាន់ បានតាមដាននាវាចំនួន៥គ្រឿង នៅពេលពួកគេ បានធ្វើដំណើរក្នុងការសម្របសម្រួលជាមួយនឹងការហោះហើររបស់យន្តហោះចម្បាំង៕

អ្នកការទូត៖ ប្រទេសប៉ូឡូញចាប់ផ្តើមការត្រៀមលក្ខណៈផ្នែកយោធាជុំថ្មី ក្រោមលេសសិប្បនិម្មិត

2023/08/10 07:34:45 pm        129
រុស្ស៊ី៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក មីកហេល ហ្គាលុហ្ស៊ីន (Mikhail Galuzin) បានថ្លែងប្រាប់សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសប៉ូឡូញ បានចាប់ផ្តើមការត្រៀមលក្ខណៈផ្នែកយោធាជុំថ្មី ដោយផ្អែកលើលេសក្លែងក្លាយ។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានTASSថា៖ ការដាក់ពង្រាយកងកម្លាំងទាហានស៊ីឈ្នួលWagner របស់ PMC [ក្រុមហ៊ុនយោធាឯកជន] នៅក្នុងសាធារណៈរដ្ឋបងប្អូនរបស់យើង គឺគ្មានអ្វីក្រៅពីលេសសិប្បនិម្មិតមួយផ្សេងទៀតសម្រាប់ទីក្រុងវ៉ាសូវី ( Warsaw) ដើម្បីចាប់ផ្តើមការត្រៀមលក្ខណៈផ្នែកយោធាជុំថ្មីនោះទេ។យោងតាមលោកហ្គាលុហ្ស៊ីន ផែនការរបស់ប៉ូឡូញ ដើម្បីពង្រឹងព្រំដែនជាមួយបេឡារុស បន្ទាប់ពីការដាក់ពង្រាយកងកម្លាំង Wagnerរបស់PMC នៅក្នុងសាធារណរដ្ឋនេះ គឺពិតជាគំរាមកំហែងដល់សន្តិសុខរបស់រដ្ឋសហភាពនេះ។អ្នកការទូតរូបនេះ បានកត់សម្គាល់ថា៖«វាមិនងាយស្រួលទេក្នុងការពិចារណាការសម្រេចចិត្តបែបនេះ ក្រៅពីគោលនយោបាយយូរអង្វែងនៃការកសាងវឌ្ឍនភាពយោធាដ៏មានសក្ដានុពលរបស់អង្គការណាតូនៅតាមបរិវេណនៃព្រំដែនភាគខាងលិចនៃរដ្ឋសហភាពនេះ និងយោធូបនីកម្មជាក់ស្តែងរបស់ប្រទេសប៉ូឡូញ រួមជាមួយនឹងគោលនយោបាយបង្កហេតុរបស់ខ្លួនទាក់ទងនឹងប្រទេសរុស្ស៊ី និងបេឡារុស»៕

រដ្ឋមន្ត្រីការពារជាតិ៖ រុស្ស៊ីនឹងបង្កើនសន្តិសុខនៅព្រំដែនភាគខាងលិច

2023/08/10 07:30:37 pm        152
រុស្ស៊ី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបង្ហាញពីផែនការដើម្បីបញ្ជូនកងទ័ពបន្ថែមទៀតនៅតាមបណ្តោយព្រំដែនរុស្ស៊ីភាគខាងលិច ក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជាការគំរាមកំហែងធ្វើឡើងដោយសម្ព័ន្ធយោធាណាតូ។ លោក shoigu បានថ្លែងសុន្ទរកាថា នៅក្នុងកិច្ចប្រជុំក្រសួងការពារជាតិ កាលពីថ្ងៃពុធ។ លោកបានទទូចថា ការគាំទ្រផ្នែកយោធាដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប សម្រាប់អ៊ុយក្រែន កំពុងបង្កើតឲ្យមានការគំរាមកំហែងចំពោះហានីភ័យដើម្បីធ្វើឲ្យស្ថានភាពបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរឡើង។ លោកនិយាយថា ការគំរាមចំពោះសន្តិសុខរបស់រុស្ស៊ីមានច្រើនឡើង នៅប្រទេសរុស្ស៊ីភាគពាយព្យ និងភាគខាងលិច ដោយលើកឡើងពីការពង្រីកខ្លួនរបស់ណាតូ ជាមួយប្រទេសហ្វាំងឡង់ដែលបានចូលរួមជាសម្ព័ន្ធមិត្ត។ លោកបានកត់សំគាល់ថា ប្រទេសប៉ូឡូញ ជាសមាជិកណាតូ បានទិញអាវុធពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដើម្បីបង្កើនកងកម្លាំងយោធារបស់ខ្លួន។ លោក Shoigu និយាយថា ការឆ្លើយតបគ្រប់គ្រាន់គឺចាំបាច់ចំពោះដំណោះស្រាយចំពោះការគំរាមកំហែងទាំងនេះ។ រដ្ឋាភិបាលប៉ូឡូញ មានការប្រុងប្រយ័ត្នខ្ពស់ខណៈប្រទេសបេឡារុស ត្រូវបានគេជឿថាកំពុងទប់ទល់ក្រុមអ្នកប្រយុទ្ធពីក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជន Wagner បន្ទាប់ពីពួកគេ ធ្វើការប៉ះបោប្រដាប់អាវុធរយៈពេលខ្លីនៅក្នុងប្រទេសរុស្ស៊ី។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់កាលពីថ្ងៃពុធថា ប្រទេសនេះនឹងដាក់ពង្រាយកងទ័ពបន្ថែមចំនួន២.០០០នាក់ ទៅកាន់តំបន់មួយនៅជិតព្រំដែនជាមួយប្រទេសបេឡារុស។  ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពិខែមុនថា ការឈ្លានពានណាមួយទៅលើប្រទេសបេឡារុស នឹងត្រូវបានពិចារណាខណៈជាការឈ្លានមកលើរុស្ស៊ី។ ក្រសួងការពារជាតិប្រទេសបេឡារុស បានប្រកាសនៅសប្តាហ៍នេះថា ខ្លួននឹងធ្វើសមយុទ្ធយោធា នៅក្នុងតំបន់មួយជិតប្រទេសប៉ូឡូញ ដែលធ្វើឲ្យមានការព្រួយបារម្ភថា ភាពតានតឹងអាចកើនឡើងបន្ថែមទៀត៕

អាជ្ញាធររដ្ឋធានីប៉េកាំង សន្យាស្តារក្រុងឲ្យបានពេញលេញឡើងវិញក្នុងរយៈពេលបីឆ្នាំបន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយ

2023/08/10 07:27:21 pm        78
ចិន៖ រដ្ឋធានីប៉េកាំង ប្រទេសចិន គ្រោងនឹងចំណាយពេល៣ឆ្នាំខាងមុខ ដើម្បីស្តារក្រុងឡើងវិញយ៉ាងពេញលេញពីផលប៉ះពាល់នៃភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានវាយលុកទីក្រុងនេះចាប់ពីថ្ងៃទី២៩ ខែកក្កដាដល់ថ្ងៃទី២ ខែសីហា ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣៣នាក់ស្លាប់ និងមនុស្ស១៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នេះបើតាមក្រុមអាជ្ញាធរក្រុងកាលពីថ្ងៃពុធ។ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការគ្រប់គ្រងទឹកជំនន់ និងការងារសង្គ្រោះចុងក្រោយបង្អស់នៅក្នុងទីក្រុង អភិបាលរងក្រុងប៉េកាំងលោក សៀ លីនម៉ៅ (Xia Linmao) បានបង្ហាញពីផែនការដ៏ទូលំទូលាយរបស់ទីក្រុង ក្នុងការការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ និងតាមដានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។យោងតាមលោក សៀ បានឲ្យដឹងថា ផែនការនេះពាក់ព័ន្ធនឹងវិធីសាស្រ្ត៣យ៉ាងគឺ ការងើបឡើងវិញជាមូលដ្ឋានក្នុងរយៈពេលមួយឆ្នាំ ការកែលម្អយ៉ាងទូលំទូលាយក្នុងរយៈពេលបីឆ្នាំ និងចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យោងតាមក្រុមមន្ត្រីក្រុងប៉េកាំង បានឲ្យដឹងថា ភ្លៀងធ្លាក់ដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១៤០ឆ្នាំនោះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ក្រុមជួយសង្គ្រោះប្រហែល៣០.០០០នាក់បានចូលរួមក្នុងការងារសង្គ្រោះគ្រោះមហន្តរាយនៅរដ្ឋធានីប៉េកាំង។ យោងតាមក្រុមអាជ្ញាធរក្រុងបានឱ្យដឹងថា ផ្លូវទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៃស្រុកម៉ិនថូវហ្គូវ និងស្រុកហ្វាងសាន ត្រូវបានស្តារឡើងវិញជាបណ្តើរៗ ហើយទីក្រុងកំពុងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបន្តការផ្គត់ផ្គង់ទឹក ថាមពល និងសេវាទូរគមនាគមន៍នៅកន្លែងទាំងនោះឡើងវិញ៕

មនុស្សជាង១០នាក់រងរបួស ខណៈព្យុះត្រូពិកខ្លាំងបោកបក់មកលើប្រទេសជប៉ុន

2023/08/10 07:23:10 pm        100
ជប៉ុន៖ មនុស្សជាង១០នាក់បានរងរបួស ខណៈព្យុះត្រូពិកដ៏មានឥទ្ធិពល បាននាំមកនូវកម្លាំងខ្យល់បោកបក់និងភ្លៀងធ្លាក់ខ្លាំង មកកាន់ប្រទេសជប៉ុនភាគខាងលិច។ ព្យុះទីហ្វុង Khanun បានធ្វើឲ្យជនលិចតំបន់Kyushu និងតំបន់ Shikoku ដោយមានភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កើនហានីភ័យគ្រោះមហន្តរាយ។ ក្រុមពពកភ្លៀង កំពុងបង្កើតផ្លូវនៃព្យុះ ខណៈមន្ត្រីកំពុងព្រមានពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះទឹកទន្លេកើនឡើង ទឹកជំនន់ និងលំហូរដីល្បប់។មនុស្សយ៉ាងហោចណាស់១៤នាក់ បានរងរបួស នៅក្នុងតំបន់ Kyushu ដោយសារតែខ្យល់បក់ខ្លាំង។ ព្យុះនេះបានកាត់ផ្តាច់អគ្គិសនីដល់គ្រួសារជាង១ម៉ឺនគ្រួសារ នៅក្នុងតំបន់នេះ។ បំណាក់ដីល្បប់ បានកើតឡើងនៅម្ខាងផ្លូវ និងបានកាត់ផ្តាច់ចរចារណ៍។ ការដឹកជញ្ជូនក៏ត្រូវបានកាត់ផ្តាច់នៅក្នុងផ្នែកមួយចំនួននៅប្រទេសជប៉ុនភាគខាងលិច រួមទាំងសេវារថភ្លើងក្នុងតំបន់ និងជើងហោះហើរក្នុងស្រុក។ ព្យុះមួយផ្សេងទៀតត្រូវបានគេរតំពឹងថា នឹងចូលមកដល់ប្រជុំកោះ Ogasawara របស់ប្រទេសជប៉ុន នៅសមុទ្រប៉ាស៊ីហ្វិក រហូតដល់ថ្ងៃសៅរ៍។ ផ្លូវព្យុះត្រូពិកធ្ងន់ធ្ងរ Lan នៅតែពុំទាន់ច្បាស់នៅឡើយ ប៉ុន្តែមន្ត្រីអាកាសធាតុ និយាយថាវាអាចខិតទៅជិតកោះធំ Honshu របស់ប្រទេសជប៉ុន នៅសប្តាហ៍ក្រោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM
បែលហ្ស៊ិកបន្តព្យាយាមគ្រប់គ្រងភ្លៀងឆេះព្រៃធំបំផុតជាប់កំណត់ត្រារបស់ខ្លួន
08/18/2026 07:08 PM
WHO៖ ការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គៅ នៅអាចគ្រប់គ្រងបាន ក្នុងរយៈពេល ៣ខែ
08/18/2026 07:08 PM