ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Taro Aso៖ ជប៉ុន និងសហរដ្ឋអាមេរិក ត្រូវតែបង្ហាញការតាំងចិត្តធ្វើសង្រ្គាមដើម្បីកោះតៃវ៉ាន់

2023/08/08 09:19:42 pm        325
ជប៉ុន៖  អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Taro Asoបាននិយាយនៅថ្ងៃអង្គារនេះថា បរិស្ថានសន្តិសុខរឹងមាំជាងមុននៅច្រកសមុទ្រតៃវ៉ាន់ មានន័យថា ជប៉ុន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ត្រូវការបង្ហាញការតាំងចិត្តខ្លាំងក្នុងការការពារកោះតៃវ៉ាន់ បើសិនជាពួកគេរងការវាយប្រហារ ។  លោក Asoដែលជាមន្រ្តីនយោបាយជាន់ខ្ពស់ជាងគេបំផុតរបស់ជប៉ុន បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ ១៩៧២នោះ បានធ្វើសេចក្តីអធិប្បាយបែបនេះ នៅវេទិកាប្រចាំឆ្នំា Ketagalanដែលជាព្រឹត្តការណ៍មួយផ្តោតសំខាន់លើបញ្ហាសន្តិសុខក្នុងតំបន់ ។   លោក Asoពុំបានបញ្ជាក់ថា ចិនដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន គឺជាប្រទេសឈ្លានពាននោះទេ ប៉ុន្តែលោកនិយាយថា វាសំខាន់សម្រាប់ជប៉ុន ដែលជាប្រទេសជិតខាងកោះតៃវ៉ាន់ សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ត្រូវតែដាក់វិធានការទប់ស្កាត់យ៉ាងខ្លាំងក្លា ។  ថ្លែងនៅក្នុងវេទិកាតែមួយ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wenនិយាយថា រដ្ឋាភិបាលរបស់លោកស្រី បានប្តេជ្ញាចិត្តធ្វើឲ្យល្អប្រសើរឡើងវិស័យការពារជាតិរបស់ខ្លួន ។  លោកស្រី និយាយថា នេះបញ្ជាក់ផងដែរថា កោះតៃវ៉ាន់មិនច្រានចោលការផ្តល់ជូនរបស់ដៃគូសន្តិសុខរបស់ពួកយើងនោះឡើយ ។ ស្របពេលដែលពួកយើងពុំស្វែងរកការតតាំងយោធា ហើយនិងសង្ឃឹមថាមានសន្តិសហវិជ្ជមានប្រកបដោយស្ថិរភាព និងអត្ថប្រយោជន៍ជាមួយប្រទេសជិតខាងរបស់ពួកយើង កោះតៃវ៉ាន់ តែងតែត្រៀមខ្លួនរួចរាល់ក្នុងការការពារលទ្ធិប្រជាធិបតេយ្យរបស់ពួកយើង និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋពួកយើង ៕

នគរបាលអូស្ត្រាលី ចាប់ខ្លួនបុរស ១៩នាក់ ក្នុងការបង្ក្រាបការរំលោភបំពានលើកុមារតាមអ៊ិនធឺណិត

2023/08/08 09:07:45 pm        280
អូស្ត្រាលី៖ អាជ្ញាធរអូស្ត្រាលី បានឲ្យដឹង នៅថ្ងៃអង្គារ (ទី៨ ខែសីហា)នេះ ថា នគរបាលបានចាប់ខ្លួនបុរសចំនួន ១៩នាក់ពីបទចែកចាយខ្លឹមសាររំលោភបំពានលើកុមារតាមអ៊ិនធឺណិត ហើយបានជួយសង្គ្រោះកុមារ ១៣នាក់ កុំឲ្យរងគ្រោះថ្នាក់បន្ថែមទៀត បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ពីការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)។ប្រតិបត្តិការស៊ើបអង្កេតដែលមានឈ្មោះថា Operation Bakis បានចាប់ផ្តើម នៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំមុន បន្ទាប់ពីមានការសម្លាប់ភ្នាក់ងារ FBI ចំនួន ២នាក់ នៅរដ្ឋផ្លរីដា (Florida) ក្នុងឆ្នាំ២០២១ នៅពេលដែលកំពុងស៊ើបអង្កេតការរំលោភបំពានលើកុមារ នៅសហរដ្ឋអាមេរិក។មេបញ្ជាការនគរបាលសហព័ន្ធអូស្ត្រាលី (AFP) លោកស្រី Helen Schneider ( ហេឡេន ស្នេដឺ) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា FBI បន្ទាប់មក បានផ្តល់ព័ត៌មានដល់នគរបាលអូស្ត្រាលីអំពីសមាជិកនៃបណ្តាញក្រុមទំនាក់ទំនងស្គាល់គ្នាតាមអ៊ិនធឺណេត ក្នុងប្រទេសដែលត្រូវបានចោទប្រកាន់ថា បានចែករំលែកខ្លឹមសាររំលោភបំពានលើកុមារ តាមគេហរទំព័រទីផ្សារងងឹត (ខុសច្បាប់)។បុរសទាំងនោះ ដែលមានអាយុចន្លោះពី ៣២ ទៅ ៨១ឆ្នាំ បានចែកចាយរូបភាព និងវីដេអូ ដែលមានខ្លឹមសាររំលោភបំពានលើកុមារ បានជជែកគ្នានៅលើកម្មវិធីផ្ញើសារ និងត្រូវបានចោទប្រកាន់ថា បានប្រើលេខកូដសម្ងាត់ ដើម្បីគេចពីការរកឃើញ។ លោកស្រី Schneider បានបន្ថែមថា ជនល្មើសជាជនជាតិអូស្ត្រាលីភាគច្រើន ត្រូវបានជួលឲ្យធ្វើការងារ ដែលទាមទារសមត្ថភាពកម្រិតខ្ពស់ ក្នុងការប្រើប្រាស់បច្ចេកទេស៕

ខណៈទឹកជំនន់ស្រកចុះ ប្រតិបត្តិការបោសសម្អាតទ្រង់ទ្រាយធំកំពុងធ្វើឡើងនៅប្រទេសចិន

2023/08/08 09:04:05 pm        245
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍នៅថ្ងៃអង្គារនេះថា ខណៈទឹកជំនន់បានស្រកចុះ ការងារជួសជុលនិងបោសសម្អាតទ្រង់ទ្រាយធំកំពុងធ្វើឡើងនៅទូទាំងខេត្តជាច្រើនក្នុងប្រទេសចិន។រូបភាពពីបណ្តាញទូរទស្សន៍ CCTV បានបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ កំពុងបូមទឹកទឹកជំនន់ចេញពីយានដ្ឋានចតយានយន្តហើយក្រុមការងារសំណង់កំពុងបោសសម្អាតផ្លូវដែលរាយប៉ាយដោយកម្ទេចកម្ទីរពីបំណាក់ដី។ ខេត្ត Baoding( ប៉ាវទីង) ដែលគ្រប់គ្រងតំបន់ Zhuozhou ( ជូចូវ)បានិយាយថា ស្ពានរាប់រយកន្លែង និងផ្លូវជនបទរាប់រយគីឡូម៉ែត្រត្រូវបានបំផ្លាញដោយទឹក ដែលមានការខាតបង់សេដ្ឋកិច្ចផ្ទាល់ បានឈានដល់ជិត ១៧ពាន់លានយ័ន គិតត្រឹមថ្ងៃសៅរ៍ ទី៥ ខែសីហា។ខណៈអាជ្ញាធរប្រញាប់ប្រញាល់ស្តារឡើងវិញស្ថានភាពរស់នៅជាធម្មតាបន្ទាប់ពីព្យុះDoksuri ឆ្លងកាត់ អ្នកព្យាករណ៍អាកាសធាតុជាតិ បានព្រមានតំបន់ភាគឦសានត្រៀមទប់ទល់ខ្លួនឯងសម្រាប់ព្យុះបន្ថែមទៀតពីព្យុះទីហ្វុង Khanun៕

ក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ បង្កើនបណ្តុះបណ្តាលជំនាញទេសចរណ៍តាមខេត្តចំនួន១០

2023/08/08 09:03:53 pm        262
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែសីហានេះឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន​អញ្ជើញបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ត្រីមាសទី២ ​និងលើកទិសដៅ​អនុវត្តត្រីមាស​បន្តឆ្នាំ២០២៣ របស់គណៈកម្មការគ្រប់គ្រង គម្រោង ហូកាដែលអនុវត្តដោយក្រសួងទេសចរណ៍ និងអង្គការស្វីស ខន់ថាក់ ដើម្បីបង្កើនសកម្មភាពបណ្តុះបណ្តាលជំនាញទេសចរណ៍​ជូនយុវជន​កំពុងបម្រើការនៅតាមគោលដៅ​ទេសចរណ៍ ​នៅតាមខេត្តចំនួន១០។ឯកឧត្តម ប៉ាក់ សុខុម មានប្រសាសន៍ថា ​មកដល់ពេលនេះ ​ក្រសួងទេសចរណ៍ និងអង្គការ​ស្វីសខន់ថាក់ ​បានអនុវត្តអនុស្សរណៈការយោគយល់គ្នាជាផ្លូវការអនុវត្តគម្រោង​ ហូកា​ រយៈពេល ៣ឆ្នាំមកហើយ ជាលទ្ធផល​ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បាន​ប​ណ្តុះបណ្តាលអ្នក​ជំនាញ​ទេសចរណ៍សរុបចំនួនជិត ៣.៣៥០រូប ខណៈនៅក្នុងឆមាសទី០១ ​ឆ្នាំ២០២៣ ​នេះគម្រោង ហូកា បានបណ្តុះបណ្តាលទៅដល់ម្ចាស់អាជីវកម្ម​ និងបុគ្គលិកកំពុងបម្រើការនៅតាមវិស័យសេវាកម្មនានា បានចំនួន ១,២២៤រូប ក្នុងនោះស្រ្តីចំនួន ៧៥០ រូប។ឯកឧត្តម ប៉ាក សុខុម បន្តថា ​នៅក្នុងដំណើរការបណ្តុះបណ្តាល​ជំនាញទេសចរណ៍នេះ គឺ បាន​បង្កើត​ឱកាសការងារដល់យុជន ​ទទួលបានប្រាក់ចំណូល​សមរម្យ ស្របតាមយុទ្ធនាការអភិវឌ្ឍន៍​ជំនាញ “បុគ្គលិកម្នាក់ ​ជំនាញមួយ” និងឆ្លើយតបទៅនឹងតម្រូវការអ្នកជំនាញក្នុងឆ្នាំ២០២៥ ប្រមាណ ​១លាននាក់ ឆ្នាំ២០៣០ ​មាន​តម្រូវការ​អ្នក​ជំនាញ​ប្រមាណ ១,៥លាននាក់ និងឆ្នាំ២០៣៥ តម្រូវការ​អ្នកជំនាញ ប្រមាណ១,៩លាននាក់ ​និងឆ្ពោះទៅសម្រេច​ឱ្យបាននូវគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាពរបស់អង្គការសហប្រជាជាតិ UN។បើតាមលោក ជួប រតនា ប្រធាន​នាយកដ្ឋានផែនការអភិវឌ្ឍ​ទេសចរណ៍ និងជាប្រធាន​លេខាធិការដ្ឋាន​ នៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ​ថ្លែងថា ​តាមរយៈការបណ្តុះបណ្តាលនេះ គណៈកម្មការ​គ្រប់គ្រងគម្រោង ហូកា ​បាន​ចុះកិច្ចព្រមព្រៀង​បណ្តុះបណ្តាល​ជំនាញជូន​បុគ្គលិក​ប្រតិបត្តិករទេសចរណ៍​សរុបចំនួន ១០៦ អាជីវកម្ម ​ប្រមាណ១០មុខជំនាញក្នុងវិស័យទេសចរណ៍។លោក បន្តថា តាមការសង្កេត ​ក្រោយការបណ្តុះបណ្តាល ជាទូទៅ ក្រុមយុវជន បុគ្គលិកកំពុង​បម្រើការ​នៅតាមអាជីវកម្មនានានោះ គឺត្រូវបានម្ចាស់អាជីវកម្ម សម្រេចចិត្តដំឡើងប្រាក់​បៀរវត្ស​រង្វង់២០%បន្ថែម ហើយការផ្តល់​សេវា​តាម​មូលដ្ឋាន​អាជីវកម្មក្នុងវិស័យទេសចរណ៍​គឺមានអភិវឌ្ឍន៍ ធ្វើការងា​រ​ស្របតាមជំនាញវិជ្ជាជីវៈត្រឹមត្រូវ៕អត្ថបទ ស៊ុម សុខជា

មន្រ្តីជំនាញ៖ ទឹកទន្លេមេង្គចាប់ផ្តើមបែកវាលហូរចូលព្រែក​ ប៉ុន្តែមិនទាន់បង្កផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ

2023/08/08 08:52:57 pm        664
ភ្នំពេញ៖ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ប្រាប់ BTVថា ​មកដល់ថ្ងៃទី៨ ខែសីហានេះ ​ស្ថានភាពទឹកទន្លេមេង្គ ​ចាប់ផ្តើម​បែកវាលហូរចូល​ព្រែកភាគច្រើន ​ហើយ តែមិនទាន់ដល់ចំណុចត្រូវប្រកាសអាសន្ន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ​នោះទេ ខណៈគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងតាមដាន​យ៉ាងម៉ត់ចត់ពីស្ថានភាពទឹកជំនន់។ឯកឧត្តម បានបញ្ជាក់ថា ដើម្បីបង្ការគ្រោះមហន្តរាយដែលអាចកើតឡើងជាយថា​ហេតុ ​គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​បានណែនាំដល់អាជ្ញាធរ​ និងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំ​ទីទួល សុវត្ថិភាព សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ ​និងត្រៀមកម្លាំង​ជួយអន្តរគមន៍ជាដើម។យោងតាមព្រឹត្តិប័ត្រព័ត៌មាន ​និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក​ និងឧតុនិយម ចេញ​ផ្សាយនៅថ្ងៃទី៨ ខែសីហា នេះ បានបង្ហាញថា ​ទន្លេមេង្គ-ស្ទឹងត្រែង ​ទឹកមានកម្ពស់៨ម៉ែត្រ ធៀប ម្សិលមិញ ​ថយចុះ០.៣៥ម៉ែត្រ, ទន្លេមេង្គ-ក្រចេះ ​ទឹកមានកម្ពស់១៨.២៣ម៉ែត្រ ​ធៀបម្សិលមិញ ថយចុះ ០.៣៣ម៉ែត្រ ទន្លេមេង្គ-កំពង់ចាម ​ទឹកមានកម្ពស់១១.៧២ម៉ែត្រ ​ធៀបម្សិលមិញ ថយ​ចុះ០.២៤ម៉ែត្រ ទន្លេមេង្គ-ចតុមុខ ​ទឹកមានកម្ពស់៧.០៥ម៉ែត្រ​ ធៀបម្សិលមិញ ​ថយចុះ០.១០ម៉ែត្រ និង​ទន្លេមេង្គ-អ្នក លឿង ទឹកមានកម្ពស់៥.០៣ម៉ែត្រ ​ធៀបម្សិលមិញ​ ថយចុះ០.០៦ម៉ែត្រ៕អត្ថបទ៖ ទូច សោភ័ណ

ពួកចោរព័ត៌មានវិទ្យាផ្តាច់មុខរបស់កូរ៉េខាងជើង បានរំលោភបំពានលើក្រុមហ៊ុនផលិតមីស៊ីលជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី

2023/08/08 08:26:27 pm        294
កូរ៉េខាងជើង៖ ក្រុមចោរព័ត៌មានវិទ្យាសម្រាំង (Hacker) របស់កូរ៉េខាងជើង បានបំពានចូលបណ្តាញកុំព្យូទ័រយ៉ាងសម្ងាត់នៅឯក្រុមហ៊ុនអភិវឌ្ឍន៍មីស៊ីលរុស្ស៊ីដ៏ធំមួយយ៉ាងហោចណាស់ ៥ខែ កាលពីឆ្នាំមុន នេះបើយោងតាមភ័ស្តុតាងបច្ចេកទេសដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters និងការវិភាគរបស់អ្នកស្រាវជ្រាវផ្នែកសន្តិសុខ។សារព័ត៌មាន Reuters បានរកឃើញក្រុមចារកម្មតាមបណ្តាញព័ត៌មានបច្ចេកវិទ្យាអ៊ិនធើណិត ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ដែលអ្នកស្រាវជ្រាវផ្នែកសន្តិសុខហៅថា ស្កាក្រាហ្វធ៍ ( ScarCruft) និងឡាហ្សារុស ( Lazarus) បានដំឡើងជាសម្ងាត់នូវប្រព័ន្ធឌីជីថលដ៏សម្ងាត់ទៅក្នុងប្រព័ន្ធ NPO Mashinostroyeniya (NPO ម៉ាស៊ីណូស្រ្តូយេនីយ៉ា) ដែលជាការិយាល័យគំរូប្លង់រ៉ុក្កែត ដែលមានមូលដ្ឋាននៅទីក្រុងរឺទៅ (Reutov) ដែលជាទីក្រុងតូចមួយនៅជាយទីក្រុងមូស្គូ។Reuters មិនអាចកំណត់ថាតើទិន្នន័យណាមួយ ត្រូវបានគេយកក្នុងអំឡុងពេលការលួចជ្រៀតចូល ឬព័ត៌មានអ្វីដែលអាចត្រូវបានមើលនោះទេ។ ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការវាយលុកចូលប្រព័ន្ធឌីជីថល ទីក្រុងព្យុងយ៉ាងបានប្រកាសពីការអភិវឌ្ឍជាច្រើននៅក្នុងកម្មវិធីមីស៊ីលផ្លោង ដែលត្រូវបានហាមឃាត់របស់ខ្លួន ប៉ុន្តែវាមិនច្បាស់ទេថាតើវាទាក់ទងនឹងការបំពាននេះ ឬយ៉ាងណាទេ។ក្រុមអ្នកជំនាញនិយាយថា ឧបទ្ទវហេតុនេះ បង្ហាញពីរបៀបដែលប្រទេសឯកាមួយនេះ នឹងដាក់គោលដៅលើសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជារុស្ស៊ី ក្នុងគោលបំណង ដើម្បីទទួលបានបច្ចេកវិទ្យាសំខាន់ៗ៕

ក្រុមអ្នកស្រាវជ្រាវ ស្នើជួយពង្រីកការប្រើឧបករណ៍អេឡិចត្រូនិច ក្នុងការផ្តល់សេវាជំងឺអេដស៍នៅតាមន្ទីរពេទ្យ

2023/08/08 08:18:34 pm        320
ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវ បានស្នើសុំឱ្យមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគក៏ដូចជាក្រសួងសុខាភិបាល ជួយពង្រីក និងជំរុញឱ្យមានការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច នៅតាមមន្ទីរពេទ្យ គ្លីនិក ដែលមានផ្តល់សេវាព្យាបាលជំងឺអេដស៍ផ្សេងៗ ទៀតនៅទូទាំងប្រទេសកម្ពុជា។ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ​លទ្ធផលស្រាវជ្រាវ នៃគម្រោងសិក្សា ស្ដីពី៖ ការចូលរួមរបស់សហគមន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា​ទំនាក់ទំនងក្នុងវិស័យសុខាភិបាល​ ដើម្បីរក្សា អ្នកផ្ទុកមរាគអេដស៍ក្នុងប្រទេសកម្ពុជា អោយស្ថិត​ក្នុងសេវាថែទាំ និងព្យាបាល នៅព្រឹកថ្ងៃទី០៨ សីហានេះថា ការស្នើសុំនេះធ្វើឡើងបន្ទាប់ពី​ក្រុមការងារ​ស្រាវជ្រាវរកឃើញថាការប្រើប្រាស់នូវ tablet ជាឧបករណ៍បច្ចេកវិទ្យា សម្រាប់សម្រួល​ក្នុងការប្រាស្រ័យទាក់ទងរវាងអ្នកជំងឺ និងអ្នកផ្តល់សេវា និងការបណ្តុះបណ្តាលអំពីវិធីសាស្ត្រ​ប្រាស្រ័យទាក់ទង រវាងអ្នកជំងឺ និងអ្នកផ្តល់សេវា ពិតជាអាចជួយធ្វើឱ្យមានភាពប្រសើរឡើង នូវការប្រើប្រាស់សេវាព្យាបាលមេរោគអេដស៍។ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការ​ជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងទទួល​បានការឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច បានរៀបចំគម្រោងសិក្សាស្ដីពី៖ ការចូលរួមរបស់សហគមន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា​ទំនាក់ទំនង​ក្នុងវិស័យសុខាភិបាល ដើម្បីរក្សាអ្នកផ្ទុកមរាគអេដស៍ក្នុងប្រទេសកម្ពុជា ឲ្យស្ថិតក្នុងសេវាថែទាំ និងព្យាបាលមានរយៈពេល២ឆ្នាំ ចាប់ពីចុងឆ្នាំ២០២០ រហូតដល់ចុងឆ្នាំ២០២២ អនុវត្តនៅ​តាមមន្ទីរពេទ្យ/គ្លីនិក ដែលមានសេវាព្យាបាល ជំងឺអេដស៍ សរុបចំនួន០៨ គឺ៤កន្លែង ក្នុងរាជធានីភ្នំពេញ ១កន្លែង ក្នុងខេត្តកណ្តាល និង៣កន្លែង ក្នុងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលស្រាវជ្រាវរកឃើញថា អ្នកផ្តល់​សេវាព្យាបាលជំងឺអេដស៍ភាគច្រើនគាំទ្រការប្រើប្រាស់បច្ចេកវិទ្យា​ទំនាក់ទំនងក្នុងវិស័យសុខាភិបាល និងយល់ឃើញថា ទំនាក់ទំនងពីចំងាយតាមរយៈ បច្ចេកវិទ្យាបានជួយសម្រួលយ៉ាងខ្លាំង ដល់ការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកជំងឺ ជាពិសេសក្នុងកំឡុងពេលកូវីដ-១៩។ នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង​ដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងថា គម្រោងសិក្សានេះមួយផ្នែកជាការជំរុញនូវ​ទំនើបកម្មក្នុងការផ្តល់សេវាក្នុងវិស័យសុខាភិបាល ស្របតាមគោលនយោបាលរដ្ឋាភិបាលឌីជីថល របស់ប្រទេសកម្ពុជា និងមួយផ្នែកទៀត ​បានផ្តល់នូវវគ្គបណ្តុះបណ្តាលជាមួយអ្នកជំនាញខាង Community Engagement ជួយពង្រឹងសមត្ថភាព និងឥរិយាបទល្អរបស់មន្ត្រី-បុគ្គលិកសុខាភិបាល​យើងដែលជាអ្នកផ្តល់សេវា សុខាភិបាល ក្នុងការរក្សា ទំនុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នា​ល្អជាមួយអ្នកជម្ងឺ របស់គាត់។ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថាភស្តុតាងជាក់ស្តែងទទួលបានពី លទ្ធផលស្រាវជ្រាវនេះ គឺអ្នកជំងឺបាត់ពីសេវាព្យាបាលប្រចាំត្រីមាស បានធ្លាក់ចុះ ចំពោះមន្ទីរពេទ្យ/គ្លីនិក​សេវាព្យាបាលជំងឺអេដស៍​ទាំង៥កន្លែង ក្រោយពីបាន អនុវត្តយន្តការប្រាស្រ័យទាក់ទង តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ជាមួយអ្នកជំងឺនេះ៕អត្ថបទ រដ្ឋា

ឯកឧត្ដម សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជារៀបចំគណៈរដ្ឋមន្រ្តីថ្មី ប្រកបដោយសមត្ថភាព

2023/08/08 07:39:52 pm        758
ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា​បានរៀបចំគណៈរដ្ឋមន្រ្តីថ្មី ប្រកបដោយសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសកម្ពុជា ក្នុងអាណត្តិទី៧នេះ ខណៈឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែ ជានាយករដ្ឋមន្រ្ដីថ្មីរួម នឹងសមាសភាពថ្នាក់ដឹកនាំវ័យក្មេងចេញពីគណបក្សប្រជាជនជាច្រើនរូបទៀត។បន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យបង្គាប់​ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ​សម្រាប់អាណ្ណត្តិទី៧ ឯកឧត្តម សុខ ឥសាន ​បានប្រាប់ BTV News ឲ្យដឹងនៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះថា ដើម្បីឆ្ពោះទៅរកការរៀបចំរាជរដ្ឋាភិបាល ​នីតិកាលទី៧ ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា មកដល់ពេលនេះ​ការរៀបចំសមាសភាព​គណៈរដ្ឋមន្រ្តី​បានត្រៀមលក្ខណៈគ្រប់គ្រាន់ ​និងរង់ចាំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាតែប៉ុណ្ណោះ។ ឯកឧត្តម បញ្ជាក់ថា ​ចំពោះគណៈរដ្ឋមន្រ្តីថ្មីសម្រាប់នីតិកាលទី៧ ​គឺជាសមាសភាពថ្មី ដែលមាន​សមត្ថភាព និងធានាការអនុវត្តកម្មវិធីនយោបាយរបស់​គណបក្សប្រជាជន​កម្ពុជា​ឲ្យប្រែក្លាយ​ជា​សមិទ្ធផល​ជាក់ស្តែងសម្រាប់ជាប្រយោជន៍​ជូន​សង្គមជាតិ និងប្រជាជន។ សូមជម្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើក១ ​និងលើកដំបូង នាថ្ងៃទី២១​ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជវត្តមានដ៏​ខ្ពង់ខ្ពស់​បំផុតរបស់ព្រះ​ករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិក​ សមាជិកាសភាសរុប១២៥រូប ​ដើម្បី​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​លើការរៀបចំ​រាជរដ្ឋាភិបាល នីតិកាលទី៧៕ អត្ថបទ សេក ឧត្តម

យ៉ាងហោចណាស់មនុស្ស១៦នាក់ស្លាប់ ក្នុងឧបទ្ទវហេតុលិចទូកជនអន្តោប្រវេសន៍នៅអាហ្វ្រិកខាងជើង

2023/08/08 07:34:22 pm        309
ទុយនីស៊ី៖មនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុលិចទូកនៅប្រទេសទុយនីស៊ី និងតំបន់សាហារ៉ាភាគខាងលិច ខណៈប្រទេសអាហ្វ្រិកខាងជើងមួយនេះ ប្រឈមការកើនឡើងការឆ្លងកាត់សមុទ្រធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។ ប្រទេសទុយនីស៊ី បានក្លាយជាចំណុចពិសេសនៃច្រកទ្វារសំខាន់សម្រាប់ជនភៀសខ្លួន ជាចម្បងមកពីតំបន់ផ្សេងៗនៃទ្វីបអាហ្វ្រិក ដែលប៉ុនប៉ងធ្វើដំណើរតាមផ្លូវទឹកប្រកបដោយគ្រោះថ្នាក់ ក្នុងក្តីសង្ឃឹមសម្រាប់ជីវិតកាន់តែប្រសើរ។ ចំនួនអ្នកស្លាប់ពីការលិចទូកកាលពីថ្ងៃអាទិត្យនៅប្រទេសទុយនីស៊ី បានកើនឡើងដល់១១នាក់ បន្ទាប់ពីសាកសពន្ថែមទៀតត្រូវបានរកឃើញ។ អាជ្ញាធរនិយាយថា មនុស្ស២នាក់ ត្រូវបានជួយសង្គ្រោះក្នុងចំណោម៥៧នាក់នៅលើទូក ដែលទាំងអស់នេះមកពីប្រទេសអាហ្វ្រិកអនុតំបន់សាហារ៉ា ហើយអាជ្ញាធរបានបន្តស្វែងរកអ្នកកំពុងបាត់ខ្លួន។ អ្នករួចផុតពីស្លាប់ពីការលិចទូកដែលបានរាយការណ៍ចុងក្រោយនៅជិតកោះ Kerkennah ប្រទេសទុយនីស៊ី នៅសមុទ្រម៉េឌីទែរ៉ាណេ បាននិយាយថា ទូកបណ្តោះអាសន្នរបស់ពួកគេ បានចេញដំណើរកាលពីចុងសប្តាហ៍ ពីឆ្នេរភាគខាងជើងទីក្រុង Sfax មានផ្ទុកមនុស្ស៥៧នាក់នៅលើទូក។ក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយទៀត អាជ្ញាធរនៅប្រទេសម៉ារ៉ុក កាលពីថ្ងៃចន្ទបាននិយាយថា សាកសព៥នាក់ ទាំងអស់នេះមកពីប្រទេសសេណេហ្គាល់ ត្រូវបានរកឃើញ ហើយ១៨៩នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់នៅតំបន់សាហារ៉ាភាគខាងលិច៕

ក្រុមមេធាវីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន គ្រោងនឹងដាក់សំណើសុំនៅក្រៅឃុំ

2023/08/08 07:32:03 pm        437
ប៉ាគីស្ថាន៖ក្រុមមេធាវីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅថ្ងៃអង្គារ (៨ សីហា)នេះ គ្រោងនឹងដាក់សំណើសុំនៅក្រៅឃុំសម្រាប់រូបលោក ខណៈរូបលោកកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដែលមានអាយុកាលមួយសតវត្ស នៅពេលចាប់ផ្តើមការជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ។អតីតកីឡាករវាយគ្រីឃីតអន្តរជាតិរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពនៅក្នុងសំណុំរឿងជាង២០០ករណី ដែលលោកបានប្រឈមមុខ ចាប់តាំងពីត្រូវបានបណ្តេញចេញពីតំណែង ក្នុងការបោះឆ្នោតសកលកាលពីខែមេសា ឆ្នាំ២០២២មក។ការជាប់ពន្ធនាគារបានហាមឃាត់រូបលោកមិនឱ្យចូលរួមការបោះឆ្នោតខាងមុខ។ លោក Khan កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារសម័យអាណានិគមមួយនៅជាយក្រុងប្រវត្តិសាស្ត្រ Attock ចម្ងាយប្រហែល៦០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានី Islamabad។ អ្នកនាំពាក្យរបស់លោក Khan ឈ្មោះ Raoof Hasan បានប្រាប់សារព័ត៌មាន AFP ថា ក្រុមមេធាវីរបស់លោក Khan នឹងដាក់ពាក្យសុំនៅក្រៅឃុំនៅថ្ងៃអង្គារនេះនៅតុលាការជាន់ខ្ពស់រដ្ឋធានី Islamabad បន្ទាប់ពីបានទៅសួរសុខទុក្ខលោកនៅក្នុងពន្ធនាគារដើម្បីទទួលបានអំណាចមេធាវីពីលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM