ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី ជំទាស់ទៅនឹងការព្រីកខ្លួនរបស់ណាតូ នៅកិច្ចប្រជុំត្រៀមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ

2023/08/02 10:02:29 pm        127
រុស្ស៊ី៖ គណៈប្រតិភូជាច្រើន នឹងចូលរួមនៅក្នុងកិច្ចប្រជុំត្រៀម នៅក្នុងប្រទេសអូទ្រីស សម្រាប់សន្និសីទពិនិត្យឡើងវិញឆ្នាំ២០២៦ នៃភាគីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ បានស្តាប់ការធ្វើអត្ថាធិប្បាយពីអ្នកតំណាងរុស្ស៊ីកាលពីថ្ងៃអង្គារ។ លោក Mikhail Kondratenkov បាននិយាយថា សម្ព័ន្ធយោធាណាតូ បានក្លាយជាប្លុកនុយក្លេអ៊ែរយោធា ដែលត្រូវបានរួមបញ្ចូលសមត្ថភាពយុទ្ធសាស្ត្រលើសពីរុស្ស៊ី។ លោក Kondratenkov និយាយថា ថវិកាយោធារបស់បណ្តាប្រទេសណាតូ និងសម្ព័ន្ធមិត្តរបស់ពួកគេ មានចំនួនប្រហែល២ភាគ៣ នៃការចំណាយសកល។ លោកនិយាយថាលោកបានទទួលដំណឹងពីរបាយការណ៍ជាច្រើនដែលថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ មានផែនការដាក់ស្ថានីយ៍អាវុធនុយក្លេអ៊ែរ នៅអឺរ៉ុបភាគខាងកើត។ អ្នកតំណាងប៉ូឡូញ លោក Adam Bugajski បានរិះគន់រុស្ស៊ីសម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស។ លោកនិយាយថា ចំណាត់ការនេះបំពានលើការប្តេជ្ញាចិត្តរបស់ពួកគេក្រោមសន្ធិសញ្ញាមិនរីកសាយអវុធនុយក្លេអ៊ែរ។ លោក Bugajski បានចង្អុលទៅរកកងទ័ពរុស្ស៊ី ដែលកំពុងកាន់កាប់ដោយខុសច្បាប់បរិវេណរោងចក្រនុយក្លេអ៊ែរ Zaporizhzhia និងបាននិយាយថា សកម្មភាពរបស់ពួកគេ គឺជាការប្រឆាំងយ៉ាងច្បាស់ចំពោះទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ។ លោក Kondratenkov បានចាត់ទុកការចោទប្រកាន់នេះថាជាគំនិតទុទិដ្ឋិនិយមពិតប្រាកដ ។ លោកនិយាយថា ប្រទេសប៉ូឡូញ គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់ដែលព្យាយាមទទួលធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់ណាតូ ហើយអ្នកទាំងឡាយណាដែលដាក់កំហុសលើរុស្ស៊ីសម្រាប់ការបំពានច្បាប់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ គួតែបង្ហាញទាំងភស្តុតាងការចោទប្រកាន់ឬរក្សាឲ្យទុកវាសម្រាប់ខ្លួនឯង។

ចិនច្រានចោលរបាយការណ៍ថាខ្លួនរារាំងកិច្ចពិភាក្សាបញ្ហាអាកាសធាតុរបស់ប្រទេស G20

2023/08/02 09:56:41 pm        114
ចិន៖ របាយការណ៍នានាដែលថា ប្រទេសចិន រារាំងកិច្ចពិភាក្សាលើការដោះស្រាយបម្រែបម្រួលអាកាសធាតុនៅក្នុងកិច្ចប្រជុំក្រុមប្រទេស G20 កាលពីសប្តាហ៍មុននៅក្នុងប្រទេសឥណ្ឌាគឺពុំមែនជាការពិតទាំងស្រុង។ បន្ទាប់ពីរយៈពេល៣ថ្ងៃ នៃកិច្ចពិភាក្សា លើបញ្ហាជាច្រើន ដូចជាការកាត់បន្ថយការបំភាយឧស្ម័ន និងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ព្រមទាំងហិរញ្ញវត្ថុអាកាសធាតុដើម្បីជួយដល់បណ្តាប្រទេសក្រីក្រ ក្រុមនៃប្រទេសធំៗទាំងនេះ ពុំបានឈានដល់ការចេញសេចក្តីថ្លែងការរួមឬផ្តល់ការសន្យាថ្មីណាមួយនោះទេ។ ក្រុមប្រទេសទាំងនេះ បានទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការមួយបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេថា វិធានការនានាដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ គឺមិនគ្រប់គ្រាន់នោះទេ។ សមាជិកនៃគណៈប្រតិភូសហភាពអឺរ៉ុប បាននិយាយថា ប្រទេសចិន និងប្រទេសអារ៉ាប៊ីសាអូឌីតជាប្រទេសសំបូរប្រេង បានដកខ្លួនចេញពីការធ្វើការប្តេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំ ប៉ុន្តែប្រទេសចិន បានច្រានចោលបញ្ហានេះ។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការថា ខ្លួនមានការសោកស្តាយនូវការដែលពុំបានឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងប្រជុំ ដែលបណ្តាលមកពីបញ្ហានយោបាយភូមិសាស្ត្រនយោបាយ នាំមកដោយប្រទេសដ៏ទៃទៀតសម្រាប់ភាពគ្មានហេតុផល៕

ប្រទេសនីហ្សេ បើកព្រំដែនឡើងវិញជាមួយប្រទេសមួយចំនួនរួមទាំងប្រទេសម៉ាលី និងបួរគីណាហ្វាសូ

2023/08/02 09:52:16 pm        123
នីហ្សេ៖ ក្រុមទាហានប៉ះបោបានប្រកាសកាលពីថ្ងៃអង្គារតាមទូរទស្សន៍ជាតិថា ព្រំដែនអាកាសនិងដីគោក របស់ប្រទេសនីហ្សេជាមួយប្រទេសជិតខាងចំនួន៥ ត្រូវបានបើកឡើងវិញ រយៈពេលជិត១សប្តាហ៍បន្ទាប់ពីត្រូវបានបិទបន្ទាប់ពីរដ្ឋប្រហារដែលបានផ្តួលរំលំប្រធានាធិបតីជាប់ឆ្នោតលោក Mohamed Bazoum ។ព្រំដែនអាកាសនិងដីគោក ជាមួយប្រទេសអាល់ហ្សេរី បួគីណាហ្វាសូ លីប៊ី ម៉ាលី និងប្រទេសឆាត ត្រូវបានបើកឡើងវិញចាប់ពីថ្ងៃនេះ ដែលលោកបានប្រកាសប៉ុន្មានម៉ោងបន្ទាប់ពីជើងហោះហើរជម្លៀសរបស់ប្រទេសបារាំងដំបូងគេបានចេញដំណើរ និងមានរយៈពេល៥ថ្ងៃមុនពេលកាលបរិច្ឆេទដើម្បីស្តារឡើងវិញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ដែលបានចេញដោយប្លុកប្រទេសអាហ្វ្រិកខាងលិច។នៅក្នុងដណ្តើអំណាចរបស់យោធាជាលើកទី៣របស់តំបន់ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រធានា ធិបតីលោក Mohamed Bazoum ត្រូវបានផ្តួលរំលំដោយកងអង្គរក្សផ្ទាល់របស់លោក ដោយប្រកាសភាពអាសន្ននៅក្នុងតំបន់ និងលើសពីនេះទៀត៕

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស៖ កងទ័ពរុស្ស៊ីមានបញ្ហាជាច្រើន នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន

2023/08/02 09:49:10 pm        104
អង់គ្លេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា កំពុងបន្តលើផ្នែកពីរនៃផ្នែកខាងមុខ រួមទាំងតំបន់នៅជិតទីក្រុងអូរីខីវ (Orikhiv) ក្នុងតំបន់ហ្សាប៉ូរីហ្សា (Zaporizhzhia Oblast) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន និងនៅតំបន់ជុំវិញទីក្រុង វេលីកា ណូវ៉ូស៊ីលកា (Velyka Novosilka) ក្នុងតំបន់ដូណិតស្ក៍(Donetsk) នៅទូទាំងភាគខាងត្បូង បញ្ហាទូទៅសម្រាប់មេបញ្ជាការរុស្ស៊ីទំនងជារួមមានកង្វះខាតគ្រាប់កាំភ្លើងធំ កង្វះសព្វាវុធបម្រុង និងបញ្ហានានា ដែលធានាក្នុងស្លាបការពារ។ទីភ្នាក់ងារស៊ើបការណ៍នេះ បានរាយការណ៍ថា ទាហានអ៊ុយក្រែន កំពុងឆ្ពោះទៅកាន់ទីតាំងឈរជើងរបស់ កងទ័ពអាវុធរួមបញ្ចូលគ្នាទី៥៨របស់ប្រទេសរុស្ស៊ីនៅជិតទីក្រុងអូរីខីវ។ ទាហានរុស្ស៊ីនៅទីនេះ អស់កម្លាំងបន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាង៨សប្តាហ៍។នៅភាគខាងត្បូងនៃទីក្រុងវេលីកា ណូវ៉ូស៊ីលកា អង្គភាពកាន់កាប់ជាច្រើន ដែលបានបង្កើតចេញពីតំបន់យោធាខាងកើត និងខាងត្បូងរបស់រុស្ស៊ី កំពុងកាន់កាប់ការការពារ។ នេះបង្កើតបញ្ហាជាមួយនឹងការសម្របសម្រួលនៃសកម្មភាពរបស់ទាហានរុស្ស៊ី៕

មន្ទីរបញ្ចកោណ នឹងដកកងទ័ព១.១០០នាក់ពីបេសកកម្មព្រំដែនអាមេរិក-ម៉ិកស៊ិក

2023/08/02 09:46:34 pm        101
អាមេរិក៖ មន្ទីរបញ្ចកោណនឹងដកកងទ័ពទទួលភារៈកិច្ចសកម្មចំនួន១.១០០នាក់ ពីព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលមន្ទីរបានដាក់ពង្រាយកាលពីដើមឆ្នាំនេះ ខណៈរដ្ឋាភិបាល បានត្រោមខ្លួនសម្រាប់ការបញ្ចប់វិធានការរឹតត្បិតសុំសិទ្ធជ្រកកោនទាក់ទងទៅនឹងជំងឺរាតត្បាត។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានអនុម័តការដាក់ពង្រាយកងទ័ពទទួលភារកិច្ចសកម្មសរុប១.៥០០នាក់សម្រាប់ការបង្កើនវត្តមានយោធារយៈពេល៩០ថ្ងៃជាបណ្តោះអាសន្ន នៅព្រំដែនកាលពីខែឧសភា។នៅពេលនោះ ការឆ្លងកាត់ព្រំដែនដោយខុសច្បាប់បានកើនឡើងយ៉ាងឆាប់រហ័សនូវការព្រួយបារម្ភកាន់តែខ្ពស់ បន្ទាប់ពីវិធានការរឹតត្បិតបានបញ្ចប់ ប៉ុន្តែជំនួសមកវិញចំនួននៃការឆ្លងកាត់បានធ្លាក់ចុះ។មន្ត្រីក្រសួងការពារជាតិ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាពីបញ្ហាលម្អិតមុនការប្រកាសថា កងទ័ព១.១០០នាក់ នឹងបញ្ចប់បេសកកម្មរយៈពេល៩០ថ្ងៃរបស់ពួកគេ នៅត្រឹមថ្ងៃទី៨ ខែសីហា ហើយកងទ័ព៤០០នាក់ទៀតដែលនៅសល់នឹងត្រូវបន្ថែមុំពេលរហូតដល់ថ្ងៃទី៣១ ខែសីហា។ កងទ័ពត្រូវបានដាក់ពង្រាយដើម្បី ជួយការពារព្រំដែន ដែលក្រុមមន្ត្រីកំពុងដោះស្រាយការបញ្ចប់ទីនៃមាត្រា៤២។ វិធានការនេះត្រូវបានអនុញ្ញាតឲ្យរដ្ឋាភិបាលបណ្តេញទៅវិញជាបន្ទាន់នូវជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ចេញពីប្រទេសនេះ ក្នុងនាមការពារអាមេរិកពីជំងឺ Covid-19៕

CMACស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង២រយតោន ចេញពីទន្លេ ក្នុងឆមាសទី១ឆ្នាំនេះ

2023/08/02 09:45:03 pm        633
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់ មីនកម្ពុជា (CMAC) បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ស្ថិតនៅការដ្ឋានកោះពាមរាំង សម្រេចលទ្ធផល ស្រង់គ្រាប់ពីបាត ទន្លេមេង្គ បានជាង១ម៉ឺន២ពាន់គ្រាប់ បើគិតជាទម្ងន់មានជាង២រយតោន និងស្រង់បំណែកនាវាបានជាច្រើនទៀតផងដែរ ។ឯកឧត្តម ហេង រតនា បានប្រាប់BTVថា ប្រតិបត្តិការ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ក្នុងភូមិសាស្ត្រស្រុកពាមជ័រ ខេត្តព្រៃវែង ត្រូវបានធ្វើឡើង បន្ទាប់ពី​មានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​និងសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតដល់អង្គភាព CMAC សហការជា​មួយក្រសួងការពារជាតិ​ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ​និងស្រង់នាវាលិចក្នុងទន្លេ។ ប្រតិបត្តិការនេះ ​មានរយៈពេល១៨ខែ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០២២ ​មកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំ ។ឯកឧត្តម បានឱ្យដឹងទៀតថា តាមផែនការស្រាវជ្រាវដំបូង ​បានរាវរកទិន្នន័យនៅបាតទន្លេជាង ២៥០០ចំណុច ​មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយវាយតម្លៃការបោសម្អាត​ មានរយៈពេល១៨ខែ តែ ការអនុវត្តជាក់ស្តែង ​មិនសម្រេចតាមផែនការនោះទេ ​ដោយសារមូលហេតុមួយចំនួន ហួសសមត្ថភាព ដែលបានវាយតម្លៃ។ នាវាដែលលិចក្នុងទន្លេនេះ មានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជា៣ពាន់ តោន ទៅ៣ពាន់៥រយតោន ។ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ​និងស្រង់នាវាក្នុងទន្លេ ​នៅការដ្ឋានកោះពាមរាំង​ ត្រូវបាន ក្រុមជំនាញ ​នៃក្រុមការងារអន្តរក្រសួង​ កំណត់នូវទំហំប្រមាណជិត​៣០០ហិកតា ដែលចែក​ចេញជាបីផ្នែក រួមមាន៖ ទី១. តំបន់ដីគោក ទី២. តំបន់មានហានិភ័យទាប និងទី៣. ជាតំបន់មានហានិភ័យខ្ពស់៕ អត្ថបទ៖ទូច សោភ័ណ

ប្រទេសស្វីសនឹងលុបចោលការរឹតបន្តឹងស្ដីពីគ្រោះមហន្តរាយ ហ្វ៊ូគូស៊ីម៉ា លើការនាំចូលអាហារជប៉ុន

2023/08/02 09:43:49 pm        102
ជប៉ុន៖ រដ្ឋាភិបាលខេត្ត ហ្វ៊ូគូស៊ីម៉ា បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសស្វីសគ្រោងនឹងលុបចោលការរឹតបន្តឹងការនាំចូលដែលខ្លួនបានដាក់កាលពីថ្ងៃទី១៥ ខែសីហា លើផលិតផលម្ហូបអាហារពីផ្នែកខ្លះនៃប្រទេសជប៉ុន បន្ទាប់ពីគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា កាលពីឆ្នាំ២០១១មក។ប្រទេសស្វីសនឹងដើរតាមគន្លងរបស់សហភាពអឺរ៉ុប ដោយនឹងដកចេញនូវការរឹតបន្តឹងដែលនៅសេសសល់ ដែលតម្រូវឱ្យមានការធ្វើតេស្តវិទ្យុសកម្មលើផលិតផលកសិកម្ម និងនេសាទមួយចំនួនពីខេត្តចំនួន១០ រួមទាំងខេត្ត ហ្វ៊ូគូស៊ីម៉ា នៅថ្ងៃព្រហស្បតិ៍ (៣ សីហា) នេះ។ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសជប៉ុន លោក Andreas Baum បានប្រាប់អភិបាលខេត្ត ហ្វ៊ូគូស៊ីម៉ា លោក Masao Uchibori អំពីការសម្រេចដកការរឹតបន្តឹង នៅពេលដែលពួកគេបានជួបគ្នានៅស្ថានទូតស្វីសក្នុងទីក្រុងតូក្យូកាលពីថ្ងៃចន្ទ នេះបើយោងតាមរដ្ឋាភិបាលខេត្ត។នៅអាស៊ី ប្រទេសចិន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ រក្សាការរឹតបន្តឹងការនាំចូលលើផលិតផលអាហារជប៉ុន។ ប្រទេសចិន និងទីក្រុងហុងកុងបានពង្រឹងការត្រួតពិនិត្យវិទ្យុសកម្មនៃការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន មុនពេលគម្រោងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូច ចូលទៅក្នុងសមុទ្រផងដែរ៕

ពលរដ្ឋអាមេរិកនៅទីក្រុងស៊ីដនី សម្ដែងអារម្មណ៍ផ្សេងគ្នាចំពោះការចោទប្រកាន់លោក ដូណាល់ ត្រាំ

2023/08/02 09:40:12 pm        79
អូស្ត្រាលី៖ ក្រុមអ្នកគាំទ្របាល់ទាត់ជនជាតិអាមេរិកនៅទីក្រុងស៊ីដនីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក វើល ខាប់ ស្ត្រី (Women World Cup) បាននិយាយនៅថ្ងៃពុធ (២ សីហា) នេះថា ពួកគេរីករាយណាស់ដែលបានឮថាលោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់ខ្លួនដើម្បីបង្វែរការបោះឆ្នោតឆ្នាំ២០២០ ខណៈពេលដែលអ្នកគាំទ្រផ្សេងទៀតមានអារម្មណ៍ថាទិដ្ឋភាពនយោបាយរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នគឺ "ប្រៀបដូចជាសៀករហស្សកម្ម"។នេះជាលើកទីបីហើយក្នុងរយៈពេល ៤ខែ ដែលលោក ត្រាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ទោះបីជាអតីតប្រធានាធិបតីអាមេរិករូបនេះ កំពុងធ្វើយុទ្ធនាការដើម្បីដណ្តើមតំណែងប្រធានាធិបតីឡើងវិញនៅឆ្នាំក្រោយក៏ដោយ។ បទចោទចំនួន៤ករណីបានចោទប្រកាន់ថា លោក ត្រាំ បានសមគំនិតក្នុងការបោកប្រាស់សហរដ្ឋអាមេរិក ដោយរារាំងសភាពីការបញ្ជាក់ពីជ័យជំនះរបស់លោកប្រធានាធិបតី ចូ បៃឌិន និងដកហូតសិទ្ធិបោះឆ្នោតរបស់ពួកគេក្នុងការបោះឆ្នោតដោយយុត្តិធម៌។ លោក ត្រាំ ត្រូវបានបញ្ជាឱ្យបង្ហាញខ្លួនដំបូងនៅតុលាការសហព័ន្ធវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ (៣ សីហា) ខាងមុខនេះ៕

ការកាត់បន្ថយជំនួយបរទេសរបស់ចក្រភពអង់គ្លេស នឹងប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ក្នុងទ្វីបអាហ្វ្រិក

2023/08/02 09:37:17 pm        78
អាហ្វ្រិក៖ រដ្ឋមន្ត្រីជាច្រើននៅទ្វីបអាហ្វ្រិក ត្រូវបានព្រមានថា ស្ត្រីរាប់ពាន់នាក់នៅក្នុងទ្វីបអាហ្រ្វិកនឹងស្លាប់ក្នុងពេលមានផ្ទៃពោះ និងការសម្រាលកូន ដោយសារតែការកាត់បន្ថយថវិកាជំនួយក្រៅប្រទេសរបស់ចក្រភពអង់គ្លេស។ យោងតាមការវាយតម្លៃផ្ទៃក្នុងរបស់មន្ត្រីរាជការ ស្ត្រីជិត២០០.០០០នាក់ទៀតក៏នឹងប្រឈមមុខនឹងការរម្លូតកូនដោយមិនមានសុវត្ថិភាពផងដែរ។របាយការណ៍ទាំងនោះ បង្ហាញពីផលប៉ះពាល់នៃការកាត់បន្ថយថវិកាជំនួយក្រៅប្រទេសនៅឆ្នាំនេះ។ ការិយាល័យក្រសួងបរទេសរបស់ចក្រភពអង់គ្លេសនិយាយថា ថវិការបស់ខ្លួនសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបត្រូវបានកាត់បន្ថយក្នុងរយៈពេលខ្លី ដើម្បីឈានដល់គោលដៅសន្សំ ប៉ុន្តែបន្ទាប់មកជំនួយនឹងកើនឡើងជិតទ្វេដង។ឯកសារផ្ទៃក្នុងនិយាយថា ការកាត់បន្ថយជំនួយចំនួន ៧៦% សម្រាប់អាហ្វហ្គានីស្ថាន នឹងធ្វើឱ្យស្ត្រី និងកុមារីជាច្រើនដែលងាយរងគ្រោះបំផុតក្នុងពិភពលោកមួយចំនួនមិនទទួលបានសេវាសុខភាពសំខាន់ៗ ហើយស្ត្រីនិងកុមារកន្លះលាននាក់នៅប្រទេសយេម៉ែននឹងមិនទទួលបានការថែទាំសុខភាពទេ។ការសម្រេចនេះកើតឡើងនៅក្នុងការវាយតម្លៃមួយ ដែលធ្វើឡើងដោយមន្ត្រីរាជការការិយាល័យក្រសួងការបរទេសអង់គ្លេសកាលពីដើមឆ្នាំនេះ ដើម្បីជូនដំណឹងដល់បណ្ដារដ្ឋមន្ត្រីនានាក្នុងទ្វីបអាហ្វ្រិក មុនពេលពួកគេសម្រេចកាត់បន្ថយជំនួយ៕

ក្រសួងទេសចរណ៍ក្រើនរំលឹកឲ្យអាជីវកម្មទេសចរណ៍ចូលរួមចលនាប្រឡងប្រណាំងអាជីវកម្មឆ្នើម

2023/08/02 09:36:38 pm        105
ភ្នំពេញ៖ នៅក្នុងអំឡុងពេលដែលកម្ពុជា កំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា ឆ្នាំ២០២៣ » ក្រសួងទេសចរណ៍បានប្រកាសក្រើនរំលឹកឲ្យបណ្តាអាជីវកម្មទេសចរណ៍នានាទៀត ចូលរួមអនុវត្តចលនាប្រឡងប្រណាំងអាជីវកម្មទេសចរណ៍ឆ្នើមឋ​ ដើម្បីជំរុញការប្រកួតប្រជែង និងធានាការផ្តល់សេវាកម្មឱ្យកាន់តែល្អ សេវាកម្មរហ័ស មានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។បើតាមលោក គីម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូប​អាហារ នៃក្រសួងទេសចរណ៍ ​បានថ្លែងប្រាប់BTVនៅថ្ងៃទី២ ខែសីហានេះថា ចលនាប្រឡង​ប្រណាំង​អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ គឺបាន​ចាប់ផ្តើម​អនុវត្តតាំងពីខែមីនា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃនេះ មានអាជីវកម្មទេសចរណ៍ចំនួនជាង ៧០អាជីវកម្ម ដែលភាគច្រើនជាអាជីវកម្មភោជនីយដ្ឋាន ​និងសណ្ឋាគារ បានដាក់ពាក្យចូលរួមប្រឡងប្រណាំង ហើយលោកក៏បានស្នើអាជីវកម្មទេសចរណ៍នានា​ទៀត​ចូលរួមថែមទៀត ខណៈចលនាប្រឡងប្រណាំងអាជីវកម្មទេសចរណ៍ឆ្នើមនេះ នឹងត្រូវបានប្រកាសលទ្ធផល នៅដំណាច់ឆ្នាំ២០២៣នេះ។បើតាមភោជនីយដ្ឋានយីសាង សាខាRiverside នៅរាជធានីភ្នំពេញ លោកស្រី ជឹម ស៊ីណា ថ្លែងថា ភោជនីយដ្ឋានយីសាង គឺបានដាក់ពាក្យចូលរួមប្រឡងប្រណាំង​អាជីវកម្មទេសចរណ៍ឆ្នើម​នេះរួចហើយ ហើយបច្ចុប្បន្ន យើងកំពុងបានអនុវត្តតាមគោលការណ៍ប្រឡងប្រណាំង៥ចំណុច របស់IBEST(អាយបេស) សំដៅធានាបាននូវសេវាកម្មរហ័ស ​ងាយស្រួល​ ទំនុកចិត្ត ភាពជឿជាក់ គុណភាព​ សុវត្ថិភាព ភាពបៃតង​ និងតម្លៃសមរម្យ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩។សូមបញ្ជាក់ថា នៅក្នុងសកម្មភាពអនុវត្តយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ គឺមានសកម្មភាព​ដែលជាវិធានការគោលនយោបាយត្រូវអនុវត្តចំនួន១៩ចំណុច ក្នុងនោះ វិធានការចលនាប្រឡង​ប្រណាំង អាជីវកម្មទេសចរណ៍ឆ្នើម គឺស្ថិតក្នុងចំណុចទី៩ ដែលត្រូវជំរុញចលនា​ឲ្យវិស័យ​សាធារណៈ និងឯកជន រួមគ្នាកំណត់តម្លៃសមរម្យ ផ្តល់សេវាមានគុណភាព ភាពជឿជាក់ ភាពទាក់ទាញ និងការប្រកួតប្រជែង ក្នុងវិស័យទេសចរណ៍៕អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM