ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សមាជិក G20 ជាច្រើន បានថ្កោលទោសរុស្ស៊ីដែលបោះបង់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

2023/07/19 09:16:48 pm        278
ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារ (១៨ កក្កដា) ថា សមាជិកក្រុមប្រទេសទាំង២០ (G20) ជាច្រើនបានថ្កោលទោសរុស្ស៊ីដែលបោះបង់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពពីអ៊ុយក្រែន។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman បានប្រាប់អ្នកយកព័ត៌មានថា "សមាជិកជាច្រើនបានថ្កោលទោសរុស្ស៊ី ដោយនិយាយថា រឿងនោះមិនគួរកើតឡើងទេ ការឆ្លងកាត់សមុទ្រខ្មៅ មិនគួរត្រូវបានបញ្ឈប់ ឬផ្អាកនោះទេ" ។កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិបានផុតកំណត់កាលពីថ្ងៃចន្ទ (១៧ កក្កដា) បន្ទាប់ពីប្រទេសរុស្ស៊ីបានសម្រេចមិនបន្តកិច្ចព្រមព្រៀង ក្រោយការព្រមានថា ខ្លួនមិនអាចធានាសុវត្ថិភាពនៃនាវាបានទេ ហើយអង្គការសហប្រជាជាតិបាននិយាយថាសកម្មភាពនេះនឹង "ប៉ះពាល់ដល់មនុស្សដែលត្រូវការជំនួយគ្រប់ទីកន្លែង" ។ប្រទេសលោកខាងលិចភាគច្រើន រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានជំរុញឱ្យមានការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះរុស្ស៊ី និងសង្រ្គាមនៅអ៊ុយក្រែន ចំណែករុស្ស៊ី និងសម្ព័ន្ធមិត្តចិនបានជំទាស់នឹងទង្វើបែបនោះ៕

នគរបាលអ៊ីស្រាអែលឃុំខ្លួនក្រុមអ្នកតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូរប្រព័ន្ធតុលាការ

2023/07/19 09:06:23 pm        271
អ៊ីស្រាអែល៖ នគរបាលអ៊ីស្រាអែលបានសម្រុកចូលហ្វូងបាតុករក្នុងទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ (១៨ កក្កដា) ជាមួយនឹងកាណុងបាញ់ទឹក និងក្រុមមន្ត្រីបង្រ្កាបបាតុកម្ម ក្នុងគោលបំណងដើម្បីបញ្ឈប់ការតវ៉ាបន្ទាប់ពីមាន "ទិវារំខាន" ប្រឆាំងនឹងការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។ចាប់ពីព្រឹកព្រលឹមថ្ងៃអង្គារ ក្រុមបាតុករបានបិទផ្លូវហាយវេយ៉ាងហោចណាស់ពាក់កណ្តាល ហើយបានធ្វើបាតុកម្មនៅស្ថានីយរថភ្លើងសំខាន់ៗនៅពេលរសៀល និងចូលក្នុងផ្សារហ៊ុនទីក្រុង Tel Aviv ដោយបោះចោលក្រដាសប្រាក់ក្លែងក្លាយជានិមិត្តសញ្ញានៃអំពើពុករលួយ។ នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៥ នាក់ត្រូវបានចាប់ខ្លួន។រដ្ឋាភិបាលកំពុងជំរុញឱ្យអនុម័តច្បាប់ដែលនឹងរារាំងសមត្ថភាពរបស់តុលាការកំពូលក្នុងផ្តល់មោឃភាពដល់ការសម្រេចរបស់រដ្ឋាភិបាល និងរដ្ឋមន្ត្រីឬការតែងនានាតាមរយៈដកក្រុមចៅក្រមចេញពីអំណាចដោយចាត់ទុកការសម្រេចទាំនោះថា "មិនសមហេតុផល" ។ អ៊ីស្រាអែលមានគោលបំណងអនុម័តច្បាប់នេះ មុនពេលសភាឈប់សម្រាកនៅថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ៕

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំជាលើកដំបូងស្តីពីហានិភ័យបច្ចេកវិទ្យា AI

2023/07/19 08:53:26 pm        246
UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនស្តីពីបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្តកាលពីថ្ងៃអង្គារ (១៨ កក្កដា) ជាទីដែលប្រទេសចិនបាននិយាយថា បច្ចេកវិទ្យានេះមិនគួរក្លាយជា "បញ្ហាដែលមិនអាចគ្រប់គ្រងបាននោះទេ" ហើយសហរដ្ឋអាមេរិកបានព្រមានប្រឆាំងនឹងការប្រើប្រាស់បច្ចេកវិទ្យា AI នេះក្នុងការត្រួតពិនិត្យ ឬគាបសង្កត់មនុស្ស។រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly ដែលជាប្រធានកិច្ចប្រជុំនេះ ក្នុងនាមប្រធានប្តូរវេននៃស្ថាប័ននេះរបស់ចក្រភពអង់គ្លេស បាននិយាយថា បច្ចេកវិទ្យា AI នឹង "ផ្លាស់ប្តូរជាមូលដ្ឋាននូវគ្រប់ទិដ្ឋភាពនៃជីវិតមនុស្សទាំងអស់" ។ក្រុមប្រឹក្សានោះដែលមានសមាជិក១៥រូប ដែលសមាជិកសំខាន់ៗរួមមាន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres លោក Jack Clark សហស្ថាបនិកនៃក្រុមហ៊ុនដ៏ធំ AI startup Anthropic និងសាស្រ្តាចារ្យ Zeng Yi សហនាយកមជ្ឈមណ្ឌលស្រាវជ្រាវចិន-ចក្រភពអង់គ្លេសសម្រាប់ក្រមសីលធម៌ និងអភិបាលកិច្ចAI ។លោក Guterres បាននិយាយថា "ទាំងកម្មវិធីយោធា ទាំងមិនមែនយោធានៃបច្ចេកវិទ្យា AI អាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់សន្តិភាព និងសណ្ដាប់ធ្នាប់ពិភពលោក" ។ លោក Zhang Jun ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានពណ៌នាបច្ចេកវិទ្យា AI ថាជា "អាវុធមុខពីរ" ហើយបាននិយាយថាទីក្រុងប៉េកាំងគាំទ្រតួនាទីសម្របសម្រួលកណ្តាលរបស់អង្គការសហប្រជាជាតិលើការបង្កើតគោលការណ៍ណែនាំសម្រាប់ AI ។ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Jeffrey DeLaurentis ក៏បាននិយាយផងដែរថា មានតម្រូវការជាច្រើនសម្រាប់ប្រទេសនានាក្នុងការធ្វើរួមគ្នាលើបច្ចេកវិទ្យាAIនិងបច្ចេកវិទ្យាកំពុងរីកលូតលាស់ផ្សេងទៀត ដើម្បីដោះស្រាយហានិភ័យសិទ្ធិមនុស្សដែលគំរាមកំហែងដល់ការបំផ្លាញសន្តិភាព និងសន្តិសុខ៕

តុលាការជាន់ខ្ពស់ថៃព្យួរបេក្ខភាពសភារបស់បេក្ខជននាយករដ្ឋមន្ត្រីលោក ភីថា ហើយនឹងសម្រេចថាតើលោកបំពានច្បាប់បោះឆ្នោតឬយ៉ាងណា

2023/07/19 08:16:59 pm        259
ថៃ៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានយល់ព្រមព្យួរតំណែងមេដឹកនាំគណបក្សបោះជំហានទៅមុខ (Move Forward) លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ជាបេក្ខជននាយករដ្ឋមន្ត្រី ពីតួនាទីសមាជិកសភា ដោយរង់ចាំការសម្រេចរបស់តុលាការ ថាតើលោកបានបំពានច្បាប់បោះឆ្នោតឬយ៉ាងណា។ការប្រកាសរបស់តុលាការបានធ្វើឡើងនៅកៀកពេលវេលាបោះឆ្នោតលើកទីពីរក្នុងសភា ដែលត្រូវបញ្ជាក់ថាលោក ភីថា អាចក្លាយជានាយករដ្ឋមន្ត្រីឬក៏អត់។ គណបក្សរបស់លោក ភីថា បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតទូទៅកាលពីខែឧសភា ហើយបានប្រមូលផ្តុំក្រុមចម្រុះចំនួន៨គណបក្សបន្ថែមទៀត ដោយលោកទទួលបានអាសនៈចំនួន៣១២ នៅក្នុងសភាតំណាងរាស្រ្ត។ទោះជាយ៉ាងណាក៏ដោយ ក្រុមចម្រុះមិនបានទទួលការគាំទ្រគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតលើកដំបូងកាលពីសប្តាហ៍មុនពីព្រឹទ្ធសភា ដែលបោះឆ្នោតរួមគ្នាជាមួយសភាជាន់ទាបដើម្បីដាក់ឈ្មោះលោកជានាយករដ្ឋមន្ត្រីថ្មីនោះទេ។ ការប្រកាសរបស់តុលាការនៅតែអនុញ្ញាតឱ្យមានការតែងតាំង និងជ្រើសរើសលោក ភីថា ជានាយករដ្ឋមន្ត្រី រហូតដល់មានការសម្រេចចុងក្រោយពីតុលាការ។គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋរបស់ប្រទេសថៃបានបញ្ជូនសំណុំរឿងរបស់លោក ភីថា ទៅកាន់តុលាការដោយនិយាយថា មានភស្តុតាងដែលបញ្ជាក់ថាលោក ភីថា បានបំពានច្បាប់បោះឆ្នោត ជុំវិញការចោទប្រកាន់ថាលោក ភីថា ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលរឿងនេះត្រូវបានហាមឃាត់សម្រាប់សមាជិកសភាទាំងអស់៕

គណបក្សប្រឆាំងឥណ្ឌា បង្កើតក្រុមសម្ព័ន្ធមិត្ត I.N.D.I.A ខណៈលោក Modiចាត់ទុកពួកគេថាជាក្រុមជនឱកាសនិយម

2023/07/19 07:48:18 pm        241
 ឥណ្ឌា៖ គណបក្សប្រឆាំងជាង ២០គណបក្ស បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេចាប់ដៃគ្នាបង្កើតក្រុមសម្ព័ន្ធមិត្ត 'I.N.D.I.A.' ដើម្បីតតាំងជាមួយគណបក្សកាន់អំណាច Bharatiya Janata(BJP) របស់លោកនាយករដ្ឋមន្រ្តី Narendra Modi នៅការបោះឆ្នោតសភាឆ្នាំក្រោយ ខណៈដែលលោក Modiបានចាត់ទុកពួកគេថាជាក្រុមជនឱកាសនិយម ។  ការដាក់ឈ្មោះក្រុមសម្ព័ន្ធមិត្ត 'I.N.D.I.A.' ត្រូវបានគេមើលឃើញថាជាការព្យាយាមមួយដោយគណបក្សប្រឆំាង ដើម្បីប្រកួតប្រជែងជាមួយគណបក្ស BJP នៅការបោះឆ្នោតសកល ដែលគ្រោងនឹងរៀបចំឡើងនៅខែឧសភា ឆ្នាំ ២០២៤ ខាងមុខ ។  លោក Mallikarjun Khargeគឺជាប្រធានគណបក្សប្រឆាំងសភា និយាយថា ពាក្យ'I.N.D.I.A.' តំណាងឲ្យពាក្យ"Indian National Developmental Inclusive Alliance" ដែលមានន័យថា “សម្ព័ន្ធភាពរួមបញ្ចូលការអភិវឌ្ឍន៍ជាតិឥណ្ឌា” ។  ជំនួបនៅទីក្រុង Bengaluru របស់គណបក្សប្រឆាំង គឺជាជំនួបលើកទី ២របស់ពួកគេ ក្នុងរយៈពេល ១ខែ ដើម្បីធ្វើឲ្យលែងមានការខ្វែងគំនិតគ្នា ហើយនិងបង្កើតវេតិការួម មុនការបោះឆ្នោតឆ្នាំក្រោយ ដែលគណបក្ស BJP នៅតែមានប្រៀបក្នុងឈ្នះការបោះឆ្នោត ។  ជំនួបលើកដំបូងកាលពីខែមុន មានគណបក្សចំនួន ១៥ បានយល់ព្រមរួបរួមគ្នាប្រឆាំងនឹងគណបក្ស BJP ។  គណបក្សប្រឆាំងដែលភាគច្រើននៃពួកគេ គឺជាគូប្រជែងក្នុងតំបន់ ហើយត្រូវបានបំបែកនៅថ្នាក់ជាតិនោះ ស្មើនឹងតិចជាពាក់កណ្តាលនៃ ៣០១អាសនៈ ដែលគណបក្ស BJPមាននៅក្នុងរដ្ឋសភាមាន ៥៤២អាសនៈ ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានព្យាយាមបំបាត់ការខ្វែងគំនិតគ្នារបស់ពួកគេ ដើម្បីប្រកួតប្រជែងជាមួយគណបក្ស BJP ក្រោយមេដឹកនាំគណបក្សសភាលោក Rahul Gandhi ត្រូវបានគេកាត់ទោសពីបទបរិហាកេរ្តិ៍ ហើយនិងត្រូវជម្រុះពីសភា កាលពីខែមីនាកន្លងទៅ ៕

ភ្លើងឆេះព្រៃនៅភាគពាយ័ព្យទីក្រុងអាតែន ប្រទេសក្រិក បន្តឆាបឆេះដល់ពេលយប់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើន

2023/07/19 07:45:09 pm        294
ក្រិក៖ ភ្លើងឆេះព្រៃ ២កន្លែងបានឆាបឆេះដោយមិនអាចគ្រប់គ្រងបានលើដីព្រៃក្នុងទីក្រុង Mandra នៅភាគពាយ័ព្យទីក្រុងអាតែន ប្រទេសក្រិក រយៈពេល ២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃអង្គារ ដោយបង្ខំឲ្យប្រជាពលរដ្ឋកាន់តែច្រើនរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ស្របពេលដែលក្រុមអាជ្ញាធរ ព្យាយាមបញ្ឈប់អណ្តាតភ្លើងពីការរីករាលដាលដល់តំបន់ដែលមានរោងចក្រចម្រាញ់ប្រេងកាត ។  យោងតាមការអះអាងរបស់ក្រុមសាក្សី និងក្រុមមន្រ្តី បានឲ្យដឹងថា ភ្លើងឆេះព្រៃមួយកន្លែង មានមុខកាត់រហូតដល់ ៨គ.ម ដោយបានឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ និងរថយន្តនៅជុំវិញទីក្រុង Mandra ស្ថិតនៅភាគខាងលិចរដ្ឋធានីអាតែន ដែលគ្របដណ្តប់ពីលើដោយផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹក ។  លោក Christos Stathis គឺជាអភិបាលក្រុង Mandra បាននិយាយប្រាប់ទូរទស្សន៍ Open TV ថា ពួកយើងកំពុងរស់នៅក្នុងស្ថានភាពអាក្រក់ ។ ផ្ទះសម្បែង និងអចលទ្រព្យ ត្រូវបានឆាបឆេះដោយតែភ្លើងឆេះព្រៃ ។  គួរឲ្យដឹងថា កាលពីឆ្នាំ ២០១៧ ទីក្រុង Mandra ដែលជាតំបន់ឧស្សាហកម្មធំ បានរងគ្រោះដោយសារទឹកជំនន់ដែលបានសម្លាប់មនុស្ស ២៤នាក់ ។  ការធ្វើចរាចរណ៍ ត្រូវបានផ្អាករយៈពេលជាច្រើនម៉ោងនៅតាមផ្លូវជាតិ ២ខ្សែតភ្ជាប់ទីក្រុងអាតែនជាមួយទីក្រុង Elefsina និងទីក្រុង Corinth ជាកន្លែងដែលរោងចក្រចម្រាញ់ប្រេងកាតកំពុងប្រតិបត្តិការ ។ កាលពីល្ងាចថ្ងៃអង្គារ អណ្តាតភ្លើងបានឆាបឆេះឆ្ពោះទៅកាន់ទីក្រុងមាត់សមុទ្រ Nea Peramos ។  សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយថា ផ្ទះសម្បែង និងរោងចក្រផលិតនាវាខ្នាតតូចមួយកន្លែង ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Neos Pontos ហើយសំណុំផ្សែងខ្មៅដ៏ក្រាស់ បានហោះលើមេឃ ក្រោយការផ្ទុះ ។  មន្រ្តីនគរបាលមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មកទល់នឹងពេលនេះ ស្រុកយ៉ាងហោចចំនួន ៧ ត្រូវបានជម្លៀសប្រជាពលរដ្ឋចេញ ហើយក្រុមនគរបាល បានជួយជម្លៀសមនុស្សជាង ៣០០នាក់ ។  លោក Andreas Theodosiadis គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Mandra ដែលឈរនៅជុំវិញកម្ទេចកម្ទី និងបំណែករថយន្តដែលរងការឆាបឆេះ និយាយថា ពួកយើងបានប្រឹងអស់ពីលទ្ធភាពដើម្បីពន្លត់ភ្លើងឆេះព្រៃ ហើយឥឡូវអ្វីៗត្រូវបានបំផ្លាញអស់ដោយសារតែវា ៕

UN៖ គំនិតមានច្រើនលើវិធីនាំចេញគ្រាប់ធុញ្ញជាតិ និងជីគីមីអ៊ុយក្រែន និងរុស្ស៊ីទៅកាន់ទីផ្សារពិភពលោក

2023/07/19 07:41:49 pm        246
UN៖អង្គការសហប្រជាជាតិ(UN)និយាយកាលពីថ្ងៃអង្គារថា មាននូវគំនិតជាច្រើនបានលេចចេញឡើងដើម្បីជួយឲ្យគ្រាប់ធុញ្ញជាតិអ៊ុយក្រែន និងរុស្ស៊ី ហើយនិងជីគីមីរុស្ស៊ី ទៅកាន់ទីផ្សារសកលលោក ក្រោយទីក្រុងម៉ូស្គូ ឈប់ទទួលយកកិច្ចព្រមព្រៀងអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធុញ្ញជាតិអ៊ុយក្រែនដោយសុវត្ថិភាពចេញពីកំពង់ផែសមុទ្រខ្មៅ ។  កិច្ចព្រមព្រៀងសមុទ្រខ្មៅនេះ ត្រូវបានរៀបចំឡើងដោយ UN និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំមុន ដើម្បីប្រយុទ្ធប្រឆំាងនឹងវិបត្តិស្បៀងអាហារពិភពលោក បង្កឡើងដោយសារការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ។ អ៊ុយក្រែន និងរុស្ស៊ី ស្ថិតនៅក្នុងចំណោមប្រទេសនាំចេញគ្រាប់ធុញ្ញជាតិធំៗបំផុតរបស់ពិភពលោក ។  ការដកខ្លួនចេញពីកិច្ចព្រមព្រៀងរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ដែលរួមទាំងការដកចេញការធានាចំពោះការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាពនោះ បានបញ្ចប់ផងដែរនូវកិច្ចព្រមព្រៀងរវាង UN និងទីក្រុងម៉ូស្គូ ដែលក្រុមមន្រ្តី UNបានយល់ព្រមជួយនាំចេញជីគីមី និងស្បៀងអាហាររុស្ស៊ីទៅកាន់ទីផ្សារពិភពលោក ។  អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric និយាយថា ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការ UNលោក Antonio Guterresនឹងបន្តស្វែងរកវិធីដែលមានលទ្ធភាពទាំងអស់ ដើម្បីធានាបានថា គ្រាប់ធុញ្ញជាតិអ៊ុយក្រែន គ្រាប់ធុញ្ញជាតិរុស្ស៊ី ជីគីមីរុស្ស៊ី អាចនាំចេញទៅកាន់ទីផ្សារពិភពលោកបាន ។  លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានដោយពុំបានផ្តល់សេចក្តីលម្អិតថា មាននូវគំនិតច្រើនណាស់បានលេចចេញ ។  ខណៈពេលនោះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និយាយថា ជម្រើសផ្សេងទៀតចំពោះកិច្ចព្រមព្រៀងគ្រាប់ធុញ្ញជាតិសមុទ្រខ្មៅ ត្រូវតែរកឲ្យឃើញ ហើយបច្ចុប្បន្នមាននូវការជជែកពិភាក្សាយ៉ាងសកម្មបំផុត ។  លោកបន្តថា ការនាំចេញគ្រាប់ធុញ្ញជាតិអ៊ុយក្រែនឆ្លងកាត់អឺរ៉ុបមិនអាចទូទាត់ជាមួយការចែកចាយពីកំពង់ផែអ៊ុយក្រែននៅសមុទ្រខ្មៅបាននោះទេ ៕

វៀតណាមអនុម័តផែនការតម្លៃ៣១.៧ ពាន់លានដុល្លារដើម្បីពង្រីកសមត្ថភាពស្តុកប្រេង នៅឆ្នាំ២០៣០

2023/07/19 07:38:16 pm        239
វៀតណាម៖ ប្រទេសវៀតណាម បានអនុម័តផែនការមួយដើម្បីពង្រីកសមត្ថភាពស្តុកប្រេងឥន្ធនៈរបស់ខ្លួន នៅត្រឹមឆ្នាំ២០៣០ ជាមួយនឹងការវិនិយោគរហូតដល់៣១,៧ពាន់លានដុល្លារ។ យោងតាមផែនការដែលត្រូវបានចុះហត្ថលេខាដោយលោក Tran Hong Ha ( ត្រឹង ហុង ហា) ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងកាលពីថ្ងៃអង្គារថា ការវិនិយោគនឹងបង្កើនសមត្ថភាពស្តុកទុកប្រេងឥន្ធនៈចម្រាញ់រួច និងប្រេងឆៅរបស់ប្រទេស រហូតដល់៧៥ ទៅ៨០ថ្ងៃនៃការនាំចេញសរុប។

កម្មករ-កម្មការិនី ត្រៀមខ្លួនរួចរាល់ទៅបោះឆ្នោត និងបន្តគំាទ្រគណបក្សប្រជាជនកម្ពុជា

2023/07/19 07:37:41 pm        281
ភ្នំពេញ៖ កម្មករ-កម្មការិនី បម្រើការងារនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាននិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ និងបន្តបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ​ឱ្យដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧ទៀត ។ក្រុមកម្មករ កម្មការិនី នៅថ្ងៃទី១៩ ខែកក្កដានេះបានប្រាប់BTVថា ពួកគេបន្តការគាំទ្រគណបក្ស ប្រជាជនកម្ពុជា ព្រោះថា គណបក្សនេះមានស្នាដៃជាច្រើន ក្នុងកសាងប្រទេសជាតិឱ្យមាន​ការអភិវឌ្ឍរីកចម្រើន ជាពិសេសក្នុងវិស័យកាត់ដេរ​សំលៀកបំពាក់ និងស្បែក ​ដែលរាជរដ្ឋាភិបាល មាន​គោលនយោបាយទាក់ទាញអ្នកវិនិយោគក្នុងស្រុក ​និងក្រៅស្រុក បង្កើតរោងចក្រជាច្រើននៅ​ទូទាំង​ប្រទេស និងផ្តល់ ការងារជូនប្រជាពលរដ្ឋ។កម្មករ កម្មការិនី បានលើកឡើងពីអត្ថប្រយោជន៍ផ្សេងៗ ​ដែលពួកគេទទួលបានពីការងាររោងចក្រ ក្រោមការជួយគិតគូររបស់រាជរដ្ឋាភិបាល ​របស់គណបក្សប្រជាជនកម្ពុជា ។បើតាមកម្មវិធីនយោបាយសម្រាប់កសាង​ និងការពារមាតុភូមិ​ (ឆ្នាំ២០២៣-២០២៨) របស់ គណបក្សប្រជាជនកម្ពុជា ​ត្រង់ចំណុច ការអភិវឌ្ឍការងារ ​និងប្រព័ន្ធគាំពារសង្គម បានបង្ហាញពី​សារនយោបាយពាក់ព័ន្ធនឹងកម្មករនិយោជិត ដូចជា៖ បន្តអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបប និងការងារ ​ដើម្បីរក្សាការងារ បង្កើតការងារ បង្កើនឱកាសទទួលបានការងារ​សមរម្យ/ផលិតភាព​ខ្ពស់​ជូនប្រជាពលរដ្ឋ និងធានាភាពសុខដុមរមនា ​នៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារ ព្រមទាំងលើ​កកម្ពស់ការអភិវឌ្ឍជំនាញជាប្រចាំ ។ បន្តលើកកម្ពស់ជីវភាពរស់នៅរបស់​កម្មករ​និយោជិត តាមរយៈការបន្តដំឡើងប្រាក់ឈ្នូល អប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ, ការ​ពិនិត្យលទ្ធភាពពង្រីកវិសាលភាពប្រាក់ឈ្នូលអប្បបរមា ទៅវិស័យផ្សេងៗ, ការបន្តជួយសម្រាល​បន្ទុកចំណាយរបស់កម្មករនិយោជិត ដោយបន្តពង្រីកការតបណ្តាញ អគ្គិសនី និងទឹកស្អាតក្នុង​តម្លៃសមរម្យជូនកម្មករនិយោជិតនៅតាមផ្ទះជួល និងជំរុញអនុវត្តច្បាប់ ស្តីពីភតិសន្យាពិសេស ។ បន្តលើកលែងពន្ធលើប្រាក់អត្ថប្រយោជន៍បន្ថែមរបស់កម្មករនិយោជិត​ និងកែ សម្រួលកម្រិត​ប្រាក់​បៀវត្សរ៍​អប្បបរមាត្រូវជាប់ពន្ធ និងការធានាការបើកប្រាក់ឈ្នួល២ដងក្នុងមួយខែ ព្រម ទាំងការ​ទូទាត់​ប្រាក់បំណាច់​អតីតភាពការងារ ​រៀងរាល់៦ខែម្តង និងពង្រឹងការអនុវត្តលក្ខខណ្ឌ​សុវត្ថិភាព និងសុខភាពការងារ ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ

បារាំងផ្តល់កិត្តិយសដល់លោក Modi មេដឹកនាំឥណ្ឌាក្នុងពិធីប្រារព្ធទិវាជាតិ

2023/07/19 07:34:51 pm        233
បារាំង៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ត្រូវបានផ្តល់កិត្តិយសពិសេសបំផុតរបស់ប្រទេសបារាំង កាលពីថ្ងៃសុក្រទី១៤ ខែកក្កដា ជាភ្ញៀវកិត្តិយស នៅក្នុងព្យុហយាត្រាយោធាទិវាជាតិ ជាផ្នែកនៃដំណើរទស្សនកិច្ច ដែលបានបញ្ជាក់ពីកិច្ចព្រមព្រៀងការពារជាតិកម្រិតខ្ពស់។ លោក Modi និងប្រធានាធិបតី លោក Emmanuel Macron បានត្រួតពិនិត្យមើលការដើរក្បួនយោធាឥណ្ឌា និងបារាំង នៅតាមដងផ្លូវ Champs-Elysees ដែលមានជួរដើមឈើ នៅក្នុងទីក្រុងប៉ារីស ខណៈយន្តហោះប្រយុទ្ធ Rafale ផលិតនៅប្រទេសបារាំង ដែលឥណ្ឌាបានទិញកាលពីឆ្នំ២០១៥ បានចូលរួមនៅក្នុងការហោះហើរឆ្លងកាត់វិមាន Arc de Triomphe ។ការប្រារព្ធពិធីជាតិ ធ្វើឡើងនៅពេលដ៏លំបាកសម្រាប់លោក Macron ដែលមានការមិនពេញចិត្តពីសមាជិកសាធារណៈមួយចំនួន ខណៈលោក ធ្វើដំណើរតាមរថយន្តយោធានៅតាមផ្លូវ Champs-Elysees ( ហ្សង់អេលីហ្ស៊េ)។ ការសម្រេចចិត្តរបស់លោក ដើម្បីបង្កើនអាយុចូលនិវត្តន៍ បានបង្កឲ្យមានការតវ៉ាជាច្រើនខែ និងបានធ្វើឲ្យប៉ះពាល់ដល់អត្រាប្រជាប្រីយភាពរបស់លោក។  លោក Modi បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅកាន់ទីក្រុងប៉ារីសកាលពីពីថ្ងៃទី១៣ ខែកក្កដា នៅពេលនោះ លោកត្រូវបានផ្តល់រង្វាន់ងារកិត្តិយស ជារង្វាន់ខ្ពស់បំផុតរបស់ប្រទេសបារាំង។ ព្យុះហយាត្រា បានធ្វើឡើងបន្ទាប់ពីទីក្រុងញ៉ូវឌេលី បានផ្តល់ការអនុម័តដំបូងដើម្បីទិញយន្តហោះ Rafale បន្ថែមចំនួន២៦គ្រឿង សម្រាប់កងទ័ពជើងទឹករបស់ខ្លួន និងនាវាមុជទឹកចំនួន៣គ្រឿង ដោយផ្អែកលើទំនាក់ទំនងការពារជាតិជាមួយទីក្រុងប៉ារីស នៅពេលមួយដែលប្រទេសទាំងពីរ កំពុងស្វែងរកសម្ព័ន្ធមិត្ត នៅក្នុងតំបន់ ឥណ្ឌូ-ឥណ្ឌូប៉ាស៊ីហ្វិក។ប្រភពដែលដឹងច្បាស់ពីព័ត៌មានលម្អិត បានឲ្យដឹងថា តម្លៃសរុបនៃការទិញនេះ ត្រូវបានគេរំពឹងថា មានតម្លៃប្រមណ៨០០ពាន់លានរូបពី ឬ៩.៧៥ ពាន់លានដុល្លារ ទោះបីជាតម្លៃនេះនៅតែជាគោលដៅចំពោះការចរចាក៏ដោយ។ លោក Macron បានផ្តល់កិត្តិយស ចំពោះមេដឹកនាំពិភពលោក មួយចំនួនប៉ុណ្ណោះមកចូលរួមក្នុងព្យុះហយាត្រាយោធាក្នុងទីវាជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM