ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ជប៉ុន នឹងប្រារព្ធខួបនៃការសម្លាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ នៅថ្ងៃសៅរ៍

2023/07/07 09:49:45 pm        377
ជប៉ុន៖ ប្រទេសជប៉ុន នឹងប្រារព្ធខួបលើកទី១នៃការស្លាប់របស់អតីតនាយករដ្ឋមន្ត្រី លោកស៊ីនហ្សូ អាបេ (Shinzo Abe) នៅថ្ងៃសៅរ៍ (ទី៨ ខែកក្កដា) ពោលគឺការគម្រប់ខួប១ឆ្នាំ បន្ទាប់ពីលោកត្រូវបានគេបាញ់សម្លាប់ ពេលកំពុងធ្វើយុទ្ធនាការ នៅភាគខាងលិចទីក្រុងណារ៉ា (Nara)។ទោះបីលោកជាឥស្សរជនមានគំនិតពិសេសដាច់ដោយឡែក នៅពេញមួយអាជីពនយោបាយរបស់លោកក៏ដោយ ក៏ការសម្រេចរបស់រដ្ឋាភិបាលជប៉ុន ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋពេញលេញ សម្រាប់លោក អាបេ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញឲ្យឃើញនូវភាពចម្រូងចម្រាសផងដែរ ដោយការធ្វើបែបនោះបង្កឲ្យមានការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មូលនិធិរដ្ឋ ដើម្បីចំណាយសម្រាប់កម្មពិធីនេះ។ការធ្វើឃាតលើលោក Abe បានធ្វើឲ្យមានការបញ្ចេញឲ្យដឹងយ៉ាងច្រើនអំពីទំនាក់ទំនង រវាងសមាជិកសភា នៅក្នុងគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) ដែលលោកធ្លាប់ដឹកនាំ និងព្រះវិហារបង្រួបបង្រួម (Unification Church) ដែលក្រុមអ្នករិះគន់ហៅថា លទ្ធិសាសនា ដោយការបញ្ចេញឲ្យដឹងនោះ បានបង្កឲ្យមានប្រតិកម្មប្រឆាំងនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Fumio Kishida។សូមបញ្ជាក់ថា លោកអាបេ (Abe) បានកាន់តំណែងជានាយករដ្ឋមន្ត្រីចំនួន ២អាណត្តិ ដោយបានចុះចេញពីតំណែងនៅឆ្នាំ២០២០ ដោយសារហេតុផលសុខភាពមិនសូវល្អ។ មុនពេលលោកទទួលមរណភាព លោកនៅតែមានវត្តមានលេចធ្លោ ក្នុងបក្ស LDP ដោយគ្រប់គ្រងដោះស្រាយជម្លោះដ៏ធំមួយ ក្នុងចំណោមជម្លោះធំៗរបស់គណបក្ស។ លោកអាបេ បានចេញមកពីត្រកូលអ្នកនយោបាយដ៏មានទ្រព្យធនមួយ ដោយឪពុករបស់លោកធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស និងជីតារបស់លោក ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី៕

កូរ៉េខាងត្បូង៖ ផែនការសំណល់ទឹកនុយក្លេអ៊ែររោងចក្រហ៊្វូគូស៊ីម៉ារបស់ជប៉ុន ត្រូវតាមស្តង់ដារពិភពលោក

2023/07/07 09:45:59 pm        298
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រ (៧ កក្កដា)នេះថា ខ្លួនគោរពការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលថាមពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លើផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រិត្តកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រ ហើយថាវាបំពេញតាមស្តង់ដារអន្តរជាតិ។ទីក្រុងសេអ៊ូលបានប្រកាសពីការវាយតម្លៃរបស់ខ្លួនបន្ទាប់ពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានផ្តល់កាយល់ព្រមនៅសប្តាហ៍នេះដល់ផែនការរបស់ប្រទេសជប៉ុន បន្ទាប់ពីការពិនិត្យឡើងវិញរយៈពេលពីរឆ្នាំ បើទោះបីជាមានកង្វល់អំពីសុវត្ថិភាពនៅក្នុងប្រទេសជិតខាងមួយចំនួន និងសញ្ញានៃការរិះគន់ពីអ្នកប្រើប្រាស់ក៏ដោយ។រដ្ឋមន្ត្រីការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលលោក Bang Moon-kyu បាននិយាយថា កូរ៉េខាងត្បូងគោរពការរកឃើញរបស់អង្គការ IAEA ព្រោះរបាយការណ៍នេះត្រូវបានផ្អែកលើក្រុមការងារនៃអ្នកជំនាញពិភពលោក ដែលបង្កើតឡើងដោយទីភ្នាក់ងារអន្តរជាតិ។ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្មជាងមួយលានតោន ដោយឥឡូវនេះត្រូវបានរក្សាទុកនៅរោងចក្រដែលបានខូចខាតនៅភាគខាងជើងនៃទីក្រុងតូក្យូ។ សំណល់ទឹកនេះភាគច្រើនត្រូវបានប្រើដើម្បីធ្វើឱ្យត្រជាក់ដល់ម៉ាស៊ីនរ៉េអាក់ទ័រ ដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិកាលពីខែមីនាឆ្នាំ២០១១៕

អាមេរិកគ្រោងបញ្ជូនគ្រាប់បែកចង្កោមអោយអ៊ុយក្រែន

2023/07/07 09:42:34 pm        307
អាមេរិក៖ ក្រុមមន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ដើម្បីជួយប្រទេសនេះក្នុងសង្គ្រាមជាមួយរុស្ស៊ី។ ប្រសិនបើវាត្រូវបានបញ្ជាក់ គម្រោងនេះនឹងផ្តល់នូវជំនួយថ្មីដ៏មានអានុភាពដល់ការវាយលុករបស់រដ្ឋធានី គីវ (Kyiv)។ ប៉ុន្តែគម្រោងនេះក៏បានទាក់ទាញការប្រឆាំងរួចហើយ ពីក្រុមសិទ្ធិមនុស្សដែលនិយាយថា សព្វាវុធទាំងនោះសម្លាប់មិនរើសមនុស្សនោះទេ។សេតវិមានបាននិយាយថាការបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនគឺ "ស្ថិតក្រោមការពិចារណាយ៉ាងសកម្ម" ប៉ុន្តែនៅមិនមានការប្រកាសណាមួយដែលត្រូវធ្វើនោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ ណាតូ នៅប្រទេសលីទុយអានី នៅសប្តាហ៍ក្រោយ ដោយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនទំនងជាប្រធានបទសំខាន់គ្របដណ្តប់លើការពិភាក្សានោះ។នៅមុនកិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិងកំពុងគាំទ្រដល់ការស្នើសុំចូលជាសមាជិកនៃសម្ព័ន្ធការពារជាតិ របស់ប្រទេសនេះ។អ៊ុយក្រែនចង់ចូលជាសមាជិកណាតូឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែបណ្ដារដ្ឋជាសមាជិកបានខ្វែងគំនិតគ្នា ថាតើជំហាននោះគួរត្រូវធ្វើលឿនប៉ុណ្ណា។ អ្នកខ្លះបារម្ភថា ចំណាត់ការនេះនឹងធ្វើឲ្យបណ្ដាប្រទេសសម្ព័ន្ធភាពខិតទៅជិតសង្គ្រាមសកម្មជាមួយប្រទេសរុស្ស៊ី៕

របាយការណ៍៖ ក្រុមហ៊ុន Tesla ចាប់ផ្តើមបញ្ឈប់កម្មកររោងចក្រមួយចំនួន នៅចិន

2023/07/07 09:39:28 pm        272
ចិន៖ ដោយដកស្រង់សម្ដីពីអ្នកដែលដឹងពីបញ្ហារំសាយកម្មកររបស់ក្រុមហ៊ុន Tesla Inc ប្រព័ន្ធផ្សព្វផ្សាយ Bloomberg News បានរាយការណ៍ នៅថ្ងៃសុក្រ (ទី៧ ខែកក្កដា) នេះ ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនេះ កំពុងចាប់ផ្ដើមបញ្ឈប់បុគ្គលិកមួយចំនួនពីរោងចក្រផលិតអាគុយ នៅក្រុងសៀងហៃ ប្រទេសចិន។យ៉ាងណាក្ដី យោងតាមរបាយការណ៍នោះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើមានកម្មករប៉ុន្មាននាក់ អាចត្រូវបានរំសាយ ឬថា តើហេតុផលជាក់លាក់អ្វី ដែលនៅពីក្រោយការបញ្ឈប់ពីការងារនេះ ខណៈក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ការបញ្ឈប់ពីការងារនេះ ត្រូវបានរាយការណ៍ដំបូងដោយបណ្ដាញសារព័ត៌មានអនឡាញ ក្នុងស្រុកមួយឈ្មោះថា Deep Analysis កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) ដែលបាននិយាយថា កម្មករតិចជាង ១.០០០នាក់ កំពុងធ្វើការលើខ្សែចង្វាក់ផលិតកម្មផលិតអាគុយចំនួន២របស់រោងចក្រ។រោងចក្រ Gigafactory Shanghai របស់ក្រុមហ៊ុន Tesla ដែលជារោងចក្រដ៏ធំបំផុត និងមានផលិតភាពបំផុត មានបុគ្គលិកប្រហែល ២០.០០០នាក់ ដោយក្នុងនោះរួមទាំងបុគ្គលិកដែលកំពុងផលិតរថយន្តម៉ាក Model Y និង Model 3 ផងដែរ៕

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីកម្លាំងពហុជាតិសម្រាប់ប្រទេសហៃទី

2023/07/07 09:28:49 pm        298
ហៃទី៖ បណ្ដារដ្ឋសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានលើកឡើងនូវករណីមួយសម្រាប់ការដាក់ពង្រាយកម្លាំងពហុជាតិទៅកាន់ប្រទេសហៃទីកាលពីថ្ងៃព្រហស្បតិ៍ (៦ កក្កដា) បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវសហគមន៍អន្តរជាតិឱ្យ "ចាត់វិធានការបន្ទាន់" សម្រាប់ប្រទេសនេះ។លោក Guterres បានទៅទស្សនកិច្ចរដ្ឋធានីរបស់ប្រទេសហៃទីកាលពីថ្ងៃសៅរ៍ (១ ខែកក្កដា) ហើយលោកបាននិយាយថា ជំនួយអន្តរជាតិមិនបានបំពេញតម្រូវការមនុស្សធម៌ដែលកំពុងកើនឡើងរបស់ប្រទេសក្រីក្រមួយនេះនោះទេ ព្រមទាំងបានជំរុញឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់នគរបាលហៃទី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាល។កាលពីប្រាំបួនខែមុន ប្រមុខអង្គការសហប្រជាជាតិរូបនោះ បានស្នើឱ្យប្រទេសមួយឬច្រើនបញ្ជូន "កងកម្លាំងប្រតិកម្មរហ័ស" ដើម្បីគាំទ្រសេវាសន្តិសុខរបស់ប្រទេសហៃទី ប៉ុន្តែមិនទាន់មានកម្លាំងបែបនេះត្រូវបានដាក់ពង្រាយនៅឡើយទេ ខណៈមិនមានប្រទេសណាមួយបានពង្រឹងវិធានការដឹកនាំលើកិច្ចការនេះ៕

បក្សប្រឆាំងកូរ៉េខាងត្បូងបង្កើនសម្ពាធលើរដ្ឋាភិបាលដើម្បីថ្កោលទោសការបញ្ចេញទឹកនៅរោងចក្រនុយក្លេអ៊ែររបស់ជប៉ុន

2023/07/07 09:25:37 pm        256
កូរ៉េខាងត្បូង៖ សមាជិកសភាគណបក្សប្រឆាំងប្រទេសកូរ៉េខាងត្បូង កំពុងបង្កើនសម្ពាធលើរដ្ឋាភិបាល ដើម្បីថ្កោលទោសផែនការរបស់ប្រទេសជប៉ុន ដើម្បីបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួច ពីរោងចក្រថាមពល Fukushima ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ ចូលទៅក្នុងសមុទ្រ។ រដ្ឋាភិបាល បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានគោរពតាមការសន្និដ្ឋាននៃការពិនិត្យសុវត្ថិភាពធ្វើឡើងដោយអង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ដែលបានអនុម័តផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរ។ ទីក្រុងសេអ៊ូល បានបញ្ជាក់ថាការប្រមូលផ្តុំសម្ភារៈវិទ្យុសកម្ម បំពេញទៅតាមស្តង់ដាសម្រាប់ការបញ្ចេញទៅសមុទ្រ ហើយការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច ត្រូវបានគេរំពឹងថានឹងគ្មានផលប៉ះពាល់ធំដុំណាមួយលើតំបន់មហាសមុទ្ររបស់យើងនោះទេ។

ប្រមុខ UNនិយាយប្រាប់អ៊ីស្រាអែលថា ការកើនឡើងភាពតានតឹងមិនមែនជាចម្លើយដោះស្រាយបញ្ហានោះទេ

2023/07/07 09:21:44 pm        265
UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterresបាននិយាយថា លោកយល់ពីកង្វល់ស្របច្បាប់របស់អ៊ីស្រាអែលចំពោះសន្តិសុខរបស់ខ្លួន ប៉ុន្តែការកើនឡើងភាពតានតឹង មិនមែនជាចម្លើយត្រូវដោះស្រាយបញ្ហានោះទេ ។  បន្ទាប់ពីប្រតិបត្តិសឹកអ៊ីស្រាអែលនៅជំរំជនភៀសខ្លួនក្រុង Jenin ដែលលោកចាត់ទុកថាជាអំពើហិង្សាដ៏អាក្រក់បំផុតនៅតំបន់វ៉េសប៊ែង នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោក Guterres និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការប្រើប្រាស់ការវាយប្រហារតាមច្រកអាកាស គឺពុំសមស្របនឹងអនុវត្តន៍ការពង្រឹងច្បាប់នោះទេ ។  លោក Guterresនិយាយថា លោកសូមធ្វើការថ្កោលទោសទាំងស្រុងចំពោះគ្រប់សកម្មភាពនៃអំពើហិង្សាមកលើជនស៊ីវិល ដែលរួមទាំងទង្វើភេរវកម្ម ។ ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល និងប្រតិបត្តិការជើងគោកនៅជំរំជនភៀសខ្លួនដែលមានមនុស្សរស់នៅច្រើនកុះករ គឺជាអំពើហិង្សាដ៏អាក្រក់បំផុតនៅតំបន់វ៉េសប៊ែង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយវាមានផលប៉ះពាល់ខ្លាំងលើជនស៊ីវិល រួមទាំងអ្នករងរបួសជាង ១រយនាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបង្ខំចិត្តរត់ភៀសខ្លួន ។  លោកបន្តថា សាលារៀន និងមន្ទីរពេទ្យ រងការខូចខាត បណ្តាញផ្គត់ផ្គង់ទឹក និងចរន្តអគ្គិសនី ត្រូវបានអាក់ខាន ហើយមនុស្សដែលត្រូវការគេជួយ ត្រូវបានរារាំងមិនឲ្យចូលដល់ការជួយសង្រ្គោះ និងការថែទាំសុខភាពចាំបាច់ ៕

មេដឹកនាំកំពូលក្រុមឧទ្ទាមប្រឆាំង FARCរបស់កូឡុំប៊ីលោក Ivan Marquez បានស្លាប់នៅប្រទេសវេណេហ៊្សុយអេឡា

2023/07/07 09:17:54 pm        271
វេណេហ៊្សុយអេឡា៖ ប្រភពព័ត៌មាន ២ដែលនៅជិតស្និតនឹងបញ្ហានេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា លោក Ivan Marquez ដែលជាមេដឹកនាំដ៏ល្បីឈ្មោះមួយរូបរបស់អតីតក្រុមឧទ្ទាម FARCដែលវិលត្រឡប់មកកាន់អាវុធវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលកូឡុំប៊ីនោះ បានស្លាប់នៅក្នុងប្រទេសវេណេហ៊្សុយអេឡា ។  បើទោះបីជាសមាជិកភាគច្រើនរបស់កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី(FARC)ត្រូវបានរំសាយក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៦ ដែលបានបញ្ចប់តួនាទីរបស់ FARCនៅក្នុងជម្លោះរយៈពេលជិត ៦០ឆ្នាំនៅក្នុងប្រទេសមួយនេះក៏ដោយ ក្រុមធំៗ ២ទៀតដែលបានជំទាស់នឹងកិច្ចព្រមព្រៀងមួយនេះ នៅតែបន្តជួញដូរគ្រឿងញៀន និងជីករ៉ែខុសច្បាប់ដដែល ។  យោងតាមប្រភពព័ត៌មានសន្តិសុខ បានឲ្យដឹងថា ការវាយប្រហារមកលើលោក Marquezដែលមានឈ្មោះពិត Luciano Marín Arango អាចត្រូវបានដឹកនាំដោយលោក Ivan Mordisco ដែលជាមេដឹកនាំក្រុមឧទ្ទាមប្រឆាំងមួយទៀត និងជាគូប្រជែងរបស់ក្រុមឧទ្ទាម FARC ។  ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិកូឡុំប៊ីលោក Ivan Velasquez បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គេនៅពុំទាន់មានព័ត៌មានផ្លូវការនៅឡើយទេលើការស្លាប់របស់លោក Marquez ៕

នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់៖ "ការសន្ទនាដ៏ស្វិតស្វាញ" ជាមួយប្រទេសចិន ប្រសើរជាងគ្មានការពិភាក្សាទាល់តែសោះ

2023/07/07 09:14:28 pm        112
នូវ៉ែលហ្សេឡង់៖ នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក Chris Hipkins បាននិយាយនៅថ្ងៃសុក្រ (៧ កក្កដា)នេះថា ប្រទេសនូវ៉ែលហ្សេឡង់នឹងទាមទារឱ្យមានការចូលរួមបន្តជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ហើយថា "ការសន្ទនាដ៏តឹងតែង" ជាមួយទីក្រុងប៉េកាំង គឺប្រសើរជាងពុំបានពិភាក្សាអ្វីសោះ។លោក Hipkins បាននិយាយថា ប្រទេសនូវ៉ែលហ្សេឡង់នឹងបន្តមិនយល់ស្របជាមួយប្រទេសចិនលើបញ្ហាមួយចំនួន រួមទាំងសិទ្ធិមនុស្ស ប៉ុន្តែផ្លូវនៃការចូលរួមជាមួយប្រទេសចិននឹង "បើកចំហ និងស្មោះត្រង់"។នូវ៉ែលហ្សេឡង់ត្រូវបានគេមើលឃើញថាមានឥទ្ធិពលមធ្យម ឬមិនមានសោះ ទៅលើប្រទេសចិននៅក្នុងសម្ព័ន្ធភាពចែករំលែកព័ត៌មានសម្ងាត់ភ្នែកទាំង៥ (Five Eyes) ដែលរួមមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ហើយកំពុងគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្នជាមួយប្រទេសចិន ស្របពេលមានការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។លោក Hipkins បានសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសឯករាជ្យរបស់នវ៉ែលហ្សេឡង់មិនមានន័យថាជាជំហរអព្យាក្រឹតទេ ហើយថាប្រទេសនេះនឹងធ្វើការសម្រេចក្នុងផលប្រយោជន៍ជាតិរបស់ខ្លួន៕

គ.ជ.ប អំពាវពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងសហគ្រាសនានាអនុញ្ញាតឲ្យនិយោជិត និងកម្មករចូលរួមបោះឆ្នោតតំណាងរាស្រ្តខាងមុខ

2023/07/07 08:41:13 pm        126
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវចំពោះគ្រប់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានទងអស់អនុញ្ញាតឲ្យនិយោជិត កម្មករ-កម្មការិនី ចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខ។ នេះបើតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ចេញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ សេចក្តីអំពាវនាវ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ក្នុងនោះ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី​សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គ.ជ.ប បានអំពាវនាវចំពោះគ្រប់ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ សូមជួយបង្ក​លក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆាំ្ន២០២៣ នៅតាមឃុំ-សង្កាត់ ដែលពួកគាត់បាន​ចុះឈ្មោះបោះឆ្នោត។ គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ-កម្មការិនីបានទៅ​បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រទៅតាមកាលបរិច្ឆេទជាកំណត់៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី
08/19/2026 08:08 AM
វិចារណកថា៖ គ្មានជីវិតណាមួយរស់នៅតែឯងនោះទេ«ការរស់នៅ គឺការទទួលជំនួយពីបណ្តាញទំនាក់ទំនងមួយ ដែលយើងប្រហែលជាមិនដែលបានឃើញទាំងស្រុងផង»
08/19/2026 08:08 AM
ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM