ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្អែកនេះសម្តេចតេជោ នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

2023/05/22 03:57:01 am        523
នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺ៖ទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតទី២-ទស្សនាពិព័រណ៍សមិទ្ធផល ទី៣-ពិធី សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ តាមការឲ្យដឹងពីឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា។ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ ហើយជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ សមិទ្ធផលទាំងនេះ ក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន "ឆ្នាំមិត្តភាពចិន-កម្ពុជា" ក៏ដូចជាខួបលើកទី១០ឆ្នាំ នៃ "គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ”។ទាក់ទងនឹងការ អបអរសាទរក្នុងការដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) ដែលមានលោក គូ ឆ្លើយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង ជានាយកក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារ អាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ។ ការវិនិយោគដ៏ធំនេះ គឺបង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង សក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រម ព្រៀងពាណិជ្ជកម្មជាច្រើន។ រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។ នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាច ផលិតសំបកកង់ជិត ១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ សង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុន ផ្សេងៗទៀតនឹងបន្តមកវិនិយោគក្នុងវិស័យនេះបន្តទៀត។ ឯកឧត្តម អ៉ិត សំហេង បានអោយដឹងទៀតថា តាមរយៈជំនួយឥតសំណងដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ដើម្បីបណ្តុះបណ្តាលកម្មករជំនាញ និងអ្នកគ្រប់គ្រង សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាសហគ្រាសនៅទូទាំងប្រទេសកម្ពុជា។ សមិទ្ធផលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានតាំងបង្ហាញក្នុងពិព័ណ៌ខួបលើកទី១០ឆ្នាំ នៃ គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ-ផ្លូវមួយ” ដែលឆ្លុះបញ្ចាំងពីលទ្ធផលជាក់ស្ដែង នៃកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន៕

សម្ដេចតេជោ ហ៊ុន សែន បដិសេធមិនទទួលយកការសុំទោសរបស់ ជា ប៉ូច ដែលប៉ុនប៉ង​ផ្ដួលរំលំ​រាជ​រដ្ឋាភិបាល

2023/05/22 12:20:42 am        773
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​ចេញសារតាមបណ្ដាញតេឡេក្រាមភ្ជាប់នូវលិខិត និងសារសំឡេងទទួលស្គាល់ របស់លោក ជា ប៉ូច មេដឹកនាំបក្សភ្លើងទៀនមួយរូប ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេច​តេជោ​បញ្ជាក់ថា សម្ដេចមិនទទួលយកការសុំទោសរបស់ ជា ប៉ូច បានឡើយ។សម្ដេចតេជោ បានសរសេរថា «រឿង ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយរាប់ទាំង ជា ប៉ូច សរសេរ​លិខិត​មក​សុំទោស ខ្ញុំកាលពីថ្ងៃទី១៥ ខែឧសភា ​ឆ្នាំ២០២៣​។ ទាំងសារសំឡេង ជា ប៉ូច ទាំង​លិខិត ជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ ហ៊ុន សែនឲ្យបាន។»សម្ដេចតេជោ បានប្រាប់ទៅ ជា ប៉ូច ថា ពាក្យទម្លាក់មានវិធីច្រើនយ៉ាង តាមរបៀបបោះឆ្នោត ដូច​ការ​ពន្យល់​របស់ ប៉ូច ក្នុងលិខិតថ្ងៃទី១៥ ខែឧសភា ​ឆ្នាំ២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាម​ការ​ប្រើ​ប្រាស់ប​ដិវត្តពណ៌​ដែលគេប្រើនៅច្រើនកន្លែង ច្រើន​ប្រទេ​ស​ដែល​មាន​ឈ្មោះខុ​ស​គ្នា​តែ​មាន​គោ​ល​ដៅទ​ម្លាក់ ឬផ្តួលរលំដូចគ្នា រហូត​ដល់​ការ​ធ្វើ​ឃាត​ ឬគ្រ​ប់​សកម្មភាព​ឲ្យ​តែ​កម្ចាត់​មនុស្ស​ដែល​ខ្លួន​ត្រូវកំចាត់ឲ្យខាងតែបាន។សម្ដេចបញ្ជាក់ថា «ប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់ តែ ប៉ូច និងបក្សរបស់ខ្លួន វា​មាន​ចរិត​បែប​នេះជារៀងរហូតមក ហើយក្លាយជាវប្បធម៌​សងសឹកមិនចេះចប់ទាំងមេទាំងកូន។ ខ្ញុំ​មិន​ទទួល​យកការ​សុំទោសនោះឡើយ ប៉ូច គិតខ្លួនឯងទៅតើគួរធ្វើបែបណា? ដើម្បីខ្លួន និង​ក្រុម​គ្រួសារ​ ឬ​សុខចិត្តសែងខ្មោចអាក្បត់ជាតិ ៣ជំនាន់យកទៅកប់»។សម្ដេចតេជោបានង្ហាញថា នៅមានរឿង​ដែល​អាក្រក់​មួយ​ទៀត​ដែល​មនុស្ស​ក្នុង​បក្ស​រៀប​ចំ​ឡើង​ជា​លិខិត បដិសេធលើការផ្សាយរបស់ហ្វ្រេសញូ ដែលដាក់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដើម្បីឲ្យ ជា ប៉ូច ចុះហត្ថលេខា។យោងតាមពង្រាងលិខិតនេះ គេមាន គោលបំណងវាយប្រហារលើអង្គភាព Fresh news និង​រក្សា​កិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៌នោះឡើយ។ តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​លិខិត​នេះត្រូ​វ​បានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលខ្ញុំសុំលោក សេង ម៉ាឌី ធ្វើ​ការ​ពន្យល់​។សម្ដេចបានថ្លែងថា «ខ្ញុំសុំ​មេធាវីរបស់ខ្ញុំ ត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ ទាំង​ពីរ​ករណី​ទាំង​ករណី ជា ប៉ូច ទាំងករណីលិខិតបដិសេធ តែត្រូវរង់ចាំរហូតថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដើម្បី ជា ប៉ូច ធ្វើការសម្រេចចិត្ត និងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេធ»។

ឯកឧត្តម ហ៊ុន ម៉ាណែត៖ សមាគមអតីតយុទ្ធជនកម្ពុជាជាតួអង្គសំខាន់ចូលរួមចំណែកអនុវត្តនយោបាយឈ្នះ-ឈ្នះ

2023/05/21 08:25:49 pm        349
ឧត្តរមានជ័យ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមាគមអតីតយុទ្ធជនកម្ពុជា គឺមានតួនាទីសំខាន់ដែលជាតួអង្គចូលរួមចំណែកអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងធានាឈប់ឱ្យមានពិការភាព និងរបួស-ស្លាប់ដោយសារសង្គ្រាម។ ក្រៅពីនេះសមាគមននេះក៏ជាយន្តការបន្ថែមលើយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការយកចិត្តទុកដាក់ និងការថែទាំអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈផងដែរ។ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ឯកឧត្ដម ហ៊ុន ម៉ាណែត ថ្លែងថា ការជួបជុំថ្ងៃនេះគឺជាឱកាសប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាបំផុត ដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយអ៊ំពូមីងអតីតយុទ្ធជន និងយោធិនពិការ ដែលជាវីរយុទ្ធជនដ៏គួរឱ្យគោរព ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះការទទួលបាននូវការបំពាក់គ្រឿងឥស្សរិយយស និងផ្ទះសម្បែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយទាំងអស់នេះ គឺពិតជាស័ក្តិសមទៅនឹងពលិកម្មគ្រប់បែបយ៉ាង, គុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងយោធិនពិការ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិប្រកបដោយទឹកចិត្តស្នេហាជាតិ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន។ឯកឧត្ដមបានមានប្រសសាន៍ថា ការយកចិត្តទុកដាក់ និងថែទាំ ដែលបានអនុវត្តកន្លងមក បម្រើឱ្យគោលដៅ ២ សំខាន់ គឺជីវភាព និងកិត្តិយស។ ជីវភាព គឺរាជរដ្ឋាភិបាល បានគិតគូររៀបចំប្រាក់សោធននិវត្តន៍ ដោយខិតខំដំឡើងជាលំដាប់ ដោយបូករួមនឹងរបបបេឡាសន្តិសុខសង្គម, សេវាសុខាភិបាល, ឱកាសអប់រំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រួសារ ពិសេសការរៀបចំជាផ្ទះលំនៅដ្ឋានដូចដែលកំពុងចែកជូនក្នុងពេលនេះ។ កិត្តិយស គឺជាការយកចិត្តទុកដាក់តម្កល់វីរភាពនៃការលះបង់ជីវិត រាងកាយ និងកម្លាំងស្មារតីក្នុងបុព្វហេតុការពារជាតិមាតុភូមិកន្លងទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានចងចាំ និងរៀនសូត្រតាម ដូចដែលស្តែងឡើងតាមរយៈ ការបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ពីគុណូបការៈផង និងកិត្តិយសសម្រាប់ក្រុមគ្រួសារផង៕

ឯកឧត្ដម វេង សាខុន៖ ប្រជាពលរដ្ឋទូទាំងប្រទេសរីករាយ កក់ក្តៅ ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ ដឹកនាំសម្តេចតេជោ ហ៊ុន សែន

2023/05/21 05:12:39 pm        397
នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធពិធីជាតិចងចាំ ២០ ឧសភា និងសំណេះសំណាលជាមួយប្រធាន អនុ​ប្រធាន​ក្រុម​បក្ស និងសមាជិកបក្សឃុំកោះរកាចំនួន ១ ៥០០នាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីដ៏សំខាន់មួយនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ លោក លោកស្រី ជា​អនុប្រធាន និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានភូមិ និងឃុំ​ផង​ដែរ​។ មានមតិសំណេះសំណាលទៅកាន់ប្រជាជន ឯកឧត្តម​បាន​ពាំនាំនូវ​បណ្តាំ​ផ្ញើ​សាក​សួរ​សុខទុក្ខ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ និងបារម្ភអំពីជីវភាព និង​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋគ្រប់ៗរូប។ ឯកឧត្តមក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀម និងទូទាំង​ប្រទេស​ដែល​កំពុង​រស់នៅក្នុងស្ថានភាពសប្បាយរីករាយ មានភាពកក់ក្តៅ ជួបជុំ​បងប្អូន​គ្រួសារ​ក្រោម​ម្លប់​ នៃ​សុ​ខសន្តិភាព និងស្ថិរភាពសង្គម ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។ ឯកឧត្តមបន្ថែមថា ថ្ងៃទី២០ ឧសភា នេះគឺជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ និង​ការ​រម្លឹក​ដល់​វិញ្ញាណ​ក្ខន្ធ​ដល់ប្រជាជនយើងជាង ៣លាននាក់ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩)។ ដោយ​សារ​ការ​ហ៊ាន​លះ​បង់​អាយុ​ជីវិត​ពីសំណាក់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ដើម្បីជាថ្នូរដោះដូរ​មក​វិញ​នូវ​សុខ​សន្តិភាព សេរីភាព និងអាយុជីវិតរបស់ប្រជាជនយើង សម្តេច​តេជោបា​ន​ផ្តួល​រំលំ​របប​ដ៏​ឃោរ​ឃៅ​បំផុត​នេះយ៉ាងជោគជ័យ។ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ បាន​ប្រែ​ក្លាយ​ប្រទេសយើងពីប្រទេសដែលមានភ្លើងសង្គ្រាម ការកាប់សម្លាប់ដោយមិនញញើតដៃ ការ​បំផ្លិច​បំផ្លាញ ការជម្លៀសប្រជាជនចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ធាតុ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានថ្នាំសង្កូវព្យាបាល ជារួមគ្មានសិទ្ធិរស់រានមានជីវិនោះ មក​ជា​ប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងសង្គម សុវត្ថិភាព​ស្បៀង​អាហារ​ជូន​ប្រជាជន​យើង ការអភិវឌ្ឍលើគ្រប់វិស័យ និងកសាងហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរដូចជាផ្លូវថ្នល់ ផ្លូវ​ល្បឿនលឿន ស្ពាន កំពង់ផែទឹកជ្រៅ ព្រែកជីកតភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ព្រលាន​យន្ត​ហោះ​អន្តរជាតិ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារជាដើម។ ឯកឧត្តមបន្ត​ទៀត​ថា មិនត្រឹមតែមានការអភិវឌ្ឍក្នុងប្រទេសនោះទេ គឺសម្តេចបា​ន​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ និងទទួលបានការកោតសរសើរទាំងក្នុងថ្នាក់តំបន់ និងលើពិភពលោក តាម​រយៈ​ភាព​ជា​ថ្នាក់​ដឹកនាំក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និង​ជា​ពិសេស​ព្រឹត្តិការណ៍​ដ៏​មហា​អស្ចារ្យ និងជោគជ័យបំផុតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ។ ការគាំទ្រដល់កិច្ចគាំពារសង្គម ក៏ជាការងារសំខាន់ដែលសម្តេចបានដឹកនាំយ៉ាងមុតស្រួចផងដែរ ដូច​ជា​ការជួយឧបត្ថម្ភគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ការជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករ យើងជាង ១,៥លាននាក់ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងការងារក្នុងវិស័យឧស្សហកម្ម ដោយ​ផ្តល់​កន្លែង​ស្នាក់​នៅ និងហូបចុកសមរម្យ។ លើសពីនេះ រាជរដ្ឋាភិបាលបាន​ផ្តល់​ការ​គាំទ្រ​របប​សន្តិសុខ​សង្គម​ជូន​ដល់​បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់​ការ​ការពារ​សិទ្ធិ​ក្នុង​ការងារ​តាម​រយៈ​មេធាវី​សម្តេច​តេជោ​ផង​ដែរ​។ ទាំងអស់នេះ សរបញ្ចាក់ថា មានតែការបោះឆ្នោតជូនសម្តេចតេជោ និងគណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ទើបអាចបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាព​សង្គម​ទូទាំង​ប្រទេស​បាន​គង់​វង្ស និងបន្តការអភិវឌ្ឍឥតឈប់ឈរបន្ថែមទៀត។ ហេតុនេះ ឯកឧត្តម​បាន​អំពាវ​នាវ​ដល់​សមាជិក និងប្រជាជនទូទាំងស្រុកកំពង់សៀម ត្រូវ​គាំទ្រសម្តេចតេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេសក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ។មុននឹងបញ្ចប់ ឯកឧត្តមក៏បានអរគុណ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀមទាំងអស់ ឯក​ឧត្តម​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​មូល​ដ្ឋានឃុំ លោក លោកស្រីជាសមាជិកបក្សទាំងអស់ ដែលបានលះបង់អស់កំលាំងកាយចិត្ត និង​ថវិកាផ្ទាល់ខ្លួន ខិតខំប្រឹងប្រែងបំរើគណបក្ស និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន ពិសេ​ស​ជួយសម្រួល និងដោះស្រាលបញ្ហា ក្តីបារម្ភ និងទុក្ខ​លំបាក​របស់​ប្រជាជន​យើង​ក្នុង​ស្រុក​កំពង់​សៀម។ដើម្បីចូលរួមដល់ការអភិវឌ្ឍនៅមូលដ្ឋាន ឯកឧត្តម និង​ក្រុមកា​រងារ​បាន​ឧបត្ថម្ភ​ថវិ​កា​មួយ​ចំនួន​ដល់​គណបក្ស​មូលដ្ឋានឃុំកោះរកា កងកម្លាំងសមត្ថកិច្ច សមាជិកបក្ស​ដែល​បាន​ចូល​រួម​ពិធី​នា​ព្រឹក​នេះ និងឯកសណ្ឋានប្រជាការពារចំនួន ៥០ឈុតផងដែរ៕

ឯកឧត្តម វេង សាខុន អញ្ជើញសម្ពោធបុណ្យឆ្លងឧបដ្ឋានសាលា និងប្រារឰពិធីជាតិចងចាំ២០ឧសភា នៅស្រុកតំបែរ

2023/05/21 02:17:30 am        187
ត្បូងឃ្មុំ៖​ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រឆានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់ សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ឧបដ្ឋានសាលា និងនិងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ ទិវា២០ ឧសភា ស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែ ឧសភា ឆ្នាំ២០២៣។ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធ បរិស័ទចំណុះជើងវត្ត សរុបប្រមាណជាជាង ៦០០នាក់។ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឯកឧត្តមបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ពីជីវភាព និងស្ថានភាពរស់នៅរបស់ ប្រជាពលរដ្ឋគ្រប់ៗរូប នៅទូទាំងប្រទេស។ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកើតសរសើរ ជំពោះព្រះតេជគុណព្រះសង្ឃ គណៈកម្ម ការ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែក ដល់ការកសាងទីសេនាសេនៈ នៅក្នុងភូមិតារាមនេះ។ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនេះមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងពីថា្នក់ដឹកនាំរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន និងប្រជាជនយើងដែលបានចូលរួមចំណែកធ្វើឲ្យប្រទេសយើងទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ដោយបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដ៏ធំធេង។ឯកឧត្តមបានគូសបញ្ជាក់ថា ថ្ងៃ ២០ ឧសភា១៩៧៥ គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុងនូវដំណើរការរីកចម្រើនទៅមុខរបស់សង្គមជាតិកម្ពុជា។សង្កមកម្ពុជាត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ប្ញសគល់គ្មានស្នាមញញឹម គ្មានសំណើចគ្មានការអប់រំ គា្មនសេចក្តីស្រលាញ់គឺមានតែការភ័យខ្លាចរន្ធត់ ការអត់ឃ្លាន ការធ្វើទារុណកម្ម និង ការកាប់សម្លាប់តែប៉ុណ្ណោះ ។ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនយើងនៅគ្រប់ទិសទីបានក្រោកឈរឡើងប្រយុទ្ធតស៊ូផ្ដួលរលំរបបដ៏យង់ឃ្នង់នេះ រហូតទទួលបានជ័យជំនះនៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិអោយឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ហើយបានខិតខំប្រឹងប្រែងធ្វើការស្ដារនិងកសាងសេដ្ឋកិច្ចកម្ពុជា ជាជំហ៊ានៗ ទទួលបានការរីកចំរើនយ៉ាងធំធេងដូចសព្វថ្ងៃនេះ ហើយបានរស់នៅស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុង តំបន់។ជាមួយនឹងការដាក់សម្ពោធឧបដ្ឋានសាលា និងការប្រារព្ធទិវានៃការចងចាំ ២០ ឧសភា នេះ ឯកឧត្តមបាននាំយកថវិការបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ចំនួនជាង ២៦,៨ លានរៀល សម្រាប់សងថ្លៃជំពាក់ជាងក្នុងការសាងសង់ និងថវិកាមួយចំនួន ទៀតសម្រាប់ឧបត្ថម្ភដល់ក្នុងការរៀបចំពិធី និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមជាង៦០០នាក់៕

ជំនួបកំពូល ចិន-អាស៊ីកណ្ដាល ផ្ដោតលើកិច្ចសហប្រតិបត្តិការនាពេលអនាគត

2023/05/19 07:47:11 pm        357
ចិន៖ កិច្ចប្រជុំកំពូលលើកដំបូងមិនធ្លាប់មានរវាងចិន និងអាស៊ីកណ្ដាល ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ និង១៩ខែឧសភានេះនៅក្នុងទីក្រុងស៊ីអាន( Xi'an) ជាទីក្រុងមួយរបស់ប្រទេសចិនដែលត្រូវគេស្គាល់ថាជាផ្លូវសូត្រពាណិជ្ជកម្មបុរាណ។ តបតាមការញ្ជើញរបស់លោកប្រធានាធិបតីចិន Xi Jinping ប្រមុខរដ្ឋទាំង៥នៃប្រទេសនៅអាស៊ីកណ្ដាលនឹងចូលរួមកិច្ចប្រជុំកំពូលនេះ ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៨ឧសភា ថា ព្រឹត្តិការណ៍ការទូតដ៏សំខាន់លើកដំបូង ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តសាស្ត្រ នៅក្នុងយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ និងឯកសារនយោបាយដ៏សំខាន់មួយ នឹងត្រូវចុះហត្ថលេខានៅជំនួបកំពូលនេះ ដែលនឹងបង្កើតបានជាផែនការថ្មីមួយសម្រាប់ទំនាក់ទំនងចិន អាស៊ីកណ្ដាល។  ក្រៅតែពីការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំរបស់ប្រទេស កាហ្សាក់ស្ថាន អ៊ូបេគីស្ថាន សាធារណរដ្ឋកៀហ្ស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន កំពុងបំពេញដំណើរទស្សនកិច្ចប្រទេសចិន ជាទីដែលមេដឹកនាំទាំងនោះ ជួបពិភាក្សាការងារដាច់ដោយឡែកៗជាមួយប្រធានាធិបតី Xi។    ជំនួបកំពូលរយៈពេល២ថ្ងៃ នឹងមានព្រឹត្តិការណ៍ទ្វាភាគី និង ពហុភាគីប្រមាណ២០ ។ ក្រុមមេដឹកនាំនៃបណ្ដារដ្ឋទាំងនេះ នឹងផ្លាស់ប្ដូរទស្សនទៅវិញទៅមក លើការបង្កើតយន្តការកិច្ចសហប្រតិបត្តិការថ្មី ស្ដីពីបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ ។ គេរំពឹងថា ក្រុមមេដឹកនាំទាំង៦ នឹងចុះហត្ថលេខាលើឯកសារគោលនយោបាយសំខាន់ៗមួយចំនួនក្នុងវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ស្បៀងអាហារ បម្រែបម្រួលអាកាសធាតុ និងការផ្សាភ្ជាប់ទំនាក់ទំនង៕

នាយករដ្ឋមន្រ្តីជប៉ុនស្វាគមន៍មេដឹកនាំក្រុមប្រទេស G7នៅសួនអនុស្សាវរីយសន្តិភាពស្ថិតក្នុងទីក្រុង Hiroshima

2023/05/19 07:43:12 pm        398
 ជប៉ុន៖ ក្រុមមេដឹកនាំប្រទេសប្រជាធិបតេយ្យរីកចម្រើនរបស់ពិភពលោក បានចាប់ផ្តើមកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7របស់ពួកគេក្នុងទីក្រុង Hiroshima នៅថ្ងៃសុក្រនេះ ជាមួយនឹងការធ្វើដំណើរទៅកាន់សួនអនុស្សាវរីយសន្តិភាព ស្ថិតនៅក្នុងទីក្រុងរបស់ប្រទេសជប៉ុនមួយនេះ ដែលអន្តរាយដោយសារគ្រាប់បែកបរមាណូអំឡុងសង្រ្គាមលោកលើកទី ២ ។  នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ដែលធ្វើជាម្ចាស់ផ្ទះ និងភរិយា Yuko របស់លោក បានស្វាគមន៍មេដឹកនាំ និងភរិយារបស់ពួកគេ មុនពេលចូលទៅក្នុងសារមន្ទីរ និងសួនអនុស្សាវរីយសន្តិភាព ជាទីដែលមានការដាក់តាំងបង្ហាញរូបថតជនរងរងគ្រោះរលាកធ្ងន់ធ្ងរ សម្លៀកបំពាក់ប្រឡាក់ និងរហែកដាច់រយ៉ៃដែលពួកគេពាក់ និងរូបសំណាករៀបរាប់ពីពួកគេដោយសាច់រលាយចេញពីអវៈយវៈរបស់ពួកគេ ។    សូមបញ្ជាក់ថា ក្រុមប្រទេស G7ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង កាណាដា និងអ៊ីតាលី ចង់ប្រើប្រាស់កិច្ចប្រជុំកំពូលនេះ ដើម្បីប្រកាសទណ្ឌកម្មតឹងរឹងបំផុតលើរុស្ស៊ី និងជជែកគ្នាពីយុទ្ធសាស្រ្តថ្មីលើជម្លោះរយៈពេលជាង ១ឆ្នាំមួយនេះ ដែលពុំបានបង្ហាញសញ្ញាណាមួយនៃការបញ្ចប់សង្រ្គាម ៕

Update៖ ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅជប៉ុនដើម្បីស្វែងរកជំនួយអាវុធ

2023/05/19 07:27:16 pm        89
អ៊ុយក្រែន៖  ក្រុមមន្រ្តីជាច្រើន និយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7នៅទីក្រុង Hiroshima ប្រទេសជប៉ុន នាចុងសប្តាហ៍នេះ  ដែលជាការធ្វើដំណើរដ៏អង់អាចពាក់កណ្តាលផែនដីរបស់លោក ស្របពេលដែលរូបលោក ព្យាយាមប្រឹងប្រែងស្វែងរកការប្តេជ្ញាចិត្តបន្តផ្តល់អាវុធ និងជំនួយពីប្រទេសប្រជាធិបតេយ្យអ្នកមាននៅលើពិភពលោក ។  ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តី ពុំបាននិយាយថាតើពេលណាទើបលោក Zelenskyនឹងធ្វើដំណើរមកដល់នោះទេ ដោយពួកគេសង្ឃឹមថា ការរក្សារឿងរ៉ាវលម្អិតការធ្វើដំណើររបស់លោកឲ្យនៅមិនច្បាស់លាស់បែបនេះ គឺក្នុងហេតុផលសន្តិសុខ ។  ប៉ុន្តែក្រុមមេដឹកនាំជួបជុំគ្នានៅក្នុងទីក្រុង Hiroshima ដែលរួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសមភាគីរបស់លោកមកពីជប៉ុន កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នឹងជជែកគ្នានៅរយៈពេល ៣ថ្ងៃបន្ទាប់ ពីទំហំទាំងអស់នៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ។ កិច្ចពិភាក្សានេះ ទំនងជារួមបញ្ចូលទាំងការជជែកគ្នាពីការពង្រឹងទណ្ឌកម្ម ការផ្តល់យន្តហោះចម្បាំង F-16 ដល់ទីក្រុងគីវ និងប្រហែលជាលទ្ធភាពនៃការចរចាលើការផ្អាកសង្រ្គាម ឬសន្ធិសញ្ញាសន្តិភាពផងដែរ ។  មកទល់នឹងពេលនេះ ពុំទាន់មានការប្រកាសជាសាធារណៈនោះទេពីផែនការរបស់លោក Zelensky ហើយសារព័ត៌មានអ៊ុយក្រែន លើកឡើងថា លោកនឹងចូលរួមកិច្ចប្រជុំមួយនេះ តាមអនឡាញ ប៉ុន្តែកាលពីសប្តាហ៍មុន លោកបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេស និងបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុប ហើយឆន្ទៈរបស់លោកក្នុងការធ្វើដំណើរនៅក្រៅទីក្រុងគីវបែបនេះ គឺមានគោលបំណងចង់បញ្ជាក់ថា លោកមានជំនឿចិត្តលើស្ថិរភាពរដ្ឋាភិបាលរបស់លោក ។ គេក៏ពុំបានដឹងដែរថាតើមានការព្យាយាមរំខានពីរុស្ស៊ីឬយ៉ាង ដើម្បីជ្រៀតជ្រែកការធ្វើដំណើររបស់គាត់ ។  ក្រុមមន្រ្តីជាច្រើននិយាយថា បើសិនជាលោក Zelensky ធ្វើដំណើរមកដល់ទីក្រុង Hiroshimaពិតមែន ច្បាស់ណាស់ថា លោកនឹងជួបទល់មុខគ្នាជាមួយលោក Biden។ ក្រុមមេដឹកនាំប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសផ្សេងទៀតដែលស្ទាក់ស្ទើគាំទ្រអ៊ុយក្រែន នឹងចូលរួមជំនួបនេះផងដែរ ក្នុងនាមជាអ្នកសង្កេតការ ហើយវត្តមានរបស់លោក Zelenskyនឹងបង្កការលំបាកបន្ថែមទៀតសម្រាប់ឲ្យពួកគបន្តប្រកាន់ជំហរបែបនេះ ៕

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមនៅបរិវេណវិមានឈ្នះ-ឈ្នះ

2023/05/19 06:33:17 pm        267
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំឱ្យឆ្លាក់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅបរិវេណវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយ ។សម្តេចតេជោ ហ៊ុន សែន ពេលផ្តើមបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែឧសភានេះ បានមានប្រសាសន៍ដោយមោទកភាពយ៉ាងខ្លាំងចំពោះជោគជ័យដ៏ធំធេង នៃភាពជាម្ចាស់ជាម្ចាស់ ផ្ទះស៊ីហ្គេម លើកទី៣២ របស់កម្ពុជា ដោយសម្តេចបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ាន ។សម្ដេចតេជោ បានធ្វើការណែនាំឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ចាត់ចែងរៀបចំឆ្លាក់លើផ្ទាំង សិលា នៅឯបរិវេណវិមានឈ្នះ-ឈ្នះ នូវព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្យ ដែលកម្ពុជា​ធ្វើបានដោយ​ជោគជ័យ ដើម្បីទុកជាមរតកឱ្យកូនចៅទៅថ្ងៃក្រោយ​ ដោយមានទាំងផលិតជាវីដេអូរួមមួយ និងធ្វើជាវីដេអូទៅតាម ជំនាញ នៃវិញ្ញាសានីមួយៗផងដែរ។ មោទនភាពជាតិខ្មែរ សម្រាប់ស៊ីហ្គេមនេះ គឺធំធេងណាស់។សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជា បានធ្វើកិច្ចការដ៏ល្អ។ ជាជោគជ័យ ដ៏ធំដែលមិននឹកស្មានដល់។ នេះជាមោទនភាពជាតិដ៏ធំ ដែលបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ អាស៊ាន ហើយវាក៏ដូចជាកំណែទម្រង់មួយដែរ តាមរយៈកម្ពុជា ​ដែលនឹងធ្វើឲ្យអ្នករៀបចំក្រោយ ត្រូវតែគិតគូរឡើងវិញថា បើកម្ពុជាក្រប៉ុណ្ណឹង មិនយកប្រាក់ ​បើហោចណាស់ បើអ្នកមានចិត្ត ក៏មិនយកប្រាក់ពីកម្ពុជាវិញដែរ ដែលជាបដិការ។ ក៏ប៉ុន្តែ បើសមាជិកអាស៊ាន ស៊ីហ្គេម លើកលែងការ​មិនយកប្រាក់អស់ទាំងនោះ វាក៏បង្កើតនូវស្ថានភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ​នៅក្នុងក្របខណ្ឌអាស៊ានទាំងមូលផងដែរ។សម្ដេចបានបញ្ជាក់ផងដែរថា ​ការមិនយកប្រាក់នេះ ​មិនមែនជាបញ្ហាដាច់ដោយឡែកទេ​ ប៉ុន្តែជា បញ្ហាសម្រាប់ពិចារណាឱ្យមានការធ្វើបច្ចុប្បន្នភាព​ និងអំពីដំណើរការទៅមុខ សម្រាប់​សមាហរណកម្ម អាស៊ាន ៕អត្ថបទ៖ មុត សុទ្ធ 

ទូតចិននិយាយថា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មរបស់ចិន និងអាមេរិក នឹងជួបគ្នានៅសប្ដាហ៍ក្រោយ

2023/05/19 05:52:52 pm        297
អាមេរិក៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨ឧសភាថា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងជួបគ្នានៅសប្ដាហ៍ក្រោយនៅសហរដ្ឋអាមេរិក។  លោក លីវ ផេងយូ (Liu Pengyu) បានចេញសេចក្ដីប្រកាសបែបនេះ នៅក្នុងសន្ធិសីទសារព័ត៌មានជាមួយក្រុមអ្នកយកសារព័ត៌មាននៅស្ថានទូតចិន ។ លោកបាននិយាយថា ប្រទេសចិន បើកចំហទំនាក់ទំនងគ្រប់កម្រិតជាមួយសហរដ្ឋអាមេរិក មិនត្រឹមតែលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកនោះទេ។ ប្រភពមួយស្និទ្ធនឹងគម្រោងសម្រាប់ជំនួបទាំងនេះ បាននិយាយថារដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Wang Wentao  នឹងជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នៅក្នុងទីក្រុងវ៉ាស៊ីនតោនសប្ដាហ៍ក្រោយ មុនពេលធ្វើដំណើរទៅកាន់ ទីក្រុងDetroit របស់រដ្ឋ Michigan សម្រាប់កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC សម្រាប់ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម។ លោកនឹងជួបលោកស្រី Katherine Tai អ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នៅក្រៅវេទិកាកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ដល់២៦នៅខែឧសភានេះ ។ អ្នកនាំពាក្យរបស់លោកស្រី Tai និងការិយាល័យរបស់លោក Raimondo ពុំបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយភ្លាមៗទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
08/19/2026 07:08 PM
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធ ចុះពិនិត្យនិងបង្រ្កាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
08/19/2026 07:08 PM
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា និងការថែទំាផ្លូវ ជារឿងដ៏ចាំបាច់សម្រាប់ការរស់នៅក្នុងសង្គម
08/19/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសចិន ទៅដល់​​កូរ៉េខាងត្បូង ស្របពេល​លោក Trump ជំរុញការទូតជាមួយ​កូរ៉េខាងជើងឡើង​វិញ​
08/19/2026 07:08 PM
សភាអ៊ុយក្រែនអនុម័តការតែងតាំងរដ្ឋមន្ត្រីការពារជាតិ និងការបរទេសសំខាន់ៗ
08/19/2026 06:08 PM
អ្នកស្លាប់ នៅហ្កាហ្សា គឺ​លើស​​ពី ៧៣.៤០០នាក់ហើយ​ ក្រោយជនជាតិប៉ាឡេស្ទីន​ ៧នាក់ទៀត ត្រូវបាន​សម្លាប់​​
08/19/2026 06:08 PM
ប្រធាន ECB ព្រមានថា គំរូកំណើនសេដ្ឋកិច្ច​ក្រោយសង្គ្រាមរបស់អឺរ៉ុប កំពុងធ្លាក់ចុះជាលំដាប់​
08/19/2026 06:08 PM
បេសកជនUN អំពាវនាវឲ្យមានឆន្ទៈនយោបាយ ដើម្បីជំរុញដំណើរការនយោបាយរបស់ប្រទេសលីប៊ីឲ្យ មានការរីកចម្រើន
08/19/2026 06:08 PM
អ៊ីរ៉ង់បដិសេធសេចក្តីថ្លែងការណ៍របស់អារ៉ាប់រួមដែលថា មីស៊ីលត្រូវបានបាញ់ចេញពីទឹកដីរបស់ខ្លួន
08/19/2026 06:08 PM
ចិនជំរុញឱ្យមានការគោរពអធិបតេយ្យភាពឌីជីថល ក្នុងការប្រណាំងប្រជែង AI
08/19/2026 06:08 PM