ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ទូតជប៉ុនថ្មីនៅកម្ពុជា សន្យាជំរុញកិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាប្រទេសទាំងពីរ​ឱ្យកាន់តែ​ស្អិតរមួត

2023/02/13 09:36:07 pm        491
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរាជទូតថ្មីជប៉ុនប្រចាំកម្ពុជា សន្យានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង​រដ្ឋសភា​ប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត។ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញទទួល​ជួប​ពិភាក្សាការងារជាមួយឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុន ទើបតែងតាំងថ្មីប្រចាំ​កម្ពុជា នៅវិមានរដ្ឋសភា។ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភា ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានលើកឡើងថា ​នៅក្នុងបេសកកម្មការទូតរបស់ខ្លួននឹងខិតខំជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាងរដ្ឋសភាប្រទេសទំាងពីរ​ ឱ្យកាន់តែស្អិតរមួត ​ខណៈទាំងកម្ពុជានិងជប៉ុន បានធូរស្រាល​ពីបញ្ហាកូវីដ-១៩ ។ បន្ថែមពីលើនេះ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ​បានកោតសរសើរចំពោះពលីកម្ម និងការចូលរួម​រំដោះ​និងកសាងប្រទេសកម្ពុជា របស់សម្តេចប្រធានរដ្ឋសភាតាំងពីដើមរហូតមក។ ឯកអគ្គរាជទូតជប៉ុន ​បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងជោគជ័យនៅក្នុងការ​រៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអន្តរសភាអាស៊ាន កាលពីឆ្នាំ២០២២កន្លងទៅ។ បន្ថែមលើសពីនេះ ឯកឧត្តម​ បានគូសបញ្ជាក់ថា ​សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាង​រាស្រ្ត​នីតិកាលទី៧ ខាងមុខនេះ​ រាជរដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនជួយដល់កម្ពុជាជានិច្ច។ ក្នុងឱកាសនោះ ​សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ជប៉ុនមានគុណ​បំណាច់យ៉ាងធំធេងណាស់ ​ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍន៍​បានដូចសព្វថ្ងៃ និងធ្វើឲ្យជប៉ុន ក្លាយជាដៃគូអភិវឌ្ឍដ៏មានសក្តានុពលរបស់កម្ពុជា។ ជាមួយគ្នា សម្តេចប្រធានរដ្ឋសភា បានស្នើដល់ភាគីជប៉ុន បន្តជួយគាំទ្រដល់ការ​បណ្តុះបណ្តាល​ធនធានរបស់កម្ពុជាបន្ថែមទៀត ​ដែលការបណ្តុះបណ្តាលនោះ ​ជាការកសាងធនធានមនុស្ស សម្រាប់ចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា នៅក្នុងអាណត្តិការទូតថ្មីនេះ ឯកអគ្គរាជទូត នឹងបន្តធ្វើកិច្ច​សហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាក្រសួង មន្ទីរ​ និងស្ថាប័នខេត្ត-ក្រុងនានា ​របស់កម្ពុជា សំដៅពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ​ឱ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេស​បន្តជួយ​សម្រួលដល់កម្មសិក្សាការីជំនាញកម្ពុជា បានទៅធ្វើការនៅជប៉ុនអោយ​បានកាន់​តែច្រើន​ថែមទៀត៕អត្ថបទ៖ សេក ឧត្តម 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត និងសិក្ខាកាមយោធា /នគរបាល​ ចំនួន៨៦រូប នៅឡាវ

2023/02/13 06:00:03 pm        257
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពេលទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សំណេះសំណាល និងសួរសុខទុក្ខ ជាមួយនិស្សិត និងសិក្ខាកាមយោធា /នគរបាល ចំនួន៨៦រូប ដែលកំពុងសិក្សា និងហ្វឹកហាត់នៅប្រទេសឡាវ។គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់រដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៣-១៤ ខែកុម្ភៈ។លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យក្មួយ ចៅៗនិស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ បានជួបដើម្បីបានសុំការណែនាំពីសម្តេចលើការសិក្សានៅប្រទេសឡាវ។ លោកជំទាវឯកអគ្គរាជទូតមានប្រសាសន៍ថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវ ជួបការលំបាកលើអត្រាការប្រាក់ដោយសារតែប្រាក់ឡាវ មានការធ្លាក់ចុះ ដែលមានលំបាកក្នុងការប្តូរប្រាក់។ លោកជំទាវបន្តថា និស្សិតដែលកំពុងសិក្សានៅប្រទេសឡាវរួមមាន សិក្សាលើឯកទេសស្ថាបត្យកម្មសំណង់ស៊ីវិល វិទ្យាសាស្រ្តកុំព្យូទ័រ បរិស្ថាន ទេសចរណ៍ តុបតែងខាងក្នុង អក្សរសាស្រ្ត អង់គ្លេស និងសេដ្ឋកិច្ច។លោកជំទាវបន្តថា ក្រៅពីនិស្សិតសិក្សាក្រោមអាហារូបករណ៍របស់ក្រសួងអប់រំ មាននិស្សិត សិក្សាលើវិស័យការពារជាតិ និងនគរបាលជាតិផងដែរ។សម្តេចតេជោបានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស តួយ៉ាងដូចជានិស្សិកំពុងសិក្សានៅក្នុងប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានគត់មុតបំផុត ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិជាទីស្រឡាញ់របស់យើង ឲ្យអស់ពីសមត្ថភាព។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវខិតខំធ្វើនូវអំពើល្អ ត្រូវមានទំនាក់ទំនងល្អជាមួយសាស្រ្តចារ្យ និស្សិតនិងនិស្សិត ពិសេសត្រូវធ្វើនូវអំពើល្អជាមួយនិងប្រជាជនឡាវ ចូលរួមការងារសង្គម និងចេះជួយយកអាសាគ្នា ពោលគឺពេលដែលយើងរស់នៅជាមួយគ្នាឲ្យគេស្រឡាញ់ ពេលយើងចាកចេញពីគ្នាឲ្យគេនឹករលឹក។សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវចេះតាមដានពីសភាពការណ៍វិវត្តន៍របស់ពិភពលោក និងសភាពការណ៍ក្នុងប្រទេស ពិសេសត្រូវតាមដាននិងស្តាប់ពីអ្វីដែលរីកចំរើនពិតប្រាកដ កុំជឿតាមការបោកបញ្ឆោតពីជនអគិតមួយចំនួន ដែលបំភ្លៃការពិតពីការដឹកនាំ និងការរីកចំរើនរបស់ ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់និស្សិតទាំងអស់ ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវផងដែរ។សម្តេចតេជោបានស្នើឲ្យមានការយោគយល់ចំពោះការលំបាករបស់និស្សិត លើអត្រាប្តូរប្រាក់ក្នុងប្រទេសឡាវ ដោយសាតែការជួបនិងវិបត្តិកូវីដ១៩។ សម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសឡាវ ។សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសឡាវនៅពេលនេះ សម្តេចនិងពិភាក្សាគ្នាមួយនិងភាគីឡាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់មានសន្ទុះខ្លាំងឡើងថែមទៀត ហើយនឹងមានការចុះហត្ថលេខាលើការបោះបង្គោលព្រំដែនកម្ពុជា ឡាវ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍លើកឡើង ពីការជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីឡាវ លើការជំរុញការហោះហើរ ទេសចរណ៍ និងថាមពលអគ្គិសនី៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវប្រកបដោយសុវត្ថិភាព

2023/02/13 04:38:36 pm        410
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាពិនិត្យឡាវ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ នឹងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2023/02/13 02:42:12 pm        479
ភ្នំពេញ៖តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៣-១៤ ខែ កុម្ភៈ ឆ្នាំ២០២៣។អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម លោកជំទាវ ជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយ ចំនួន។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប សម្ដែងការគួរសមដោយឡែកពីគ្នា ជាមួយ ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជាក្តីបារម្ភរួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕

BREAKING NEWS ! សម្តេចតេជោ ហ៊ុន សែន មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ បើទោះបីបានសូមទោសទាំងកណ្តាលយប់រំលងអាធាត្រក៏ដោយ

2023/02/13 09:26:04 am        651
សម្តេចតេជោ ហ៊ុន សែនមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ បើទោះបីបានសូមទោសទាំងកណ្តាលយប់រំលងអាធាត្រក៏ដោយការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសំណេរក្នុងហ្វេសប៊ុកផេកផ្លូវការនៅម៉ោងជិត២រំលងអាធាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ បន្ទាប់ពីVOD បានបង្ហោះលិខិតមួយសន្លឹកក្នុងផេកហ្វេសប៊ុករបស់ខ្លួនបញ្ជាក់ពីកំហុសក្នុងការផ្សាយព័ត៌មានរបស់ខ្លួន ហើយសុំទោសឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ។ សម្តេចតេជោបានបញ្ជាក់ក្នុងសំណេរថា «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាច និងមក​សូមទោស​ពេល​យប់ជ្រៅ​ក្រោយម៉ោង​១២​យប់​ទៅវិញ​។​ តើឈឺណាស់​ទៅ​ឬ​ក្រោយ​ត្រូវ​មួយ​កំភ្លៀង​? ​មុនត្រូវមួយកំភ្លៀងគិតណាស់រឿង​កិត្តិយស​សូម្បីពាក្យសូមទោសមួយម៉ាត់​មិនហ៊ាន​និយាយ​ផង​តែ​ក្រោយត្រូវមួយ​កំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូម​ទោសជាងពាក់​កណ្តាល​អាធ្រាត​ទៅវិញ។» សម្តេចតេជោបានបន្ថែមទៀតថា «ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិន ផ្លាស់ប្តូរ​ការ​សម្រេច​ចិត្តបិទចោលវិទ្យុ វីអូឌីនោះឡើយ ។ ស្ថាប័នមាន​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ភារកិច្ច​ដូច​ដែល​បានប្រគល់កាលពីល្ងាចថ្ងៃ១២ កុម្ភៈ ២០២៣​ដោយគ្មានការកែប្រែ។​ សម្រាប់​បងប្អូន​ដែល​បាត់បង់ការងារត្រូវ​បន្ទោសមេដឹកនាំបងប្អូន ឬប្រទេសម្ចាស់​លុយដែល​កសាង​កំហុស​តាំង​ពីការផ្សាយ​ព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះ​ទទួលខុសត្រូវលើការសូមទោសធ្វើឲ្យ​បងប្អូន​បាត់​បង់ការងារធ្វើ»។ សូមបញ្ជាក់ VOD បានសរសេរលិខិតមួយរួចហើយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគ្រាន់តែសរសេរថា សំដែងការសោកស្តាយ និង​សូម​អធ្យាស្រ័យ​ពីការ​យល់​ច្រឡំនានា ប៉ុន្តែស្រាប់តែម៉ោងជិត១រំលងអាធាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញលិខិតសូមទោសមួយទៀត ទទួលស្គាល់​កំហុស​របស់​ខ្លួន​ជូន​សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចតេជោ​បានបញ្ជាក់ពីការទទួលយកមិនបាន​ចំពោះការសរសេរ​ក្នុង​លិខិតនោះ ហើយស្នើរអោយក្រសួងព័ត៌មានបិទអាជ្ញាបណ្ណវិទ្យុVODនោះ៕ 

BREAKING News!! សម្ដេចតេជោ បញ្ជាឲ្យក្រសួងព័ត៌មានលុបចោល​អាជ្ញាប័ណ្ណ​វិទ្យុវីអូឌី (VOD) ចាប់ពី​ពេលនេះ​តទៅ

2023/02/13 02:24:37 am        709
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​សម្រេច​បញ្ជា​ឱ្យ​ក្រសួងព័ត៌មាន​លុបចោល​អាជ្ញាបណ្ណ​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចាប់ពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ និង​ត្រូវ​បញ្ចប់​ការ​ផ្សាយ​នៅ​ត្រឹមម៉ោង ១០ និង០០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត បន្ទាប់វិទ្យុនេះ​មិន​ព្រម​សូមទោសសម្តេច និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឱ្យពាក្យសុំទោសបានដែរឬទេ? សម្ដេចបញ្ជាក់ថាសម្រាប់សម្ដេច មិនអាច​ទទួល​​យក​បានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនា​ទម្លាក់​កំហុស​ឱ្យ​មន្ត្រី​រាជ​រដ្ឋាភិបាល​មែន​ទេ? សម្ដេចបន្ថែមថា សម្ដេចទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាព​ប្តឹង​ទៅ​តុលាការ​លើក​រណីនេះ។សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចបានកាន់តំណែងក្នុងរដ្ឋរយៈពេលជាង ៤៤ ឆ្នាំ ហើយក្នុង​នោះ​តំណែង​នាយករដ្ឋមន្ត្រីរយៈពេលជាង ៤៤ ឆ្នាំ។ សម្ដេចពិតជាយល់​ដឹង​ល្មម​គ្រប់គ្រាន់​នូវ​ពាក្យ​ពេច​ន៍ដែល​ត្រូវ​បាន​ប្រើ​រាប់​ទាំង​ពាក្យ​សំដី​វាគ្មិន​មួយ​ចំនួន​ដែល​ចូល​មក​សម្ភាស​ក្នុង​រឿង​ផ្លូវ​ច្បាប់​ទាក់ទងដល់ ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូ ន​ដែលកូននោះគឺ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។សម្ដេចតេជោបានចោទសួរថា តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?សម្ដេច​តេជោបានបញ្ជាក់ថា «ដើម្បីកុំឲ្យវែង​ឆ្ងាយ​សម្ដេច​សម្រេច​មិន​ទទួល​យក​ការ​សំដែង​ការ​សោក​ស្តាយ និងសូមការអធ្យាស្រ័យជំនួសឱ្យការសុំទោសរបស់អស់លោក (វិទ្យុ វីអូឌី) ដែល​ជា​សេចក្តី​ថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ»។សម្ដេចបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន សម្ដេច​សម្រេច​បញ្ចប់​រឿង នេះដោយឱ្យក្រសួងព័ត៌មានលុបចោល អាជ្ញាប័ណ្ណវិទ្យុ វីអូឌី ចាប់ពីពេលនេះតទៅ និងត្រូវ​បញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ និង០០នាទី ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាកំហិត។សម្ដេចបានបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះឱ្យបានគង់វង្ស។សម្ដេចបាន​បញ្ជាក់ថា ការបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែសម្ដេចមិនប៉ះពាល់ ទ្រព្យសម្បត្តិរបស់វិទ្យុនេះទេ។សម្ដេចតេជោ បានប្រាប់ទៅមិត្តភក្តិបរទេសដែលផ្តល់ថវិកាឱ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង និងណែនាំដល់​បុគ្គលិក​ដែល​ធ្វើកា​រ​នៅ​វិទ្យុ​នេះស្វែ​ងរ​ក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត​៕ អត្ថបទ៖ វ៉ន ដារ៉ា 

ទស្សនកិច្ចសម្ដេចតេជោ ទៅឡាវថ្ងៃស្អែកនឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងយូរអង្វែង

2023/02/13 12:32:55 am        545
តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិតឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ ពីថ្ងៃទី១៣-១៤ ខែ កុម្ភៈ ឆ្នាំ២០២៣។អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រីរួមមាន ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ​មន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប​សម្ដែង​ការ​គួរសម​ដោយ​ឡែកពីគ្នា ជាមួយ ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ និង ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏ដូចជា ទទួលការជួប​សម្តែង​ការ​គួរ​សម​ពី​សំណាក់​ប្រធាន​សមាគម​មិត្តភាពឡាវ-កម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋ​មន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​ពង្រីក​បន្ថែម​ទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជា​ក្តី​បារម្ភ​រួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែន​ការ​សកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕

សម្ដេចតេជោ បញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណវិទ្យុ VOD ត្រឹមម៉ោង​១០​ព្រឹកថ្ងៃស្អែក ក្នុង​ករណីមិន​បានធ្វើការសូមទោស

2023/02/12 06:06:08 pm        498
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ បានបញ្ជាក់ថា សម្ដេច បាន​បញ្ជា​ឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណវិទ្យុ VOD ត្រឹមម៉ោង១០ ព្រឹកថ្ងៃ ថ្ងៃទី១៣ ខែកុម្ភៈ ស្អែក​នេះ ក្នុងករណីមិនបានធ្វើការសូមទោស។យោងតាមសេចក្ដីទាំងស្រុងនៅលើហ្វេសប៊ុកសម្ដេចតេជោបានបញ្ជាក់ថា “មុននេះ​បន្តិច​ខ្ញុំ​បាន​ឆ្លើយ​តប ជាមួយឈ្មោះ Min Pov ទាក់ទងដល់វិទ្យុ VOD ដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ។ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម ២៤ម៉ោង​គឺកំណត់ ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភៈ ២០២៣វិញ។”សម្ដេចតេជោបញ្ជាក់ថា “ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង១០និង០០នាទីថ្ងៃទី១៣ កុម្ភៈ ២០២៣ ស្អែកនេះ ក្នុង​ករណីដែលពួកគេមិនបានធ្វើការសូមទោស។”សម្ដេចបានបន្តថា “ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថា ​ខ្ញុំប្រើអំណាច​ខ្ញុំ​ត្រូវ​តែ​ប្រើអំណាចនេះ ដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះឯកឧត្តម ប៊ិន ឈិន នឹងត្រូវធ្វើជា នាយករដ្ឋមន្ត្រីស្តីទី​ត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវ ម៉ែន សំអន នឹង​ទស្សនកិច្ចនៅឡាវជាមួយគ្នា"៕

ឯកឧត្ដម វេង សាខុន៖ សម្តេចតេជោដឹកនាំប្រជាពលរដ្ឋឆ្លងកាត់ព្រឹត្តិ​ការណ៍សំខាន់ៗជាច្រើន ទួលបានលទ្ធផលយ៉ាងជោគជ័យគួរជាទីមោទនៈបំផុត

2023/02/12 05:52:50 pm        121
កំពង់ចាម៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំប្រជាពលរដ្ឋយើងឆ្លងកាត់ព្រឹត្តិ​ការណ៍សំខាន់ៗ ដោយទទួលបានលទ្ធផលយ៉ាងជោគជ័យគួរជាទីមោទនបំផុត ដោយភាពជោគជ័យទាំងនោះរួមមាន៖ ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ការបញ្ជាទិញ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋយើងទាំងអស់ដោយមិនប្រកាន់ជាតិ សាសន៍ បានផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារជម្ងឺឆ្លងកូវីដ-១៩ រក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចជាតិ និងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវល្បឿនលឿន ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣០០នាក់ ក្នុងពិធីបុណ្យផ្កាសាមគ្គីដង្ហែរចូលវត្តសុវណ្ណគិរី ភ្នំក្រហម នៅវត្តសុវណ្ណគិរី ភ្នំក្រហម ស្ថិតនៅក្នុងភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំស្រកទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងល្អរៀបចំពិធីបុណ្យផ្កានេះឡើង ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ផ្នែកពុទ្ធចក្ររបស់យើង។ ចំពោះផ្នែកអាណាចក្រវិញ ឯកឧត្តមបន្ថែមថា រាជ​រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោបានប្រែក្លាយប្រទេសយើងពីប្រទេសដែលកំសត់ និងក្រីក្រ ហើយនិងទទួលរងនូវវិនាសកម្មដោយភ្លើងសង្រ្គាមផ្ទៃក្នុង មកជាប្រទេសដែលទទួលបានការអភិវឌ្ឍ និងមានធនធានពេញក្នុងដៃ ស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ មានសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងពេញលេញដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋយើងបានរស់នៅជុំគ្រួសារ បងប្អូន កូនចៅយ៉ាងកក់ក្តៅ និងសុខសាន្តក្រោមម្លប់សន្តិភាព។ ដើម្បីបន្តរក្សាការពារនូវការអភិវឌ្ឍ ការរីកចម្រើនថ្មីៗបន្ថែមទៀត ជាពិសេសបន្តទទួលបានសុខសន្តិភាព និងស្ថេរភាពសង្គម ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅឃុំស្រក និង​ជាពិសេសនៅទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបន្តការគាំទ្រ និង​ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សូមជម្រាបជូនថា ដើម្បីចូលរួមចំណែកក្នុងការកសាងសមិទ្ធផលថ្មីៗក្នុងវត្តសុវណ្ណគិរី ភ្នំក្រហមបន្ថែមទៀត ឯកឧត្តម និងក្រុមការងារបានមូលមតិគ្នាជាឯកច្ឆន្ទប្រមូល និងប្រគេនជូនព្រះចៅអធិការវត្តនូវបច្ច័យសរុបចំនួន ៣០លានរៀល ដែលក្នុងនោះបច្ច័យរបស់ឯកឧត្តមផ្ទាល់ចំនួន ១៩,៨លានរៀល និងបច្ច័យរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន ៤លានរៀល និងបច្ច័យរបស់សប្បុរសជនចំនួន ៦,២លានរៀលផងដែរ។ ហើយចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៣០០នាក់ គឺម្នាក់ៗទទួលបាន ២០ ០០០រៀល៕

ឯកឧត្ដមស៊ុយ ជីហ៊ាង ផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសដល់សមាជិកគណបក្សនៅមូលដ្ឋានសង្កាត់ច្រកម្ទេស

2023/02/12 05:32:15 pm        312
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមស៊ុយ ជីហ៊ាង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត នៅជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានចូលរួមពីឯកឧត្តម ម៉ែន អេង អនុប្រធានក្រុមការងារគណបក្សក្រុងបាវិត នៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិនទាំង១៥ ក្នុងសង្កាត់ច្រកម្ទេស និងសមាជិក សមាជិកាគណបក្សសង្កាត់ច្រកម្ទេសជាច្រើនរូបទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Bessent និយាយថា អាមេរិកនឹងដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតក្នុងប្រវត្តិសាស្ត្រលើអ៊ីរ៉ង់
08/21/2026 08:08 AM
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចូលរួមពិធីលៀងសាយភោជន៍ អបអរនាវាកងទ័ពជើងទឹកអង់គ្លេស HMS TAMAR ចូលចតជាលើកដំបូងនៅមូលដ្ឋានសមុទ្ររាម ដើមហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា
08/20/2026 10:08 PM
កូដកម្មនៅអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល បណ្តាលឱ្យការធ្វើដំណើរច្របូកច្របល់
08/20/2026 08:08 PM
មេដឹកនាំគណបក្សកាន់អំណាច លោក Mirza Fakhrul ត្រូវ​បានជ្រើសរើសជា​ប្រធានាធិបតីថ្មីរបស់បង់ក្លាដែស
08/20/2026 08:08 PM
ឥណ្ឌា និងជប៉ុនចុះហត្ថលេខាលើកតិកាសញ្ញាសន្តិសុខដែនសមុទ្រ ខណៈប្រមុខការពារជាតិជួបគ្នានៅទីក្រុងញូវដេលី
08/20/2026 08:08 PM
EU អំពាវនាវឱ្យមានភាព​អត់ធ្មត់ និងដំណើរការ​ការទូតថ្មី ជុំវិញ​ភាពតានតឹងអ៊ីរ៉ង់
08/20/2026 08:08 PM
រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង គឺដើម្បីដឹងចំនួនពិតប្រាកដ និងរៀបចំដាក់មន្ត្រីឱ្យចំគោលដៅកំណែទម្រង់
08/20/2026 08:08 PM
កម្ពុជា-អាម៉េរិក បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន : ចាប់ខ្លួនជនបរទេសជាច្រើននាក់ រឹបអូសសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម
08/20/2026 08:08 PM
ទិវាជាតិអន្តរសាសនាលើកទី១០ ក្រោមប្រធានបទ “គ្រប់សាសនានៅកម្ពុជារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»
08/20/2026 08:08 PM
JICA កំពុងអនុវត្តគម្រោង៤បន្ថែមទៀត ដើម្បីធ្វើឱ្យភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព
08/20/2026 08:08 PM