សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្រ្តីបារាំង បានលាលែងពីតំណែង ខណៈនៅបន្តតួនាទីជារដ្ឋាភិបាលចាំផ្ទះ

2024/07/17 11:55:57 am        111
ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានទទួលយកការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីកណ្តាលនិយម លោក ហ្កាប្រ៊ីយ៉ែល អាតាល់ (Gabriel Attal) និងរដ្ឋាភិបាលរបស់លោកកាលពីថ្ងៃអង្គារ (១៦ កក្កដា) ប៉ុន្តែនឹងបន្តនៅក្នុងតួនាទីជារដ្ឋាភិបាលចាំផ្ទះរហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។ក្រុមអ្នកជំនាញបាននិយាយថា រដ្ឋាភិបាលចាំផ្ទះនឹងដំណើរការកិច្ចការបច្ចុប្បន្ននៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ ប៉ុន្តែមិនអាចដាក់ច្បាប់ថ្មីទៅសភា ឬធ្វើការផ្លាស់ប្តូរសំខាន់ៗណាមួយបានឡើយ។ តួនាទីរបស់រដ្ឋាភិបាលនេះនឹងរួមបញ្ចូលទាំងការធ្វើឱ្យប្រាកដថាការប្រកួតកីឡាអូឡាំពិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដំណើរការដោយរលូន។ធ្លាប់មានរដ្ឋាភិបាលចាំផ្ទះពីមុនមកនៅបារាំង ប៉ុន្តែពុំមានរដ្ឋាភិបាលណាមួយដែលនៅបន្តលើសពីប៉ុន្មានថ្ងៃនោះទេ។ មិនមានការកំណត់ទេលើថា តើរដ្ឋាភិបាលស្តីទីអាចបន្តកាន់កាប់បានរយៈពេលប៉ុន្មាន ព្រោះសភាមិនអាចបង្ខំរដ្ឋាភិបាលចាំផ្ទះឱ្យចុះចេញបានឡើយ។ ច្បាប់ដ៏តឹងរ៉ឹងលើការបែងចែកអំណាចជាធម្មតាមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីបារាំងធ្វើជាសមាជិកសភាក្នុងពេលដំណាលគ្នានោះទេ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ការលាលែងពីតំណែងនេះ បើទោះបីជាពួកគេបន្តស្ថិតក្នុងតួនាទីរដ្ឋាភិបាលចាំផ្ទះក៏ដោយ ក៏នឹងអនុញ្ញាតឱ្យលោក Attal និងសមាជិកដទៃទៀតនៃរដ្ឋាភិបាល អាចនៅក្នុងសភា និងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានសភានាពេលខាងមុខនេះដែរ៕

ចិន និងរុស្ស៊ី ចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរបស់ទ័ពជើងទឹកនៅសមុទ្រចិនខាងត្បូង

2024/07/17 11:50:04 am        132
សារព័ត៌មាន គ្លូបបល ថែមស៍ (Global Times) ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា ប្រទេសចិន និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរបស់កងទ័ពជើងទឹកនៅសមុទ្រចិនខាងត្បូង ខណៈភាគីទាំងពីរបានពង្រឹងទំនាក់ទំនងយោធា និងពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសទាំងពីរ។របាយការណ៍បាននិយាយដោយដកស្រង់សំដីកងទ័ពជើងទឹករំដោះប្រជាជនចិនថា ចិន និងរុស្ស៊ី នឹងបញ្ជូននាវាយ៉ាងហោចណាស់ចំនួន ៣ គ្រឿងក្នុងភាគីម្ខាងៗសម្រាប់សមយុទ្ធរយៈពេល ៣ថ្ងៃនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀតបាននិយាយថា សមយុទ្ធនេះធ្វើឡើងបន្ទាប់ពីបញ្ចប់ការល្បាតរួមគ្នារបស់កងទ័ពជើងទឹកដាច់ដោយឡែកមួយនៅភាគខាងជើងសមុទ្រប៉ាស៊ីហ្វិក។យោងតាមកងនាវាចរសមុទ្រខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិន បាននិយាយកាលពីល្ងាចថ្ងៃអង្គារ (១៦ កក្កដា) ថា សមយុទ្ធមួយនេះនឹងមើលឃើញកងនាវាចម្បាំងអនុវត្តការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ការឈ្លបយកការណ៍ និងការព្រមានជាមុន ការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងការការពារដែនអាកាស។ របាយការណ៍មិនបានបញ្ជាក់ថាតើសមយុទ្ធនឹងប្រព្រឹត្តទៅនៅកន្លែងណាក្នុងផ្លូវទឹកនជម្លោះនោះទេ។ចិនអះអាងការគ្រប់គ្រងលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល រួមទាំងដែនទឹកជម្លោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាចំណុចកណ្តាលនៃការប្រឈមមុខដាក់គ្នានាពេលថ្មីៗនេះរវាងចិន និងហ្វីលីពីន។ កំណើនភាពតានតឹងបានធ្វើឱ្យក្រុមមន្ត្រីអាមេរិក រំលឹកទីក្រុងប៉េកាំងថា កាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងការពារទៅវិញទៅមករបស់ពួកគេជាមួយនឹងហ្វីលីពីន គឺមានភាពរឹងមាំ៕

អឺរ៉ុបបារម្ភពីជំហរប្រឆាំងជំនួយអ៊ុយក្រែន របស់អនុប្រធានាធិបតីដែលលោក Trump ជ្រើសរើស

2024/07/17 11:42:52 am        85
កាលពីខែកុម្ភៈ ឥស្សរជននយោបាយ និងគោលនយោបាយការបរទេសរបស់អឺរ៉ុប បានឮដោយផ្ទាល់ពីព្រឹទ្ធសមាជិក លោក ជេឌី វែនស៍ (J.D. Vance) ដែលជាអនុប្រធានាធិបតីរបស់លោក Donald Trump ក្នុងការប្រជែងតំណែង អំពីការប្រឆាំងរបស់លោកចំពោះជំនួយយោធាអ៊ុយក្រែន និងការព្រមានដោយត្រង់របស់លោកថា អឺរ៉ុបនឹងត្រូវពឹងផ្អែកតិចតួចលើសហរដ្ឋអាមេរិកដើម្បីការពារទ្វីបនេះ។សារដាស់តឿនក្នុងការលើកឡើងនៅសន្និសិទសន្តិសុខទីក្រុងម៉ូនិច (Munich) នោះ ធ្វើឱ្យកណ្តឹងប្រកាសអាសន្នកំពុងបន្លឺឡើងពេញទ្វីបអឺរ៉ុប ប្រសិនបើលោក Trump និងលោក Vance ឈ្នះការបោះឆ្នោតអាមេរិក នៅខែវិច្ឆិកា ខាងមុខនេះ។ជម្រើសនេះបានធ្វើឱ្យមានការភ័យខ្លាចនៅក្នុងទ្វីបអឺរ៉ុបថា ប្រសិនបើលោក Trump ជាប់ឆ្នោត លោកនឹងលុបចោល ឬកាត់បន្ថយការគាំទ្ររបស់អាមេរិកសម្រាប់ទីក្រុងគីវ និងបង្ខំឱ្យអ៊ុយក្រែន ចូលតុចរចាសន្តិភាពដើម្បីបញ្ចប់សង្រ្គាម ដែលនឹងផ្តល់ឱ្យទីក្រុងមូស្គូ នូវចំណែកទឹកដីដ៏ច្រើនរបស់អ៊ុយក្រែន ហើយអាចឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បន្តដំណើរផ្សងព្រេងយោធារបស់ខ្លួនបន្ថែមទៀត។ នៅទីក្រុង Munich លោក Vance បានលើកឡើងពីការតស៊ូមតិសម្រាប់ «ការចរចាសន្តិភាព» ហើយបាននិយាយថា លោកគិតថារុស្ស៊ីមានចិត្តចង់ចរចា។ ជំហរនោះផ្ទុយស្រឡះពីទស្សនៈរបស់បណ្ដាមេដឹកនាំអឺរ៉ុបភាគច្រើន ដែលប្រកែកថាលោកខាងលិចគួរតែបន្តគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹងជាមួយនឹងជំនួយយោធា ហើយនិយាយថាពួកគេមើលមិនឃើញសញ្ញាណាមួយដែលបង្ហាញថាលោក Putin មានឆន្ទៈក្នុងការចរចារពិតប្រាកដនោះទេ៕

ការស្ទង់មតិ៖ ជនជាតិអាមេរិកប្រហែល ៨០% បារម្ភថាប្រទេសនេះកំពុងធ្លាក់ក្នុងភាពវឹកវរ

2024/07/17 11:38:44 am        110
ការស្ទង់មតិរបស់ រ៉យទ័រ និងអ៊ីបសូស (Reuters/Ipsos) ដែលបានបិទកាលពីថ្ងៃអង្គារ (១៦ កក្កដា) បានរកឃើញថា ប្រជាជនអាមេរិកកំពុងភ័យខ្លាចថាប្រទេសរបស់ពួកគេកំពុងធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើលោក Donald Trump ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងថាការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា អាចបង្កឱ្យមានអំពើហិង្សានយោបាយបន្ថែមទៀត។ការស្ទង់មតិរយៈពេលពីរថ្ងៃនេះបានរកឃើញថា បេក្ខភាពប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Trump ទទួលបានការគាំទ្រ ៤៣ភាគរយក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះស្ទង់មតិ ទល់នឹងតួលេខ ៤១ ភាគរយរបស់ប្រធានាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលនេះបង្ហាញថាការប៉ុនប៉ងធ្វើឃាតលើលោក Trump មិនបានជំរុញឱ្យមានការផ្លាស់ប្តូរចំពោះអារម្មណ៍អ្នកបោះឆ្នោតទេ។ប៉ុន្តែ ៨០ ភាគរយនៃអ្នកបោះឆ្នោតបាននិយាយថា ពួកគេយល់ស្របជាមួយនឹងការលើកឡើងដែលថា «ប្រទេសនេះកំពុងធ្លាក់ក្នុងភាពវឹកវរ»។ លោក Trump បានគេចផុតពីការស្លាប់កាលពីថ្ងៃសៅរ៍ នៅពេលខ្មាន់កាំភ្លើងបានបាញ់ចំត្រចៀករបស់លោក នៅក្នុងការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតមួយក្នុងរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania)។ចំនួន ៨៤ ភាគរយនៃអ្នកបោះឆ្នោតនៅក្នុងការស្ទង់មតិបាននិយាយថា ពួកគេបារម្ភថាពួកជ្រុលនិយមនឹងប្រព្រឹត្តអំពើហិង្សាក្រោយការបោះឆ្នោត ដោយនេះជាកំណើន ១០ភាគរយពីលទ្ធផលការស្ទង់មតិក្នុងខែឧសភា ដែលបង្ហាញថាអ្នកបោះឆ្នោតត្រឹមតែ ៧៤ ភាគរយប៉ុណ្ណោះដែលមានការភ័យខ្លាចបែបនេះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយ ឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្តិភាពយូរអង្វែង

2024/07/16 12:51:39 pm        129
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា នយោបាយឈ្នះ- ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំង​បាន​ផ្ដល់​លទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។សម្ដេចធិបតីបានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធសមិទ្ធផល នៅ​អគារ​អនុវត្ត​មុខងារ​សេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. នៅព្រឹក​ថ្ងៃ​ទី១៦ ខែកក្កដានេះ។ ក្នុងឱកាស​នោះ​សម្តេចធិបតី​បាន​សម្ដែង​នូវ​ការ​គោរព​អរគុណ​ដឹង​គុណ​យ៉ាងជ្រាលជ្រៅបំផុត និងចងចាំជានិច្ចចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេង​មិន​អាច​កាត់​ថ្លៃ​បានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិ ចេញ​ពី​របបប្រល័យពូជសាសន៍ប៉ុលពត និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ឯកភាព​ជាតិ និងឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំរបស់ខ្លួន តាមរយៈការដាក់ចេញនូវ នយោបាយ ឈ្នះ-ឈ្នះ។សម្តេធិបតីបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ-ឈ្នះនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើត អ.វ.ត.ក. ដោយ មានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាតិ និងការ​ឧបត្ថម្ភ​គាំទ្រជា​ថវិ​កា​ពី​សហគមន៍ អន្តរជាតិ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម, ការផ្សះ​ផ្សា​សង្គម​ដែល​បែក​បាក់, ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការផ្តល់សារ​មួយ​សម្រាប់​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ទូទាំងពិភពលោកអំពីផលវិបាក នៃ​ការ​ប្រព្រឹត្ត​អំពើ​សាហាវ​យង់ឃ្នង​ព្រៃផ្សៃ​របស់​ពួកគេ។សូមជម្រាបថា នយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែល​ពិភព​លោក​គួររៀនសូត្រ ខណៈសម្តេចតេជោ ហ៊ុន សែន គឺជាបិតាស្ថាបនិក និងប្រតិបត្តិករ​ផ្ទាល់​បង្កើត​នយោបាយ​ឈ្នះឈ្នះនេះ ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូន​មាតុភូមិ​កម្ពុជា​។ នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ បាន​បញ្ចប់​ទាំង​ស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍៕ អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតីផ្ដល់គោលការណ៍ឱ្យបង្កើតវិទ្យាស្ថានរដ្ឋទទួលបន្ទុកកេរដំណែលអ.វ.ត.ក.ទុកជាមណ្ឌលស្រាវជ្រាវ

2024/07/16 12:46:52 pm        154
ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះដែរ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់គោលការណ៍​ឱ្យរៀបចំ​សិក្សា​ស្រាវជ្រាវ​បង្កើតវិទ្យាស្ថានរដ្ឋមយយទទួលបន្ទុកកេដំណែលរបស់ អ.វ.ត.ក ដើម្បី​ទុក​ជា​មណ្ឌល​សិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ដមួយរបស់មួយទៀតកម្ពុជា។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងអរគុណដល់ អ.វ.ត.ក. ដែល​បាន​លើក​កម្ពស់​ការ​ផ្សព្វ​ផ្សាយអំពីប្រវត្តិសាស្រ្ដ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលកម្ពុជាបានឆ្លង​កាត់​ដែល​ការ​ផ្សព្វផ្សាយ​នេះ​បានចូលរួមទប់ស្កាត់កុំឱ្យរបបដ៏យង់ខ្នងនេះកើតឡើងវិញម្ដងទៀត។សម្ដេចធិបតី មានប្រសាសន៍ថា គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. នេះ មិនត្រឹមតែ​សម្រេច​បាន​ទៅ​តាម​គោល​ដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតនូវលក្ខណៈដោយឡែក (Uniqueness) បើប្រៀបធៀបទៅនឹងតុលាការអន្តរជាតិផ្សេងៗទៀត ពោលគឺបានកាត់សេចក្តី និង​ផ្តន្ទាទោសអស់មួយជីវិតទៅលើអតីតប្រមុខរដ្ឋចំពោះឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ ចាប់​តាំង​ពី​ការ​បង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការបង្ការអំពើប្រល័យ ពូជសាសន៍​នៅ​ឆ្នាំ​១៩៤៨​មក​។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បាន​កោត​សរសើរ​ចំពោះ​ការ​ជំរុញ​ផ្សព្វផ្សាយ​ឯកសារ​ប្រវត្តិសាស្រ្ដនៃរបបប្រល័យពូជសាសន៍ របស់ អ.វ.ត.ក. ក្រោយពីបាន​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​កាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់រយៈពេល១៦ឆ្នាំ ជាមួយនឹងការគាំទ្រ និង​​ទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្នុងនោះបានរក្សាទុកនូវ បណ្ណសារតុលាការ មាន​ចំនួន​សរុប ២៣៣,៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង​)៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានាធិបតីស៊ីរី និយាយថានឹងជួបលោក Erdogan ប្រសិនបើបញ្ហាស្នូលនានា ត្រូវបានដោះស្រាយ

2024/07/16 11:33:08 am        66
ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងជួបប្រធានាធិបតីទួរគី លោក Tayyip Erdogan ប្រសិនបើប្រទេសទាំងពីរ អាចផ្តោតសំខាន់ទៅលើបញ្ហាស្នូលនានា នៃការគាំទ្ររបស់ទីក្រុងអង់ការ៉ាចំពោះ «អំពើភេរវកម្ម» និងការដកកងកម្លាំងទួរគី ចេញពីទឹកដីប្រទេសស៊ីរី។វីដេអូឃ្លីបដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតី បានបង្ហាញ លោក Assad ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងដាម៉ាសថា បញ្ហាពុំមែនជាជំនួបទេ ប៉ុន្តែជាខ្លឹមសារនៃជំនួប។ប្រទេសទួរគី បានផ្តាច់ទំនាក់ទំនងជាមួយប្រទេសស៊ីរី ក្នុងឆ្នាំ២០១១ បន្ទាប់ពីការផ្ទុះឡើងសង្រ្គាមស៊ីវិលស៊ីរី ដែលប្រទេសទួរគី បានគាំទ្រក្រុមឧទ្ទាម ស្វែងរកការបណ្តេញលោក Assad ចេញពីតំណែង។មេដឹកនាំប្រទេសស៊ីរី ចាត់ទុកក្រុមឧទ្ទាមថាជាក្រុមភេរវករ។ ទីក្រុងអង់ការ៉ា ក៏បានបង្កើត តំបន់សុវត្ថិភាពមួយ នៅភាគខាងជើងប្រទេសស៊ីរី ដែលបច្ចុប្បន្ននេះទាហានទួរគីកំពុងឈរជើងនៅទីនោះ ហើយប្រទេសនេះ បានធ្វើប្រតិបត្តិការយោធាឆ្លងព្រំដែនជាច្រើនលើកប្រឆាំងក្រុមសកម្មប្រយុទ្ធ ដែលខ្លួននិយាយថា គំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសទួរគី។លោក Erdogan បាននិយាយកាលពីដើមខែកក្កដា ថា លោកនឹងបន្តការអញ្ជើញលោក Assad នៅពេលណាមួយ សម្រាប់កិច្ចពិភាក្សាដែលអាចធ្វើទៅបានដើម្បីស្តារទំនាក់ទំនងឡើងវិញ។ លោក Assad បាននិយាយបន្ថែមថា ប្រសិនបើពុំមានការពិភាក្សាអំពីបញ្ហាស្នូល តើកិច្ចប្រជុំបែបនេះមានន័យអ្វី? លោកនឹងឆ្លើយតបជាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមណាមួយ ដែលមានបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ប៉ុន្តែមូលដ្ឋានសម្រាប់កិច្ចពិភាក្សាបែបនេះត្រូវតែកំណត់ជាមុនសិន។

លោក Biden ហៅអនុប្រធានាធិបតីដែលលោក Trump ជ្រើសរើសថាជាមនុស្សប្រភេទតែមួយ

2024/07/16 11:24:01 am        247
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ (១៥ កក្កដា) បានរិះគន់មិត្តរួមតំណែងថ្មីរបស់លោក Donald Trump គឺលោក ជេឌី វែនស៍ (J.D. Vance) ថាជា «មនុស្សប្រភេទតែមួយ» ដូចទៅនឹងអតីតប្រធានាធិបតីសាធារណរដ្ឋរូបនេះ។ លោក Biden បានប្រាប់អ្នកយកព័ត៌មានមុនចេញទៅរដ្ឋ ណេវ៉ាដា (Nevada) នៅពេលត្រូវសាកសួរអំពីព្រឹទ្ធសមាជិករដ្ឋ Ohio រូបនេះថា «លោក Vance ជាមនុស្សប្រភេទតែមួយនឹងលោក Trump។ ខ្ញុំមើលមិនឃើញមានភាពខុសគ្នាទេ»។នៅក្នុងការបង្ហោះលើបណ្ដាញសង្គម X មេដឹកនាំសហរដ្ឋអាមេរិករូបនេះក៏បានវាយប្រហារលោក Vance ដោយចោទសួរអំពីអត្តសញ្ញាណប្រជានិយមរបស់លោក ហើយនិយាយថាជ័យជម្នះរបស់លោក Trump និងលោក Vance នឹងបង្កគ្រោះថ្នាក់ផ្នែកសេដ្ឋកិច្ចដល់គ្រួសារជនជាតិអាមេរិកវណ្ណៈកណ្តាល។បណ្ដាសមាជិកគណបក្សប្រជាធិបតេយ្យមានចិត្តចង់លាបពណ៌អ្នកបណ្តាក់ទុនដែលប្រែក្លាយជាព្រឹទ្ធសមាជិករូបនេះ ថាជាជាអ្នកបម្រើលោក Trump និងជាមនុស្សក្អេងក្អាង ក្នុងគោលបំណងដើម្បីបង្ខូចនយោបាយប្រជានិយមដែលលោក Vance បានប្រឹងប្រែងបណ្ដុះក្នុងអំឡុងពេលលោកបម្រើការនៅទីក្រុងវ៉ាស៊ីនតោន។ការជ្រើសរើសលោក Vance វ័យ ៣៩ឆ្នាំឱ្យធ្វើជាអនុប្រធានាធិបតីនេះ បានក្លាយជាការផ្លាស់ប្ដូរជំនាន់ដ៏មានសក្តានុពលសម្រាប់គណបក្សសាធារណរដ្ឋ ដោយលោកមានវ័យក្មេងខ្លាំងជាងលោក Trump ដែលមានអាយុ ៧៨ឆ្នាំ ខណៈលោក Biden ដែលមានអាយុ ៨១ឆ្នាំគឺជាប្រធានាធិបតីអាមេរិកដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រ។ ប្រធានគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ លោក ចេមមី ហារីសុន (Jaime Harrison) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Vance «បានជំរុញ និងគាំទ្រគោលនយោបាយដ៏អាក្រក់បំផុតរបស់លោក Trump អស់រយៈពេលជាច្រើនឆ្នាំ»៕

ប្រទេសអាមេនី និងសហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា

2024/07/16 11:20:58 am        97
ក្រសួងការពារជាតិរបស់ប្រទេសអាមេនី បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដា ថា អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសអាមេនី ដែលត្រូវបានគេរំពឹងថានឹងមានរយៈពេលរហូតដល់ថ្ងៃទី២៤ ខែកក្កដា។ក្រសួង បាននិយាយថា សមយុទ្ធ Eagle Partner 2024 នឹងផ្តោតសំខាន់លើកិច្ចការដែលទាក់ទងទៅនឹងបេសកកម្មរក្សាសន្តិភាព ហើយសមយុទ្ធបែបនេះជាមួយប្រទេសដៃគូ គឺធ្វើឡើងជាទៀងទាត់។ប្រទេសអាមេនី បានមើលឃើញទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ មានភាពសោះអង្គើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លើអ្វីដែលទីក្រុង Yerevan ចាត់ទុកថាជាការបរាជ័យរបស់រុស្ស៊ី ក្នុងការការពារខ្លួន ពីប្រទេសជិតខាងអាស៊ែរបៃហ្សង់ ។អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បាននិយាយថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធយោធាណាតូ ប្រទេសអាមេនី ប្រឈមហានិភ័យទៅនឹងអស្ថិរភាពដល់តំបន់ South Caucasus និងកំពុងធ្វើឱ្យអន្តរាយដល់សន្តិសុខរបស់ខ្លួន។លោក Galuzin បាននិយាយថាទីក្រុងមូស្គូ មិនសប្បាយចិត្តជាមួយនឹងការពិតដែលថាទីក្រុង Yerevan ប្រទេសអាមេនី បានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោក Biden និយាយថា ការប្រាប់ឲ្យក្រុមអ្នកគាំទ្រតាមដានរាល់សកម្មភាពរបស់លោក Trump គឺជាកំហុស

2024/07/16 10:31:07 am        130
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ ១៥ ខែកក្កដា លោកបានធ្វើកំហុសមួយនៅពេលដែលលោកបានប្រាប់ក្រុមអ្នកគាំទ្រឱ្យចាប់អារម្មណ៍លើអាកប្បកិរិយាគូប្រជែងរបស់លោកគឺលោក Donald Trump ប៉ុន្តែលោកបាននិយាយថាលោក Trump តែងតែប្រើវោហាសាស្ត្រដែលនាំឲ្យមានការខឹងសម្បារ។លោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយលោក ឡេស្ទើ ហូលធ៍ (Lester Holt) របស់សារព័ត៌មាន NBC ថា នេះជាកំហុសក្នុងការប្រើពាក្យសម្ដី ។ ខ្ញុំចង់ផ្តោតលើអ្វីដែលលោកTrump កំពុងធ្វើ។កាលពីថ្ងៃទី ៨ខែកក្កដា លោក Biden វ័យ៨១ ឆ្នាំ បាននិយាយទៅកាន់ម្ចាស់ជំនួយដ៏ធំបំផុតរបស់លោកថា ពួកគេចាំបាច់ត្រូវផ្លាស់ប្តូរការផ្តោតអារម្មណ៍នៃយុទ្ធនាការបោះឆ្នោតពីរូបលោក និងការជជែកដេញដោលមិនល្អរបស់លោក បែទៅអតីតប្រធានាធិបតី Trump ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។ លោកបាននិយាយថា ខ្ញុំមានការងារមួយ ហើយនោះគឺដើម្បីផ្តួល លោក Donald Trump យើងកំពុងនិយាយអំពីការជជែកដេញដោល។ ដល់ពេលហើយដើម្បីដាក់លោក Trump ឲ្យស្ថិតក្រោមការតាមដានសកម្មភាព។ សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនមិនពេញចិត្តនឹងការអត្ថាធិប្បាយនោះ ខណៈពួកគេបានស្តីបន្ទោសលោក Biden សម្រាប់ការបង្កើតបរិយាកាសដែលបង្កឱ្យមានការប៉ុនប៉ងធ្វើឃាតលើលោក Trump នៅឯការជួបជុំមួយក្នុងរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃសៅរ៍។ លោក Biden បានថ្កោលទោសអំពើហិង្សានយោបាយម្តងហើយម្តងទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM