ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកជំទាវ ឃួន សុដារី ជួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាទឹកអាស៊ី ពាក់ព័ន្ធការប្រើប្រាស់ទឹកនៅកម្ពុជា

2022/09/05 08:18:39 pm        672
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាជាតិ បានអនុញ្ញាត​ឱ្យប្រតិភូក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដឹកនាំដោយឯកឧត្តម Yongdeok Cho អគ្គលេខាធិការក្រុម​ប្រឹក្សា​ទឹកអាស៊ី (Asian Water Council-AWC) ​ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ​មួយចំនួនពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹក​ នៃសភាអាស៊ីលើកទី៥ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​នាឆ្នាំ២០២៣ ខាងមុខនេះ ។ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និង​សូមស្វាគមន៍យ៉ាងកក់ក្ដៅ ​ចំពោះប្រតិភូក្រុមប្រឹក្សាទឹកអាស៊ី ក្នុងដំណើរទស្សនកិច្ចការងារ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​ជាពិសេសរដ្ឋសភាជាតិនាពេលនេះ ។ លោកជំទាវ មានប្រសាសន៍ថា ​សារៈសំខាន់នៃទឹកដែលជាតម្រូវការបឋម យ៉ាងចាំបាច់បំផុត​របស់​មនុស្ស ដោយទឹកជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់គ្រប់ផលិតកម្ម ​ប្រកបដោយចីរភាព ជាមូលដ្ឋាន​គ្រឹះនៃសន្តិសុខស្បៀង​ និងជាប្រភពចម្បងនៃជីវភាព ​របស់ប្រជាជនទូទាំងសកលលោក ។ លោកជំទាវ ឃួន សុដារី បន្ថែមថា ​សន្តិសុខទឹកមានសារៈសំខាន់ ហើយមានពាក់ព័ន្ធទៅនឹងវិស័យ​ច្រើន​រួមគ្នាក្នុងការគ្រប់គ្រងទឹក​ ដូចជាវិទ្យាសាស្រ្ត ​បច្ចេកវិទ្យា បរិស្ថាន សង្គម និងនយោបាយ​ជាដើម ជាងនេះទៅទៀត ​ការគ្រប់គ្រងត្រួតពិនិត្យបរិមាណ ​និងគុណភាពទឹក ​មានកិច្ចការងារ និង​អ្នកជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើន កសាងហេដ្ឋារចនាសម្ព័ន្ធទឹក អន្តរាគមន៍ និង កិច្ចការពារ​ផ្សេងៗ សំដៅរក្សាចីរភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន ព្រមទាំងរក្សាសេវាសម្រាប់តម្រូវ​ផ្គត់ផ្គង់​ដល់​មនុស្ស និងសេដ្ឋកិច្ច ។ក្នុងជំនួបនោះ ឯកឧត្តម Yongdeok Cho បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចំណាយពេលវេលាដ៏មាមាញឹក​ជួបប្រតិភូក្រុមប្រឹក្សាទឹកអាស៊ីនាពេលនេះ ។ ជាមួយនេះ ឯកឧត្តមបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅសាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២២នេះ ដោយទទួលបានលទ្ធផល​ដ៏ត្រចះត្រចង់ ។ នាដំណើរទស្សនកិច្ចនាពេលនោះ ឯកឧត្តម Byun Jaeill ប្រធានក្រុមមិត្តភាពកូរ៉េ-កម្ពុជា និងជាប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) បានថ្លែងអំណរគុណចំពោះសភាកម្ពុជា​ដែលបានចាត់តាំង ​ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាកម្ពុជា​ចូលរួម​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ី លើកទី៤ ​នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២២ និងបានសម្តែង​នូវការរីករាយដែលកម្ពុជា​បានឯកភាពរៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាទឹក នៃសភាអាស៊ីលើកទី៥ ​នាឆ្នាំ២០២៣ខាងមុខ ។គូសបញ្ជាក់ថា កិច្ចប្រជុំលើកទី៤ របស់ AAWC ក៏បានអនុម័តលើគម្រោងមួយ ក្រោមកម្មវិធី​សុខុមាលភាព​ទឹកស្អាត AAWC នៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ។ គម្រោងនេះ មានថវិកាចំនួន ៩៩៨លានវ៉ុនកូរ៉េ ប្រមាណ៧៤៨,៩៤៥ដុល្លារ ក្នុងគោលបំណងបង្កើតផែនការមេសម្រាប់សន្តិសុខទឹកក្នុងស្រុកគងពិសី ដោយមានក្រសួងឧតុនិយម និងធនធានទឹក ជាភ្នាក់ងារអនុវត្តគម្រោង ៕ អត្ថបទ បាន សុខរិទ្ធិ, រូបភាពវ៉ាន់ ណារិទ្ធ

ទូតថៃចប់អាណត្តិនៅកម្ពុជា បង្ហាញមោទកភាពកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ

2022/09/05 06:58:30 pm        669
ភ្នំពេញ៖ លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ចប់អាណត្តិនៅប្រទេសកម្ពុជា បានបង្ហាញមោទកភាពកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ ជាពិសេសលើវិស័យពាណិជ្ជកម្ម សម្រេចបានកំណើនឡើង១០% បើទោះរងស្ថានភាពកូវីដ-១៩ក៏ដោយ។ក្នុងជំនួបសំដែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន​ សែន នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោ ,ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជូនលោក និងមន្ត្រីស្ថានទូតទាំងអស់ មិនត្រឹមតែស្ថានទូតថៃទេ គឺស្ថានទូតទាំងអស់ទូទាំងប្រទេសកម្ពុជា។លោកក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានដោយជោគជ័យ។សម្ដេចតេជោ ហ៊ុន សែន បានអរគុណជូនចំពោះ លោក ពុល ថាប់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូត នាំឲ្យកម្ពុជា-ថៃ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរឡើង។សម្ដេច បានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ-១៩ក៏ដោយ យើងបានខិតខំរួមគ្នាធ្វើការបានល្អជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អជាទីមោទនៈ។ជាទីបញ្ចប់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជាថ្មីម្ដងទៀតជូនចំពោះលោកពុលថាប់ និងជូនពរលោកទទួលបានជោគជ័យក្នុងបេសកកម្មរបស់ឯកឧត្តមនាពេលអនាគតបន្តទៀត៕

លោកស្រី ពេជ ចន្ទមុន្នី ប្រកាស និងប្រគល់សេចក្តីសម្រេចបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ជាង៨០០នាក់

2022/09/05 05:55:29 pm        506
ភ្នំពេញ៖ លោកជំស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យលោកស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាស និងប្រគល់សេចក្តីសម្រេចបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ជាង៨០០នាក់បន្ថែមទៀត។ លោកមានប្រសាសន៍ថា TYDA គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ឆ្នាំហើយ និងបានធ្វើសកម្មភាពមនុស្សធម៌ទូទាំងប្រទេស ដែលទទួលបានលទ្ធផលជាក់ស្ដែង​ គឺព្យាបាលប្រជាពលរដ្ឋប្រមាណ ៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង៦ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៨នាក់ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកស្រីក៏បានបង្ហាញអារម្មណ៍រីករាយ និងមោទនភាពដែលសមាគមគ្រូពេទ្យសមាជិកយុវជនសម្ដេចតេជោបានវិវត្តន៍ខ្លួនមកដល់ពេលនេះ។ហើយបានចូលរួមសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដើម្បីផ្ដល់នូវជីវិតទីពីរ និងស្នាមញញឹម និងការចូលរួមការលះបង់កម្លាំងកាយចិត្តពេលវេលា ប្រកបដោយកាយវិកាមនុស្សធម៌និងគុណធម៌របស់សមាជិកចំពោះប្រជាពលរដ្ឋ។លោកស្រីបានបន្ថែមថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) គឺជាយន្តការបើកច្រក និងផ្ដល់ឱកាសឱ្យសមាជិកសមាជិកាចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ក្រោមការសហការជាមួយដៃគូសហការផ្សេងៗ នឹងមានឱកាសបង្កើតទំនាក់ទំនងល្អចំពោះគ្នាទៅវិញទៅមក។លោកស្រីបានថ្លែងអំណរគុណសមាជិកសមាជិកាសមាគមដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រើប្រាស់ចំណេះដឹងជំនាញ និងបទពិសោធន៍ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងសូមថ្លែងអំណរគុណសប្បុរសជន ដែលបាននិងកំពុងឧបត្ថម្ភសម្ភារៈ បរិក្ខា ក្នុងការផ្ដល់លទ្ធភាព និងទ្រទ្រង់សមាគមឱ្យសមាគមមានលទ្ធភាពបន្តបេសកកម្មមនុស្សធម៌បន្ថែមទៀត និងសូមថ្លែងអំណរគុណដៃគូរសហការដែលបានជួយឧបត្ថម្ភគាំទ្រតាមរយៈការចូលរួមដោយផ្ទាល់ក្នុងបេសកកម្មក៏ដូចជាជួយសម្របសម្រួលយកចិត្តទុកដាក់រាល់សកម្មភាពរបស់សមាគម។ សូមបញ្ជាក់ថា នេះគឺជាលើកទី៦ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានប្រកាសបញ្ចូលសមាជិក។ដែលធ្វើឲ្យចំណូលសមាជិកសមាគមមកដល់ពេលនេះមានចំនួនជាង ៨ពាន់នាក់៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កិច្ចការការពារសន្តិសុខនិងសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីធានានូវលំនឹងស្ថិរភាព និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ

2022/09/04 07:50:19 pm        681
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ​សមិទ្ធិផលជាតិសំខាន់ៗ ដែលសម្រេចបានកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការ​ចូលរួម​ប្រកបដោយ​ពលិកម្មដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ និង​និយាយ​ដោយឡែករបស់បញ្ជាការដ្ឋានអង្គរក្ស​ក្នុងកិច្ចការការពារសន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រមុខរាជ​រដ្ឋាភិបាល ដើម្បីធានានូវលំនឹងស្ថិរភាព​ និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ។ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងបែបនេះ ក្នុងពិធីខួបអនុស្សារីយ៍ ១៣ ឆ្នាំ ថ្ងៃប្រកាសបង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស នៅក្រុងតាខ្មៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២។ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរចំពោះការប្រារព្ធខួប​អនុស្សាវរីយ៍​ដ៏មានអត្ថន័យ​ ដើម្បីជាការរំឭកដល់ដំណើរឆ្លងកាត់ជាច្រើនដំណាក់កាល និងការ​សម្រេចបាននូវស្នាដៃ និងសមិទ្ធផលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ-សុវត្ថិភាពជូន សម្តេចតេជោ​ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាភារកិច្ចជាច្រើន​ផ្សេងទៀត ជាគុណប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ក្នុងរយៈពេលជាង ៤០ ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានឆ្លងកាត់នូវ​ឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍​ប្រទេស ជា​ពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ​ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។ ឯកឧត្តម សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិននៃបញ្ជាការដ្ឋាន​អង្គរក្ស ​ដែលក្រៅពីភារកិច្ចស្នូលក្នុងការការពារសន្តិសុខ-សុវត្ថិភាព​ជូនប្រមុខរាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ​ដោយលើសពីនេះក៏បានខិតខំបំពេញភារ​កិច្ចការ​ពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹង​ចំពោះគោល​នយោបាយ​នានា​របស់​រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញច្បាប់ ​និងបទបញ្ជាទាំងឡាយ ជាមួយនឹងការ​ខិតខំ​ហ្វឹកហ្វឺន​រៀនសូត្រ រហូតក្លាយជាកងទ័ព​ដែលមានវិន័យ​ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសម​ជាកូនចៅពិតប្រាកដរបស់ប្រជាជន ​និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។ ជាក់ស្តែង អង្គភាពតែងបានចូលរួមក្នុងការដោះស្រាយយថា ហេតុផ្សេងៗនៅទូទាំងប្រទេស រួមមាន ជាអាទិ៍៖ ការបូមទឹកដាក់ស្រែជួយប្រជាពលរដ្ឋ, ការដឹកជញ្ជូនចែកចាយស្បៀងអំឡុងពេលកូវីដ-១៩, ការដឹកជញ្ជូនប្រជាពលករចំណាកស្រុកមកពីក្រៅប្រទេស, ការចុះទៅប្រមូលទិញផ្លែមៀន និងតាង៉ែននៅប៉ៃលិន, ជាពិសេសថ្មីៗនេះ​ ក៏បានចូលរួមផងដែរក្នុងការដាំដើមឈើនៅឧទ្យាន “ភ្នំតាម៉ៅ”។ឯកឧត្តម ហ៊ុន ម៉ាណែត សូមសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើន​គួរជាទីមោទនៈ​របស់​បញ្ជាការដ្ឋានអង្គរក្ស ដោយក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ និង ១៣ឆ្នាំគិតចាប់ពីការ​ដំឡើង​ជាបញ្ជាការដ្ឋាន​អង្គរក្ស អង្គភាពបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកជាច្រើន ហើយ​រហូតមកដល់ពេលនេះ​អង្គភាព​មានការបោះជំហានទៅមុខរឹងមាំលើគ្រប់វិស័យ​ ទាំងរចនាសម្ព័ន្ធដឹកនាំបញ្ជា, ចំនួនទ័ព, សមត្ថភាពជំនាញ, មធ្យោបាយគ្រឿងបំពាក់​ និងការកសាងជំរំជម្រក ក៏ដូចជាហេដ្ឋាន​រចនា​សម្ព័ន្ធនានា​បម្រើឱ្យការបំពេញភារកិច្ច ​និងការលើកកម្ពស់សមត្ថភាព ​ជីវភាព សុខុមាលភាព របស់​យោធិន និងគ្រួសារយោធិនជាដើម។ ទាំងអស់នេះ ក៏បានបង្ហាញឱ្យឃើញផងដែរអំពីសាមគ្គី​ឯកភាព​ភាពផ្ទៃក្នុងល្អរបស់មេបញ្ជាការ ​មេបញ្ជាការរង ​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង ​និងពលទាហានរបស់បញ្ជាការដ្ឋានអង្គរក្ស ធានាបាននូវនិរន្តរភាពរបស់អង្គភាព​ក្នុងការសម្រេចភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន។អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកង​យោធពល​ខេមរភូមិន្ទ មានកាតព្វកិច្ច៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅ​ក្នុងកិច្ចការ​ពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និង (ii) ត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ទាំងនេះ គឺជាកិច្ចការស្នូលអាទិភាព ដែល​កងយោធពល​ខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានា​បាន​ទាំងស្រុងនូវសន្តិភាព ស្ថិរភាព ​និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើឱ្យការកសាងឱកាស​សម្រាប់​អភិឌ្ឍន៍​ជាតិ។ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគោរពថ្លែងអំណរគុណ និង​កតញ្ញូតា​ចំពោះ សម្តេចតេជោ ​នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ដោយជានិច្ចជាកាលតែង​បានយកចិត្តទុកដាក់​គិតគូរ​អំពីសុខទុក្ខ និងជួយឧបត្ថម្ភ​គ្រប់បែប​យ៉ាងដល់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ រួមទាំង​បញ្ជាការដ្ឋានអង្គរក្ស និងក៏សូមអរគុណផងដែរចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និង​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ ព្រមទាំងប្រទេសជាមិត្ត ​និង​សប្បុរសជន​នានា ដែល​កន្លងមកតែងបានជួយ​ជ្រោមជ្រែង​ និងឧបត្ថម្ភគាំទ្រ​ដល់បញ្ជាការដ្ឋានអង្គរក្ស រហូត​អង្គភាព​សម្រេចបាននូវការកសាងពង្រឹងខ្លួនរឹងមាំលើគ្រប់វិស័យ ​ដូចពេលបច្ចុប្បន្ន៕ 

ប្រមុខការពារជាតិកម្ពុជា៖ អង្គរក្សបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិ និងសុខក្សេមក្សាន្ត​របស់ពលរដ្ឋ

2022/09/04 06:46:07 pm        510
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ​បញ្ជាការដ្ឋានអង្គរក្សគ្រប់ជំនាន់ បានពលិកម្ម លះបង់សាច់ស្រស់ ឈាមស្រស់​របស់ខ្លួន ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិ ​និងភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ជាពិសេស​ក្នុងរយៈពេលចុងក្រោយនេះ បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាល​ដាល​នូវមេរោគកូវីដ១៩។ក្នុងសារលិខិតផ្ញើជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ក្នុងឱកាសខួបអនុស្សាវរីយ៍គម្រប់៣២ឆ្នាំ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍​គម្រប់១៣ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី៤ខែសីហា ឆ្នាំ២០២២នេះ សម្តេចពិជ័យ​សេនាទៀ បាញ់ បានលើកឡើងថា «បណ្ដាស្នាដៃវីរភាពអង់អាចក្លាហានរបស់​រៀមច្បង​នៃកង​កម្លាំងបញ្ជាការដ្ឋានអង្គរក្សពីមួយជំនាន់ទៅមួយជំនាន់ គឺជាគម្រូដែលមានគុណតម្លៃ​សម្រាប់​បណ្តុះ​នូវឧត្តមគតិស្មារតី ឆន្ទៈនិងមនសិការស្នេហាជាតិខ្ពស់ដល់នាយទាហាន​ជំនាន់ក្រោយ​ធ្វើ​ជា​មូលដ្ឋាន​ សិក្សារៀនសូត្រ ​ដកបទពិសោធន៍លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍​កងកម្លាំង​បញ្ជាការដ្ឋានអង្គរក្ស ឱ្យក្លាយជាកម្លាំងមួយមានសមត្ថភាពពេញលេញឆ្លើយតប​ទៅនឹងសភាព​ការណ៍​ថ្មី ធានាការពារសន្តិសុខ ​សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់រាជ-រដ្ឋាភិបាល ស្របតាមការ​អភិវឌ្ឍ​របស់ប្រទេសជាតិ»។សម្តេចពិជ័យសេនា បានលើកឡើងទៀតថា តាំងពីមុនក៏ដូចទៅអនាគត ក្រសួងការពារជាតិតែងតែ​យកចិត្តទុកដាក់ ខិតខំធ្វើការកែទម្រង់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស លើកកម្ពស់ស្មារតីឧបត្ថម្ភ​គាំទ្រគ្រប់​កាលៈទេសៈ​ សំដៅធ្វើទំនើបកម្មកងកម្លាំងមានសមត្ថភាពជំនាញជីវៈពិតប្រាកដ។សមិទ្ធផល​ និងសក្ខីកម្មច្រើនរាប់មិនអស់ ដែលកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សបង្កើត​ឡើង​នាពេលកន្លងមក ត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រយោធា ​ជាពិសេសនៅពេលថ្មីៗកន្លងទៅនេះ បញ្ជាការដ្ឋានអង្គរក្សបានចូលរួមយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការដោះស្រាយសភាពការណ៍សង្គមការបញ្ចៀស​មហន្តរាយនានាប៉ះពាល់ដល់ខឿនការពារជាតិ ការពាររដ្ឋធម្មនុញ្ញ ​ការពាររាជរដ្ឋាភិបាលស្របច្បាប់ធានាប្រក្រតីភាពជីវភាពសង្គម និងបាន​តស៊ូយ៉ាង​ស្វិតស្វាញ​ក្នុងកិច្ចការពារបូរណភាពទឹកដី ​និងអធិបតេយ្យ-ជាតិជាដើម។យ៉ាងណាក៏ដោយប្រមុខការពារជាតិកម្ពុជារូបនេះ ក៏បានលើកឡើងផងដែរថា ថ្វីត្បិតតែសព្វថ្ងៃ​នេះមាតុភូមិកំពុងគ្របដណ្តប់ដោយសន្តិភាព​ ពាសពេញផ្ទៃប្រទេសក៏ពិតមែនប៉ុន្តែសំណូមពរ​នៃ​ការអភិវឌ្ឍប្រទេសជាតិ ​នៅតែបន្តទាមទារនូវសន្តិភាព ​សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀប​រយសង្គម។ ការបង្កើតបរិយាកាសកក់ក្ដៅ ​សម្រាប់សុវត្ថិភាពផ្លូវកាយ ​ផ្លូវចិត្តជូនប្រជាពលរដ្ឋ គឺជា​មហិច្ឆតា​របស់រាជរដ្ឋាភិបាលដែលប្រការទាំងអស់នេះទាមទារ​ឱ្យកងម្លាំងបញ្ជាការ​ដ្ឋាន​អង្គរក្ស​បន្តខិតខំប្រឹងប្រែង​ លើកកម្ពស់សមត្ថភាពជំនាញលើគ្រប់ផ្នែកឱ្យស្របតាម​សភាពការណ៍​វិវត្តរីកចម្រើន​នាពេលបច្ចុប្បន្ន ​និងទៅអនាគតដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន សំដៅរួម​ចំណែក​ក្នុងការធានាសន្តិសុខ ​សុវត្ថិភាពជូនថ្នាក់ដឹកនាំ៕ អត្ថបទ៖បាន ចក់ 

អ្នកនាំពាក្យ គ.ជ.ប៖ សំណើកែលម្អការបោះឆ្នោតរបស់បក្សចំនួន ៤ មានចំណុចមិនស្របច្បាប់កម្ពុជា

2022/09/02 08:17:57 pm        295
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជាថ្មីថា សំណើរបស់គណបក្សនយោបាយចំនួន ៤ ស្តីពីបំណងកែលម្អប្រព័ន្ធបោះឆ្នោត មានចំណុចមិនស្របតាមផ្លូវច្បាប់របស់កម្ពុជា។ការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បែបនេះ បន្ទាប់ពីតំណាង​គណបក្សនយោបាយចំនួន៤ នៅថ្ងៃទី២ ខែកញ្ញានេះ បានធ្វើសន្និសីទសារព័ត៌មាន​ពាក់ព័ន្ធទាក់ទង​នឹង​សំណើស្តីពីការស្នើវិសោធនកម្មច្បាប់ ​ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។ ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់BTV ឱ្យដឹងថា បើទោះបី គជប បានពិភាក្សា និង​បកស្រាយទៅលើ​សំណើរ​បស់គណបក្សនយោបាយទាំងនោះ ​តាមផ្លូវច្បាប់​ និងការទទួលខុសត្រូវរបស់ស្ថាប័ន ​គជប រួចរាល់ក្តី ​ប៉ុន្តែសកម្មភាពទទូចទាមទារទៅលើសំណើទាំងនោះនៅតែមានដដែល។ បន្ថែមពីលើនេះ​ ឯកឧត្តម​ បញ្ជាក់ជាថ្មីថា ក្នុងសំណើចំនួន ១៧ចំណុចរបស់គណបក្សនយោបាយ​ទាំង​៤នោះ មានចំណុចផ្ទុយ​ពីច្បាប់របស់កម្ពុជា ​ដូចជាសំណើបង្កើតមណ្ឌលបោះឆ្នោតនៅក្រៅ​ប្រទេស​ជាដើម។ទាក់ទងនឹងបញ្ហានេះ លោក សាខុន ប៉ូរិន អ្នកសម្របសម្រួលក្រុមអ្នកសង្កេតការណ៍ជាតិ ដែលមាន​ឈ្មោះថា កែវភ្នែកយុត្តិធម៌ ​លើកឡើងថា ក្នុងនាមរូបលោកដែលបានចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​តាំងពី ឆ្នាំ២០០៣មក ពោលគឺជារៀងរាល់​អាណត្តិ​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​តែងតែកែលម្អដោយការសម្រួលនូវបទបញ្ជា​ និង​នីតិវិធីនៃដំណើរការបោះឆ្នោត ​ជាបន្តបន្ទាប់។យ៉ាងណាមិញ ពាក់ព័ន្ធសំណើខាងលើ ​ក្នុងជំនួបកាលពីថ្មីៗនេះ គ.ជ.ប បានបំភ្លឺជូនដល់ភាគី​គណបក្ស​នយោបាយថា ​ចំណុចខ្លះមិនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ ​គ.ជ.ប ឡើយ ពោលគឺទាក់ទង​នឹងស្ថាប័នរដ្ឋសភា ​ដែលជាស្ថាប័នរៀបចំច្បាប់ ​និងស្ថាប័ន​ក្រសួងមហាផ្ទៃ រួមទាំងពាក់ព័ន្ធ​នឹង​អាជ្ញាធរដែនដី៕អត្ថបទ សេក ឧត្តម

ប្រមុខរដ្ឋស្តីទីកម្ពុជាជួបពិភាក្សាការងារមួយចំនួនជាមួយឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា

2022/09/01 09:35:14 pm        528
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានព្រឹទ្ធសភា។ថ្លែងនៅក្នុងកិច្ចជំនួបនោះលោកស្រីឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់​ចំពោះ​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ ​លើវិស័យនយោបាយ ពាណិជ្ជកម្ម ​ការវិនិយោគ​ និងវិស័យអប់រំ។ លោកស្រីបន្តថា​ សភាតួកគីបានបង្កើតក្រុមមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងមានការ​ផ្លាស់ប្តូរ​គណៈប្រតិភូកម្រិតខ្ពស់រវាងសភានៃប្រទេសទាំងពីរ ​ដើម្បីជំរុញការយល់​ដឹងរួមគ្នា និងបង្កើន​នូវ​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានេះ លោកជំទាវ​បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់​ប្រទេសកម្ពុជា​នៅ​ក្នុងតំបន់​អាស៊ី។ ជាមួយគ្នានោះដែរ​លោកស្រី ឯកអគ្គរដ្ឋទូត​ ក៏បាន​សម្តែង​នូវការអបអរសាទរចំពោះ​ប្រទេស​កម្ពុជា​ក្នុងតួនាទីជាប្រធានអាស៊ាន ប្តូរវេន​ ដែលជាដំណាក់ដ៏លំបាកក្នុងការដោះស្រាយ​បញ្ហា​ក្នុងតំបន់ ​និងលើសកលលោក។ ​ទោះបីជាយ៉ាងនេះក្តី ក៏ប្រទេសកម្ពុជាបានដើរតួនាទីដ៏សំខាន់​នេះប្រកបដោយទទួលបានជោគជ័យ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ​សម្តេចប្រមុខរដ្ឋស្តីទី​ បានលើកឡើងថា​ ក្នុងនាមប្រជាជនកម្ពុជា និង​ក្នុងនាមសម្តេចផ្ទាល់ សម្តេច បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​តួកគី​ដែល​បាន​រួមចំណែក​ដ៏​ថ្លៃថ្លាជួយអភិវឌ្ឍលើគ្របើវិស័យ ​ដែល​ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា​មានការរីកចម្រើន​ខាងសង្គម-សេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។សម្តេច បានថ្លែងអំណរគុណ​ចំពោះរដ្ឋាភិបាលតួកគីដែល​បានគាំទ្រ​កម្ពុជា​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ានប្តូរវេន ​និង​បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំត្រីភាគី(កម្ពុជា-តួកគី​ និងលេខាធិការដ្ឋានអាស៊ាន) អាស៊ាន-តួកគីលើកទី៤ ​នៅទីក្រុងភ្នំពេញ​ ក្នុង​ឱកាស​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស អាស៊ាន​លើក​ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី០៣ ​ដល់ថ្ងៃទី០៥ ​ខែសីហា ឆ្នាំ២០២២​ កន្លងទៅនេះ។សម្តេច ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ​ព្រឹទ្ធសភា រដ្ឋសភា​ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ​នៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួន​ជានិច្ច ​ដើម្បី​ធ្វើកិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​លោកស្រីក៏ដូចជាស្ថានទូតតួកគី​ ដើម្បីរួម​ចំណែក​ពង្រឹងពង្រីក​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នាំមកនូវផល​ប្រយោជន៍ទៅវិញទៅមកជូនប្រជាជន ​និងប្រទេសទាំងពីរ៕ អត្ថបទ៖ បាន ចក់

ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមានសិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កសាង​ទំនើបកម្ម​កងទ័ព​នៅ​ក្នុង​មូលដ្ឋានសមុទ្ររាម

2022/09/01 05:56:57 pm        759
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់​ក្នុង​ការ​កសាង​ទំនើបកម្ម​នៅ​ក្នុង​មូល​ដ្ឋាន​សមុទ្រ​រាម ខណៈប្រទេសខ្លះ បានចោទប្រកាន់ម្តងហើយម្តងទៀតបែបផ្សេងៗនោះ គឺ​ជា​ចេតនា​អាក្រក់​មក​លើកម្ពុជាតែប៉ុណ្ណោះ។ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និង​សម្ភារៈ​ជា​ច្រើន​ទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការ​កសាង​ទំនើប​កម្ម​សមុទ្រ​រាម​នេះ​គឺ​ដើម្បី​បង្កើន​សមត្ថភាព​របស់​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចំរើន​បន្ថែម​ទៀត តែប៉ុណ្ណោះ ហើយការចោទ​ប្រកាន់​ថា​កន្លែង​នេះ​សម្រាប់​ដាក់​មូលដ្ឋាន​កង​ទ័ព​ចិន​នោះ គឺជាការញុះញង់បង្កើតបញ្ហាដល់កម្ពុជា ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​ម្តង​ហើយ​ម្តង​ទៀត​យ៉ាងណាក៏ពួកគេមិនស្តាប់ដែរដោយសារតែពួកគេភ្នែកនៅល្អ តែធ្វើជាខ្វាក់។សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា ការកសាងនូវមូលដ្ឋានសមុទ្ររាមនេះ គឺដើម្បីការពារអធិបតេយ្យកម្ពុជា បូរណភាពទឹកដីកម្ពុជា បង្កើនសមត្ថភាពកងទ័ពកម្ពុជា ខណៈ​គម្រោងការ កសាងនេះ​បានត្រៀម​យូរ​ណាស់​មក​ហើយ​ប៉ុន្តែ​ទើប​ធ្វើ​យ៉ាង​សកម្ម​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយសារតែតម្រូវការចាំបាច់។សូមបញ្ជាក់ថា បញ្ហាសមុទ្ររាមនេះ ត្រូវបាន​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ចោទ​ប្រកាន់​ដល់​កម្ពុជា​ដោយ​គ្មាន​​ហេតុផលច្បាស់លាស់ម្តងហើយម្តងទៀតថា កម្ពុជា​កសាង​ទំនើបកម្ម​នៅ​មូលដ្ឋាន​សមុទ្ររាម​នេះ​គឺដើម្បី​ដាក់មូលដ្ឋានកងទ័ពរបស់ចិន ខណៈ​ការ​កសាង​នេះ​គឺ​ដោយ​សារ​តែ​ជា​ជំនួយ​របស់​ចិន​នោះ។​ យ៉ាងណាក៏ដោយកម្ពុជាមិនបានខ្វល់ ចំពោះការចោទប្រកាន់ទាំងនោះឡើយ ដោយសារ​តែ​ការ​កសាងនេះ គឺដើម្បីផលប្រយោជន៍របស់កម្ពុជា និងដើម្បីការពារដែនសមុទ្រ ដែន​អធិបតេយ្យ​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ៕ អត្ថបទ៖ បាន ចក់

ក្រសួងការពារជាតិកម្ពុជា ទទួលបានអំណោយរថយន្ត​ និងសម្ភារៈមួយចំនួនធំ ពីក្រសួងការពារជាតិចិន

2022/09/01 03:45:19 pm        693
ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការ ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ,រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសឡាវ

2022/08/31 09:34:43 pm        534
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម បណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្នុងជំនួបនេះ ឯកឧត្តម ប្រធានាធិបតីឡាវ បានសម្តែងនូវការស្វាគមន៍ប្រកបដោយក្តីរីករាយ​ចំពោះ​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការ​កង​ទ័ពជើងគោក ​នៃកងយោធពលខេមរភូមិន្ទ ​និងក៏បានថ្លែងនូវការអបអរសាទរ និង​កោត​សរសើរ​ចំពោះ​ការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាពិសេស ភាព​ជា​អ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាតំបន់ និងសាកល ​ដែលកំពុងមានភាព​ស្មុគស្មាញ​។ឯកឧត្តមប្រធានាធិបតីឡាវ ​បានបញ្ជាក់បន្ថែមថា ឡាវ-កម្ពុជា ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា ដែល​មានបំណងប្រាថ្នារួម ​គឺសេចក្តីសុខសាន្ត ​និងការអភិវឌ្ឍរីកចម្រើនទាំងអស់គ្នា។ ​ក្នុងន័យនេះ ឯកឧត្តម បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការពង្រឹង ​និង​ពង្រីកបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការ​លើវិស័យការពារជាតិ ​ដូចអ្វីដែល​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ពិភាក្សា និងឯកភាពគ្នាជាមួយប្រធានអគ្គសេនាធិការ ​នៃកងទ័ពប្រជាជនឡាវ ​ដើម្បីសុខសន្តិភាព និង​ទំនាក់ទំនង​កាន់តែល្អជិតស្និទ្ធរវាងប្រទេសទាំងពីរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែង​នូវក្តីរីករាយ​ចំពោះកិច្ច​ស្វាគមន៍ដ៏កក់ក្តៅរបស់​ ឯកឧត្តម ប្រធានាធិបតីឡាវ និង​បានថ្លែងអំណរគុណចំពោះការ​គាំទ្រ​ដល់​ទិសដៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាង​ណាបន្តថែរក្សាចំណងសាមគ្គីភាព​ មិត្តភាព ការទុកចិត្តគ្នា និងកិច្ចសហការឱ្យ​បានស្អិតរមួតបន្ថែម​ទៀត ដើម្បីកសាង​ និងការពារមាតុភូមិទាំងពីរលើមូលដ្ឋាននៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ និងយូរអង្វែង”។ ក្នុងឱកាសនោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ​ក៏បានថ្លែងអំណរគុណចំពោះប្រទេសឡាវ និងប្រជាជនឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន​ឆ្នាំ២០២២ ជា​ពិសេសវិធានការរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាតំបន់ជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តតាកែវ អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
08/23/2026 12:08 PM
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅខេត្តបាត់ដំបង
08/23/2026 12:08 PM
អ៊ីរ៉ង់គំរាមកំណត់គោលដៅផលប្រយោជន៍ប្រទេសណាមួយដែលជួយដល់អាមេរិក
08/23/2026 12:08 PM
លោក Trump៖ ច្រកសមុទ្រ Hormuz បច្ចុប្បន្នគឺជាដែនទឹករបស់សហរដ្ឋអាមេរិក
08/23/2026 11:08 AM
ក្រសួងការងារ៖ កម្ពុជាមានឱកាសការងារជាង៩ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 11:08 AM
ក្រសួងការងារ៖ ខេត្តកណ្ដាលមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 11:08 AM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន ៣មានឱកាសការងារជិត ១ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 11:08 AM
«គណបក្សប្រជាជនកម្ពុជា មិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាដើម្បីបម្រើបុព្វហេតុជាតិឡើយ»
08/23/2026 11:08 AM
ក្រុមអាជ្ញាធរដាក់បំរាមគោចរនៅទូទាំងខេត្ត Narathiwat របស់ថៃ ក្រោយការវាយប្រហារផ្ទួនគ្នា
08/23/2026 11:08 AM
រយៈពេល១០ថ្ងៃ អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសខុសច្បាប់ ៣០៧នាក់មាន ១៨សញ្ជាតិ ចេញពីប្រទេសពាក់ព័ន្ធប្រព្រឹត្តបទល្មើសផ្សេងៗ
08/23/2026 11:08 AM