គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមអ្នកវិភាគ៖ ជំហរប្រឆាំងចិន របស់អាមេរិក អាចកាន់តែតឹងរ៉ឹងបើលោក Trump ជាប់ឆ្នោត

2024/07/19 07:23:42 pm        470
ក្រុមអ្នកវិភាគបានប្រាប់សារព័ត៌មាន CNA ថា ការជ្រើសរើសលោក ជេឌី វែនស៍ (JD Vance) ជាបេក្ខភាពអនុប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរបស់លោក Donald Trump អាចមានន័យថា ជំហររបស់អាមេរិក នឹងកាន់តែអាក្រក់ទៅៗលើប្រទេសចិន ប្រសិនបើអតីតប្រធានាធិបតីអាមេរិករូបនេះជាប់ឆ្នោតជាថ្មី។លោក ថម ស្វីតហ្សឺ (Tom Switzer) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យ (CIS) របស់អូស្ត្រាលីបាននិយាយថា «មានការយល់ស្របទ្វេបក្សពីការកើនឡើងនៃអំណាចនៅក្នុងប្រទេសចិន ហើយលោក Vance ចង់ប្រឆាំងនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ចិន»។លោក Vance បានហៅចិន ថាជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយភ្លាមៗបន្ទាប់ពីការជ្រើសរើសជាបេក្ខភាពអនុប្រធានាធិបតីរបស់លោកកាលពីថ្ងៃចន្ទ (១៥ កក្កដា)។ ការលើកឡើងនេះស្របតាមជំនឿរបស់លោក Trump និងអ្នកប្រជាធិបតេយ្យជាច្រើន ដែលថាកំណើនឥទ្ធិពលរបស់ចិនជារោងចក្រដ៏ធំរបស់ពិភពលោក បានបំផ្លាញវិស័យផលិតកម្មរបស់អាមេរិក។លោក Switzer បានបញ្ជាក់ថា សមាជិកបក្សសាធារណរដ្ឋជាច្រើនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេពីអឺរ៉ុប ទៅលើអាស៊ីបន្តិចម្តងៗ ហើយមានបំណងសម្របសម្រួលកិច្ចប្រឹងប្រែងរបស់អ្នកដែលប្រឆាំងនឹងមហិច្ឆតារបស់ចិន ដើម្បីក្រោកឈរឡើងជាសមូហភាពតទល់នឹងទីក្រុងប៉េកាំង។ ចិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Vance ថា ខ្លួនតែងតែប្រឆាំងទៅនឹងអាមេរិក ដែលចាត់ទុកចិនជាបញ្ហានៅក្នុងការបោះឆ្នោតរបស់ខ្លួន៕

ព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ៖ លោក Trump នឹងបន្តគាំទ្រកោះតៃវ៉ាន់ ប្រសិនបើជាប់ឆ្នោត

2024/07/19 07:16:06 pm        360
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលធ្លាប់ជាបេក្ខភាពដៃគូរួមដំណែងរបស់លោក Donald Trump ក្នុងយុទ្ធនាការប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ថា លោករំពឹងថាសហរដ្ឋអាមេរិក នឹងបន្តគាំទ្រកោះតៃវ៉ាន់ ក្រោមការដឹកនាំរបស់លោក Trump ។លោក Trump បានចោទជាសំណួរអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកោះស្វ័យគ្រប់គ្រង ដែលចិនអះអាងសិទ្ធិមួយនេះ ជាមួយនឹងការលើកឡើងរបស់លោកនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៥ ខែមិថុនា ដែលបានចេញផ្សាយនៅសប្តាហ៍នេះ ដោយក្នុងនោះលោកបាននិយាយថា កោះតៃវ៉ាន់គួរតែបង់ប្រាក់ឱ្យសហរដ្ឋអាមេរិក សម្រាប់ការការពាររបស់ខ្លួន។ព្រឹទ្ធសមាជិករដ្ឋហ្វ្លរីដា (Florida) ដែលជាសំឡេងដ៏សំខាន់មួយលើគោលនយោបាយការបរទេសអាមេរិកក្នុងនាមជាសមាជិកនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា និងជាសមាជិកសភាជាន់ខ្ពស់បំផុតនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភារូបនេះបាននិយាយថា លោករំពឹងថាលោក Trump នឹងបន្តគាំទ្រកោះតៃវ៉ាន់ ប្រសិនបើលោកឈ្នះតំណែងសេតវិមានម្ដងទៀត។ទោះបីជាមានតែទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ ក៏សហរដ្ឋអាមេរិក ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់កោះនេះ ក្នុងការប្រឈមមុខនឹងសម្ពាធយោធាកើនឡើងជាច្រើនឆ្នាំពីចិន ដែលមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីក្រសោបយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ចាំបាច់សម្រាប់អ៊ីស្រាអែលដើម្បីរក្សាការគ្រប់គ្រងច្រកឆ្លងកាត់ទីក្រុង Rafah ជាមួយអេហ្ស៊ីប

2024/07/19 07:13:01 pm        77
នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ច្រកឆ្លងកាត់ទីក្រុង Rafah កាលពីថ្ងៃព្រហស្បតិ៍ ថា វាចាំបាច់ណាស់ដែលកងទ័ពបន្តគ្រប់គ្រងច្រកឆ្លងកាត់ព្រំដែនទីក្រុង Rafah ជាមួយប្រទេសអេហ្ស៊ីប និងច្រករបៀង ហ្វីឡាដែលហ្វីយ៉ា(Philadelphia) ។ក្នុងដំណើរទស្សនកិច្ចរបស់លោក លោកបានជួបជាមួយមន្ត្រីយោធាជាន់ខ្ពស់ និងបានទៅពិនិត្យមើលទីតាំងសង្កេតការណ៍ដែលមើលឃើញច្រករបៀង Philadelpphi ។លោក Netanyahu និយាយថា សម្ពាធយោធាលើក្រុមហាម៉ាស ដោយកងកម្លាំងអ៊ីស្រាអែល កំពុងជួយពន្លឿនកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ។នៅក្នុងទីក្រុង Rafah អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែលបានរុលចូលកាន់តែជ្រៅទៅភាគខាងលិចទីក្រុង ហើយបានចូលកាន់កាប់ទីតាំងនៅលើកំពូលភ្នំនៅទីនោះ។ យោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងបានកំណត់ទីតាំងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ជាច្រើនកន្លែង និងបានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់។

សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយមនុស្សធម៌ ២០៣លានដុល្លារបន្ថែមទៀត ដល់ប្រទេសស៊ូដង់

2024/07/19 07:09:56 pm        361
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយបន្ថែមចំនួន ២០៣ លានដុល្លារ ដើម្បីជួយជនស៊ីវិលរាប់លាននាក់ដែលរងផលប៉ះពាល់ដោយសង្គ្រាមនៅក្នុងប្រទេសស៊ូដង់។ លោកស្រី បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «នេះគឺជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក»។មូលនិធិនេះ មានគោលបំណងជួយជនស៊ីវិលនៅប្រទេសស៊ូដង់ និងអ្នកទាំងឡាយ ដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF)។ អង្គការសហប្រជាជាតិ និយាយថា មនុស្សជិត២៥លាននាក់ ជាចំនួនពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ត្រូវការជំនួយ ខណៈគ្រោះទុរភិក្សកំពុងកើតមាន ហើយមនុស្ស១០លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយមនុស្សជាង ២,២ លាននាក់ បានចាកចេញទៅកាន់ប្រទេសផ្សេងទៀត។លោកស្រី Thomas-Greenfield បាននិយាយថា «ទំហំនៃវិបត្តិនេះ គឺមានច្រើនលើសលប់។ យើងត្រូវតែបន្តការព្យាយាមដើម្បីជួយប្រជាជនស៊ូដង់។ «ប្រជាជនកំពុងទទួលទានអ្វីៗគ្រប់យ៉ាងដើម្បីរស់ ដោយពឹងផ្អែកលើស្លឹកឈើ សម្រាប់ជីវជាតិ»។ អង្គការឃ្លាំមើលពិភពលោក បាននិយាយកាលពីខែមុនថា នឹងកើតមានពិតប្រាកដនៃគ្រោះទុរភិក្សនៅក្នុងតំបន់ចំនួន១៤ នៅទូទាំងប្រទេសស៊ូដង់ ប្រសិនបើសង្គ្រាមកាន់តែរីកធំ។ សង្រ្គាម ដែលបង្កឡើងដោយផែនការដើម្បីធ្វើសមាហរណកម្មកងទ័ព និងកងកម្លាំងយោធាប៉ារ៉ា ក្នុងការផ្លាស់ប្តូរទៅរកការបោះឆ្នោតដោយសេរី បានបង្កើតឲ្យមានរលកនៃអំពើហឹង្សា ដែលត្រូវបានដាក់កំហុសយ៉ាងធំទៅលើកងកម្លាំងគាំទ្ររហ័ស(RSF) ។ ប៉ុន្តែកងកម្លាំងគាំទ្ររហ័ស (RSF) បានបដិសេធចំពោះការធ្វើបាបជនស៊ីវិល។

លោក Trump ទទួលយកការតែងតាំងពីគណបក្សសាធារណរដ្ឋជាផ្លូវការ ដោយអំពាវនាវឱ្យមានឯកភាព

2024/07/19 06:48:04 pm        452
លោក Donald Trump បានទទួលយកជាផ្លូវការនូវការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណៈរដ្ឋក្នុងអំឡុងពេលសុន្ទរកថាបិទសន្និបាតដែលគ្របដណ្តប់ដោយការប៉ុនប៉ងធ្វើឃាតលើរូបលោកកាលពីចុងសប្តាហ៍មុន។ អតីតប្រធានាធិបតីរូបនេះបាន និយាយនៅពេលចាប់ផ្តើមសុន្ទរកថារយៈពេល៤ថ្ងៃរបស់លោកថា "ភាពមិនចុះសម្រុងនិងការបែកបាក់នៅក្នុងសង្គមរបស់យើងគួរតែត្រូវបានព្យាបាល" ។ លោកបានបន្ថែមថា “ខ្ញុំកំពុងឈរឈ្មោះធ្វើជាប្រធានាធិបតីសម្រាប់អាមេរិកទាំងមូល មិនមែនពាក់កណ្តាលរបស់អាមេរិកទេ ព្រោះរាល់ជ័យជម្នះគឺសម្រាប់សហរដ្ឋអាមេរិកទាំងមូល។ លោក Trump ក៏បានពិភាក្សាអំពីគោលនយោបាយការបរទេសផងដែរ ដោយប្តេជ្ញាថានឹងបញ្ចប់រាល់វិបត្តិអន្តរជាតិដែលរដ្ឋបាលបច្ចុប្បន្នបានបង្កើតឡើង ។ លោកបានអះអាងថា ប្រសិនបើលោកជាប្រធានាធិបតី សង្រ្គាមនៅអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នឹងមិនកើតឡើងឡើយ ប៉ុន្តែលោកមិនបានលើកឡើងពីរបៀបដែលលោកនឹងបញ្ឈប់នោះទេ។ លោកបានអះអាងថា ខ្ញុំអាចបញ្ឈប់សង្គ្រាមបានដោយការហៅទូរស័ព្ទ៕

ចិន ជំទាស់ដាច់ខាតចំពោះការដាក់សំណើរបស់វៀតណាមទៅ UN ស្ដីពីតំបន់បាតសមុទ្រទឹករាក់ ក្នុងសមុទ្រចិនខាងត្បូង

2024/07/19 06:44:43 pm        459
ប្រទេសចិនបានតវ៉ាប្រឆាំងនឹងការទាមទារចុងក្រោយរបស់វៀតណាមចំពោះតំបន់ខ្ពង់រាបសមុទ្រទឹករាក់ លាតសន្ធឹងក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីសំណើស្រដៀងគ្នានេះធ្វើឡើងដោយហ្វីលីពីនកាលពីខែមុន។យោងតាមក្រសួងការបរទេសរបស់ប្រទេសវៀតណាម ប្រទេសនេះបានដាក់បណ្ដឹងកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់គណៈកម្មការនៃអង្គការសហប្រជាជាតិស្តីពីការកំណត់តំបន់បាតសមុទ្រទឹករ៉ាក់ ឬលំហរសមុទ្រទឹករាក់ (CLCS) ដើម្បីស្វែងរកសុពលភាពជាផ្លូវការនៃព្រំដែនខាងក្រៅនៃតំបន់បាត មុទ្រទឹករ៉ាក់ ស្របច្បាប់របស់ខ្លួនលើសពីដែនកំណត់ទំហំ៣៧០គីឡូម៉ែត្រ នៅតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។ប្រសិនបើការទាមទាររបស់ខ្លួនត្រូវបានទទួលស្គាល់ ទីក្រុងហាណូយនឹងទទួលបានសិទ្ធិផ្តាច់មុខក្នុងការធ្វើអាជីវកម្មធនធានធម្មជាតិនៅលើតំបន់ទឹករ៉ាក់នេះ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ការដាក់បណ្ដឹងរបស់វៀតណាមបានធ្វើឡើងបន្ទាប់ពីហ្វីលីពីនបានដាក់សំណើស្រដៀងគ្នានេះកាលពីខែមិថុនា ដើម្បីស្វែងរកការបញ្ជាក់អំពីវិសាលភាពនៃតំបន់បាតសមុទ្រទឹករាក់របស់ខ្លួននៅភាគខាងលិចនៃខេត្ត ផាឡាវ៉ាន់ (Palawan)របស់ហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូង។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លី ជាន (Lin Jian) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការទាមទារជាឯកតោភាគី របស់វៀតណាមរួមមានតំបន់ដែនសមុទ្រ ដែលគ្របដណ្តប់ផ្នែកខ្លះនៃប្រជុំកោះស្ព្រាតលី (Spratly) រំលោភលើអធិបតេយ្យភាពដែនដី និងសិទ្ធិដែនសមុទ្រ របស់ចិន៕

សហជីព-កម្មករជូនពរថ្នាក់ដឹកនាំ និងអ្នកបំពេញ​ការងារ​គម្រោងព្រែក​ជីកហ្វូនណនតេជោ​ឱ្យដំណើរការល្អប្រសើរ

2024/07/19 06:27:57 pm        366
ខណៈនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹង​បើក​ការដ្ឋាន​ដើម្បី​សាងសង់ សហជីព កម្មករ និងកម្មការនីរោងចក្រកាត់ដេរ បានបង្ហាញទឹកមុខសប្បាយរីករាយ និង​សម្តែងការការអបអរសាទរ ជូនពរចំពោះថ្នាក់ដឹកនាំ ក៏ដូចជា​ក្រុម​ការងារ​ដែល​ត្រូវ​បំពេញ​បេសកម្ម​នេះ​ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យគ្រប់ភារកិច្ច។ជួបសម្ភាសន៍រវាងព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះលោក ផាត់ ហ៊ុន សហជីព​កម្ម​ករ​កម្ពុជា​ (CLUF) បាននិយាយថាដោយសារថ្ងៃប្រកាស​បើកការដ្ឋាន​ផ្លូវការ​ព្រែកជីក​ហ្វូណនតេជោ​ចំថ្ងៃ​កម្ម​ករនិយោជិតធ្វើការងារ ដោយខក​ខានមិនបានចូលរួមអបអរសាទរដោយផ្ទាល់ តាមរយៈ​ការ​ជួបជុំ​ធ្វើពិធីទូងស្គរ និងវាយជួងជាដើម ប៉ុន្តែរូបលោកក៏ដូចជាកម្មករ កម្មការិនី​ជា​ច្រើន​នាក់​ផ្សេងទៀ​ត​ពិតជាសប្បាយចិត្តនិងគាំទ្រ ១០០% ព្រោះបានបង្ហាញពីចលនាជាតិ និង​ការ​សាមគ្គី​ភាព​​របស់​ជនរួមជាតិទាំងមូលទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តដ៏សំខាន់នេះ។ទាក់ទិនគម្រោងព្រែកជីកនេះដែរ កម្មករ កម្មការនីរោងចក្រផលិតស្បែកជើង ស្ថិត​នៅស​ង្កាត់​កាកាប​២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​អនុវត្ត​គម្រោង​ព្រែកជីកហ្វូណនតេជោ ហើយរំពឹងទៀតថា ក្រោមការដឹកនាំរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោមគោលនិយោបាយរបស់គណបក្សប្រជាជន នឹងដឹកនាំ​ប្រទេស​រីកចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​ជាពិសេសទាក់ទាញអ្នកវិនិយោគកាន់​តែច្រើន​ឲ្យ​មក​បណ្តាក់​ទុន​បើក​រោង​ចក្រថែម​ទៀត ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋគ្រប់ទិសទី និងមានប្រាក់ចំណូលទៀងទាត់។ដើម្បីជាការអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំដល់សាធារណជន ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមឲ្យបានកុះករ និងអធិកអធម តាមរយៈ​ការទូងស្គរ វាយគង ជួង រគាំង ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅ​វេលា​ម៉ោង ៩:០៩នាទីព្រឹក៕ អត្ថបទ ឈិត បូរ៉ាវី 

ផ្លូវក្រវាត់ក្រុងទី៣ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព​ដែកថែបកម្ពុជា-ចិន

2024/07/19 06:07:28 pm        467
នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា និងតំណាងរដ្ឋាភិបាលចិន បានរៀបចំពិធីសម្ពោធ​បង្គោលផ្លាក​ផ្លូវ​ក្រវាត់ក្រុងទី៣ ដោយ​ប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនង​មិត្តភាព​ដែក​ថែបកម្ពុជា-ចិន។នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន​អញ្ជើញ​ក្នុង​ពិធីសម្ពោធបង្គោលផ្លាកផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ស្ថិតនៅចំណុចរង្វង់មូលមហាវិថីឈ្នះ ឈ្នះ ខាងត្បូងស្ពានអាកាសផ្លូវជាតិលេខ៤ ក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវ​ក្រវាត់​ក្រុងទី៣ ត្រូវ​បាន​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន​ភាព​ជា​ប្រធាន​ព្រឹទ្ធសភា និងអតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ទៀតថា ផ្លូវ​ក្រវាត់​ក្រុង​ទី៣​ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើពិធីប្រកាសពីប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីង» កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅ នៅវិមានសន្តិភាព។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៣ ប្រសិទ្ធនាមឈ្មោះថា មហាវិថី ស៊ី ជីនពីង ដើម្បីបង្ហាញការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌ និងដឹង​គុណពី​រាជ​រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះមិត្តចិនដែលបានផ្ដល់ហិរញ្ញប្បទានសម្បទាន និង​ជំនួយ​ផ្សេង​ៗដល់កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ​ដែល​ដាក់​ចេញ​ដោយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ជាការពិតណាស់ ការប្រសិទ្ធនាមមហាវិថី ស៊ី ជីនពីង​នេះ ស្របពេលខួប៦៦ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន បន្ទាប់ពីកម្ពុជា-ចិន​បាន​ចាប់​ផ្ដើម​ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥៨ ហើយទំនាក់ទំនង​នេះ​បន្ត​មាន​ភាពល្អ​ប្រសើ​រ​ឡើង​រហូត​ក្លាយ​ជាទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេល​ប្រមុខ​រដ្ឋាភិបាលប្រទេសទាំងពីរកំណត់យកឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដើម្បី​លើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ។សូមជម្រាបថា មហាវិថី ស៊ី ជីនពីង ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ​​រាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ និងចំណាយ​ថវិ​កា​សាងសង់ប្រមាណ ២៧៣លានដុល្លារអាមេរិក។ មហាវិថី ស៊ី ជិនពីន នេះជាការតភ្ជាប់ផ្ទៃក្នុង និង​សមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់​មហា​អនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់​អភិវឌ្ឍ​ថែម​ទៀតផង​៕ អត្ថបទ សេក ឧត្តម

គណបក្សប្រជាធិបតេយ្យបានពន្យារពេលការបោះឆ្នោត លើការប្រកាសជាផ្លូវការ នៃបេក្ខភាពរបស់លោក Biden

2024/07/19 05:32:19 pm        442
សារព័ត៌មាន The New York Times រាយការណ៍ថា គណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកបានពន្យារពេលការបោះឆ្នោត ដែលត្រូវគេរំពឹងថានឹងតែងតាំងលោកប្រធានាធិបតី Joe Biden ជាផ្លូវការជាបេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា លោក ឆាក់ស៊ូម៊ (Chuck Schumer) បានជំរុញឱ្យមេដឹកនាំគណបក្ស ពន្យារពេលការចាប់ផ្តើមនៃការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតី ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ជាពិសេស ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន The New York Times លោក ស៊ូម៊ បានយល់ព្រមជាមួយមេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក ហាគីម ជើហ្វ្រីស (Hakeem Jeffries) ដើម្បីជំរុញឱ្យគណបក្សនេះពន្យារពេលការតែងតាំងជាផ្លូវការ។អ្នកចូលរួមការសន្ទនារបស់អ្នកសារព័ត៌មានបានរកឃើញថា លោក ទីម វ៉លស៍ (Tim Walz) សហប្រធានគណៈកម្មាធិការច្បាប់របស់គណបក្ស ដែលកំណត់ថានៅពេលណា និងរបៀបដែលបេក្ខជននឹងត្រូវបានតែងតាំងនោះ បានជូនដំណឹងដល់ក្រុមអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោក Biden លោក ជែន អូម៉ាឡេ ឌីឡិន (Jen O'Malley Dillon) ថាការបោះឆ្នោតចាំបាច់ត្រូវពន្យារពេល។ គេបានមើលឃើញថា ឱកាសរបស់លោកប្រធានាធិបតី Joe Biden ក្នុងជ័យជម្នះការបោះឆ្នោតប្រធានាធិបតី ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំនេះ បានធ្លាក់ចុះ បន្ទាប់ពីការបរាជ័យក្នុងការជជែកដេញដោលជាមួយលោក Donald Trump៕

សារព័ត៌មាន KCNA ៖ មេដឹកនាកូរ៉េខាងជើង ពិភាក្សាផ្នែកយោធាជាមួយអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី

2024/07/19 05:16:25 pm        371
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ពិភាក្សាអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយោធាជាមួយអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ស្របពេលទីក្រុងព្យុងយ៉ាងមានទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធិជាមួយទីក្រុងមូស្គូ។យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) លោក Kim បានជួបគណៈប្រតិភូយោធារុស្ស៊ី ដែលដឹកនាំដោយលោក អាឡេកស៊ី គ្រីវ៉ូរ៉ាច់កូ (Aleksey Krivoruchko) ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ បានក្លាយជាមន្ត្រីយោធារុស្ស៊ីដំបូងគេ ដែលទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ចាប់តាំងពីជំនួបរវាងមេដឹកនាំ Kim-Jong Un និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅទីក្រុងព្យុងយ៉ាងកាលពីខែមុន។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងខាងលើ បាននិយាយថា កិច្ចពិភាក្សានេះបានចែករំលែកការទទួលស្គាល់ពីសារៈសំខាន់ និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដើម្បីការពារផលប្រយោជន៍សន្តិសុខទៅវិញទៅមក។ គួររម្លឹកផងដែរថា ក្នុងជំនួបមេដឹកនាំកំពូលនៃប្រទេសទាំង២កាលពីខែមុននោះ ប្រមុខរដ្ឋទាំង២ បានចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារពីប្រទេសណាមួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM