គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសអាមេនី និងសហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា

2024/07/16 06:20:58 pm        118
ក្រសួងការពារជាតិរបស់ប្រទេសអាមេនី បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដា ថា អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសអាមេនី ដែលត្រូវបានគេរំពឹងថានឹងមានរយៈពេលរហូតដល់ថ្ងៃទី២៤ ខែកក្កដា។ក្រសួង បាននិយាយថា សមយុទ្ធ Eagle Partner 2024 នឹងផ្តោតសំខាន់លើកិច្ចការដែលទាក់ទងទៅនឹងបេសកកម្មរក្សាសន្តិភាព ហើយសមយុទ្ធបែបនេះជាមួយប្រទេសដៃគូ គឺធ្វើឡើងជាទៀងទាត់។ប្រទេសអាមេនី បានមើលឃើញទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ មានភាពសោះអង្គើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លើអ្វីដែលទីក្រុង Yerevan ចាត់ទុកថាជាការបរាជ័យរបស់រុស្ស៊ី ក្នុងការការពារខ្លួន ពីប្រទេសជិតខាងអាស៊ែរបៃហ្សង់ ។អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បាននិយាយថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធយោធាណាតូ ប្រទេសអាមេនី ប្រឈមហានិភ័យទៅនឹងអស្ថិរភាពដល់តំបន់ South Caucasus និងកំពុងធ្វើឱ្យអន្តរាយដល់សន្តិសុខរបស់ខ្លួន។លោក Galuzin បាននិយាយថាទីក្រុងមូស្គូ មិនសប្បាយចិត្តជាមួយនឹងការពិតដែលថាទីក្រុង Yerevan ប្រទេសអាមេនី បានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោក Biden និយាយថា ការប្រាប់ឲ្យក្រុមអ្នកគាំទ្រតាមដានរាល់សកម្មភាពរបស់លោក Trump គឺជាកំហុស

2024/07/16 05:31:07 pm        143
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ ១៥ ខែកក្កដា លោកបានធ្វើកំហុសមួយនៅពេលដែលលោកបានប្រាប់ក្រុមអ្នកគាំទ្រឱ្យចាប់អារម្មណ៍លើអាកប្បកិរិយាគូប្រជែងរបស់លោកគឺលោក Donald Trump ប៉ុន្តែលោកបាននិយាយថាលោក Trump តែងតែប្រើវោហាសាស្ត្រដែលនាំឲ្យមានការខឹងសម្បារ។លោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយលោក ឡេស្ទើ ហូលធ៍ (Lester Holt) របស់សារព័ត៌មាន NBC ថា នេះជាកំហុសក្នុងការប្រើពាក្យសម្ដី ។ ខ្ញុំចង់ផ្តោតលើអ្វីដែលលោកTrump កំពុងធ្វើ។កាលពីថ្ងៃទី ៨ខែកក្កដា លោក Biden វ័យ៨១ ឆ្នាំ បាននិយាយទៅកាន់ម្ចាស់ជំនួយដ៏ធំបំផុតរបស់លោកថា ពួកគេចាំបាច់ត្រូវផ្លាស់ប្តូរការផ្តោតអារម្មណ៍នៃយុទ្ធនាការបោះឆ្នោតពីរូបលោក និងការជជែកដេញដោលមិនល្អរបស់លោក បែទៅអតីតប្រធានាធិបតី Trump ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។ លោកបាននិយាយថា ខ្ញុំមានការងារមួយ ហើយនោះគឺដើម្បីផ្តួល លោក Donald Trump យើងកំពុងនិយាយអំពីការជជែកដេញដោល។ ដល់ពេលហើយដើម្បីដាក់លោក Trump ឲ្យស្ថិតក្រោមការតាមដានសកម្មភាព។ សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនមិនពេញចិត្តនឹងការអត្ថាធិប្បាយនោះ ខណៈពួកគេបានស្តីបន្ទោសលោក Biden សម្រាប់ការបង្កើតបរិយាកាសដែលបង្កឱ្យមានការប៉ុនប៉ងធ្វើឃាតលើលោក Trump នៅឯការជួបជុំមួយក្នុងរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃសៅរ៍។ លោក Biden បានថ្កោលទោសអំពើហិង្សានយោបាយម្តងហើយម្តងទៀត៕

FBI កំពុងពិនិត្យទូរស័ព្ទខ្មាន់កាំភ្លើង ខណៈមូលហេតុពីក្រោយការបាញ់ប្រហារលោក Trump នៅតែមិនច្បាស់

2024/07/16 05:19:36 pm        236
អង្គភាព FBI បាននិយាយកាលពីថ្ងៃចន្ទ (១៥ កក្កដា) ថា ខ្លួនកំពុងពិនិត្យទូរស័ព្ទរបស់ខ្មាន់កាំភ្លើងឈ្មោះ ថូម៉ាស ម៉ាត់ស៊ូ ឃ្រុកស៍ (Thomas Matthew Crooks) ដែលជាជនសង្ស័យក្នុងការបាញ់ប្រហារលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ខណៈខ្លួនបន្តស៊ើបអង្កេតពីហេតុផលពីក្រោយឧក្រិដ្ឋកម្មនេះ។FBI បានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតរបស់ខ្លួនលើការបាញ់ប្រហារកាលពីថ្ងៃសៅរ៍ ដែលត្រូវបានចាត់ទុកជាការប៉ុនប៉ងធ្វើឃាត និងលទ្ធភាពនៃអំពើភេរវកម្មក្នុងស្រុកនោះ នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ FBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកឯកទេសផ្នែកបច្ចេកទេសរបស់ FBI បានទទួលជោគជ័យក្នុងការចូលឆែកទូរស័ព្ទរបស់ Thomas Matthew Crooks ហើយពួកគេបន្តវិភាគឧបករណ៍អេឡិចត្រូនិចរបស់ជនសង្ស័យរូបនេះ»។ការិយាល័យបានបន្ថែមថា ខ្លួនបានធ្វើការសម្ភាសន៍ជិត ១០០ករណីជាមួយបុគ្គលិកអនុវត្តច្បាប់ អ្នកចូលរួមក្នុងព្រឹត្តិការណ៍ និងសាក្សីផ្សេងទៀត។ នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ ក្រុមមន្ត្រី FBI បាននិយាយថា ពួកគេមិនទាន់អាចបញ្ជាក់ពីមនោគមវិជ្ជា ឬស្វែងរកភស្តុតាងនៃហេតុផលសម្រាប់ការបាញ់ប្រហារនេះទេ។កាំភ្លើងវែងប្រភេទ AR-style 556 ប្រើដោយអ្នកបាញ់ប្រហារនោះ ត្រូវបានទិញដោយស្របច្បាប់ដោយឪពុករបស់គេ ហើយក្រុមមន្ត្រីនិយាយថា មិនមានការចង្អុលបង្ហាញណាមួយដែលថាជនសង្ស័យនេះមានបញ្ហាសុខភាពផ្លូវចិត្តឡើយ។ ពួកគេបន្ថែមថា ការពិនិត្យបឋមលើការហៅទូរសព្ទ និងការផ្ញើសារថ្មីៗដោយអ្នកបាញ់ប្រហារក៏មិនបានបំភ្លឺពីមូលហេតុជំរុញ ឬថាតើមានអ្នកផ្សេងទៀតអាចដឹងជាមុនអំពីផែនការរបស់គេ ឬអត់នោះទេ៕

លោកTrump បង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងសន្និបាតគណបក្សសាធារណរដ្ឋដោយ ត្រចៀករុំបង់

2024/07/16 05:12:57 pm        196
បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងដោយត្រចៀករុំបង់ នៅឯសន្និបាតរបស់គណបក្ស ក្នុងទីក្រុងមីលវ៉ូគី(Milwaukee) រដ្ឋវីសខុនស៊ីន (Wisconsin) កាលពីថ្ងៃចន្ទ ខែកក្កដា១៥ ចាប់តាំងពីការប៉ុនប៉ងធ្វើឃាតកាលពីចុងសប្តាហ៍មុន។ ត្រចៀកខាងស្តាំរបស់លោក Trump ត្រូវបានដាច់រហែកដោយសារគ្រាប់កាំភ្លើង ក្នុងការបាញ់ប្រហារមួយ អំឡុងការជួបជុំក្រុមអ្នកគាំទ្រនៅរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃសៅរ៍ ១៣ កក្កដា ។ក្នុងឧបទ្ទវហេតុនោះអ្នកគាំទ្រម្នាក់ បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួស។អតីតប្រធានាធិបតីរូបនេះបានបង្ហាញខ្លួនដោយទទួលបានការអបអរសាទរពីហ្វូងមនុស្ស ខណៈលោកឈរជាមួយក្រុមគ្រួសាររបស់លោកមួយចំនួន និងអនុប្រធានាធិបតីដែលទើបជ្រើសតាំង សម្រាប់មិត្តរួមតំណែង របស់លោក។សន្និបាតរយៈពេលបួនថ្ងៃបានបើកប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump ទទួលបានជ័យជំនះផ្នែកច្បាប់ដ៏សំខាន់មួយ នៅពេលចៅក្រមសហព័ន្ធបានច្រានចោលការកាត់ទោសព្រហ្មទណ្ឌលើរូបលោក។ លោកTrump គ្រោងនឹងទទួលយកជាផ្លូវការនូវការតែងតាំងរបស់គណបក្សនៅក្នុងសុន្ទរកដំបូង នៅថ្ងៃព្រហស្បតិ៍ ១៨ ខែកក្កដា ហើយនឹងតតាំងជាមួយលោកប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ Joe Biden ក្នុងការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ ៕

សម្តេចធិបតី៖ ទោះកាលៈទេសៈណាក៏ដោយមិនអនុញ្ញាត ឲ្យមានការកាប់សម្លាប់ដូចសម័យខ្មែរក្រហមវិលត្រឡប់មកវិញឡើយ

2024/07/16 04:41:38 pm        188
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ទោះកាលៈទេសៈណា ក៏ដោយរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការកាប់សម្លាប់រង្គាលពលរដ្ឋខ្លួន ដូចកាលសម័យរបបកម្ពុជា ប្រជាធិបតេយ្យ(របបខ្មែរក្រហម)នោះឡើយ ហើយមួយវិញទៀត សម្តេចធិបតី ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា«សន្តិភាព» នៅតែមានតម្លៃជានិច្ចសម្រាប់កម្ពុជា និងពិភពលោក។ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែចាត់ទុកសន្តិភាពជាកត្តាសំខាន់បំផុត ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សា នូវសុខសន្តិភាពនេះឲ្យខាងតែបាន ដោយមិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យអំពើហិង្សាណាមួយ ដូចសម័យ ប៉ុល ពត កើតឡើងនៅស្រុកខ្មែរយើងមកវិញម្តងទៀតនោះទេ។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរ និងបានចាត់ទុកថា អ.វ.ត.ក ជាស្ថាប័នឯករាជ្យមួយ ដោយបានយកអតីតប្រមុខរដ្ឋខ្មែរ (អតីតមេដឹកនាំរបបខ្មែរក្រហម) មកធ្វើការជំនុំជម្រះ និងលាតត្រដាងឲ្យពិភពលោកបានដឹងទទួលយកការសម្រេចក្តី និង​ធ្វើឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមអស់ចិត្ត ​និងទទួលបានយុត្តិធម៌ផងដែរ៕អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់សមិទ្ធផល អ.វ.ត.ក.

2024/07/16 04:31:26 pm        139
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងអរគុណដល់ អ.វ.ត.ក. ដែលបានលើកកម្ពស់ការផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ដ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលកម្ពុជាបានឆ្លងកាត់ដែលការផ្សព្វផ្សាយនេះ បានចូលរួមទប់ស្កាត់កុំឱ្យរបបដ៏យង់ខ្នងនេះ កើតឡើងវិញម្ដងទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. នេះ មិនត្រឹមតែសម្រេចបានទៅតាមគោលដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតនូវលក្ខណៈដោយឡែក (Uniqueness) យ៉ាងហោចចំនួន៥ បើប្រៀបធៀបទៅនឹងតុលាការអន្តរជាតិផ្សេងៗទៀត ពោលគឺ៖ បានកាត់សេចក្តី និងផ្តន្ទាទោសអស់មួយជីវិតទៅលើអតីតប្រមុខរដ្ឋចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ចាប់តាំងពីការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការបង្ការអំពើប្រល័យ ពូជសាសន៍នៅឆ្នាំ១៩៤៨មក។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ.វ.ត.ក ជាស្ថាប័នឯករាជ្យមួយ ដោយបានយកអតីតប្រមុខរដ្ឋខ្មែរមកធ្វើការជំនុំជម្រះ និងលាតត្រដាងឲ្យពិភពលោកបានដឹងទទួលយកការសម្រេចក្តី និងធ្វើឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមអស់ចិត្ត និងទទួលបានយុត្តិធម៌។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ.វ.ត.ក. ក៏បានបង្កើតជាតុលាការគំរូអន្តរជាតិមួយផងដែរ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាព នៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាពជូនជាតិមាតុភូមិ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះ ក្នុងកិច្ចការពារសន្តិភាព និងនាំឲ្យកម្ពុជាមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការជំរុញផ្សព្វផ្សាយឯកសារប្រវត្តិសាស្រ្ដនៃរបបប្រល័យពូជសាសន៍ របស់ អ.វ.ត.ក. ក្រោយពីបានបញ្ចប់ប្រកបដោយជោគជ័យ កាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់រយៈពេល១៦ឆ្នាំ ជាមួយនឹងការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្នុងនោះបានរក្សាទុកនូវ បណ្ណសារតុលាការ មានចំនួនសរុប ២៣៣,៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង)។-សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ទោះកាលៈទេសៈណា ក៏ដោយរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការកាប់សម្លាប់រង្គាលពលរដ្ឋខ្លួន ដូចកាលសម័យរបបកម្ពុជា ប្រជាធិបតេយ្យ (របបខ្មែរក្រហម) នោះឡើយ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ពលខ្មែរគ្រប់រូប ត្រូវទប់ស្កាត់ នូវអំពើបែបនេះ ឲ្យខាងតែបានផងដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា ការថែរក្សាទុកនូវឯកសារពាក់ព័ន្ធប្រវត្តិសាស្រ្ត ជាកិច្ចការចាំបាច់បំផុត ដោយមិនត្រូវចាក់សោបិទទុកនោះឡើយ បើទោះបីជាទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងិតរបស់ខ្មែរក្រហមត្រូវបានបិទ បញ្ចប់ក៏ដោយនោះ។

ចៅក្រមសហរដ្ឋអាមេរិក ច្រានចោលសំណុំរឿងឯកសារសម្ងាត់របស់លោក Trump

2024/07/16 03:41:49 pm        179
ចៅក្រមអាមេរិក កាលពីថ្ងៃចន្ទ (១៥ កក្កដា) បានច្រានចោលសំណុំរឿងព្រហ្មទណ្ឌដែលចោទប្រកាន់លោក ដូណាល់ ត្រាំ (Donald Trump) ពីបទកាន់កាប់ឯកសារសម្ងាត់ដោយខុសច្បាប់ ដែលធ្វើឱ្យអតីតប្រធានាធិបតីរូបនេះទទួលបានជ័យជំនះផ្នែកច្បាប់ដ៏សំខាន់មួយទៀត ខណៈគណបក្សសាធារណរដ្ឋស្វះស្វែងវិលត្រឡប់ទៅកាន់តំណែងសេតវិមានវិញ។នៅក្នុងសេចក្តីសម្រេច៩៣ទំព័រ ចៅក្រមរដ្ឋហ្វ្លរីដា (Florida) លោកស្រី អៃលីន ខេនណុន (Aileen Cannon) ដែលត្រូវបានតែងតាំងដោយលោក Trump បានសម្រេចថា រដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) ដែលកំពុងដឹកនាំការកាត់ទោស ត្រូវបានតែងតាំងដោយខុសច្បាប់សម្រាប់តួនាទីរបស់លោក ហើយមិនមានសិទ្ធិអំណាចក្នុងការដាក់សំណុំរឿងនេះទេ។លោកស្រីមិនបានសម្រេចថាតើការចោទប្រកាន់លើលោក Trump ថាការចាត់ចែងឯកសារសម្ងាត់មិនបានល្អ ជារឿងត្រឹមត្រូវ ឬយ៉ាងណានោះទេ។ សេចក្តីសម្រេចនេះបានបង្ហាញពីជ័យជំនះផ្លូវច្បាប់មួយទៀតសម្រាប់លោក Trump បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃទី០១ ខែកក្កដា ដែលថាក្នុងនាមជាអតីតប្រធានាធិបតី លោកមានអភ័យឯកសិទ្ធិរារាំងពីការកាត់ទោសចំពោះសកម្មភាពជាច្រើនរបស់លោកក្នុងពេលកាន់តំណែង។ទោះបីជាការកាត់ក្តីមិនទំនងជាកើតឡើងមុនការបោះឆ្នោតក៏ដោយ ក្រុមអ្នកជំនាញផ្នែកច្បាប់ជាច្រើនបានចាត់ទុកបណ្ដឹងឯកសារសម្ងាត់នេះថាជាសំណុំរឿងដ៏រឹងមាំបំផុតមួយក្នុងចំណោមករណីទាំងបួនប្រឆាំងនឹងអតីតប្រធានាធិបតីរូបនេះ៕

លោក Zelensky និយាយថា រុស្ស៊ីគួរតែចូលរួមកិច្ចប្រជុំកំពូលអ៊ុយក្រែនលើកទីពីរ

2024/07/16 03:31:00 pm        151
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគួរតែត្រូវបានតំណាងនៅក្នុងកិច្ចប្រជុំកំពូលលើកទីពីរនៅខែវិច្ឆិកាឆ្នាំនេះ ក្នុងគោលបំណងធានាសន្តិភាពយូរអង្វែងជាមួយវិមានក្រឹមឡាំង បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាងពីរឆ្នាំ។ភាគីទាំងពីរបានបដិសេធការចរចាសន្តិភាពដោយផ្ទាល់ចាប់តាំងពីការចរចាររវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឡើងប៉ុន្មានសប្ដាហ៍នៃការចាប់ផ្ដើមឈ្លានពានរបស់រុស្ស៊ីកាលពីក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ប៉ុន្តែក្រុមមេដឹកនាំពិភពលោករាប់សិបរូប បានសម្តែងការគាំទ្រចំពោះដំណោះស្រាយដ៏ត្រឹមត្រូវមួយចំពោះការប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកំពូលកម្រិតខ្ពស់ដែលបានកោះប្រជុំដោយលោក Zelensky កាលពីខែមុននៅប្រទេសស្វីស។ ប្រទេសរុស្ស៊ី មិនត្រូវបានអញ្ជើញទេ។ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Kyiv ក្រោយដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំកំពូលសម្ព័ន្ធភាពការពារជាតិរបស់អង្គការណាតូ លោក Zelensky បានបើកទ្វារឱ្យមានការចរចាដោយផ្ទាល់ជាមួយក្រុមមន្ត្រីមកពីទីក្រុងមូស្គូ។លោក Zelensky បាននិយាយដោយពិពណ៌នាអំពីការត្រៀមខ្លួនសម្រាប់ការតាមដានការប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនថា ខ្ញុំជឿថាអ្នកតំណាងរុស្ស៊ីគួរតែចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទីពីរ។លោកបានប្រកាសកិច្ចប្រជុំដាច់ដោយឡែកពីគ្នាលើបញ្ហាសំខាន់ៗ រួមទាំងថាមពល ដែលនឹងត្រូវធ្វើឡើងនៅប្រទេសកាតា និងស្តីពីសន្តិសុខស្បៀងនៅក្នុងប្រទេសទួរគី មុនជំនួបកំពូលលើកទីពីរ។លោកក៏បាននិយាយផងដែរថានឹងមានកិច្ចប្រជុំដាច់ដោយឡែកមួយស្តីពីការដោះដូរអ្នកទោសនិងបញ្ហាមនុស្សធម៌នៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសកាណាដា។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូ នឹងមិនចូលរួមកិច្ចប្រជុំកំពូលបន្ទាប់ទេ ទោះវិមានក្រឹមឡាំងពុំសូវបង្ហាញភាពដាច់អហង្ការក៏ដោយ និងបាននិយាយថាពុំមាន ខ្លឹមសារច្បាស់លាស់ ទាក់ទងនឹងគំនិតនៃកិច្ចប្រជុំកំពូលលើកទី២៕

[UPDATE] សេវាសម្ងាត់យល់ព្រមលើការស៊ើបអង្កេតឯករាជ្យ ក្នុងករណីប៉ុនប៉ងធ្វើឃាតលោក Trump

2024/07/16 03:25:31 pm        170
ដោយកំពុងប្រឈមការរិះគន់កាន់តែខ្លាំងជុំវិញការបរាជ័យផ្នែកសន្តិសុខដ៏ធំមួយ សេវាសម្ងាត់អាមេរិកកាលពីថ្ងៃចន្ទ ទី ១៥ ខែកក្កដា បានប្តេជ្ញាថា នឹងសហការជាមួយការពិនិត្យឡើងវិញដោយឯករាជ្យមួយ បន្ទាប់ពីអ្នកក្មាន់កាំភ្លើង បើកការបាញ់ប្រហារលើលោក Donald Trump ។អតីតប្រធានាធិបតីវ័យ ៧៨ ឆ្នាំរូបនេះបានរងរបួសត្រចៀកខាងស្ដាំ ប៉ុន្តែបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតនៅឯការជួបជុំយុទ្ធនាការមួយក្នុងរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ជាការវាយប្រហារដ៏សាហាវដែលបានធ្វើឱ្យប្រទេសមួយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមុនការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ។ លោកស្រី គីមប៊ើលី ជីថល (Kimberly Cheatle) នាយកទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាសម្ងាត់កំពុងធ្វើការជាមួយភ្នាក់ងារសហព័ន្ធ រដ្ឋ និងមូលដ្ឋានដែលពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងយល់ពីអ្វីដែលបានកើតឡើង របៀបដែលការបាញ់ប្រហារនេះបានកើតឡើង និងរបៀបដែលយើងអាចទប់ស្កាត់ឧបទ្ទវហេតុបែបនេះ កុំឱ្យកើតឡើងទៀត ។លោកស្រី ជីថល បានបន្ថែមថា យើងយល់ពីសារៈសំខាន់នៃការត្រួតពិនិត្យឡើងវិញដោយឯករាជ្យដែលបានប្រកាសដោយលោកប្រធានាធិបតី Joe Biden កាលពីមួយថ្ងៃមុន ហើយនឹងចូលរួមយ៉ាងពេញលេញ ។ លោក Biden បានបញ្ជាឱ្យមានការត្រួតពិនិត្យឡើងវិញឲ្យបានពេញលេញអំពីសន្តិសុខនៅឯការជួបជុំនេះ ក៏ដូចជានៅក្នុងសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅសប្តាហ៍នេះ ក្នុងទីក្រុង មីលវ៉ូគី (Milwaukee) នៃរដ្ឋ វីសខុនស៊ីន (Wisconsin) ដែលលោក Trump បានក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សនេះជាផ្លូវការ៕

ប្រទេសខ្លះក្នុងតំបន់ ថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន នៅហ្កាហ្សា

2024/07/15 09:42:18 pm        174
ប្រទេសអ៊ីរ៉ាក់ ហ្ស៊កដានី និងអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានថ្កោលទោសចំពោះការកំណត់គោលដៅរបស់ជន ស៊ីវិលដែលភៀសខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩០នាក់ ដែលពាក់កណ្តាលនៃពួកគេ ជាស្ត្រី និងកុមារ នៅក្នុងជម្រកជនភៀសខ្លួន នៅក្នុងទីក្រុងខាន់ យូនីស ភាគខាងត្បូងនៃតំបន់ហ្កាហ្សា។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ លោក បាស៊ីម អាល់អាវ៉ាឌី ( Basim al-Awadi) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីសង្គ្រាម ៩ខែ នៅលើតំបន់ហ្កាហ្សាថា៖«ការសម្លាប់រង្គាលនៃការឈ្លានពានដ៏ឃោរឃៅ នៅតែបន្ត ជាមួយនឹងអំពើឃោរឃៅចុងក្រោយបំផុត បានឆក់យកជីវិតកុមារ និងស្ត្រីស្លូតត្រង់រាប់សិបនាក់»។សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា៖«យើងបន្តការអំពាវនាវរបស់យើងសម្រាប់សហគមន៍អន្តរជាតិ និងមហាអំណាចធំៗឲ្យទទួលខុសត្រូវរបស់ពួកគេ ទាក់ទងនឹងការបន្តការឈ្លានពានដោយគ្មានខ្លាចញញើតរបស់អង្គភាពនេះ (អ៊ីស្រាអែល) ដែលចាត់ទុកខ្លួនឯងថា នៅពីលើច្បាប់អន្តរជាតិ និងយុត្តិធម៌»។លោក អាល់អាវ៉ាឌី ក៏បាននិយាយផងដែរថា ចាំបាច់ត្រូវមានសកម្មភាពជាបន្ទាន់ ដើម្បីជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីនពី «ការស្រេកឃ្លាន ការសម្លាប់ជាប្រព័ន្ធ និងការព្យាយាមបង្ខំពួកគេឲ្យចេញពីទឹកដីរបស់ខ្លួន ក៏ដូចជាការផ្តល់ជំនួយចាំបាច់ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងអាហារ ដើម្បីបំពេញតម្រូវការមនុស្សធម៌របស់ពួកគេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM