ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ
ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ
ឆ្នាំ២០២៥ ការវិនិយោគបរទេសផ្ទាល់នៅកម្ពុជា មានទុនសរុបប្រមាណជិត ៥ ១០០ លានដុល្លារ
ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ៖ តម្រូវការផ្គត់ផ្គង់ជ្រូករស់ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម​នឹង​ហក់​​ឡើង​​ដល់ ១,២ម៉ឺនក្បាលក្នុងមួយថ្ងៃ

សេដ្ឋកិច្ច និង កសិកម្ម

សប្ដាហ៍ទី៣ខែកុម្ភៈកម្ពុជាទទួលបានទេសចរជាង ៣៦ ម៉ឺននាក់ ភ្ញៀវបរទេសផ្ទៃក្នុងជិត ៥ ម៉ឺននាក់

2023/02/22 11:09:06 am        451
ព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Nautica សញ្ជាតិ MARSHALL ISLAND ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១ ពាន់នាក់ ចេញដំណើរមកពីប្រទេសថៃបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២២ ខែកុម្ភៈដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ខណៈក្នុងសប្ដាហ៍ទី៣ នៃខែកុម្ភៈនេះកម្ពុជាទទួលបានទេសចរជាង ៣៦ ម៉ឺននាក់ ភ្ញៀវបរទេសផ្ទៃក្នុងជិត ៥ ម៉ឺននាក់។បើតាមរបាយការណ៍ក្រសួងទេសចរណ៍ សប្ដាហ៍ទី៣ខែកុម្ភៈ ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប ៣៦០,១៣៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៣១៣,៦៨២ នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៤៦,៤៥៣ នាក់។ របាយការណ៍បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទៅលេងកម្សាន្តនោះរួមមាន ខេត្តព្រះសីហនុ ៧២,០៥៦ នាក់, ខេត្តត្បូងឃ្មុំ ៦៥,៣៨៥ នាក់, ខេត្តសៀមរាប ៣៩,៨០០ នាក់, រាជធានីភ្នំពេញ ៣៤,២៦៩នាក់, ខេត្តកំពត ២៥,១៣២ នាក់, ខេត្តបាត់ដំបង ២១,១៩២ នាក់, ខេត្តកំពង់ចាម ១៧,៨៨៤ នាក់, ខេត្តស្វាយរៀង ១៧,៨៦៩ នាក់។បើតាមក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយ​ភាពសុទិដ្ឋិនិយមជាមួយចំនួនជាង ៣៦ ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមក​កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ ២៩ ម៉ឺននាក់។ដោយឡែកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិ​សាសន៍​ជិត ១.០០០ នាក់ចូលចតធ្វើទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

កម្ពុជា និងអារ៉ាប់រួម​ បើកកិច្ចចចារនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជុំទីបី

2023/02/21 03:01:50 pm        769
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បានបើកការចរចាជុំទី៣ នៃ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ​ឆ្នាំ២០២៣ ​នៅទីក្រុងឌុយបៃ ​អេមីរ៉ាតអារ៉ាប់រួម។ ប្រភពពីក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី២០ ខែកុម្ភៈនេះ បានឲ្យដឹងថា កិច្ចចចារនេះបាន​ប្រព្រឹត្ត​ក្រោមវត្តមាន​របស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា​ប្រធាន​ក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា​ និងឯកឧត្តម ជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់​ភាគី​អេមីរ៉ាតអារ៉ាប់រួម ដោយ​មានការ​អញ្ជើញ​ចូលរួមរបស់​ក្រុមការងារចរចារបស់​ភាគីទាំងពីរសរុប​ប្រមាណ ១០០រូប។ ក្នុងអង្គប្រជុំនេះ លោកជំទាវ ​បានកោតសរសើរ និងបង្ហាញនូវក្តីសោមនស្សរីករាយ ដែលដំណើរ​ការចរចាលើកិច្ចព្រមព្រៀង ​បានឈានដល់ការចរចាជុំទី៣ បន្ទាប់ពីភាគីទាំងពីរសម្រេចបាន​នូវ​លទ្ធផលជាផ្លែផ្កាក្នុងការចរចាជុំទី១ ​នៅអាប៊ុយដាប៊ី និងជុំទី២​ នៅភ្នំពេញកន្លងទៅ។ ទន្ទឹមនោះ ​ភាគីទាំងពីរបានគាំទ្រចំពោះបំណង ដែលភាគីទាំងពីរគ្រោងនឹងបញ្ចប់​ការចរចាកិច្ច​ព្រមព្រៀងខាងលើ ​ឱ្យបានត្រឹមជុំទី៣នេះ ​និងឈានដល់ការប្រកាសបិទ​បញ្ចប់ការចរចាជាផ្លូវការ​នាពេលឆាប់ៗ​ខាងមុខ។ តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ភាគីទាំងពីរក៏បានទទួលស្គាល់ថា កិច្ចព្រមព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា ​និងអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាកម្លាំងចលករ​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើន​សេដ្ឋកិច្ចជាតិ ​និងការអភិវឌ្ឍប្រកបដោយចីរភាព ​និងបរិយាប័ន្ន។ ស្របគ្នានោះដែរ ឯកឧត្តម ជូម៉ា អាល់ កាត បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ​និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធផ្តល់ដោយភាគីកម្ពុជាកន្លងមក។ឯកឧត្តម ​បានកត់សម្គាល់នូវ​សញ្ញាណ​ជាវិជ្ជមានក្នុងពាណិជ្ជកម្មទ្វេភាគី ​ដែលសម្រេចបានប្រមាណ ៤០០ ​លានដុលា្លរអាម៉េរិកក្នុងឆ្នាំ២០២២ ​កើនឡើងប្រមាណ ​៣០% ធៀបនឹងឆ្នាំ២០២១ និងរំពឹងថាកិច្ចព្រមព្រៀងនេះ នឹងបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់​កើនតែប្រសើរ​ថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

វិស័យហិរញ្ញវត្ថុឆ្នាំ២០២៣នេះ នៅតែមានកំណើនល្អប្រសើរ ទោះប្រឈមនឹងវិបត្តិសកល

2023/02/21 02:42:24 pm        583
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា រំពឹងថា ស្ថានភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្នុងឆ្នាំ ២០២៣នេះ នឹងមានភាពរីកចម្រើន ​ល្អប្រសើរជាងមុន​ បើទោះបីជាវិបត្តិសកល សង្រ្គាមនៅ​អ៊ុយក្រែន នៅបន្តអូសបន្លាយ ។លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយក បច្ចេកទេសធនាគារជាតិ​នៃកម្ពុជា លើកឡើងនៅក្នុងពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តំណភ្ជាប់សម្រាប់ស្វែងរក​មើលព័ត៌មានចាក់វាក់សាំងកូវីដ-១៩​ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង ​នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះថា ​ក្នុងឆ្នាំ ២០២៣ រំពឹងថា ស្ថានភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងមានភាព​រីកចម្រើន​ល្អប្រសើរជាមុន ខណៈដែលទំនោទីផ្សារថ្លៃប្រេងឥន្ធនៈ ​បានថយចុះ ដែលជួយសម្រួល​ដល់ប្រតិបត្តិការផ្សេងៗ ជាពិសេសថ្លៃម្ហូបអាហារ តែទោះបីយ៉ាងណាក៏នៅប្រឈមនឹងភាព​មិនច្បាស់លាស់ដូចជា ​សង្គ្រាមរុស្សី-អ៊ុយក្រែន​ និងការ​គំរាមកំហែង​នៅ​បែកអាស៊ីជាដើម ប៉ុន្តែប្រសិន​ការប៉ះពាល់នេះវាតូច ​វានឹងអាចជួយដល់ការរីកចម្រើនរបស់កម្ពុជា។ជុំវិញស្ថានភាពហិរញ្ញវត្ថុនេះ ​តាមទស្សនវិស័យ ​និងទិសដៅរបស់ធនាគារជាតិនៃកម្ពុជា តាមការ​រំពឹងទុក​ ប្រកបដោយភាព​សុទិដ្ឋិនិយម ការវិលទៅរកភាពប្រក្រតីឡើងវិញ​នៃ​សកម្មភាព​សេដ្ឋកិច្ចក្នុងស្រុក និងកំណើនតម្រូវការពីខាងក្រៅ​ នឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា​ឱ្យសម្រេច​បានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣, កំណើននេះ អាចរួមចំណែកដោយវិស័យចម្បងៗដូចជា៖ វិស័យកាត់ដេរត្រូវបានរំពឹងថា មានកំណើន ៦,៩%, វិស័យទេសចរណ៍ត្រូវបានរំពឹងថា​នឹង​បន្តមាន​កំណើនខ្ពស់ ១៨,៥%, និងវិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ១,១% ។ ស្ថិតក្នុងដំណាក់កាលនៃការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ប្រព័ន្ធធនាគារត្រូវ​បានរំពឹងថា ​នឹងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រកំណើន​វិស័យសំខាន់ៗ​នៃសេដ្ឋកិច្ច តាមរយៈការផ្តល់ហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុនានា ដោយឥណទាន ត្រូវបាន​រំពឹងថា នឹងមានកំណើនក្នុងអត្រា ២២% គួបផ្សំនឹងការបន្តអនុវត្តវិធានការគាំទ្រដទៃទៀត៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តភ្ជាប់បំពង់មេក្រោមបាតទន្លេ បង្កើនការផ្គត់ផ្គង់ទឹកនៅរាជធានីភ្នំពេញ

2023/02/21 02:36:35 pm        634
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងចាប់ផ្តើមដាក់បំពង់បណ្តោះអាសន្ន ទំហំ ១,៤ ម៉ែត្រ ឆ្លងកាត់ទន្លេសាប ពីត្រើយខាតកើតឆ្ពោះមកត្រើយខាងលិច ក្នុងគោលដៅជំរុញការផ្គត់ផ្គង់​ទឹកនៅតំបន់ដែលមានសម្ពោធទឹកទាប ឲ្យទាន់តាមផែនការ។ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​លើកឡើង​នៅ​ក្នុងពិធី​រៀបចំ​ខួង​ដាក់​ទុយោមេទំហំ ២ ម៉ែត្រ ឆ្លងកាត់ទន្លេសាបពីត្រើយខាតកើតឆ្ពោះមកត្រើយខាងលិច​ នៅថ្ងៃទី២០ ខែកុម្ភៈ ​ឆ្នាំ២០២៣ នេះថា​ បើតាមផែនការនៅថ្ងៃទី៥ ខែឧសភា ​ខាងមុខនេះ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ​នឹងដាក់ឲ្យដំណើររោងចក្របាក់ខែងជំហានទី​ ១ ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ ដែលមាន​សម្ពោធទឹកទាប​ ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែក​ខាងលិច ​និងខាងត្បូង ​រាជធានីភ្នំពេញ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋ។ឯកឧត្តម ឡុង ណារ៉ូ បន្តឲ្យដឹងថា ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​ខិតខំប្រឹងប្រែង ​ស្នើសុំទៅរាជរដ្ឋាភិបាល ​និងដៃគូរអភិវឌ្ឍន៍ ដើម្បីដាក់បំពង់បណ្តោះអាសន្ន និងក្លាយជាអចិន្ត្រយ៍ ទំហំ ១,៤ ម៉ែត្រ ​ដែលបច្ចុប្បន្នអនុវត្តសម្រេចបាន ៩៨ ភាគរយ ដើម្បីធានា​ដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឲ្យបានតាមផែនការ​ ក្នុងជំហានទី១, ដោយឡែកបំពង់មេនាំ​ទឹកទំហំ ២ ម៉ែត្រ អាចនឹងដំណើរនៅក្នុងដំណាក់កាលទី ២ ដែលនឹងរុញទឹកស្អាតស្របគ្នា​ទៅភាគខាងលិច ។ជុំវិញវិស័យទឹកស្អាតនេះ, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ លើកឡើងថា គម្រោងអភិវឌ្ឍន៍ទឹកស្អាតបាក់ខែង កម្ពុជាបានកម្ខីឥណទានពី AFD ចំនួន ៨៥ លានដុល្លារ និងពីធនាគារអឺរ៉ុប ចំនួន ១០០ លានដុល្លារ ក្នុងនោះសហគមន៍អឺរ៉ុប បានផ្តល់ចំនួន ១៥ លានដុល្លារ គឺជាឥណទានឥតសំណង។សូមបញ្ជាក់ថា នៅក្នុងថ្ងៃម្សិលមិញនេះ គណៈប្រតិភូប្រទេសបារាំងរួមមាន មន្រ្តីជាន់ខ្ពស់​សមាជិក​សភាបារាំង និង AFD, សហគមន៍អឺរ៉ុប, និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមាន គណៈកម្មាធិការ​សភាកម្ពុជា ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ បានអញ្ជើញ​ទស្សនកិច្ចពិនិត្យវឌ្ឍនភាព ​នៅការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ក្នុង​នោះគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចស្ថានីយមូមទឹកឆៅបាក់ខែង ​នៅទន្លេមេគង្គ, ការទស្សនកិច្ចគម្រោងទឹកស្អាតបាក់ខែង​ និងការចូលរួមបើកការដ្ឋានខួង ដាក់បំពង់មេនាំទឹក​ស្អាតទំហំ ២ ម៉ែត្រក្រោមបាតទន្លសាប៕អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៣០០ លានដុល្លារ នៅដើមឆ្នាំនេះ

2023/02/17 02:46:21 pm        771
ភ្នំពេញ៖ នៅដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលប្រភេទពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​បានមានចំនួនជាង ១ ២១៧ ប៊ីលានរៀល ត្រូវប្រមាណជាង ៣០០ លានដុល្លារ ស្មើជាង ៨ ភាគរយ នៃផែនការច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូល​ពន្ធប្រចាំខែមករា ឆ្នាំ២០២៣ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញឲ្យដឹងថា​ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើន​ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះពន្ធលើប្រាក់ចំណូលជាង​ ២០ ភាគរយ អាករលើតម្លៃបន្ថែមជាង​ ៨ ភាគរយ និងពន្ធលើប្រាក់​បៀវត្សជាង ១៨ ភាករយ។ចំណែកការប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួនជាង ៣៦ ប៊ីលានរៀល ​ត្រូវប្រមាណជាង ៩ លានដុល្លារ​ និងគិតចាប់ពីខែឧសភា ឆ្នាំ២០២២ ​រហូតមកដល់បច្ចុប្បន្ន ចំណូលពន្ធពី E-Commerce ប្រមូលបានសរុបចំនួនជាង ២១៤ ប៊ីលានរៀល ត្រូវប្រមាណជា ៥៣ លានដុល្លារ ។សម្រាប់ទិសដៅអនុវត្តបន្តក្នុងឆ្នាំ ២០២៣, អគ្គនាយកដ្ឋានពន្ធដារ នឹងយកចិត្តទុកដាក់ បន្ត​អនុវត្តវិធាន​ការបន្ថែមរបស់រាជរដ្ឋាភិបាល ​សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើប​ឡើង​វិញនៃវិស័យទេសចរណ៍ ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើ​ស្ថានភាព​សង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្តារអាជីវកម្ម ​និងធុរកិច្ចឱ្យងើបឡើងវិញ។ ពន្ធដារ នឹងបន្តជំរុញបញ្ចប់ការពិនិត្យរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី​ ដែលការរៀបចំនេះ នឹង​អាចធានាបាននូវភាពប្រទាក់ក្រឡា និងបច្ចុប្បន្នភាពបទប្បញ្ញត្តិស្តីពីពន្ធដារ និងបន្តពង្រឹងការ​ផ្សព្វផ្សាយ និងអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធពីវិស័យល្បង ​និងកាស៊ីណូ ។ ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា​ ស្ថានភាព​នៃ​ការប្រមូល​ពន្ធ​ល្អប្រសើរ​ដោយសារ​ការរៀបចំ​កំណែទម្រង់​យ៉ាង​មុត​ស្រួច​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដោយបាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៣​ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង​ធនធានមនុស្ស ការធ្វើ​បច្ចុប្បន្នភាព និង​ការចុះបញ្ជី​ក្នុង​ប្រព័ន្ធ ការពង្រឹង​ការផ្តល់សេវា​ដល់​អ្នកជា​ប់ព​ន្ធ ការដាក់​លិខិត​ប្រកាស​ពន្ធ ការធ្វើ​សវនកម្ម ការគ្រប់គ្រង​បំណុល និង​ការវិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ព័ត៌មាន បានធ្វើឱ្យ​ការប្រមូល​មាន​ភាពល្អប្រសើរ​ក្នុង​រយៈពេល​កន្លងមក​នេះ​។ឯកឧត្តម គង់ វិបុល បានលើកឡើងថា លទ្ធផល​នៃ​ការប្រមូល​ចំណូល​របស់​ពន្ធដារ​នៅក្នុង​រយៈពេល ​៥ ​ឆ្នាំ​ចុងក្រោយនេះ ​នៅតែមាន​ស្ថានភាព​ល្អប្រសើរ​លើស​ការ​គ្រោងទុក បើទោះបី​ជាមានវិបត្តិកូវីដ-១៩​៕ ​អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ហ៊ុន ម៉ាណែត៖ «វិស័យអចលនទ្រព្យដើរតួសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»

2023/02/17 01:22:08 pm        321
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈការព្យាករណ៍កំណើន​សេដ្ឋកិច្ចកម្ពុជា​បានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់​ក្នុងការ​ជំរុញកំណើន​សេដ្ឋកិច្ច ដូចរយៈពេលកន្លងមក។ដូច្នេះការបន្តរីកចម្រើនលូតលាត់នៃវិស័យអចលនទ្រព្យ ​គឺជាគោលដៅដ៏សំខាន់មួយដែលមាន​កំណត់​នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ​ក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃ «គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)» របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd នៅរាជធានី​ភ្នំពេញនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ឯកឧត្ដម បានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ​នៅក្រោយការអនុវត្តប្រកបដោយ​ប្រសិទ្ធភាពខ្ពស់នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង ​បានអនុញ្ញាត​ឱ្យកម្ពុជាមានកំណើន​សេដ្ឋកិច្ច​ឡើងវិញ ដែលតាមរយៈការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺក្នុងរង្វង់ប្រមាណ ៥,២ ភាគរយ នៅក្នុងឆ្នាំ២០២២ និងប្រមាណ ៥,៦ ភាគរយនៅឆ្នាំ២០២៣។ តួលេខនេះ គឺស្ថិតលើគន្លងឆ្ពោះទៅកាន់កំណើនកាលពីមុនវិបត្តិនៃជំងឺកូវីដ-១៩។ឯកឧត្ដមបញ្ជាក់ថា៖«តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា វិស័យ​អចលនទ្រព្យ​នឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមក​ផងដែរ។ ដូច្នេះការបន្តរីកចម្រើនលូតលាត់នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់​មួយ​ដែល​មានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី»។ បើតាមឯកឧត្ដម ហ៊ុន ម៉ាណែត ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញ​ប្រកប​ដោយ​ក្តីសង្ឃឹម, ការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំងអំពីការរីកចម្រើន​នៃកម្រិតជីវភាព​របស់​ប្រជាជនកម្ពុជា ជាពិសេសការកើនឡើងនៃចំនួនប្រជាជនដែលមាន​ចំណូល​មធ្យម រួមជាមួយ​នឹងការកើនទ្បើងនូវតម្រូវការលំនៅដ្ឋាន ដែលមានផាសុកភាព និងមានសុខដុមភាពទៅនឹង​បរិស្ថាននៃការរស់នៅ៕

ខេត្តកំពតនាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិនជាង២០០០តោន ក្នុងមួយខែ

2023/02/16 04:24:57 pm        913
ភ្នំពេញ៖ ខេត្តកំពតក្នុងពេលបច្ចុប្បន្ននេះ គឺមានលទ្ធភាពនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិន ប្រមាណជាង ២០០០តោន ក្នុងមួយខែ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់ខេត្ត។ ខេត្តកំពត ក្រៅពីមានភាពល្បីល្បាញ ​លើដំណាំម្រេច និងទុរេន ​បច្ចុប្បន្ននេះ ខេត្តកំពត ក៏មានដំណាំចេកអំបូងលឿងមួយមុខទៀតកំពុងមានសក្ដានុពលជាខ្លាំងផងដែរ។ ជាក់ស្ដែងខេត្តកំពត ​មានលទ្ធភាពនាំចេញចេកអំបូងលឿងចន្លោះពី ​២៣០០តោន ទៅ២៥០០តោន ក្នុងមួយខែ ទៅកាន់ប្រទេសចិន។ នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ឯកឧត្តម បញ្ជាក់ថា ការវិនិយោគលើដំណាំចេកអំបូងលឿងនេះ គឺជាការវិនិយោគលើទីតាំង​ដែល​ជាអតីតសមរភូមិ។ ឯកឧត្តមថា នេះជាការកែប្រែដ៏ប្រសើរ ប្រែពីតំបន់ធ្លាប់ជាសមរភូមិ មកជាទីតាំងដាំដុះ ​និងជាកន្លែងទេសចរណ៍ផងដែរនោះ។ ក្នុងនាមជារដ្ឋបាលខេត្ត ឯកឧត្តមក៏គាំទ្រ ដល់គម្រោងពង្រីកផ្ទៃដីដាំចេកអំបូងលឿង​ដែលកំពុង​មានសក្ដានុពលផងដែរ។ ចំណុចសំខាន់មួយទៀត​ ដំណាំចេកអំបូងលឿងនាពេលនេះ គឺជា​ការផ្ដល់ការងារជូនប្រជាពលរដ្ឋរហូតដល់ជាង ២០០០នាក់។ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដែរថា ចេកអំបូងលឿងនៅខេត្តកំពត ក្រៅពីនាំចេញ​ទៅប្រទេសចិន ចេកអំបូងលឿងនេះ ​ក៏បានផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ។ ពិសេសគឺផ្គត់ផ្គង់ទៅតាម​ ភោជនីយដ្ឋានជាច្រើនដែលមានវត្តមានក្នុងខេត្តកំពតផ្ទាល់តែម្ដង។ការដាំចេកអំបូងលឿងនៅខេត្តកំពត ​គិតត្រឹមពេលបច្ចុប្បន្ន គឺក្រុមហ៊ុនចំនួនពីរ ​កំពុងដាំដុះលើផ្ទៃដី ១០៦៣ហិកតា ​ហើយអាចប្រមូលផលបានលើផ្ទៃដី ​៦៦១ហិកតា។នេះជាការបញ្ជាក់បន្ថែម​របស់លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពត។ លោកលម្អិតថា សម្រាប់ដំណាំចេកអំបូងលឿងដែលកំពុងប្រមូលផលនេះ គឺមានលទ្ធភាព​ប្រមូល​ផល​បានប្រមាណ ៤៣តោនក្នុងមួយហិកតា។ចំពោះដំណាំទុរេន​ ជាដំណាំមានភាពល្បីល្បាញ​ជាយូរមកហើយសម្រាប់​ខេត្តកំពតវិញ បច្ចុប្បន្ននេះ​គឺមានការដាំដុះលើផ្ទៃដីប្រមាណ ​១៧០០ហិកតា ដោយក្នុងនោះ​អាចប្រមូលផលបាន​លើផ្ទៃដី​ប្រមាណជាង ១២០០ហិកតា។ ​លទ្ធភាពប្រមូលវិញ​ គឺអាចទទួលបានក្នុងរង្វង់ ​១៥តោន ក្នុង​មួយហិកតា៕អត្ថបទ៖ គឹមហុក

កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងបន្តកើនឡើងដល់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣នេះ

2023/02/16 10:19:42 am        639
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា ជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការបើកដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ពេញលេញបានឆាប់ និងការកាត់បន្ថយផលប៉ះពាល់ពី​សង្រ្គាម​រវាង រុស្ស៊ី និង អ៊ុយក្រែន តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាល, សេដ្ឋកិច្ច និង សង្គម បានគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា, បានជួយសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងឆាប់ ចេញពីកំណើនអវិជ្ជមានក្នុងឆ្នាំ ២០២០ ទៅកំណើនវិជ្ជមានប្រមាណ ៣% ក្នុងឆ្នាំ ២០២១, និង បន្តកើនឡើងដល់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២២ ព្រមទាំងត្រូវបានព្យាករថានឹងបន្ត កើនឡើងដល់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣ នេះ ។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ ក្នុងឱកាសនោះដែរឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តខិតខំដោះស្រាយបញ្ហាប្រឈម និង ពន្លឿនការងារមួយចំនួនទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ឱ្យបានចប់សព្វគ្រប់ និង ទាន់ពេល ដើម្បីចូលរួមចំណែកក្នុង​ការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ឱ្យបានកាន់តែមានប្រសិទ្ធភាព ។ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានជំរុញដល់ក្រសួងសាធារណការ និងដឹកជញ្ជូន យកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវ​បានចុះហត្ថលេខាជាផ្លូវការរួចហើយ លើកម្ចីសម្បទានជាមួយភាគីមិត្ត។ ជាពិសេស គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីឱ្យគម្រោងដ៏មានសារៈសំខាន់នេះ អាចចាប់ ផ្តើមដំណើរការ បានដោយរលូនតាមការគ្រោងទុក ដែលនឹងមិនត្រឹមតែជួយលើកសម្រស់ និង ទាក់ទាញភ្ញៀវ​ទេសចរ​នៅ​ក្នុងរាជធានីភ្នំពេញរបស់យើងប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងនឹងក្លាយជានិមិត្តរូបដ៏លេចធ្លោ​មួយ (Landmark) របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ក្រសួងសេដ្ឋកិច្ច កំណត់ទិសដៅ នៃការចូលរួមវិភាគទាន ធ្វើឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល

2023/02/15 01:37:44 pm        368
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ក្នុងចក្ខុវិស័យ នៅឆ្នាំ ២០៣០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​នឹងងក្លាយជាស្ថាប័ននៃឧត្តមភាព​ ប្រកបដោយសមត្ថភាព ​និងគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីបំពេញ​បេសកកម្មស្នូល និងពាក់ព័ន្ធ​ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យ​រាជរដ្ឋាភិបាល។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៣ នេះ បានអញ្ជើញបើកការផ្សព្វផ្សាយ ចក្ខុវិស័យឆ្នាំ ២០៣០ របស់ក្រសួង ​ដែលមានគោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងលើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។ ជាក់ស្តែងក្នុងរយៈពេលជិត ៣ ទសវត្សរ៍, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​សម្រេចសមិទ្ឋផលជាច្រើន ដែលបានរួមចំណែកនាំ​ឱ្យកម្ពុជា អភិវឌ្ឍន៍​ប្រកបដោយឯករាជ្យ និងអធិបតេយ្យ។ ក្នុងន័យនេះ ការបន្តកសាង និងពង្រឹងសមត្ថភាព និងអភិបាលកិច្ចស្ថាប័នរដ្ឋរួមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង ​ពិតជាមានសារៈសំខាន់ និងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធានាការ​អនុវត្តមុខងារ​ និងភារកិច្ចរបស់ក្រសួងប្រកបដោយប្រសិទ្ធភាពខ្ពស់ផង និងចូលរួមចំណែកជំរុញ​ឱ្យ​កម្ពុជាកាន់តែរឹងមាំ និងមានជវភាព ។ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានសម្រេចរៀបចំ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ ២០៣០” ។ទាក់ទងកម្មវត្ថុសំខាន់នៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០ គឺកសាងស្ថាប័ន ឱ្យមានសមត្ថភាព ​និងគុណវុឌ្ឈគ្រប់គ្រាន់ ​សម្រាប់អនុវត្តបេសកកម្មរបស់ក្រសួង ផ្សារភ្ជាប់ជាមួយ​គោល​ដៅធំៗដែលមានកំណត់ក្នុងគោលនយោបាយ និងយុទ្ធសាស្ដ្រនានារបស់រាជរដ្ឋាភិបាល​ពាក់ព័ន្ធ ​នឹងសមត្ថកិច្ចរបស់ក្រសួង, ក្នុងគោលបំណងចូលរួមគាំទ្រឱ្យរាជរដ្ឋាភិបាល សម្រេច​គោលដៅយុទ្ឋសាស្រ្តជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ក្នុងន័យនេះចក្ខុវិស័យក្រសួង ត្រូវបានកំណត់ថា «នៅឆ្នាំ២០៣០ ​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ជា​ស្ថាប័ននៃឧត្តមភាព​ ប្រកបដោយសមត្ថភាព ​និងគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល​និងពាក់ព័ន្ឋ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល››។ នៅក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបំពេញ​បេសកកម្ម​រួម​មាន៖ កសាងមូលដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ​កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ដឹកនាំ​ និងសម្របសម្រួលការកសាងប្រព័ន្ធគាំពារសង្គម, និង​ចូលរួមដឹកនាំ សម្របសម្រួលបរិវត្តកម្មឌីជីថល​ និងកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា៕អត្ថបទ៖ ស៊ុន រ៉ាឌី

ពាណិជ្ជកម្មកម្ពុជា និងឡាវកើនពី ១៦០ លានក្នុងឆ្នាំ២០២១ ទៅ២១០លានដុល្លារនៅឆ្នាំ២០២២

2023/02/14 03:13:07 pm        493
ភ្នំពេញ៖ កំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឡាវដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ទៅ២១០ លានដុល្លារអាម៉េរិក នៅឆ្នាំ២០២២ ខណៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកទឹកចិត្តឱ្យភាគីទាំងពីរពន្លឿន​ការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹត្តិការណ៍​ផ្គូផ្គង​ដៃគូ​ពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលាជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ដីពីលទ្ធផលនៃដំណើរ​ទស្សនកិច្ច​ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទីក្រុងវៀងច័ន្ទន៍ ថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា តាមយរៈដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ និង​ឯកឧត្តម សនសៃ ស៊ីផាន់ដន បានជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីស្ថានភាពនៃទំនាក់ទំនង​ទ្វេភាគី និង​ទិសដៅអនាគតដើម្បីបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណី ​ទំនាក់ទំនងដ៏​ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន៖ ​នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ​ពាណិជ្ជកម្ម និងវិនិយោគ ​ការតភ្ជាប់ផ្លូវអាកាស ​ទេសចរណ៍ ថាមពល និងការអប់រំ។សេចក្ដីប្រកាស បញ្ជាក់ថា កំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឡាវដែលមានសន្ទុះជាវិជ្ជមាន​កើនឡើងពី ១៦០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ទៅ ២១០​ លានដុល្លារអាម៉េរិក នៅឆ្នាំ២០២២។ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យភាគីទាំងពីរពន្លឿន​ការចរចា​លើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹត្តិការណ៍​ផ្គូផ្គងដៃគូពាណិជ្ជកម្ម ​ការតាំងពិព័រណ៍​ និងសិក្ខាសាលា ដើម្បី ផ្តល់ឱកាសកាន់តែច្រើន​សម្រាប់​ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី វិនិយោគ និង​សកម្មភាពសេដ្ឋកិច្ចនានារវាងប្រទេសទាំងពីរ៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រោះរាំងស្ងួតបណ្តាលឲ្យភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរនៅភាគខាងជើងកេនយ៉ា
02/19/2026 08:02 PM
ជនប៉ាឡេស្ទីនកាន់ទុក្ខយុវជនម្នាក់ដែលត្រូវបានសម្លាប់ដោយអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលនៅតំបន់វ៉េសប៊ែង
02/19/2026 08:02 PM
នាយករដ្ឋមន្ត្រី៖ ប៉ូឡូញអាចដាក់មីនតាមព្រំដែនក្នុងរយៈពេល ៤៨ម៉ោង ក្រោយចាកចេញពីអនុសញ្ញាអូតាវ៉ា
02/19/2026 08:02 PM
បេសកកម្ម UNរកឃើញការបំផ្លិចបំផ្លាញរបស់កងកម្លាំង RSF នៅទីក្រុង El-Fasher របស់ស៊ូដង់
02/19/2026 08:02 PM
ហុងគ្រីពិចារណាកាត់ផ្តាច់ការនាំចេញថាមពល និងឧស្ម័នទៅអ៊ុយក្រែន អំឡុងមានជម្លោះប្រេងជាមួយរុស្ស៊ី
02/19/2026 08:02 PM
អ៊ីរ៉ង់សាងសង់ខែលបេតុងនៅទីតាំងយោធា ស្របពេលមានភាពតានតឹងជាមួយអាមេរិក
02/19/2026 07:02 PM
រដ្ឋាភិបាលចាំផ្ទះប៊ុលហ្គារីចូលកាន់តំណែង ហើយសន្យាធានាស្ថានភាព ដើម្បីការបោះឆ្នោតដោយយុត្តិធម៌
02/19/2026 07:02 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថានឹងមានការសាងសង់ឡើងវិញ ពេលក្រុមប្រឹក្សាសន្តិភាពមានជំនួបក្រុមមេដឹកនាំលើកដំបូង
02/19/2026 07:02 PM
​ព្យុះពិ្រលវាយប្រហារទីក្រុងមូស្គូបង្កការរំខានដល់ការធ្វើដំណើរតាមដងផ្លូវនិងជើងហោះហើរអ្ន
02/19/2026 07:02 PM
ពលរដ្ឋកូរ៉េខាងត្បូងមានការបែងចែក ក្រោយតុលាការកាត់ទោសអតីតមេដឹកនាំ Yoon ឲ្យជាប់ពន្ធនាគារអស់មួយជីវិត
02/19/2026 07:02 PM