ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់
អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ
កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ

សេដ្ឋកិច្ច និង កសិកម្ម

អ្នកជំនាញ រំពឹងថា វិស័យអចលនទ្រព្យ និងសំណង់ នឹងអាចឡើងវិញក្នុងឆ្នាំនេះ

2023/01/19 02:20:27 pm        1059
ភ្នំពេញ៖ អ្នកជំនាញអចលនវត្ថុមើលឃើញថា សកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់ និង​មានសកម្មភាពមមាញឹកជាងឡើងវិញ ​មានតម្រូវការច្រើនជាងមុន និងមានអ្នករកស៊ីលើ​ផ្នែកនេះ​កាន់តែច្រើនផងដែរ​ ខណៈសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបល្អប្រសើរ។លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ​បានថ្លែងថា ការបើក​ប្រទេសចិនឡើងវិញនេះ​ វាជា​សញ្ញាណល្អ​សម្រាប់កម្ពុជា ​សម្រាប់ការអភិវឌ្ឍ​លើគ្រប់វិស័យ​ឲ្យតែល្អ​ប្រសើរថែមទៀត​ ក្នុងនោះវិស័យអចលនទ្រព្យ ​និងសំណង់ និង​អាចមានសកម្មភាព​មមាញឹក​ឡើងវិញ ​និងមានតម្រូវការទិញ-លក់ច្រើនជាងមុន ហើយក៏មានអ្នករកស៊ីទទួលទាន​លើផ្នែកនេះ​មានសកម្មភាពផុលផុសជាងមុនផងដែរ។យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទិន្នន័យសំណង់ទូទាំងប្រទេស​មាន​ចំនួន ៨២៦ គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ​២,៦ ពាន់លានដុល្លារ នៅ​ឆ្នាំ២០២២ ថយចុះជិត ៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ការអនុវត្តក្រោមសមត្ថកិច្ចក្រសួង មានចំនួន ​២០២ គម្រោង ​មានទុនវិនិយោគជាង ២ ពាន់លាន​ដុល្លារ ​។ ចំណែកស្ថិតសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត មានចំនួន ៦២៥ គម្រោង មានទុន​វិនិយោគ​ជាង ៥៤៧ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។នៅក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាល​ រំពឹងថា​ វិស័យសំណង់​នឹងបន្ត​កំណើន​ទាប​ជាងនិន្នាការ​ធម្មតា​ដោយសារការរំពឹងទុកការងើបឡើងវិញយឺត ​នៃរំហូរទុនវិនិយោគពីបរទេស ជាពិសេស​សម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជាសំណង់បម្រើឱ្យវិស័យទេសចរណ៍ ​និងពាណិជ្ជកម្ម ស្របពេល​ដែលសកម្មភាពសំណង់លំនៅឋាន​ ក៏ត្រូវ​បានរំពឹងថា ​នៅបន្តក្សាកំណើន ប៉ុន្តែស្ថិត​ក្នុងកម្រិតទាបផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

កសិករកំពុងមមាញឹកប្រមូលផលដំណាំប៉ិកួៈ ខណៈតម្លៃដើមដៃបានខ្ពស់ជាងរាល់ឆ្នាំ

2023/01/18 05:35:03 pm        786
កំពង់ចាម៖ ប្រជាកសិករ ដែលរស់នៅតំបន់ទំនាប នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាច្រើនគ្រួសារ នាំគ្នាដាំដំណាំប៉ិកួៈ ខណៈឆ្នាំនេះ ​ពួកគេសប្បាយរីករាយ ដោយសារតម្លៃលក់លើ​ទីផ្សារខ្ពស់ជាងរាល់ឆ្នាំ អាចជួយបង្កើនជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ ។ប្រជាកសិករដែលរស់នៅតាមជួរមាត់ទន្លេ ក្នុងនោះមាន ឃុំកៀនជ្រៃ ឃុំរអាង ឃុំរំចេក ឃុំហាន់ជ័យ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ​បាននាំគ្នាបង្កបង្កើនផលដំណាំប៉ិកួៈ ព្រោះផ្ទៃដីស្រែចម្ការ​នៅតំបន់​នេះ​មានជីវជាតិល្អ និងដីល្បាយខ្សាច់ងាយស្រួលដាំដុះថែរទាំ។កសិករ ​ដែលកំពុងប្រមូលផលប៉ិកួៈ បានប្រាប់BTVបាន​ឲ្យដឹងថា ឆ្នាំនេះដោយសារមានប្រែប្រួល​អាកាសធាតុ ភ្លៀងធ្លាក់ជាហូហែរ ​បានធ្វើឲ្យផ្ទៃដីចំការរងការខូចខាត ​ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ។ ក្រោយពីប្រមូលផលនៅដើមដៃនេះ ​បានទិន្នផលទទួលផលបានច្រើន ហើយតម្លៃខ្ពស់ជាងរាល់​ឆ្នាំទៀត ។ប្រជាកសិករ បានស្នើឲ្យមន្ត្រីជំនាញ ជួយបង្កើនទីផ្សារ ដំណាំប៉ិកួៈ ​នេះនៅតម្លៃខ្ពស់បែបនេះ ពួកគេពិតជាសប្បាយរីករាយ ​និងមានកម្លាំងចិត្តក្នុងដាំដុះបន្តទៀត ​ខណៈបច្ចុប្បន្ន ឈ្នួលមក​ទទួលទិញចម្ការ ដោយក្នុងមួយគីឡូ ក្រាម តម្លៃ១៥០០រៀល​ ទៅ២០០០រៀលដែរ។ ក្នុងរយៈពេលកន្លះខែមករានេះ ​ដំណាំប៉ិកួៈរបស់អ្នកកំពង់សៀម បានកំពុងទទួលផលជា​បន្តបន្ទាប់​ហើយ ហើយកសិករ បន្តចាប់ផ្តើមនាំគ្នាំដាំដំណាំរួមផ្សំផ្សេងទៀត រួមមាន​ ពោត សណ្តែកដី ត្រសក់ស្រូវ ឪឡឹក និងម្ទេស ។ល៕អត្ថបទ៖ ថុង សីហា

ការនាំចេញរបស់កម្ពុជា ទៅប្រទេស RCEP មានទឹកប្រាក់ ៦,៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២២

2023/01/18 05:24:36 pm        409
ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៦,៣៤ ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិកកិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ​កាលពីឆ្នាំ២០២២កើនឡើង ៧ ភាគរយធៀបនឹងឆ្នាំ២០២១។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃពុធនេះថា ​ការនាំចូលរបស់កម្ពុជា ពីប្រទេស RCEP មានទឹកប្រាក់សរុប ២៤,៦៨ ​ពាន់លានដុល្លារអាមេរិក ​កើនឡើង ៣​​ ភាគរយ ធៀបនឹងពីឆ្នាំ ២០២១។របាយការណ៍បង្ហាញថា ទំហំនៃការដោះដូរពាណិជ្ជកម្ម របស់កម្ពុជា ​ជាមួយប្រទេស RCEP បាន​កើន​ឡើង​ដល់ ៣១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២​ កើន​ឡើង ៤ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២១ ដោយ​បញ្ជាក់ថា ​ដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា ​គឺប្រទេសចិន វៀតណាម ថៃ សិង្ហបុរី និងជប៉ុន។បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ មានប្រទេស​ចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ និង​ដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ក្នុងនាមជាប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក​ កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មាន​ផលិតផល​សរុបក្នុងស្រុកសរុបចំនួនជាង ២៦​ពាន់ពាន់លានដុល្លារ​ ដែលតំណាងឱ្យប្រហែល​ ៣០​ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក​ ២៨ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងជាង៣២ ភាគរយនៃការវិនិយោគពិភពលោក។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍​កាលពីពេលថ្មីៗនេះ ​ថា កម្ពុជា​ គឺជាខ្សែ​សង្វាក់​ផ្គត់ផ្គង់មួយក្នុងចំណោមខ្សែ​សង្វាក់​ផ្គត់ផ្គង់​នៅ​លើពិភពលោក ដូចជា ការនាំចេញ​សំលៀកបំពាក់​ ស្បែកជើង​ គ្រឿងអេឡិចត្រូនិក​ និងអគ្គិសនី និង​កសិកម្ម ដែលជាកត្តាចម្បងដែលជំរុញការនាំចេញទៅកាន់បណ្តាប្រទេស ​RCEP កើនឡើង។ ឯកឧត្តម ប៉ែន សុវិជាតិ ​មានប្រសាសន៍ថា ចាប់តាំងពីចូលជាធរមានកាលពីដើមឆ្នាំ២០២១មក ការនាំ​ចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ​ជាពិសេសទៅប្រទេស RCEP បានកើនឡើង​គួរឱ្យកត់សម្គាល់៕ដោយ វណ្ណៈ

កម្ពុជាមានរោងចក្រឧស្សាហកម្មបើកថ្មីជិត ២០០រោងចក្រ ក្នុងឆ្នាំ២០២២

2023/01/18 05:19:26 pm        701
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រ សហគ្រាសថ្មី ចំនួន ១៨៦ រោងចក្រ ក្នុងឆ្នាំ២០២២ ធ្វើឱ្យចំនួនរោងចក្រសហគ្រាសសរុប​នៅប្រទេស​កើនដល់ ១ ៩៨២ រោងចក្រ។រោងចក្រ សហគ្រា​កំពុងបើកដំណើរការ ចំនួន ១ ៩៨២ រោងចក្រ មានទុនវិនិយោគសរុប ១៦ ៦៩០ លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍។ចំណែក​រោងចក្របិទទ្វារ មានចំនួន ៨៣ រោងចក្រ ក្នុងឆ្នាំ២០២២ មានចំនួនទាបជាងចំនួនរោង​ចក្របិទទ្វារ ក្នុង២០២១ ដែល​មានរហូតដល់ ១៤៣រោងចក្រ។ក្រសួង បញ្ជាក់ថា ទុនវិនិយោគសរុបនៃរោងចក្រសហគ្រាស មានចំនួន ​១៦ ៦៩០ លានដុល្លារ កើន​ឡើងពី ១៣ ៨១១ លានដុល្លារ​ក្នុងឆ្នាំ២០២១។ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម លើកឡើង​នៅថ្ងៃទី១៨ ខែមករា ថា ការគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាពលើការរីករាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ​ជាគន្លឹះសំខាន់ កសាងទំនុកចិត្តដល់វិនិយោគ នៅកម្ពុជា។គួររំលឹកថា នៅឆ្នាំដដែល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានចុះបញ្ជីគម្រោងវិនិយោគមានទុនសរុប ៤ ៦៨៥លានដុល្លារអាមេរិក ​កើនឡើងប្រមាណជា ៧,៥ ​ភាគរយបើធៀបទៅនឹងឆ្នាំមុន ផ្តោតការ​វិនិយោគ លើសណ្ឋាគារ មន្ទីរពេទ្យ កសិកម្ម និង ​រោងចក្រឧស្សាហកម្មជាដើម ៕ដោយ៖ វណ្ណៈ 

អ្នកជំនាញមាន​សុទិដ្ឋិនិយម​ថា ប្រតិបត្តិការបស់គ្រឹះស្ថានហិរញ្ញវត្ថុ នឹងងើបឡើងល្អប្រសើរឆ្នាំនេះ

2023/01/18 03:36:01 pm        361
ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុ រំពឹងថា នៅក្នុងឆ្នាំ ២០២៣ នេះ ការទទួលប្រាក់បញ្ញើរ និងការផ្តល់កម្ចីឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុ នឹងមានស្ថានភាពល្អប្រសើរជាងឆ្នាំ ២០២២ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានធូរស្រាល ហើយប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើងវិញ។លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣នេះថា ផលប័ត្រឥណទានបានកើនឡើងប្រមាណ ២០ ភាគរយ ក្នុងនោះប្រាក់បញ្ញើរសន្សំបានហក់ឡើងខ្ពស់​ គឺរហូតដល់ ៣០ ភាគរយ ។ចំណែកការផ្តល់ប្រាក់​កម្ចី​ឥណទាន ក៏មានការកើនឡើងគួរឱ្យកត់សំគាល់ផងដែរ ​បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាប្រសើរឡើងក្នុងឆ្នាំ២០២៣នេះ របស់ស្ថាប័ន​ហិរញ្ញ​វត្ថុនានា ​លោកសុខ វឿន ​មានការរំពឹងថា ​វិស័យមីក្រូហិរញ្ញវត្ថុ នឹងមានការងើបឡើងកាន់​តែល្អ​ប្រសើរថែមទៀត ​ជុំវិញប្រតិបត្តិការលើការអាជីវកម្មរបស់គ្រឹះស្ថាននីមួយៗ។ធនាគារជាតិ​នៃកម្ពុជា ​បានលើកឡើងថា ថា ប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្ត​គាំទ្រ​ការងើប​ឡើងវិញនៃសេដ្ឋកិច្ច ​តាមរយៈការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្រប​ ដើម្បីឆ្លើយតបនឹង​តម្រូវការសេដ្ឋកិច្ច។ ឥណទានទៅកាន់វិស័យឯកជនបានកើនឡើង ២១% ដែលត្រូវបានបែងចែកទៅគាំទ្រដល់​ការ​ងើបឡើងក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ខណៈដែលកំណើនប្រាក់បញ្ញើអតិថិជន​បានកើន​ឡើងជាង ១១ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

នាវាទេសចរណ៍បរទេស ចាប់ផ្ដើមនាំភ្ញៀវមកកម្សាន្តនៅខេត្តព្រះសីហនុជាបន្តបន្ទាប់

2023/01/18 03:26:35 pm        382
ព្រះសីហនុ៖ បន្ទាប់ពីប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩ បានល្អ និងបានបើកជំហរសេដ្ឋកិច្ច និងសង្គមឡើងវិញ។ ចាប់ពីចុងឆ្នាំ២០២២ និងដើមឆ្នាំ ២០២៣នេះ ទេសចរបរទេសបានសម្រុកចូលមកកម្សាន្ត នៅប្រទេសកម្ពុជាឡើងវិញ ជាបន្តបន្ទាប់។ ក្នុងនោះ​មាននាវាទេសចរណ៍បរទេសខ្នាតយក្សចំនួន ៤ គ្រឿងហើយដែលបានចូលមក​កាន់​កំពង់ផែ​ខេត្តព្រះសីហនុ ត្រឹមថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០២៣នេះ។លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ​បានថ្លែងប្រាប់ BTV ថា ការ​ត្រលប់មកវិញរបស់ទេសចរបរទេសមកកាន់ប្រទេសកម្ពុជា ពិសេសទឹកដីខេត្តព្រះសីហនុ តាមរយៈនាវាខ្នាត​យក្សជាបន្តបន្ទាប់បែបនេះ គឺក្រោយពីភ្ញៀវទេសចរបានដឹងថា ប្រទេសកម្ពុជា អាច​គ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ ​បានល្អប្រសើរ ដូច្នេះទេសចរដែលធ្លាប់មកកម្សាន្ត នៅប្រទេសកម្ពុជា តាំងពីមុនពេលវិបត្តិកូវីដ១៩ ក៏ចាប់ផ្ដើមត្រឡប់មកវិញបណ្ដើៗហើយ។ បើតាមលោកប្រធានមន្ទីរទេសចរណ៍ ​នាព្រឹកថ្ងៃទី១៨ ខែមករានេះ នាវាទេសចរណ៍បរទេសមួយ​គ្រឿង​ទៀតឈ្មោះ OCEAN ODYSSEY សញ្ជាតិ BAHAMAS បានចូលចតកំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ។លោកបញ្ជាក់ថា ​នាវានេះបាននាំភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ ចំនួន ១៣៧ នាក់ ស្រី ៨៤ នាក់ (ភ្ញៀវភាគច្រើន ​គឺសញ្ជាតិសអាមេរិក មានចំនួន ១២៣ នាក់) ​មកទស្សនាប្រទេសកម្ពុជា​រយៈពេល ២ថ្ងៃ។ នាវានេះធ្វើដំណើរមកពីប្រទេសវៀតណាម ចូលមកកម្ពុជា ហើយនឹងចាកចេញទៅវិញ​នៅ​វេលាម៉ោង ៦ល្ងាចថ្ងៃទី១៩ ខែមករា។ចំណែក កាលពីថ្ងៃទី ទី១៤ ខែមករា ឆ្នាំ២០២៣នេះដែរនាវាទេសចរណ៍ខ្នាតយក្ស១គ្រឿង ផ្ទុក​អ្នកដំណើរ និងនាវិកជិត១ពាន់នាក់ ក៏បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើ​ទស្សនកិច្ចក្នុងខេត្តរយៈពេល១ថ្ងៃផងដែរ។ ​នាវាទេសចរណ៍ខ្នាតធំនោះ ​ឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មាន ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩ នាក់ និងនាវិក ៤៣០ នាក់។គួរបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ​ជាលើកទី៤ ហើយ​ដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍មកទស្សនាប្រទេសកម្ពុជា ក្រោយខកខានមួយ​រយៈដោយ​សារការរាំងស្ទះពីវិបត្តិជំងឺកូវីដ១៩ ​នាពេលកន្លងមក៕ អត្ថបទ៖ វ៉ន ដារ៉ា

ជំរឿនសេដ្ឋកិច្ចបង្ហាញថា អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាកើនឡើងប្រមាណជិត ៥០ភាគរយ

2023/01/18 02:10:15 pm        592
ភ្នំពេញ៖ លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ បង្ហាញថា រយៈពេលជាង ១០ឆ្នាំ ចាប់រាប់ពីឆ្នាំ ២០១១ ​មកដល់ឆ្នាំ ២០២២ អង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ​បានកើនឡើងពីជាង ៥០ម៉ឺនអង្គភាព​ទៅជាង ៧៥ម៉ឺនអង្គភាពសេដ្ឋកិច្ច​ កើនឡើងប្រមាណជិត ៥០ភាគរយ។លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ត្រូវបានប្រកាសផ្សព្វផ្សាយនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២នេះ។ ​លទ្ធផលបឋមនៃជំរឿននេះ ជាទិន្នន័យសំខាន់ដែលឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល១០ ព្រោះជំរឿននេះគឺរៀបចំឡើងក្នុងរយៈពេល ​១០ឆ្នាំម្ដង។ជំរឿនសេដ្ឋកិច្ចជាការចុះសម្ភាសន៍ អង្គភាពសេដ្ឋកិច្ច ដែលសំដៅលើសហគ្រាសអជីវកម្ម មាន​ដូចជា សហគ្រាសគ្រប់ប្រភេទ រោងចក្រ សហគ្រាសរដ្ឋ ឯកជន សិប្បកម្ម អជីវកម្ម ​លក់ដុំលក់រាយ និងសេវាកម្មផ្សេងៗ។ ជំរឿនសេដ្ឋកិច្ចនៅកម្ពុជា រៀបចំឡើងបានចំនួន ២ដងមកហើយ ដោយលើកទី ១ គឺជំរឿន​សេដ្ឋកិច្ចឆ្នាំ ២០១១ និងជំរឿនលើកទី ២ធ្វើឡើងនៅឆ្នាំ ២០២២ ដែលប្រកាសលទ្ធផល​បឋម​នាពេលនេះ។ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃ​ក្រសួងផែនការ បញ្ជាក់ថា ឆ្នាំ ២០១១នៃជំរឿនលើកទី ១ គឺមានអង្គភាពសេដ្ឋកិច្ច ត្រឹមតែជាង ៥០ម៉ឺនអង្គភាពតែប៉ុណ្ណោះ។ ​ចំនួនអង្គភាពសេដ្ឋកិច្ចបានហក់ឡើងមកដល់ជាង ៧៥ម៉ឺនអង្គភាព សម្រាប់ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២។ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនកា លើកឡើងថា លទ្ធផលបឋមនៃជំរឿន​សេដ្ឋកិច្ចឆ្នាំ ២០២២នេះ ជារួមគឺមានសារៈសំខាន់ជាខ្លាំង។ ទិន្នន័យដែលទទួលបានពីជំរឿនសេដ្ឋកិច្ចនេះ គឺនឹងប្រើប្រាស់ដើម្បីធ្វើបច្ចុប្បន្នភាពនៃខឿន​សេដ្ឋកិច្ច​កម្ពុជា អំពីមូលដ្ឋានគ្រឹះនៃអង្គភាពសេដ្ឋកិច្ច សហគ្រាសឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។ លទ្ធផលនេះ ក៏នឹងប្រើប្រាស់ដើម្បី បំពេញតម្រូវការទិន្នន័យចាំបាច់ដែលកើនឡើង​ជាលំដាប់របស់​អ្នកប្រើប្រាស់ ​ពីបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកវិស័យឯកជន សហគមន៍ជាតិ​ និងអន្តរជាតិ ក្រុមអ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍនានា។លើសពីនេះ ទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នឹងរួមចំណែកក្នុងដំណើរការអនុវត្តគោល នយោបាយ​វិមជ្ឈការ និងវិសហមជ្ឈការ, គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា, ការគណនាកំណើនសេដ្ឋកិច្ច ក្នុងការគាំទ្រធ្វើផែនការដោយ​ផ្អែក​លើស្ថិតិជាមូលដ្ឋាន និងការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិនៃកម្ពុជាផងដែរ៕អត្ថបទ៖ គឹមហុក

ពលរដ្ឋខេត្តត្បូងឃ្មុំ កំពុងប្រមូលផលដំឡូងមី ក្នុងតម្លៃចន្លោះ ៤០០ រៀលស្រស់ក្នុង១គីឡូក្រាម

2023/01/17 02:57:19 pm        931
ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋប្រកបរបរដាំដំឡូងមីក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផល ក្នុងតម្លៃ ១គីឡូក្រាម​ស្រស់ ៤០០រៀល លក់ក្នុងស្រុកឱ្យឈ្មួញ​ដែលប្រមូលទិញក្បែរៗ​ចំការរបស់​ពួកគាត់ ខណៈតម្លៃនេះ​គឺអាចទទួលយកបាន ​ទោះមិនចំណេញច្រើន ​ព្រោះអាច​បាន​ប្រាក់ចំណូលខ្លះ​សម្រាប់​ទ្រទ្រង់​ជីវភាពគ្រួសារ ។បើតាមការរៀបរាប់របស់លោក សុ ភី អ្នកដាំដំឡូងមី រស់នៅភូមិពើក ​ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ​លោកបានប្រកបរបរនេះជាច្រើនឆ្នាំមកហើយ ​ខណៈនៅឆ្នាំនេះ​ឈ្មួយដែល​ប្រមូល​ទិញនៅក្នុងស្រុកគេហ៊ានឱ្យតម្លៃ ចន្លោះពី ៤០០ ទៅ ៤៥០ រៀលក្នុង ​១គីឡូក្រាមស្រស់ ។ លោកថា តម្លៃនេះវាមិនចំណេញច្រើននោះទេ​ សម្រាប់ពួកគាត់​ព្រោះការដាំដុះសព្វថ្ងៃគឺត្រូវ​ចំណាយ​ច្រើន ដូចជា លើការភ្ជួដី ឈ្នួលដាំ និងថែទាំ ពិសេសចំណាយលើថ្លៃជី ដែលមានតម្លៃថ្លៃ ។បើតាមការបញ្ជាក់របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ​ បានឱ្យដឹងថា ​ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋដាំដុះដំឡូងមីជិត​ ៤ម៉ឺនហិកតាក្នុងឆ្នាំ ២០២២​ ហើយមួយចំនួនធំ​កំពុងប្រមូលផលលក់ឱ្យទៅឈ្មួញក្នុងស្រុក​ ដោយក្នុង១គីឡូក្រាមស្រស់ ចន្លោះ៤០០រៀល ទៅ៤៥០រៀល ដែលតម្លៃនេះ ប្រហាក់ប្រហែលឆ្នាំមុនដែរ ។សូមជម្រាបថា​ ដំឡូងមីជាដំណាំ១ប្រភេទ​ដែលត្រូវចំណាយ​ពេល​ដាំដុះជិត​១ឆ្នាំ​ពេញទើប​អាច​ប្រមូលផលបាន ​ខណៈមកដល់ពេលនេះ ទីផ្សារធំបំផុតគឺនាំចេញទៅប្រទេស​វៀតណាម​តាមច្រកព្រំដែន​មួយ​ចំនួន​ក្នុងខេត្តត្បូងឃ្មុំ ៕ អត្ថបទ៖ ជឹង សេងឡុង

កម្ពុជានាំចេញកៅស៊ូស្ងួតបរិមាណជាង៣៧ម៉ឺនតោន កើនឡើងតិចតួចក្នុងឆ្នាំ២០២២

2023/01/17 01:52:48 pm        784
ភ្នំពេញ៖ កម្ពុជា បាននាំចេញកៅស៊ូស្ងួតចំនួន ៣៧២ ៩០០ តោនក្នុងឆ្នាំ២០២២ កើនឡើង ១,៨ ភាគរយពី ៣៦៦ ៣០០ តោនកាលពីឆ្នាំមុន។របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កម្ពុជា ​រក​បាន​ប្រាក់​ចំណូល​ចំនួន ៥២៧,៧ លាន​ដុល្លារ​អាមេរិក​ពី​ការ​នាំ​ចេញ​ទំនិញ​កាលពី​ឆ្នាំ​មុន ធ្លាក់​ចុះ ១២ ភាគរយ​ពី ៦០០,៧ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។ឯកឧត្តម ហ៊ឹម អូន អគ្គនាយក​នៃអគ្គនាយកដ្ឋានកៅស៊ូ ​បាន​និយាយនៅក្នុងរបាយការណ៍ថា កៅស៊ូ​ស្ងួតមួយតោនជាមធ្យមមានតម្លៃ ១ ៤១៥ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ប្រហែល ២២៥ ដុល្លារតិចជាងឆ្នាំ ២០២១ ។ឯកឧត្តម ហ៊ឹម អូន ធ្លាប់បាន​បញ្ជាក់ថា កត្តា​ដែល​នាំឱ្យ​ការនាំចេញ​កៅស៊ូ​កើនឡើង​ក្នុងអំឡុង​ពេលនេះ​ ដោយសារ​ឧបសគ្គ​ចំពោះ​ការ​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ មាន​ភាព​ធូរស្រាល​ជា​បណ្តើរៗ​ ហើយ​នៅ​តាម​បណ្តា​ប្រទេស​ផលិត​កៅស៊ូ រដ្ឋាភិបាល​បាន​ដកចេញ​វិញ​នូវ​ការ​រឹតត្បិត​ប្រទេស ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​។ កម្ពុជា នាំចេញទំនិញ​ភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម​ សិង្ហបុរី និងចិន។របាយការណ៍​ បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃដី​សរុប ៤០៤.៥៧៨ ​ហិកតា ដែល​ក្នុង​នោះ​ដើមកៅស៊ូ​លើ​ផ្ទៃដី ​៣១៥.៣៣២ ហិកតា ឬ ៧៨ ភាគរយ​ ដល់​អាយុសម្រាប់ជៀជ័រកៅស៊ូបាន​៕ អត្ថបទ៖ វណ្ណៈ 

ការនាំចេញផលិតផលស្បែកជើងឆ្នាំ ២០២២ មានទំហំទឹកប្រាក់ ១.៧ ពាន់លានដុល្លារអាម៉េរិក

2023/01/16 12:50:39 pm        488
ភ្នំពេញ៖ តម្លៃនាំចេញផលិតផលស្បែកជើង នៅក្នុងឆ្នាំ ២០២២ ​សម្រេចបានប្រមាណជា ១.៧ ពាន់លាដុល្លារអាមេរិក ​កើនឡើងប្រមាណ ៧.៧ ភាគរយ ​បើធៀបទៅនិងឆ្នាំ២០២១ ហើយទីផ្សារធំ​ជាងគេ មានសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុប។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមសមាគមផលិតស្បែកជើងកម្ពុជា (CFA) លើកឡើង នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ ​ការនំាចេញស្បែកជើង មានទំហំទឹកប្រាក់ប្រមាណ ​១.៧ លានដុល្លារអាមេរិក កើនឡើងជា ​​៧.៧ ភាគរយ ខណៈកម្ពុជា​បាននាំចេញផលិតផលសរុបប្រមាណជាង​ ២២ ពាន់លាន​ដុល្លារ​អាមេរិក កើនឡើងជាង ១៦ ភាគរយ។ចំពោះទីផ្សារនាំផលិតផលស្បែកជើងនៅក្នុងឆ្នាំ ២០២៣ វិញ អ្នកឧកញ៉ា លី ឃុនថៃ ​មើលឃើញថា អាចនឹងមានស្ថានភាពថមថយចុះមកវិញខ្លះៗ ​ខណៈដែលការបញ្ជាទិញពីដៃគូរក្រៅប្រទេស នៅ​ក្នុងឆ្នាំ ២០២២ ​បាននាំចូលជាគំហុក ​ដែលធ្វើឲ្យស្ថានភាពនៃការចែកចាយរបស់ពួកគាត់ មិនទាន់អស់ពីស្តុកនៅឡើយ។សូមបញ្ជាក់ថា ​វិស័យឧស្សាហកម្ម ត្រូវបាន​ព្យាករថា ​នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ ២០២៣ ​ប្រហាក់ប្រហែល​ទៅនឹងកំណើនឆ្នាំ​ ២០២២​ ក្នុងអត្រា ៩,០% ដោយសារការ​រំពឹងទុក​លើការបន្តកំណើនរឹងមាំ​ នៃអនុវិស័យកាត់ដេរ​ និងកម្មន្តសាលមិនមែនកាត់ដេរ​ ដោយសារការ​រំពឹងទុក ​លើភាពល្អប្រសើរនៃតម្រូវការខាងក្រៅ​ ជាពិសេសទីផ្សារសហរដ្ឋអាម៉េរិក​ ស្របជាមួយការ​រំពឹងទុកលើការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ដូចជា ​មីយ៉ាន់ម៉ាជាដើម។ការដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ​​ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងបន្ថែមក្នុង​អនុវិស័យ​នេះផងដែរ តែយ៉ាងណាមិញ ​ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំ​ឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ​ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន សហរដ្ឋអាម៉េរិក ​និងសហភាពអឺរ៉ុប ​អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Modi សម្លឹងដល់ជ័យជម្នះជាប្រវត្តិសាស្ត្រ ខណៈរដ្ឋសំខាន់ៗរបស់ឥណ្ឌាចាប់ផ្តើមរាប់សន្លឹកឆ្នោត
05/04/2026 04:05 PM
អឺរ៉ុប៖ ពេលវេលានៃការដកកងទ័ពអាមេរិកចេញពីប្រទេសអាល្លឺម៉ង់ គឺជារឿងគួរឱ្យភ្ញាក់ផ្អើល
05/04/2026 04:05 PM
ប្រធានសិទ្ធិមនុស្ស UN ព្រមានថា ការវាយប្រហារលើអ្នកសារព័ត៌មានគំរាមដល់សេរីភាពសកល
05/04/2026 04:05 PM
កម្ពុជាត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី៖ បុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ
05/04/2026 04:05 PM
រដ្ឋមន្ត្រីការពារជាតិ ជួបពិភាក្សាជាមួយគណៈកម្មការទី៤ នៃរដ្ឋសភា ពិនិត្យលើសេចក្ដីព្រាងច្បាប់កាតព្វកិច្ចយោធា
05/04/2026 04:05 PM
រដ្ឋមន្រ្ដីបីក្រសួងដឹកនាំប្រជុំអំពីកម្មវិធី គោលនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
05/04/2026 04:05 PM
អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាជួបពិភាក្សាជាមួយប្រធានបេសកកម្ម ICRC ប្រចាំ​កម្ពុជា អំពីស្ថានភាពរស់នៅរបស់ជនភៀសសឹកនៅតាមជម្រកបណ្តោះអាសន្ន និង​យន្តការ​ជួយ​គាំពារ​បន្ថែម
05/04/2026 04:05 PM
នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ថា វិបត្តិប្រេងមាន «ផលប៉ះពាល់យ៉ាងធំធេង» នៅអាស៊ី-ប៉ាស៊ីហ្វិក
05/04/2026 04:05 PM
អាស៊ីកំពុងរងប៉ះពាល់ខ្លាំងជាពិសេស ដោយសារផលវិបាកសេដ្ឋកិច្ចបណ្ដាលពីជម្លោះអ៊ីរ៉ង់
05/04/2026 04:05 PM
របាយការណ៍៖ អាមេរិកប្រគល់នាវាអ៊ីរ៉ង់ដែលត្រូវបានរឹបអូសទៅប៉ាគីស្ថាន ដើម្បីធ្វើមាតុភូមិនិវត្តន៍
05/04/2026 04:05 PM