ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់
អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ
កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ

សេដ្ឋកិច្ច និង កសិកម្ម

ជប៉ុនស្នើរាជរដ្ឋាភិបាល ជួយអន្តរាគមន៍និងគាំទ្រលើការវិនិយោគ ដើម្បីទាក់ទាញធុរជនបន្ថែម

2022/11/05 01:30:51 pm        528
ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ស្នើសុំរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួយអន្តរាគមន៍ និងការជួយគាំទ្រលើគម្រោងបន្ថែមវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក្នុងទិសដៅទាក់ទាញ​ការវិនិយោគពីវិស័យឯកជន និងវិនិយោគិនជប៉ុន ចូលមកកម្ពុជាបន្ថែម។ឯកឧត្តម Masahiro MIKAMI ឯកអគ្ដរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា ក្នុង​ជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣វិច្ឆិកាកន្លងមក ឯកឧត្តម បានសម្តែងនូវការ​អបអរសាទដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេច​បាននូវសមិទ្ធិផលថ្មីមួយទៀត គឺការដាក់អនុវត្តជាផ្លូវការ “ក្របខណ្ឌគោលនយោបាយជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥” នេះជាដើម ។ ជាមួយគ្នានេះ, ក្នុងអាណិត្តបំពេញភារកិច្ចការទូតនៅកម្ពុជា, ឯកឧត្តមឯកអគ្គរាជទូត ប្តេជ្ញា​ខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព ​របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​បន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន ​និងជំនួយបច្ចេកទេស ជាពិសេស​ជំរុញការអភិវឌ្ឍវិស័យឯកជននានានៅកម្ពុជា។ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏សូមស្នើសុំនូវកិច្ចអន្តរាគមន៍ និងការជួយគាំទ្រ​បន្ថែម​ទៀត លើគម្រោង វិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក្នុងទិសដៅទាក់ទាញការ​វិនិយោគ​ពីវិស័យឯកជន​ និងវិនិយោគិនជប៉ុនចូលមកកម្ពុជាបន្ថែមទៀត ជាក់ស្តែងក្រុមហ៊ុន​តូយ៉ូតាជប៉ុន ដែលនឹងគ្រោងនឹងបើកប្រតិបត្តិការរោងចក្រ​ដំឡើង​យានយន្ត (Toyota Vehicle Assembly) នៅកម្ពុជាឆាប់ៗខាងមុខនេះ​ និងផ្សារ AEON Malls ជាដើម ។ ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង​ស្វាគមន៍ ចំពោះរាល់គម្រោង​វិនិយោគនានា ក្នុងវិស័យឯកជន ជាពិសេសគម្រោងបង្កើត​រោងចក្រ​ដំឡើង​យានយន្ត របស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលនេះជាការលើកស្ទើយដល់វិស័យវិនិយោគ​ឯកជន និងក៏ជាការផ្តល់នូវទំនុកចិត្តដ៏សំខាន់ទៅដល់វិនិយោគិន ​មកពីប្រទេសជប៉ុន និង​ប្រទេសដទៃ ហើយក៏ជាការនាំមកនូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជប៉ុនមកកាន់កម្ពុជា ។ ជារួម រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះផែនការគម្រោងវិនិយោគ និងលើកទឹកចិត្តដល់បណ្តា​វិនិយោគិនជប៉ុន និងខិតខំបន្តជំរុញបន្ថែមទៅកាន់ស្ថាប័នពាក់ព័ន្ធ ​ដើម្បីអាចផ្តល់ឱកាស និង​ជំរុញបរិយាកាសអំណោយផលវិនិយោគសម្រាប់វិនិយោគិនជប៉ុនបន្ថែមទៀត ។សូមបញ្ជាក់ថា ក្នុងជំនួបនេះ, ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើគម្រោងដែលកំពុង​ដំណើរការ និងបេក្ខភាពគម្រោងអភិវឌ្ឍន៍ថ្មីៗ ​ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (JICA, ODA, Loan) ក្នុងនោះ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​ក៏បានស្នើដល់រដ្ឋាភិបាលជប៉ុន បន្តជួយ​គាំទ្រ​បន្ថែមទៀត ដល់គម្រោងដែលកំពុងដំណើរការ ​និងបន្តយកចិត្តទុកដាក់ខ្ពស់ ទៅដល់បេក្ខភាព​គម្រោងនានា ដើម្បីធានាបាននូវនិរន្តភាព ​និងប្រសិទ្ធភាពនៃការប្រើប្រាស់ហិរញ្ញវត្ថុ ឱ្យមានភាព​ប្រទាក់​ក្រឡាជាមួយគោលនយោ បាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ។ ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់​ការ​វិនិយោគពីវិស័យឯកជន ​ដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឲ្យបានច្រើនបន្ថែមទៀត៕អត្ថបទ៖ សុន រ៉ាឌី

ខេត្តព្រៃវែងអាចផលិតស្រូវបាន១,៦លានតោន និងអាចនាំចេញជាង១លានតោនក្នុង១ឆ្នាំ

2022/11/04 01:20:12 pm        362
ព្រៃវែង៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង លោក អ៊ុក សំណាង បានឱ្យដឹងថា ខេត្តព្រៃវែង ជាខេត្តផលិតស្រូវបានច្រើនជាងបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា ដោយក្នុង១ឆ្នាំៗ ផលិតបានបរិមាណផលស្រូវ១,៦លានតោន ហើយបរិមាណស្រូវនៅសល់សម្រាប់​នាំចេញ ជាង១លានតោន ក្នុង១ឆ្នាំ។កាលពីថ្ងៃទី០៣ ខែវិច្ឆិកាម្សិលមិញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធី​ចុះហត្ថ​លេខា ផលិតកម្ម កសិកម្មតាមកិច្ចសន្យា ស្ដីពីការធ្វើផលិតកម្ម និងផ្គត់ផ្គង់​ស្រូវចំណីសើម រវាងរោង​ម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ​និងសហគមន៍កសិកម្ម ក្នុងខេត្តព្រៃវែង។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា ខេត្តព្រៃវែង ​ស្ថិតនៅតំបន់វាលទំនាប ទន្លេមេគង្គ ​ដែលមានផ្ទៃដីដាំដុះ សរុប ​៣៣ម៉ឺន៧០០០ហិកតា។ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យានេះ ​គឺជាយន្តការផ្សារភ្ជាប់រវាង​អ្នកផលិត ជាមួយ​អ្នកទិញ ក្នុងគោលបំណងធានានូវនិរន្តភាព ​នៃការផលិត ដោយផ្អែកលើ​គោលការណ៍​ឈ្នះទាំង​សងខាង ​ហើយទទួលបានប្រយោជន៍ទាំងអស់គ្នា​ គឺអ្នកផលិតមានទីផ្សារសម្រាប់លក់ច្បាស់លាស់ និងអ្នកទិញមានផលិតផលសម្រាប់ការកែច្នៃ ​ដើម្បីនាំចេញទៅ កាន់ទីផ្សារ។អាស្រ័យដោយភាគីទាំងពីរ បានយល់ច្បាស់ពីអត្ថប្រយោជន៍ ​នៃកិច្ចសន្យាផលិតកម្មកសិកម្មនេះ មានសហគមន៍​កសិកម្មចំនួន៣ គឺ សហគមន៍កសិកម្មបូព៌ាសែនជ័យ សហគមន៍ពោធិ៍លាស់​សែនជ័យ និង សហគមន៍បាភ្នំមានជ័យ ​បានចុះកិច្ចសន្យាជាមួយរោងម៉ាស៊ីន​កិនស្រូវ ឈិត ប៊ុនថន ក្នុងការផ្គត់ផ្គង់ស្រូវចំ ណីសើម មានចំនួន០៤កិច្ចសន្យា ក្នុងនោះផ្គត់ផ្គត់ស្រូវចំណី​ពូជសែន​ក្រអូប ចំនួន០២កិច្ចសន្យា ដែល មានបរិមាណស្រូវ ​ចំនួន៨០០តោន និងផ្គត់ផ្គត់​ស្រូវចំណីពូជ OM 5451 ចំនួន០២កិច្ចសន្យា ដែលមាន បរិមាណស្រូវ ចំនួន១៨០០តោន។ដោយមានការសម្របសម្រួល និងទំនុកចិត្តគ្នា ​ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន បានយល់ ព្រមផ្ដល់ទុនកម្ចីជាធាតុចូលកសិកម្ម ​មានគ្រាប់ពូជស្រូវ និងជីគីមី ​ទៅឲ្យសហគមន៍ប្រើប្រាស់មុន និងសងវិញនៅពេលប្រមូលផលស្រូវ៕ អត្ថបទ៖ សៅ យ៉ាម៉ង់ 

កម្ពុជាដាក់អនុវត្តជាផ្លូវការក្របខណ្ឌគោលនយោបាយថ្មី ដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ចជាតិ

2022/11/03 01:00:18 pm        414
ភ្នំពេញ៖ រាជរដ្ឋាភិបាល ដាក់អនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ច​កម្ពុជា ២០២២-២០៣៥ ​ក្នុងគោលដៅធ្វើឲ្យបានសម្រេចនូវសន្តិសុខសេដ្ឋកិច្ច និងសុខុមាលភាព​ប្រជាជន ​ការបង្កើនចំណូលរបស់ប្រជាជនម្នាក់ៗ ដើម្បីឆ្ពោះទៅសម្រេចឱ្យបានសេដ្ឋកិច្ចដែលមាន​តម្លៃបន្ថែមខ្ពស់។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ថ្លែងលើកឡើងនៅក្នុងពិធី​ប្រកាស​ដាក់អនុវត្តជាផ្លូវការ “ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ​២០២២-២០៣៥» នៅថ្ងៃទី ៣ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ស្ថានភាពសង្គម-សេដ្ឋកិច្ច ​និងនយោបាយអន្តរជាតិ មានការប្រែប្រួលឆាប់រហ័ស​ និងមានលក្ខណៈកាន់តែ​ស្មុគស្មាញ ដែលតម្រូវឱ្យយើងទាំងអស់គ្នា​បន្តយកចិត្តទុកដាក់ និងសម្របខ្លួនឱ្យបានទាន់ពេល ។ ជាក់ស្តែង, បញ្ហាប្រឈមជាច្រើន មានជាអាទិ៍ ការបន្ទួចបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់សកល គួបផ្សំនិង​សង្គ្រាមពាណិជ្ជកម្ម និងការប្រជែងខាងភូមិសាស្ត្រនយោបាយ ​បានដាក់កំហិតកាន់តែខ្លាំង មក​លើប្រទេសជាច្រើនក្នុងតំបន់ និងសកលលោក ក្នុងការអភិវឌ្ឍសង្គម ​និងសេដ្ឋកិច្ចរបស់ខ្លួន ។ ដោយឡែកចំពោះកម្ពុជា, ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ និងការដាក់ចេញនូវវិធានការ​នានា ដែលមានភាពប្រទាក់ក្រឡាគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម ​និងហានិភ័យចំពោះមុខ ត្រូវមាន​លក្ខណៈច្បាស់លាស់, មុតស្រួច, និងចំទិសដៅ, ​ប្រកបដោយប្រសិទ្ធភាព និង ផលិតភាព​ខ្ពស់ជាដើម។ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥ បានកំណត់ចក្ខុវិស័យ «កសាង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ​ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ និង​នវានុវត្តន៍ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែប្រសើរ សំដៅពង្រឹងសន្តិសុខ​សេដ្ឋកិច្ច និង សុខុមាលភាពសង្គម ប្រកបដោយចីរភាព និង បរិយាប័ន្ន ៕អត្ថបទ៖ ស៊ុន រ៉ាឌី 

កម្ពុជាទទួលបានការចុះបញ្ជី តាមប្រព័ន្ធថ្នាលប្រព័ន្ធបច្ចេកវិទ្យា មានចំនួនជាង ១៩ ពាន់ក្រុមហ៊ុន

2022/11/03 12:53:32 pm        307
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២ ខែវិច្ឆកានេះ ការអនុវត្តចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាល​បច្ចេកវិទ្យាព័ត៌មាន របស់រាជរដ្ឋាភិបាល បានអនុម័តការចុះបញ្ជីជាផ្លូវការ ​មានចំនួនជាង ១៩ ពាន់ក្រុមហ៊ុន ​និងមាននាមករណ៍បម្រុងទុកជាច្រើនក្រុមហ៊ុនទៀត ដែលគ្រោងអនុម័តជា​បន្ត​បន្ទាប់។បើគិតជាមធ្យមការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ​ មានចំនួនប្រមាណជា ៨ ក្រុមហ៊ុនក្នុងមួយថ្ងៃៗ។ ក្រៅពីការអនុម័តជាផ្លូវ ក្នុងនោះមានក្រុមហ៊ុនបម្រុងទុកប្រមាណជាង ១២ ពាន់ក្រុមហ៊ុនផ្សេងទៀត​ នឹងធ្វើការអនុម័តជាបន្តបន្ទាប់ ។ តាមការបង្ហាញរបស់ក្រុមការងារនៃការចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា​ព័ត៌មាន កាលពីខែ មិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនដែលបានចុះបញ្ជីរួច ​ប្រមាណ ១៤ ​ពាន់ក្រុមហ៊ុន គឺមាន​ដើមទុនវិនិយោគសរុបចំនួនជិត ២០ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ៤ ៦៧០ លាន​ដុល្លារអាមេរិក។សូមបញ្ជាក់ថា ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺមាន ២ ដំណាក់កាល ក្នុងនោះសម្រាប់ដំណាក់កាលទី ១ បានដាក់ឱ្យដំណើរការជាផ្លូវការរួមមាន៖ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ចំណែកដំណាក់កាលទី ២ បានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ ផ្តោតលើការ​ផ្តល់​អាជ្ញាបណ្ណជំនាញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួង​ទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និង​បញ្ចាំ​នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕អត្ថបទ៖ សុន រ៉ាឌី

ថវិកាប្រមាណ១១លានដុល្លារ បានចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចក្នុងខេត្តព្រះវិហារ ក្នុងឆ្នាំ២០២២

2022/11/02 04:49:16 pm        684
ព្រះវិហារ៖ ថវិកាប្រមាណ១១លានដុល្លារ បានចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចក្នុងខេត្តព្រះវិហារ តាមរយៈការចុះកិច្ចសន្យាទិញ លក់ ដំឡូងមីស្ងួតរវាងសហគមន៍កសិកម្មចំនួន ១១នៅខេត្តព្រះវិហារ ក្នុងឆ្នាំ២០២២។នៅរសៀលថ្ងៃទី១ ខែវិច្ឆិកាម្សិលមិញនេះ សហគមន៍កសិកម្មចំនួន១១នៅខេត្តព្រះវិហារ បានចុះកិច្ចសន្យា ទិញ លក់ ដំឡូងមីស្ងួត ជូនក្រុមហ៊ុនហង្សហាវេស អេហ្រ្គីខលឈ័រ លើបរិមាណជាង៥ម៉ឺនតោននៅក្នុងឆ្នាំ២០២២នេះ។ ពិធីនេះក្រោមវត្តមានឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លោក ប្រធានមន្ទីរកសិកម្មខេត្ត លោកនាយកក្រុមហ៊ុន លោក លោកស្រីតំណាងដៃគូរអភិវឌ្ឍន៍ និងប្រជាសហគមន៍កសិកម្មជាច្រើនរូបទៀត ។ក្នុងពិធីនោះដែរឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងដោយ​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ​ដែលបានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា ​លើកិច្ចសន្យាប្រចាំឆ្នាំ សម្រាប់​ការ ទិញ លក់ ដំឡូងមីស្ងួត រវាងក្រុមហ៊ុនហង្សហាវេស ​អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្ម​នៅខេត្តព្រះវិហារនាពេលនេះ។ ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​និងក្រុមការងារ​គម្រោងពិពិធកម្មក​សិកម្មកម្ពុជា ក្រុមការងារក្រុមហ៊ុនSBK និងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ពិសេសមន្ទីរ​កសិកម្មខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងដើម្បី​ឱ្យមានកម្មវិធីចុះហត្ថលេខានេះ។ឯកឧត្តម អភិបាលខេត្តព្រះវិហារ ក៏​បានសំដែងនូវក្តីសោមនស្សរីករាយចំពោះថ្នាក់ដឹក​នាំ​និង​ក្រុមការងារគម្រោង ​ដែលបានសហការយ៉ាងល្អប្រពៃ ​ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ហើយ​បានប្រឹងប្រែងយកចិត្តទុកដាក់ ​និងទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគម្រោង ទោះបីជាជួប​បញ្ហាប្រឈមពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក្តី ក៏បានរួមគ្នាដោះស្រាយការងារសង្គ្រោះបន្ទាន់ ដល់អ្នករងគ្រោះដោយសារវិបត្តិនេះ ​តាមរយៈបង្កើនផលិតកម្មស្បៀងដែលឆាប់ឱ្យផល ដូចជា​ផលិតកម្មបន្លែ វារីវប្បកម្ម ចិញ្ចឹមត្រី កង្កែប ការចិញ្ចឹម មាន់ ទា ព្រមទាំងផ្តល់ស្រះ អណ្តូង ដែលបាន​ជួយគ្រួសារក្រីក្រអាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ឯកឧត្តម គីម រិទ្ធី ថ្លែងបន្តថា ថ្ងៃនេះយើងបានចុះហត្ថលេខាលើកិច្ចសន្យា ទិញ លក់ ដំឡូងមីស្ងួត រវាង​ក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ​ជាមួយសហគមន៍កសិកម្មចំនួន១១ លើបរិមាណជាង ៥ម៉ឺនតោន។ដែលនេះបង្ហាញពីភាពរឹងមាំនៃទីផ្សារដំឡូងមីនៅកម្ពុជា​ អាចនាំចេញទៅប្រទេសចិន នឹងអាចចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ​ តាមរយៈការពង្រឹង ពង្រីក​ទីផ្សារផលិតផលកសិកម្ម។ដើម្បីឱ្យកិច្ចសន្យានេះដំណើរការបានដោយរលូន​ ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានណែនាំ​ភាគីទាំងពីរព្យាយាមអនុវត្តឱ្យបានល្អ ​នូវរាល់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចសន្យា ជាពិសេស​ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ត្រូវពន្យល់ដល់សមាជិក​ដែលជាផលិតករ ឱ្យបាន​យល់ច្បាស់​នូវរាល់លក្ខខណ្ឌ​ រួមទាំងបរិមាណ និងគុណភាពដំឡូងមីស្ងួត​ដែលត្រូវផ្គត់ផ្គង់​ជូនក្រុមហ៊ុន៕

កម្ពុជា​ជាប្រទេសបើកជំហរសេដ្ឋកិច្ចខ្ពស់ ផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយម

2022/11/02 12:49:42 pm        443
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាជា​ប្រទេស​បើកជំហរ​សេដ្ឋកិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំង​លើប្រព័ន្ធពហុភាគីនិយមផ្អែក​លើវិធាន​ច្បាប់​ជា​គោលការណ៍​ និងការធ្វើសមាហរណកម្មសសេដ្ឋកិច្ចតំបន់ ​និងសកល។ថ្លែងក្នុងពិធីវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយតំបន់​ និងការប្រកាសជាផ្លូវការនៃសៀវភៅទី២​ របស់វិទ្យាស្ថានស្រាវជ្រាវ​សេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅថ្ងៃទី២ ខែវិច្ឆិកា​ សម្តេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា នៅក្រោមការអនុវត្តពេញលេញនៃអាសិប ផលិតផលក្នុងស្រុកសរុបកម្ពុជា អាចនឹង​កើនឡើងបន្ថែមប្រមាណពី ២​ភាគរយ ទៅ៣.៥ភាគរយ។សម្តេចតេជោ នាយករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ​ក្រៅពីអាសិប កម្ពុជា ​ក៏មានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគីកម្ពុជា-ចិន​ ដែលចូលធរមាននៅថ្ងៃទី១ ​ខែមករា​ ឆ្នាំ២០២២ និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ កម្ពុជា-កូរ៉េ ​ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ​ខែធ្នូខាងមុខ។​ទន្ទឹមនឹងនេះសម្តេចតេជោ បញ្ជាក់ថា ​កម្ពុជា​កំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីជាមួយប្រទេសដទៃផ្សេងទៀត។គួរបញ្ជាក់ អាសិប ត្រូវបានប្រកាសឱ្យចាប់ផ្តើមចរចាកាលពីឆ្នាំ២០១២​ នៅរាជធានីភ្នំពេញ ក្នុង​ឱកាស​នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១​ដែល​កម្ពុជាជាប្រធាន ​ហើយនៅឆ្នាំ២០២២ ការ​ប្រកាស​ចរចាកិច្ចព្រមព្រៀង​អាសិបចូល​ជា​ធរ​មានស្របពេលដែលកម្ពុជា​ជាប្រធានអាស៊ានជាថ្មីម្តង​ទៀត​នៅឆ្នាំ២០២២៕ អត្ថបទ៖ វណ្ណៈ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅថ្ងៃទី១ខែធ្នូខាងមុខ

2022/11/02 12:42:20 pm        904
ភ្នំពេញ៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសនៅថ្ងៃទី២ ខែធ្នូនេះថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី កម្ពុជា-កូរ៉េ ​នឹងចូលជាធរមាននៅថ្ងៃទី១ ​ខែធ្នូខាងមុខ។សម្តេចតេជោ ​ហ៊ុន សែន​ ប្រកាសពី​កាលបរិច្ឆេទ​ចូល​ជា​ធរមាននៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគីកម្ពុជា-កូរ៉េ ​ក្នុងវេទិកាជាន់ខ្ពស់​ ស្តីពីគម្រប់ខួប​អនុស្សាវរីយ៍​១០ឆ្នាំ នៃកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ​និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់​វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន​ និងអាស៊ីបូព៌ា (ERIA)នៅថ្ងៃទី២ ខែ វិច្ឆិកា ។រាជរដ្ឋាភិបាលកម្ពុជានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីខែកុម្ភៈ ហើយរដ្ឋាភិបាលកូរ៉េខាតត្បូង ​បានផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​រួចរាល់ កាល​ពីខែតុលាកន្លងទៅ។​នៅពេលអនុវត្តពេញលេញ ​កិច្ចព្រមព្រៀងនេះ ​នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុន​សរុបក្នុង​ស្រុក ​និងកំណើន​ឱកាសការងារ ព្រមទាំងជួយស្តារសេដ្ឋកិច្ចឡើងវិញ របស់​ប្រទេស​ទាំងពីរ ​ដែលបានទទួលរងផល​ប៉ះពាល់​ជំងឺកូវីដ-១៩ ដោយនឹងពង្រីកការធ្វើ​សេរីភាវូបនីយកម្មទីផ្សារ។បច្ចុប្បន្នការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េភាគច្រើន​ជា​ផលិតផលកសិកម្ម និង​ផលិតផល ​សំលៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, កង់, សម្ភារៈធ្វើដំណើរ - ​កាបូបយួរ, គ្រឿងបង្គុំ, គ្រឿងបន្លាស់ ជាដើម។ ចំណែកទំនិញដែលកម្ពុជានាំចូលពីកូរ៉េវិញរួមមាន ​សម្ភារៈអេឡិចត្រូនិក, រថយន្ត, គ្រឿងចក្រសំរាប់​បម្រើ​ឱ្យវិស័យសំណង់ ​និងវិស័យកសិកម្ម, វត្ថុធាតុដើមក្រណាត់ និង ​ស្បែកកែច្នៃ, ផលិតផល​រក្សាសម្ផស្ស (Cosmetics), អាហារ- គ្រឿងទេស, សម្ភារៈសំណង់, ​គ្រឿងបន្លាស់...។សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ​មានប្រមាណ ៨១៨​លានដុល្លារ ​ក្នុងរយៈពេល ៩ខែឆ្នាំ​ ២០២២នេះ។ ក្នុងនោះការនាំចេញទំនិញកម្ពុជា ទៅប្រទេសកូរ៉េ ​មានតម្លៃជាង ៣០១ លាន​ដុល្លារ ខណៈកូរ៉េនាំទំនិញចូលកម្ពុជាវិញមានតម្លៃជាង​ ៥០៥លានដុល្លារ។ នេះបើតាមរបាយការណ៍​សមាគម​ពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ៕អត្ថបទ៖ ជា វណ្ណៈ

ប្រជាកសិករឧត្តរមានជ័យ ចាប់ផ្តើមប្រមូលផលស្រូវជាបណ្ដើរៗហើយ

2022/11/01 04:34:34 pm        852
ឧត្តរមានជ័យ៖ ប្រជាកសិកររស់នៅចំណុចសង្កាត់បន្សាយរាក ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ផ្តើមធ្វើការប្រមូលផលស្រូវជាបណ្តើរៗហើយ ខណៈទឹកជំនន់បានស្រកអស់ហើយនោះ ។នាព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២២ ប្រជាកសិករ បានលើកឡើងថា នៅចុងឆ្នាំ២០២២នេះ​ទឹកជំនន់​ដែលរងការជនលិចបង្ករឲ្យមានផលប៉ះពាល់ដល់ផលដំណាំមួយចំនួនតូច នៅតាម​​មូលដ្ឋាន​នានា​ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ តែមិនបង្ករឲ្យមានផលប៉ះពាល់ខ្លាំង​ដល់ផលដំណាំ​កសិកម្ម​របស់ពួកគាត់​ប៉ុន្មាននោះទេ​ ស្របពេល​ទឹកជំនន់​បាន​ស្រក​ទៅវិញនោះ​ ធ្វើឲ្យ​ដំណាំ​ស្រូវ​របស់​កសិករ​មួយចំនួន​ទទួល​បាន​ទិន្នផល​ល្អប្រសើរ​ទៅវិញ។ក្នុងនោះដែរលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ខេត្តឧត្តរមានជ័យ ​បានឲ្យដឹងថា ​ស្រូវរបស់បងប្អូនប្រជាកសិករធ្វើ​កសិកម្មក្នុង​ភូមិសាស្រ្តខេត្ត​ឧត្តរមានជ័យ តាមបណ្តាលមូលដ្ឋាន​ក្នុងក្រុងស្រុកនានា​​បន្ទាប់​ពី​ទឹកជំនន់ទទួលរងការជន់លិច​កន្លងមក​បានស្រកអស់ហើយនោះ​វា​មិន​បណ្តាល​ឲ្យ​មានផល​ប៉ះពាល់​ខ្លាំងនោះទេ។ ​ផ្ទុយទៅវិញ​បែរ​ជាហុចផល​បែកគុម្ព​ធំៗ​ទទួល​ទិន្នផល​យ៉ាង​ល្អប្រសើរ​ទៅវិញ។លោក បន្តថា សម្រាប់ឆ្នាំ២០២២នេះ ផ្ទៃដីកសិកម្មដំណាំស្រូវ​សរុបមាន​ចំនួន៩៥ ៧៨៤ហិកតា ស្រូវស្រាល២ ៤៥០ ហិកតា ស្រូវកណ្តាល៨៧ ២២៧ហិកតា ស្រូវធ្ងន់៤ ៣៩២ហិកតា និង​ស្រូវ​ចំការ១ ៦៦៥ ហិកតា។ ដោយឡែកចំពោះតម្លៃស្រូវក្នុងទីផ្សារបច្ចុប្បន្ន១គីឡូ លក់​បាន​ចន្លោះ​តម្លៃ៨០០រៀល ទៅ១.០០០រៀល ទៅតាមប្រភេទស្រូវ តម្លៃនេះ ​មិនខុសអីឆ្នាំមុនៗនោះឡើយ​៕

រដ្ឋមន្ដ្រីក្រសួងកសិកម្ម បង្ហាញផែនការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវ​ដែលមាន​គុណភាពល្អ

2022/11/01 12:55:12 pm        133
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញផែនការ​សកម្មភាព​ស្ដីពីការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវដែលមានគុណភាព​ល្អក្នុង​បរិមាណ​ទាប ​តែ​ផ្ដល់​ទិន្នផល​ស្រូវខ្ពស់​ដែល​នឹងរួមចំណែក​ឱ្យស្រូវអង្ករមាន​តម្លៃខ្ពស់​នៅលើទីផ្សារ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០២២នេះ ​បានជួបប្រជុំពិគ្រោះយោបល់ស្ដីពីការងារផលិតកម្មពូជស្រូវ ​និងការនាំចេញអង្ករ ជាមួយ​តំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា ​សំដៅ​ជំរុញដល់ការនាំចេញ ក៏ដូចជាបង្កើនប្រាក់​ចំណេញជូនដល់ប្រជាកសិករឲ្យកាន់តែល្អប្រសើរជាងមុន។នៅក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីរបៀបវារៈដែលជាអាទិភាពចំពោះមុខ គឺ​ផែនការសកម្មភាពស្ដីពីការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវដែលមានគុណភាព​ល្អក្នុង​បរិមាណទាប តែផ្ដល់ទិន្និផលស្រូវខ្ពស់ ​មានអត្រាដំណុះគ្រាប់ក្នុងស្រែខ្ពស់ លឿន ​មានកម្លាំងខ្លាំង ធន់នឹងជំងឺ ​និងសត្វល្អិត ដំណាំស្រូវទុំស្រុះគ្នាល្អ និងមានអត្រាលាយគ្រាប់ពូជផ្សេងនិងគ្រាប់ខ្មៅ​ចង្រៃទាប ​ដែលនឹងរួមចំណែកឱ្យស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ។ ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករ​ផលិតបាន ​នឹងមានទីផ្សារទទួលទិញ​យកទៅ​ដាំដុះបន្ត។លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកនៃ​ក្រុមហ៊ុន Mekong Oryza Trading Co., Ltd បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់​ឯកឧត្តមរដ្ឋ​មន្ដ្រី ក្នុងការផលិតពូជស្រូវសុទ្ធ ​ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ​សម្រាប់កសិករ។ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ​បន្តថា ​ការប្រើប្រាស់ពូជស្រូវសុទ្ធ នឹង​អាចធានា​បាននូវភាពសុទ្ធនៃគ្រាប់អង្ករសម្រាប់ការដាក់លក់លើទីផ្សារ ​ទាំងទីផ្សារក្នុងស្រុក និងទីផ្សារបរទេស។អង្គប្រជុំក៏បានពិភាក្សាផងដែរ អំពីការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស​ ដោយឯកឧត្តមរដ្ឋមន្រ្តី ស្នើឱ្យភាគីពាក់ព័ន្ធសិក្សាអំពីប្រភេទអង្ករដែល​ជា​តម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញ​ការ​ផលិត​ស្របទៅតាមតម្រូវការទីផ្សារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៦,៦% ខណៈវិស័យធំៗ រំពឹងងើបឡើងក្នុងឆ្នាំ២០២៣

2022/10/31 03:15:51 pm        597
ភ្នំពេញ៖ សម្រាប់ឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍​ថា នឹងសម្រេចបានអត្រា​កំណើន​ក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ប៊ីលានរៀល សមមូលប្រមាណ ៣២ ២៩១ លានដុល្លារ ស្របពេលដែល ​ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ១ ៩២៤ ដុល្លារ ស្របពេលវិស័យធំៗចំនួន៣ ត្រូវបានរំពឹងងើបឡើងវិញផងដែរ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៣ ថា វិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួនរួមមាន៖ វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍​ថា នឹង​បន្ត​និន្នាការ​កើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ ២០២៣ ប្រហាក់ប្រហែល​ទៅនឹងកំណើនឆ្នាំ ២០២២ ក្នុងអត្រា ៩,០% ដោយសារការរំពឹងទុកលើការបន្តកំណើនរឹងមាំ ​នៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានព្យាករណ៍​ថានៅបន្តងើប​ឡើងវិញ​ក្នុងអត្រាកំណើន​ទាបជាងនិន្នាការធម្មតា​ (មុនវិបត្តិកូវីដ-១៩)។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត​សភា​កម្ពុជា ​លើកឡើងថា ​បច្ចុប្បន្នកម្ពុជាកំពុងមានកំណើនល្អក្នុងការនាំចេញ, ចំណែកវិស័យ​សារពើរពន្ធ​កម្ពុជា​កំពុងពង្រីកវិស័យភាពប្រកបដោយ​មោទនភាព​ដូចជា ការប្រមូលចំណូល​ពីរ៉ែមាសជាដើម។ ចំណែកការគ្រប់គ្រងប្រមូលចំណូលរបស់អង្គភាពរាជរដ្ឋាភិបាលធំៗចំនួនពីរ គឺ​អគ្គនាយករដ្ឋពន្ធដារ និងគយ ​បានកំពុងគ្រប់គ្រងលើកការប្រមូលចំណូលបានយ៉ាងល្អ រួមជាមួយ​សកម្មភាពទេសចរណ៍បានកំពុងកម្រើកឡើងវិញផងដែរ ។សូមបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌឆ្នាំ ២០២៣ រាជរដ្ឋាភិបាលមានផែនការប្រមូលចំណូលខ្ពស់ជាងឆ្នាំ ២០២២ នេះ ក្នុងនោះរាជរដ្ឋាភិបាល ​គ្រោងប្រមូលចំណូលចូលថវិការដ្ឋប្រមាណជាង ​២៨ ភាគរយ នៃ ផ.ស.ស ខណៈឆ្នាំ២០២២​ គ្រោងប្រមាណជាង ២៧ ភាគរយ ចំពោះចំណូលសំខាន់ៗដែល​គ្រោង​ទុករួមមាន ចំណូលសារពើរពន្ធថវិការដ្ឋជាង ១៩ ភាគរយ, ចំណូលមិនមែនសារពើរពន្ធ​ថវិការរដ្ឋជិត ២ ភាគរយ ​និងចំណូលមូលធនថវិការដ្ឋ ជាង ៦ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បញ្ហាសិទ្ធិផ្សាយផ្ទាល់អាចធ្វើឱ្យមនុស្សរាប់លាននាក់ខកខានទស្សនា World Cup នៅចិន និងឥណ្ឌ
05/05/2026 02:05 PM
លក្ខខណ្ឌតវ៉ាថ្មីនៅប្រទេសស៊ីរី បង្កើនការព្រួយបារម្ភអំពីសេរីភាព
05/05/2026 02:05 PM
កម្ពុជាចាត់ទុកការបញ្ចប់ MoU 2001 របស់ភាគីថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយរវាងប្រទេសទាំងពីរ
05/05/2026 02:05 PM
អ៊ីរ៉ង់ចោទអេមីរ៉ាតអារ៉ាប់រួមថា បានសហការជាមួយអ្នកឈ្លានពានប្រឆាំងនឹងទីក្រុងតេអេរ៉ង់
05/05/2026 02:05 PM
រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងការពារទឹកដី ទាំងដែនគោក និងសមុទ្រ ដោយ​សន្តិវិធី និងច្បាប់អន្តរជាតិ
05/05/2026 02:05 PM
ត្រឹមខែឧសភានេះ អតីតពលករមកពីថៃជាង ៧០០នាក់បានធ្វើតេស្តទទួលស្គាល់ជំនាញពីរាជរដ្ឋាភិបាល
05/05/2026 01:05 PM
រដ្ឋមន្ដ្រីទេសចរណ៍ ចាត់ទុកការជិះកង់ចម្ងាយ ១,២១២គីឡូម៉ែត្រ បង្ហាញពិភពលោកថា កម្ពុជាមានសន្ដិភាព សុវត្ថិភាព គ្រប់ពេល និងទីកន្លែង
05/05/2026 01:05 PM
មនុស្ស១០នាក់ស្លាប់នៅប៉ាគីស្ថាន ខណៈទីក្រុងការ៉ាជីរបស់ប្រទេសនេះកំពុងទប់ទល់នឹងថ្ងៃក្ដៅបំផុតក្នុងពេល៨ឆ្នាំ
05/05/2026 12:05 PM
កម្ពុជាកំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេភ្ជាប់ទៅសមុទ្រ
05/05/2026 12:05 PM
គំនូរនៅលើផ្លូវ និងជញ្ជាំងនៅទីក្រុង Rio បង្ហាញពីការគាំទ្រលើទឹកដីក្រុមជម្រើសជាតិប្រេស៊ីល
05/05/2026 12:05 PM