ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ជាង ៣,៧៦ ពាន់​លាន​ដុល្លារ​កើនជិត ១៥ភាគរយក្នុងខែមករាឆ្នាំនេះ
ក្នុងខែមករាឆ្នាំនេះ​ ប្រទេសអាស៊ានចំនួន៥ ស្រូបយកទំនិញពីកម្ពុជា មានទឹកប្រាក់សរុបជាង ៤៣៣លានដុល្លារ
ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ
ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ

សេដ្ឋកិច្ច និង កសិកម្ម

សកម្មភាពពលរដ្ឋទិញលក់មាស មានកំណើនខ្លាំង ខណៈហាងឆេងមាសកំពុងធ្លាក់ថ្លៃ

2022/07/22 12:59:52 pm        1470
ភ្នំពេញ៖ បន្ទាប់ពីហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ កំពុងធ្លាក់ថ្លៃ បណ្តាពលរដ្ឋនៅតាមបណ្តា​ទីផ្សារសាធារណៈ ក៏ដូចនៅតាមបណ្តាហាងលក់មាសនានា នៅរាជធានីភ្នំពេញ បាននិងកំពុង​ទទួលពលរដ្ឋជា​អតិថិជនចូលទិញ ​និងលក់មាស ហាក់មានកំណើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃចុងសប្តាហ៍។នៅថ្ងៃទី២២ ខែកក្កដានេះ ដោយសារតម្លៃមាសហាក់កំពុងបន្តធ្លាក់ គេសំគាល់ឃើញថា មានពលរដ្ឋ​មួយចំនួន បានទិញ​គ្រឿង​អលង្ការ​មាស​ទុកដើម្បីលំអរខ្លួន​ និង​ផល​ចំណេញ​របស់គេ ហើយសម្រាប់​ពលរដ្ឋដែលមានមាសនៅក្នុងដៃមួយចំនួន ​ក៏បានសម្រេចចិត្តលក់ចេញវិញដែរ ដោយសារគេ​បារម្ភ​ខ្លាច​មាសបន្តធ្លាក់ថ្លៃបន្តទៀត។អាជីវករជួញដូរមាសនៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានថ្លែងថា​ សម្រាប់ការលក់មាសនៅទីនេះ មានការប្រែប្រួលទៅតាមតម្លៃទីផ្សារមាសអន្តរជាតិទាំងអស់ ហើយនៅ​ខណៈដែល​តម្លៃមាស​បាននិងកំពុងធ្លាក់ថ្លៃនេះ ​សំគាល់ឃើញថា ទាំង​អតិថិជន​ដែលចូលមកសាកសួរ​តម្លៃមាស ហើយ​អតិថិជនដែលមកទិញមាសទុក ​និងមកលក់មាសវិញ ​មានកំណើនឡើងច្រើន ជាពិសេស​ការលក់ទិញ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍។សូមបញ្ជាក់ថា សម្រាប់តម្លៃមាសដែលកែច្នៃធ្វើគ្រឿងអលង្កាលក់ ​នៅផ្សារច្បារអំពៅនៅព្រឹកនេះ លក់ចេញតម្លៃក្នុងរង្វង់ ១ជី ២០៥ដុល្លាអាមេរិច ​មាស​ចិញ្ចៀន​លាត ២០៧ដុល្លាអាមេរិច ដោយឡែកមាសគីឡូ លក់ចេញ តម្លៃ២០៩ដុល្លាអាមេរិច ក្នុង១ជី ទិញចូលតម្លៃរង្វង់១៩៩ដុល្លាអាមរិច៕ អត្ថបទ ស៊ុម សុខជា

ក្រសួងពាណិជ្ជកម្ម ចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយអតិផរណានៅតាមទីផ្សារ

2022/07/22 12:34:16 pm        788
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីសម្រួលទំនិញដល់​ទីផ្សារ ការសហការជាមួយវិស័យឯនជន, ជំរុញការលក់ឲ្យស្ថិតក្នុងតម្លៃមួយ​សមរម្យ​ និងការកំណត់​ថ្លៃ​ប្រេងឥន្ធនៈជាដើម ដែលជាការចូលចំណែកកាត់បន្ថយអតិផរណាថ្លៃម្ហូបអា ហារនៅកម្ពុជា។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទ​ព័ត៌មាន​ស្តីពីសមិទ្ធិផលសម្រេចបានរយៈពេល៥ឆ្នាំ ​របស់ក្រសួងពាណិជ្ជកម្ម ​នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២២ថា ពិភពលោកបានប្រឈមនឹងបញ្ហាថ្មីៗ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច​ពិភពលោក​កើនឡើងយឺត​ ដោយសារការកើនឡើងខ្ពស់នៃអត្រាអតិផរណា ​ការប្រែប្រួលលំហូរមូលធន និងសម្ពាធ​លើ​តម្លៃ​រូបិយប័ណ្ណ​នានាជាដើម, កត្តាទាំងនេះកម្ពុជាក៏ទទួលផលជះនៃការ​កើនឡើង​នៃអតិផរណាផងដែរ។ ឯកឧត្តម បន្តថា ជុំវិញបញ្ហាការកើនឡើងនៃអតិផរណានេះ ក្រសួងពាណិជ្ជកម្មបានធ្វើការតាម​ដានវិភាគ និងគណនាថ្លៃទំនិញប្រើប្រាស់សម្រាប់ជីវភាពសំខាន់ៗ, បញ្ហានេះ ក្រសួងក៏សង្កេត​ឃើញ​មាន​ការកើនឡើងចន្លោះ ៤ ទៅ ៥%ផងដែរ នៅក្នុងដំណាក់កាលដំបូង ក្នុងនោះជាកាតព្វកិច្ច​របស់ក្រសួង គឺបានខិតខំប្រឹងប្រែងសម្រួលឲ្យប្រភពនៃទំនិញ និងភាពសំបូរបែបនៃទំនិញ​បានមក​ដល់ទីផ្សារ ជាពិសេសទំនិញចាំបាច់សម្រាប់បម្រើជីវភាពរួមមាន៖ សាច់ បន្លែ ត្រី អង្ករ ស្ករ ប៊ីចេង​ជាដើម និងទំនិញមួយចំនួនសម្រាប់បម្រើជីវភាព ដើម្បីឲ្យប្រភពទំនិញបានហូរពីចំណុចផ្គត់ផ្គង់ មកដល់អ្នកប្រើប្រាស់។ បញ្ហានេះ វិស័យឯកនក៏អាចរួមចំណែកជាមួយក្រសួង ក្នុងការកាត់បន្ថយថ្លៃ ដើម្បីធ្វើឲ្យតម្លៃលក់​ស្ថិត​នៅក្នុងលំដាប់មួយសមរម្យ ។ ​ក្រៅពីនេះ ក្រសួងក៏បានចូលរួមចំណែកផងដែរ គឺការកាត់ថ្លៃ​ប្រេង​ឥន្ធនៈ, បច្ចុប្បន្នថ្លៃប្រេងបានធ្លាក់ចុះមកវិញជាបណ្តើរៗផងដែរ ​ដែលកត្តាមួយចំនួន គឺជាការ​គិតគូរ​ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល​ ដូចជាការឧបត្តម្ភធុន ដើម្បីជួយកាត់បន្ថយថ្លៃប្រេង​ឥន្ធនៈ​នេះជាដើម។ចំណែកប្រជាពលរដ្ឋអ្នកប្រើប្រាស់ ថ្លែងថា នៅក្នុងស្ថានភាព ២ ទៅ ៣ឆ្នាំចុងក្រោយនេះ ថ្លៃមុខ​ទំនិញ​សម្រាប់ផ្គត់ផ្គង់ការហូបចុក ​បានមានកំណើនកើនឡើងបន្តិចម្តងៗ ​ចំពោះការកើនឡើងនេះ វាអាច​នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់​ ជាពិសេសប្រជាពលរដ្ឋមានជីវភាពក្រីក្រ ​តែបញ្ហានេះ ពួកគាត់​មានក្តីរំពឹងខ្ពស់លើរាជរដ្ឋាភិបាល នឹងអាចចូលរួមទប់ស្កាត់អំពីការកើនឡើង​នេះបាន​ល្អប្រសើរ ស្របពេលកន្លងមកនេះ ​រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើនផងដែរ ដើម្បីជួយ​ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។សូមបញ្ជាក់ថា ពាក់ព័ន្ធអតិរណា ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ក្រោមឥទ្ធិពល​នៃការកើនឡើងថ្លៃប្រេង ​និងម្ហូបអាហារពិភពលោក, បានធ្វើឲ្យអតិផរណានៅកម្ពុជា បានកើនឡើង​ជាបន្តបន្ទាប់ដល់ប្រមាណ ៧,២% នៅខែឧសភា ​ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ។ ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រង​សម្ពាធ​អតិផរណាផង​ និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង ។ ​ដើម្បីរួមចំណែកគ្រប់គ្រង​សម្ពាធ​អតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញ​របស់ប្រាក់​រៀល ​ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។ សម្រាប់បញ្ហានេះ ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួល អត្រាប្តូរប្រាក់មាន​ឥទ្ធិពល​ដោយផ្ទាល់ និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា ​ក្នុងនោះកាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹង​នាំឱ្យតម្លៃទំនិញ​ និងសេវានានាកើនឡើងភ្លាមផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនសន្យាបង្កើនឥណទានសម្បទានទ្វេដង ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍនៅកម្ពុជា

2022/07/22 12:22:59 pm        337
ភ្នំពេញ៖ ជប៉ុនសន្យាបង្កើនឥណទានសម្បទានទ្វេដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ​របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។ឯកឧត្តម HATAEDA Mikio, អគ្គនាយក ទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកទីស្នាក់ ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន នៅក្នុងជំនួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំង​ទៅនឹងនៃជំងឺកូវីដ-១៩ ។ក្នុងជំនួបនេះឯកឧត្តម សន្យាបង្កើនឥណទានសម្បទានទ្វេដង ​សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ​និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បី​ជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាង​កក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចការងាររបស់​ ឯកឧត្តម HATAEDA Mikio មកកម្ពុជា។ ក្នុងជំនួបនេះ ​ឧបនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ​រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិនៃប្រទេសជប៉ុន (JICA), ​បានដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការ​ផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ទាំងក្នុងក្របខ័ណ្ឌ​ហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ចូលរួមចំណែកក្នុងការ​អនុវត្តគោល​នយោបាយ និង​យុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ដំណាក់​កាលដែល រាជរដ្ឋាភិបាល ដាក់ចេញ​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ ​សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ​និងសង្គមកម្ពុជា ។ជាក់ស្តែងស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាង​សកម្មឥតឈប់ឈរ ដើម្បី​សម្រេចបាន នូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់​ទិសឆ្ពោះ​ទៅចក្ខុវិស័យ​ក្លាយ​ជាប្រទេសមានចំណូល ​មធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) របស់មិត្តជប៉ុន ​ជាធាតុចូលមួយយ៉ាងសំខាន់ ​ដែលបាន​ ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព និងគោលនយោបាយសំខាន់ៗ​នានារបស់រាជរដ្ឋាភិបាលកម្ពុជា, ​ជាក់ស្តែងតាមការផ្តល់ Japanese ODA អនុវត្តដោយ JICA សឹងតែគ្រប់វិស័យនៅកម្ពុជា ​ជាពិសេសនៅក្នុងក្រប ខ័ណ្ឌអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្តរួមមាន​ កំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ​ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង ​រោងចក្រផលិតទឹកស្អាតជាដើម ​ដែលសកម្មភាពទាំងនេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ថា ប្រទេសជប៉ុន ​នៅតែជា​មិត្តភ័ក្ដិ​ដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍​ដ៏សំខាន់​មួយសម្រាប់ប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញរបស់កម្ពុជា នៅបន្តកើនឡើង ទៅទីផ្សារអាមេរិក

2022/07/22 11:59:26 am        307
ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីកម្ពុជាមិនទាន់ទទួលបានការបន្តប្រព័ន្ធអនុគ្រោះពន្ធ (GSP) ពីអាមេរិក បានស្ថិតដល់កម្រិតខ្ពស់ ដោយសបញ្ជាក់ឲ្យឃើញពីសមត្ថភាព ការផលិត និងទីផ្សារផ្គត់ផ្គង់ទំនិញរបស់កម្ពុជា។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទ​ព័ត៌មានស្តីពីសមិទ្ធិផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ថា ចំពោះប្រទេសដែលមានការអភិវឌ្ឍតិចតួច សហរដ្ឋអាមេរិកបានផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ ការផ្តល់ភាពអនុគ្រោះពន្ធនេះមិនមែនផ្តល់ជូនគ្រប់មុខទំនិញ នឹងគ្រប់ប្រទេស​នៃចេញ​ទៅ​កាន់ទីផ្សារសហរដ្ឋអាមេរិកនោះផងដែរ។ឯកឧត្តម បន្តថា ជុំវិញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកវិញ ទោះបីសហរដ្ឋអាមេរិកមិនបានផ្តល់​អាជ្ញាប័ណ្ណ​នៃប្រព័ន្ធអនុគ្រោះពន្ធ តាំងពីខែ មករា ដើមឆ្នាំ ២០២១ មក, ក្នុងកាលៈទេសៈនេះ កម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិកដោយបង់ពន្ធ ក្នុងនោះសម្រាប់ការនាំចេញផលិតផល​សំលៀកបំពាក់​របស់កម្ពុជា​ មិនទទួលបាន GSP នោះទេ ដោយកម្ពុជា​បានបង់ពន្ធលើផលិតផលនេះ ក្នុងរង្វង់ប្រមាណពី ១២ ទៅ ១៩% ។ ចំណែកការទទួលបាន GSP មានតែផលិតផលកាបូប​ធ្វើ​ដំណើរ​ប៉ុណ្ណោះ តែទោះបីសហរដ្ឋអាមេរិកមិនទាន់អនុម័តប្រព័ន្ធ​អនុគ្រោះពន្ធ ​ក៏ដោយ ការនាំចេញ​មុខទំនិញទៅកាន់សហរដ្ឋអាមេរិកមានកំណើនគួរឲ្យកត់សម្គាល់ផងដែរ ក្នុងនោះប្រសិន​សហរដ្ឋ​អាមេរិក​បានអនុម័តប្រព័ន្ធអនុគ្រោះពន្ធ នេះ យើងក៏ទទួលបានពន្ធដែលបានបង់នាពេលកន្លងមក មកវិញផងដែរ ​ហើយទំហំនៃការនាំចេញរបស់កម្ពុជាអាចនឹងកើនឡើងបន្ថែមទៀត។ សូមបញ្ជាក់ថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២២ នេះ ​ការធ្វើពាណិជ្ជកម្មអន្តរជាតិ មានទំហំទឹកប្រាក់​សរុប ជាង ២៧ ពាន់លានដុល្លារអាមេរិក ​ក្នុងនោះសម្រាប់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មាន​ទំហំទឹក​ប្រាក់ប្រមាណ ៤ ៨១៧ លានដុល្លារអាមេរិក គឺកម្ពុជាបាននាំចេញ មានទឹកប្រាក់ ៤ ៦៤៨ លានដុល្លារអាមេរិក ​ខណៈការនំាចូលពីសហរដ្ឋអាមេរិក​ មានចំនួនទឹកប្រាក់ ១៦៨ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ឥណ្ឌា ឯកភាពគ្នាជំរុញកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ

2022/07/21 02:17:42 pm        374
ភ្នំពេញ៖ ប្រទេសកម្ពុជា និងឥណ្ឌា បានឯកភាពគ្នា​លើការបន្តកិច្ចសហការសម្របសម្រួល និងជំរុញ​សកម្មភាពធុរកិច្ចនិងវិនិយោគ ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម​ រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Karthik Tallam កុងស៊ុល​កិត្តិយស កម្ពុជាប្រចាំទីក្រុង​ Bangalore ​នៃសាធារណរដ្ឋឥណ្ឌា បានពិភាក្សាលើកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងជំនួបកាលពីថ្ងៃទី២០​ ខែកក្កដាកន្លងទៅ នៅក្រសួងពាណិជ្ជកម្ម។ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ​គណៈប្រតិភូឥណ្ឌា​មកកាន់ប្រទេសកម្ពុជា​ និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្ម ព្រមទាំង​បានថ្លែងថា កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្រ្តជាយូរណាស់មកហើយ ជាពិសេសឆ្នាំ២០២២នេះ ជាខួបគម្រប់៧០ឆ្នាំនៃ ​ចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋឥណ្ឌាផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថាក្រសួងពាណិជ្ជកម្មគាំទ្រ និងផ្តល់កិច្ចសហការជាមួយស្ថានទូត​ឥណ្ឌាប្រចាំកម្ពុជា និងសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ​ក្នុងការរៀបចំព្រឹត្តិការណ៍នានា ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ​ លើវិស័យពាណិជ្ជកម្ម​ និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត។ជាមួយគ្នានេះ ឯកឧត្តម Karthik Tallam បានជម្រាប អំពីគោលបំណងនៃគណៈប្រតិភូឥណ្ឌាមកកាន់​ក្រសួងពាណិជ្ជកម្មថា ​គឺដើម្បីស្វែងរកការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្ម​ក្នុង​ការរៀបចំកម្មវិធី​ Business Excellence Awards 2022 ដែលរៀបចំដោយសភាពពាណិជ្ជកម្ម​ឥណ្ឌា​ប្រចាំ​កម្ពុជា ក្នុងគោលបំណងអបអរសាទរខួបគម្រប់៧០ឆ្នាំ នៃចំណងការទូតកម្ពុជា-ឥណ្ឌា ដែល​ព្រឹត្តិការណ៍​នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៨-១០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ​ នៅរាជធានីភ្នំពេញ ដោយមានការ ចូលរួមពីស្ថាប័នរដ្ឋរបស់កម្ពុជា ព្រមទាំងវិស័យឯកជនឥណ្ឌាជាង២០០​ក្រុមហ៊ុន​ផងដែរ។ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច​និងវិនិយោគ ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម ​រវាងប្រទេសទាំង២ ឱ្យកាន់តែរីក​ចម្រើនបន្ថែមទៀត។គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា មានទំហំទឹកប្រាក់ជាង ៣១១លាន​ដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌាក្នុងទំហំទឹកប្រាក់ជាង ១២៦​លានដុល្លារអាមេរិក ​និងឥណ្ឌានាំចេញមកកម្ពុជា​ ក្នុងទំហំទឹកប្រាក់ជាង ​១៨៥លានដុល្លារអាមេរិក៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជា-ថៃពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម

2022/07/21 01:03:12 pm        581
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសថៃ បានចុះអនុស្សារណៈយោគយល់ដើម្បីបង្កើនចំណង​មិត្តភាព​ឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យភស្តុភារកម្ម និងគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹង​សមត្ថភាព​ស្ថាប័ន​ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។អនុស្សារណៈយោគយល់ ​ត្រូវបានចុះហត្ថលេខារវាង ​គណៈប្រតិភូក្រសួងសាធារណការ និងដឹក​ជញ្ជូនកម្ពុជា ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រថៃ កាលពីថ្មីៗនេះ នៅទីក្រុងបាងកក។ យោងតាមក្រសួងសាធារណការ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ ធ្វើឡើងដោយ​ការស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកគោលនយោបាយ និងការគាំទ្រលើវិសាលភាព និង កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ​ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន ​យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការ​អនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ។តាមរយៈអនុស្សារណៈនេះ ភាគីទាំងពីរ មានគោលបំណងសម្តៅ សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យ​ភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើន​ផលិតផលក្នុងស្រុកសរុប និង​សន្ទស្សន៍​ប្រតិបត្តិការភស្តុភារកម្ម និងគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និង​សមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។ថ្លែងក្នុងជំនួបនោះ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនភាគីថៃអំពីការយកចិត្តទុកដាក់ និង​កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការតាក់តែងសេចក្តីព្រាងផែនការមេ​ស្តីពី​ការតភ្ជាប់ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ និងភស្តុភារកម្មនៅកម្ពុជា។លោកជំទាវ បានបញ្ជាក់ថា ផែនការមេនេះ​ មានបញ្ចូលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែករឹង និងផ្នែកទន់ ​ដែលរួមមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ ​ផ្លូវដែក​ ផ្លូវល្បឿនលឿន ផ្លូវទឹក ​ផ្លូវសមុទ្រ កំពង់ផែ អាកាសយានដ្ឋាន ​និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដែលត្រូវការទឹក​ប្រាក់​ប្រមាណ ៥០ពាន់លានដុល្លាសហរដ្ឋអាមេរិកសម្រាប់រយៈពេល១០ឆ្នាំ៕ អត្ថបទ៖ វណ្ណៈ

NBCនឹងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់ ដើម្បីរក្សាតម្លៃប្រាក់រៀល

2022/07/21 12:52:03 pm        540
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងបន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សាតម្លៃប្រាក់រៀលឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ខណៈការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក អាចនឹងធ្វើឱ្យមានសម្ពាធអត្រាប្តូរប្រាក់រៀល ប្រឈមនឹងសម្ពាធនៃការធ្លាក់ថ្លៃ។ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងក្នុងពិធីបិទសន្និបាត​បូក​សរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិ​នៃកម្ពុជា នៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២២ ថា ស្ថានភាពអត្រាអតិផរណា​មានភាពមិនប្រាកដ​ប្រជាខ្ពស់ ដោយអាស្រ័យជាចម្បង ​លើឥទ្ធិពលនៃការអូសបន្លាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទៅលើថ្លៃប្រេង ​និងការអនុវត្តវិធានបិទខ្ទប់តំបន់ផលិតកម្មនៅប្រទេសចិន ដើម្បីទប់ស្កាត់កា​រ​រាលដាល​នៃជំងឺកូវីដ-១៩ ក្នុងនោះបើតាមការរំពឹងទុក ​ថ្លៃប្រេងនឹងថយចុះ ​អតិផរណាក៏ត្រូវបាន​ព្យាករណ៍ថា ​ថយចុះផងដែរ ​នៅឆមាសទី២នេះ។ ការដំឡើងអត្រាការប្រាក់គោល​របស់​ធនាគារកណ្តាលអាមេរិក មិនមានឥទ្ធិពលដោយផ្ទាល់​លើ​អត្រាការ​ប្រាក់នៅកម្ពុជា ​ប៉ុន្តែអាចធ្វើឱ្យមានសម្ពាធលើអត្រាប្តូរប្រាក់ ដោយសារការឡើងថ្លៃប្រាក់​ដុល្លារ​អាមេរិក​នៅលើទីផ្សារអន្តរជាតិ។ ឯកឧត្តម ស្នើរដល់មន្រ្តីធនាគារទាំងអស់​ បន្តអនុវត្តការងារឲ្យបានផុលផុសរួមមាន៖ ការបន្តរក្សា​ស្ថិរភាព​អត្រាប្តូរប្រាក់៖ ដោយសារប្រាក់ដុល្លារអាមេរិក ​មាននិន្នាការឡើងថ្លៃ​នៅលើទីផ្សារអន្តរជាតិ ប្រាក់រៀលនឹងបន្តប្រឈមនឹងសម្ពាធធ្លាក់ថ្លៃ។ធនាគារជាតិនៃកម្ពុជា នឹងបន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សា​តម្លៃ​ប្រាក់​រៀលឱ្យមានស្ថិរភាព ​ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ​ក៏ដូចជាប្រាក់ចំណូល របស់ប្រជាពលរដ្ឋងាយរងគ្រោះ។ក្នុងទិសដៅនេះ ការបន្តជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងវិស័យ​សាធារណៈ វិស័យ​ឯកជន​ និងប្រជាពលរដ្ឋទូទៅពិតជាមានសារៈសំខាន់​ណាស់ ក្នុងការ​លើក​កម្ពស់តម្លៃប្រាក់រៀលដោយផ្ទាល់ ​និងពង្រឹងប្រសិទ្ធភាព ឧបករណ៍នយោបាយរូបិយវត្ថុជារួម៕ អត្ថបទ៖ សុន រ៉ាឌី

ការលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជាតាមដងទន្លេមេគង្គ ចាប់ផ្តើមកើនឡើងវិញ

2022/07/21 12:25:42 pm        635
ភ្នំពេញ៖ ក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា និងក្រុមហ៊ុននាវាទេសចរណ៍អន្តរជាតិនានាទៀត បាននាំគ្នាបើកដំណើរការអាជីវកម្មនាវាទេសចរណ៍ឡើងវិញ ដើម្បីដឹកទេសចរជាតិអន្តរជាតិ ទស្សនាកម្ពុជា វៀតណាម នៅតាមផ្លូវទឹកតាមទន្លេមេគង្គ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា​ប្រកាស​បើកប្រទេស ​និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញមក។លោក ផាន សុបិន តំណាងក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា ​បានថ្លែងប្រាប់BTVនៅថ្ងៃទី២១ ខែកក្តដានេះថា ​ក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា បានចាប់ផ្តើមបើកដំណើរការដឹកភ្ញៀវទេសចរជាតិ​អន្តរជាតិទស្សនាកម្ពុជា វៀតណាម តាមដងទន្លេមេគង្គ នៅដើមខែកក្តដានេះ ហើយនៅក្នុង​ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនលោក បើកដំណើរការចំនួន២នាវា ឆ្លងដែនចេញចូលកម្ពុជា​ វៀតណាម ហើយដោយសារនៅក្នុងអំឡុងពេលនេះមានភ្ញៀវទេសចរអន្តរជាតិ​កក់ទិញ​កញ្ចប់​ទេសចរណ៍ទស្សនាកម្ពុជាតាមផ្លូវទឹកនេះ​បន្តមានកំណើនច្រើន លោកនឹងបង្កើនការបើក​ចំនួនប្រាំ​នាវា​បន្ថែមទៀត។ លោក ផាន សុបិន បានថ្លែងថា នៅមុនបរិបទកូវីដ១៩មិនទាន់រាតត្បាត មានក្រុមហ៊ុន​នាវា​ទេសចរណ៍ជាតិអន្តរជាតិចំនួន ៥ក្រុមហ៊ុន ​ក្នុងនោះមានក្រុមហ៊ុនជាតិចំនួន២ បើកដំណើរការដឹក​ជញ្ជូនភ្ញៀវទេសចរជាតិអន្តរជាតិទស្សនាកម្ពុជា ​វៀតណាម តាមដងទន្លេមេគង្គយ៉ាងសកម្ម ហើយក្នុងអំឡុងមានការរាតត្បាត​កូវីដ១៩ ជាង២ឆ្នាំនេះ​ អាជីវកម្មនាវាទេសចរណ៍ដឹកទេសចរឆ្លង​ដែន​ចេញចូលកម្ពុជាវៀតណាមនេះបានផ្អាក ​ហើយទើបតែរហូតមកដល់ពេលនេះទេ គឺមាន​តែក្រុមហ៊ុនលោក​ដែលជាក្រុមហ៊ុនក្នុងស្រុកបានសម្រេចចិត្តបើកមុនគេ។ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការបើកអាជីវកម្មដឹកទេសចរ​ជាតិអន្តរជាតិ ឆ្លងដែនតាមច្រកព្រំដែនផ្លូវទឹក ​មកទស្សនាកម្ពុជា នឹងជម្រុញកំណើនភ្ញៀវ​ទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា​ កើនលើស ១លាននាក់នៅដំណាច់ឆ្នាំ២០២២នេះ ខណៈក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០២២កន្លងមក កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានជាង៥០ម៉ឺននាក់។ទោះយ៉ាងណាក៏ដោយ ឯកឧត្តម ហោ សារុន ក៏បានស្នើឲ្យបណ្តាក្រុមហ៊ុននាវា​ទេសចរណ៍សូម​កុំ​ដំឡើងថ្លៃ​កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជាតាមផ្លូវទឹក និងត្រូវបង្កើនការផ្តល់សេវាប្រកប​ដោយ​គុណភាព បដិសណ្ឋារកិច្ចល្អ ដើម្បីបង្កើតភាពទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា​កាន់តែ​ច្រើនថែមទៀត៕ អត្ថបទ ស៊ុម សុខជា

ហាងឆេងមាសនៅបន្តធ្លាក់ចុះ ដោយសារការដំឡើងអត្រាប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក

2022/07/21 12:16:47 pm        938
ភ្នំពេញ៖ អ្នកជំនាញអាជីវកម្មមាសថា តម្លៃហាងឆេងមាសនឹងធ្លាក់ចុះបន្ថែមទៀត ដោយសារ​ធនាគារ​កណ្តាលសហរដ្ឋអាមេរិក នឹងបន្តឡើងថ្លៃអត្រាការប្រាក់ដុល្លារ ចំណែកចំពោះ​អតិថិជន និង​អាជីករដែលវិនិយោគនៅលើតម្លៃហាងឆេងមាស​ គួររង់ចាំក្នុងរយៈពេលខ្លីខាងមុខនេះ ។លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities លើកឡើង​ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ នេះថា បច្ចុប្បន្នកំពុងមានការប្រែប្រួល ដោយសារពាក់ព័ន្ធនឹងតម្រូវការរបស់ហាង​ឆេងមាស​ផ្ទាល់ និងកត្តាមួយទៀត ​ពាក់ព័ន្ធនឹងបម្រែបម្រួលតម្លៃលុយដុល្លារសហរដ្ឋអាមេរិក ព្រោះ​តម្លៃ​ហាងឆេងមាស គឺធ្វើការប្តូរផ្លាស់ជាមួយលុយដុល្លារសហរដ្ឋអាមេរិក។ជាក់ស្តែងនាប៉ុន្មានខែចុងក្រោយនេះ តម្លៃហាងឆេងមាសបានហក់ឡើងដល់ ២ ០៧០ ដុល្លារក្នុង​មួយ​អោន ហើយក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះវិញ​ តម្លៃហាងឆេងមាសបន្តធ្លាក់ដល់ ១ ៧០០ ដុល្លារ ក្នុងមួយអោន ដែលការធ្លាក់ចុះ ដោយសារតែតម្លៃហាងឆេងមាសបានចាប់ផ្តើម​បាត់បង់​តម្រូវការដោយសារបច្ចុប្បន្ន​ធនាគារ​កណ្តាលនៃសហរដ្ឋអាមេរិក កំពុងរៀបចំគោលនយោបាយ​ក្នុងការ​ដំឡើង​អត្រាប្រាក់ ដើម្បីឲ្យប្រាក់ដុល្លាឡើងថ្លៃ។សូមបញ្ជាក់ថា ជុំវិញការនាំចូលមាសនេះ យោងតាមរបាយការណ៍​អគ្គនាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចូលមាស មានតម្លៃ ១ ២៨១ លានដុល្លារ​អាមេរិក ថយចុះជាង ៤៧% ​បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២១។ ​នៅក្នុងរយៈពេលនេះដែរ កម្ពុជា​ក៏​បាននាំចេញមាស ​មានទំហំទឹកប្រាក់ប្រមានជាង ​៨៤លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី

ដំណឹងល្អ..! ពីថ្ងៃទី២១-៣១ ខែកក្កដា ឆ្នាំ២០២២ តម្លៃប្រេងឥន្ធនៈបានបន្តធ្លាក់បន្ថែមទៀត ធៀបនឹងសន្ទស្សន៍ចាស់

2022/07/21 11:09:34 am        783
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី២១-៣១ ខែកក្កដា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៨០០រៀល/លីត្រ(ចុះ ៤៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ(ចុះ ៣០០រៀល)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាជិកព្រឹទ្ធសភាហ្វីលីពីនអំពាវនាវឲ្យពង្រឹងសម្ព័ន្ធភាពការពារជាតិ អំឡុងទស្សនកិច្ចនៅតំបន់កោះមានជម្លោះជាមួយចិន
02/21/2026 05:02 PM
លោក Macron៖ សេចក្តីសម្រេចពីពន្ធរបស់តុលាការកំពូលអាមេរិក បង្ហាញពីតុល្យភាពអំណាច ក្នុងប្រទេសប្រជាធិបតេយ្យ
02/21/2026 05:02 PM
ក្រុមប្រដាប់អាវុធ សម្លាប់មនុស្សយ៉ាងតិច ៥០នាក់ ហើយចាប់ពង្រត់ស្ត្រី និងកុមារ នៅនីហ្សេរីយ៉ា
02/21/2026 04:02 PM
ស៊ែប៊ីជំរុញឲ្យពលរដ្ឋចាកចេញពីអ៊ីរ៉ង់ «ឲ្យបានឆាប់តាមដែលអាច» ក្រោយលោក Trump គំរាមប្រតិបត្តិការយោធា
02/21/2026 04:02 PM
លោកស្រី Takaichi សន្យាបញ្ចប់ការរឹតត្បិត និងពង្រឹងសន្តិសុខ នៅក្នុងសុន្ទរកថាគោលនយោបាយ
02/21/2026 04:02 PM
លោក Zelenskyy៖ អ៊ុយក្រែនរំដោះបានដែនដី ៣០០គីឡូម៉ែត្រការ៉េ អំឡុងការវាយបកនៅភាគខាងត្បូង
02/21/2026 04:02 PM
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
02/21/2026 03:02 PM
លោក Trump ជំរុញសហរដ្ឋអាមេរិកឲ្យធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈទីប្រឹក្សាឲ្យផ្តោតលើសេដ្ឋកិច្ច
02/21/2026 03:02 PM
សម្តេច ម៉ែន សំអន ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង
02/21/2026 03:02 PM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លក់ទឹកបោះដុំឲ្យប្រតិបត្តិករឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច
02/21/2026 03:02 PM