EAMU និង University of Newcastle ​ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិ
រយៈពេល៥ឆ្នាំនេះ វិស័យមូលបត្របានបោះផ្សាយលក់សញ្ញាបណ្ណ មានសន្ទុះកំណើនដល់ ៨០ លានដុល្លារ
រយៈពេល៨ខែឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ
ផលិតកម្ម និងការនាំចេញមមាញឹក ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងអាកាសកើនឡើង

សេដ្ឋកិច្ច និង កសិកម្ម

តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាហ្សូត ហក់ឡើងដល់ ៥៣០០រៀល ក្នុងមួយលីត្រ

2022/03/16 10:19:05 pm        805
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ តម្លៃលក់រាយនៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានដាក់លក់ក្នុងតម្លៃដូចគ្នា គឺ៥ ៣០០រៀល ក្នុង១លីត្រ កើនពីតម្លៃ ៤ ៨០០រៀល សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រ កាលពី១៥ថ្ងៃ ដើមខែមីនា។ក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ បង្ហាញនៅព្រឹកថ្ងៃទី១៦ ខែមីនានេះ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តម្លៃ​ប្រេងឥន្ធនៈ នេះ គឺយោងលើការ​ព្រមព្រៀង​លើរូបមន្តកំណត់តម្លៃជាមួយ ក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកប​អាជីវកម្មនៅកម្ពុជា និងយោងតាម​ការ​ប្រែប្រួល​នៃតម្លៃ​ប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ ​និងអន្តរជាតិ។ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តនៅកម្ពុជាពីថ្ងៃទី១៦ ​ដល់៣១ ខែមីនា ​ឆ្នាំ២០២២នេះ សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ​ត្រូវដាក់លក់ក្នុងតម្លៃដូចគ្នា គឺ ​៥ ៣០០រៀល នៅក្នុង១លីត្រ។ជុំវិញការកើនឡើងថ្លៃលក់រាយ​ប្រេងឥន្ធនៈ ​កាលពីកន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម​ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ​តម្លៃប្រេងឥន្ធនៈមានការប្រែប្រួល​ឡើងចុះ លឿនណាស់ ​ជាពិសេសខណៈបញ្ហាសង្រ្គាម ​រវាងប្រទេសអ៊ុយក្រែន ​និងប្រទេសរុស្ស៊ី និង​បញ្ហាទណ្ឌកម្ម​សេដ្ឋកិច្ចប្រទេសរុស្ស៊ី ទៅកន្លែងផ្សេងៗ ក៏​បាន​ជះឥទ្ធិពលខ្លះដែរទៅដល់ការ​ប្រែ​ប្រួល​តម្លៃប្រេង​ឥន្ធនៈ។ ឯកឧត្តម បញ្ជាក់ទៀតថា នៅថ្ងៃខាងមុខឆាប់ៗនេះ ក្រសួងនឹងផ្លាស់ប្តូរសេចក្តីជូនដំណឹង​ពី​រយៈពេល ១៥ថ្ងៃ មកត្រឹម ១០ថ្ងៃវិញម្តង ដើម្បីកំណត់ថ្លៃនៃការប្រែប្រួលតម្លៃ​ប្រេងឥន្ធនៈ​ឲ្យទាន់នៃការឡើងចុះ ​ហើយនេះ​ ក៏ជាវិធានការបឋមបំផុត ​ដើម្បីជូននូវការឈ្នះៗ​ដល់អតិថិជន ក៏ដូចជាវិស័យឯកជន ​ដែលយើងមិនទាន់ថា​ឡើងថ្លៃ ​ប៉ុន្តែយើងអាចនឹងឡើងថ្លៃនៅថ្ងៃក្រោយ។ ឯកឧត្តម បានលើកឡើងបន្តថា សព្វថ្ងៃនេះ​រាជរដ្ឋាភិបាលបានគិតគូរទាំងសងខាង ដោយ​មិន​អាចបង្ខំ ឲ្យវិស័យឯកជនស្លាប់ទេ ​ព្រោះនេះ​ជាទីផ្សារសេរី ​ហើយយើងត្រូវ​ជួយទាំងសងខាង ព្រោះអ្នក​លក់ក៏ប្រើប្រាស់ដែរ អញ្ចឹងជា​គោលការណ៍គឺធានាឲ្យមានប្រេងគ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ដល់សាធារណជន ​និងវិស័យសេដ្ឋកិច្ច៕អត្ថបទ៖ ឈិត បូរ៉ាវី

សំណង់អគារដែលទុកចោលនៅខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់ឡើងវិញជាបណ្តើរៗ

2022/03/16 06:45:18 pm        650
ព្រះសីហនុ៖ អគារសំណង់នៅខេត្តព្រះសីហនុដែលបានផ្អាក និងទុកចោល ដោយសារវិបត្តិនៃការរីករាលដាល​ជំងឺកូវីដ ១៩ អស់រយៈជាង២ឆ្នាំកន្លងមកបច្ចុប្បន្ន ម្ចាស់គម្រោងវិនិយោគលើវិស័យសំណង់អគារទាំងនោះ បានចាប់ផ្តើមបន្តអភិវឌ្ឍន៍គម្រោងសាងសង់របស់ខ្លួនជាបណ្តើរៗ ។លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែង​ឲ្យដឹងក្នុងកិច្ចសម្ភាសន៍​តាម​រយៈទូរស័ព្ទ ជាមួយភ្នាក់ងារអ្នក យកព័ត៌មាន BTV នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២២នេះថា បន្ទាប់​ពី​រាជរដ្ឋាភិបាលបានបើកប្រទេស​ឡើងវិញ ​និងបានទប់ស្កាត់​ការរីករាលដាលជំងឺ​កូវីដ១៩ នៅក្នុង​ស្ថានភាព​ដែលអាចគ្រប់គ្រងបាន ​បច្ចុប្បន្នខេត្តព្រះសីហនុ មានជើងហោះហើរពីក្រៅប្រទេស មកកាន់ខេត្តព្រះសីហនុ ជាបណ្តើរៗហើយ​ តែមិនទាន់មានស្ថានភាព​គគ្រឹកគគ្រេង ដូចនៅ​មុន​វិបត្តិនៃជម្ងឺកូវីដ១៩ បានផ្ទុះឡើងនៅឡើយ។លោក បន្តថា ស្របពេលដែលខេត្តព្រះសីហនុ ​មានជើងយន្តហោះចុះមកជាបណ្តើរៗនោះ ចំពោះ​វិស័យ​សំណង់​ចាស់ៗ​ដែលបានទុកចោល​ បន្ទាប់ពីមានការផ្ទុះឡើងនៃការរីករាលដាល​ជម្ងឺ​កូវីដ ១៩ បច្ចុប្បន្នត្រូវបានសង្កេតឃើញមានការសាងសង់ឡើងវិញជាបណ្តើរៗហើយ ​ភាគច្រើនគឺម្ចាស់ដើម បានងាក​មកអភិវឌ្ឍន៍បន្ត។ជុំវិញវិស័យអចលនទ្រព្យនេះ,លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារ​អចលន​វត្ថុកម្ពុជា​ លើកឡើងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺបានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ជាបណ្តើរៗហើយ ដូចជានៅរាជធានីភ្នំពេញ, ​ខេត្តព្រះសីហនុ, កំពត និង​មួយផ្នែកនៅខេត្តសៀមរាបជាដើម ដោយក្នុងនោះចំពោះតម្លៃនៃអចលនទ្រព្យ គឺបានឈរ​នៅទ្រឹង​ដ៏ដែល ខណៈដែលការទិញលក់ ​នៅក្នុងវិស័យមិនទាន់មានសកម្មភាពផុលផុសដូចដើម។ជុំវិញអគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ ដែលបានផ្អាក បន្ទាប់ពីវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ ១៩, ថ្មីៗនេះ ​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ លើកឡើងថា ការ​ទាក់ទាញ​អ្នកវិនិយោគលើអគារខ្ពស់ៗ​មកវិនិយោគបន្តវិញ ឬលក់ទៅឲ្យអ្នកផ្សេងដែលមាន​គម្រោង​វិនិយោគលើផ្នែកនេះ ​គឺដើម្បី​ជម្រុញ​អភិវឌ្ឍន៍​អគារខ្ពស់ៗ ​បាន​បញ្ចប់ការសាងសង់ ​មានប្រតិបត្តិការ និងដំណើរឡើងវិញ។គម្រោងនេះ ​គឺស្របពេលរាជរដ្ឋាភិបាលបានកំពុងរៀបចំផែនការមេ ក្នុងការជម្រុញអភិវឌ្ឍន៍​ខេត្ត​មួយនេះ ​ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស​ពហុបំណង ដែលកិច្ចការនៃការរៀបចំនេះ​ត្រូវការ​រយៈពេលវែង ​ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត ដែលផែនការនេះនឹងគិតគូរ​គ្រប់ជ្រុង​ជ្រោយ ​និងគ្រប់ហេដ្ឋារចនា​សម្ព័ន្ធអស់៕អត្ថបទ៖ សុន រ៉ាឌី

ការនាំទំនិញចេញ-ចូលរវាងកម្ពុជា-រុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តសកម្មភាពជាធម្មតា

2022/03/16 06:26:59 pm        586
ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ ទោះបីជាកើតឡើងនូវបញ្ហាជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីយ៉ាងណាក៏ដោយ ក៏មិនមានផលប៉ះពាល់ដល់ការនាំចេញ-នាំចូល រវាងប្រទេសកម្ពុជា-ប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៉ីទេ ពោលគឺនៅតែបន្តសកម្មភាពជាធម្មតា។ នេះតាមការលើកឡើងរបស់មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។នៅក្នុង​សន្និសីទ​កាសែត កាលពីកន្លងទៅនេះនៅរាជធានីភ្នំពេញ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​បានមានប្រសាសន៍ថា ជុំវិញ​បញ្ហាសង្គ្រាមរវាងប្រទេសទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន ​មិនទាន់ជះផលអាក្រក់ ឬវិជ្ជមាន​មកដល់កម្ពុជាទេ លើកលែងតែតម្លៃប្រេងឥន្ធនៈប៉ុណ្ណោះ ​ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី។ ឯកឧត្តម បានបន្តថា មកដល់ពេលនេះ ការនាំទំនិញចេញ-ចូលរបស់​កម្ពុជា​ទៅកាន់ប្រទេសរុស្សី​នៅ​តែធម្មតា ហើយសម្រាប់ប្រទេសអ៊ុយក្រែន ​ក៏នៅតែធម្មតាដូចគ្នា ​និងនៅតែបន្តសកម្មភាពជាធម្មតា ដោយអត់មានប៉ះពាល់នោះទេ។ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់បន្ថែមជុំវិញតម្លៃប្រេងឥន្ធនៈថា កាលពីសប្តាហ៍កន្លងទៅ ប្រេង​ឆៅមានតម្លៃ ១៣១ដុល្លារ ក្នុង១បារ៉ែល​ ហើយសប្តាហ៍បន្ទាប់ថ្លៃ​ ១៤៥ដុល្លារ ក្នុង១បារ៉ែល ហើយ​អាច​បន្តបន្ទាប់ទៀតនឹងឡើងខ្ពស់ជាងនេះ។ ឯកឧត្តម បានបន្ថែមថា បញ្ហានេះ គឺជារឿងមួយដែលរដ្ឋាភិបាលយកចិត្ដទុកដាក់ ​ហើយសង្ឃឹមថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ​នឹងបញ្ចប់ឆាប់ៗ។ដូច្នេះអ្វីៗនឹងត្រឡប់​មករកប្រក្រតីភាព​វិញ​នៅ​ពេល​ឆាប់ៗនេះ។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ​បានឱ្យដឹងថា ​គិតត្រឹមឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី​ មានចំនួនជាង ៩៤លានដុល្លារ ​កើនឡើងជាង ​៣០លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ​ដែលមានជាងមានចំនួនជាង ៦៣លានដុល្លារអាម៉េរិក។ ដោយឡែក ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន ​កាលពីឆ្នាំ២០២១ ​មាន​ចំនួនជាង ៨.៥៦ លានដុល្លារ ​ក្នុងនោះ​កម្ពុជានាំចេញទៅអ៊ុយក្រែន​ចំនួនជាង ៦លានដុល្លារ និងនាំចូល​ពី​អ៊ុយក្រែន​ចំនួន ២.៤លានដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-សិង្ហបុរី ឯកភាពគ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​បន្ថែម​ទៀត

2022/03/15 08:30:35 pm        536
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំនេះ។ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន​និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ​និងឯកឧត្តម Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​និងឧស្សាហកម្មសិង្ហបុរី ​កាលពីថ្ងៃទី១៤ ខែមីនា បានពិភាក្សាផ្តោត​សំខាន់​លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម​កម្ពុជា-សិង្ហបុរី និង​ជាពិសេសការ​ត្រៀមខ្លួន​របស់កម្ពុជា​ក្នុងការរៀបចំ និងដឹកនាំ​កិច្ចប្រជុំចង្អៀត ​រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨​ (28th AEM Retreat) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ និង១៧ ខែមីនាខាងមុខ។ប្រភពខាងលើ បានឲ្យដឹងទៀតថា ភាគីទាំងពីរ ​បានផ្លាស់ប្ដូរយោបល់​បឋម​លើ​របៀប​វារៈមួយចំនួន ដែល​គ្រោង​ នឹងលើកយក​ទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន៖ ការតាមដាន​កិច្ចការបន្ត ស្របតាមលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​និង៣៩, ការ​ផ្លាស់ប្តូរ​មតិយោបល់​អំពី​កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ​និង​វឌ្ឍនភាពការងារ​របស់អាស៊ាន​ក្នុង​ការឆ្លើយតបនឹងវិបត្តិកូវីដ-១៩ និងការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ាន​ក្នុងការបង្កើន​ទំនាក់ទំនង​កាន់​តែប្រសើរជាមួយ​នឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿន​ការ​បញ្ចប់​ការ​ចរចា​ធ្វើ​ឱ្យប្រសើរឡើង​នៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់​ពេលវេលាកំណត់ ជាដើម។ល។ ជាការឆ្លើយតប ភាគីសិង្ហបុរី បាន​បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​កម្ពុជា-សិង្ហបុរី​ ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការ​ផ្តល់​កិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឱ្យទទួល​បានជោគជ័យ នាពេលដែលកម្ពុជា​ធ្វើ​ជាប្រធានអាស៊ាន ជា​ពិសេសកិច្ចប្រជុំចង្អៀត​ខាងមុខក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ​នឹង​បញ្ចប់​ដោយរលូន ប្រកប​ដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ។យោងតាម​ទិន្នន័យ​ពីក្រសួងពាណិជ្ជកម្ម ​ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​ និងសិង្ហបុរី ​មានទំហំ​សរុប ៤,៣៧ ​ប៊ីលានដុល្លារ ក្នុងរយៈពេល ១០ ខែឆ្នាំ ​២០២១ ​កើនឡើង ៥១,២៧ ភាគរយធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕អត្ថបទ៖ឈិត បូរ៉ាវី

ការកំណត់ថ្លៃប្រេងឥន្ធនៈនៅកម្ពុជា នឹងត្រូវធ្វើឡើងនៅរៀងរាល់១០ថ្ងៃម្តង

2022/03/15 08:16:30 pm        952
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា នៅពេលខាងមុខនេះ ក្រសួងនឹងធ្វើជូនដំណឹងស្តីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយពី ១៥ថ្ងៃម្តង មកត្រឹម ១០ថ្ងៃម្តងវិញ ដើម្បីផ្លាស់ប្តូរការប្រែប្រួលនូវតម្លៃប្រេង និងដើរឲ្យទាន់នៃការឡើងចុះនៃតម្លៃប្រេងឥន្ធនៈ។នៅក្នុង​សន្នីសីទ​សារព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៤មីនា ឆ្នាំ២០២២កន្លងទៅ ​ឯកឧត្តមរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍ថា ​ដោយសារ​ជម្លោះរវាង​អ៊ុយក្រែន-រុស្ស៊ី ​និង​បញ្ហា​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី​ទៅ​កន្លែង​ផ្សេងៗ ​ក៏​ជះ​ឥទ្ធិពល​ខ្លះ​ដែរ​ទៅ​ដល់​ការ​ប្រែប្រួល​តម្លៃ​ប្រេងឥន្ធនៈ។ឯកឧត្តម បានបន្តទៀតថា ​បច្ចុប្បន្ននេះ ​តម្លៃប្រេង គឺមានការ​ប្រែប្រួល​ឡើង​ចុះ​លឿន​ណាស់ ​ដូច​នេះ ​ហើយការផ្លាស់ប្តូរការជូនដំណឹង​ខាងលើជាវិធានការបឋមបំផុត ​ដើម្បីផ្តល់​ជូនភាព​ឈ្នះ-ឈ្នះ​ដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ ​និងវិស័យឯកជន។ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​លើកឡើងថា ទាក់ទង​បញ្ហា​ប្រេងឥន្ធនៈ គឺរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ​ថែមទាំង​រៀបចំ​កិច្ចប្រជុំរវាង​វិស័យរដ្ឋ និង​ឯកជន​ដើម្បីពិភាក្សាគ្នាលើការកំណត់ថ្លៃប្រេង​នេះផងដែរ ​ដោយ​លទ្ធផលទទួល​បានការឯកភាពគ្នា ស្រុះស្រួលគ្នា​ ក្នុងការកំណត់រយៈពេល ១០ថ្ងៃវិញម្តង ។គិតចាប់ដើមខែមករា​ រហូត​មកទល់ខែមីនា ​ឆ្នាំ២០២២នេះ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​កើន​ឡើង​ជាបន្ត​បន្ទាប់​រហូតថ្លៃ ៤ ៨០០រៀល ​ក្នុង១លីត្រ ​សម្រាប់​ប្រេងសាំង​ធម្មតា និងថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត។ ដោយឡែក ​ប្រេងសាំង​ស៊ុបពែរថ្លៃ ​៥ ៣៥០រៀល ក្នុង១លីត្រ។ ​រីឯ​តម្លៃហ្គាសថ្លៃ ២ ៩០០រៀល ក្នុង១លីត្រ៕អត្ថបទ៖ ឈិត បូរ៉ាវី

ពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង ៥១២លានដុល្លារអាមេរិក​ ក្នុងរយៈពេលពីរខែ

2022/03/15 07:53:11 pm        906
ភ្នំពេញ៖ រយៈពេល២ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង ២ ០៧៤ ប៊ីលានរៀល ត្រូវប្រមាណជាង ៥១២ លានដុល្លារ កើនឡើង ២២,៦៩ភាគរយ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្ហាញក្នុងកិច្ចប្រជុំ​បូកសរុបលទ្ធផល​ប្រមូលចំណូល​ពន្ធ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ថា ជុំវិញការ​អនុវត្តចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ ​សម្រាប់ការប្រមូលចំណូលពន្ធក្នុងខែកុម្ភៈ​ ឆ្នាំ២០២២ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ​ដែល​អគ្គនាយកដ្ឋានពន្ធដារ​ប្រមូលបាន តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូលអនឡាញ ​មានចំនួនជាង ៩០៧ ប៊ីលានរៀល ​ត្រូវប្រមាណជិត ២២៤ លានដុល្លារ ​ស្មើនឹង ៧,៩៤% ​នៃផែនការច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ ​២០២២ ​បើប្រៀបធៀប​នឹង​ចំណូលពន្ធ-អាករ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ​ឃើញថា ​កើនឡើងជាង​ ៩៦ ប៊ីលានរៀល​ ត្រូវជិត ២៤ ​លានដុល្លារ ស្មើនឹង ​១១,៨៤%។ចំណែកការអនុវត្តអនុវត្តរយៈពេល ​២ខែ ដើមឆ្នាំ២០២២នេះវិញ ចំណូលពន្ធ-អាករ ដែល​អគ្គ​នាយក​ដ្ឋានពន្ធដារប្រមូលបាន ​តាម​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ​ចំណូលអនឡាញ ​មាន​ចំនួនជាង ២ ០៧៤ ប៊ីលានរៀល ​ត្រូវប្រមាណជាង ​៥១២លានដុល្លារ ​ស្មើនឹង ១៨,១៧% នៃផែនការច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ក្នុងនោះបើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១ ឃើញថា កើនឡើងជាង ៣៨៣ ប៊ីលានរៀល ត្រូវប្រមាណជិត ៩៥ លានដុល្លារអាមេរិក ស្មើនឹង ២២,៦៩%។ឯកឧត្តម គង់ វិបុល បន្តឲ្យដឹងថា ​សម្រាប់ការប្រមូលចំណូលក្នុងខែ កុម្ភៈ ឆ្នាំ២០២២ នេះ, ចំណូល​ប្រភេទ​ពន្ធសំខាន់ៗចំនួន ៥ ប្រភេទ បានបន្តរក្សាកំណើន​ឡើងគួរឱ្យ​កត់សម្គាល់​ធៀប​នឹងខែកុម្ភៈ ឆ្នាំ២០២១។សូមបញ្ជាក់ថា៖ សម្រាប់ឆ្នាំ ​២០២២ នេះ​ រាជរដ្ឋាភិបាលបាន​កំណត់​ការ​ប្រមូល​ចំណូល របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ ​ក្នុងទំហំទឹកប្រាក់ប្រមាណជាង ​១១ ៤១៩ ប៊ីលានរៀល ​ត្រូវជាង ២ ៨១៩លានដុល្លារ។ អគ្គនាយកដ្ឋានពន្ធដារ ​នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាល​សារ​ពើពន្ធ ​រួមជាមួយវិធានការសំខាន់ៗ​មួយចំនួន​ ដើម្បីអនុវត្តឲ្យបាន​សម្រេច​តាមផែនការ ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ៕ អត្ថបទ៖ សុន រ៉ាឌី

តុល្យភាព​ស្បៀង​ឆ្នាំ២០២២​របស់​ខេត្តតាកែវ ​នៅសល់​ស្រូវ​ប្រមាណ ៩០ម៉ឺនតោន

2022/03/14 10:14:58 pm        805
តាកែវ៖ ការប៉ាន់ស្មានតុល្យភាពស្បៀងនៅក្នុងខេត្តតាកែវ បន្ទាប់ពីទុកពូជ និងចំណីសត្វចំនួន ១៣ភាគរយ និងទុកបរិភោគលើមនុស្សសរុបចំនួនជាង៩១ម៉ឺនាក់ ចំនួន១៤ភាគរយ ខេត្តតាកែវនៅសល់ស្រូវប្រមាណជិត ៩០ម៉ឺនតោន បើគិតជាអង្ករស្មើជាង ៥០ម៉ឺនតោន មានការកើនឡើងចំនួនជិត ៥ម៉ឺនតោន។នេះបើយោងតាមការលើកឡើង​របស់​ប្រធានក្រុម​ប្រឹក្សា​ខេត្តតាកែវ​ ថ្លែងនៅក្នុងសន្និបាទបូក​សរុប​លទ្ធផល​ការងារឆ្នាំ២០២១ ​និងលើកទីសដៅការងារឆ្នាំ២០២២ ​របស់រដ្ឋបាលខេត្តតាកែវ ​នៅព្រឹកថ្ងៃ ច័ន្ទទី ១៤ ខែមិនា ឆ្នាំ ២០២២នេះ។ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ បានបន្ដទៀត​ថា បរិមាណស្រូវ​ដែល​ប្រមូល​នៅលើផ្ទៃដីប្រមាណជាង ​១០ម៉ឺនហិកតា នៅក្នុងខេត្តតាកែវ​ ក្នុងឆ្នាំ២០២១កន្លងមក «ស្រូវរដូវប្រាំង និងរដូវវស្សា» ប្រមូលទិន្នផលស្រូវបានចំនួនជាង​ ១លាន២សែនតោន ។ ​ការប្រមូលផល​ស្រូវឆ្នាំ​២០២១​ មានការកើនឡើង​ ដែលនាំអោយតុល្យភាពស្បៀង​នៅក្នុងខេត្តតាកែវ មាន​សភាព​ល្អប្រសើរ។ឯកឧត្តម ថ្លែងបន្តថា នៅក្នុងឆ្នាំ២០២១កន្លងមក មានផ្ទៃដីស្រែចំនួនជាង ៦ពាន់ហិកតា បានទទួល​រងគ្រោះ​ដោយ​សារទឹកជំនន់ និងគ្រោះរាំងស្ងួត ដែល​នាំ​អោយ​ផ្ទៃដី​ខូចខាត​ចំនួន​ជាង ១រយហិកតា និងផ្ទៃដីមួយចំនួនទៀតត្រូវបានជួយសង្រ្គោះ ដោយអាជ្ញាធរ និងមន្រ្តីជំនាញ​និងក្រុមការងារថ្នាក់​ជាតិ​ចុះជួយខេត្តតាកែវ ​ជាពិសេសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ដែល​បានផ្ដល់​ស្រូវពូជ ​អង្ករ​ប្រេង​ឥន្ធនៈ​ថ្នាំពេទ្យ​មក​ផ្ដល់​ជូន​បងប្អូនកសិករ ដែល​ជួបប្រទះ​បញ្ហា​គ្រោះ​រាំងស្ងួត​និង​គ្រោះ​ទឹកជំនន់​បាន​ទាន់ពេលវេលា។បើតាម​ឯកឧត្តម យស់ ណាស៊ី ក្រៅពីសល់​ស្បៀងច្រើន ​រដ្ឋបាលខេត្តតាកែវ នៅក្នុងឆ្នាំ២០២១​កន្លងមក ក៏​បាន​សម្រេច​បាន​លទ្ធផល​ជាច្រើន​លើការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅក្នុងខេត្ត និង​បាន​អនុវត្តន៍​គោលនយោបាយ​កំណែ​ទម្រង់​រដ្ឋបាល​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្រ្ត​នៃ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​បាន​ល្អប្រសើរ​ផងដែរ៕ អត្ថបទ៖ វិភាគ

កម្ពុជានាំចេញទំនិញទៅកាន់ប្រទេសអាមេរិក មានតម្លៃជិត ៨៥០លានដុល្លារ ក្នុងខែមករា

2022/03/14 08:31:02 pm        806
ភ្នំពេញ៖ កម្ពុជានាំទំនិញចេញទៅកាន់សហរដ្ឋអាមេរិក មានតម្លៃ ៨៤៧លានដុល្លារ ក្នុងខែមករា ដើមឆ្នាំ២០២២នេះ កើនឡើង៤៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។យោងតាមរបាយការណ៍ពីការិយាល័យស្ថិតិអាមេរិក ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក មានទំហំ ៨៧៥លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២២ កើនឡើង ៤២ភាគរយ។​ ដោយឡែកកម្ពុជា នាំទំនិញមកពីសហរដ្ឋអាមេរិក ​មានតម្លៃ ២៨លានដុល្លារ​ ធ្លាក់ចុះ ១៧ភាគរយ។សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម - ប្រព័ន្ធអនុគ្រោះទូទៅ (GSP) ។ កាល​ពី​ពេលថ្មីៗនេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ប្រហែល ៣០ភាគរយ​នៃ​ការ​នាំ​ចេញ​នៃ​វិស័យ​វាយនភណ្ឌ​របស់កម្ពុជា ​ត្រូវ​បាននាំចេញ​ទៅ​សហរដ្ឋ​អាមេរិក។ក្នុងកិច្ចពិភាក្សាស្តីពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក ​និងកម្ពុជា ​លោកបានចាត់ទុកថា ការ​កើន​ឡើង​នៃការនាំ​ចេញ​វាយនភណ្ឌ ​គឺជា​កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា ​និង​សហរដ្ឋអាមេរិក ទោះបីជា​មាន​បញ្ហាប្រឈមមួយចំនួន​ផ្សេង​ទៀត​ក៏ដោយ។សូមបញ្ជាក់ថា ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក​មាន​ចំនួន ៩ ១៥៩ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ​កើនឡើង ១៥,៨ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។ ក្នុងនោះ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ​៨ ៧៤៥ លាន​ដុល្លារ​ទៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​របស់​ពិភពលោក​ កើន​ឡើង ៣៣,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០៕ អត្ថបទ៖ វណ្ណៈ

កម្ពុជា ត្រៀមបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨

2022/03/12 09:40:52 pm        780
ភ្នំពេញ៖ តាមការគ្រោងទុក នៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងរៀបចំ និងដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៨ (28th AEM Retreat) តាមប្រព័ន្ធអនឡាញ។ក្នុងជំនួបការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាន​នៃ​កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន​និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ កាល​ពីរសៀលថ្ងៃទី១១ ខែមីនាកន្លងទៅ ​តាមរយៈប្រព័ន្ធអនឡាញ ​ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងរបៀបវារៈទាំងឡាយដែលគ្រោង​នឹង​លើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន៖ ​ការតាមដានកិច្ចការបន្ត ស្របតាម​លទ្ធផល​នៃកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៣៨ និង៣៩, ​ការត្រៀមដើម្បីអនុម័តលើ​សមិទ្ធផល​អាទិភាពសេដ្ឋកិច្ចដែលស្នើដោយកម្ពុជា ព្រមទាំងអាទិភាពប្រចាំឆ្នាំរបស់ក្រុមការងារអន្តរវិស័យ​ក្រោម​សមត្ថកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ាន​ក្នុងការបង្កើន​ទំនាក់ទំនង​កាន់តែប្រសើរជាមួយនឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿនការ​បញ្ចប់​ការចរចា​ធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់​ពេលវេលាកំណត់។ល។ ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមាំថា ក្រោមភាពដឹកនាំរបស់ឯកឧត្តមរដ្ឋ​មន្រ្តីពាណិជ្ជកម្ម ​កិច្ចប្រជុំចង្អៀតខាងមុខនឹងបញ្ចប់ដោយរលូន ប្រកបដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ​។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ​និងឯកឧត្តមអគ្គលេខាធិការអាស៊ាន ​បានប្តេជ្ញាចិត្តបន្តកិច្ច​សហការ​បន្ថែមទៀត សំដៅឈាន​ទៅ​រកការសម្រេចបាននូវ​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ២០២២ ​និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ដែល​ស្ថិត​ក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន​ ក្នុង​អំឡុង​ពេលដែលកម្ពុជា​ធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមហ៊ុនប្រទេសឆែក គ្រោងនាំម្រេចកំពត ៣៥តោនទៅទីផ្សារអន្តរជាតិ

2022/03/12 08:15:41 pm        1212
កំពត៖ ក្រុមហ៊ុនឯកជនមួយមកពីសាធារណរដ្ឋឆែក នៅឆ្នាំ២០២២នេះបានចុះកិច្ចសន្យា ទិញម្រេចកំពត ចំនួនប្រមាណ ៣៥តោនពីប្រជាកសិករចំនួន ២០៣គ្រួសារ ដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។លោក ងួន ឡាយ ប្រធានសមាគមលើកស្ទួយម្រេចកំពត កាលពីរសៀលថ្ងៃទី១១ ខែមីនាកន្លងទៅ បានប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថាថា ក្រុមហ៊ុន អ៊ីយូលែន អេន ផេបភើរ អ៊ីនវេសមិន (Eu land and pepper investment co ltd) ដែលជាក្រុមហ៊ុនឯកជនមួយមកពីសាធារណរដ្ឋឆែក ពេលដំបូងគិតចាប់ពីឆ្នាំ២០១៨ បានចុះកុងត្រាផ្ទាល់ជាមួយកសិករចំនួនតែ ២៨០គីឡូ បន្ទាប់មកចំនួន ១៩-២០តោន និងកើនឡើងបន្តបន្ទាប់រហូតដល់ចំនួន ៣៥តោន នៅឆ្នាំ២០២២នេះ។ លោកឲ្យដឹងទៀតថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុនបានទិញម្រេចពីសមាគម ប៉ុន្តែមិនមានការ​ចុះ​កុងត្រា​ដោយផ្ទាល់ទេ​ ប៉ុន្តែមកទល់ពេលនេះក្រុមហ៊ុន បានអះអាងថា នឹងធ្វើកុងត្រាជាមួយ​កសិករ​ដោយផ្ទាល់រៀងរាល់​ ១ឆ្នាំម្តង​ ដើម្បីប្រមូលទិញម្រេចទាំងអស់។ ទាក់ទិននឹងតម្លៃរបស់ម្រេចកំពត លោក ងួន ឡាយ បានឲ្យដឹងថា សម្រាប់ម្រេចក្រហមមានតម្លៃ ២៥ដុល្លារ, ម្រេចខ្មៅ ១៥ដុល្លារ និងម្រេចស ២៨ដុល្លារ ក្នុង១គីឡូក្រាម។ ​ដោយឡែកផ្ទៃដីដាំម្រេច​នៅក្នុងខេត្តកំពត​ ក្នុងពេលបច្ចុប្បន្នទំហំ ២៤០ហិកតា និងមានសមាជិកជាផលិតករចំនួន​ប្រមាណ​ជាង ៤១០គ្រួសារ សមាជិកជាក្រុមហ៊ុនចំនួន ៣០ក្រុមហ៊ុន។កាលពីឆ្នាំ២០២១កន្លងទៅ ​ការនាំចេញម្រេចរបស់កម្ពុជា ​មានចំនួនប្រមាណជាង​ ២ម៉ឺន ៨ពាន់តោន កើនឡើងជាង ៤៥០ភាគរយ ​ទាំងម្រេចកំពត​ ដែលជាផលិតផលសម្គាល់​ទីតាំង​ភូមិសាស្ត្រ និង​ម្រេចធម្មតា​មិនមានសម្គាល់ទីតាំងភូមិសាស្ត្រ។​ ក្នុងនោះ​ នាំចេញទៅកាន់ប្រទេសវៀតណាម អាល្លឺម៉ង់ បារាំង តៃវ៉ាន់ ​សាធារណរដ្ឋឆែក ប៉ូឡូញ កូរ៉េ ជប៉ុន រុស្ស៊ី សិង្ហបុរី និង​បណ្តាប្រទេស​មួយ​ចំនួនទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
10/10/2026 07:10 PM
កម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
10/10/2026 02:10 PM
យុវជនកម្ពុជាចាប់ផ្តើមបោះជំហានចូលរួមបំពេញកាតព្វកិច្ចយោធាថ្ងៃដំបូង
10/10/2026 02:10 PM
សម្ដេចធិបតី ផ្ដល់ ឱកាសមាសសម្រាប់ ក្រុម លោក អ៊ុំ សំអាន បង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ
10/10/2026 01:10 PM
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
10/10/2026 01:10 PM
ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញមកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវេនទី១៤ នៅវត្តលង្កាព្រះកុសុមារាម ដើម្បីឧទិ្ទសកុសលជូនបុព្វការីជន
10/10/2026 12:10 PM
អង្គការជាង ១០០ ព្រមានថា បទឈប់បាញ់នៅហ្កាហ្សាមានតែឈ្មោះ ខណៈពលរដ្ឋប៉ាឡេស្ទីន នៅតែរងទុក្ខវេទនា
10/10/2026 10:10 AM
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សំរាម និងសំណល់ប្លាស្ទិក នៅតាមទីប្រជុំជន និងទីវត្តអារាម មានការទុកដាក់បានស្អាត
10/09/2026 09:10 PM
អ៊ុយក្រែនពង្រីកការវាយប្រហារដោយយាន​ដ្រូន ទៅលើមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនរុស្ស៊ី Yandex
10/09/2026 08:10 PM
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
10/09/2026 08:10 PM