ប្រតិភូចិនស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជា
ក្រុមហ៊ុនមីនេបៀប្រទេសជប៉ុន ដាក់ឱ្យដំណើរការសាកល្បងរោងចក្រតម្លៃជិត ៤០លានដុល្លារ ក្នុងខេត្តពោធិ៍សាត់
ក្រសួងពាណិជ្ជកម្មបើកវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា កំឡុងរៀបចំ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨
ការដឹកជញ្ជូនតាមផ្លូវទឹក កំពុងមានសកម្មភាពយ៉ាងផុលផុស គាំទ្រដល់ការធ្វើពាណិជ្ជកម្មកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

កសិករនៅឃុំស្រះរាំង ប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃចុះកិច្ចសន្យាទុកជាមុន ១៣៥០៛/គីឡូក្រាម

2025/01/15 03:43:12 pm        364
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​ថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កសិករចំនួន២៤គ្រួសារ នៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ បានប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃ​ចុះ​កិច្ច​សន្យា​ទុកជាមុន ១៣៥០៛/គីឡូ សម្រាប់ស្រូវសើមទិញនៅទីវាល។ថ្នាក់ដឹកនាំ​ក្រសួងខាងលើសង្ឃឹមថា ដំណឹង​នេះ​នឹង​អាច​បង្កើនទំ​នុក​ចិត្ត​បន្ថែម​ទៀត​ដល់​បងប្អូ​ន​កសិករ​កម្ពុជា ដែលនៅតែអល់អែករារែក ស្ទាក់ស្ទើរមិនទាន់ហ៊ាន​សម្រេច​ចិត្តងាក​មក​រួមគ្នា​ផលិត​ស្រូវ​សែន​ក្រអូប ក្រោមទម្រង់ជាសហគមន៍កសិកម្មទំនើប។សូមបញ្ជាក់ថា ក្រុមហ៊ុនបៃតង គឺជាក្រុមហ៊ុនតែមួយ ដែលនឹងចុះកិច្ចសន្យាធានាទិញស្រូវសែនក្រអូបពីសហគមន៍កសិកម្មទំនើបខ្នាត៥០០០ហិកតា ដែលគ្រោងនឹងបង្កើតថ្មីនៅខេត្តកំពង់ធំនាពេលខាងមុខនេះ។តាមឯកឧត្តម ឃឹម ហ្វីណង់ «សហគមន៍កសិកម្ម & ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា» បង្ហាញពីភាពច្បាស់លាស់ មានទំនុកចិត្ត និងមិនចាំបាច់បារម្ភពីហានិភ័យទីផ្សារ។ ការធ្វើកសិកម្មនៅដាច់ដោយឡែកៗពីគ្នា តូចៗជាលក្ខណៈគ្រួសារ តែងជួបបញ្ហាប្រឈមច្រើន ជាពិសេសភាពស្រពេចស្រពិលនៃទីផ្សារ និងថ្លៃដើមខ្ពស់។ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាកសិករចងក្រងគ្នាផលិតជាសហគមន៍ ដើម្បីអាចមានលទ្ធភាពចាប់យកកិច្ចសន្យាច្បាស់លាស់មួយ «លក់មុនដាំ» ជាមួយនឹងសមត្ថភាពប្រកួតប្រជែងខ្ពស់ទាំងខាងផ្នែកតម្លៃ បរិមាណ និងគុណភាព។ជាមួយគ្នានោះប្រសិនបើអាចរៀបចំជាសហគមន៍កសិកម្មទំនើបតែម្តង ក្រសួងនឹងសម្រសម្រួលស្វែងរកទុនកម្ចីការប្រាក់ទាបជូន ដោយមិនចាំបាច់ឱ្យកសិករសមាជិកជាប់បំណុលធានាគារ៕

ធនាគារជាតិបោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣០ ក្នុងទំហំជួញដូរ ៥០០ប៊ីលានរៀល

2025/01/15 10:42:37 am        149
ធនាគារជាតិនៃកម្ពុជា បោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣០ ក្នុងទំហំ​ជួញ​ដូរ​មាន​ទឹក​ប្រាក់​ប្រមាណ ៥០០ប៊ីលានរៀល កំណត់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានតម្លៃ​ចារឹក​ក្នុង​មួយ​ប័ណ្ណ ១ លានរៀល នៅក្នុងឥណប្រតិទានដែលមានកំណត់ នៅតាម ចំនួនឆ្នាំនីមួយៗ។ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការបោះផ្សាយមូលបត្ររដ្ឋលើកទី ៣០ ដល់​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៃការដាក់ឱ្យដេញថ្លៃមូលបត្ររដ្ឋ ដោយប្រព្រឹត្តទៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤ ខាងមុខនេះ តាមប្រព័ន្ធដេញថ្លៃលើថ្នាលរបស់ ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform - NBCP) ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ២ រសៀល​។ចំពោះការដាក់ដេញថ្លៃនៃការបោះផ្សាយមូលបត្ររដ្ឋនេះ គឺជាភេទមូលបត្រឥណប្រតិទាន (ការ​ទូទាត់​ ឬកាលកំណត់) ១ ឆ្នាំ, ដោយមានទំហំសរុប (មិនមានការកំណត់), មានតម្លៃ​ចារឹក​មួយ​ឯកតា (ឬមួយប័ណ្ណ) ១ លានរៀល, អត្រាគូប៉ុង ២,៨០% (ថេរ), ថ្ងៃទូទាត់នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២៥, ចំណែករយៈពេលទូទាត់គូប៉ុង នឹងធ្វើឡើងរៀងរាល់ ៦ ខែម្តង និងមាន​កំណត់​លក្ខ​ខណ្ឌ ជាច្រើនទៀត នៅក្នុងសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា។ជុំវិញការបោះផ្សាយមូលបត្ររដ្ឋនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បាន​ជម្រាប​ជូន​ដំណឹង​ដល់​វិនិយោគិន​សក្កានុពលទាំង អស់ នៃការអនុលោម​តាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៥ ​និងក្របខ័ណ្ឌ​គោល​នយោបាយ ស្តីពីការអភិវឌ្ឍមូលបត្រ រដ្ឋ ២០២៣-២០២៨ របស់​រាជ​រដ្ឋាភិបាល, ក្នុងនោះសម្រាប់ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការ​បោះ​ផ្សាយ​លក់ មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា NBCP ក្នុង​ទំហំ ៥០០ ប៊ីលានរៀល សមមូលប្រមាណ ១២៣ លានដុល្លារអាមេរិក សម្រាប់​ជា​ហិរញ្ញប្ប​ទាន​ចំណាយ​លើកា​រវិនិយោគនៅលើវិស័យជាច្រើន ដែលជាវិស័យអាទិភាពរបស់ រាជរដ្ឋាភិបាល និង​ក៏​ជា​ការ​រក្សាតុល្យភាពថវិកាជាតិផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អង្គការ FAO គ្រោងអនុវត្តគម្រោងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

2025/01/14 04:28:46 pm        239
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០២៥ បានទទួលស្តាប់បទបង្ហាញអំពីគម្រោង “Deliver a Tier 2 GHG inventory for the agriculture sector” របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួង។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រោយពី​បានទទួលស្តាប់​ការ​ធ្វើ​បទ​បង្ហាញរួច ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារគម្រោង​ត្រូវចាំ​បាច់​ផ្តោត​ទៅ​ការងារសំខាន់តែមួយមុខជាក់លាក់ ធ្វើយ៉ាងណាឱ្យមានការគ្រប់គ្រងច្បាស់លាស់ មាន​លទ្ធផល​ល្អ មានការអនុវត្តត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ការងារគម្រោងនៅដំណាក់ទី១នេះ គួរមានការយកចិត្តទុកដាក់លើការងារអនុវិស័យសត្វ ដោយត្រូវសហការជាមួយអគ្គនាយកដ្ឋានជំនាញ ក្នុងការសិក្សាពីការប៉ាន់ប្រមាណការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការវិភាគការបំភាយកាបូនក្នុងវិស័យកសិកម្ម។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី លើកទឹកចិត្តដល់ក្រុមការងារគម្រោងចាំបាច់ផ្តោតការងារដំណាក់កាលទី១នេះឱ្យទទួលបានលទ្ធផលជោគជ័យជាមុនសិន អាចបញ្ជ្រាបការអនុវត្តដល់កសិករពិតប្រាកដ ងាយស្រួលក្នុងប្រមូលទិន្នន័យពាក់ព័ន្ធ និងមានភាពល្អប្រសើរក្នុងអនុវិស័យសត្វ មុនឈានទៅរកការអនុវត្តគម្រោងដំណាក់កាលទី២ និងទី៣ ដែលជាជំហានបន្ទាប់ក្នុងគម្រោង។បើតាមក្រសួងកសិកម្ម កិច្ចប្រជុំនេះ ធ្វើឡើងដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ក្នុងគោលដៅស្នើសុំគោលការណ៍ណែនាំពី ឯកឧត្តមរដ្ឋមន្ដ្រី ក្នុងការអនុវត្តគម្រោងការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបានលើកឡើងខាងលើ និងជំរុញការកសាងសមត្ថភាពធនធានមនុស្សក្នុងដំណាក់កាលទី០២ នៃគម្រោង៕

ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍កសិកម្មទំនើបខ្ចីប្រាក់ក្នុងរង្វង់៥លានដុល្លារ ដើម្បីកុំឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ

2025/01/14 04:12:54 pm        238
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​សរសេរ​បញ្ជាក់​នៅ​លើហ្វេសប៊ុកនៅរសៀលថ្ងៃទី១៤ ខែមករានេះថា ក្រសួងកសិកម្មនឹង​ដាក់​ទុន​ឱ្យ​សហគមន៍​កសិកម្ម​ទំនើប​ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់​ឱ្យ​កសិករ​សមាជិក​ពិបាក​ជាប់​បំណុល​គេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ! នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួង​កសិកម្ម​ព្យាយាម​ផ្តល់​ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយ​កំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។ ឯកឧត្តម ឃឹម ហ្វីណង់ បានសរសេរថា ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ បង​ប្អូន​កសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រ​ចិត្ត​រួម​គ្នា​ជាមួយ​ឃុំ​កំពង់​គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែន​ក្រអូប​របស់​កម្ពុជា​លើ​ផ្ទៃ​ដី​៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី ១៣០០៛/គីឡូក្រាមឡើងទៅ។ឯកឧត្តម​បញ្ជាក់ថា ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិន​ចាំបាច់​ឱ្យ​កសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។ នេះ​គឺ​ជា​ដំណោះស្រា​យបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែល​ធ្លាប់​តែ​ដាំ​ពូជ​ស្រូវ​របស់​ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារ និង​មិន​ទទួល​បាន​តម្លៃល្អ​។ ឯកឧត្តម ឃឹម ហ្វីណង់ បានអំពាវនាវថា បើអាណិតកសិករយើង ហើយពិត​ជា​ចង់​ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និង​ដាំ​ពូជ​អង្ករ​ក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាក​ទាំង​ការ​អន្តរាគមន៍ជួយពេលមានបញ្ហា។ ឯកឧត្តមបន្តថា «ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់​យក​ទីផ្សារ​មក​ទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់​ការ​លើ​ជោគ​វាសនា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​ហើយ»៕

ឯកឧត្តម ឃឹម ហ្វីណង់៖ «ពេលវេលានេះមិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នាជំរុញឱ្យកសិករងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវវៀតណាមវិញ»

2025/01/14 01:18:36 pm        642
ឆ្លើយតបទៅនឹងការផ្សាយបំផុសបំផុល ញុះញង់របស់បណ្ដាញផ្សព្វផ្សាយវិទ្យុបរទេស ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​សរសេរ​បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​ថា ពេលវេលានេះមិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេល​មូរដៃ​អាវ​ធ្វើ​ការរួមគ្នាជំរុញឱ្យកសិករងាក​មក​ចាប់​យក​ពូជ​អង្ករ​ក្រអូប​របស់​កម្ពុជា​ជំនួស​ពូជ​ស្រូវ​វៀតណាម​វិញ។ឯកឧត្តមបានសរសេរថា «ពេលវេលានេះ មិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែ​ជា​ពេល​មូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយ​ឱ្យ​ត្រូវ​ ជំរុញឱ្យកសិករយើងងាកមកចាប់យក​ពូជ​អង្ករ​ក្រអូប​របស់​កម្ពុជា​ជំនួស​ពូជ​ស្រូវ​របស់​វៀតណាម​វិញ ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយ​ដាក់ចំណងជើងថា «រដ្ឋមន្ត្រីក្រសួងកសិកម្មស្តីបន្ទោសកសិករ» ក្នុងចេតនា​ព្យាយាម​ធ្វើ​ឱ្យ​មាន​ការ​យល់ច្រឡំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់​ការ​បញ្ចូន​សារ​ដ៏មាន​សារៈសំខាន់​របស់​​ឯកឧត្តម​រដ្ឋមន្ត្រីជូនដល់បងប្អូនកសិករយើងក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ»។ បើតាមឯកឧត្តមអ្នកនាំពាក្យ ការបកស្រាយ​ពន្យល់​ពី​ស្ថានភាព​ថ្លៃ​ស្រូវ​អូអឹម​មិន​មែន​ជា​ការ​ដោះសារ ឬ​ការស្តីបន្ទោសដល់កសិករនោះទេ តែជាការវាយតម្លៃសភាព​ការណ៍​យ៉ាង​ជាក់​លាក់​នៃ​ទីផ្សារ​អង្ករលើសកលលោកពីសំណាក់អ្នកជំនាញ ដើម្បីផ្តល់ព័ត៌មាន​ឱ្យ​បាន​ត្រឹម​ត្រូវ​ដល់​បងប្អូន​កសិករ​យើង រួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយនាពេលអនាគត ជៀស​វាងការខាតបង់ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត។ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា សាធារណៈជន ជាពិសេសពុក​ម៉ែប​ង​ប្អូន​កសិករ​ដែល​កំពុង​ដាំស្រូវអូអឹមទាំងអស់ អាចបើកចំហបេះដូង ហើយស្តាប់បទសម្ភាស​ទាំងមូល​ពី​ប្រភព​ផ្ទាល់​ឱ្យ​បាន​ដល់ចប់ ដើម្បីទទួលបានខ្លឹមសារពិតប្រាកដរបស់ឯកឧត្តរដ្ឋមន្ត្រី។ បើមិនបាន​ជួយ​អ្វី​ដោយ​ផ្ទាល់ដល់កសិករយើងទេយ៉ាងហោចណាស់ សូមធ្វើចំណែកមួយនៃដំណោះស្រាយ ប្រសើរ​ជាងទៅខំប្រឹងបង្កើតបញ្ហាបន្ថែម»៕

កសិករក្រុងក្រចេះប្រមាណ ២០គ្រួសារ ងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកជំនួសពូជស្រូវនាំចូលពីបរទេស

2025/01/14 12:17:25 pm        182
លោកចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុង/ខេត្តក្រចេះ បានឲ្យដឹងថា បន្ទាប់ពីបានជួបសំណេះសំណាល និងស្តាប់ការពន្យល់របស់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីស្ថានភាពពូជស្រូវ ឃើញមានប្រជាកសិករចំនួនប្រមាណ ២០គ្រួសារ បានងាកមកចាប់អារម្មណ៍ និងសម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេសវិញនៅរដូវកាលក្រោយ។លោក អ៊ន ស៊ាង ចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតមកដល់ពេលនេះ បានឈានចូលដល់ពាក់កណ្តាលរដូវធ្វើស្រែខែប្រាំង កសិករចាប់ផ្តើមបង្ករបង្កើនផលពីចុងខែ១០ (តុលា) រហូតដល់ខែ១១ (វិច្ឆិកា) លើផ្ទៃដីប្រមាណ ៦៨០ហិចតា។ លោកបន្តថា នៅពេលមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករកាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានពន្យល់ និងលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំដុះពូជស្រូវសែនក្រអូប០១ ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ មានតម្លៃខ្ពស់ រក្សាស្ថេរភាពតម្លៃ និងកំពុងទទួលបានការគាំទ្រពេញនិយមនៅលើទីផ្សារអន្តរជាតិ គឺមានការស្ម័គ្រចិត្ត និងសម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរនេះវិញ ខណៈកន្លងមកប្រជាកសិករបានប្រើប្រាស់ប្រភេទស្រូវ OM (ស្រូវស្រាល) ដែលមានប្រភពពូជមកពីប្រទេសវៀតណាម។លោកបានបញ្ជាក់ថា ពូជស្រូវសែនក្រអូប ទិន្នផលរបស់វាបានទាបមែន ដោយក្នុង១ហិកតាទទួលបានទិន្នផលប្រហែល ៣,៥តោន ក៏ប៉ុន្តែតម្លៃរបស់ ១ ៣០០រៀល ក្នុង១គីឡូ គិតទៅក្នុង១តោន អាចលក់បានលុយ ៤លាន ៥៥ម៉ឺនរៀល ប៉ុន្តែបើប្រៀបធៀបទៅនឹងស្រូវ OM (ស្រូវស្រាល) ដែលអាចផ្តល់ទិន្នផលខ្ពស់ក្នុង១ហិកតា ៥តោនក៏ពិតមែន តែតម្លៃស្រូវប្រភេទនេះបានត្រឹមតែ ៨៥០រៀល ក្នុង១គីឡូ ឬទាបជាងនេះ តែបើយើងថាអាចលក់បាន ៨៥០រៀល ក្នុង១គីឡូ សរុប៥តោនបានតែ ៤លាន ៥០ម៉ឺនរៀលតែប៉ុណ្ណោះ គឺចាញ់ស្រូវសែនក្រអូប ដែលក្នុង១ហិកតា ទទួលបានទិន្នផលត្រឹមតែជាង៣តោន តែអាចលក់បានក្នុងតម្លៃហូតដល់ ៤លាន ៥៥ម៉ឺនរៀលឯណោះ។លោក គង់ សាមឿន ជាកសិករនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ បានឲ្យដឹងដែរថា លោកនឹងងាកមករកការធ្វើស្រូវពូជសែនក្រអូបនេះវិញ ព្រោះវាមានតម្លៃខ្ពស់ទោះបីជាវាផ្តល់ទិន្នផលទាបជាងស្រូវពូជផ្សេងក៏ដោយ តែស្រូវសែនក្រអូបជាង៣តោន ក្នុង១ហិកតា អាចលក់បានលុយច្រើនជាងស្រូវពូជផ្សេងដែលមានទម្ងន់រហូតទៅដល់ ៥តោន ក្នុង១ហិកតាទៅទៀត។ លោកបានអំពាវនាវឱ្យឲ្យប្រជាកសិករងាកមកធ្វើស្រូវសែនក្រអូបនេះឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានផលចំណេញ។លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥កន្លងទៅ បានអំពាវវនាវឱ្យប្រជាកសិករងាកមកប្រើប្រាស់ពូជស្រូវខ្មែរសែនក្រអូប និងផ្ការំដួល ដោយសារមើលឃើញថា កសិករភាគច្រើនជ្រើសរើសប្រភេទស្រូវ OM របស់វៀតណាម មានទីផ្សារមិនស្ថិតស្ថេរ តម្លៃប្រែប្រួលតាមឈ្មួញវៀតណាម ស្របពេលស្រូវក្នុងប្រទេសរៀតណាមចាលខ្លាំង ធ្វើឱ្យតម្លៃស្រូវថោក។ជុំវិញបញ្ហាធ្លាក់ថ្លៃស្រូវក្នុងពេលបច្ចុប្បន្ននេះ លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង១០ថ្ងៃចុងក្រោយនេះ គឺជាប្រភេទស្រូវស្រាល ដាំដុះរយៈពេលខ្លី (ជាពូជស្រូវមកពីប្រទេសវៀតណាម) មិនមែនពូជស្រូវទាំងអស់ធ្លាក់ថ្លៃនោះទេ។ មូលហេតុដែលស្រូវធ្លាក់ថ្លៃ គឺព្រោះតែមកពីចំនួនស្រូវមានចំនួនច្រើន ទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោក លក់មិនដាច់ គ្មានការបញ្ជាទិញ។ លោកជំទាវ បានបន្ថែមទៀតថា កិច្ចការនេះ ក្រសួងកសិកម្ម មិនបានព្រងើយកន្តើយឡើយ ចំពោះបញ្ហាពលរដ្ឋត្អូញថា ស្រូវប្រភេទនេះ ជួបបញ្ហាធ្លាក់ថ្លៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាទទួលគម្រោងវិនិយោគថ្មី និងពង្រីកផលិតកម្ម មានទុនវិនិយោគជាង ៦,៩ ពាន់លានដុល្លារ

2025/01/14 11:07:11 am        164
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគថ្មី បានចំនួន ៤១៤ មានទំហំទុនវិនិយោគសរុប ប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះចំនួន ៣៨៧ ជាគម្រោងវិនិយោគថ្មី និង ២៧ ជាគម្រោងពង្រីកផលិតកម្ម។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានបង្ហាញស្ថិតិវិនិយោគវិស័យឯកជន នៃសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងបំណាច់ ឆ្នាំ ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគ ទាំង ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦៤ គម្រោង និង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៥០ គម្រោង។ជារួម, ក្នុងឆ្នាំ២០២៤ នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦ គម្រោង ខណៈទុនវិនិយោគមានការ កើនឡើងប្រមាណជិត ២ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះ គម្រោងពង្រីកផលិតកម្មបានកើនពី ២១ គម្រោង ឡើងមក ២៧ គម្រោង ។ ក្នុងឆ្នាំ ២០២៤ នេះ វិស័យឧស្សាហកម្ម នៅតែបន្តជា វិស័យលេចធ្លោជាងគេ ដោយបានស្រូបទាញគម្រោងវិនិយោគចំនួន៣៩៤ គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគ សរុប ខណៈទុនវិនិយោគក្នុងវិស័យនេះមានប្រមាណ ៤,៨ ពាន់លានដុល្លារអាមេរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។ ទន្ទឹមនេះ, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៨ គម្រោង ដោយមានទុនវិនិយោគសរុបជាង ១២១ លានដុល្លារ អាមេរិក ស្មើនឹង ២%, វិស័យទេសចរណ៍ មានចំនួន ៤ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧៣៨ លានដុល្លារអាមេរិក ស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១,៣ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប។ជាក់ស្តែងគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំឆ្នាំរួមមាន៖ គម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស, មាន គម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចិញ្ចឹមសត្វចតុប្បាទ, រោងចក្រកែច្នៃផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ។ ចំណែក ឧស្សាហកម្មមាន គម្រោងផលិតកម្មនៃឧស្សាហកម្មរ៉ែមាស, គម្រោងរោងចក្រផលិតភេសជ្ជៈប៉ូវកំលាំង, រោងចក្រអំពូលដើមណូអែល, ពូកខ្យល់ និងគ្រឿងសង្ហារឹមជាដើម។ ចំណែទេសចរណ៍មាន៖ អាជីវកម្មសណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម, និងគម្រោង សណ្ឋាគារផ្សេងៗទៀត។ ចំណែកហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមាន៖ គម្រោងផលិតសេវាទូរគមនាគមន៍មូលដ្ឋាន, គម្រោងសាងសង់ វារីអគ្គិសនី, គម្រោងសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្ម និងគម្រោងអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យជាដើម។ចំណែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៖ គម្រោងរោងចក្រសំបកកង់រថយន្ត, គម្រោងរោងចក្រផលិតភេសជ្ជៈគ្រប់ ប្រភេទ, រោងចក្រដំឡើងគ្រឿងបង្គុំម៉ាស៊ីន និងមេខនិច, រោងចក្រផលិតទឹកដោះគោ និងភេសជ្ជៈគ្រប់ប្រភេទ, និងគម្រោងរោងចក្រ បន្ទះហ្រ្វាំងគ្រប់ប្រភេទជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញជ័រកៅស៊ូក្នុងឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ជាង ១ ៥០០ លានដុល្លារអាម៉េរិក

2025/01/14 10:53:28 am        236
កម្ពុជានាំចេញជ័រកៅស៊ូនៅក្នុងបំណាច់ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ជាង ១ ៥០០ លានដុល្លារអាមេរិក កើនឡើងជិត ៦៤ ភាគរយ ធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០២៣, ចំពោះការកើនឡើងនេះ បានបង្ហាញនូវការរីកចម្រើននៃការដាំដុំ សម្រាប់បម្រើការ នាំចេញ និងការផ្គត់ផ្គង់ក្នុងស្រុក។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់ BTV ស្តីពីការនាំចេញកៅស៊ូ និងការផ្គត់ផ្គង់កៅស៊ូក្នុង ស្រុកនេះថា ជុំវិញការចេញជ័រកៅស៊ូ ក៏ដូចជាការនាំចេញទំនិញផ្សេងៗរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ អ្នកឧកញ៉ា បានថ្លែងនូវការអបអរសាទរ ចំពោះកំណើននៃការនាំចេញទំនិញរបស់កម្ពុជា ដែលនេះបានបង្ហាញឱ្យឃើញអំពីការរីកចម្រើន ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ជាពិសេសការរីកចម្រើននៅក្នុងវិស័យកសិកម្ម ខណៈដែលវិស័យនេះបានកំពុងចូលរួមគាំទ្រដល់កំណើន នៃសេដ្ឋកិច្ចជាតិ។អ្នកឧកញ៉ា បន្តថា ជាក់ស្តែងការនំាចេញជ័កៅស៊ូដែលមានកំណើនកើនឡើងនេះ គឺជាសញ្ញាណមួយល្អនៃការងើបឡើង ក្នុងវិស័យកសិកម្ម គាំទ្រដល់សកម្មភាពនៃការដាំដុះក្នុងស្រុក និងស្របពេលដែលកម្ពុជាកំពុងស្រូបយករោងចក្រផលិតសំបកកង រថយន្តជាបន្តបន្ទាប់ ដែលទាំងនេះគឺជាការទីផ្សាររួមចំណែកមួយទៀត ទោះបីនៅមានកម្រិតតិចតួចក៏ដោយ​។​ ចំណែកមូលហេតុនៃការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅមានកម្រិតនេះ អ្នកឧកញ៉ា លឹម ហេង បន្តឱ្យដឹងថា ប្រទេសកម្ពុជា យើងភាគច្រើនផលិតជ័ររកៅស៊ូលេខ១ លេខ២ សម្រាប់បម្រើទីផ្សារនាំចេញ។ ចំណែកជ័រកៅស៊ូដែលបម្រើដល់រោងចក្រផលិត សំបករថយន្តក្នុងស្រុក គឺជាប្រភេទជ័រកៅស៊ូលេខ៣, បច្ចុប្បន្នកម្ពុជាបានផលិតជ័រកៅស៊ូប្រភេទនេះមានចំនួនតិចតួច តែទោះបី យ៉ាងណារោងចក្រផលិតសំបករថយន្ត ក៏បានចូលរួមចំណែកដល់ការប្រមូលទិញក្នុងស្រុកផងដែរ ចៀសវាងដល់ការកក់ស្ទុះ ឬគ្មាទីផ្សារប្រមូលទិញ ដែលកន្លងមកតែងតែជួបបញ្ហានេះជារឿយៗ។ទាក់ទិនជ័រកៅស៊ូនេះដែរ, បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជរដ្ឋាបណ្ឌិតសភាកម្ពុជា ថ្លែងថា ជុំវិញការស្រូបយក ជ័រកៅស៊ូក្នុងស្រុក នៅមានកម្រិតទាបនៅឡើយនេះ ដោយសារកម្ពុជាពុំទាន់រោងចក្រកែច្នៃជ័រកៅស៊ូដែលប្រឡាក់ដី (ឬជ័រកៅស៊ូដែល មិនមានគុណភាព) សម្រាប់យកទៅកែច្នៃផលិតសំបកកងរថយន្តនៅឡើយ ក្នុងនោះប្រសិនយើងមានរោងចក្រប្រភេទនេះនៅក្នុង ស្រុកបន្ថែមទៀត រោងចក្រដែលផលិតសំបកកង់ទាំងអស់ នឹងស្រូបយកសក្តានុពលជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ ២០២៤ កន្លងមកនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ គិតជាទឹកប្រាក់មានចំនួនជាង ១ ៥០០ លានដុល្លារអាមេរិក កើនឡើងជិត ៦៤ ភាគរយ ខណៈនៅក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញកៅស៊ូ មានទឹកប្រាក់ជិត ១ ពាន់ លានដុល្លារអាមេរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រផលិត​សំបកកង់​រថយន្ត​ក្នុងខេត្តស្វាយរៀង

2025/01/13 10:40:44 am        231
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើក​ការដ្ឋាន​សាង​សង់​រោង​ចក្រ​របស់​ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ក្នុងពិធីនោះ ក៏មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក.អ.ក. ឯកឧត្តម​អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តមអភិបាល នៃ​គណៈអភិបាល​ខេត្ត​ស្វាយរៀង, លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group, លោក CAO XIANDONG ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាន់លី ថាយអឺ, លោក ZENG PING អគ្គនាយករងក្រុមហ៊ុន China Construction Fourth Engineering Bureau ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិជាច្រើនរូបផ្សេងទៀត។នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើង​អំពី​ទំនាក់​ទំនង​យ៉ាង​ស្អិត​ល្មួត​រវាង​កម្ពុជា និងមិត្តចិន ហើយនឹងបន្តរឹតបន្តឹងចំណងមិត្តភាពទំនាក់ទំនងការទូតមួយនេះ ឱ្យ​កាន់​តែ​មាន​ភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួម​ទាំង​ការ​សម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកប​ដោយ​គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ ដែលកសាង​ឡើង​ដោយ​ថ្នាក់​ដឹក​នាំមុនៗ។ លើសពីនេះ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗ​របស់​មិត្ត​ចិន​ដល់​កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែល​បាន​ដាក់​ចេញ​ដោយ ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែ​បាន​ជួយ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់​កម្ពុជា​ទៀត​ផង។បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង​អំពី​តួលេខ នៃ​ការ​កើន​ឡើង​របស់​គម្រោង​វិនិយោគ ដែលបង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ជឿទុ​ក​ចិត្ត​របស់​វិនិយោគិន​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងកត្តាសំខាន់ៗដូចជា៖ (១)កត្តាសុខសន្តិភាព ស្ថេរ​ភាព​នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច (២)លក្ខខណ្ឌល្អប្រសើរនៃក្របខណ្ឌច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិយុត្ត ​និង (៣)ការបើកចំហសេដ្ឋកិច្ច ទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ ជាពិសេស​ភាព​អំណោយ​ផល​នៃលក្ខខណ្ឌ និងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគ នៃ​ព្រះរាជាណាចក្រកម្ពុជា។ រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលប្រារ​ព្ធពិ​ធីបើក​ការដ្ឋាន​សាង​សង់​នា​ព្រឹក​នេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួប​ពិភាក្សា​ទ្វេភាគី​រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Jing Guangjun ក្នុងដំណើរ​បេសកកម្ម​គោះ​ទ្វារ​វិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាល​ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ គម្រោងនេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃ​ខេត្ត​ស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយ​ទំហំ​ទុន​វិនិយោគ​រហូត​ដល់​ប្រមាណ ៥០០ លានដុល្លារអាម៉េរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែល​រំពឹង​ថា​នឹង​បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០កន្លែង។ គម្រោង​វិនិយោគ​មួយ​នេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃ​សម្រាប់​តំបន់​សេដ្ឋកិច្ច​នេះ​បន្ថែម​ទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិ​សេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ធ្វើ​ពិពិ​ធកម្ម​ផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់៕

ឯកឧត្តម ឌិត ទីណា៖ កម្ពុជាមានកសិផលជាច្រើនប្រភេទថែមទៀតដែលត្រូវការវិនិយោគ​សម្រាប់នាំចេញ

2025/01/10 01:11:45 pm        222
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃម្សិលបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនមក​ពីប្រទេសចិន (Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd) ដើម្បីពិភាក្សាមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម និងគម្រោងពង្រីកការនាំចេញរបស់កម្ពុជា។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥កន្លងទៅ បានឲ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តម​រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុន​មានគោលបំណងចង់វិនិយោគ​នូវ​កសិផល​កម្ពុជាដូចជា ទុរេន ដូងស្រស់ និងស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារប្រទេសផ្សេងៗ។ លើសពីនេះ ឯកឧត្តម បានលើកឡើងថា កម្ពុជាមាន​កសិផល​សក្តានុពលជាច្រើនរួមមាន ផ្លែស្វាយ ផ្លែមៀន និងចេកពងមាន់ មានរសជាតិឆ្ងាញ់ និងគុណភាពល្អ ជាពិសេសកម្ពុជាមាននីតិវិធីនៃការនាំចេញច្បាស់លាស់ទៅកាន់ប្រទេសចិន ប្រការសំខាន់គឺទាមទារការវិនិយោគលើការវេចខ្ចប់ កែច្នៃ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាស្វាគមន៍នូវរាល់វិនិយោគិនដែលមានបំណងចង់វិនិយោគលើការកែច្នៃ និងធ្វើពាណិជ្ជកម្មនាំចេញ ដោយអាចសហការធ្វើការដាំដុះជាមួយប្រជាកសិករ កំណត់ស្តង់ដាបច្ចេកទេសច្បាស់លាស់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ និងអាចទទួលទិញត្រឡប់ក្នុងតម្លៃចរចា ដោយមិនប្រកួតប្រជែងលើការដាំដុះជាមួយប្រជាកសិករឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានផ្តល់ការណែនាំដល់ភាគីក្រុមហ៊ុនត្រូវធ្វើការកំណត់ស្តង់ដានៃកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងការធ្វើទីផ្សារផលិតផលដើម្បីឱ្យអ្នកប្រើប្រាស់មានការទទួលស្គាល់ ដែលជាកត្តាចាំបាច់ ជំរុញឱ្យផលិតផលលក់បានក្នុងតម្លៃថ្លៃ និងមានតម្លៃបន្ថែមខ្ពស់ ហើយកម្ពុជាមានគោលបំណងប្រកួតប្រជែងលើផលិតផលដែលមានគុណភាពល្អប្រណិត និងមានរសជាតិឆ្ងាញ់ ដោយមិនប្រកួតប្រជែងបរិមាណ។ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីក្រុមហ៊ុនសហការជាមួយក្រសួងកសិកម្ម ក្នុងការចុះពិនិត្យទីតាំង និងគុណភាពកសិផលកម្ពុជាដូចបានរៀបរាប់ខាងលើដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពេញលេញ និងមានភាពច្បាស់លាស់ក្នុងការវិនិយោគ និងជូនពរដល់ក្រុមហ៊ុនទទួលបានលទ្ធផលជោគជ័យ ព្រមទាំងអាចនាំចេញនូវកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានពិតប្រាកដ៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈបាញ់ជនស៊ីវិលកម្ពុជា ស្លាប់ដល់១៥នាក់
12/16/2025 10:12 AM
កូរ៉េខាងត្បូង នឹងចេញសាលក្រម ជុំវិញសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon នៅដើមឆ្នាំក្រោយ
12/16/2025 10:12 AM
ស្ថានទូតចិនប្រចាំអង់គ្លេស ថ្កោលទោសការជ្រៀតជ្រែករបស់អង់គ្លេសលើកិច្ចការផ្ទៃក្នុងចិនពាក់ព័ន្ធលោក Jimmy Lai
12/16/2025 10:12 AM
មន្រ្តីអាមេរិក៖ អ៊ុយក្រែន អាចនឹងទទួលបានការធានាសន្តិសុខដូចអង្គការណាតូ ក្នុងកិច្ចព្រមព្រៀងសន្តិភាព
12/16/2025 10:12 AM
បេឡារុស នឹងស្វាគមន៍មេដឹកនាំវ៉េណេស៊ុយអេឡា លោក Maduro ប្រសិនបើលោកចុះពីតំណែង
12/16/2025 10:12 AM
អនាគតការងារនៅកម្ពុជា ដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់ ត្រូវបានកំណត់ជាប្រធានបទ នៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥
12/16/2025 09:12 AM
អ៊ីស្រាអែល ស្តីបន្ទោសរដ្ឋាភិបាលអូស្ត្រាលីចំពោះការវាយប្រហារសម្លាប់មនុស្ស១៥នាក់អំឡុងបុណ្យសាសនា
12/16/2025 09:12 AM
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បន្តទទួលអំណោយពីសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និង​ជួយដល់ជនភៀសសឹក
12/16/2025 09:12 AM
ថ្ងៃនេះ ទាហានឈ្លានពានថៃបាញ់កំាំភ្លើងធំចេញពីនាវាចម្បាំងខ្លួន ចូលតំបន់អូរភ្លុកដំរី និងបន្តផ្លោងចូលកម្ពុជាជាច្រើនកន្លែងទៀត
12/16/2025 09:12 AM
ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញការប្ដេជ្ញាចិត្តក្នុងការដោះស្រាយសង្រ្គាមកម្ពុជា និងថៃ ខណៈ​បច្ចុប្បន្ន​កំពុងមានមនុស្សស្លាប់ ដែលជារឿងមិនគួរកើតឡើងទេ ហើយលោកបញ្ជាក់ថា​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ
12/16/2025 09:12 AM