កម្ពុជា-អាមេរិក បានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន ក្នុងកិច្ចប្រជុំចរចាជុំទី២ ថ្មីៗនេះ
ជំនាញហិរញ្ញវត្ថុ៖ ប្រសិនអាមេរិកទម្លាក់ការប្រាក់ដុល្លារ វាជាបច្ច័យល្អសម្រាប់ពិភពលោកក៏ដូចកម្ពុជា
គិតត្រឹម៣ខែដើមឆ្នាំនេះ ការផ្តល់ឥណទាន និងការទទួលប្រាក់បញ្ញើររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបន្តកើនឡើង
សមាគមជាតិ-អន្តរជាតិ៖ ទីផ្សារនាំចេញរបស់កម្ពុជា នៅតែបន្តប្រកបដោយថាមពល

សេដ្ឋកិច្ច និង កសិកម្ម

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងពាក់ព័ន្ធគិតគូរលើការនាំចេញផលិតផលកសិកម្ម

2023/09/19 01:39:43 pm        118
តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនឹងភាគីពាក់ព័ន្ធត្រូវគិតគូរអំពីក្របខណ្ឌ ក្នុងការជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ខណៈបច្ចុប្បន្ន​កម្ពុជា​កំពុងមានទីផ្សារនាំចេញច្រើន​ទៅកាន់ប្រទេសនានា ប៉ុន្ដែអ្វីដែលត្រូវពង្រឹង​បន្ថែមគឺផលិផលសម្រាប់នាំចេញ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស​អញ្ជើញ​ចុះជួបសំណេះសំណាលជាមួយកម្មករ ​និយោជិត តាមរោងចក្រ ​សហគ្រាសជិត ២ ម៉ឺននាក់ មកពីរោងចក្រ​ សហគ្រាសចំនួន ១៨ ​ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី​ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ។សម្ដេចធិបតី បានផ្ដល់គោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុរួចហើយ ក្នុងការ​គិតគូរ​អំពីក្របខណ្ឌការជំរុញការនាំចេញ​ផលិតផលកសិកម្មរបស់កម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ​នានានេះ។ ក្នុងនោះ សម្ដេចនាយករដ្ឋមន្រ្ដីបានដាក់ទិសដៅឱ្យធ្វើការសាកល្បងដំបូង​លើ​ផលលិផល​ស្រូវអង្កររបស់កម្ពុជា។សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវគោលការណ៍ឱ្យមានការប្រជុំជាបន្ទាន់រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយនឹងវិស័យឯកជនត្រូវសហការគ្នារកវិធី​សាស្រ្ដឱ្យមានប្រសិទ្ធភាព ជា​សំឡេងមួយ ជាយុទ្ធសាស្រ្ដមួយ​ជាផែនការ​សកម្មភាពមួយលើការនាំចេញផលិតផល​កសិកម្មរបស់​កម្ពុជានេះ៕អត្ថបទ៖ វ៉ន ដារ៉ា

ទីផ្សារនាំចេញផ្លែមៀនកម្ពុជាមានស្ថិរភាពល្អទាំងតម្លៃ និងកំណើននៃការនាំចេញ

2023/09/18 04:09:29 pm        79
ភ្នំពេញ៖ អ្នកនាំចេញផ្លែមៀនស្រស់ រំពឹងថា ការនាំចេញផ្លែមៀនរបស់កម្ពុជាទៅកាន់ទីផ្សារចិន និងអាចជួយដល់ស្ថិរភាពតម្លៃ, ការរក្សាកំណើននៃការ​នាំចេញ,ការលើកទឹកចិត្ត​ដល់​កសិករអ្នកដាំដុះ ​និងការលើកកម្ពស់ផលិតភាព​ភាព​នៃការនាំចេញ​កសិផល​របស់កម្ពុជាផងដែរ។លោកស្រី ច្រាន់ ប៉ុន្នី ​អគ្គនាយិការក្រុមហ៊ុន Season Fresh ​ដែលនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅ​កាន់ទីផ្សារចិន លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយសារព័ត៌មានស្តីពីការដាំដុះ និងការនាំចេញ​ផ្លែមៀន​ស្រស់របស់កម្ពុជាថា ​ទីផ្សាររបស់កម្ពុជាពីមុន ​ភាគច្រើននាំចេញទៅកាន់ទីផ្សារប្រទេសថៃ ហើយក្នុងនោះថៃ និងធ្វើការនាំចេញទៅកាន់ប្រទេសទី៣ជាបន្តទៀត ​ដែលការនំាចេញរបៀបនេះ ធ្វើឲ្យកសិករច្រើនជួបបញ្ហាទីផ្សារ ​លើការលក់កសិផលរបស់ពួកគាត់។លោកស្រី បន្តថា ​បន្ទាប់ពីកម្ពុជាបានសិទ្ធនាំចេញទៅកាន់ប្រទេសចិនផ្ទាល់ តាមរយៈនៃកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ​ឃើញថា កំណើននៃការនាំចេញផ្លែមៀន​របស់​កម្ពុជាបានហក់ឡើងគួឲ្យកត់សម្គាល់ ​ដោយតាមរយៈនៃទីផ្សារនាំចេញនេះ និងអាចជួយ​ដល់ស្ថិរភាពតម្លៃ, លើកទឹកចិត្តដល់កសិករដាំដុះ និងការលើកកម្ពស់ផលិតភាពភាព​នៃការនាំចេញកសិផលរបស់កម្ពុជា ខណៈដែលប្រជាជនចិនៅភាគច្រើននិយម​ទទួលទានផ្លែមៀន។ពាក់ព័ន្ធការនាំចេញផ្លៃមៀននេះដែរ, ឧកញ៉ាបណ្ឌិត ឈិន កេន ​អ្នកសម្របសម្រួលទីផ្សារនាំចេញ និងជាតំណាង Alibaba នៅកម្ពុជា លើកឡើងថា ​តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន បានធ្វើឲ្យទំនិញរបស់កម្ពុជា ​ជាពិសេស​ការ​នាំចេញ​កសិផល​របស់កម្ពុជា​ បានហូរចូល​ទៅ​កាន់ទីផ្សារចិនជាបន្តបន្ទាប់ ​ជាក់ស្តែងការនាំចេញផ្លែមៀន​ស្រស់នេះជាដើម ខណៈបច្ចុប្បន្ន​កសិផលទាំងនេះ ​ត្រូវបាន​ឈ្មួញ​កណ្តាល​ និងប្រជាជនចិនគាំទ្រយ៉ាងខ្លាំង។របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានបង្ហាញ​ឲ្យដឹងថា​ នៅក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៣ នេះ ​កម្ពុជាបាននាំចេញកសិផលមាន​បរិមាណ​សរុបជាង ៥ លានតោន មានទំហំទឹកប្រាក់ប្រមាណជិត ៣​ ពាន់លានដុល្លារអាមេរិក ក្នុងនោះ​សម្រាប់ការនាំចេញផ្លែមៀន​ស្រស់របស់កម្ពុជា​ទៅកាន់ទីផ្សារចិន ​មានចំនួនជាង ​៨ ពាន់តោន កើនឡើង​ប្រមាណ​ជិត ៤ ពាន់ភាគរយ នេះជាកំណើនមួយមិនធ្លាប់មានពីមុនមក៕អត្ថបទ៖ សុន រ៉ាឌី

តម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់ ផ្តល់ក្តីសង្ឃឹមដល់កសិករថៃ ដែលជាប់បំណុល និងជួបគ្រោះរាំងស្ងួត

2023/09/18 01:38:38 pm        142
ស្របពេលដែលការផ្គត់ផ្គង់ស្រូវ-អង្ករ កាន់តែលំបាកខ្លាំង បន្ទាប់ពីបំរាមនាំចេញស្រូវ-អង្កររបស់ប្រទេសឥណ្ឌា ក្រុមកសិករនៅក្នុងប្រទេសថៃ នាំគ្នាប្រញាប់ប្រញាល់បង្កើនការផលិតស្រូវរបស់ខ្លួន ដើម្បីយកគុណសម្បត្តិពីតម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់នៅលើទីផ្សារសកលោក ។ ធ្វើការយ៉ាងប្រញាប់ប្រញាល់ទាំងថ្ងៃក្តៅអំឡុងខែសីហា ក្រុមប្រជាកសិករនៅខេត្តឆៃណាត ដែលមានចម្ងាយប្រហែល ២០០គ.មភាគខាងជើងទីក្រុងបាងកក បានភ្ជួររាស់ដីស្រែដែលប្រមូលផលរួចកាលពីឆ្នាំមុន ដើម្បីរៀបចំធ្វើស្រែថ្មី ។ តាមធម្មតា មានការធ្វើស្រែ ២រដូវក្នុង១ឆ្នាំ ហើយនៅពាក់កណ្តាលឆ្នាំ ប្រជាកសិករពុំបានស្ទូងស្រូវនោះទេ ដើម្បីរក្សាទឹក ។ ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ អ្នកស្រី Sripai Kaeo-eam អាចធ្វើស្រែលើកទី ៣បាន ដើម្បីបង្កើនផលិតផលផ្លូវ ។ អ្នកស្រី Sripai ដែលជាកសិកររស់នៅខេត្តភាគកណ្តាលឆៃណាត និយាយថា បច្ចុប្បន្នខ្ញុំសង្ឃឹមថានឹងលក់ស្រូវបានតម្លៃពី ១ម៉ឺនបាតទៅ ២ម៉ឺនបាតក្នុង១តោន ។ អ្នកស្រីបន្តថា នោះហើយគឺជាហេតុផលដែលពួកយើងប្រញាប់ប្រញាល់ស្ទូងស្រូវបែបនេះ ។ ពួកយើងជាកសិករ ចេះជួយគ្នាទៅវិញទៅមក ពេលដែលពួកយើងមមាញឹកខ្លាំង ។ សន្ទស្សន៍តម្លៃស្រូវ-អង្ករអង្គការកសិកម្ម និងស្បៀងអាហារ ឃើញកើនឡើង ៩,៨ភាគរយក្នុងខែសីហា ឆ្នាំ ២០២៣ ធ្វើឲ្យប្រជាកសិករប្រញាប់ប្រញាល់ធ្វើស្រែនៅក្នុងប្រទេសថៃ ដែលជាប្រទេសនាំចេញស្រូវ-អង្ករធំជាងគេបំផុតលំដាប់ទី ២របស់ពិភពលោក ៕

សហភាពអឺរ៉ុប អាចនឹងត្រូវការធុងអាគុយរបស់ចិន ខណៈដែលខ្លួនពឹងលើថាមពលរបស់រុស្ស៊ី

2023/09/18 01:22:34 pm        119
ឯកសារមួយដែលរៀបចំសម្រាប់មេដឹកនាំសហភាពអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុប អាចពឹងផ្អែកលើប្រទេសចិនសម្រាប់ ធុងអាគុយលីចូម-អ៊ីយ៉ុង និងប្រអប់ផ្ទុកថាមពលនៅឆ្នាំ២០៣០ ដូចដែលខ្លួនធ្លាប់ពឹងផ្អែកលើប្រទេសរុស្ស៊ីសម្រាប់ថាមពល មុនពេលសង្រ្គាមនៅអ៊ុយក្រែន ប្រសិនខ្លួនមិនចាត់វិធានការឲ្យបានខ្លាំងក្លាទេនោះ។ឯកសារនេះទទួលបានដោយសារព័ត៌មានរ៉យទ័រ នឹងក្លាយជាមូលដ្ឋាននៃការពិភាក្សាអំពីសន្តិសុខសេដ្ឋកិច្ចរបស់អឺរ៉ុបក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងហ្គ្រាណាដា( Granada)ក្នុងប្រទេសអេស្ប៉ាញ នៅថ្ងៃទី៥ ខែតុលា។ដោយបារម្ភពីការអះអាងជាសកលនិងឥទ្ធិពលសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ប្រទេសចិន ក្រុមមេដឹកនាំនេះ នឹងពិភាក្សាអំពីសំណើរបស់គណៈកម្មការអឺរ៉ុប ដើម្បីកាត់បន្ថយហានិភ័យ ដែលអឺរ៉ុបពឹងផ្អែកខ្លាំងពេកលើប្រទេសចិន និងតម្រូវការបង្វែរទៅទៅអាហ្វ្រិកនិងអាមេរិកឡាទីន។ឯកសារនេះ បាននិយាយទៀតថា ដោយសារតែលក្ខខណ្ឌមិនទៀតទាត់នៃប្រភពថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ឬខ្យល់ អឺរ៉ុប នឹងត្រូវការមធ្យោបាយ ដើម្បីស្តុកទុកថាមពល ដើម្បីឈានដល់គោលដៅនៃការបំភាយកាបូនឌីអុកស៊ីតសុទ្ធត្រឹមឆ្នាំ២០៥០។

EU អំពាវនាវឲ្យប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី មាន«លក្ខណៈស្ថាបនា» អំពីការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន

2023/09/18 12:15:16 pm        108
គណៈកម្មការអឺរ៉ុប បានអំពាវនាវឲ្យប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី មានលក្ខណៈស្ថាបនា បន្ទាប់ពីបានប្រកាសពន្យារពេលជាឯកតោភាគីនៃការហាមឃាត់លើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។យើងដឹងពីសេចក្តីប្រកាសរបស់រដ្ឋសមាជិកមួយចំនួនទាក់ទងនឹងវិធានការឯកតោភាគី។ អ្វីដែលសំខាន់នៅពេលនេះ គឺប្រទេសទាំងអស់ ធ្វើការក្នុងស្មារតីនៃការសម្របសម្រួល និងចូលរួមក្នុងការស្ថាបនា»។គណៈកម្មការនេះ បានបន្ថែមថា នៅពេលនេះ ខ្លួនផ្តោតលើការអនុវត្តប្រព័ន្ធថ្មី ដែលបានប្រកាសនៅថ្ងៃទី ១៥ ខែកញ្ញា និងធ្វើឲ្យវាដំណើរការ។លើសពីនេះទៅទៀតនោះ កិច្ចប្រជុំជាមួយតំណាងនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ដែលពាក់ព័ន្ធ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៨ ខែកញ្ញានេះ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន។

សមាគមចុងភៅកម្ពុជា បើកការប្រកួតប្រជែងម្ហូបខ្មែរថ្នាក់ជាតិ ក្នុងពិព័រណ៍ម្ហូបអាហារ នៅកោះពេជ្រ

2023/09/15 01:53:11 pm        621
ភ្នំពេញ៖ សមាគមសហគមន៍ចុងភៅកម្ពុជា (CCS) បានកំពុងរៀបចំកម្មវិធីប្រកួតធ្វើម្ហូបខ្មែរថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅក្នុងពិធីពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ និងសណ្ឋាគារ ឬហៅថា CamFood CamHotel ស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។លោក សុង តេង ប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះថា គោលបំណងកម្មវិធីការប្រកួតប្រជែងធ្វើម្ហូបខ្មែរ​ថ្នាក់ជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិស័យទេសចរណ៍​ ក៏ដូចជា ដើម្បីលើកតម្កើង​នូវតម្លៃ​របស់ម្ហូបខ្មែរតាំងពីបុរាណកាល និងធ្វើការជំរុញបន្ថែមនូវការ​ប្រើប្រាស់ផលិតផល និងគ្រឿងទេសរបស់ខ្មែរ ​ដែលប្រជាកសិករកំពុងដាំដុះ ​ហើយក៏ជាកត្តាមួយ ក្នុងការធ្វើឲ្យប្រជាកសិករ​មានជីវភាពកាន់តែល្អប្រសើរផងដែរ។ លោកបានបញ្ជាក់ថា សម្រាប់វិញ្ញាសាការប្រកូតមុខម្ហូបខ្មែរ ​មានដូចជា នំបញ្ចុកសៀមរាប, សម្លកកូរ និងអាម៉ុក។លោក សុង តេង ក៏បានលើកទឹកចិត្ត និងអំពាវនាវ​ទៅដល់អ្នកដែលស្រលាញ់ចូលចិត្តវិស័យ​ម្ហូប​អាហារនេះ ចូលរួមឲ្យបានច្រើនកុះករថែមទៀត​ ដើម្បីបញ្ចេញសមត្ថភាព និងទេពកោសល្យ​ដែលកំពុងមាន ​ដើម្បីបង្ហាញទៅកាន់ទស្សនិកជន ​ក៏ដូចជាលើកកម្ពស់វិស័យម្ហូបអាហារ។ ជាពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជា​កាន់តែច្រើនឡើង​ថែមទៀត តាមរយៈម្ហូបអាហារដ៏​ឆ្ងុយឆ្ងាញ់​ពិសារ។សូមជម្រាបថា ​ការប្រកួតធ្វើម្ហូបខ្មែរនេះ គណៈកម្មាការនឹងដាក់ពិន្ទុទៅលើរសជាតិ ហើយ​នឹងឲ្យពិន្ទុទៅលើការ​ចំអិន​ និងការរៀបចំទុកដាក់។ ​ដោយទ្បែកសម្រាប់រង្វាន់ជ័យលាភី ​លេខ១ នឹងទទូលបានប្រាក់រង្វាន់លើកទឹកចិត្ត​ ២លានរៀល​ រួមជាមួយ មេដាយមាស និងលិខិតសរសើរ៕

ចិនបដិសេធបម្រាមលើទូរស័ព្ទអាយហ្វូន ខណៈមានក្ដីបារម្ភពីសង្រ្គាមបច្ចេកវិទ្យាជាមួយអាមេរិក

2023/09/15 01:42:41 pm        197
ប្រទេសចិនបានបដិសេធរបាយការណ៍នៃការហាមប្រាមលើប្រភេទទូរស័ព្ទអាយហ្វូន របស់ក្រុមហ៊ុន អេបផល (Apple) នៅក្នុងការិយាល័យរដ្ឋាភិបាល ដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន អេបផល បាត់បង់ប្រាក់រាប់លានដុល្លារកាលពីសប្តាហ៍មុន។ ការបដិសេធនេះ បានកើតឡើងបន្ទាប់ពីមានសកម្មភាពសងសឹកជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងចិន ដែលបង្កើនការព្រួយបារម្ភនៃសង្រ្គាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាចទាំងពីរ។ការហាមប្រាមលើផលិតផល Huawei នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា ជាមូលហេតុមួយសម្រាប់ជម្លោះ ដែលកំពុងបន្តនេះ។ ការចេញលក់ ទូរស័ព្ទអាយហ្វូន១៥ ចុងក្រោយបង្អស់របស់ក្រុមហ៊ុន អេបផល ស្របពេលជាមួយនឹងការចេញទូរស័ព្ទថ្មីប្រើប្រព័ន្ធ ហ្វាយជី (5G) ពីក្រុមហ៊ុន Huawei បានបង្កឲ្យមានជាសំណួរអំពីមធ្យោបាយដែលក្រុមហ៊ុន Huawei ទទួលបានបច្ចេកវិទ្យានេះ។ជាការឆ្លើយតប រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់កំហិតលើក្រុមហ៊ុនអាមេរិក ដែលលក់កម្មវិធី និងឧបករណ៍ទៅឱ្យក្រុមហ៊ុន Huawei ក៏ដូចជាក្រុមហ៊ុនផលិតបន្ទះឈីបអន្តរជាតិ ដែលចាប់ដៃគូជាមួយក្រុមហ៊ុនចិនផងដែរ។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន អេបផល ដែលមានចំនួនប្រហែល២០ភាគរយនៃការលក់សរុបរបស់ខ្លួន ហើយរបាយការណ៍នៃបម្រាមការប្រើប្រាស់ទូរស័ព្ទ អាយហ្វូន បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមវិនិយោគិន ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុន អេបផល ពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារប្រទេសចិន៕

ផលិតផលជលផល២មុខដំបូងគេរបស់កម្ពុជា បាននាំចេញទៅទីផ្សារប្រទេសចិន

2023/09/15 01:08:32 pm        223
ភ្នំពេញ៖ ផលិតផលជលផលទឹកសាបចំនួន២ប្រភេទរបស់កម្ពុជារួមមាន៖ កំពឹសបង្កក និងអន្ទង់បង្កក១កុងតឺនឺ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង និងប្រកបដោយភាពជគជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ​បានលើកឡើងថា បន្ទាប់ពីកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រុមហ៊ុន ​ដែលបានប្រមូលទិញផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែរ រហូតសម្រេចបានការនាំចេញទីកាន់ទីផ្សារប្រទេសចិននេះ ​គឺជា«ជើងដំបូង» ​របស់កម្ពុជា ហើយ​ក៏​នៅមានការងារច្រើនទៀតដែលត្រូវធ្វើផងដែរ។ លោកជំទាវ បានបញ្ជាក់ថា ការងារអាទិភាពដំបូង ​គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាម​ស្តង់ដារ​អនាម័យ និងភូតគាមអនាម័យ ​កំណត់ដោយរដ្ឋបាលគយចិន​ ដើម្បីធានាឲ្យបានថា ផលិតផល​ជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែកការងារបន្ទាប់ ​គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ ​មានគុណភាពកាន់តែខ្ពស់ មាន​សោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព ​និងមានរសជាតិកាន់តែឆ្ងាញ់​ ក្នុងគោលដៅពង្រឹង និង​ពង្រីកតម្រូវការរបស់​អតិថិជន​នៅលើទីផ្សារប្រទេសចិន។លោកជំទាវ អ៊ឹម រចនា បានលើកឡើងបន្តថា នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិន​កើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជា​ទៅកាន់ប្រទេសចិន នឹងមានកំណើន។ ចំណែក​ប្រជានេសាទ វារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ ​នឹងមានការងារធ្វើកាន់តែច្រើន។ តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់​ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូន​ប្រជានេសាទ​និងវារីវប្បករ​នៅស្រុកខ្មែរ​យើងឲ្យកាន់តែមានការរីកចំរើនទៅមុខ ​និងរួមចំណែកជួយ​ដល់កំណើន​សេដ្ឋកិច្ចជាតិផងដែរ៕

សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និងSMEs ជប៉ុនបន្ថែមមកអភិវឌ្ឍន៍នៅកម្ពុជា

2023/09/14 05:11:28 pm        87
ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាស​ធុនតូច និងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យ​បានច្រើន​បន្ថែមទៀត ​ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា​ឱ្យកាន់តែ​មានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើន នាពេលបច្ចុប្បន្ន និងអនាគត។ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ជាមួយលោក តាកាហាស៊ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ​និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣​ នៅទីស្តីការក្រសួងការងារ។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ​ប្រទេសជប៉ុន​បានចូលរួមចំណែកយ៉ាងសំខាន់​ក្នុង​ការ​នាំ​មកសន្តិភាពនៅកម្ពុជា។ ហើយរាជរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើន​កិច្ចសហប្រតិបត្តិការ​ដល់កម្រិតដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ​មួយវិញទៀត រំហូរពាណិជ្ជករជប៉ុនបានចូល​មក​វិនិយោគកាន់តែច្រើន​លើគ្រប់វិស័យ ហើយក៏បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​ ដែលនេះជាការបង្ហាញពី​សក្តានុពល​ និងភាពទាក់ទាញរបស់កម្ពុជា។ ឯកឧត្តម យល់ឃើញថា វត្តមានរបស់អ្នកវិនិយោគជប៉ុនយ៉ាងច្រើនបែបនេះ ជាការជំរុញ​ទាក់ទាញអ្នក​វិនិយោគប្រទេសដទៃមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ខាងភាគីជប៉ុនសហការលើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា​ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាការងារ និងឱកាសការងារ ដែលស្របទៅនឹងយុទ្ធសាស្រ្ដ​បញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ពិសេសគឺការផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់យុវជន១លាន៥សែននាក់​មកពីក្រុមគ្រួសារក្រីក្រ​ និងងាយរងគ្រោះ តាមរយៈការបន្តគាំទ្រ​ស្ថាប័ន TVET ដែលកំពុង​សហការស្រាប់​ជាមួយភាគីជប៉ុន។ជាការឆ្លើយតប លោក ហ៊្វុមីអាគិ និងប្រតិភូដែលជាសមាជិករបស់សមាគម JCA បានទទួលយក​សំណូមពរនេះ និងបានបញ្ជាក់ថា ​រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍​នៅកម្ពុជា​មានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់​ការបណ្តុះបណ្តាល​លើ​ជំនាញថែទាំ និងជួសជុលរថយន្តទាំងនោះ ​ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព។ ជាមួយគ្នានេះដែរ ភាគីជប៉ុនក៏ចង់ផ្តល់ការបណ្តុះបណ្តាលជំនាញកែ​សម្ជស្ស ដែលជាជំនាញមួយ​កំពុង​តែពេញនិយម ​និងអាចផ្តល់ចំណូលបានប្រសើរផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីថែមទាំងបានបញ្ជាក់ពីឆន្ទៈក្នុងការផ្ដល់កិច្ច​សហប្រតិបត្តិជាមួយភាគីជប៉ុន នៅ​ពេលដែលប្រតិភូវិនិយោគជប៉ុនមកទស្សនកិច្ចនៅប្រទេសកម្ពុជា ​នាខែវិច្ឆិកា ឆ្នាំ២០២៣ ​ខាងមុខ ពោលនឹងត្រៀមចាំសម្របសម្រួលដំណើរទស្សនកិច្ចទៅកាន់តំបន់សក្តានុពល​សម្រាប់ការបង្កើត​អាជីវកម្ម ​ក៏ដូចជាជួយសហការក្នុងការជ្រើសរើស ​និងបណ្ដុះបណ្ដាលកម្មករនិយោជិត ត្រៀមខ្លួនមុនចូលបម្រើការងារ៕

ពិព័រណ៍ម្ហូបអាហារសណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ រំពឹងថា នឹងទាក់ទាញអ្នកទស្សនាជាង១ម៉ឺននាក់

2023/09/14 04:02:08 pm        214
ភ្នំពេញ៖ កម្មវិធីតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ ឬហៅជាភាសាអង់គ្លេស CamFood CamHotel and CamBuild ដែលបានបើកសម្ពោធជាផ្លូវការ ដើម្បីបង្ហាញពិព័រណ៍ជាលក្ខណៈ ប៊ីធូប៊ី (B2B) ធំជាងគេក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ​រាជធានីភ្នំពេញ ត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកទស្សនាជាង១ម៉ឺននាក់ក្នុងរយៈពេល ៣ថ្ងៃនេះ។ព្រឹត្តិការណ៍ដ៏ធំនេះ បានសហការរៀបចំដោយក្រសួងទេសចរណ៍ ​ក្រសួងពាណិជ្ជកម្ម និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាមួយអ្នកផ្គត់ផ្គង់ខាងវិស័យម្ហូបអាហារ សណ្ឋាគារ និងសំណង ទាំងក្នុងស្រុក និងអន្តរជាតិ ប្រមាណជាង ១៥០ ម៉ាក។លោក Darren Siow គណៈកម្មាធិការរៀបចំការពិព័រណ៍នេះថ្លែងថា ក្រៅពីការតាំងពិព័រណ៍ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញពីការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច ​និងធ្វើម្ហូបផ្សេងៗនៅកម្ពុជា ដែលនឹងបង្ហាញដោយអ្នកជំនាញក្នុងវិស័យ F&B និងផ្នែកបដិសណ្ឋារកិច្ចប្រកួតប្រជែង​ដណ្តើមពានរង្វាន់។ លោក ជា និមល អគ្គនាយករង នៃក្រុមហ៊ុនសាប៊ូក្លិន ​និងលោកស្រី រិន ណៃហួយ ប្រធាន​ផ្នែកទីផ្សារក្រុមហ៊ុន បុងកាហ្វេ ខេមបូឌា ដែលបានចូលរួមតាំងបង្ហាញក្នុងពិព័រណ៍​ខ្នាតអន្តរជាតិ​នេះ​បានអំពាវនាវដល់សាធារណៈជន ជាពិសេសអ្នកដែលមានបំណងចង់បង្កើតអាជីវកម្ម ឬស្វែងរកដៃគូពាណិជ្ជកម្ម ​អាចចូលរួមស្វែងយល់ពីផលិតផល ក៏ដូចជាបច្ចេកវិទ្យាទំនើបៗ​តាមរយៈកម្មវិធីនេះ។ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍​ ក៏បានអំពាវនាវវិស័យឯកជន និង​គ្រប់ភាគីពាក់ព័ន្ធចូលរួមសហការ ​ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ ​និងអន្តរជាតិ ដែលមក​កម្សាន្តកម្ពុជា ស្របទៅតាមដំណាក់កាលទី២​នៃការជំរុញ​ និងស្តារឡើងវិញ​នៃវិស័យទេសចរណ៍​នៃផែនទី​ចង្អុលផ្លូវ ស្តីពីផែនការស្តារ ​និងលើកស្ទួយវិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយវិបត្តិកូវីដ-១៩៕អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាជិកសភាអង់គ្លេស ទាមទារឲ្យដាក់ទណ្ឌកម្មលើអ៊ីស្រាអែល តាមរយៈលិខិតផ្ញើជូននាយករដ្ឋមន្ត្រី
06/10/2025 02:06 PM
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ចុះសួរសុខទុក្ខកងទ័ព នៃកងពលតូចថ្មើរជើងលេខ៤២ ដែលកំពុងឈរជើងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ
06/10/2025 02:06 PM
ប្រធានអង្គការថាមពលបរមាណូ៖ រុស្ស៊ីគ្រោងនឹងសាងសង់រោងចក្រនុយក្លេអ៊ែរចំនួន ៨ នៅអ៊ីរ៉ង់
06/10/2025 02:06 PM
TOP STORY | សម្តេចធិបតី ចំអកឲ្យជនមួយក្តាប់តូចដែល​ស្រែកក្តែងៗ​ថាស្នេហាជាតិ​ដល់​ពេល​ប្រទេស​ជាតិ​មាន​​គេគំរាមកំហែងបែរជាខិតខំជួយគេទៅវិញ
06/10/2025 02:06 PM
កូរ៉េខាងត្បូង ជំរុញឱ្យក្រុមពលរដ្ឋបញ្ឈប់ការបង្ហោះខិត្តបណ្ណឆ្ពោះចូលទៅកាន់កូរ៉េខាងជើង
06/10/2025 02:06 PM
អាជ្ញាធរទន្លេសាប ដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះកំណត់និយាមកាបង្គោលជំហ៊ា​ន២ បង្គោលព្រំការពារដីតំបន់កាត់ឆ្វៀលក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង
06/10/2025 02:06 PM
កម្ពុជា ចិន និងជប៉ុន ពង្រឹងទំនាក់ទំនងអភិវឌ្ឍលើវិស័យភាពយន្ត និងអភិរក្សហ្វីល​ឯកសារ​ភាព​យន្ត​កម្ពុជា
06/10/2025 02:06 PM
ភាពជឿនលឿននៃបច្ចេកវិទ្យាចិន ធ្វើឱ្យអនាគតនៃប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ Tesla រងការគំរាមកំហែង
06/10/2025 01:06 PM
ប្រមុខណាតូ៖ សម្ព័ន្ធភាពយោធារបស់ខ្លួនត្រូវតែកសាងទំនាក់ទំនងឥណ្ឌូ-ប៉ាស៊ីហ្វិក ទប់ទល់ឥទ្ធិពលចិន
06/10/2025 01:06 PM
លោកជំទាវ អ៊ឹង កន្ថាផាវី ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនកម្លាំងប្រដាប់អាវុធឈរជើងជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
06/10/2025 01:06 PM