ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល

សេដ្ឋកិច្ច និង កសិកម្ម

វៀតណាម និងហ្វីលីពីន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអង្ករ ខណៈតម្លៃអង្ករពិភពលោកកើនឡើង

2023/09/08 01:45:19 pm        305
ក្រុមអាជ្ញាធរវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា)ថា រដ្ឋាភិបាលនៃប្រទេសវៀតណាម និងហ្វីលីពីន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករក្នុងពេលឆាប់ៗនេះ ដើម្បីធានាសន្តិសុខស្បៀង។ កិច្ចព្រមព្រៀងនេះ កើតឡើងស្របពេលតម្លៃអង្ករកំពុងកើនឡើងក្នុងប្រទេសហ្វីលីពីន ដែលជំរុញអតិផរណានៅក្នុងប្រទេស ខណៈតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ទោះបីជារដ្ឋាភិបាលនិយាយថាការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិក្នុងស្រុកមានច្រើនហើយក៏ដោយ។ព័ត៌មានស្តីពីកិច្ចព្រមព្រៀងនេះ បានកើតឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh( ផាម មិញ ជិញ) និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានជួបគ្នានៅក្រៅវេទិកាកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែពុំមានព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។វៀតណាម ធ្លាប់ជាប្រទេសនាំចេញអង្ករធំជាងគេទី៣ របស់ពិភពលោកកាលពីឆ្នាំមុនបន្ទាប់ពីឥណ្ឌា និងថៃ ហើយហ្វីលីពីនគឺជាអ្នកទិញធំបំផុតរបស់ប្រទេសនេះ ដោយបំពេញតម្រូវការនាំចូលជិត៩០% របស់ខ្លួន។ លោក Marcos ដែលជាលេខាធិការកសិកម្មហ្វីលីពីនផងដែរនោះ បានស្វាគមន៍ការផ្តល់ជូនរបស់ប្រទេសជិតខាងមួយនេះ នៃកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលប្រាំឆ្នាំ។តម្លៃអង្ករពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល១៥ឆ្នាំ បន្ទាប់ពីប្រទេសឥណ្ឌាដែលមានពាណិជ្ជកម្មអង្ករច្រើនជាង៤០% របស់ពិភពលោក បានបញ្ជាឱ្យផ្អាកចំពោះប្រភេទនៃការនាំចេញដ៏ធំបំផុតរបស់ខ្លួនកាលពីខែកក្កដា ក្នុងគោលបំណងធ្វើឱ្យតម្លៃអង្ករក្នុងស្រុកធ្លាក់ចុះ៕

ពិព័រណ៍ចិន-អាស៊ាននៅប្រទេសចិន ផ្តល់ឱកាសឱ្យកម្ពុជាផ្សព្វផ្សាយផលិតផល និងទាក់ទាញវិនិយោគ

2023/09/08 12:12:51 pm        248
ភ្នំពេញ៖ ការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) ​នៅប្រទេសចិន បានផ្តល់​ឱកាសឱ្យកម្ពុជា ផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជា​ ទីកាន់ទីផ្សារប្រទេសចិន ក៏ដូចបណ្តាប្រទេសផ្សេងទៀត ​ដែលចូលរួម​និងទាក់ទាញវិនិយោគពីបរទេសចូលមកកម្ពុជា។ពិព័រណ៍​ចិន-អាស៊ាន លើកទី២០ ​“The 20th China-ASEAN Expo​” នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ ​​នៅមជ្ឈមណ្ឌលសន្និសីទ ​និង​ពិព័រណ៍អន្តរជាតិ​ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ​សាធារណរដ្ឋ​ប្រជាមានិតចិន។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ​ពិព័រណ៌អាស៊ាន ចិន គឺសំខាន់ណាស់ ​សម្រាប់ប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសកម្ពុជា ដែលនាំយក​ផលិតផលថ្មីៗ ក៏ដូចជាផលិតកសិកម្មរកទីផ្សារនៅប្រទេសចិន។ លោកឧកញ៉ា បន្តថា៖ “ទន្ទឹមកម្ពុជាមានFTA ជាមួយចិន និងកិច្ចព្រមព្រៀង RCEP ពិព័រណ៍​ចិន-អាស៊ាន លើកទី២០ ​នឹងជំរុញបន្ថែមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​ជំរុញការដោះដូរទំនិញ និង​ទាក់ទាញវិនិយោគរវាងកម្ពុជាតំបន់អាស៊ាន និងចិន”។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​នឹងដឹកនាំគណប្រតិភូកម្ពុជា អញ្ជើញ​ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) ​នៅប្រទេសចិននាពាក់កណ្តាលខែកញ្ញានេះ។ពិព័រណ៍ចិន-អាស៊ាន​ ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេស​ជាសមាជិក អាស៊ាន​ និង​ប្រទេសចិន។គណៈកម្មការរៀបចំ​ពិព័រណ៍បាន​អញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា រៀបចំដឹកនាំប្រតិភូពាណិជ្ជកម្មដែលមានរួមមាន​អ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន វេទិកាធុរកិច្ចនិងវិនិយោគ ចិន-អាស៊ានជាដើម ៕ អត្ថបទ៖ វណ្ណៈ 

អគ្គនាយកពន្ធដារ អំពាវនាវដល់ប្រជាពលរដ្ឋបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន

2023/09/08 12:04:53 pm        278
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់​យានយន្ត​គ្រប់ប្រភេទ អញ្ជើញទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឲ្យបានរួសរាន់ ដោយសូមកុំចាំដល់ចុងខែ​ដែលត្រូវបិទបញ្ចប់ ​ដែលនាំឲ្យខកខាន ឬការកកស្ទះដោយប្រការណាមួយមិនបានបង់ពន្ធ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គ​នាយកដ្ឋាន​ពន្ធដារ ​លើកឡើងក្នុងក្នុងវេទិកាស្តីពីពន្ធដារ (Tax Forum 2023) រៀបចំដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ សហការជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី នៅថ្ងៃទី ៦ខែកញ្ញាឆ្នាំ ២០២៣ នេះថា អគ្គនាយកដ្ឋានពន្ធដារ ​បានបង្កើត App មួយដែលមានឈ្មោះថា កម្មវិធីគណនាពន្ធ​មធ្យោបាយ សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ នឹងមានសេវា​ដឹកជញ្ជូនសាលកបត្រទៅដល់គេហដ្ឋានរបស់អស់លោកអ្នកផងដែរ។ App នេះ គឺបានផ្តល់នូវ​ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមិន​ចំណាយពេលវេលាធ្វើដំណើរទៅទិញសាលកបត្រនោះឡើយ​។ឯកឧត្តម ​បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ទើប​អនុវត្តបានជិត ៥០ ភាគរយប៉ុណ្ណោះ​ ដោយនៅមានចំនួនច្រើនទៀត។ បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់​យានយន្ត សូមអញ្ជើញមកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន​ឲ្យបានរួសរាន់ឲ្យបានមុនកាលកំណត់ ​នៅតាមសាខាពន្ធដារ ឬនៅតាមធនាគារជាដៃគូរក្តី ដែលការបង់ពន្ធនឹងត្រូវបញ្ចប់នៅចុងខែ វិច្ឆិកាខាងមុខ។សូមបញ្ជាក់ថា ជុំវិញការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ​នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ ​អនុវត្តការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្ត​គ្រប់ប្រភេទ បានចំនួនជាង ៨៨ ម៉ឺនគ្រឿង​ សរុបជាថវិកាមានចំនួនជាង ៤២២ ប៊ីលានរៀល ត្រូវប្រមាណជាង ​១០៥ លានដុល្លារ ស្មើជាង ១៣០ ភាគរយនៃផែនការប្រចាំឆ្នាំ ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ជប៉ុន សហការបង្កើតកម្មវិធីគាំទ្រសហគ្រិនស្រ្តីលើការធ្វើអាជីវកម្ម

2023/09/08 11:04:35 am        160
ភ្នំពេញ៖ កម្ពុជា-ជប៉ុន គ្រោងសហការបង្កើតជំហានថ្មីនៃគម្រោងគាំទ្រលើការអភិវឌ្ឍសហគ្រិនស្រ្តី សម្រាប់ស្រ្តីធ្វើអាជីវកម្មកម្រិតមីក្រូ តូច និងមធ្យម តាមរយៈគម្រោងគាំទ្រនៃការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍​សហគ្រិនស្រ្តី ​ឲ្យក្លាយទៅជាមណ្ឌលតែមួយ សម្រាប់គាំទ្រ​ស្រ្តីដែលចង់ផ្តើមអាជីវកម្ម និងកំពុងដំណើរការអាជីវកម្ម។ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លើកឡើងនៅក្នុង​ជំនួប​ពិភាក្សាការងារជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៣ នេះថា ​តាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ​បានចាប់ផ្តើមគម្រោងគាំទ្រដល់ស្រ្តីនៅកម្ពុជាមុនគេ ​នៃការងារផ្តល់ព័ត៌មានទាក់ទងនិងស្រ្តី និងមានគម្រោងជាច្រើនផ្សេងទៀតផងដែរ ​ដែលបានអនុវត្តកន្លងមកដូចជា ការពង្រឹងភាពអង់អាច​ដល់ស្រ្តីនៅតាមសហគមន៍ និងគម្រោងបង្កើត App សម្រាប់ជួយជនរងគ្រោះ ឬផ្តល់ព័ត៌ មានសម្រាប់អំពើហិង្សាជាដើម។សម្រាប់ជំហានថ្មីនេះ គម្រោងគាំទ្រនៃការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍​សហគ្រិនស្រ្តី ជប៉ុននឹងធ្វើការសិក្សា​ដើម្បីបម្លែងអគារដែលកំពុងដំណើរការបច្ចុប្បន្ន ឲ្យក្លាយទៅជាអគារ​ទំនើប​សម្រាប់ជាមជ្ឈមណ្ឌលសហគ្រិនភាពស្រ្តីនៅកម្ពុជា ។ជប៉ុននឹងអាចផ្តល់លទ្ធភាពជំនួយជាមួយថវិការដ្ឋ ​ដើម្បីកែលម្អធ្វើទំនើបកម្មឲ្យប្រសើរជាមុន, ហើយចំពោះ​គម្រោងនេះដែរ ​ភាគីទាំងពីរនិងសិក្សាលទ្ធភាពនៃការសាងសង់ប្រហាក់ប្រហែល​និងអគារ CJCC របស់ជប៉ុន ជាកន្លែងទំនើប​ ទាក់ទាញមហាជន និងសម្រាប់អ្នករកស៊ីទទួល​ទានទូទៅ ​និងមួយផ្នែកទៀត ជប៉ុននិងអាចផ្តល់ជាសម្ភារៈសម្រាប់បំពាក់នៅក្នុង​មជ្ឈមណ្ឌល​នោះដោយ​ផ្ទាល់ ​ដើម្បីបម្រើតាមតម្រូវការឲ្យបានគ្រប់គ្រាន់។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា តាមរយៈនៃ​គម្រោងនេះ ក្រសួងគោលបំណងធ្វើយ៉ាងណា ​ជំរុញដល់ស្រ្តីជាអាជីវករ ​ឬអ្នកធ្វើអាជីវកម្ម ដែល​បានបញ្ចប់សិក្សាក្នុងមួយឆ្នាំទៅមួយឆ្នាំ អាចចេញពីមជ្ឈមណ្ឌលនេះឲ្យបានច្រើន ដើម្បីយកចំណេះ ជំនាញ ទៅអភិវឌ្ឍន៍ក្នុងអាជីវកម្មឲ្យកាន់តែរីកចម្រើន៕ អត្ថបទ៖ សុន រ៉ាឌី

ប្រទេសចិន ហាមប្រាមមន្ត្រីរដ្ឋាភិបាលមិនឲ្យប្រើប្រាស់ទូរស័ព្ទ iPhone សម្រាប់ការងារ

2023/09/07 12:34:58 pm        118
សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធ (៦កញ្ញា) ថា ប្រទេសចិនបានបញ្ជាឱ្យក្រុមមន្ត្រីនៅទីភ្នាក់ងារកណ្តាលរបស់រដ្ឋាភិបាល មិនឲ្យប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍ដែលមានម៉ាកបរទេសផ្សេងទៀតសម្រាប់ការងារ ឬនាំយកឧបករណ៍ទាំងនោះចូលទៅក្នុងការិយាល័យឡើយ។ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បុគ្គលិករដ្ឋាភិបាល ត្រូវបានផ្តល់ការណែនាំបែបនេះដោយថ្នាក់លើរបស់ពួកគេ នៅក្នុងក្រុមជជែក ឬកិច្ចប្រជុំនៅកន្លែងធ្វើការ នេះបើយោងតាមរបាយការណ៍ ដែលបានបន្ថែមថា គេមិនច្បាស់ទេថា តើបម្រាមនោះត្រូវបានចែកចាយទូលំទូលាយប៉ុណ្ណានោះទេ។ការហាមឃាត់នេះធ្វើឡើងនៅមុនព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple នៅសប្តាហ៍ក្រោយ ដែលក្រុមអ្នកវិភាគជឿថា នឹងនិយាយអំពីការចេញលក់ទូរស័ព្ទ iPhone ស៊េរីថ្មី ហើយអាចបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុនបរទេស ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន នៅពេលដែលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកកើនឡើងកាន់តែខ្លាំង។របាយការណ៍ WSJ នេះ មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងទៀតក្រៅពីក្រុមហ៊ុន Apple ឡើយ។ ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន និងក្រុមហ៊ុន Apple ដែលដោះស្រាយសំណួរប្រព័ន្ធផ្សព្វផ្សាយក្នុងនាមរដ្ឋាភិបាលចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន រ៉យទ័រ ទាក់ទងនឹងបញ្ហានេះនោះទេ៕

គម្រោងសហហិរញ្ញប្បទានផ្តល់កម្ចីជាង ៥៤ លានដុល្លារ ដើម្បីគាំទ្រការស្តារកំណើនវិស័យទេសចរណ៍

2023/09/06 03:41:33 pm        57
ភ្នំពេញ៖ សហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ គិតមកដល់ថ្ងៃទី ៣១ សីហា នេះ បានបញ្ចេញឥណទានមានទំហំជាង ៥៤ លានដុល្លារអាមេរិក ដោយបានគាំទ្រដល់សហគ្រាសចំនួន ៣៥០ សម្រាប់ការពង្រីកអាជីវកម្មក្នុងវិស័យទេសចរណ៍។ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្ហាញវឌ្ឍនភាពគម្រោងសហហិរញ្ញប្បទាន​សម្រាប់​ការស្តារ និងជំរុញកំណើន ក្នុងវិស័យទេសចរណ៍ ដើម្បីជួយដោះស្រាយបញ្ហាប្រឈម នៃការកង្វះហិរញ្ញប្បទាន ​សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីគ្រាំទ្រ និងជួយជ្រោមជ្រែង កែលម្អអាជីវកម្ម ដែលទទួលរងផលប៉ះពាល់ ឲ្យបានរៀបចំដំណើរការអាជីវកម្មឡើងវិញ និងធ្វើទំនើបកម្ម ពិពិធកម្ម សេវាកម្ម និងផលិតផលរបស់ខ្លួន នៃគម្រោងត្រៀមទទួលភ្ញៀវទេស​ចរណ៍ជាតិ និងអន្តរជាតិ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានធូរស្រាល។សហគ្រាសកំពុងទទួលបានឥណទានសម្រាប់ការពង្រីកអាជីវកម្មរួមមាន៖ អាជីវកម្មសណ្ឋាគារ ២៩ ភាគរយ, អាជីវកម្មផ្ទះសំណាក់ ២៥ ភាគរយ, ភោជនីយដ្ឋាន ៣១ ភាគរយ, អាជីវកម្មគាំទ្រវិស័យទេសចរណ៍ ១៥ ភាគរយ, និងសហគ្រិនស្រ្តី ៤១ ភាគរយ ។សូមបញ្ជាក់ថា គម្រោង សហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរ ​ដោយបង្កើតគម្រោង​សហហិរញ្ញប្បទាន​នេះឡើង ដើម្បីផ្តល់ជូននូវអត្រាការប្រាក់ពិសេសជូនដល់សហគ្រាស ឬអាជីវកម្មដែលរងនូវផលប៉ះពាល់ ដោយបានសម្រេចផ្តល់ការប្រាក់អតិបរមា​ ៦.៥% ក្នុងមួយឆ្នាំ ក្នុងនោះម្ចាស់អាជីវកម្មអាចកម្ចីក្នុងទំហំអតិបរមា ៦០ ម៉ឺនដុល្លារ មានរយៈពេលអនុគ្រោះប្រាក់​ដើមរហូតដល់ ២៤ ខែ និងមានរយៈពេលកម្ចីឥណទានរហូតដល់ ៨ឆ្នាំ៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចនាយករដ្ឋមន្រ្តី៖ របៀបវារៈវេទិកាសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណមានលទ្ធភាពបន្ស៊ីគ្នា

2023/09/06 02:50:08 pm        97
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា របៀបវារៈនៃវេទិការសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ​នីតិកាលទី៧នេះ​ មានលទ្ធភាពបន្ស៊ីគ្នា។ថ្លែងនៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយលោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា សម្តេចពិតជាមានសេចក្តី ត្រេកអរ ​ដែលលោកសាស្រ្តាចារ្យបានបង្ហាញពីបំណង ក្នុងការ​បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសកម្ពុជា។សម្តេចនាយករដ្ឋមន្រ្ដី លើកឡើង អំពី​សង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នាបានរវាង​របៀប​វារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក ​និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសត្រង់ការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការ​ផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ ​និងវិស័យឯកជនឱ្យកាន់តែមានភាពប្រសើរឡើង​ផងដែរ។ក្នុងឱកាសនោះដែរសម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជាទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ, ក៏ដូចជាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកចូលរួមលើក​កម្ពស់​របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់គ្រប់បណ្តាប្រទេសទាំងអស់, ដោយរាប់ទាំងកម្ពុជា​នៅក្នុងបរិការណ៍ដ៏លំបាក និង មិនច្បាស់លាស់កន្លងមកនេះ។ តាមរយៈជំនួបទ្វេភាគីនេះដែរលោកសាស្រ្តាចារ្យ បានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំង​ជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងបានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករឭកជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា។ លោកសាស្រ្តាចារ្យបញ្ជាក់ថា​ ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីឆ្នាំទៅ, លោកសាស្រ្តាចារ្យ បានកត់សម្គាល់ ​និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាប្រទេសដែលមានសក្តានុពល​ និងកំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះលោកសាស្រ្តាចារ្យ ​ក៏បានគោរពអញ្ជើញ សម្តេចធិបតីចូលរួមក្នុងវេទិកាសេដ្ឋកិច្ច​ពិភពលោក ​នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗ​ខាងមុខនេះផងដែរ៕អត្ថបទបាន ចក់

ធនាគារ និងហិរញ្ញវត្ថុប្រមាណ២០ស្ថាប័ន នឹងធ្វើពិព័រណ៍ការងារនៅចុងខែនេះ

2023/09/06 01:22:16 pm        58
ភ្នំពេញ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រមាណ២០ស្ថាប័ន នឹងរួមគ្នារៀបចំតាំងពិព័រណ៍ការងារ នៅថ្ងៃទី២៩ និងទី៣០ ខែកញ្ញា នេះ នៅទីតាំងសាកលវិទ្យាល័យជាតិគ្របគ្រង (NUM) ដើម្បី​ផ្ដល់ឱកាស​ដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិត ដែលមានបំណងរកការងារធ្វើក្នុងវិស័យធនាគារ ។ក្នុងសន្និសីទសារព័ត៌មាន ស្តីពីពិព័រណ៍ជំនាញ ​និងការងារក្នុងវិស័យធនាគារ (JOBS & SKILLS SUMMIT 2023) ​នៅព្រឹកថ្ងៃទី៦ ខែកញ្ញា នេះ លោក ស៊ូ វិសាល នាយកគ្រប់គ្រងទូទៅវិទ្យាស្ថាន​ធនាគារ (IBF) បានលើកឡើងថា ​សម្រាប់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ទាំងប្រាមាណ ២០ស្ថាប័ន​នោះ នឹងចូល រួមដាក់តាំងស្តង់បង្ហាញពីឱកាសការហាត់ការ និងការងារ ​ជាង៤០០០មុខតំណែង ហើយក្រៅពីនេះ IBF ក៏បានសហការជាមួយមជ្ឈមណ្ឌលការងារ (NUM Career Center) និងអ្នកជំនាញក្នុងវិស័យរៀបចំ ជាពិសេសវគ្គបណ្តុះបណ្តាលខ្លីៗ ទាក់ទងទៅនឹងជំនាញទន់ និងជំនាញរឹង ​ក្នុងការត្រៀមចាប់យកឱកាសការ ងារក្នុងវិស័យធនាគារ ​និងហិរញ្ញវត្ថុ នាពេលខាងមុខ ។លោកបានបន្តថា ហេតុដូចនេះ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ សូមលើកទឹកចិត្តដល់​សាកលវិទ្យា ល័យ​ដៃគូទាំងអស់​ ស្ថាប័នពាក់ព័ន្ធ សិស្សនិស្សិត និងដៃគូសហការទាំងអស់ ក្នុងការផ្សព្វផ្សាយ​ព័ត៌មាន នេះ ទៅដល់និស្សិត និងមិត្តភក្ដិរបស់ខ្លួន ​ដើម្បីឱ្យមានការចូលរួមបានច្រើនកុះករ ។សិស្សនិស្សិត ​បានលើកឡើងថា ពិព័រណ៍នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់សិស្ស និស្សិត​ ដែលសិក្សាលើជំនាញពាក់ព័ន្ធនឹងធនាគារ ​ព្រោះបានផ្ដល់ឱកាសដល់ពួកគេ ក្នុងការ​ស្វែងរកការ ងារធ្វើ ឲ្យត្រូវនឹងជំនាញរបស់ខ្លួន និងគាំទ្រឲ្យមានការរៀបចំបន្តទៀត ។ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិគ្រប់គ្រង បាន មានប្រសាសន៍ថា ​ទសវត្សចុងក្រោយនេះ វិស័យធនាគារ ​និងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើន​គួរឱ្យ កត់សម្គាល់ ហើយតម្រូវការធនធានមនុស្ស ដែលមានភាព​ឈ្លាសវៃ សកម្ម និងទេពកោសល្យ ប្រកប ដោយគំនិតផ្តួចផ្តើម​ និងការច្នៃប្រឌិតខ្ពស់ ​ពិតជាចាំបាច់ ដើម្បីឆ្លើយ​តបទៅនឹង​ការវិវឌ្ឍ​ដ៏ឆាប់រហ័ស និង​តម្រូវការធនធានយ៉ាងគំហុក​ក្នុងវិស័យធនាគារ។ ឯកឧត្ដម សម្ដែងនូវការគាំទ្រចំពោះការរៀបចំតាំង ពិព័រណ៍នេះ ៕អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជានិងហ្វីលីពីន ចុះអនុស្សរណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច

2023/09/06 10:59:18 am        159
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ​ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញ​ធ្វើ​ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន។ការចុះអនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្មកម្ពុជា​ និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់កម្ពុជា​ជាមួយ​លោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន​ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព ។ បើយោងតាមឆាណែលតេលេក្រាមរបស់​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ គឺផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពរួមគ្នា ដូចជា ការសិក្សា និងបង្កើតច្រកបង្រៀនអំពីកសិកម្មប្រកបដោយ សក្តានុពល បច្ចេកវិទ្យា កសិកម្ម សន្តិសុខ ស្បៀង ម៉ូឌែល ធុរកិច្ច ​កសិសហគ្រិន និងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋទាំងតូច មធ្យម និងធំ។ កំណត់ នូវតម្រូវការធុរកិច្ចដើម្បី​អភិវឌ្ឍន៍​កាលានុវត្តភាព​ពាណិជ្ជកម្ម ​និងវិនិយោគក្នុងវិស័យស្រូវអង្ករ និងផលិតផល និងសេវាកម្ម កសិកម្ម ផ្សេងទៀត។ លើកកម្ពស់ការស្រាវជ្រាវ និង ​អភិវឌ្ឍន៍ស្រូវ អង្ករ។ និងជំរុញយុទ្ធសាស្រ្ត​ប្រកបដោយ ប្រសិទ្ធភាព​ក្នុងការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ ​និងធានានូវបរិយកាស កសិធុរកិច្ចប្រកប​ដោយចីរភាពជាដើម៕អត្ថបទ៖ បាន ចក់

ធនាគារ SME មានដៃគូរសហការ ដើម្បីលើកកម្ពស់ការទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម

2023/09/05 04:40:54 pm        26
ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម មានដៃគូរអាជីវកម្មជាងច្រើន និងកំពុងជំរុញ​បង្កើតកិច្ចសហប្រតិបត្តិការបន្ត ជាមួយអង្គការ ​សមាគមពាក់ព័ន្ធ ដើម្បីលើកកម្ពស់ដល់ការធ្វើ​អាជីវកម្មក្នុងការទទួលបានឥណទានក្នុងលក្ខខណ្ឌអនុគ្រោះ ដែលមានការបញ្ចុះអត្រាការប្រាក់ទាប ដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធយកឥណទានទៅពង្រីកអាជីវកម្ម។លោក នៀវ សុគន្ធ នាយកប្រតិបត្តិធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកព័ត៌មាន BTV ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូរជាមួយ​អង្គការ សមាគមពាក់ព័ន្ធ ​ដើម្បីលើកកម្ពស់​ការទទួល​បាន​ហិរញ្ញប្បទាន​ សម្រាប់ពង្រីកអាជីវកម្មថា ធនាគារសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា ​គឺជាធនាគាររបស់រដ្ឋ ​និងជាធនាគារគោលនយោបាយ ដែលបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ សេវាកម្មហិរញ្ញវត្ថុដែលមានលក្ខខណ្ឌ​អនុគ្រោះ ជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ​ក្នុងគោលដៅដែលបានផ្តល់​អាទិភាព ការកែច្នៃកសិកផល, ការកែច្នៃម្ហូបអាហារ និងគាំទ្រដល់ផលិតកម្មនានាជាដើម។លោក បន្តថា ដើម្បីអនុវត្តគោលនយោបាយឲ្យមានប្រសិទ្ធភាព ធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា បានសហការជាមួយដៃគូរអាជីវកម្មមួយចំនួន ​មកដល់ពេលនេះ ធនាគារ SME មានដៃគូរ​សហការជាង១០ដូចជា៖ ​សហមាគមអ្នកផលិតចំណីអាហារកម្ពុជា, សមាគម​សហគ្រិនស្រ្តី និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច ​និងមធ្យមជាដើម សុទ្ធសឹងជាដៃគូរ​អាជីវកម្មរបស់ធនាគារ SME ក្នុងនោះចំពោះហិរញ្ញប្បទាន​ដែលផ្តល់ឲ្យសហគ្រាសធុនតូច និង​មធ្យម ក៏ត្រូវបានផ្តល់តាមដៃគូរសហការទាំងអស់ ​ដោយមានលក្ខខណ្ឌអនុគ្រោះ (ដោយមានការ​បញ្ចុះអត្រាការប្រាក់) ដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធបាន​ឥណទានទៅពង្រីកអាជីវកម្ម។លោក នៀវ សុគន្ធ បញ្ជាក់ថា ជុំវិញការផ្តល់ហិរញ្ញប្បទានតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា គាំទ្រដល់វិស័យផ្សេងៗ នេះ​ បច្ចុប្បន្នមានការធ្លាក់ចុះ​បន្តិចបន្តួច បើធៀប​ទៅ​រយៈពេលដូចគ្នាឆ្នាំ ២០២២ គឺមានកំណើនទាបជាង, តែទោះបីយ៉ាងណាក៏ដោយ ការផ្តល់ឥណទាន​របស់ធនាគារសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា ​នៅតែមានកំណើនឥណទាន ដោយសារមាន​អាជីវកម្មថ្មីៗត្រូវបង្កើនឡើងជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី
08/15/2025 10:08 PM
បុរសប៉ាឡេស្ទីនជម្លៀសខ្លួនពិបាកស្វែងរកស្បៀងអាហារសម្រាប់ក្រុមគ្រួសាររបស់លោកនៅតំបន់ហ្កាហ្សា
08/15/2025 08:08 PM
លោក Trump៖ អ៊ុយក្រែន គឺជាអ្នកសម្រេចដោយផ្ទាល់ ជុំវិញការដោះដូរដែនដី
08/15/2025 08:08 PM
អេស្ប៉ាញទទួលបានយន្តហោះទម្លាក់ទឹក Canadair ចំនួន ២គ្រឿងពីបារាំង ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ
08/15/2025 08:08 PM
នគរបាល៖ មនុស្ស ២នាក់ រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ ក្បែរវិហារឥស្លាម នៅស៊ុយអែត
08/15/2025 08:08 PM
ជនប៉ាឡេស្ទីននាំគ្នាប្រញាញចំណីអាហារនៅផ្ទះបាយស៊ុបនៅទីក្រុងហ្កាហ្សា ខណៈវិបត្តិអត់ឃ្លាននៅតែបន្ត
08/15/2025 08:08 PM
ក្នុងជំនួបរវាងឯកឧត្តម Wang Yi រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងថៃ, ភាគីទាំងបីសម្រេចបានកុងសុងស៊ីសចំនួន៥ចំណុច
08/15/2025 08:08 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់​
08/15/2025 08:08 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមជ្រុលបង្កឲ្យមានការភ្ញាក់ផ្អើល ដោយទៅសួរសុខទុក្ខមេដឹកនាំប៉ាឡេស្ទីន នៅពន្ធនាគារ
08/15/2025 08:08 PM
លោក Prabowo៖ ថវិកាឆ្នាំ២០២៦ របស់ឥណ្ឌូនេស៊ី ត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យប្រទេសរឹងមាំ
08/15/2025 08:08 PM