សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី គូសរំលេចគោលការណ៍ចំនួន ៥ ក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាទៅដល់យុវជនខ្មែរ

2026/05/12 11:51:24 pm        461
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គូសរំលេចគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ។ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលការណ៍សំខាន់ៗចំនួន៥ សម្រាប់អនុវត្តច្បាប់កាតព្វកិច្ចយោធា រួមមាន៖ទី១៖ គោលការណ៍កាតព្វកិច្ចតាមតម្រូវការជាក់ស្ដែង ដែលអាចអនុវត្ដតាមការស្មោះចិត្ដ ឬការចាប់បង្ខំទៅតាមស្ថានភាពជាក់ស្ដែង ចំពោះពលរដ្ឋអាយុ១៨ឆ្នាំ ទៅ២៥ឆ្នាំ នឹងត្រូវក្លាយទៅជាយោធិនបម្រុង រហូតដល់អាយុ៤៥ឆ្នាំ ក្រោយបញ្ចប់កាតព្វកិច្ចយោធា រយៈពេល២៤ខែ។ទី២៖ គោលការណ៍កាតព្វកិច្ចចំពោះបុរស និងគោលការណ៍ស្មោះចិត្ដចំពោះស្ដ្រី។ទី៣៖ គោលការណ៍ហ្វឺកហ្វាត់ជាប្រចាំ ចំពោះយោធិនបម្រុងតាមកម្មវិធី និងការកំណត់ជាក់ស្ដែង។ទី៤៖ គោលការណ៍រក្សាក្របខណ្ឌដើម និងមុខតំណែងក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ចំពោះប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យ ហើយវិលទៅបម្រើការនៅអង្គភាព និងស្ថាប័នក្នុងក្របខណ្ឌ និងមុខតំណែងដដែល។ទី៥៖ គោលការណ៍ត្រៀមចូលបេសកម្ម នៅពេលដែលប្រទេសជាតិមានតម្រូវការ ចំពោះយោធិនបម្រុង។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុវត្ដតាមគោលការណ៍ទាំង៥នេះ ទើបអាចរួចចំណែកក្នុងការកសាងធនធានយុវជនខ្មែរ មានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ មិនថាក្នុងវិស័យយោធា វិស័យសាធារណៈ ឬវិស័យស៊ីវិលឯកជន។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ឆ្នាំដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។តាមផែនការសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធា មានព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋ មិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

2026/05/12 04:28:27 am        129
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោក Flavio Bonetti បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ លោក Flavio Bonetti ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការរួមចំណែករបស់យូណេស្កូ ក្នុងការផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលនេះជាអាទិភាពចម្បងរបស់អង្គការយូណេស្កូ ។ បន្ថែមលើនេះ លោក Flavio Bonetti បានសង្កត់ធ្ងន់ពីការបន្តភាពជាដៃគូយូរអង្វែងជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការរៀបចំគោលនយោបាយអប់រំ ការពង្រឹងគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា សំដៅចូលរួមចំណែកដល់ការកសាងមូលធនមនុស្ស នៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា និងយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃមហាសាលសម្រាប់មនុស្សជាតិទូទាំងសកលលោកផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើងបន្ថែមថា ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅតែជាអាទិភាពដ៏សំខាន់របស់កម្ពុជា ហើយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បាននិងកំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។ មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល៕

ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត

2026/05/12 03:35:46 am        174
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្ដែងនូវមោទនភាពដែលត្រូវបានរដ្ឋាភិបាលឡាវតែងតែងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ ឯកឧត្តមបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតលើគ្រប់វិស័យ រវាងឡាវ និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹង "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង" ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រ និងជួយដល់ប្រទេសឡាវ កន្លងមក ជាពិសេសក្នុងពេលដែលឡាវធ្វើជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២៤ ក៏ដូចជា ក្នុងគ្រាដែលប្រទេសឡាវស្ថិតក្នុងគ្រាលំបាកនៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត លើគ្រប់វិស័យ ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីនានា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីថា ក្នុងខួបលើកទី៧០ នៃការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ នេះ, ប្រទេសទាំងពីរបានត្រៀមរៀបចំកម្មវិធីអបអរសាទរ ទាំងនៅទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ សម្ដេចធិបតីមានជំនឿជឿជាក់ថា ឯកឧត្តម នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅបន្ថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវលើគ្រប់វិស័យ។ សម្តេចធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូត ធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពលអគ្គីសនី ការពារជាតិ និងសន្តិសុខ៕

កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន

2026/05/12 03:23:56 am        160
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និង​សហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមតំណាងប្រធានាធិបតី បានគោរពជម្រាបជូនសម្តេចធិបតីថា អាស៊ែបៃហ្សង់ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមបានបន្តថា អាស៊ែបៃហ្សង់កំពុងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ជាពិសេសការពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកនូវលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ ជូនចំពោះសម្តេចធិបតី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងឆ្នាំ២០២៦ នេះ។ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់។ សម្តេចធិបតីបានគូសបញ្ជាក់ថា ភាពរីកចម្រើននៃចំណងមិត្តភាពនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ ទន្ទឹមនឹងនេះ សម្តេចក៏បានកត់សម្គាល់ថា ប្រទេសទាំងពីរនៅមានវិសាលភាពច្រើនទៀតក្នុងការបង្កើនកិច្ចសហការលើវិស័យសក្តានុពលនានា ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាមួយបណ្តាប្រទេសនានាលើសកលលោក។ សម្តេចធិបតី និងឯកឧត្តមតំណាងប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ថាមពល, ទេសចរណ៍, វប្បធម៌, អប់រំ, កសិកម្ម, ព្រមទាំងបានពិភាក្សាលើការជំរុញទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន​ ប្រទេសទាំងពីរ តាមរយៈ​ការរៀបចំឱ្យមានជំនួបធុរជន និងធុរជន​ និងវេទិកាធុរកិច្ចជាដេីម​ ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងថែមទៀត៕

ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

2026/05/09 03:40:24 am        193
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jude Aguilar ប្រធាសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (PCCI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកប្រធានបានគោរពជម្រាបជូនសម្តេចធិបតីអំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) តាមរយៈការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពធុរកិច្ចនានាប្រកបដោយផ្លែផ្កា នាពេលកន្លងមក។ បន្ថែមលើនេះ, លោកប្រធាន ក៏បានជម្រាបជូន សម្តេចធិបតី អំពីផែនការបន្តពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការអាជីវកម្ម រវាងសភាពាណិជ្ជកម្មនៃ ប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចធុរកិច្ច កាន់តែសកម្មបន្ថែមទៀត។ លោកប្រធានបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះកំណើនទ្វេដងនៃទំហំពាណិជ្ជកម្ម ហ្វីលីពីន-កម្ពុជា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦។ លោកប្រធានបានគោរពជម្រាបជូនសម្ដេចធិបតីថា នៅក្នុងឆ្នាំ២០២៦ នេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗបន្ថែមទៀត។ លោកប្រធាន ក៏បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលសំខាន់ៗមួយចំនួន រួមមាន៖ វិស័យវេចខ្ចប់ និងការកែច្នៃចំណីអាហារ, វិស័យកសិ-ទេសចរណ៍, និងវិស័យអាកាសចរណ៍ ជាពិសេសការអភិវឌ្ឍតំបន់រមណីយដ្ឋាននៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជាដើម។ លោកប្រធាន ក៏បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងបង្កើតនូវសកម្មភាពធុរកិច្ច, អាជីវកម្ម និងពាណិជ្ជកម្មប្រកបដោយថាមវ័ន្តបន្ថែមទៀត រវាងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មទាំងពីរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពថ្មីៗទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច​ ក្នុងការគាំទ្រទៅដល់វិស័យឯកជន។ ពាក់ព័ន្ធទៅនឹងវិស័យកសិ-ទេសចរណ៍, សម្ដេចធិបតីបានគូសបញ្ជាក់អំពីសក្តានុពលរបស់ប្រទេសកម្ពុជា ក៏ដូចជាកាលានុវត្តភាពដែលប្រទេសទាំងពីរអាចចាប់យកក្នុងការតភ្ជាប់វិស័យកសិ-ទេសចរណ៍ជាមួយគ្នា តាមរយៈការតភ្ជាប់ទីផ្សារទេសចរណ៍ជាមួយគ្នា រវាងកោះសេប៊ូ និងខេត្តសៀមរាប ក៏ដូចជាខេត្តព្រះសីហនុ។ ក្នុងន័យនេះ, សម្ដេចធិបតីលើកទឹកចិត្តឱ្យកោះសេប៊ូបន្តពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំឱ្យមានជើងហោះហើរត្រង់រវាងកោះសេប៊ូ និងខេត្តសៀមរាប។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ ក៏ដូចជាការថែរក្សាបរិស្ថានវិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់, ភាពទាក់ទាញ និង សុខសុវត្ថិភាព។ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីស្វែងរក កាលានុវត្តភាពថ្មីៗ ក្នុងការពង្រីកការវិនិយោគ, ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ នៅទីក្រុងសេប៊ូ

2026/05/09 03:13:34 am        39
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយបណ្តាថ្នាក់ដឹកនាំនៃប្រទេសអាសាន និងអគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋហ្វីលីពីន នាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត

2026/05/09 02:46:27 am        160
រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្តម Anwar Ibrahim បានបង្ហាញនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី សាជាថ្មីម្ដងទៀត ដោយឯកឧត្តមបានបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងឯកឧត្តមនិងសម្ដេចធិបតី ឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងម៉ាឡេស៊ី និង កម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តម Anwar Ibrahim បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី និងបានគូសបញ្ជាក់អំពីការប្ដេជ្ញាបន្តជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន ទូលំទូលាយ និង រឹងមាំបន្ថែមទៀត ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពល សម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណឯកឧត្តម Anwar Ibrahim ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ចំនួន ២ លើក, ២៨ កក្កដា និង ២៧ ធ្នូ ឆ្នាំ២០២៥។ សម្ដេចធិបតី បានគូសបញ្ជាក់ថា តួនាទីរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់រដ្ឋជាសមាជិកអាស៊ាន ដែលបានបំពេញតួនាទីដ៏សំខាន់ ក្នុងការធានាស្ថិរភាព វិបុលភាព និងចីរភាព នៅក្នុងតំបន់អាស៊ាន។ បន្ថែមលើនេះ, សម្ដេចធិបតី ក៏បានពិភាក្សាជាមួយឯកឧត្តម Anwar Ibrahim អំពីការជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម និងវិនិយោគ ជាពិសេស ការផ្ដោតលើឧស្សាហកម្មហាឡាល់ (Halal Industry) ដែលជាឧស្សាហកម្មមួយមានសក្ដានុពលខ្ពស់ចំពោះកម្ពុជា ក្នុងកិច្ចទំនាក់ទំនងពាណិជ្ជកម្មជាមួយម៉ាឡេស៊ី។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានគាំទ្រកម្ពុជា និងបានបញ្ជូនអ្នកបច្ចេកទេសផ្នែកអាហារហាឡាល់មកកាន់កម្ពុជា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង វេទិកាគាំទ្រ សំដៅធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសដែលទទួលបានសិទ្ធិក្នុងការនាំចេញអាហារហាឡាល់។មុននឹងបញ្ចប់, ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាអំពីការថែរក្សាស្ថិរភាព និង សន្តិភាព ក្នុងតំបន់ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី លើវិស័យការពារជាតិ និងសន្តិសុខ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

2026/05/09 02:07:35 am        33
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Jude Aguilar ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន នាល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ

2026/05/09 12:26:21 am        172
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអាហារពេលព្រឹកការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។ ក្នុងឱកាសនៃជំនួប ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃជំនួបអាអាហារពេលព្រឹកជាប្រពៃណី រវាងនាយករដ្ឋមន្ត្រីទាំងបី ដែលជាវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ ថ្នាក់ដឹកនាំក៏បានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍ដែលស្ថានភាពតំបន់ និងពិភពលោកបន្តប្រែប្រួលប្រកបដោយភាពស្មុគស្មាញ ការបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីកាន់តែមានសារៈសំខាន់។ ថ្នាក់ដឹកនាំទាំងបី​ ក៏បានពិភាក្សាអំពីអាទិភាព និងគំនិតផ្តួចផ្តើមសំដៅជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ, សន្តិសុខ និងការពារជាតិ, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការវិនិយោគ, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការតភ្ជាប់ថាមពល និងការតភ្ជាប់ទេសចរណ៍ រួមទាំងការបង្កើនជើងហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសទាំងបី។ ក្នុងឱកាសនោះ សម្តេចធិបតីបានសង្កត់ធ្ងន់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយផ្អែកលើឧត្តមភាពរៀងៗខ្លួននៃប្រទេសទាំងបី។ សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តជំរុញការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញ។ ជាមួយប្រទេសឡាវ សម្តេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការជ្រើសរើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (កម្ពុជា) - ទន្លេសេឡាំផាវ (ឡាវ) ។ ជាមួយប្រទេសវៀតណាម សម្តេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំងតភ្ជាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានផ្តួចផ្តើមឱ្យមានការពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍគម្រោងតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសទាំងបី តាមរយ:ការប្រើប្រាស់បណ្តាញបញ្ជូនអគ្គីសនីដែលមានស្រាប់ ព្រមទាំងបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងបី ពិនិត្យលទ្ធភាពរៀបចំកញ្ចប់ផលិតផលទេសចរណ៍រួម។ មុននឹងបញ្ចប់ សម្តេចធិបតីបានអញ្ជើញថ្នាក់ដឹកនាំឡាវ និងវៀតណាម ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំនេះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅហ្វីលីពីន

2026/05/08 11:44:30 pm        127
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រទេសហ្វីលីពីន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
07/25/2026 11:07 AM
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
07/25/2026 11:07 AM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
07/25/2026 11:07 AM
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
07/25/2026 10:07 AM
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
07/25/2026 10:07 AM
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
07/25/2026 10:07 AM
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
07/25/2026 10:07 AM
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM