សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី

2026/05/06 06:16:56 pm        334
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បាន​​​ប្រកាស​​គាំ​ទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នា​រវាង​កម្ពុជា និង​ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។តាមរយៈបណ្ដាញសង្គម​នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន​បានសរសេរយ៉ាងដូច្នេះថា «​ខ្ញុំសូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នៅ​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​ស្រាយ ​ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។»សម្ដេចតេជោបន្តថា ​មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺ​ដំណើរ​ឆ្ពោះ​ទៅតា​មយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើប​អា​ចដោះ​ស្រាយ​ដោយ​មាន​ភាគី​ទី៣​ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សម្រាប់សម្ដេច​​ដែល​បាន​ធ្វើ​កិច្ច​ការ​នេះ​តាំង​​ពី​អតីត​នាយក​រដ្ឋ​មន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 សម្ដេច​ពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោម​ហេតុ​ផល ​(គ្មានវឌ្ឍនភាព)។សម្ដេចតេជោបន្តទៀតថា «ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃ​ខ្លួន​ឯង​ដឹង​ច្បាស់​ជាង​នរណា​ទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រី​ប៉ុន្មាន​ហើយ​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​អតីត​នាយក​រដ្ឋ​មន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បន្ត​ដោយ​ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុង​ពេល​ជា​មួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុ​ផល​មួយ​នៃ​ការ​គ្មាន​វឌ្ឍន​ភាព​ទេ?»សម្ដេចតេជោ​បញ្ជាក់បន្ថែមថា ទោះបីថៃមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏​ថ្នាក់​ដឹក​នាំ​ទាំង​នោះ​នៅ​តែបង្ហាញការបន្តចចារ សូម្បីរដ្ឋាភិបាលឯកឧត្តមនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចា​ជីវ៉ា ​ក៏បានចាត់បញ្ជូន​ ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែល​នៅ​ពេល​នោះ​ហើយ​ដែល​វរ​ជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាសម្ដេច​ចំអិនផ្ទាល់ដៃ ជូន​ភ្ញៀវ​កិត្តិយស​ទាំង​២រូបសម្រាប់អាហារថ្ងៃត្រង់។កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូម​កុំចោ​ទ​ប្រកាន់ថា​កម្ពុជា​ធ្វើ​អន្តរ​ជា​តូប​នីយ​កម្ម​ប​ញ្ហា​ទ្វេភា​គី ​និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិ​ចូល​រួម និង​ក៏​សូម​កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្ត​ការ​ទ្វេភាគី​ចាស់​ដែល​ថៃ​លុប​ចោល​ជា​ឯកតោភា​គី។​ សង្ឃឹមថា កម្ពុជា និងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែល​មាន​សមត្ថកិច្ច​លើ​បញ្ហាសមុទ្រ៕

​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ

2026/05/06 12:55:56 am        219
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001, ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គម នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះថា ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។ សម្ដេចធិបតី បានលើកឡើងបន្ថែមថា ជាង ២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឱ្យឃើញអំពីស្មារតី នៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។ ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជា យើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។ សម្ដេចធិបតី អះអាងថា ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។ ជាមួយគ្នានេះ សម្ដេចធិបី បញ្ជាក់ថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ៕

សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅ​កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន

2026/05/05 04:11:29 pm        246
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៦ នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៦។អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ​រួមមាន ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ រួមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រម​ទាំង​តំណាង​ធុរកិច្ចមកពីសភាពាណិជ្ជកម្ម កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ផងដែរ។ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” កិច្ច​ប្រជុំ​កំពូល​នឹង​ផ្តល់​ជា​វេទិកា​សម្រាប់​ថ្នាក់​ដឹកនាំ​អាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និង​មាគ៌ា​ឆ្ពោះ​ទៅមុខ ដោយ ផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាព​សន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ ​និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយា​បន្ន​ និងភាពធន់។ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក និងផល ប្រយោជន៍រួម៕

សម្តេចធិបតី៖ ការធានាសុវត្ថិភាពព័ត៌មាន រក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិមិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាននោះទេ

2026/05/03 04:21:57 pm        132
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការធានាសុវត្ថិភាពព័ត៌មាន ការរក្សាព័ត៌មានសម្ងាត់ របស់ជាតិក្នុងកាលៈទេសៈនៃវិបត្តិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន មិនមែនជាការរឹតត្បិត សេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេ ប៉ុន្តែ គឺជាការធានានូវទី១. ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ, ទី២៖ ការធានាបាននូវសន្តិសុខព័ត៌មាន ដែលរួមមានសិទ្ធិទទួលបានព័ត៌មាន ប្រភពច្បាស់លាស់នៃព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋ និងទី៣៖ ការធានាបាននូវការការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ជាតិ និងប្រជាជន។ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ ជាសមត្ថភាពយុទ្ធសាស្ត្រមួយក្នុងការចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ សុចរិតភាពវិជ្ជាជីវៈ ការទទួលខុសត្រូវសង្គម ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងសូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណី និងបែបទំនើបទាំងអស់ ដែលបាននឹងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុងការផលិត ផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈ និងបានរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ សារព័ត៌មានជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅក្នុងការកសាងសង្គមព័ត៌មានពិត ត្រឹមត្រូវបង្កើនជំនឿទុកចិត្តសាធារណៈ និងការពារស្ថិរភាពសង្គម។តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានកំណត់យ៉ាងច្បាស់ថាវិស័យព័ត៌មាន ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយជាវិស័យស្នូលដែលជួយគាំទ្រដល់អភិបាលកិច្ចល្អសម្រាប់ពង្រឹងទំនុកចិត្តរវាងរដ្ឋ និងប្រជាពលរដ្ឋ និងសម្រាប់ការពារអធិបតេយ្យភាពព័ត៌មានរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពលើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃ ការបោះពុម្ពផ្សាយនៅកម្ពុជា។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងស្មារតីនេះ កម្ពុជាត្រូវបន្តកសាងនូវប្រព័ន្ធព័ត៌មានជាតិមួយប្រកបដោយ វិជ្ជាជីវៈ មានក្រមសីលធម៌ គុណភាព ត្រឹមត្រូវ ជឿទុកចិត្ត និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះកម្ពុជាត្រូវជំរុញការងារកំណែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អ ដោយបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីធានាគុណភាពវិស័យព័ត៌មាន និងសោតទស្សន៍ ស្របតាមអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»៕

សម្តេចធិបតី៖ការស្ទង់មតិឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាកំពុងពង្រឹងវិស័យព័ត៌មាន សេរីព័ត៌មាន និងការអភិវឌ្ឍវិជ្ជាជីវៈ

2026/05/03 04:10:20 pm        98
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បានឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខលើការពង្រឹងវិស័យសារព័ត៌មាន ដោយផ្តោត លើការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវសេរីភាពសារព័ត៌មាននិងសេរីភាពនៃការបោះពុម្ពផ្សាយ និងការអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មាន។ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា​ ថ្មីៗនេះ តាមរយៈលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ រីឯការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរផងដែរ។ ការណ៍នេះបានបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងរីកចម្រើនជាបន្តបន្ទាប់ទាំងសិទ្ធិ​ និងគុណភាពវិជ្ជាជីវៈ ហើយនេះក៏បញ្ជាក់ថាកម្ពុជាកំពុងរក្សាតុល្យភាពរវាងសេរីភាព និងសណ្តាប់ធ្នាប់សារព័ត៌មាន ដែលជាគន្លឹះសម្រាប់សង្គមឌីជីថល។ត្រង់ចំណុចនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា នេះជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពព័ត៌មាន ការផ្សព្វផ្សាយដែលមានសុចរិតភាព និងការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។ ទន្ទឹមនេះ ការអភិវឌ្ឍលើវិស័យព័ត៌មាន ត្រូវការការចូលរួមបន្ថែមពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាសេរីភាពសារព័ត៌មានត្រូវបាន អនុវត្តជាក់ស្តែង និងមានតុល្យភាពជាមួយនឹងការគោរពច្បាប់ និងសិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខណៈដែលកម្ពុជា និងប្រទេសនានាលើពិភពលោកកំពុងប្រារព្ធទិវាសេរីភាព សារព័ត៌មានពិភពលោក លើកទី៣៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព» នេះ រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះវិស័យសារព័ត៌មានដែលបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ការលើកកម្ពស់យុត្តិធម៌ និងការកសាងសង្គមសន្តិភាព។ សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានទំនួលខុសត្រូវ គឺជាគ្រឹះដ៏រឹងមាំនៃសង្គមប្រជាធិបតេយ្យ។ ការណ៍នេះនាំដល់កិច្ចប្រតិបត្តិសេរីភាពសារព័ត៌មាន ដើម្បីបុព្វហេតុសន្តិភាព បូរណភាពទឹកដី និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ។ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្តែងនៅអំឡុងពេលនៃសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត (ព័ត៌មានត្រឹមត្រូវ មិនលម្អៀង មិនបង្កការយល់ច្រឡំ ឬបង្កើនភាពតានតឹងក្នុងសង្គម) ដែលមានប្រភពផ្លូវការ និងច្បាស់លាស់ ដើម្បីជួយបង្កើនការយល់ដឹងរបស់សាធារណជនពីស្ថានការណ៍ពិតប្រាកដនៅតំបន់ព្រំដែន។នៅក្នុងឱកាសនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអ្នកបង្កើតមាតិកា និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងការការពារការពិត ជឿលើព័ត៌មានផ្លូវការ និងបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសកម្មភាព នៃការរំលោភបំពានរបស់យោធាថៃ ឱ្យពលរដ្ឋខ្មែរ និងសហគមន៍ អន្តរជាតិបានដឹងច្បាស់។យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ដែលចេញដោយក្រសួងព័ត៌មាន បានបញ្ជាក់ថា ៨០,៨% ក្នុងចំណោមអ្នកស្ទង់មតិចំនួន ៥៧០នាក់ ដែលតំណាងអ្នកសារព័ត៌មានទូទាំងប្រទេស ដែលត្រូវបានសម្ភាសនិយាយថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ផ្អែកលើលទ្ធផលនៃការស្ទង់មតិ ការសិក្សាស្រាវជ្រាវបានកត់ត្រាទុកថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិ មានមនុស្សចំនួន ៧៥,២៦% បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ដែលក្នុងនោះ ៩៣% បានវាយតម្លៃថា ការយកវិជ្ជាជីវៈសារព័ត៌មានទៅកំហែងទារប្រាក់ ឬគំរាមកំហែងនរណាម្នាក់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជាទង្វើដែលប៉ះពាល់ដល់សេរីភាពសារព័ត៌មាន, ៩៧,៥% បានឆ្លើយថាការគោរពក្រមសីលធម៌វិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ចំពោះអ្នកសារព័ត៌មាន ក្នុងនោះ ៧៨,៩% ឆ្លើយថា ការគោរពក្រមសីលធម៌វិជ្ជាជីវៈមាន «សារៈសំខាន់ខ្លាំងណាស់»។ផ្អែកតាមលទ្ធផលនៃការស្ទង់មតិនេះ មនុស្សចំនួន ៨៥,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់ បានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ខណៈអ្នកចូលរួមចំនួនជាង ៩៦% បានទទួលស្គាល់ថា ការមានប្រព័ន្ធផ្សព្វផ្សាយសំបូរបែប បានចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ហើយមនុស្សចំនួ ៩៧% បានឯកភាពថា ការអនុវត្តសកម្មភាពអាជីពវិជ្ជាជីវៈដោយឯករាជ្យក្នុងក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវដោយទទួលខុសត្រូវសង្គម និងចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺជាសិទ្ធិ និងករណីកិច្ចរបស់អ្នកសារព័ត៌មាន៕

សម្តេចបវរធិបតីផ្តល់អនុសាសន៍ ៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន

2026/05/03 03:57:50 pm        94
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អនុសាសន៍សំខាន់ៗ ចំនួន ៦ចំណុច ដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។អនុសាសន៍សំខាន់ៗទាំង ៦ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» ដោយបន្តយកចិត្តទុកដាក់អនុវត្តមានដូចជា៖ទី១. សូមបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន ដោយត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។ទី២. សូមប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈ។ ក្នុងន័យនេះ ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវមានយន្តការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតចំពោះរាល់មាតិកា ដែលផលិតដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីចៀសវាងបច្ចេកវិទ្យាបំផ្លាញសច្ចធម៌ និងបូរណភាពនៃព័ត៌មាន។ទី៣. សូមកុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេសស្ត្រី និងកុមារ។ ត្រូវរួមគ្នាការពារ និងលើកកម្ពស់វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។ទី៤. សូមក្រើនរំលឹកចំពោះការយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្តដែលមានបំណងបង្កអន្តរាយជាតិ។ នេះជាការក្បត់ មនសិការវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបំផ្លាញជាតិ ដែលជាទង្វើមិនអាចអត់ឱនបានឡើយ។ទី៥. បន្តកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។និងទី៦. សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមគូសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជានឹងត្រូវបានបន្តការពារ និងលើកកម្ពស់តាមគោលការណ៍នៃច្បាប់ សុចរិតភាព និងការទទួលខុសត្រូវ ដើម្បីបម្រើប្រជាជន ការពារជាតិ និងរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក៕

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

2026/05/02 09:30:18 pm        550
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺជិតមួយពាន់នាក់ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ​២០២៦​នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានដាស់តឿន និងក្រើនរំលឹក​ដល់​មន្រ្តី​រាជ​ការ​ក៏ដូចក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ត្រូវតែបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និង​ប្រជាជនឱ្យបានល្អប្រសើរ ជាពិសេស​បន្ត​យក​ចិត្ត​ទុក​ដាក់​ផ្តល់​នូវ​សេវា​ចាំ​បាច់​នានា​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​លឿនរហ័ស ចៀស​វាង​បង្ក​នូវ​បញ្ហា​នានា​ដែល​នាំ​ឱ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ដល់​ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ។ ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និង​យកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការ​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ដើម។ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានប្រកាសគាំទ្រ​ចំពោះ​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​របស់​សម្ដេច​ធិបតី​នាយករដ្ឋ​មន្ត្រី​ចំពោះ​វិធានការយក​ក្មេង​ទំនើង​ទៅ​បម្រើ​ការ​ងារ​ជីក​លេណ​ដ្ឋាន​នៅ​តាម​ព្រំដែន​ ដែលនេះជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មាន​សុវត្ថិភាព​។ សូមបញ្ជាក់ថា គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ របស់​សម្តេច​តេជោ​នា​ពេល​នេះ ​គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បី​ឱ្យមា​នតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាង​វិញ​ទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការ​ក្រើន​រំឭក​ដល់​មន្ត្រី​នៅ​មូល​ដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋឱ្យបានល្អប្រសើរជាដើម៕

សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

2026/05/02 04:07:37 pm        374
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុប​ចំនួន ៩៩៦​នាក់។ពិធី​ចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយ​អង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញ​ឱ្យ​ការងារ​មូល​ដ្ឋាន​កាន់​តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់​តែជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយក​ចិត្ត​ទុកដាក់​លើ​ភារកិច្ច​ជា​ដែន​សមត្ថ​កិច្ច​របស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រដ្ឋបាលខេត្ត បាន​យក​ចិត្ត​​ទុកដាក់ក្នុងការបង្កើន និងជំរុញសក្តានុពលវិស័យកសិកម្ម តាមរយៈពង្រាយ​មន្ត្រី​កសិ​កម្ម​​តាម​ឃុំ-សង្កាត់ ដើម្បីជួយការងារបណ្តុះបណ្តាល និងណែនាំបច្ចេកទេសដល់​ប្រជា​កសិករ ដែល​មាន​ផ្ទៃ​ដី​បង្ក​បង្កើនផលសរុប ១២១.១៧៣ហិកតា ទិន្នផល ៤០៧.៣៣០​តោន ដំណាំឧស្សាកម្ម ដូច​ជា​ស្វាយកែវរមៀត ប្រមាណជាង ៦៤.០៣៧ហិកតា ទិន្ន​ផល ៤០៤.៨៧៩តោន អំពៅ​ប្រមាណ​ជាង ​៥២.០០០ហិកតា ទិន្នផលសរុប ២.៦០០.០០០តោន ផលិតស្ករអំពៅ បានប្រមាណ ៣៤០.០០០​តោន/ឆ្នាំ និងដំណាំរួមផ្សំរាប់​សែន​ហិកតា ព្រមទាំងមានកសិដ្ឋានចិញ្ចឹមសត្វ ៤៦២​កន្លែង​ មានប្រមាណជាង ១៤.៥៦៨.០១៥ក្បាល រួមមាន ជ្រូក មាន់ (ពងមាន់​នាំ​ចេញ​ប្រមាណ​ជា​ង ៦៣.៤៥៧.២០០គ្រាប់/ឆ្នាំ) ដែលគិតជាទឹកប្រាក់សរុបលើសពី ៣៥០.០០០.០០០ដុល្លារ/ឆ្នាំ។ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឱ្យដឹងថា វិស័យឧស្សាហកម្ម ក៏មានការកើនឡើងឥត​ឈប់​ឈរ ក្នុងនោះកាលពីឆ្នាំ២០២៥​កន្លងទៅ ដោយទទួលបានគម្រោង វិនិយោគក្រោម ៥​លានដុល្លារ ចំនួន ១២៦គម្រោង និងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ១៣០​គម្រោង​។ ដោយឡែកគិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោង​វិនិ​យោគ​ក្រោម ៥លានដុល្លារ ចំនួន ៣៥គម្រោងបន្ថែមទៀត។បច្ចុប្បន្នទូទាំងខេត្តកំពង់ស្ពឺ មានតំបន់សេដ្ឋកិច្ច (SEZ) ២កន្លែង សួនឧស្សាហកម្ម ៩កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបមានចំនួន ១.៦១៨កន្លែង ស្រូបកម្លាំង​ពលកម្មសរុប ៣២៧.១៩៣នាក់។ ក្រៅពីវិស័យសេដ្ឋកិច្ច ក៏មានវិស័យសង្គម​កិច្ចដទៃ​ទៀត បានចូលរួមចំណែកក្នុងផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាព​ប្រជា​ពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងបានបង្កើនទំហំសេដ្ឋកិច្ចខេត្ត មានចំនួន ២.៦០៥លាន​ដុល្លារ និងចំណូលសម្រាប់មនុស្សម្នាក់ៗ (GDP) មានចំនួន ២.៧០២ដុល្លារ (ទិន្នន័យឆ្នាំ២០២៤)។ឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺនេះ។សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម។សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ និងបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់ រួមគ្នាដើម្បីខេត្តកំពង់ស្ពឺ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​​ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រី នៃមន្ទីរ-អង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺ

2026/05/02 03:45:28 pm        232
នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្ដីទី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺសរុបចំនួន៩៦២នាក់ ដែល​ពិធី​នេះបា​ន​ប្រារព្ធឡើងនៅសាលាខេត្តកំពង់ស្ពឺ។  យោងតាមរបាយការណ៍របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រោម​ដំបូលសុខសន្តិភាព ខេត្តកំពង់ស្ពឺមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ទេសចរណ៍ និងវិនិយោគ ដោយមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ឧស្សាហកម្មកាត់ដេរ និង​ផលិតកម្មសត្វជាដើម។ ទាក់ទងវិស័យឧស្សាហកម្មកាលពីឆ្នាំ២០២៥​កន្លង​ទៅ​គឺ​ទទួល​បាន​គម្រោងវិនិយោគក្រោម៥​លានដុល្លារចំនួន ១២៦គម្រោង ហើយគិតត្រឹមខែមេសា ឆ្នាំ​២០២៦​នេះ ​ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោង​វិនិ​យោគ​ក្រោម៥លានដុល្លារ ចំនួន៣៥​គម្រោង​បន្ថែម​ទៀត​។  ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលដៅ​នៃ​ការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏​ដូច​ជា​ពង្រឹង​គណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូច​ជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ឱ្យកា​ន់​តែ​ជិត​ស្និទ្ធ​ជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។  មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបាន​វិល​មក​ជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ​អង្គ​ភាព​នានា​ក្នុង​ខេត្តកំពង់ស្ពឺនេះសាជាថ្មី។ សម្តេចបន្តថា កំពង់ស្ពឺគឺជាខេត្តទី៣ហើយ ដែលសម្ដេច​បាន​កំណត់​ជា​គោលដៅក្នុងការចុះជួបមន្ត្រីរាជការ។  ពីខេត្តកំពង់ស្ពឺ នៅថ្ងៃនេះសម្ដេចតេជោបានប្រកាសសាងសង់អគារសាលប្រជុំដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បម្រើដល់ការប្រជុំផ្សេងៗ ដែលនឹងត្រូវសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោបានរំឭកថា ខេត្តកំពង់ស្ពឺជាទីកន្លែងអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ដ៏សកម្ម ដែល​នាំ​ឱ្យ​កម្ពុជា​បញ្ចប់ភ្លើងសង្គ្រាម និងមានសន្តិភាពដល់សព្វថ្ងៃនេះ ហើយខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះ គឺខេត្តដែលមានរោងចក្រសហគ្រាសច្រើនជាងគេ។សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺទាំងអស់​ដែល​​បានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជា​ពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោក៏បានគាំទ្រចំពោះការដាក់ចេញនូវវិធានការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីចំពោះវិធានការយកក្មេងទំនើងទៅបម្រើការងារជីកលេណដ្ឋាននៅតាមព្រំដែន ដែលនេះជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។ សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។ សម្តេចក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋានតាមរយៈការជួយយកអាសាគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់។ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឲ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

TOP STORY | ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព ព្រះមហាក្សត្រ​មានភាពប្រសើរជាបណ្តើរៗ ក្រុម​គ្រូ​ពេទ្យ​​ព្រះបរមរាជានុញ្ញាតថ្វាយព្រះអង្គ​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃនេះ និង​បន្ត​គង់​ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង ដើម្បីបន្តតាមដាន​

2026/05/01 04:12:36 pm        274
ព្រះរាជសុខភាពរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ​ព្រះ​មហា​ក្សត្រ ​​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ មានភាពប្រសើរជាបណ្តើរៗហើយ​ ក្រុម​គ្រូ​ពេទ្យ​​​​ព្រះ​បរមរា​ជា​នុញ្ញាត​ថ្វាយ​ព្រះអង្គ​យាង​​ចេញ​​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ និង​សូមព្រះអង្គ​បន្ត​​គង់​​ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង ដើម្បីបន្តតាមដាន។ នេះបើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងព្រះបរមរាជវាំងចេញផ្សាយនៅថ្ងៃទី១ឧសភានេះ។ក្រសួងព្រះបរមរាជវាំងបានឲ្យដឹងថា ក្រោយ​ពី​ទទួល​បាន​ការ​ព្យាបាល​ព្រះរោគ​ដោយ​ការ​វះ​កាត់​អស់​រយៈ​ពេល​ពីរ​សប្តាហ៍កន្លងមកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ព្រះអង្គបានគង់ប្រថាប់ដើម្បីពិនិត្យ និងថែ​ទាំព្រះ​រាជ​សុខ​ភាព​ក្រោម​ការ​ពិនិត្យ​តាម​ដាន​ថែ​ទាំយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ ជាទីបំផុត ពីថ្នាក់ដឹកនាំ លោក លោកស្រី​សាស្ត្រា​ចារ្យ ​វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យប៉េកាំង ​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន។បច្ចុប្បន្ននេះយោងលើវេជ្ជបញ្ញារបស់ក្រុមគ្រូពេទ្យ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើ​ត្បូង​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរជាបណ្តើរៗ។ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ ប៉េកាំង សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាំទីគោរពសក្ការៈដ៏ ខ្ពង់​ខ្ពស់​បំផុត ស្តេចយាងចេញពីមន្ទីរពេទ្យនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ និង​សូម​ព្រះ​អង្គ​បន្ត​គង់ប្រថាប់នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង និងយាងទៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បី​ពិនិត្យ​តាម​ដាន ថ្វាយព្រះឱសថ និងថែទាំព្រះរាជសុខភាពមួយរយៈពេលទៀត។ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះ​វររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសូមថ្លែងអំណរ ព្រះ​គុណ ​និងអរគុណ ថ្វាយ-ប្រគេនសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង​ជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំង​បង​ប្អូន​ប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះសព្ទសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូម​ឱ្យ​ព្រះអង្គ ​បានឆាប់ជាសះស្បើយពីព្រះរោគាពាធ និងសូមឆាប់បាន​យាង​និវត្ត​មក​កាន់​មាតុ​ប្រទេស​វិញ ប្រកបដោយព្រះបរមសុខក្សេមក្សាន្តជារៀងរហូតតទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
07/25/2026 12:07 PM
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM