សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ GGAC កំពុងជួយយុវតីក​ម្ពុជាឲ្យកាន់តែរឹងមាំ និងទទួលបទសោធន៍ល្អៗ

2026/03/14 11:43:55 pm        159
សៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានថ្លែងថា សមាគមកាយឫទ្ធិនារីកម្ពុជា កំពុងជួយដល់យុវតីកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ និងទទួលបានបទពិសោធន៍ចំណេះដឹងល្អៗ ពីថ្នាក់ដឹកនាំជាតិ តំបន់ និងអន្តរជាតិ ជាមួយនឹងការចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ។ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញនូវអារម្មណ៍រំភើប រីករាយយ៉ាងពេញចិត្ត ចំពោះសមាជិក សមាជិកា និងកុមារី យុវតី របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ប្រកបដោយសុខភាពល្អមាំមួន ការរីកចម្រើនផ្នែកចំណេះវិជ្ជា ប្រាជ្ញាស្មារតី រួមទាំងមានក្រមសីលធម៌ល្អ សមត្ថភាពពេញលេញ និងជំនឿជាក់យ៉ាងមុតមាំ លើខ្លួនឯង ក្រោយពីទទួលបានការរៀនសូត្រ និងបណ្តុះបណ្តាលពីសមាគម ក្នុងរយៈពេល ៤ឆ្នាំមកនេះ ។ លោកជំទាវបណ្ឌិត បានបន្តថា មួយវិញទៀត សម្រាប់យុវតីដែលភាពរឹងមាំ និងមានចំណេះជំនាញល្អ ជាពិសេសភាសាអង់គ្លេស ក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួម ក្នុងកម្មវិធីអន្តរជាតិ ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយទទួលបាននូវការចែករំលែកចំណេះដឹង ពីថ្នាក់ដឹកនាំនៃយុវជនកាយឫទ្ធិអន្តរជាតិ ដែលត្រង់ចំណុចនេះ យុវតីដទៃទៀត គួរសិក្សាស្វែងយល់ពីពួកគេ ដែលទទួលបានការលើកទឹកចិត្តទាំងនោះ ។ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានមានប្រសាសន៍ណែនាំដល់សមាជិកា ជាពិសេសកុមារី និងយុវតី ទាំងអស់ឱ្យខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯង រៀនសូត្រ ចូលរួមរាល់កិច្ចការសង្គមដោយភាពក្លាហាន និងមោះមុត ។ ក្នុងឱកាសនោះនោះ លោកជំទាវបណ្ឌិត បាន វាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប គ្រូបង្គោល សមាជិកគាំទ្រ និងអាជ្ញាធរមូលដ្ឋានដែលបានដឹកនាំកូនៗដាំបន្លែ វេចខ្ចប់អាហារ ស្បៀងផ្សេងៗជូនវីរកងទ័ព ពលរដ្ឋភៀសសឹក ថែមទាំងផ្តល់ឱកាស បណ្តុះបណ្តាល អប់រំដល់សមាជិកាសកម្ម កូនៗ ក្មួយៗ យ៉ាងយកចិត្តទុកដាក់ ។ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា នៅក្នុងខែមិថុនា ឆ្នាំ២០២៦ខាងមុខ សមាគមកាយឫទ្ធិនារីកម្ពុជា នឹងរៀបចំមហាសន្និបាទកាយឫទ្ធិនារី ពិភពលោកលើកទី៣៩ (39th WAGGGS World Conference) និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍ OB-PS ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីអង្គរដ៏អស្ចារ្យ គឺខេត្តសៀមរាប។ មហាសន្និបាតនេះ នឹងមានវត្តមានសមាសភាព WAGGGS និង សហគមន៍ OB-PS មកពីទ្វីបទាំង ៥ ដែលមានសមាជិកជាង ១៥០ប្រទេស ចូលរួមផងដែរ ។លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ ប្រធានកិតិ្តយសសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប លើកឡើងថា ចាប់ពីបានបង្កើតកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២២មក សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប បានបញ្ចូលសមាជិកទូទាំង ១៣ ក្រុង ស្រុក នៃខេត្តសៀមរាប ដោយមានសមាជិកសរុប ១២៥៣រូប ក្នុងនោះសមាជិកាសកម្មចំនួន ៨៤០រូប គ្រូបង្គោលចំនួន ៣៦រូប រួមទាំងសមាជិកា និងសមាជិកគាំទ្រចំនួន ៣៧៧រូប ។លោកជំទាវ បានបន្ថែមថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ក៏ទើបតែបានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៥ ផងដែរ។ ជាលទ្ធផល សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប បានអនុវត្តសកម្មភាពរបស់ខ្លួន ស្របតាមផែនការយ៉ាងល្អរលូន ដោយបានឆ្លើយតបទៅនឹងទស្សនវិស័យរបស់សមាគមគឺ ចង់ឃើញកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាពចំពោះវប្បធម៌និងអត្តសញ្ញាណរបស់ខ្លួន ៕ អត្ថបទ បាន សុខរិទ្ធិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមទិវាបុណ្យរំឭកឧបការគុណសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត

2026/03/14 06:38:16 pm        284
ខេត្តសៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណសម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ ដែលធ្វើឡើងនៅក្នុងវត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលពីធីបុណ្យនេះ ធ្វើឡើងក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីព្រឹកថ្ងៃទី១៣ ដល់ទី១៤ ខែមីនា ឆ្នាំ២០២៦ ។សម្រាប់ការរៀបចំពិធីបុណ្យរំព្ញកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងគោលបំណង ដើម្បីលើកឡើងអំពីគំរូវីរភាព និងស្នាព្រះហស្ថ គុណតម្លៃមិនអាចកាត់ថ្លៃបាន របស់សម្តេចព្រះមហាសង្ឃរាជ និងអ្នកប្រាជ្ញក្រុមជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យខ្មែរ ដែលបានតស៊ូប្តូរផ្តាច់យកអស់កម្លាំងកាយចិត្ត និងសតិបញ្ញាញាណ ក្នុងបេសកកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរចំនួន ១១០ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ដោយបានចំណាយពេលវេលាប្រមាណ ៤០ឆ្នាំ ទើបសម្រេចបានសព្វគ្រប់ ដែលគម្ពីរដ៏ពិសិដ្ឋ និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាននេះ មានលក្ខណៈពិសេស ជាងបណ្តាប្រទេសពុទ្ធសាសនិក នៅលើពិភពលោកទាំងអស់ ។ ចំពោះលក្ខណៈពិសេសត្រង់ថា ដោយប្រទេសទាំងនោះ មានត្រឹមតែភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរ បានរៀបចំឱ្យមានទាំងភាសាដើម គឺមគធៈភាសា ឬភាសាបាលី និងភាសាខ្មែរ ហើយលើសពីនេះទៅទៀតនោះ លក្ខណៈពិសេសរបស់គម្ពីរព្រះត្រៃបិដកខ្មែរ គឺមានភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង គឺមានទាំងគ្រប់សន្លឹក និងគ្រប់ទាំង ១១០ភាគ ។ មួយវិញទៀត ការររៀបចំពិធីរំព្ញកព្រះឧបការគុណនេះ គឺជាការបំពេញនូវកិច្ចកតញ្ញូ ចំពោះលោកអ្នកប្រាជ្ញបុព្វការីជនរបស់យើង ដែលធម៌កតញ្ញូនេះ ជាកំពូល នៃធម៌មួយក្នុងចំណោមបី ហៅថា ត្រៃកូដធម៌ គឺខន្តិ សច្ចៈ កតញ្ញូ ខណៈពូជសាសន៍ខ្មែរ គឺជាពូជសាសន៍ថ្លៃថ្នូរខ្ពង់ខ្ពស់ មានអារ្យធម៌រុងរឿង ជាពិសេសសម័យមហានគរ នៃអាណាចក្រខ្មែរ ។មិនត្រឹមតែប៉ុណ្ណោះ ស្នាព្រះហស្តរបស់ព្រះមហាសង្ឃរាជ ជួន ណាត គឺមានវចនានុក្រមខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជាតិខ្មែរ បានសិក្សាស្រាវជ្រាវអក្សរ និងខ្លឹមសារពន្យល់ពាក្យខ្មែរជាច្រើន រួមទាំងសម្ដេចបានចងក្រងនូវសៀវ ភៅវេយ្យាករណ៍បាលី គហិបតិបិត្ត សាមណេរវិន័យ បាតិមោក្ខសង្ខេប កាព្យលោកធម៌ សុភមង្គលគាថាបថ្យាវត្ត អត្ថបទផ្សេងៗ ដែលចុះក្នុងទស្សនាវដ្តីកម្ពុជសុរិយា ពន្លឺពុទ្ធចក្រ និងសៀវភៅផ្សេងៗទៀត ។ មិនតែប៉ុណ្ណោះ ព្រះអង្គបាន ស្ថាបនាព្រះហារ ស្ពានធំមួយ តូចមួយអំពីថ្ម សាលាបឋមសិក្សាបំពេញវិជ្ជា គិលានដ្ឋានមួយខ្នង និងមន្ទីរសម្ភពមួយខ្នងធ្វើអំពីថ្ម និងកំពែងអំពីថ្មពទ្ធ័ជុំវិញ ។ ក្រៅពីនេះព្រះអង្គបានជួយឧបត្ថម្ភឱ្យអណ្តូងទឹក លើកទំនប់ទឹក និងស្ថាបនាអគារសាលារៀន និងមន្ទីរពេទ្យ ។ ជាពិសេស ស្នាព្រះហស្ថរបស់ព្រះអង្គ ដែលរំឭកឱ្យឃើញរាល់ថ្ងៃនោះ គឺ “បទនគររាជ” សម្រាប់ភ្លេងជាតិខ្មែរ ។គួរបញ្ជាក់ថា ទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ គឺមានរៀបចំកម្មវិធីដូចជា គឺនៅព្រឹកថ្ងៃទី១៣ ខែមីនា មានរៀបចំក្បួនធម្មយាត្រាដង្ហែព្រះត្រៃរ័ត្ន ក្នុងក្រុងសៀមរាប, ពេលរសៀលជួបជុំព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទ សមាជិក សមាជិកា អង្គពិធីប្រគំតន្ត្រីកំដរពិធី ដោយសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌, មានកម្មវិធីចម្រើនព្រះបរិត្ត, ការអានព្រះរាជជីវប្រវត្តិសង្ខេប សម្ដេចព្រះមហាសង្ឃរាជ ជួន ណាត, កម្មវិធីសម្ដែងព្រះធម៌ទេសនា, ពេលល្ងាចមានកម្មវិធីសមាធិ ហើយនៅពេលរាត្រីមានសិល្បៈចាប៉ីដងវែង ។ សម្រាប់កម្មវិធីឈានដល់ព្រឹកថ្ងៃទី១៤ ខែមីនា គឺមានពិធីរាប់បាត្រព្រះសង្ឃចំនួន ៣៥០អង្គ ដែលមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្នាក់ដឹកនាំខេត្តសៀមរាប រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីឧទ្ទិសបុណ្យព្រះរាជកុសលថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបង្កើតឲ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥

2026/03/14 06:25:18 pm        627
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥ រួមមាន៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា របស់អ្នកដទៃ និងការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្កើតឱ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥បន្ថែម រួមមាន៖ ១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , ២. បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា , ៣. បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , ៤. បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និងទី៥. ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏បានបញ្ជាក់លើផ្នែកនីតិវិធីព្រហ្មទណ្ឌ ត្រូវបានកំណត់នូវវិធានពិសេសមួយចំនួនដូចជា រយៈពេលនៃការឃាត់ខ្លួន ការផ្អាក ការឃាត់ទុក និងការបង្កក ការរឹបអូសទ្រព្យ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ការលើកលែងឱ្យរួចផុតពីទោស និងស្ថានសម្រាលទោស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន ៥ជំពូក និង ២៤មាត្រា ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ៕ អត្ថបទ៖ វង្ស សុភាព

សម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ

2026/03/14 04:25:15 pm        334
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញអនុក្រឹត្យ បង្កើត កំពង់ផែកំពត ឡូជីស្ទីក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាដែលធ្វើឲ្យវានាចរណ៍ជាលក្ខណៈអន្តរជាតិ ចូល-ចេញ ផ្ទេរផ្ទុកនិងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រ និងទំនិញចាក់ធារជាដើម។ កំពងផែនេះមានទំហំទាំងផ្ទៃទឹក និងដីជាង៧០០ហិកតា អាចមានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុងមួយឆ្នាំ។ យោងតាមអនុក្រឹត្យ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានចេញកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះបានបញ្ជាក់ថា កំពង់ផែកំពតឡូជីស្ទីកនេះ មានដែនទឹក និងគោក ហើយដែន ទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានទំហំបីលានប្រាំមួយរយចិតសិបប្រាំបួនពាន់ពីរយកៅសិបប្រាំមួយម៉ែត្រការ៉េ ខណៈដីគោកជាទ្រព្យសម្បត្តិឯកជនរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដោយមានទំហំដីប្រាំមួយលានប្រាំមួយរយម្ភៃពាន់សូន្យដប់ក្បៀសដប់ម៉ែត្រការ៉េ ហើយមានព្រំដែននឹង និយាមកានៅក្នុងប្លង់រួមនៃកំពង់ផែកំពតឡូជីស្ទីក ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះផងដែរ។ បើតាមអនុក្រឹត្យបានបញ្ជាក់ឲ្យដឹងផងដែរថា កំពង់ផែខាងលើនេះ មានឋបនីយភណ្ឌផែទំនិញ ដែលមានសមត្ថភាពផ្តល់សេវាសម្រាប់ទំនិញឆ្លងកាត់ប្រមាណបីលានតោនក្នុងមួយឆ្នាំ ដោយឋបនីយភណ្ឌនៅដែនទឹក មានចំណតនាវាពីរកន្លែង ចំណតទី១មានផ្ទៃដីក្រឡាបីរយដប់ប្រាំបួនពាន់ប្រាំរយម្ភៃម៉ែត្រការ៉េ និងចំណតទី២មានផ្ទៃក្រឡាបីរយម្ភៃពាន់ម៉ែត្រការ៉េ និងកន្លែងចតនាវានីមួយៗមានប្រវែង ៥០០ម៉ែត្រ។តាមរយៈអនុក្រឹត្យសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ផងដែរថា កំពង់ផែកំពតឡូជីស្ទីកនេះ ត្រូវមានមន្រ្តីមានសមត្ថកិច្ចប្រចាំការ ដែលរួមមានមន្រ្តីចត្តាឡីស័កនៃក្រសួងសុខាភិបាល មន្រ្តីនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ មន្រ្តីគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេបញ្ជាការផែនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្រ្តីនៃរដ្ឋបាលខេត្តកំពត់ ដើម្បីអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមានជាដើម៕

សម្តេចបវរធិបតី សម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង លើផ្ទៃដីជាង៣០ហិកតានៅស្រុកកំពង់លែង

2026/03/14 04:18:55 pm        321
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ៕

សម្តេចធិបតីណែនាំឱ្យ​ក្រសួងការបរទេស និងក្រសួង ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់​ចំពោះ​សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាក្នុងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា

2026/03/14 02:01:01 am        157
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យ​ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់​ចំពោះ​សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុង ស្នាក់នៅប្រកបរបរ និងសិក្សាក្នុងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ហើយត្រូវធ្វើទំនាក់ទំនងជាប្រចាំ និងផ្តល់ការ សម្របសម្រួលជាបន្ទាន់ក្នុងករណីចាំបាច់ ដើម្បីរក្សាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់។ ការណែនាំនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យ​ក្រសួង ស្ថាប័នពាក់ព័ន្ធ និង​អាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹក

2026/03/14 01:53:25 am        171
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យ​ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះ ជនភៀសសឹកទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ទាំងអ្នកនៅមិនទាន់អាចវិលត្រឡប់ទៅវិញ ដោយត្រូវ គិតគូរទាំងផ្នែកជីវភាព និងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ សម្តេច បានបញ្ជាក់ ឡើងវិញថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថារាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាព ទឹកដី ហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី។ការណែនាំនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦។

សម្ដេចធិបតី និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័តឯកភាពទាំងស្រុង និងដោយឥតកែប្រែលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/03/14 01:48:54 am        341
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តឯកភាពទាំងស្រុង និងដោយឥតកែប្រែលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីស្នើសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។ ការអនុម័តនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារ ដែលមានឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងសហការីនៃក្រសួងយុត្តិធម៌ ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ក្រសួងយុត្តិធម៌បានឲ្យដឹងថា អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី, ក្រុមការងាររបស់ក្រសួងយុត្តិធម៌បានធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង ដើម្បីកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ក្រសួងបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលរួមមានដូចជា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាថាសេចក្តីព្រាងច្បាប់នេះមានខ្លឹមសារគ្របដណ្តប់ ដែលធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ជាលទ្ធផល, សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តឯកភាពទាំងស្រុង និងដោយឥតកែប្រែលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីស្នើសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕ អត្ថបទ៖ វង្ស សុភាព

សម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត

2026/03/14 01:43:24 am        225
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់និងសកលដែលមាន លក្ខណៈស្មុគស្មាញនិងប្រទាក់ក្រឡាគ្នា ហើយកម្ពុជាជាអ្នករងគ្រោះនិងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ។ ដូច្នេះ យុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ ប៉ុន្តែនេះគឺជាឆន្ទៈពិតប្រាកដរបស់ រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ យ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែងនិងមិនថយក្រោយជាដាច់ខាត។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦។

ផ្ទះទេវតា០២ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរា០២រូបនៅខេត្តកំពង់ធំ

2026/03/12 11:01:50 pm        73
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតាចំនួន០២ខ្នងជូនលោកយាយចាស់ជរា មានជីវភាពខ្វះខាតចំនួន០២គ្រួសារ នៅ ស្រុកប្រាសាទបាល័ង្លខេត្តកំពង់ធំ។១-ផ្ទះទី១ ត្រូវបានប្រគល់ជូនលោកយាយ អុឹម យ៉ាវ មានអាយុ៨៥ រស់នៅភូមិព្រៃម៉្រី ឃុំផាន់ញើម ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ។ លោកយាយជាស្ត្រីមេម៉ាយមានកូន០២នាក់ គឺកូនស្រីអាយុ៦០ឆ្នាំ មានកូនចៅក្រុមគ្រួសាររស់នៅតំបន់ឆ្ងាយ និងកូនប្រុសអាយុ៥៥ឆ្នាំ មិនមានប្រពន្ធកូនទេ នៅមើលថែម្តាយចាស់ជរា និងធ្វើស្រែបានផលតិចតួច។ ក្រៅពីនេះ គាត់ចូលព្រៃដើររកអង្ក្រងយកមកលក់សម្រាប់ដោះស្រាយជីវភាព។ ២-ផ្ទះទី២ ត្រូវបានប្រគល់ជូនលោកយាយ គួយ គឹង មានអាយុ៧៨ឆ្នាំ រស់នៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ។លោកយាយជាស្ត្រីមេម៉ាយមានកូនស្រីចំនួន ៤នាក់ កូនច្បងមានកូនចំនួន ៣នាក់ មានប្តី និងក្រុមគ្រួសាររស់នៅតំបន់ឆ្ងាយ គឺមានតែកូនស្រីពៅជាស្ត្រីមេម៉ាយមានកូនចំនួន៤នាក់ (ស្រី ២នាក់) រស់នៅជាមួយយាយក្រោមដំបូលផ្ទះតែមួយ។ពីមុនជីវភាពក្រុមគ្រួសារយាយអាចមានហូបចុកគ្រប់គ្រាន់ដោយអាស្រ័យលើកូនប្រសារប្រុសមានមុខរបរជាកម្មករសំណង់ អាចរកប្រាក់កម្រៃបន្ថែមពីមុខរបរលោកយាយ និងកូនស្រីប្រកបរបរត្បាញកន្ទេលលក់ តែជាអកុសលកូនប្រសារប្រុសលោកយាយដែលជាជំហរក្នុងគ្រួសារទទួលគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២៤ ដូច្នេះ លោកយាយនិងកូនស្រីបាននឹងកំពុងខិតខំត្បាញកន្ទេលទុកយកទៅលក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធទឹកស្អាត និងបំពាក់ភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះជូនដល់លោកយាយទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ។ ជាមួយគ្នានោះនៅតាមផ្ទះនីមួយៗ លោកជំទាវក៏បាននាំយកនូវអំណោយមានជាកាតាប ដែលមានសម្ភារៈសិក្សាជាច្រើនមុខមកចែកជូនដល់ក្មួយៗសិស្សានុសិស្សប្រមាណ៣៣០នាក់ និងចែកនូវរទេះរុញសម្រាប់ប្រជាពលរដ្ឋមានពិការភាពចំនួន០២ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
07/25/2026 03:07 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
07/25/2026 03:07 PM
ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
07/25/2026 03:07 PM
ចារកម្មអាមេរិក៖ មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បើក​ចំហជាង ក្នុងការ​ប្រឹង​ប្រែង​ទទួល​​បាន​​អាវុធនុយក្លេអ៊ែរ
07/25/2026 03:07 PM
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
07/25/2026 03:07 PM
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM