លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

កម្ពុជារៀបចំពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

2023/02/16 12:54:34 am        103
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង​នៅវិមានសន្តិភាព នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម​ក្នុងពិធីលៀងសាយភោជន៍ ជូនដល់ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញ​បំពេញ​ទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាពេលនេះ នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អដែល​មានស្រាប់សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ៕

ការិយាល័យ BBC នៅ​ឥណ្ឌា​ត្រូវបាន​ឆែកឆេរ​ បន្ទាប់​ពីមាន​ឯកសារ​រិះគន់​នាយករដ្ឋមន្ត្រី​

2023/02/15 10:14:53 pm        499
​ឥណ្ឌា៖ មនុស្ស​ជាច្រើន​បានមក​ប្រមូល​ផ្តុំគ្នា ​នៅ​ខាងក្រៅ​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ BBC ទីក្រុង New Delhi កាលពី​ថ្ងៃ​អង្គារ ខណៈ​មន្ត្រី​ពន្ធដារ​ឥណ្ឌា​បាន​ឆែកឆេរ​ការិយាល័យ​រប​ស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ និង​នៅ​ទីក្រុង​ Mumbai។ ចំណាត់​ការ​នេះ​ធ្វើឡើង​ ខណៈ​រដ្ឋាភិបាល​បង្ក្រាប​លើ​ការផ្សាយ និង​ការ​ចែក​រំលែក​ឯកសារ​របស់​ព័ត៌មាន BBC ដែល​រិះគន់​នាយករដ្ឋមន្ត្រី​លោក Narendra Modi ជុំវិញ​តួនាទី​របស់​លោក​នៅ​ក្នុង​កុប្បកម្ម​ដ៏​ឃោរឃៅ​កាលពី​ឆ្នាំ​២០០២​។ កាលពី​ខែ​មុននិស្សិត​ជាង ​១០​នាក់​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​រដ្ឋធានី​ ពី​បទ​ព្យាយាម​ចាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​នេះដែល​កម្មវិធី​មាន​ឈ្មោះថា «India: The Modi Question»​។​ ឯកសារ​ផ្តោតលើ​ការដឹកនាំ​របស់​អ្នកនយោបាយ​ជាតិនិយម​ហិណ្ឌូ ក្នុង​ឋានៈ​ជា​ប្រធាន​រដ្ឋមន្ត្រី​នៃ​រដ្ឋ Gujarat ភាគ​ខាងលិច​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០០២​។ កុប្បកម្ម​កាលពី​ពេលនោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់ ១,០០០​នាក់​ស្លាប់​ដែល​ភាគច្រើន​ជា​ប្រជាជន​មូស្លីម​។ សកម្មជន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​មាន​ចំនួន​ច្រើនជាង​នេះ​ពីរ​ដង​។ ក្នុងអំឡុងពេល​កាន់​មុខតំណែង​របស់​លោក លោក Modi នៅ​ពេល​នោះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា លោក​មិន​បាន​ធ្វើ​អ្វី​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​កុប្បកម្ម ហើយ​តែងតែ​បដិសេធ​ថា​មិនបាន​ធ្វើ​ខុស​។ គណបក្ស​របស់​លោក Modi គឺ​គណបក្ស BJP បាន​និយាយ​ថា ស្ថាប័ន​ជាច្រើន​របស់​ឥណ្ឌា​ធ្វើការ​ដោយ​ឯករាជ្យ ហើយ​នាយកដ្ឋាន​ពន្ធ​ដារធ្វើការ​ផ្អែក​លើ​ច្បាប់​ក្នុង​ការ​ពិនិត្យមើល​ការ​អនុវត្តន៍​ច្បាប់​។​ ប៉ុន្តែ​អ្នកតស៊ូ​មតិ​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​ប្រឆាំង​របស់​ឥណ្ឌា​បាន​ថ្កោលទោស​ការ​ឆែកឆេរ​កាល​ពី​ថ្ងៃ​អង្គារ​។ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ BBC បាន​និយាយ​ថា ​ខ្លួន​ឈរ​លើ​ការ​រាយការណ៍​របស់​ខ្លួន​ដោយ​សហការ​ជាមួយ​មន្ត្រី​ពន្ធដារ ហើយ​នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បម្រើ​ទស្សនិកជន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា៕អត្ថបទ៖ ប៊ុនថន

​របាយការណ៍​គាំទ្រ​ដោយ​អាមេរិក​និយាយថា រុស្ស៊ី​ឃុំឃាំង​កុមារ​អ៊ុយ​ក្រែ​ន​ ៦​ពាន់​នាក់​សម្រាប់​ការអប់រំ​ឡើងវិញ

2023/02/15 09:25:13 pm        475
អ៊ុយក្រែន៖ យោងតាម​របាយការណ៍​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា រុស្ស៊ី​បាន​ឃុំឃាំង​កុមារ​អ៊ុយ​ក្រែ​ន​យ៉ាងហោចណាស់ ៦,០០០នាក់ ក្នុង​ទីតាំង​ជាច្រើន​ក្នុង​តំបន់​គ្រី​មៀគ្រប់គ្រង​ដោយ​រុស្ស៊ី និង​ប្រទេស​រុស្ស៊ី ដែល​គោលបំណង​ចម្បងទំនងជា​ការអប់រំ​ឡើងវិញ​ផ្នែក​នយោបាយ​។របាយការណ៍​និយាយថា ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Yale បានកំណត់​អត្តសញ្ញាណ​យ៉ាងហោចណាស់ ជំរំ​ចំនួន ​៤៣​កន្លែង និង​ទីតាំង​ផ្សេងទៀតដែល​កុមារ​អ៊ុយ​ក្រែ​ន​ត្រូវបាន​ឃុំខ្លួន ជា​ផ្នែក​នៃ​បណ្តាញ​ជា​ប្រព័ន្ធ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ធ្វើ​ប្រតិបត្តិការ​ដោយ​ទីក្រុង​មូ​ស្គូ ចាប់តាំងពី​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ ឆ្នាំ២០២២​។ កុមារ​ទាំងនោះ​រាប់បញ្ចូល​ទាំង​អ្នក​ដែលមាន​ឪពុកម្តាយ ឬ​អាណាព្យាបាល​គ្រួសារ​ច្បាស់លាស់ ជា​អ្នក​ដែល​រុស្ស៊ី​ចាត់ទុកថាជា​កុមារកំព្រា និង​ជា​អ្នក​ដែល​ត្រូវបាន​ឃុំឃាំង​មិន​ច្បាស់លាស់​ដោយសារ​សង្គ្រាម​។​ ​អ្នកស្រាវជ្រាវ​ម្នា​ក់នៅ​សាកលវិទ្យាល័យ Yale និយាយថា កុមារ​មាន​វ័យក្មេង​ជាងគេ​បំផុតត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ នៅក្នុង​កម្មវិធី​របស់​រុស្ស៊ី​មាន​អាយុ​ទើបតែ ៤ខែ ហើយ​ជំរំ​មួយចំនួន​កំពុងផ្តល់​ការបណ្តុះបណ្តាល​យោធា​ដល់​កុមារ​អាយុ​ក្រោម ១៤ឆ្នាំ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​ពុំបាន​រកឃើញ​ភស្តុតាង​ ដែល​កុមារ​ទាំងនោះ​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ការប្រយុទ្ធ​នោះទេ​។ ស្ថានទូត​រុស្ស៊ី​នៅ​ទីក្រុង​វ៉ាស៊ីនតោនមិនបាន​ឆ្លើយតប​ភ្លាមៗ ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​លើ​របាយការណ៍​នេះឡើយ ហើយ​ទីក្រុង​មូ​ស្គូបាន​បដិសេធ​ចេតនា​កំណត់​គោលដៅ​លើ​ជន​ស៊ីវិល ជា​អ្វីដែល​ខ្លួន​ចាត់ទុកថា​ជាប្រតិបត្តិកា​រសឹក​ពិសេស​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​រដ្ឋអាជ្ញា​អ៊ុយ​ក្រែ​នបាន​និយាយថា ពួកគេ​កំពុង​ពិនិត្យមើល​ការចោទប្រកាន់​លើ​ការ​និរទេស​កុមារ​ដោយ​បង្ខំ ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រមូល​ការចោទប្រកាន់​ពីបទ​ប្រល័យពូជសាសន៍​ប្រឆាំង​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

លោក Xi Jinping និយាយថា ចិន​ប្រឆាំង​កងកម្លាំង​ខាងក្រៅ​ដែល​បំផ្លាញ​សន្តិសុខ​ក្នុងប្រទេស​អ៊ីរ៉ង់

2023/02/15 07:17:21 pm        329
​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​ក្នុងអំឡុង​ជំនួប​ជាមួយ​សម​ភាគី​អ៊ីរ៉ង់លោក Ebrahim Raisi កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋាភិបាល​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​របស់​កង​កម្លាំង​ខាងក្រៅ​ នៅក្នុង​កិច្ចការ​ក្នុង​តំបន់​របស់​ប្រទេស​អ៊ីរ៉ង់ ព្រមទាំង​ការប៉ុនប៉ង​ធ្វើឱ្យ​អន្តរាយ​ដល់​សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​ប្រទេស​នេះ​។ ​ទូរទស្សន៍​កណ្តាល​រដ្ឋ​ចិន​បាន​ដកស្រង់​សម្តី​លោក Xi Jinping ថា យើង​ប្រឆាំង​កងកម្លាំង​ខាងក្រៅ​ដែល​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អ៊ីរ៉ង់ និង​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថិរភាព​របស់​ប្រទេស ហើយ​យើង​មានបំណង​បន្ត​ការគាំទ្រ​គ្នា​ទៅវិញទៅមក​យ៉ាងរឹងមាំ​លើ​ផល​ប្រយោជន៍​សំខាន់ៗ​។ លោក Xi បានបង្ហាញ​ការគាំទ្រ​ប្រទេស​អ៊ីរ៉ង់ ខណៈ​ទីក្រុង​តេ​អេ​រ៉ង់​ព្យាយាម​ពង្រីក​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូ​ស្គូ ដើម្បី​ចេញពី​ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​ ជុំវិញ​ការផលិត​នុយក្លេអ៊ែរ​រ​បស់​ប្រទេស​នេះ​។​ យោងតាម​ប្រធានាធិបតី​ចិន​បាន​និយាយថា ប្រទេស​ចិន​មានបំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ ជាមួយ​ប្រទេស​អ៊ីរ៉ង់​ក្នុង​វិស័យដូចជា កសិកម្ម ឧស្សាហកម្ម និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។ ​ប្រធានាធិបតី​អ៊ីរ៉ង់កំពុង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែកុម្ភៈ តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping​។ លោក Raisi ត្រូវបាន​អមដំណើរ​ដោយ​គណៈប្រតិភូ​ ដែល​រួមមាន​សមាជិក​រដ្ឋាភិបាល​ជាច្រើនរូបរួមមាន​រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួង​ប្រេង និង​ទេសាភិបាល​ធនាគារ​កណ្តាល​អ៊ីរ៉ង់​៕អត្ថបទ៖ ប៊ុនថន

WHO ព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​ការផ្ទុះ​ឡើង​ជំងឺ​ឆ្លងតាម​ទឹក បន្ទាប់ពី​រញ្ជួយ​ដី​នៅ​ទួរគី ​និង​ស៊ី​រី​

2023/02/15 06:33:53 pm        312
​ទួរគី៖ អង្គការ​សុខភាព​ពិភពលោក ​(WHO) កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ជំងឺឆ្លង​តាម​រយៈ​ទឹក និង​ការ​ផ្ទុះឡើង​ជំងឺ​នៅ​ក្នុង​ប្រទេស​ទួរគី ​និង​ស៊ី​រី បន្ទាប់ពី​ការ​រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​កាលពី​សប្តាហ៍​មុន ​ដែល​បាន​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ទាំងពីរ​។ ​​លោក Hans Kluge នាយក​ប្រចាំ​តំបន់​សម្រាប់​សហភាព​អឺរ៉ុប ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ទៅកាន់​សន្និសីទ​សារព័ត៌មាន​ថា ចាប់​តាំង​ពី​សោកនាដកម្ម​ដ៏​អាក្រក់​នេះមាន​ការ​ព្រួយបារម្ភ​កាន់​តែខ្លាំង​ អំពី​បញ្ហា​សុខភាព​ដែល​កំពុង​កើតមាន​ទាក់ទង​ទៅ​នឹង​អាកាសធាតុ​ត្រជាក់ អនាម័យ និង​ការ​រាលដាល​ជំងឺឆ្លង​។ ការ​រញ្ជួយ​ដី​ដែល​មាន​ចំនួន​អ្នក​ស្លាប់​រួមបញ្ចូល​គ្នា​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី​បាន​កើន​ឡើង​ជាង​ ៤​ម៉ឺន​នាក់ និង​បាន​បំផ្លាញ​ទីក្រុង​នានា​នៅ​ក្នុង​ប្រទេស​ទាំង២ បណ្តាល​ឲ្យ​អ្នក​រស់​រាន​មាន​ជីវិត​បាត់បង់​លំនៅឋាន​ និង​រស់​នៅ​ក្នុង​ភាព​ត្រជាក់​ខ្លាំង ដែល​មួយ​ចំនួន​ដេក​នៅ​លើ​គំនរ​បាក់បែក​នៃ​កម្ទេច​ថ្ម​។​ ​មនុស្ស​ជាង ១៥៨,០០០​នាក់​បាន​ជម្លៀស​ចេញពី​តំបន់​ដ៏​ធំ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ទួរគី ​ដែល​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​នេះ​។ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​ទួរគី​និយាយ​ថា ការបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​គឺជា​ការ​ព្រួយបារម្ភ​ខ្លាំង ហើយ​វា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដែល​ឆ្លងតាម​រយៈ​ទឹក និង​ការ​ផ្ទុះឡើង​ជំងឺឆ្លង​។ វា​មិន​ត្រឹមតែ​ជា​ជំងឺ​ដែល​ឆ្លងតាម​ទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ជំងឺ​គ្រុនផ្តាសាយ​តាម​រដូវ​កាល និង​ជំងឺ ​Covid ផងដែរ​។ លោក Hans Kluge និយាយ​ថា មនុស្ស ២៦​លាន​នាក់ទាំង​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី​ត្រូវការ​ជំនួយ​មនុស្សធម៌ ហើយ​មនុស្ស ១​លាន​នាក់​នៅ​ក្នុង​ប្រទេស​ទួរគី​បាន​បាត់បង់​លំនៅឋាន​របស់​ពួកគេ​។ អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ចាប់ផ្តើម​ការ​អំពាវនាវ​រក​ជំនួយ​ចំនួន ៤៣​លាន​ដុល្លារ ប៉ុន្តែ​លោក Kluge រំពឹង​ថា ​តួលេខ​នេះ​នឹង​កើន​ឡើង​យ៉ាង​ហោច​ណាស់​ ២ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​៕អត្ថបទ៖ ប៊ុនថន

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ជួបពិភាក្សាជាមួយប្រធានាធិបតីអាល្លឺម៉ង់ផ្តោតលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី

2023/02/15 06:28:11 pm        284
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងជួបសវនាការជាមួយឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងខ្លួនសម្តេចផ្ទាល់ និងភរិយា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោក-ជំទាវ ព្រមទាំងគណៈប្រតិភូនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តមប្រធានាធិបតី និងលោកជំទាវ។សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនៅព្រះរាជាណា-ចក្រកម្ពុជា មានសារៈសំខាន់និងអត្ថន័យជាប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ថែរក្សាពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ប្រទេសទាំងពីរបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតីអាល្លឺម៉ង់ បានសម្តែងនូវការអរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបដិ-សណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូគណៈប្រតិភូនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅលើទឹកដីនៃព្រះរាជាណា-ចក្រកម្ពុជា។ ឯកឧត្តមប្រធានាធិបតីបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា នេះគឺលើកទី១ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺជាសក្ខីកម្មបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយ នឹងភាពសម្បួរបែបនៃវប្បធម៌ ជាពិសេសប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រព័ន្ធការពារសុខុមាល- ភាពសង្គម ធ្វើការកែលម្អសេដ្ឋកិច្ចឲ្យមានស្ថិរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅខេត្តសៀមរាប ដែលបានឃើញអំពីស្លាកស្នាមនៃសង្គ្រាមស៊ីវិលរាបសិបឆ្នាំដែលបានបន្សល់ទុកនៅប្រទេសកម្ពុជា និងការអញ្ជើញទៅទស្សនកិច្ចនៅទីតាំងប្រតិបត្តិការដោះមីនរបស់អង្គការ HALO Trust ព្រមទាំងការអភិរក្សសម្បត្តិវប្បធម៌នៅតំបន់អង្គរ។ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបាននិងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានកំណើនជាលំដាប់ ក្នុងនោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសឈរលំដាប់ថ្នាក់ទី១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជាក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ មាន កំណើនចំនួន ៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដ-១៩។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហិរញ្ញប្ប ទានសម្បទាន ហិរញ្ញប្បទានឥតសំណង ក្នុងវិស័យអាទិភាពជាច្រើនចាប់តាំងពីឆ្នាំ១៩៩៤ មក រួមមាន៖ វិស័យអប់រំ, សុខាភិបាលនិងគាំពារសង្គម, ការអភិវឌ្ឍប្រកបដោយចីរភាព, អភិបាលកិច្ច, វប្បធម៌, ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីន។ ការគាំទ្រដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ព្រមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើការផ្លាស់ប្តូរយោបល់ទស្សនគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។សម្តេចប្រមុខរដ្ឋស្តីទីបានប្រសិទ្ធពរជូនឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូសូមមានសុខភាពល្អ និងទទួលបាននូវមហាជោគជ័យ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕ 

ប្រធានាធិបតីអាល្លឺម៉ង់ពេញចិត្តនិងកោតសរសើរកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ

2023/02/15 06:19:30 pm        291
​ភ្នំពេញ ៖ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រឹកថ្ងៃទី១៥កុម្ភ: ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier)ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​បង្ហាញការពេញចិត្ត​និងកោតសរសើរ​ការរីកចម្រើន​ក្រោមការ​ដឹកនាំ​របស់សម្តេចតេជោ ។​ក្រោយបញ្ចប់នៃជំនួប ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ​បានប្រាប់ដល់ក្រុម​អ្នកសារព័ត៌មានថា ៖ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោសម្រាប់​ការទទួលបដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅនិង​បានជម្រាបជូន​សម្ដេចតេជោថា៖ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ​ នៃសាធារណៈរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ​ក្នុងនាម​ជា​អ្នកដឹកនាំ​បាន​ដឹកនាំ​ប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ជំងឺកូវីដ១៩ អំពីការឆ្លងរីករាល​ដាល​រហូត​ដល់បើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ និងជាពិសេសការដឹកនាំ​កិច្ចប្រជុំកំពូល​អាស៊ាននិង​កិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានយ៉ាងជោគជ័យ ទោះបីស្ថិតក្នុងស្ថានភាពដែល​ពិភពលោក​នៅប្រឈម​និងជំងឺកូវីដ១៩ និងកំពុងប្រឈមនឹង​ការប្រែប្រួលភូមិសាស្រ្ត​នយោបាយ ហើយសម្តេចបាន​ដឹក​នាំ​កម្ពុជាឲ្យទៅជាប្រទេសនាំមុខមួយនៅក្នុងតំបន់។ក្នុងឱកាសនោះដែរ ឯកឧត្តមបានជម្រាប​ជូន​សម្ដេចតេជោ​ផងដែរ អំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល​អាកាសធាតុ​និងមានបំណង​ពង្រីកនិង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជា។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ សម្រាប់​ការវាយ​តម្លៃដ៏ល្អពីកម្ពុជា ហើយក៏បាន​ថ្លែង​អំណរ​គុណជូនចំពោះឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ប្រជាជន រដ្ឋាភិបាលអាឡឺម៉ង់ ចំពោះការ​ជួយដល់កម្ពុជាលើវិស័យដោះមីន វិស័យវប្បធម៌និងវិស័យដទៃទៀត ។សម្ដេចក៏បានជម្រាបជូនឯកឧត្តម ហ្វ្រាំង អំពីស្ថានភាពមីននៅ​កម្ពុជាដែល​ត្រូវដោះ​ឲ្យអស់​នៅឆ្នាំ២០២៥ និងដំណើរការជួយដោះមីន​នៅប្រទេសមួយ​ចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមជាមួយ​ការជួយបង្ហាត់​កងទ័ពអ៊ុយក្រែន​លើការដោះមីន​ដែលជា​ការងារ​មនុស្សធម៌កុំឲ្យសត្រូវកំបាំងមុខនេះបង្កបញ្ហាដល់ជស្លូតត្រង់។ដោយឡែកពាក់ព័ន្ធនឹងប្រាងប្រាសាទសម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាមាន​ប្រាង្គប្រាសាទ​ច្រើនដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលនេះជាមោទនភាពណាស់ ប៉ុន្តែវាក៏ជា​បន្ទុកមួយ​ផងដែរ​សម្រាប់​ការជួសជុលនិងថែរក្សា។ក្នុងន័យនេះ សម្ដេចបាន​សម្ដែង​នូវការពេញចិត្ត​ចំពោះការជួយ​របស់​សហព័ន្ធអាល្លឺម៉ង់​ក្នុងរយៈពេល២៥ឆ្នាំ។សម្ដេចក៏បានសំដែងនូវការរីករាយនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុថាមពលជាពិសេស លើវិស័យវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

លោក Zelenskiy ស្រែក​ដង្ហោយ​ឲ្យ​ព​ន្លឿ​ន​ជំនួយ​ពី​សម្ព័ន្ធមិត្ត​ ខណៈ​រុស្ស៊ី​វាយ​សម្រុក​ខ្លាំង​នៅ​ភាគ​ខាងកើត​

2023/02/15 05:49:07 pm        396
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​ជំរុញ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​បង្កើន​ជំនួយ​យោធា​ឲ្យ​បាន​លឿន ខណៈ​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សម្ព័ន្ធ​យោធា​ណា​តូ​បាន​ជួប​ប្រជុំគ្នា ហើយ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​យ៉ាង​សន្ធាប់​នៅ​ខ្សែត្រៀម​ជួរមុខ​ភាគ​ខាងកើត ដែល​ទំនងជា​ការ​ត្រៀម​វាយប្រហារ​ថ្មី​។ ​ភាគច្រើន​នៃ​កាំភ្លើង​ធំ​របស់​រុស្ស៊ី​ត្រូវ​បាន​បាញ់​សំដៅ​លើ​ទីក្រុង ​Bakhmut ជាទី​ក្រុង​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​គ្រាប់​បែក​នៅ​ក្នុង​ខេត្ត Donetsk និង​ជា​គោលដៅ​សំខាន់​សម្រាប់​លោក​ប្រធានាធិបតី Vladimir Putin​។ ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ទីនោះ​បាន​ត្រៀម​ជាមុន​ក្នុង​ករណី​មានការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តាម​ផ្លូវ​។ ​ការ​ដណ្ដើម​បាន​ទីក្រុង Bakhmut នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​រុស្ស៊ី​រុល​ទៅ​មុខ​លើ​ទីក្រុង​ធំ​២​ ក្នុង​ខេត្ត Donetsk គឺ​ទីក្រុង Kramatorsk និង Sloviansk និង​ផ្ដល់​ជ័យជម្នះ​ឲ្យ​ទីក្រុង Moscow បន្ទាប់ពី​ការ​ដក​ថយ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាច្រើន​ខែ ក្រោយ​ការ​លុកលុយ​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ឆ្នាំមុន​។​ ​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​សម្ព័ន្ធ​យោធា​ណា​តូ​បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង ​Brussels​ កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​ពី​ស្ថាន​ភាព​សង្គ្រាម និង​ឃ្លាំង​អាវុធ​។​ នៅ​ក្នុង​សន្ទរកថា​ពេល​ល្ងាច លោក Zelenskiy បាន​និយាយ​ថា​ រុស្ស៊ី​កំពុង​អន្ទះសា​សម្រេច​គោលដៅ​ខ្លាំង​ណាស់ មុន​ពេល​អ៊ុយ​ក្រែ​ន និង​ក្រុម​សម្ព័ន្ធមិត្ត​អាច​ប្រមូល​កម្លាំង​វាយបក​។ លោក​ថា ព្រោះតែ​ហេតុនេះ​ទើប​ត្រូវ​ព​ន្លឿ​ន​ការ​ផ្ដល់​អាវុធ​ឲ្យ​បាន​លឿន​បំផុត​។​ ប្រមុខ​សម្ព័ន្ធ​ណា​តូ​លោក Jens Stoltenberg បាន​និយាយ​ថា លោក Putin កំពុង​ត្រៀម​សង្គ្រាម​ថ្មី​បន្ត​ទៀត​ទាំង​តាម​អាកាស និង​ថ្មើរជើង​៕អត្ថបទ៖ សុខមាន

អាមេរិក​សង្ស័យ​ថា ​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​ ៣ ដែល​ខ្លួន​បាន​បាញ់​ទម្លាក់​មិន​មែន​ជា​បា​ឡុង​ចារកម្ម​របស់​ចិន​

2023/02/15 05:15:00 pm        313
​អាមេរិក៖ សេត​វិមាន​បាន​និយាយ​ថា ពុំមាន​ការបញ្ជា​ក់ថា វត្ថុ​ហោះ​ទាំង​៣​ ដែល​បាន​បាញ់​កម្ទេច​នៅ​លើ​អាកាស​កាលពី​ចុង​សប្ដាហ៍​មុន​ដោយ​យោធា​អាមេរិក ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឈ្លប​យកការណ៍​របស់​ចិន​នោះ​ទេ​។ ​អ្នកនាំពាក្យ​សេត​វិមាន​លោក John Kirby បាន​និយាយថា វត្ថុ​ទាំងនោះ​អាច​ទាក់​ទង​នឹង​ពាណិជ្ជកម្ម ​ឬ​ក្រុម​អង្គភាព​ស្រាវជ្រាវ ដូច្នេះ​វា​មិន​មែនជា​បា​ឡុង​ចារកម្ម​របស់​ចិន​។ ​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក និង​កាណាដាពុំ​ទាន់​បាន​កំណត់​ទីតាំង ​ឬ​រក​ឃើញ​បំណែក​ពី​យាន​ទាំង​៣ ​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ឡើយ​ទេ​។ ​កាលពី​ថ្មីៗ​នេះ ទីក្រុង​ប៉េកាំង​បាន​ចោទ​សហរដ្ឋអាមេរិក​ពី​បទ​បញ្ចេញ​ប្រតិកម្ម​ជ្រុល​ហួសហេតុ​។​ ​ប្រទេស​ចិន​បាន​ទាត់ចោល​មួយ​ក្នុងចំណោម​បា​ឡុង​របស់​ខ្លួន ​ដែល​ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​យន្តហោះ​ចម្បាំង​អាមេរិក​កាលពី​ដើមខែ​នេះ នៅ​ក្បែរ​ឆ្នេរសមុទ្រ​រដ្ឋ South Carolina ដែល​ថា ​ខ្លួន​ប្រើ​ប្រាស់​សម្រាប់​ការ​ឈ្លប​យកការណ៍ ដោយ​និយាយ​ថា យាន​នេះ​គឺ​ប្រើ​សម្រាប់​ការ​តាម​ដាន​អាកាស​ធាតុ​ ដែល​ត្រូវ​បាន​រសាត់​តាម​កម្លាំង​ខ្យល់​។ នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​អង្គារ លោក Kirby និយាយ​ថា វា​ពិតជា​លំបាក​ក្នុង​ការកំណត់​គោល​បំណង ​ឬ​ប្រភព​នៃ​វត្ថុ​ហោះ​ទាំង​៣ ​នោះ លុះ​ត្រាតែ​រក​ឃើញ​បំណែក​ និង​ឆ្លងកាត់​ការវិភាគ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ត្រៀមគ្រែពេទ្យចំនួន ១០០-២០០គ្រែ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាពសម្រាប់ព្យាបាលរបួសកីឡាករ-កីឡាការិនី ដោយឥតគិតថ្លៃ

2023/02/15 05:04:22 pm        328
ភ្នំពេញ៖ សម្ដេចតេជោ បានប្រកាសនៅលើហ្វេសប៊ុក និងតេឡេក្រាមផ្លូវការនាថ្ងៃទី១៥ ខែកុម្ភៈនេះថា បងប្អូនកីឡាករកីឡាការិនី! កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយ ចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាលផង ដែលជាញឹកញាប់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចផ្ទាល់បានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ សម្ដេចបានមានប្រសាសន៍ថា ដោយមើលឃើញនូវការលំបាកបែបនេះ នៅព្រឹកនេះ (ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣) សម្ដេចបានពិភាក្សាជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួងសុខាភិបាល ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលសម្ដេចបានបញ្ជាឱ្យរៀបចំ គ្រែពី ១០០ ទៅ ២០០ គ្រែ។សម្ដេចតេជោមានប្រសាសន៍ បញ្ជាក់ថា ការព្យាបាលមិនតម្រូវឱ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួសរបស់ កីឡាករកីឡាការិនី។សម្ដេចតេជោបានបញ្ជាឱ្យ ក្រសួងសុខាភិបាលរៀបចំឱ្យបានឆាប់ដែល និងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ សម្ដេចតេជោមានប្រសាសន៍ថា សូមកីឡាករ កីឡាការិនីទទួលយកនូវ សេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM