គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

រុស្ស៊ី និង​ចិន​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​រួមគ្នា​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​

2022/09/16 07:01:54 pm        694
​រុស្ស៊ី៖ ក្រុម​នាវិក​មកពី​កងទ័ពជើងទឹក​ប្រទេស​រុស្ស៊ី​ កំពុង​ធ្វើ​សមយុទ្ធ​យុទ្ធសាស្ត្រ​រួមគ្នា​ជាមួយ​សម​ភាគី​ចិន​ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដើម្បី​រៀបចំ​ទំនាក់ទំនង​រវាង​នាវា ធ្វើ​សមយុទ្ធ​កាំភ្លើង​ធំ​បាញ់​គ្រាប់​ពិត ព្រមទាំង​គាំទ្រ​ឧទ្ធម្ភាគចក្រ​នៅលើ​នាវា​។ សមយុទ្ធ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ ជំរុញ​កិច្ចសហប្រតិបត្តិការ​ខាង​កងទ័ពជើងទឹករ​វាង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង​ប៉េកាំង រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ព្រមទាំង​ការពារ​សកម្មភាព​សេដ្ឋកិច្ច​រវាង​ប្រទេស​នានា​។​ ​វីដេអូ​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​កាលពី​ថ្ងៃទី១៥ ខែកញ្ញា បានបង្ហាញនាវាចម្បាំងរបស់​កង​ទ័ពជើងទឹក​រុស្ស៊ី និង​ចិនបាន​ល្បាត​រួមគ្នា​ជា​លើក​ទី​ពីរ រវាង​ប្រទេស​ទាំងពីរ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា សមយុទ្ធ​កងទ័ពជើងទឹក​នឹងមាន​សមយុទ្ធ​យុទ្ធសាស្ត្រ​រួម ​និង​ការរៀបចំ​ទំនាក់ទំនង ព្រមទាំង​ការធ្វើ​សមយុទ្ធ​ជា​បន្តបន្ទាប់​ដោយមាន​ការបាញ់​កាំភ្លើង​ធំ​ បាញ់​គ្រាប់​ពិត និង​ការហោះហើរ​ឧទ្ធម្ភាគចក្រ​នៅលើ​នាវា​។​​នេះ​គឺជា​សមយុទ្ធ​លើក​ទី​២ ដែល​ប្រទេស​ចិន និង​រុស្ស៊ី​បាន​ល្បាត​រួមគ្នា​របស់​កងទ័ពជើងទឹក​នៅ​តំបន់​ប៉ាស៊ីហ្វិក ដោយ​លើក​ទី​១ ​ត្រូវបាន​អនុវត្ត​កាលពី​ខែតុលា ឆ្នាំ​២០២១​។ សមយុទ្ធ​នេះ​ធ្វើឡើង​ស្របពេល​នឹង​ជំនួប​ដែល​បាន​គ្រោងទុក​រវាង​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin និង​ប្រធានាធិបតី​ចិនលោក Xi Jinping រួមជាមួយ​មេដឹកនាំ​អាស៊ី​ផ្សេងទៀត​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង Samarkand ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​៕អត្ថបទ៖ ប៊ុនថន

សភា​អឺរ៉ុប​អនុម័ត​ប្រាក់កម្ចី ៥ពាន់​លាន​អឺរ៉ូ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/09/16 06:42:27 pm        582
​​អឺរ៉ុប៖ សភា​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានអនុម័ត​លើ​ការបែងចែក​ប្រាក់កម្ចី​អឺរ៉ុប​ចំនួន ៥ពាន់​លាន​អឺរ៉ូ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប្រាក់កម្ចី​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ពិសេស​នៃ​ជំនួយ​ម៉ាក្រូ​ហិរញ្ញវត្ថុ ដែល​បានលើកឡើង​កាលពី​ខែឧសភា​ដោយ​គណៈកម្មការ​អឺរ៉ុប​ថា ​នឹង​ផ្តល់ប្រាក់​កម្ចី​រហូតដល់ ៩ពាន់​លាន​អឺរ៉ូ​ដល់ទី​ក្រុង​គី​វ​សម្រាប់​ឆ្នាំ២០២២។ នេះ​គឺ​ការបន្ថែម​លើ​កញ្ចប់​ជំនួយ​ម៉ាក្រូ​ហិរញ្ញវត្ថុគ្រាអាសន្នកាលពី​ពេលមុន​ចំនួន​ ១.២​ពាន់​លាន​អឺរ៉ូដែល​ស្ថាប័ន​អឺរ៉ុបបាន​ព្រមព្រៀង​ភ្លាមៗ ​មុនពេល​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ២០២២​។ ក្នុងចំណោម​ជំនួយ​ទឹកប្រាក់​ចំនួន ៩ពាន់​លាន​អឺរ៉ូ​ដែល​បាន​សន្យា​កាលពី​និ​ទាឃ​រដូវ​មុន​នោះ ទឹកប្រាក់​ដំបូង​ចំនួន ១ពាន់​លាន​អឺរ៉ូត្រូវបាន​បញ្ចេញ​កាលពីដើម​ខែសីហា​។ ​គោលបំណង​នៃជំនួយ​ម៉ាក្រូ​ហិរញ្ញវត្ថុ​នេះ ជា​ទម្រង់​នៃ​ប្រាក់កម្ចី​រយៈពេល​វែង​លើ​លក្ខខណ្ឌ​អនុគ្រោះ​ ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​ជាក់លាក់​មួយ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ​និង​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​បន្ទាន់ និង​ដំណើរការ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​។​​សភា​អឺរ៉ុប​បាន​និយាយថា​ តម្រូវការ​ហិរញ្ញវត្ថុ​ពី​ខាងក្រៅ​របស់​អ៊ុយ​ក្រែ​ន​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ​ដោយសារតែ​ការវាយលុក​របស់​រុស្ស៊ី​។ ​បន្ថែម​លើ​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​ផ្លូវថ្នល់ ស្ពាន រោងចក្រ លំនៅឋាន មន្ទីរពេទ្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្សេងទៀត ប្រទេស​នេះ​ក៏បាន​បាត់បង់​លទ្ធភាព​ទទួលបាន​ទីផ្សា​រ​ហិរញ្ញវត្ថុ​អន្តរជាតិ​ផងដែរ​។ ការ​បែង​ចែក​ថវិកា​នេះ​ត្រូវបាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្របតាម​នីតិវិធី​បន្ទា​ន់​ដោយមាន​សមាជិក​ចំនួន ៥៣៤នាក់​បោះឆ្នោត​គាំទ្រ ៣០នាក់​ប្រឆាំង និង ២៦​​នាក់​អនុប្បវាទ​៕អត្ថបទ៖ ប៊ុនថន

សម្ដេចតេជោរំលឹកថា អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ៊្សូអាបេ បានបន្សល់នូវសមិទ្ធផលយ៉ាងច្រើនដល់កម្ពុជា

2022/09/16 06:35:11 pm        437
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកជូនប្រតិភូមកពីប្រទេសជប៉ុនថា អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ៊្សូអាបេ បានបន្សល់ទុកនូវសមិទ្ធផល​យ៉ាងច្រើនដល់​ប្រទេសកម្ពុជា។ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត គីតាអូកា ហ្ស៊ីនអ៊ីឈិ (KITAOKA Shinichi) ​ទីប្រឹក្សាពិសេស​របស់ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (ចៃកា-JICA) ​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកថា ​ឯកឧត្តម អាបេ គឺជាអ្នកមានគុណសម្រាប់ប្រទេសយើងទាំងពីរ។ឯកឧត្តម បានបន្សល់ទុកនូវ​សមិទ្ធផល​យ៉ាងច្រើន​សម្រាប់ប្រទេសកម្ពុជា​ក្នុងនោះរួមទាំង​ស្ពានគីស៊ូហ៊្សូណា ​ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ហើយក្រៅពីជួយដល់​កម្ពុជា​តាមរយៈជំនួយរដ្ឋាភិបាល ​ឯកឧត្តម ​អាបេក៏បានជួយកម្ពុជា កសាងសាលារៀនដល់កម្ពុជា​តាមរយៈ​សមាគម​សភាជប៉ុនកម្ពុជាផងដែរ។សម្ដេច បានបន្ថែមថា លោក អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារតំបន់ក៏ដូចជាការងារ​មនុស្សធម៌ផងដែរ ​ដោយគាត់តែងតែឆ្លៀតប្រជុំ មេគង្គជប៉ុនយ៉ាងទៀងទាត់ទោះមានការបើមាន​ញឹក​យ៉ាងណាក៏ដោយ ​ហើយរាល់ពេលក្នុងកិច្ចប្រជុំ ឯកឧត្តម​តែងតែ​លើកឡើងអំពីសុំការគាំទ្រ​លើ​បញ្ហាការចាប់ជម្រិតជនជាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង។សម្ដេច មានប្រសាសន៍ទៀតថា ការចាកចេញរបស់ឯកឧត្តម អាបេ គឺជាការ បាត់បង់​មិត្តភ័ក្ដិ​ម្នាក់ដែល​បានជួយកម្ពុជាក្នុងគ្រាលំបាក។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះលោកបណ្ឌិត គីតាអូកា ហ្ស៊ីនអ៊ីឈិ បានគោរព​និងដឹងគុណយ៉ាង​ជ្រាលជ្រៅចំពោះសម្តេច​ដែលបាន​ផ្ញើសារ​ថ្លែងមរណៈទុក្ខចំពោះការបាត់បង់​លោក អាបេ ស៊ីនហ្សូ។គួរបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (ចៃកា-JICA) ជាទីភ្នាក់ងាររដ្ឋាភិបាល ឯករាជ្យមួយ​ដែសម្របសម្រួល​ ជំនួយអភិវឌ្ឍន៍ផ្លូរការ (ODA) សម្រាប់រដ្ឋាភិបាល ​នៃប្រទេស ជប៉ុន ។ អង្គការនេះ ​ត្រូវបានបង្កើតឡើង ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​និង លើកកម្ពស់កិច្ចសហប្រតិបត្តិការ អន្តរជាតិ៕

មេដឹកនាំ​រុស្ស៊ី​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ចិន​ជុំវិញ​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​

2022/09/16 06:33:23 pm        517
​រុស្ស៊ី៖ លោក Vladimir Putin បានទទួល​ស្គាល់​ការព្រួយបារម្ភ​របស់​ប្រទេស​ចិនចំពោះ​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន នៅក្នុង​កិច្ចពិភាក្សា​ទល់មុខ​គ្នា​លើកដំបូង​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់តាំងពី​ការវាយលុក​របស់​រុស្ស៊ី​។ ប៉ុន្តែ​ថ្លែង​នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន លោក ​Putin បាន​អរគុណ​ប្រទេស​ចិន​សម្រាប់​ជំហរ​មាន​តុល្យភាព និង​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​ព្យាយាម​បង្កើត​ពិភពលោក​មាន​ប៉ូល​តែមួយ​នឹងត្រូវ​បរាជ័យ​។ ​លោក Xi បាន​និយាយថា ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​រួមគ្នា​ជាមួយ​រុស្ស៊ី​ ជាប្រទេស​មហាអំណាច​។ ប្រទេស​ចិន​មិនបាន​គាំទ្រ​ការវាយលុក​របស់​រុស្ស៊ី​ទេ ប៉ុន្តែ​បាន​បង្កើន​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ផ្សេងទៀត​ជាមួយ​ទីក្រុង​មូ​ស្គូ ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម​។​ ​ជំនួប​របស់​មេដឹកនាំ​ទាំង២ នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ (SCO) នៅ​ទីក្រុង Samarkand បាន​ឈានដល់​ចំណុច​សំខាន់​មួយ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​ ​លោក Putin បាន​ថ្លែងប្រាប់​លោក Xi ថា យើង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំហរ​តុល្យភាព​របស់​មិត្ត​ចិន ចំពោះ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។ ដោយ​បង្ហាញថា ប្រទេស​ចិន​មាន​មន្ទិលសង្ស័យ ​និង​ការព្រួយបារម្ភ​អំពី​ស្ថានការណ៍​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន លោក​Putin បាន​និយាយថា លោក​យល់​ពី​បញ្ហា​នេះ​។​​លោក ​Putin និយាយថា ​ក្នុងអំឡុង​ជំនួប យើង​នឹង​ពន្យល់​ពី​ជំហរ​របស់​យើង​។ ការវាយលុក​នេះ​បានធ្វើឱ្យ​ទីក្រុង​មូ​ស្គូធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ ជាមួយ​ប្រទេស​លោកខាងលិច​ចាប់តាំងពី​សង្គ្រាមត្រជាក់ ហើយ​បានធ្វើឱ្យ​តម្លៃ​ស្បៀងអាហារ និង​ថាមពល​សកល​កើនឡើង​។ វា​ក៏​ជា​បញ្ហា​ប្រឈម​ធំ​មួយ​សម្រាប់​ប្រទេស​ចិន ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោកខាងលិច​ ខណៈ​បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជុំវិញ​បញ្ហា​រួមមាន​សិទ្ធិមនុស្ស និង​អនាគត​របស់​កោះ​តៃវ៉ាន់​៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Zelensky ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​មិន​របួសធ្ងន់​ទេ

2022/09/15 07:16:37 pm        574
​អ៊ុយ​ក្រែ​ន៖ អ្នកនាំពាក្យ​ប្រធានាធិបតី​បាន​បង្ហើប​ឱ្យដឹងថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​ស្ថិតនៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​។​ ​លោក Sergii Nykyforov បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​បុក​ជាមួយ​រថយន្ត​ប្រធានាធិបតី និង​រថយន្ត​អមដំណើរ​របស់លោក​នៅ​ក្នុង​រដ្ឋធានី​គី​វ​។​ ​លោក​បាន​និយាយ​ថា លោក​ប្រធានាធិបតី​ត្រូវ​បាន​ពិនិត្យ​ដោយ​វេជ្ជបណ្ឌិត ប៉ុន្តែ​ពុំមាន​រង​របួស​ធ្ងន់ធ្ង​រ​នោះទេ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ដែល​បុក​ជាមួយ​ក្បួន​រថយន្ត ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ដោយ​រថយន្ត​សង្គ្រោះ​។​ ​លោក Nykyforov បាន​និយាយថា គ្រប់​កាលៈទេសៈ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់​។​ ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី​លោក Zelensky អាយុ ៤៤​ឆ្នាំ​បាន​ចុះ​ពិនិត្យ​ទីក្រុង Izyum ដែល​ដណ្តើម​បាន​មកវិញ ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដ៏​សំខាន់​នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ​។​ ​លោក​បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​ដែល​បាន​ចូលរួម​ ក្នុង​ការ​វាយ​ប្រយុទ្ធ​យ៉ាង​រហ័ស​ប្រឆាំងអ្នក​ឈ្លានពាន​រុស្ស៊ី និង​បាន​មើល​ការ​លើក​ទង់ជាតិ​។ ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះកងទ័ព​អ៊ុយ​ក្រែ​ន​បាន​ដណ្តើម​យក​មកវិញ​ នូវទឹកដី​ដែល​ត្រូវ​បាន​ចូលកាន់​កាប់​ដោយ​បង្ខំ​ឲ្យ​ទាហាន​រុស្ស៊ី​ដកថយ​៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក Vladimir Putin

2022/09/15 06:36:16 pm        603
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres និយាយថា លោក​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin អំពី​ការនាំចេញ​ជី​របស់​រុស្សីតាមរយៈ​កំពង់ផែសមុទ្រ​ខ្មៅ ដើម្បី​ដោះស្រាយ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​ដែល​កំពុង​កើនឡើង ព្រមទាំង​សន្តិសុខ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ដែល​លោក​បាន​និយាយថា ការបាញ់​ផ្លោង​បាន​បញ្ឈប់​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងទៅនេះ ហើយ​អ្នកទោស​សង្គ្រាម​ដែល​លោក​ចង់ឃើញ​នឹងមាន​ការដោះដូរ​។​ ​ប្រមុខ​អង្គការសហប្រជាជាតិបាន​ថ្លែង​ទៅកាន់​សន្និសីទ​សារព័ត៌មាន​ថា បេសកកម្ម​ស្វែងរក​ការពិតដែល​លោក​បានតែងតាំង​តាម​សំណើ​របស់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ននឹង​ស៊ើបអង្កេត​ការស្លាប់​ឈ្លើយសឹក​នៅ​ពន្ធនាគារ Olenivka ក្នុង​តំបន់​ផ្តាច់ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី29 ខែកក្កដា ដែល​ប្រទេស​កំពុង​ធ្វើសង្គ្រាម​ទាំងពីរ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ចំពោះ​ការប្រព្រឹត្ត​។​ ​ខណៈ​មេដឹកនាំ​ពិភពលោក​រៀបចំ​ដើម្បី​ជួបប្រជុំ​ នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅសប្តាហ៍​ក្រោយ លោក Guterres បាន​និយាយថា​ ពិភពលោក​របស់​យើង​បាន​រង​ទុក្ខ​ដោយ​សង្គ្រាម ញាំញី​ដោយ​ភាពវឹកវរ​អាកាសធាតុ ភាព​ស្អប់ខ្ពើម ភាពក្រីក្រ ភាពអត់ឃ្លាន និង​វិសមភាព​។​​លោក​បាន​និយាយថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កំពុង​អូសទាញ​សេដ្ឋកិច្ចពិភពលោក​ឲ្យ​ធ្លាក់ចុះ ហើយទោះបីជា​កិច្ចព្រមព្រៀង​កាលពី​ខែកក្កដា ​ដើម្បី​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ និង​ដើម្បី​ទទួលបាន​ស្បៀងអាហារ និង​ជីរ​បស់​រុស្ស៊ី​ទៅកាន់​ទីផ្សារ​ពិភពលោក​ក៏ដោយ វា​មាន​ហានិភ័យ​នៃ​គ្រោះ​ទុរ្ភិក្ស​ជាច្រើន​នៅ​ឆ្នាំនេះ​។ លោក អគ្គលេខាធិការ​បាន​និយាយថា តម្លៃ​ជី​ឡើង​ខ្ពស់​បាន​កាត់បន្ថយ​ការដាំ​ដំណាំ​សម្រាប់​ស្បៀងអាហារ​រួចហើយ ជា​មូលហេតុ​សំខាន់​ក្នុងការ​នាំចេញ​ជី​របស់​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ បាន​កំពុង​បោះពុម្ព​សៀវភៅ​ចំនួន​៥​ម៉ឺន​ច្បាប់​ទៀត​ដែល​បង្ហាញ​ពី​រឿង​សម្ងាត់​របស់​សម្តេច

2022/09/15 06:27:29 pm        499
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នា​ពេល​នេះសម្តេច បានកំពុងឲ្យធ្វើការបោះពុម្ពនូវសៀវភៅចំនួនប្រាំម៉ឺនច្បាប់បន្ថែមទៀត ដែល​បង្ហាញ​រឿង​សម្ងាត់​សម្តេច ដែលរឿង​សម្ងាត់​ទាំង​នោះ​ប្រហែល​ជា​៧០​ទៅ​៨០​ភាគរយ​ពុំ​មាន​សាធារណៈ​ជន​ដឹង​នោះ។តាមរយៈសង្គមហ្វេសបុកនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះតាមរយៈឆាណែលតេលេក្រាម ដោយបាន​បង្ហាញ​នូវ​ចំណង​ជើង​លើ​ក្រប​សៀវ​ភៅ​«សម្តេចតេជោ ហ៊ុន សែន ជាអ្នកគូសវាសជោកវាសនាកម្ពុជា» បានលើកឡើងថា ដល់​ពេល​ដែល​ត្រូវ​បញ្ចេញ​នូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង។ សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា«ឯកឧត្តមកែវ បាភ្នំ ប្រធាន​ គណៈ​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​គណបក្ស​ប្រជាជន  និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំនួន ៦០១ទំព័រ។ សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ៧០ទៅ៨០ភាគរយដែលមនុស្សភាគច្រើនមិនបាន​ដឹង​ដែលខ្ញុំយល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ»។យ៉ាងណាក៏ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី​មិន​ទាន់​បាន​បញ្ជាក់​ថា​សៀវភៅ​នេះ​ត្រូវ​បោះពុម្ព​បញ្ចប់​នា​ថ្ងៃ​ណានោះឡើយដោយ​សម្តេច​គ្រាន់​តែ​បញ្ជាក់​ថា «ខ្ញុំកំពុង​ឱ្យ​បោះពុម្ភ​ចំនួន​៥​ម៉ឺនច្បាប់​ និង​ចាត់​ចែង​ឱ្យមា​ន​ការ​បក​ប្រែជាភាសា​អង់គ្លេស​ ដើម្បី​ឱ្យ​មិត្ត​ភ័ក្រ​បរទេស​បាន​ផង​ដែរ​។​ ជូន​ភ្ជាប់​ជាមួយ​នូវរូបភាពសៀវភៅ»៕ អត្ថបទ៖ បាន ចក់

អង់គ្លេស​អនុញ្ញាត​ឲ្យ​សាធារណៈជន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ​ខណៈ​ព្រះ​សព​ព្រះ​មហាក្សត្រី​ដាក់​តម្កល់​

2022/09/15 06:26:02 pm        385
​អង់គ្លេស៖ អ្នក​កាន់ទុក្ខ​បាន​បន្ត​ចូលមក​កាន់​អគារ ​Westminster Hall កាលពី​ល្ងាច​ថ្ងៃ​ពុធ ​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី​ Elizabeth II​។ ​ព្រះ​ម​ជ្ឈូ​សារ​បស់​ព្រះមហាក្សត្រី​បាន​ដង្ហែចេញពី​រាជវាំង Buckingham កាលពី​ថ្ងៃ​ពុធ​ដោយ​ដាក់​លើ​រាជ​រដ្ឋ និង​បានដង្ហែ​តាម​ដងផ្លូវ​ដែលមាន​ពលរដ្ឋ​យ៉ាងច្រើន ​តម្រង់​ជួរ​ក្នុង​ទីក្រុង​ឡុង​ដ៍មកកាន់​អគារ​ Westminster Hall។ ​នៅ​ទីនោះ ព្រះមហាក្សត្រី​ដែល​បាន​សោយរាជ្យ​យូរ​បំផុត​របស់​ចក្រភព​អង់គ្លេស ​នឹងត្រូវ​ដាក់​ត​ម្ក​ល់​រយៈពេល ៤ថ្ងៃ​រហូតដល់​ពិធីបុណ្យ​ព្រះ​សព​នៅ​ថ្ងៃ​ចន្ទ ដោយ​មនុស្ស​រាប់សែន​នាក់​ត្រូវបាន​គេ​រំពឹងថា​នឹងចូលរួម​។​ ​ចាប់ពី​ម៉ោង ៥​ល្ងាច​ថ្ងៃ​ពុធ​សមាជិក​សាធារណៈជន​ដំបូង​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​គោរពព្រះ​វិញ្ញាណក្ខន្ធ។​​ពួកគេ​បាន​ចូល​គោរព​ដោយ​ចែកជា​ពីរ​ជួរ​នៅ​សងខាង​នៃ​ព្រះ​ម​ជ្ឈូ​សា​។ មនុស្ស​ជាច្រើន​ស្រក់​ទឹកភ្នែកពេល​ចូល​ទៅជិត​ព្រះ​ម​ជ្ឈូ​សា​។ ​ភ្ញៀវ​មកពី​ជុំវិញ​ពិភពលោក​ក៏​បានមក​តម្រង់​ជួរ​រយៈពេល​ជាច្រើន​ម៉ោង​ ដើម្បី​មើល​ក្បួន​ដង្ហែ​ព្រះ​សព​។​ ​ក្បួន​ដង្ហែ​យោធា​ចេញពី​ព្រះរាជវាំង​បាន​គូសបញ្ជាក់​រយៈពេល ៧​ទសវត្សរ៍​របស់​ម្ចាស់​ក្ស​ត្រី Elizabeth ជា​ប្រមុខរដ្ឋ៕អត្ថបទ៖ ប៊ុនថន

បុគ្គលិកអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកោះនរា

2022/09/15 06:20:22 pm        726
ភ្នំពេញ៖ អគ្គនាយដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដឹកនាំដោយលោក ជែម ម៉ូ នាយកប្រតិបត្តិ និងអ្នកស្រី ស្បោង សំបូរ ប្រធានរដ្ឋបាល នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំបុគ្គលិកគ្រប់ផ្នែកទាំងអស់ ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកោះនរា សង្កាត់និតោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ថ្នាក់ដឹកនាំ និងបុគ្គលិក នៃអគ្គនាយដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន តែងចូលរួមកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងជួបជុំសាច់ញាតិបងប្អូន ។គួរបញ្ជាក់ថា ពិធីកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី១១-២៤ ខែ កញ្ញា ឆ្នាំ២០២២៕

កងទ័ពកម្ពុជា-ឡាវ សន្យាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យ​ដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជោយ

2022/09/15 05:15:25 pm        535
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង​នាយ​ឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ​ បាន​សន្យា​លើក​កម្ពស់​ទំនាក់ទំនងទ្វេភាគីឲ្យដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ យូរ​អង្វែង​សំដៅ​ពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើបន្ថែមទៀតនោះ។ការសន្យារបស់ប្រមុខក្រសួងការពារជាតិនៃប្រទេសទាំងពីរនេះ គឺបានធ្វើងនៅក្នុងកិច្ចជំនួបមួយ កាល​ពីថ្ងៃទី១៤ ខែកញ្ញា ម្សិលមិញនៅទីក្រុងវៀងច័ន្ទ ក្នុងឱកាស អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ជាផ្លូវការ និង មិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិតឡាវ ដើម្បីចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពា​រ​ជាតិ ៣ ប្រទេស កម្ពុជា ឡាវ និងវៀតណាម នៅប្រទេសឡាវ ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះសម្តេចពិជ័យសេនា ដែលបានដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​កម្ពុជា មកបំពេញទស្សនៈកិច្ចនៅប្រទេសឡាវ ដើម្បីពង្រឹងចំណង មិត្តភាព​ជា​ប្រពៃណី​ដ៏ថ្លៃថ្លា​រវាង​រដ្ឋាភិបាលទាំងពីរ កងទ័ពទាំងពីរកម្ពុជា ឡាវ ជាបងប្អូន។ នាយឧត្តមសេនីយ៍ បាន​ចាត់​ទុក​ទស្សន​កិច្ច​នេះថា ជានិមិត្តរូបដ៏សំខាន់ ក្នុងការរួមចំណែក​ដ៏​ធំធេង​ក្នុង​ការ​ពូន​ជ្រុំ​នូវ​ចំណង​មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ កងទ័ពទាំងពីរ និងប្រជាជន​ប្រទេស​ទាំង​ពីរ​អោយ​កាន់​តែ​ជិតស្និត​ថែមទៀត ជាពិសេសលើវិស័យការពារជាតិ ការងារសន្តិសុខ នៃ​កង​ទ័ព​ទាំង​ពីរ​។នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេភាគីនោះ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏បានសំដែង​ការ​គាំទ្រ​ចំពោះ​កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងបានខិត​ខំ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ដែលបានកើតឡើងនៅក្នុងអាស៊ាននាពេលកន្លងមកនេះ។ មួយ​វិញ​ទៀត​ក្នុង​នាម​រដ្ឋាភិបាល និងកងទ័ពប្រជាជនឡាវ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង កង​យោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់ឡាវនាពេលកន្លងមក ជាពិសេ​ស​ការ​ផ្តល់​ជំនួយ​ក្នុង​ការជួយទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ នៅប្រទេសឡាវ។មាន​ប្រសាសន៍នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ទោះ​បី​មាន​ការ​រីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងណាក្តី ប៉ុន្តែកងទ័ពប្រទេសទាំងពីរ កម្ពុជា ឡាវ នៅ​តែ​បន្ត សហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅ​លើក​កម្ពស់​ទំនាក់​ទំនងឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង សំដៅពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ជាងនេះ​ទៅ​ទៀត​ សម្តេចមានជំនឿជឿជាក់ថា នៅក្រោយអំឡុងពេលវិបត្តិជំងឺកូវីដ-១៩មានការធូរស្រាល ពិសេស​ក្រោយ​កិច្ច ប្រជុំនាពេលនេះ ប្រទេសយើងទាំងពីរ ពិតជាមានភាពចាំបាច់ ជាយុទ្ធសាស្ត្រ​ក្នុង​ការ​ត្រៀម​ខ្លួនឱ្យបានល្អពង្រឹង ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា-ឡាវ ដែលជា គ្រឹះសម្រាប់​នាំ​មក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និងភាពសុខសាន្តរបស់ប្រទេសជាតិយើង ដោយបន្តខិតខំលើក កម្ពស់​កិច្ច​សហប្រតិបត្តិការ​ វិស័យការពារជាតិទាំងនយោបាយ សន្តិសុខ ការទំនាកទំនងការ​ទូត​យោធា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរបញ្ចកោណ នឹងវិនិយោគ ៤០០លានដុល្លារ ក្នុងការ​​រុក​រក​រ៉ែកម្ររបស់អូស្ត្រាលី
08/08/2026 06:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
08/08/2026 06:08 PM
សមាជិកព្រឹទ្ធសភាបក្ស​សាធារណរដ្ឋអនុម័ត​តែង​តាំង​លោក Todd Blanche ជារដ្ឋ​មន្ត្រី​យុត្តិធម៌អាមេរិក
08/08/2026 06:08 PM
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ធ្លាក់នៅជិតចំហេះ​ព្រៃរបស់អាមេរិក ដោយ​មាន​មនុស្ស ២នាក់​នៅ​ខាង​ក្នុង​
08/08/2026 06:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
08/08/2026 05:08 PM
ជប៉ុន​សម្លឹងការចំណាយ​ការពារជាតិ​ខ្ពស់​បំផុត  ៥៦ពាន់​លាន​ដុល្លារ ​ស្រប​ពេល​​បារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់
08/08/2026 05:08 PM
កូរ៉េខាងត្បូងត្រៀមប្រឈម​នឹង​កម្ដៅ​ក្ដៅ​ខ្លាំង ខណៈជំងឺទាក់ទងនឹងកម្ដៅ​កើនឡើង
08/08/2026 05:08 PM
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បំពេញ​ទស្សនកិច្ចនៅ​ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី
08/08/2026 05:08 PM
ព្យុះទីហ្វុង Dolphin ធ្វើ​ឱ្យមាន​អ្នក​របួស​ ៥នាក់​ នៅ​ខេត្ត Okinawa របស់​​ជប៉ុន ខណៈ​ចិនបិទកំពង់ផែ មុន​ព្យុះទៅ​ដល់​
08/08/2026 04:08 PM
មេដឹកនាំ​កោះ​តៃវ៉ាន់ត្រួតពិនិត្យការហ្វឹកហ្វឺនវាយប្រហារតាមឆ្នេរសមុទ្រ អំឡុងសមយុទ្ធប្រចាំឆ្នាំ
08/08/2026 04:08 PM